Day 9 The Monday Morning Protestant
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
ទោះបីជាមានការមើលរំលងជាញឹកញាប់នៅក្នុងប្រវត្តិសាស្ត្រនៃគ្រីស្ទបរិស័ទក៏ដោយក៏លោក ថូម៉ាស បេកខន (Thomas Becon) គឺជាអ្នកនិពន្ធដ៏សកម្ម ជាម្ចាស់ស្នាដៃសៀវភៅដែលលក់ដាច់ខ្លាំង និងជាអ្នកដឹកនាំសាសនាក្នុងប្រទេសអង់គ្លេសនាសតវត្សរ៍ទី១៦ ក្នុងអំឡុងសម័យកំណែទម្រង់ម្នាក់ដែរ។ លោកបានរស់នៅក្នុងរជ្ជកាលដ៏លំបាករបស់ក្សត្រក្នុងរាជវង្ស ធូឌ័រ (Tudor monarchs) ចំនួនបួនអង្គ។ លោក បេកខន បានបំពេញកិច្ចការនៅក្រោមបង្គាប់លោក ថូម៉ាស ក្រានម័រ (Thomas Cranmer) ដែលជាប្រធានក្រុមអភិបាលនៃតំបន់ ខេនធើប៊ូរី (Canterbury)។ ហើយលោក បេកខន ក៏បានសរសេរកូនសៀវភៅបត់ប្រហែលហាសិបក្បាលដែរ។ គេនៅបន្តបោះពុម្ពផ្សាយកូនសៀវភៅបត់ទាំងនេះជាច្រើន សូម្បីតែក្នុងរយៈពេលចិតសិបឆ្នាំ ក្រោយពេលលោកបានស្លាប់ក៏ដោយ។
សំណេររបស់លោកអំពីការកោតខ្លាចព្រះមានសារៈសំខាន់ និងជាជំនួយដល់គ្រីស្ទបរិស័ទគ្រប់គ្នា ជាពិសេសដល់អស់អ្នកដែលបែងចែកជីវិតរបស់ពួកគេទៅជាផ្នែក «ពិសិដ្ឋ» និង «ខាងលោកីយ៍» ឬផ្នែកខាងឯវិញ្ញាណ និងមិនមែនផ្នែកខាងឯវិញ្ញាណ។ លោក បេកខន មិនបានមើលឃើញថាមានការបែងចែកទាំងនេះទេ ហើយលោកក៏បានលើកទឹកចិត្តដល់គ្រីស្ទបរិស័ទក្នុងសម័យកាលលោកឲ្យកោតខ្លាចព្រះ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
លោក បេកខន បានកើតនៅតំបន់ ថេតហ្វដ (Thetford) ទីក្រុង ណ័រហ្វូក (Norfolk) ក្នុងឆ្នាំ១៥១២។ លោកបានរៀននៅមហាវិទ្យាល័យ សាន់ ចន (St. John’s College) ក្នុងក្រុង ខេមប្រីជ (Cambridge)។ នៅទីនោះ លោកបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីការបង្រៀនបែបលូទែរនិយម (ជាមែកធាងមួយនៃជំនឿគ្រីស្ទបរិស័ទ ដែលបានចាប់ផ្តើមឡើងដោយលោក ម៉ធិន លូសើរ) តាមរយៈសាស្ត្រាចារ្យម្នាក់របស់លោកគឺលោក យូ ឡាទីម័រ (Hugh Latimer)។ បន្ទាប់ពីលោក បេកខន បានបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រផ្នែកទេវវិទ្យា លោកក៏បានកាន់តំណែងជាអ្នកដឹកនាំក្រុមជំនុំចំនួនពីរតំបន់ នៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយក៏ក្រោយពេលដែលច្បាប់ប្រាំមួយប្រការ (Six Articles) បានចេញដែលជាសំណុំនៃច្បាប់សាសនា មានការអនុម័តក្នុងឆ្នាំ១៥៣៩ នៃគ.ស. នោះស្តេច ហែនរី ទី៨ (King Henry VIII) បានរករឿងអ្នកដំណឹងល្អនិយម ដោយចោទថាពួកគាត់មិនបានអនុវត្តតាមច្បាប់ទាំងនេះ ហើយរាប់ពួកគាត់ថាជា «អញ្ញទិដ្ឋិ» (ជំនឿឃ្លាតចាកសេចក្តីពិត ឬក៏លទ្ធិខុសឆ្គង)។ ដោយសារមូលហេតុនេះ គេក៏បានចាប់ខ្លួនលោក បេកខន នៅឆ្នាំ១៥៤១ នៃគ.ស. ពីបទផ្សព្វផ្សាយ «ការអាក្រក់ និងគោលលទ្ធិ ក្លែងក្លាយ»។
ក្រោយពេលដែលគេបានដោះលែងលោក គឺលោកបានបន្តស្នាក់នៅ ដោយលាក់ខ្លួនក្នុងព្រៃនៃតំបន់ ឃែនត៍ (Kent)។ អ្នកកាន់តាមដំណឹងល្អនិយមមួយចំនួន ដែលមានទំនាក់ទំនងជាមួយព្រះបរមរាជវាំង បានជួយជ្រោមជ្រែងលោក។ ក្នុងអំឡុងពេលនោះ លោក បេកខន បានសរសេរកូនសៀវភៅបត់ជាច្រើនដោយប្រើឈ្មោះ «ធេអូដ័រ បាស៊ីល (Theodore Basil)» ដែលជាឈ្មោះក្លែងក្លាយមួយ ដើម្បីជៀសវាងកុំឲ្យអាជ្ញាធរមូលដ្ឋានរកលោកឃើញ។ ស្តេច ហែនរី ទី៨ បានបញ្ជាឲ្យមន្ត្រីតុលាការមូលដ្ឋានតាមដានលោកឲ្យកាន់តែដិតដល់ជាងមុន ហេតុដូច្នេះហើយទើបលោក បេកខន គេចខ្លួនទៅកាន់តំបន់ មីតឡេនដ៍ (Midlands) នៃប្រទេសអង់គ្លេស។ នៅទីនោះ លោកបានលាក់ខ្លួនក្នុងភ្នំ អស់រយៈពេលបួនឆ្នាំ ដោយមិនបានបោះពុម្ពផ្សាយការនិពន្ធណាមួយឡើយ។
នៅឆ្នាំ១៥៤៧ នៃគ.ស. ស្តេច អែតវើដ ទី៦ (Edward VI) បានឡើងសោយរាជ្យ កាលនេះទ្រង់ទើបតែមានព្រះជន្មប្រាំបួនវស្សា ហើយទ្រង់ជាមិត្ត និងជាអ្នកការពារចលនាកំណែទម្រង់នៅប្រទេសអង់គ្លេស ពេលនោះលោក បេកខន ក៏បានត្រឡប់មកផ្ទះវិញពីការនិរទេស ហើយបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍។ នៅទីក្រុងឡុងដ៍ លោកទទួលបានការងារជាគ្រូគង្វាលក្នុងក្រុមជំនុំនៅក្នុងព្រះបរមរាជវាំង។ ក្នុងពេលប្រហាក់ប្រហែលគ្នានោះដែរ លោកក៏បានក្លាយជាអធិការនៃព្រះវិហារ សេន ស្ទីវិន វ៉លប្រ៊ូក (St. Stephen Walbrook) ដ៏មានកិត្យានុភាពមួយក្នុងទីក្រុងឡុងដ៍ដែរ។
នៅពេលដែលព្រះមហាក្សត្រិយានី ម៉ារី ទី១ (Mary I) ឡើងសោយរាជ្យនៅឆ្នាំ១៥៥៣ នៃគ.ស. គេចាប់ខ្លួនអ្នកកាន់តាមដំណឹងល្អនិយមជាច្រើននាក់ រួមទាំងលោក បេកខន ផងដែរ។ មិនយូរប៉ុន្មានទេគេបានដោះលែងលោក បេកខន ឲ្យមានសេរីភាព ប៉ុន្តែលោកមិនបានប្រថុយប្រថានដោយបន្តរស់នៅទីនោះទៀតឡើយ។ លោកបានគេចខ្លួនយ៉ាងលឿនទៅកាន់ទីក្រុង ស្ត្រាសប៊ឺក ជាកន្លែងដែលលោកបានចូលរួមជាមួយអ្នកដំណឹងល្អ ជនជាតិអង់គ្លេសផ្សេងទៀត ដែលបាននិរទេសទៅទីនោះ។ ពីទីក្រុង ស្ត្រាសប៊ឺក លោកក៏បានរើទីលំនៅទៅកាន់ទីក្រុង ហ្វ្រែងហ្វឺត (Frankfurt) ទៀត។ នៅទីនោះ លោកបានជួយបង្កើតជាថ្មីនូវពិធីថ្វាយបង្គំសម្រាប់ជនជាតិអង់គ្លេស ដែលបាននិរទេស។ បន្ទាប់ពីព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី១ (Elizabeth I) បានឡើងសោយរាជ្យ លោក បេកខន ក៏បានត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ។ លោកមានតួនាទីជាច្រើនក្នុងក្រុមជំនុំ ដែលភាគច្រើនស្ថិតក្នុងទីក្រុង ឡុងដ៍ រហូតដល់លោកបានទទួលមរណភាពនៅឆ្នាំ១៥៦៧ នៃគ.ស.។
នៅក្នុងកូនសៀវភៅបត់ដែលលោក បេកខន បាននិពន្ធ លោកបានផ្ដោតលើចំណុចសំខាន់ទីមួយ គឺរបៀបដែលគ្រីស្ទបរិស័ទអាចសម្រេចបាននូវការកោតខ្លាចព្រះ និងរបៀបនាំយកការកោតខ្លាចនោះចូលទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបាន។ លោក បេកខន ជឿថាព្រះបន្ទូលនៃព្រះគឺល្មមគ្រប់គ្រាន់ហើយសម្រាប់ឲ្យគ្រីស្ទបរិស័ទទាំងអស់គ្នាចេះមានការកោតខ្លាចដល់ព្រះ។ លោកបានស្រមៃចង់ឃើញមានសង្គមអង់គ្លេសមួយដែល «មនុស្សទាំងអស់គ្នាអាចរៀនសូត្របាន តាំងពីបាតជើងនៅក្រហម...ដើម្បីឲ្យស្គាល់ព្រះ យល់អំពីព្រះបន្ទូលរបស់ព្រះអង្គ ផ្តល់ព្រះកិត្តិយសដល់ព្រះអង្គយ៉ាងត្រឹមត្រូវ និងដើរក្នុងផ្លូវដ៏បរិសុទ្ធរបស់ព្រះអង្គបាន» (ដកស្រង់ចេញពី New Policy of War)។
ទីពីរ លោក បេកខន ក៏បានបង្រៀនគ្រីស្ទបរិស័ទឲ្យមើលឃើញថា ជីវិតរបស់ខ្លួនជាទម្រង់នៃការថ្វាយបង្គំដ៏ខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ។ ការថ្វាយបង្គំនេះគឺ ដើម្បីបង្ហាញអំពីការកោតខ្លាចព្រះ សូម្បីតែនៅក្នុងពេលធម្មតា ដូចជាព្រឹកថ្ងៃច័ន្ទជាដើម។ ចំពោះលោក បេកខន ការថ្វាយបង្គំមិនមែនមានតែនៅថ្ងៃអាទិត្យនោះទេ។ វាក៏មិនមែនគ្រាន់តែអំពីការអនុវត្តខាងឯវិញ្ញាណ ដូចជាការអានព្រះគម្ពីរ ឬការអធិស្ឋានប៉ុណ្ណោះនោះដែរ។ ផ្ទុយទៅវិញ ការថ្វាយបង្គំគឺជាសកម្មភាពបន្តបន្ទាប់គ្នាដែលបានបម្រុងទុកឲ្យក្លាយជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃ ដូចជាការទទួលទានអាហារ ការធ្វើការងារ ការរីករាយនឹងពេលទំនេរ និងការចូលគេងជាដើម។
លោក បេកខន បានបោះពុម្ពផ្សាយសៀវភៅនៃការអធិស្ឋានចំនួនពីរក្បាល។ សៀវភៅទាំងនេះមានគំរូនៃការអធិស្ឋានសម្រាប់សកម្មភាពប្រចាំថ្ងៃផ្សេងៗគ្នា។ សៀវភៅមួយក្នុងចំណោមសៀវភៅនោះមានជាគំរូនៃការអធិស្ឋានសម្រាប់ការងារខុសៗគ្នា។ ការងារទាំងនោះរួមមានដូចជាមន្ត្រីរាជការ អ្នកដឹកនាំក្រុមជំនុំ ពាណិជ្ជករ មេធាវី អ្នកដើរទូក ទាហាន ម្តាយ និងកុមារ។ លោក បេកខន បានលើកឡើងថា គ្មានការងារណាមួយសំខាន់ជាងការងារមួយទៀតនោះទេ។ លោកបានវែកញែកថា ការងារដូចជាអ្នកកាត់ស្បែកជើង និងជាងកាត់ដេរ គឺសុទ្ធតែមានសារៈសំខាន់នៅក្នុងនគរព្រះ ស្មើនឹងការងារជាមេធាវី និងមន្ត្រីរាជការដែរ។ នេះគឺដោយសារតែព្រះជាម្ចាស់បានត្រាស់ហៅមនុស្សឲ្យបំពេញការងាររៀងៗខ្លួន។
ខណៈពេលដែលមានគ្រីស្ទបរិស័ទជាច្រើននាក់បានមើលស្រាលការងារមួយចំនួន ដោយស្ងាត់ៗថាជាការងារមិនសំខាន់ ហើយមើលឃើញកិច្ចការទាំងនោះថាមិនមែនជាព័ន្ធកិច្ច ដោយសារវាជាការងារ «ខាងលោកីយ៍» ក៏លោក បេកខន នៅមានទស្សនៈថា គ្រប់ការងារទាំងអស់គឺជាសកម្មភាពរបស់ព្រះជាម្ចាស់ និងដើម្បីព្រះជាម្ចាស់ដែរ។ ការមានទស្សនៈបែបនេះជាការរម្លឹកដ៏មានប្រយោជន៍មួយណាស់។ យើងគួរតែទទួលយកការត្រាស់ហៅរបស់យើង ហើយយល់អំពីគោលបំណងចម្បងនៃកិច្ចការ និងអាជីពរបស់យើង៖ ការរស់នៅដោយកោតខ្លាចព្រះជាម្ចាស់ តាមរយៈការងាររបស់យើងគឺជាការជួយដល់សង្គម ដើម្បីឲ្យមនុស្សទាំងអស់ «អាចទទួលស្គាល់ព្រះជាម្ចាស់ថាជាអង្គដែលប្រទាននូវអ្វីៗដែលល្អទាំងអស់ និងដើម្បីថ្វាយសិរីល្អដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ផងដែរ» (ដកស្រង់ពីសៀវភៅ Flour of godly praiers)។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។