«ជម្រាបសួរលោកគ្រូ តើអាចទេដែលយើងជឿលើព្រះគម្ពីរទាំងមូលនៅក្នុងខួរក្បាលរបស់យើង និងជឿលើគ្រប់ចំណុចនៃសេចក្ដីពិតខាងឯជំនឿគ្រីស្ទបរិស័ទ ហើយទទួលយកថាជាសេចក្ដីពិត១០០%—ក្នុងការចង់ស្រឡាញ់ព្រះយេស៊ូវ និងទទួលបានការសង្គ្រោះចេញពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់—ប៉ុន្តែនៅមិនមែនជាបុគ្គលដែលព្រះជាម្ចាស់បានជ្រើសរើស? តើការនេះអាចកើតឡើងបានដែរឬទេ?
ខ្ញុំចង់និយាយថា «ទេ»។ ប៉ុន្តែ ខ្ញុំចង់បង្ហាញអំពីមូលហេតុឲ្យច្បាស់ដែលខ្ញុំត្រូវការវែកញែកឲ្យស៊ីជម្រៅបន្តិចត្រង់ចំណុចដែលថា «ហើយទទួលយកថាជាសេចក្ដីពិត១០០%»។ នោះគឺជាចំណុចស្នូលនៃសំណួរ។ ខ្ញុំបានលើកឡើងជាញឹកញាប់ថា—ហើយប្រហែលនេះជាមូលហេតុដែលនាំឲ្យមានការលើកឡើងនូវសំណួរដូចនេះ—អារក្សសាតាំងស្គាល់សេចក្ដីពិតច្រើនជាងទេវវិទូទៅទៀត ហើយមូលហេតុដែលវាមិនទទួលបានសេចក្ដីសង្គ្រោះគឺដោយសារវាស្អប់សេចក្តីពិតនោះ។ សាវ័ក យ៉ាកុប បានមានប្រសាសន៍ថា «ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ» (យ៉ាកុប ២:១៩)។ ពួកវាជឿសេចក្ដីពិតជាច្រើនអំពីព្រះជាម្ចាស់ថាជាការពិត ប៉ុន្តែពួកវាមិនបានទទួលសេចក្ដីសង្គ្រោះទេ ពីព្រោះវាស្អប់សេចក្ដីពិតទាំងនោះ។
តម្រង់ជំនឿ និងតម្លៃទៅជាជួរ
ខ្ញុំមិនដឹងថា តើខ្ញុំអាចនិយាយថា បុគ្គលដែលអះអាងថារាល់ចំណុចនៃព្រះគម្ពីរជាសេចក្ដីពិត១០០% ហើយនៅអាចជាបុគ្គលដែលបាត់បង់—អាចនៅជាបុគ្គលដែលមិនទទួលបានសេចក្ដីសង្គ្រោះ ឬក៏អត់។ ហើយនេះជាមូលហេតុរបស់ខ្ញុំ៖ ព្រះគម្ពីរមានពេញទៅដោយប្រយោគ មិនមែនគ្រាន់តែសេចក្ដីពិត ប៉ុន្តែគឺប្រយោគអំពីតម្លៃ ភាពសេចក្តីល្អ និងការប្រាថ្នាចង់បានសេចក្ដីពិតទាំងនោះ។ ដូច្នេះ ព្រះគម្ពីរមិនគ្រាន់តែបានលើកឡើងថា ព្រះជាម្ចាស់មានពេញទៅដោយព្រះចេស្ដានោះទេ ប៉ុន្តែថាព្រះអង្គមានពេញទៅដោយសិរីល្អ ហើយអស្ចារ្យក្នុងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គក៏គ្មានព្រំដែនដែរ មានតម្លៃលើសគ្រប់អ្វីៗទាំងអស់ ហើយថាព្រះយេស៊ូវមិនគ្រាន់តែបានមានព្រះជន្មរស់ ប៉ុន្តែត្រង់ថាព្រះអង្គមានគ្រប់រាល់លក្ខណសម្បត្តិទាំងនោះដែលធ្វើឲ្យព្រះអង្គកាន់តែមានតម្លៃលើសជាងគ្រាប់ពេជ្រដ៏មានតម្លៃ ហើយថាទ្រង់មានតម្លៃលើសជាងទ្រព្យសម្បត្តិដ៏ស្តុកស្ដម្ភទៀតផង។ ហើយសូមចងចាំថាសាវ័ក ប៉ុល ក៏បានលើកឡើងផងដែរថា គាត់បានមានការស្កប់ស្កល់ចិត្តក្នុងការស្គាល់ព្រះគ្រីស្ទជាងអ្វីផ្សេងទៀតទាំងអស់ (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ ភីលីព ៣:៨)។
ដូច្នេះ តើនេះមានន័យយ៉ាងដូចម្ដេចក្នុងការលើកឡើងថា លោកអ្នកក៏ជឿនៅចំណុចនេះដែរ ប៉ុន្តែមិនបានឱបក្រសោបទ្រង់ថាជាព្រះដ៏ល្អ មានពេញដោយតម្លៃ និងល្អប្រសើរជាងអ្វីៗទាំងអស់ផ្សេងទៀត? ខ្ញុំគិតថាមនុស្សជាច្រើននឹងលើកឡើងថា «លោកអ្នកមិនមានអត្ថន័យដូចនោះទេ។ លោកអ្នកបានលើកឡើងថា លោកអ្នកជឿថា ព្រះអង្គមានតម្លៃឥតផ្ទឹមបាន។ លោកអ្នកបានលើកឡើងថា លោកអ្នកជឿថា ព្រះអង្គមានតម្លៃលើសគ្រប់អ្វីៗទាំងអស់។ លោកអ្នកបានលើកឡើងថា លោកអ្នកជឿថាព្រះអង្គមានពេញទៅដោយការស្កប់ស្កល់ ប៉ុន្តែមិនបានឱបក្រសោបទ្រង់ថា ជាអង្គដែលបំពេញភាពស្កប់ស្កល់ទាំងអស់? លោកអ្នកមិនមានអត្ថន័យដូចអ្វីដែលលោកអ្នកនិយាយនោះទេ»។ ដូច្នេះ ខ្ញុំមិនអាចនាំឲ្យខ្លួនឯងនិយាយថា បុគ្គលណាម្នាក់ដែលពិតជាអះអាងគាំទ្រលើតម្លៃនៃរាល់ប្រយោគទាំងនោះនៃព្រះគម្ពីរ ហើយអាចនៅជាបុគ្គលដែលបាត់បង់បានទេ ពីព្រោះប្រសិនបើគាត់ពិតជាគាំទ្រតម្លៃនៃរាល់ប្រយោគទាំងនោះមែន នោះគាត់ក៏នឹងពិតជាឱបក្រសោបតម្លៃទាំងនោះមែនហើយ។
តាមពិតទៅ ទាក់ទងនឹងរបៀបដែលខួរក្បាលមនុស្សយើងដំណើរការ នៅពេលដែលចិត្តចង់ជ្រើសរើសអ្វីមួយជាជាងអ្វីមួយផ្សេងទៀត នោះខួរក្បាលនឹងព្យាយាមរករបៀបរួមចំណែកជាមួយនឹងដួងចិត្ត ក្នុងការរករបៀប ដើម្បីបង្ហាញថាជម្រើសរបស់ដួងចិត្តគឺជាជម្រើសដែលត្រឹមត្រូវ។ ដូច្នេះ វានឹងមិនអាចកើតឡើងបានទេ ក្នុងការដែលបុគ្គលណាម្នាក់លើកឡើងយ៉ាងស្មោះត្រង់ថា «ខ្ញុំជឿថា ព្រះគម្ពីរទាំងមូលគឺជាសេចក្ដីពិត១០០%» ប៉ុន្តែនៅបន្តបដិសេធថា ព្រះយេស៊ូវមានតម្លៃទាបជាងនោះ មិនសូវមានតម្លៃ មិនសូវល្អ ជាងទ្រព្យសម្បត្តិរបស់គាត់នៅលើផែនដីនេះបានទេ។ បើនិយាយម្យ៉ាងវិញទៀតទៅ ខួរក្បាលរបស់គាត់នឹងមិនអាចធ្វើដូច្នោះបានឡើយ។ ប្រសិនបើពួកគាត់ចង់ឲ្យតម្លៃលើលោកីយ៍នេះជាជាងព្រះជាម្ចាស់—តម្លៃលើរបស់សព្វសារពើជាជាងលើព្រះអាទិករ—ប្រសិនបើគាត់ចង់ជឿដូច្នោះយ៉ាងខ្លាំងមែន នោះខួរក្បាលរបស់គាត់នឹងមិនទំនងទៅរកព្រះគម្ពីរ ហើយនិយាយថា «នេះគឺជាការពិតមែន។ ឯងដឹងហើយថា ប្រយោគអំពីតម្លៃទាំងនេះក៏យ៉ាងហោចណាស់ពិតដែរ»។ ទេ! ខួរក្បាលនៅឆ្លើយតបថា «ទេ! ចំណុចនោះទំនងជារឿងព្រេងទេ ឬក៏វាទំនងជាមានចំណុចខុសឆ្គង ឬក៏អត្ថបទបានទទួលការកែបង្ខុស ឬក៏ថាមានចំណុចប្រឆាំងគ្នាគ្រប់ទីកន្លែងហើយ»។ នេះគឺជាអ្វីដែលខួរក្បាលនឹងធ្វើ ដើម្បីការពារទ្រព្យសម្បត្តិរបស់ដួងចិត្តក្នុងមនុស្សជាជាងក្នុងព្រះ។
នេះគឺជាមូលហេតុចម្បងរបស់ខ្ញុំក្នុងការឆ្លើយថា «ទេ»។ លោកអ្នកមិនអាចទទួលជឿថា ព្រះគម្ពីរគឺជាសេចក្ដីពិត១០០% ហើយនៅតែជាមនុស្សបាត់បង់នោះទេ ប្រសិនបើអ្វីដែលខ្ញុំកំពុងតែលើកឡើងគឺជាការពិតមែន។ ប្រសិនបើលោកអ្នកពិតជាជឿថា ព្រះយេស៊ូវមានតម្លៃលើសអ្វីៗទាំងអស់ ល្អលើសអ្វីៗទាំងអស់ ហើយជាសេចក្ដីពិតផ្ទាល់នៅក្នុងចក្រវាលនេះ នោះលោកអ្នកក៏នឹងឱបក្រសោបទ្រង់ នេះគឺជាអត្ថន័យថា ការទទួលជឿលើទ្រង់ថា ល្អលើសគ្រប់អ្វីៗទាំងអស់ និងមានពេញទៅដោយការស្កប់ស្កល់។
បបូរមាត់របស់អ្នកមានចិត្តរឹង
ដូច្នេះ ទំនងចំណុចចុងក្រោយដែលខ្ញុំនឹងសួរគឺថា «ចុះចំណែកអស់អ្នកនៅក្នុងកណ្ឌគម្ពីរម៉ាថាយជំពូក៧វិញ?»៖
«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា “ឱព្រះអម្ចាស់ៗអើយ” ដែលនឹងចូលទៅក្នុង នគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា “ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំ មិនបានទាយ ដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការ ឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី” នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែល បានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២១- ២៣)។
អ្នកនៅក្នុងកណ្ឌគម្ពីរម៉ាថាយបានលើកឡើងថា «ខ្ញុំជឿថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់»។ នេះគឺជាអ្វីដែលពួកគាត់កំពុងតែហៅព្រះយេស៊ូវ—«ព្រះអម្ចាស់»។ ប៉ុន្តែ ពួកគាត់មិនបានទទួលសេចក្ដីសង្គ្រោះទេ។ ហេតុអ្វីបានជាពួកគាត់មិនបានទទួលសេចក្ដីសង្គ្រោះ? ហើយចម្លើយដែលព្រះយេស៊ូវបានប្រទានគឺថា ពួកគាត់គឺជាមនុស្សមានពុត។ ពួកគាត់គឺជាអ្នកប្រព្រឹត្តិល្មើសនឹងច្បាប់។ ពួកគាត់ហៅព្រះអង្គថា «ព្រះអម្ចាស់» ប៉ុន្តែពួកគាត់គឺជាអ្នកប្រព្រឹត្តិល្មើសនឹងច្បាប់វិញ។ ពួកគាត់ដូចជាពួកផារិស៊ី។ ចំពោះខ្ញុំ វាពិតជាអស្ចារ្យណាស់ ដែលនៅក្នុងកណ្ឌគម្ពីរ លូកា ១៦:១៤ ព្រះយេស៊ូវបានមានបន្ទូលថា «ឯពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ» ព្រោះពួកគាត់បានអះអាងថា ខ្លួនជឿលើព្រះគម្ពីរសញ្ញាចាស់ទាំងមូល។ ព្រះមានតម្លៃលើគ្រប់អ្វីៗទាំងអស់។ យើងគួរតែស្រឡាញ់ព្រះអង្គឲ្យអស់ពីចិត្ត ព្រលឹង គំនិត និងកម្លាំងរបស់យើង។ ហើយព្រះយេស៊ូវក៏បានបន្ថែមថា៖ ពួកគាត់គឺជាមនុស្សមានពុត ពីព្រោះតាមពិតទៅ ពួកគាត់ជាមនុស្សដែលមានចិត្តលោភទេតើ។
ដូច្នេះ សេចក្ដីសន្និដ្ឋានរបស់ខ្ញុំគឺថា ការដែលពិតជាត្រូវជឿលើអ្វីដែលព្រះគម្ពីរបានចែងអំពីព្រះជាម្ចាស់ និងអំពីព្រះគ្រីស្ទ និងផ្លូវនៃសេចក្ដីសង្គ្រោះ—ការដែលពិតជាត្រូវជឿថា នោះគឺជាសេចក្ដីពិត—នឹងនាំឲ្យទទួលបានសេចក្ដីសង្គ្រោះជាមិនខាន ពីព្រោះព្រះគម្ពីរបានចែងថា «ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ» (រ៉ូម ១០:១៣)។ ហើយលោកអ្នកទទួលជឿលើចំណុចនេះ និងប្រព្រឹត្តតាមចំណុចនេះ នោះលោកអ្នកនឹងឃើញថា វាគឺជាការពិត។ វាគឺជាការពិតចំពោះលោកអ្នក។ ប្រសិនបើលោកអ្នកអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះលោកអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះជាមិនខាន។
មតិយោបល់
Loading…