Day 10 The Underground Translator
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅដើមទសវត្សរ៍ឆ្នាំ១៥៣០ ពាណិជ្ជករអង់គ្លេសម្នាក់ឈ្មោះ ស្ទីវិន វ៉ន (Stephen Vaughan) បានទទួលភារកិច្ចឲ្យទៅស្វែងរកលោក វៀលឡាម ថិនដិល (William Tyndale)។ គាត់ត្រូវប្រាប់លោក ថិនដិល ថា ស្តេច ហែនរី ទី៨ (King Henry VIII) ចង់ឲ្យលោក ថិនដិល ត្រឡប់ទៅប្រទេសអង់គ្លេសវិញ ហើយឈប់លាក់ខ្លួននៅក្នុងតំបន់អឺរ៉ុបទៀត។ នៅក្នុងសំបុត្រមួយចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៥៣១ នៃគ.ស. លោក វ៉ន បានសរសេរថា លោក ថិនដិល តែងតែនិយាយអំពីគោលដៅតែមួយគត់។
គោលដៅតែមួយគត់នោះគឺ៖ «ប្រសិនបើស្តេចនៃប្រទេសអង់គ្លេសគាំទ្រដល់ការបោះពុម្ពផ្សាយ ព្រះគម្ពីរជាភាសាអង់គ្លេសសាមញ្ញ នោះលោក ថិនដិល នឹងចុះចូលចំពោះស្តេច ហើយនឹងមិនសរសេរសៀវភៅអ្វីផ្សេងទៀតឡើយ។ បើមិនដូច្នោះទេ នោះលោក ថិនដិល នឹងមិនត្រឡប់ទៅប្រទេសអង់គ្លេសវិញជាដាច់ខាត»។
ស្តេចបានបដិសេធ។ ហើយលោក ថិនដិល ក៏មិនដែលបានត្រឡប់ទៅស្រុកកំណើតរបស់លោកវិញដែរ។ លោក ថិនដិល បានសម្រេចចិត្តថា ប្រសិនបើស្តេច និងក្រុមជំនុំកាតូលិក មិនព្រមឲ្យប្រជាជនមានព្រះគម្ពីរជាភាសាអង់គ្លេសទេ នោះលោកមានគម្រោងនឹងបកប្រែដោយខ្លួនលោកផ្ទាល់។ លោកនឹងធ្វើកិច្ចការនេះ ទោះបីជាលោកត្រូវលះបង់ជីវិតរបស់លោកក៏ដោយ។ ហើយជាចុងក្រោយ លោកពិតជាបានបាត់បង់ជីវិត ដោយសារកិច្ចការនេះមែន។
នៅឆ្នាំ១៥២២ នៃគ.ស. ពេលលោក ថិនដិល មានអាយុ២៨ឆ្នាំ លោកបានធ្វើការជាគ្រូបង្រៀននៅក្នុងផ្ទះរបស់លោក ចន វ៉លស៍ (John Walsh) ក្នុងតំបន់ គ្លូសេស្ទឺសៀ (Gloucestershire) ប្រទេសអង់គ្លេស។ លោកបានចំណាយពេលផ្ទាល់ខ្លួនជាច្រើន ដើម្បីសិក្សាព្រះគម្ពីរសញ្ញាថ្មីជាភាសាក្រិករបស់លោក អេរ៉ាស្មូស (Erasmus) ដែលគេទើបតែបានបោះពុម្ពត្រឹមប្រាំមួយឆ្នាំមុនពេលនោះ ពោលគឺនៅក្នុងឆ្នាំ១៥១៦ នៃគ.ស.។
លោក ថិនដិល កាន់តែមានជំនឿលើការកំណែទម្រង់ ដោយសារលោកបានសិក្សាព្រះគម្ពីរសញ្ញាថ្មីជាភាសាក្រិក។ ជំនឿរបស់លោកបានធ្វើឲ្យលោកមានការលេចធ្លោនៅក្នុងផ្ទះរបស់លោក ចន វ៉លស៍។ លោក ចន ហ្វក្ស (John Foxe) បានមានប្រសាសន៍ប្រាប់ថា មានថ្ងៃមួយនៅពេលកំពុងទទួលទានអាហារពេលល្ងាច អ្នកប្រាជ្ញនៃនិកាយកាតូលិកម្នាក់មានការតានតឹងចិត្តចំពោះលោក ថិនដិល យ៉ាងខ្លាំង។ អ្នកប្រាជ្ញនៃនិកាយកាតូលិកនោះបាននិយាយថា ច្បាប់របស់សម្តេចប៉ាបគឺល្អជាងច្បាប់របស់ព្រះទៅទៀត។
ជាការឆ្លើយតបលោក ថិនដិល បានពោលពាក្យដ៏ល្បីល្បាញមួយឃ្លារបស់លោកថា «ខ្ញុំសូមប្រឆាំងនឹងសម្តេចប៉ាប និងច្បាប់ទាំងអស់របស់លោក...។ ប្រសិនបើព្រះជាម្ចាស់ទុកជីវិតឲ្យខ្ញុំរស់នៅបានពីរបីឆ្នាំទៀត នោះខ្ញុំនឹងជួយឲ្យក្មេងៗកសិករចេះព្រះគម្ពីរច្រើនជាងលោកទៅទៀត»។
បួនឆ្នាំក្រោយមកលោក ថិនដិល បានបញ្ចប់ការបកប្រែព្រះគម្ពីរសញ្ញាថ្មីពីភាសាក្រិកទៅជាភាសាអង់គ្លេសនៅឯទីក្រុង វ៉មស៍ (Worms) ប្រទេសអាល្លឺម៉ង់។ លោកបានចាប់ផ្តើមនាំយកព្រះគម្ពីរជាភាសាអង់គ្លេស ចូលទៅក្នុងប្រទេសអង់គ្លេសដោយសម្ងាត់ ដោយលាក់ទុកក្នុងដុំសំពត់។ នៅខែតុលា ឆ្នាំ១៥២៦ នៃគ.ស. លោកអភិបាល ថាន់ស្តល (Tunstall) បានចេញច្បាប់ថាសៀវភៅនោះជាសៀវភៅខុសច្បាប់នៅក្នុងទីក្រុងឡុងដ៍។ ប៉ុន្តែ គេបានបោះពុម្ពយ៉ាងហោចណាស់ចំនួនបីពាន់ច្បាប់រួចទៅហើយ។ ព្រះគម្ពីរទាំងនេះបានទៅដល់ដៃប្រជាជន។ ចន្លោះឆ្នាំ១៥២៦ និង១៥៣៤ នៃគ.ស. គេបានធ្វើកំណែក្រៅផ្លូវការនៃព្រះគម្ពីរនេះចំនួនប្រាំដង និងបោះពុម្ពផងដែរ។
នៅឆ្នាំ១៥៣៤ នៃគ.ស. លោក ថិនដិល បានបោះពុម្ពផ្សាយការបកប្រែព្រះគម្ពីរសញ្ញាថ្មី ដែលបានកែសម្រួលឡើងវិញ។ លោកបានរៀន ភាសាហេប្រូនៅពេលនោះ។ ការរៀនភាសាហេប្រូបានជួយលោកឲ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងរវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី។ លោក ដាវីឌ ដានីញែល (David Daniell) ដែលជាអ្នកនិពន្ធខាងផ្នែកជីវប្រវត្តិបានលើកឡើងថា នៅឆ្នាំ១៥៣៤ នៃគ.ស. ព្រះគម្ពីរសញ្ញាថ្មីនេះគឺជាសមិទ្ធផលដ៏សំខាន់បំផុតរបស់លោក ថិនដិល (ដកស្រង់ចេញពី William Tyndale, ទំព័រ៣១៦)។ ប្រសិនបើលោក ថិនដិល តែងតែនិយាយអំពីគោលដៅតែមួយនោះ នេះឯងជាពេលដែលគោលដៅនោះបានសម្រេចឡើង—ពោលគឺការបញ្ចប់ និងការកែសម្រួលព្រះគម្ពីរសញ្ញាថ្មីជាភាសាអង់គ្លេស។
នៅក្នុងប្រវត្តិសាស្ត្រ នេះជាលើកដំបូងដែលគេបានបកប្រែព្រះគម្ពីរសញ្ញាថ្មីពីភាសាក្រិកទៅជាភាសាអង់គ្លេស។ នៅក្នុងឆ្នាំ១៥៣៦ នៃគ.ស. មុនពេលគេសម្លាប់លោក ថិនដិល ដោយសារជំនឿរបស់លោក នោះលោកក៏បានបកប្រែគម្ពីរបញ្ចកណ្ឌ កណ្ឌគម្ពីរយ៉ូស្វេ រហូតដល់កណ្ឌគម្ពីរពង្សាវតារក្សត្រ ខ្សែទី២ និងកណ្ឌគម្ពីរយ៉ូណាសផងដែរ។ គេបានប្រើប្រាស់ការបកប្រែរបស់លោក ថិនដិល ដើម្បីបង្កើត «ព្រះគម្ពីរដ៏អស្ចារ្យ» (Great Bible) ដែលបោះពុម្ពផ្សាយដោយលោក ម៉ាយស៍ ខូវើដេល (Miles Coverdale) នៅក្នុងប្រទេសអង់គ្លេសនាឆ្នាំ១៥៣៩ នៃគ.ស. និងព្រះគម្ពីរហ្សឺណែវ (Geneva Bible) ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៥៥៧ នៃគ.ស.—ពោលគឺជាព្រះគម្ពីរដែលមានឈ្មោះថា «ព្រះគម្ពីរជាតិ» ដែលលក់អស់ជាងមួយលានក្បាល នៅចន្លោះឆ្នាំ១៥៦០ និង១៦៤០ នៃគ.ស.។
តើមានអ្វីដែលបានធ្វើឲ្យលោក ថិនដិល ផ្ដោតលើគោលដៅតែមួយគត់នេះ ពេញមួយជីវិតរបស់លោក? វាគឺជាជំនឿយ៉ាងមុតមាំរបស់លោកដែលថា មនុស្សទាំងអស់បានជាប់ក្នុងអន្ទាក់នៃអំពើបាប មានភាពងងឹតងងល់ បានស្លាប់ ត្រូវបានកាត់ទោសឲ្យធ្លាក់នរក និងគ្មានទីពឹង។ លោកក៏មានជំនឿដែរថា ព្រះគ្រីស្ទបានសុគត ដើម្បីផ្តល់សេចក្តីសង្គ្រោះដោយសារព្រះគុណតាមរយៈជំនឿ។ គេបានលាក់បាំងសេចក្តីពិតនេះពីសាធារណជន ដោយសារព្រះគម្ពីរមានតែជាភាសាឡាតាំងប៉ុណ្ណោះ និងដោយសារក្រុមជំនុំកាតូលិកបានបង្រៀនតែអំពីវិប្បដិសារទណ្ឌកម្ម ("penance" ឬក៏ចិត្តនឹកស្តាយចំពោះបាប) និងកុសលផលបុណ្យ។ ដោយសារក្រុមជំនុំកាតូលិកបានលាក់បាំងសេចក្តីពិតនេះហើយបានជាលោក ថិនដិល សម្រេចចិត្តបកប្រែព្រះគម្ពីរ។ ហើយនៅទីបញ្ចប់ សេចក្តីពិតដែលគេលាក់បាំងនោះគឺជាមូលហេតុដែលគេសម្លាប់លោក ថិនដិល—ពោលគឺដោយសារជំនឿរបស់លោក។ លោកបានសរសេរថា៖
«សេចក្តីជំនឿគឺជាដើមកំណើតនៃរាល់ការប្រព្រឹត្តដ៏ល្អៗទាំងឡាយ។ សេចក្តីជំនឿបានរាប់យើងជាសុចរិត មុនពេលយើងអាចធ្វើការល្អណាមួយបាន។ វាប្រៀបដូចជាស្វាមីដែលត្រូវរៀបការជាមួយភរិយាគាត់សិន មុនពេលលោកអាចមានកូនដែលស្របតាមច្បាប់ជាមួយនាងបាន» (ដកស្រង់ចេញពី William Tyndale, ទំព័រ១៥៦-១៥៧)។
មនុស្សជាតិបានវង្វេង ស្លាប់ខាងឯវិញ្ញាណ និងត្រូវផ្ដន្ទាទោស។ ព្រះជាម្ចាស់គឺជាអង្គដែលគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ មានព្រះគ្រីស្ទគឺគ្រប់គ្រាន់ហើយ។ សេចក្តីជំនឿគឺជាអ្វីៗគ្រប់យ៉ាង។ ចំពោះលោក ថិនដិល ការបកប្រែព្រះគម្ពីរគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីផ្សព្វផ្សាយសេចក្តីពិត។ នៅទីបញ្ចប់ គឺសេចក្តីពិតដែលមានការបើកបង្ហាញ—ជាពិសេសសេចក្តីពិតដែលថា យើងទទួលបានការរាប់ជាសុចរិតដោយសារជំនឿតែមួយគត់—ដែលវាបានជួយផ្សព្វផ្សាយគំនិតនៃអ្នកកំណែទម្រង់ពាសពេញចក្រភពអង់គ្លេស។ សេចក្តីពិតនេះក៏បាននាំឲ្យគេប្រហារជីវិតលោក ថិនដិល ផងដែរ។
នៅខែតុលា ឆ្នាំ១៥៣៦ នៃគ.ស. គេបានសម្លាប់លោក ថិនដិល នៅពេលដែលគាត់មានអាយុត្រឹមតែ ៤២ឆ្នាំ។ គេបានចងលោកទៅនឹងបង្គោលឈើសម្រាប់ដុតសម្លាប់ រួចអ្នកប្រហារជីវិតបានច្របាច់កលោក ហើយបន្ទាប់មកទើបដុតលោកសម្លាប់ចោលក្នុងភ្លើង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការបកប្រែព្រះគម្ពីរជាភាសាអង់គ្លេសរបស់លោក សេចក្តីពិតនៃព្រះគម្ពីរក៏បានផ្សព្វផ្សាយទៅដល់ប្រជាជនដែលមានឋានៈជាកម្មករនៅទូទាំងចក្រភពអង់គ្លេស សូម្បីតែក្មេងៗកសិករផងដែរ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។