Day 16 The British Candle
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
គ្រប់គ្នាដែលបានសិក្សាអំពីការកែទម្រង់នៅប្រទេសអង់គ្លេស (English Reformation) សុទ្ធតែដឹងថា លោក ឡាទីម័រ និងលោក រីដលី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។
លោកអភិបាល យូ ឡាទីម័រ (Hugh Latimer) និងលោកអភិបាល នីកូឡាស រីដលី (Nicholas Ridley) មានទំនាក់ទំនងជាមួយគ្នានៅក្នុងប្រវត្តិសាស្ត្រ ដោយសារគេបានចងអ្នកទាំងពីរភ្ជាប់នឹងបង្គោលតែមួយ ដើម្បីដុតសម្លាប់ចោលទាំងរស់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៥៥៥ នៃគ.ស. នៅប៉ែកខាងជើងនៃទីក្រុងអុកស្វត។ លោកអភិបាលទាំងពីររូបនេះ គឺជាអ្នកកំណែទម្រង់ដ៏មានឥទ្ធិពលបំផុតពីររូប ក្នុងចំណោមអ្នកកំណែទម្រង់ផ្សេងៗទៀតនៃប្រទេសអង់គ្លេស។
លោក ឡាទីម័រ និងលោក រីដលី បានរស់នៅក្នុងរជ្ជកាលរបស់ស្តេច និងព្រះមហាក្សត្រិយានីអង់គ្លេសចំនួនបួនអង្គគឺ៖ ហែនរី ទី៧ (Henry VII), ហែនរី ទី៨ (Henry VIII), អេដវឺដ ទី៦ (Edward VI) និង ម៉ារី ទី១ (Mary I ដែលគេបានស្គាល់ផងដែរថាជា «ម៉ារី ដែលមានចិត្តឃោរឃៅ» "Bloody Mary")។ លោក ឡាទីម័រ និងលោក រីដលី បានឃើញនូវការផ្លាស់ប្តូរនៃសម័យកំណែទម្រង់។ នៅពេលស្តេច ហែនរី ទី៨ គ្រងរាជ្យ ពួកគេបានទទួលយកការកំណែទម្រង់ដោយប្រុងប្រយ័ត្ន។ នៅពេលស្តេច អេដវឺដ ទី៦ គ្រងរាជ្យ គឺមានការគាំទ្រការកំណែទម្រង់យ៉ាងខ្លាំងក្លា។ នៅពេលព្រះមហាក្សត្រិយានី ម៉ារី ទី១ គ្រងរាជ្យ គឺមានការប្រឆាំងដោយហិង្សាចំពោះជំនឿកំណែទម្រង់។ លោក ឡាទីម័រ និងលោក រីដលី បានឃើញហេតុការណ៍ទាំងអស់នេះ ហើយក៏បានចាត់វិធានការ។
លោកគ្រូ ឡាទីម័រ បានកើតនៅប្រហែលឆ្នាំ១៤៨៥ នៃគ.ស.។ លោកបានចំណាយពេលសាមសិបឆ្នាំដំបូងនៃជីវិតរបស់លោកកាន់តាមសាសនាកាតូលិក ដោយមានភក្ដីភាពយ៉ាងខ្លាំង។ លោកបានសរសេរថា «ខ្ញុំធ្លាប់ជាអ្នកកាន់សាសនាកាតូលិកដែលរឹងចចេសបំផុតនៅក្នុងប្រទេសអង់គ្លេស។ ខ្ញុំមានចិត្តរឹងចចេសខ្លាំងណាស់រហូតដល់ថ្នាក់ថា នៅពេលខ្ញុំបញ្ចប់ការសិក្សាពីសាលាព្រះគម្ពីរ ខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់ខ្ញុំគឺជាការនិយាយប្រឆាំងនឹងលោក ភីលីព មេឡង់តុន [ដែលជាជំនួយការដ៏សំខាន់ម្នាក់របស់លោក លូសើរ]»។
មាននិស្សិតវ័យក្មេងម្នាក់មកពីទីក្រុង ខេមប្រីជ ឈ្មោះលោក ថូម៉ាស ប៊ីលនី (Thomas Bilney) បានឮសុន្ទរកថានេះ។ បន្ទាប់មក លោក ប៊ីលនី បានសុំពន្យល់អំពីជំនឿរបស់លោក ទាក់ទងនឹងសម័យកំណែទម្រង់ប្រាប់ទៅលោក ឡាទីម័រ នៅក្នុងការសន្ទនាជាឯកជនមួយ។ លោក ឡាទីម័រ បានយល់ព្រម ហើយបន្ទាប់ពីការសន្ទនារបស់ពួកគេមក នោះលោក ឡាទីម័រ ក៏បានចាប់ផ្តើមយល់អំពីព្រះបន្ទូលនៃព្រះ។ ហើយលោក ឡាទីម័រ ក៏បានឈប់ស្តាប់តាមគ្រូបង្រៀនដែលខុសឆ្គងរបស់លោកទៀតហើយ។ តាមពិតទៅ ជំនួសឲ្យការប្រឆាំង លោកបានចាប់ផ្តើមតស៊ូ ដើម្បីចលនាកំណែទម្រង់វិញ។ ក្នុងរយៈពេលប្រហែលម្ភៃឆ្នាំបន្ទាប់មក លោកបានក្លាយជាគ្រូគង្វាលអ្នកកំណែទម្រង់ដ៏មានភាពឆេះឆួលម្នាក់។ ពេលខ្លះស្តេច ហែនរី ទី៨ សព្វព្រះរាជហឫទ័យនឹងលោក ឡាទីម័រ ប៉ុន្តែពេលខ្លះទៀត ទ្រង់មិនសព្វព្រះរាជហឫទ័យនឹងលោកឡើយ (ស្រេចតែតាមព្រះទ័យរបស់ព្រះអង្គ)។
ឆ្នាំដែលបង្កើតផលផ្លែច្រើនបំផុតនៃព័ន្ធកិច្ចរបស់លោក ឡាទីម័រ គឺប្រហែលជានៅក្នុងអំឡុងពេល៦ឆ្នាំ ដែលស្តេច អេដវឺដ ទី៦ គ្រងរាជ្យចាប់ពីឆ្នាំ១៥៤៧ ដល់ឆ្នាំ១៥៥៣ នៃគ.ស.។ នៅពេលនោះ លោក ឡាទីម័រ មានវ័យចំណាស់ទៅហើយ។ ប៉ុន្តែ លោកនៅតែបន្តជួយលោក ថូម៉ាស ក្រានម័រ (Thomas Cranmer) ដែលជាប្រធានក្រុមអភិបាលនៃទីក្រុង ខេនធរប៊ឺរី (Canterbury) ដើម្បីកែទម្រង់ក្រុមជំនុំនៅប្រទេសអង់គ្លេស។ ហើយលោកនៅតែបន្តអធិប្បាយដោយមានកម្លាំងយ៉ាងខ្លាំង។ លោក ជេ.ស៊ី. រ៉ាល (J.C. Ryle) បានមានប្រសាសន៍ថា «លោក ឡាទីម័រ គឺជាគ្រូគង្វាលម្នាក់ដែលល្អបំផុតនៅក្នុងសម័យកំណែទម្រង់ចំពោះជនក្រីក្រ និងមនុស្សវណ្ណៈកណ្តាល»។
បន្ទាប់មក នៅឆ្នាំ១៥៥៣ នៃគ.ស. ព្រះមហាក្សត្រិយានី ម៉ារី បានឡើងគ្រងរាជ្យ ហើយគេបានដាក់គុកលោក ឡាទីម័រ នៅទីក្រុងឡុងដ៍។
លោក រីដលី មានវ័យក្មេងជាងលោក ឡាទីម័រ ជិតម្ភៃឆ្នាំ។ លោក រីដលី ប្រហែលជាបានកើតនៅឆ្នាំ១៥០២ នៃគ.ស. នៅក្បែរព្រំដែនប្រទេសស្កុតឡែន។ ក្នុងអំឡុងពេលនៃជីវិតរបស់លោក លោកបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលឆ្លាតវៃបំផុតនៅក្នុងប្រទេសអង់គ្លេស។ លោកថែមទាំងបានទន្ទេញចាំមាត់កណ្ឌសំបុត្រទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី—ជាភាសាក្រិកទៀតផង។
លោក រីដលី បានចូលរៀននៅមហាវិទ្យាល័យ ភេមប្រ៊ុក (Pembroke College) ក្នុងទីក្រុង ខេមប្រីជ នៅពេលដែលលោកស្ថិតក្នុងវ័យជំទង់នៅឡើយ។ បន្ទាប់មក លោកក៏បានទៅសិក្សាបន្ថែមនៅប្រទេសបារាំង។ លោកប្រហែលជាបានរៀនអំពីសេចក្តីបង្រៀនស្តីពីចលនាកំណែទម្រង់ក្នុងអំឡុងពេលលោកនៅប្រទេសបារាំង។ គ្មាននរណាម្នាក់ដឹងច្បាស់ថាលោក រីដលី បានផ្លាស់ប្តូរពីការធ្វើជាសង្ឃកាតូលិក ទៅជាអ្នកអធិប្បាយប្រូតេស្តង់យ៉ាងដូចម្តេចនោះទេ។ ប៉ុន្តែ យើងដឹងថា លោក រីដលី បានចុះហត្ថលេខាលើព្រះរាជក្រឹត្យឆ្នាំ១៥៣៤ នៃគ.ស. ដើម្បីប្រឆាំងនឹងអំណាចរបស់សម្តេចប៉ាប។ ហើយយើងដឹងថា លោកក៏បានទទួលយកការងារជាប្រធានក្រុមអភិបាលឲ្យលោក ក្រានម័រ នៅឆ្នាំ១៥៣៧ នៃគ.ស. ដែរ។ នៅឆ្នាំ១៥៤៥ នៃគ.ស. លោកបានបដិសេធជាសាធារណៈចំពោះជំនឿកាតូលិកលើការបំផ្លាស់វត្ថុធាតុ (transubstantiation)។ នៅឆ្នាំ១៥៥០ នៃគ.ស. លោកបានក្លាយជាអភិបាលនៃទីក្រុងឡុងដ៍។ បន្ទាប់មក លោកបានផ្លាស់ប្តូរអាសនៈថ្មនៅក្នុងក្រុមជំនុំនានានៅទីក្រុងឡុងដ៍ ដោយយកតុឈើធម្មតាមកដាក់ជំនួសវិញ។ លោក រីដលី និងពួកអ្នកកែទម្រង់បានជឿថា ពិធីលៀងព្រះអម្ចាស់ គឺជាពិធីជប់លៀងខាងឯវិញ្ញាណ មិនមែនជាយញ្ញបូជានោះឡើយ។
ដោយសារលោក រីដលី មានភាពឆ្លាតវៃខ្លាំង នោះលោកក៏បានបំពេញការងារសំខាន់ៗជាច្រើន សូម្បីតែនៅក្នុងសម័យកាលស្តេច ហែនរី ទី៨ ដែលកាលនោះជាពេលដែលមិនមានស្ថិរភាពច្បាស់លាស់ជាច្រើននៅក្នុងក្រុមជំនុំផងដែរ។ លោក រីដលី បានរៀនសូត្រ និងបង្រៀននៅក្នុងតំបន់ ខេនធរប៊ឺរី (Canterbury) វេសមីនស្ទ័រ (Westminster) សូហែម (Soham) រ៉ូឆេស្ទ័រ (Rochester) និងទីក្រុងឡុងដ៍ (London)។ ហើយបន្ទាប់ពី អេដវឺដ ទី៦ បានឡើងគ្រងរាជ្យជាស្តេច នោះលោក រីដលី ក៏បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីជួយលោក ក្រានម័រ ក្នុងការផ្លាស់ប្តូរទំនៀមទំលាប់របស់ក្រុមជំនុំអង់គ្លេសដែរ។
បន្ទាប់មក ព្រះមហាក្សត្រិយានី ម៉ារី ទី១ បានឡើងកាន់អំណាច។ ហើយគេក៏បានបញ្ជូន លោក រីដលី ទៅក្នុងគុកជាមួយលោក ឡាទីម័រ។
លោក ឡាទីម័រ និងលោក រីដលី បានជាប់នៅក្នុងគុកអស់រយៈពេល១៨ខែ។ ហើយបន្ទាប់មក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៥៥៥ នៃគ.ស. លោក ឡាទីម័រ និងលោក រីដលី បានជួបគ្នាត្រង់ថ្ងៃដែលគេដុតសម្លាប់ពួកគាត់ទាំងរស់។ លោក ឡាទីម័រ បានស្លៀកសម្លៀកបំពាក់ធម្មតា រីឯលោក រីដលី បានស្លៀកឯកសណ្ឋានជាអភិបាលរបស់លោក។ ពួកលោកទាំងពីរនាក់នោះបានជជែកគ្នា និងអធិស្ឋានជាមួយគ្នា ហើយបន្ទាប់មកគេក៏បានចងពួកគាត់ទៅនឹងបង្គោលឈើ។
លោក រីដលី បានលើកទឹកចិត្តលោក ឡាទីម័រ ដោយមានប្រសាសន៍ថា៖ «សូមមានសេចក្តីក្លាហានឡើងបង ពីព្រោះព្រះជាម្ចាស់នឹងធ្វើឲ្យភ្លើងនេះរលត់ទៅវិញ ឬមួយក៏ព្រះអង្គនឹងប្រទានកម្លាំងឲ្យយើង ដើម្បីស៊ូទ្រាំនឹងវាបាន»។ នៅពេលដែលភ្លើងបានចាប់ផ្តើមឆេះនៅត្រង់ជើងរបស់ពួកគាត់ លោក ឡាទីម័រ ក៏បានមានប្រសាសន៍ឡើង។ លោក ឡាទីម័រ បានស្រែកឡើង ដើម្បីឲ្យលោក រីដលី អាចឮលោក។ លោក ឡាទីម័រ បានពោលថា «កុំបារម្ភអីប្អូន រីដលី។ ចូរមានភាពក្លាហានឡើង ពីព្រោះនៅថ្ងៃនេះយើងនឹងអុជទៀនមួយនៅក្នុងប្រទេសអង់គ្លេស ដោយមានជំនួយពីព្រះជាម្ចាស់។ ហើយខ្ញុំជឿថា ពន្លឺនេះនឹងមិនមានគេអាចពន្លត់វិញបានឡើយ»។
បីឆ្នាំក្រោយមក ព្រះមហាក្សត្រិយានី ម៉ារី ទី១ បានសោយទិវង្គត។ ព្រះនាង អេលីហ្សាប៊ែត ដែលត្រូវជាប្អូនស្រីរួមឪពុក របស់ព្រះនាង ម៉ារី ទី១ បានក្លាយជាព្រះមហាក្សត្រិយានីបន្ទាប់។ ព្រះនាង អេលីហ្សាប៊ែត គឺជាព្រះមហាក្សត្រិយានីដែលជាគ្រីស្ទបរិស័ទប្រូតេស្តង់។ ទៀនរបស់លោក ឡាទីម័រ និងលោក រីដលី បានក្លាយជាអណ្តាតភ្លើងដ៏សន្ធោសន្ធៅមួយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។