តើលោកអ្នកធ្លាប់ងឿងឆ្ងល់ដែរឬទេថា ហេតុអ្វីវាពិបាកខ្លាំងម្ល៉េះក្នុងការស្វែងរកសន្តិភាពខ្លះៗនៅក្នុងចិត្តគំនិត? ពិតណាស់! ការមានសន្តិភាពគឺជាការពិបាកក្នុងការរកណាស់ នៅពេលដែលយើងកំពុងរស់នៅក្នុងទីលានចម្បាំង។ ហើយទោះបីជាចូលចិត្ត ឬក៏មិនចូលចិត្តក្ដី ក៏លោកអ្នកនៅតែជាប់ក្នុងសង្គ្រាមនេះដែរ។ វាគឺជាសង្គ្រាមដ៏ក្ដៅគគុកបំផុតមួយ។ ទំហំនៃសង្គ្រាមនេះទៀតសោតក៏មានពេញមួយចក្រវាលទាំងស្រុងតែម្ដង។ វាពាក់ព័ន្ធជាមួយព្រះជាម្ចាស់ មនុស្សជាតិ ទេវតា ពួកអារក្សសាតាំង ពួកគ្រប់គ្រង ពួកមានអំណាច ជាតិសាសន៍នានា និងពួកអាទទឹងព្រះគ្រីស្ទផងដែរ។
យើងបំផ្លាញគំនិតដែលគេរិះគិត
ខាងក្រោមនេះគឺជារបៀបដែលសាវ័ក ប៉ុល ពណ៌នាអំពីវានៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ១០:៣-៥៖
«ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ ព្រោះគ្រឿងសាស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សម្រាប់នឹងរម្លំទីមាំមួនវិញ ដែលអាចនឹងរម្លាយអស់ទាំងគំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ»។
តើអ្វីដែលជាបន្ទាយដ៏រឹងមាំរបស់អារក្សសាតាំងដែលឃុំឃាំងព្រលឹងវិញ្ញាណរបស់មនុស្ស—បន្ទាយដ៏រឹងមាំដែលយើងកំពុងស្វែងរក ដើម្បីបំផ្លាញចោល? ចម្លើយគឺ៖ គំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់។ តើសមរភូមិនេះកំពុងតែកើតឡើងនៅកន្លែងណា? គឺវាកំពុងតែកើតឡើងក្នុងគំនិតយើង។
ហើយការរិះគិតមិនមែនគ្រាន់តែនៅទីមាំមួនប៉ុណ្ណោះទេ។ វាក៏ជាសាស្ត្រាវុធនៃការបំផ្លាញដ៏ធំមួយដែរ។ លោក អ័ដាម និងនាង អេវ៉ា (និងយើងទាំងអស់គ្នារួមជាមួយពួកគាត់ដែរ) បានធ្លាក់ទៅក្នុងអំពើបាបដោយសារតែការរិះគិត។ ពួកគេបានជឿលើការរិះគិតរបស់សត្វពស់ហើយក៏បានឈប់ជឿលើព្រះជាម្ចាស់។
នេះហើយគឺជាខ្លឹមសារដ៏សាហាវនៃអំពើបាប៖ មិនជឿលើព្រះជាម្ចាស់។ ការមិនជឿលើព្រះជាម្ចាស់គឺជាការដែលចងសម្ព័ន្ធភាពជាមួយអារក្សសាតាំង។ វាជាអ្នកដែលព្រះយេស៊ូវបានមានព្រះបន្ទូលថា «ជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្តីពិត…ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង»
លោកអ្នកប្រាកដជាមិនចង់បានសាតាំងធ្វើជាសម្ព័ន្ធមិត្តនោះទេ។ វាជាអាមេក្បត់។ វាក្រវែលរកធ្វើពិឃាតលោកអ្នកដោយសេចក្ដីភូតកុហករបស់វា។
ចូរមានការប្រុងប្រយ័ត្នលើអារម្មណ៍របស់លោកអ្នក
ចូរមានការប្រុងប្រយ័ត្នលើអារម្មណ៍របស់លោកអ្នក។ វាគឺជាសញ្ញាដែលនាំឲ្យលោកអ្នកមានការរិះគិត។ អារម្មណ៍ដែលលោកអ្នកអាចមានទំនងជាអាចនឹងកើតឡើងដោយមានគំនិតយោបល់ ឬអារម្មណ៍មិនច្បាស់លាស់ ដែលជាទូទៅគឺជាការឆ្លើយតបចំពោះការរិះគិត។ អារម្មណ៍មិនចេះតែកើតតែឯងៗនោះឡើយ។ នៅពេលដែលយើងខឹង បាក់ទឹកចិត្ត មានចិត្តសៅហ្មង ព្រួយបារម្ភ ការមានសេចក្ដីអាណិតអាសូរចំពោះខ្លួនឯង ភាពភ័យខ្លាច ឬក៏ឆាប់ខឹង វាទំនងមកពីយើងកំពុងតែជឿលើអ្វីមួយដ៏ជាក់លាក់ហើយ។
ការធ្វើសង្គ្រាមជាមួយនឹងអំពើបាបគឺការធ្វើសង្គ្រាមជាមួយនឹងភាពគ្មានជំនឿ ឬក៏ការបំផ្លាញការរិះគិតចោល។ ហើយដើម្បីឲ្យយើងប្រយុទ្ធជាមួយនឹងភាពគ្មានជំនឿដោយមានប្រសិទ្ធភាពបាន គឺយើងត្រូវតែដាក់មន្ទិលសង្ស័យ និងការល្បួងរបស់យើងទៅក្នុងការរិះគិតដ៏ជាក់លាក់សិន។ តើអ្វីទៅជាការដ៏ជាក់លាក់ដែលត្រូវបានអះអាងឡើង ឬក៏ត្រូវបានសន្យាឡើងមកកាន់យើង? មានតែពេលនោះទេទើបយើងអាចបំផ្លាញការរិះគិតមិនពិតរបស់ខ្មាំងសត្រូវយើងជាមួយនឹងសេចក្ដីពិត។
ជ័យជម្នះដែលអាចយកឈ្នះលើពិភពលោកទាំងមូល
សេចក្ដីជំនឿរបស់យើងគឺជាអ្វីដែលយកឈ្នះលើពិភពលោកទាំងមូល (១យ៉ូហាន ៥:៤)។ នេះគឺជាមូលហេតុយ៉ាងច្បាស់ណាស់ពីការដែលអារក្សសាតាំងមិនចង់ឲ្យយើងគិតយល់យ៉ាងច្បាស់លាស់អំពីអំពើបាបរបស់យើងឡើយ។ វាចង់រក្សាទុកអ្វីៗទាំងអស់ក្នុងភាពមិនច្បាស់លាស់ ដើម្បីឲ្យវាអាចឃុំឃាំងយើង ឬក៏ដកអាវុធរបស់យើងចេញ។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះហឫទ័យឲ្យយើងគិតឲ្យបានច្បាស់លាស់។ ទ្រង់សព្វព្រះហឫទ័យឲ្យយើងរាល់គ្នាដឹងពីសេចក្ដីពិត ពីព្រោះសេចក្ដីពិតនាំឲ្យយើងមានសេរីភាព៖
«បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣១-៣២)
ដូច្នេះ ក្នុងនាមយើងជាអ្នកប្រយុទ្ធ ដើម្បីឲ្យមានសេរីភាព ចូរឲ្យយើងប្រយុទ្ធជាមួយនឹង «ចិត្តរឹងរូស» ដោយកំឡាចិត្តគ្នាទៅវិញទៅមកជាប្រចាំថ្ងៃវិញ ដើម្បីឲ្យរស់នៅក្នុងសេរីភាពបាន និងសន្តិភាពព្រមទាំងសេចក្ដីពិត (ហេព្រើរ ៣:១២-១៣; យ៉ូហាន ១៦:៣៣)។
មូលហេតុគឺដោយសារសមរភូមិដ៏សំខាន់ៗបំផុតក្នុងជីវិតរបស់យើងឈ្នះ ឬចាញ់គឺអាស្រ័យលើការរិះគិតនេះឯង។
មតិយោបល់
Loading…