តើបងប្អូនដឹងទេថា ប្រទេសណាមានថ្ងៃបុណ្យឈប់សម្រាកច្រើនជាងគេបង្អស់នៅលើពិភពលោកនេះ? ចម្លើយគឺ៖ ប្រទេសកម្ពុជា។ ប្រទេសយើងមានថ្ងៃឈប់សម្រាក ២៨ ថ្ងៃក្នុងមួយឆ្នាំ។ ប្រទេសស្រីលង្កាមាន ២៥ ថ្ងៃ។ បន្ទាប់មកគឺប្រទេសឥណ្ឌា និងប្រទេសកាហ្សាក់ស្ថាន ដែលមាន ២១ ថ្ងៃ។ល។ ក្នុងមួយឆ្នាំ មានថ្ងៃចុងសប្តាហ៍ ១០៤ ដែលនេះមានន័យថា ប្រទេសកម្ពុជាឈប់សម្រាក ១៣២ ថ្ងៃក្នុងមួយឆ្នាំ។ តើនៅថ្ងៃឈប់សម្រាកបងប្អូនប្រជាជនខ្មែរយើងចូលចិត្តធ្វើអ្វីខ្លះ? មនុស្សមួយចំនួនចូលចិត្តជួបជុំគ្នាដើរកម្សាន្តជាគ្រួសារ ឬក៏ជួបជុំគ្នានៅផ្ទះសម្រាក។ ចុះយើងវិញ ដែលជាគ្រីស្ទបរិស័ទ តើយើងចូលចិត្តធ្វើអ្វីខ្លះ ឬក៏ថាតើយើង «“គួរ” ឬ “ត្រូវ”» ចូលចិត្តធ្វើអ្វីខ្លះ?
កណ្ឌគម្ពីរ ទំនុកតម្កើង ១៣៣:១ បានចែងថា «មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»
ហេតុអ្វីបានជាការរស់នៅជាមួយគ្នាដោយមានចិត្តព្រមព្រៀងគឺជាការល្អ?
នៅក្នុងសេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូវក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៧:២១-២៣ ព្រះអង្គបានទូលថា៖
«ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះអង្គបានចាត់ឲ្យទូលបង្គំឲ្យមកមែន។ រីឯសិរីល្អដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចយើងក៏រួមតែមួយដែរ គឺទូលបង្គំនៅក្នុងគេ ហើយព្រះអង្គគង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានរួមគ្នាតែមួយយ៉ាងពេញលេញ ប្រយោជន៍ឲ្យមនុស្សលោកបានដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយដឹងថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។» (គកស សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៤:១០-១១, ២០ ទាក់ទងនឹងប្រធានបទនៃការរួបរួម)
តាមរយៈខគម្ពីរមួយនេះយើងឃើញថា ការរស់នៅជាមួយគ្នាដោយមានចិត្តព្រមព្រៀងគឺជាការបង្ហាញពីភាពរួមគ្នាតែមួយដែលយើងមានជាមួយនឹងព្រះវរបិតា និងព្រះរាជបុត្រា ដែលនេះសំដៅលើការប្រកបគ្នា។ ការប្រកបគ្នារបស់គ្រីស្ទបរិស័ទគឺជាការដ៏សំខាន់ណាស់ ព្រោះវាជាការបើកបង្ហាញឲ្យគេឃើញពីការរួបរួមគ្នារបស់យើងជាមួយនឹងព្រះជាម្ចាស់ ហើយក៏ជាឱកាស ដើម្បីបង្ហាញឲ្យលោកីយ៍ឃើញថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាឲ្យមកមែន ហើយឲ្យគេដឹងថាទ្រង់ស្រឡាញ់ពួកគេប៉ុណ្ណា។ ដូច្នេះ អ្វីដែលយើងធ្វើ ឬក៏មិនធ្វើគឺសំខាន់ណាស់ពេលដែលយើងប្រកបគ្នា!
នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៧:១៧ ព្រះយេស៊ូវបានលើកឡើងថា «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ» (គកស)។ ព្រះបន្ទូលរបស់ព្រះអង្គគឺជាសេចក្ដីពិតដែលអាចញែកយើងជាបរិសុទ្ធបាន។ ដូច្នេះ ការប្រកបគ្នារបស់យើងគឺអាស្រ័យ និងត្រូវតែមានមូលដ្ឋានគ្រឹះលើព្រះបន្ទូលរបស់ព្រះ។ ខាងក្រោមនេះគឺជាខគម្ពីរមួយចំនួនដែលរៀបរាប់ពីសារៈសំខាន់នៃការចំណាយពេលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ រក្សាជីវិតឲ្យបរិសុទ្ធ (ទំនុកតម្កើង ១១៩:៩)
* បន្សុទ្ធយើង (ទំនុកតម្កើង ១២:៦)ជាគ្រឿងសឹក (អេភេសូរ ៦:១៧)
*រំដោះយើងឲ្យមានសិរីភាព (យ៉ូហាន ៨:៣១-៣២)
*បង្ហាញថា យើងបានសង្គ្រោះ (យ៉ូហាន ៨:៤៧)
*ទទួលបានព្រះពរ (លូកា ១១:២៨)
*ព្រះបង្គាប់ឲ្យយើងស្គាល់ក្រឹត្យវិន័យ (យ៉ូស្វេ ១:៨)
*ជាចង្កៀង និងពន្លឺ (ទំនុកតម្កើង ១១៩:១០៥)
លោកគ្រូ ដេទ្រិខ ប៊ុនហូហ្វ័រ (Dietrich Bonhoeffer) បានលើកឡើងថា «ការប្រកបគ្នារបស់គ្រីស្ទបរិស័ទគឺជាការប្រកបគ្នាក្រោមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះគ្រីស្ទផ្ទាល់គឺត្រូវតែជាថ្មកែងនៃការប្រកបគ្នារបស់គ្រីស្ទបរិស័ទ»។ ពេលដែលគ្រីស្ទបរិស័ទប្រកបគ្នា នោះក៏បង្ហាញថា យើងមានការប្រកបគ្នាជាមួយនឹងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ (វិវរណៈ ៣:២០ និង២កូរិនថូស ១៣:១៤)។
ពីមុនៗក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះអង្គមិនចែករំលែកសិរីល្អរបស់ទ្រង់ជាមួយនឹងនរណាម្នាក់ទេ («យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។» អេសាយ ៤២:៨) ប៉ុន្តែ ឥឡូវតាមរយៈការរួបរួមគ្នាជាមួយនឹងព្រះរាជបុត្រា យើងមានចំណែកក្នុងសិរីល្អរបស់ទ្រង់ ពីព្រោះតាមរយៈការរួបរួមគ្នាជាមួយនឹងព្រះរាជបុត្រាយើងក៏មានចំណែកជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ និងព្រះវរបិតាដែរ។
ការដែលគ្រីស្ទបរិស័ទជួបជុំ ដើម្បីប្រកបគ្នា នោះក៏បង្ហាញផងដែរថា ព្រះវិញ្ញាណគង់ក្នុងយើង «យើងដឹងដោយសារសេចក្ដីនេះថា យើងស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងយើង ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។» (១យ៉ូហាន ៤:១៣ គកស សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ៣:២៤ និងយ៉ូហាន ១៤:២០-២៣)
«ក្រុមជំនុំមិនមានតួនាទីក្នុងការបើកបង្ហាញឲ្យគេមើលឃើញព្រះគ្រីស្ទទេ ប៉ុន្តែព្រះគ្រីស្ទទេតើដែលជាអង្គដែលបើកបង្ហាញឲ្យគេមើលឃើញក្រុមជំនុំ» (លោកគ្រូ ដេទ្រិខ ប៊ុនហូហ្វ័រ)។ នេះឯងជាមូលហេតុដែលបង្ហាញអំពីសារៈសំខាន់នៃការប្រកបគ្នារបស់គ្រីស្ទបរិស័ទ ហើយលើសពីនេះទៅទៀតការប្រកបគ្នារបស់យើងក៏បង្ហាញថា យើងរួមគ្នាតែមួយជាមួយគ្នានឹងគ្នាផងដែរ មិនមែនគ្រាន់តែជាមួយនឹងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះឡើយ។ «នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។» (ភីលីព ២:២)។
មូលហេតុមួយទៀតដែលនាំឲ្យការប្រកបគ្នារបស់គ្រីស្ទបរិស័ទជារឿងដ៏សំខាន់គឺត្រង់ថា វាបង្ហាញថា ព្រះជាម្ចាស់ពិតជាព្រះរបស់យើងមែន «ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។» (១យ៉ូហាន ៤:៧ គកស)។ តាមរយៈសេចក្ដីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមក នោះបង្ហាញថា យើងមកពីព្រះ ព្រោះបើយើងពិតជាស្គាល់ព្រះជាម្ចាស់មែន នោះយើងនឹងមានក្ដីស្រឡាញ់ចំពោះគ្នានឹងគ្នាពេលយើងប្រកបគ្នាជាមិនខាន។ កណ្ឌគម្ពីរ និក្ខមនំ ២៩:៤៥ បានចែងថា «យើងនឹងស្ថិតនៅកណ្ដាលកូនចៅអ៊ីស្រាអែល ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ» (អានបន្ថែមក្នុងកណ្ឌគម្ពីរ លេវីវិន័យ ២៦:១២ គកស)។
«ការប្រកបគ្នារបស់គ្រីស្ទបរិស័ទគឺមិនមែនជាគំនិតមួយ ដែលយើងត្រូវតែយកមកបើកសម្ដែងឲ្យគេឃើញនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការប្រកបគ្នាគឺជាចំណុចមួយដែលបើកសម្ដែងឲ្យគេឃើញរួចស្រេចទៅហើយ ដែលព្រះជាម្ចាស់បានបង្កើតមកក្នុងព្រះគ្រីស្ទ ដែលតាមពិតទៅវាជាអភ័យឯកសិទ្ធិរបស់យើងដែលអាចរួមចំណែកក្នុងការនេះបាន» (លោកគ្រូ ដេទ្រិខ ប៊ុនហូហ្វ័រ)។
តើយើងគួរធ្វើអ្វីខ្លះពេលដែលយើងប្រកបគ្នា?
ជាដំបូង យើងត្រូវតែមានការប្រុងប្រយ័ត្នត្រង់ថា តើយើងនឹងជ្រើសរើសមនុស្សបែបម៉េច ដើម្បីប្រកបគ្នា។ កណ្ឌគម្ពីរ ១កូរិនថូស ១៥:៣៣ បានចែងថា «សូមកុំភាន់ច្រឡំ “ពួកម៉ាកអាក្រក់តែងបង្ខូចកិរិយាល្អ”»។ (អានបន្ថែមក្នុងកណ្ឌគម្ពីរ សុភាសិត ១ គកស)។ ដោយសារនិស្ស័យបាបដែលយើងនៅមានជាប់ពីកាលដែលលោក អ័ដាម បានធ្លាក់ក្នុងអំពើបាបក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក៣ នោះយើងដែលជាគ្រីស្ទបរិស័ទនៅមានទំនោរនៃការចង់ប្រព្រឹត្តអំពើមិនល្អ។ តែនេះមិនមែនមានន័យថា យើងមិនទាន់ទទួលបានសេចក្ដីសង្គ្រោះនោះទេ ដ្បិតពេលដែលយើងទទួលបានសេចក្ដីសង្គ្រោះ ព្រះជាម្ចាស់បានរាប់យើងជាសុចរិតហើយ។ យើងក៏ចាប់ផ្ដើមដំណើរជីវិតនៃការញែកជាបរិសុទ្ធ ដែលដំណើរជីវិតមួយនេះនឹងនៅមានរហូតដល់ថ្ងៃយើងស្លាប់ ពេលនោះទើបយើងលែងមានទំនោរនៃការចង់ប្រព្រឹត្តអំពើបាបទៀត ព្រោះយើងនឹងឈានដល់ដំណាក់នៃការទទួលបានសិរីល្អជាមួយនឹងព្រះជាម្ចាស់នៅឯស្ថានសួគ៌។
ខាងក្រោមនេះគឺជាការរាយចុះនៅខគម្ពីរមួយចំនួនដែលណែនាំយើងអំពីអ្វីដែលយើងគួរធ្វើពេលយើងប្រកបគ្នា៖
អេភេសូរ ៥:១៩ និយាយ…ច្រៀង…បង្កើតជាទំនុកសរសើរថ្វាយ…
«ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត» (គកស)។
កូឡូស ៣:១៦ បង្រៀន…ទូន្មានគ្នាទៅវិញទៅមក
«ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ» (គកស)។
ការប្រកបគ្នារបស់គ្រីស្ទបរិស័ទគឺលើសជាងការគ្រាន់តែជួបជុំគ្នាបរិភោគចំណីអាហារ ឬក៏ញ៉ាំកាហ្វេ ថត selfie បង្ហោះលើបណ្ដាញសង្គមនោះទេ ប៉ុន្តែគឺជាការដែលយើងអាចនិយាយ ច្រៀង និងបង្កើតទំនុកថ្វាយដល់ព្រះអម្ចាស់។
កាឡាទី ៦:១០ ជាឱកាសក្នុងការប្រព្រឹត្តទង្វើល្អ
«ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេស ដល់បងប្អូនរួមជំនឿ» (គកស)។
ហេព្រើរ ១៣:១៦
«កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ» (គកស)។
១ថេស្សាឡូនីច ៥:១៤-១៥ ណែនាំគ្នា
«បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្ដាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្តីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ និងអត់ឱនចំពោះមនុស្សទាំងអស់ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ» (គកស)។
រ៉ូម ១២:១៣ ជាឱកាសក្នុងការជួយគ្នាទៅវិញទៅមក
«ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់» (គកស)។
ព្រះយេស៊ូវបានមានព្រះបន្ទូលថា ការឲ្យគឺមានពរជាងការទទួល។ ដូច្នេះ ចូរយើងរកឱកាស ដើម្បីផ្គត់ផ្គង់គ្នាទៅវិញទៅមកមិនថាតិច ឬច្រើនក្ដី។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងចេះតែឲ្យៗដោយមិនដឹងរឿងទេ ពេលខ្លះវាជាការងាយស្រួលដែលយើងចង់ជួយរំដោះនរណាម្នាក់ពីទុក្ខលំបាក ប៉ុន្តែចូរប្រយ័ត្ន ពីព្រោះអ្នកបោក និងអ្នកធ្វើពុតក៏មានច្រើនដែរ។
រ៉ូម ១២:១០ ស្រឡាញ់…ផ្តល់កិត្តិយស…
«ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព» (គកស សូមអានបន្ថែម យ៉ូហាន ១៣:៣៤-៣៥; ១៥:១២; ១យ៉ូហាន ៣:១៦; ៤:៨, ១១)។
ការផ្ដល់កិត្តិយស ឬក៏ការលើកមុខគ្នាគឺជាការដ៏ពិបាកធ្វើណាស់ក្នុងប្រទេសយើង ពីព្រោះយើងរស់នៅក្នុងសង្គមដែលចូលចិត្តបន្ទាបបន្ថោកអ្នកដទៃ ប្រៀបដូចជាការក្ដិចត្រួយ ដែលកំពុងតែព្យាយាមលូតលាស់ឡើងអញ្ចឹង។ ប៉ុន្តែ បញ្ហាមួយនេះគឺមិនមែនជាបញ្ហាដែលកើតឡើងក្នុងករណីពិសេសសម្រាប់តែប្រទេសយើងទេ យើងដឹងហើយថា ក្រុមជំនុំដំបូងក៏បានឆ្លងកាត់បញ្ហាបែបនេះដែរ ហេតុដូច្នេះហើយបានជាសាវ័ក ប៉ុល យកពេលវេលាដាស់តឿនក្រុមជំនុំឲ្យចេះផ្ដល់កិត្តិយសទៅគ្នាទៅវិញទៅមក។
យ៉ាកុប ៥:១៦ លន់តួបាបនឹងគ្នាទៅវិញទៅមក
«ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់» (គកស)។
ពិតណាស់! ព្រះជាម្ចាស់បានបង្គាប់យើងឲ្យលន់តួបាបទៅកាន់ទ្រង់ ក៏ប៉ុន្តែព្រះអង្គបានបញ្ជាយើងឲ្យលន់តួបាបទៅគ្នាទៅវិញទៅមកដែរ។ ពេលដែលយើងញែកពេល ដើម្បីចំណាយជាមួយគ្នា យើងក៏អាចប្រើប្រាស់ពេលនោះ ដើម្បីបំពេញបញ្ជាមួយនេះដែរ។ ការប្រកបគ្នាគឺជាពេលដែលយើងអាចនឹងលន់តួបាប និងអធិស្ឋានសម្រាប់គ្នាទៅវិញទៅមកទៀតផងដែរ។ ប៉ុន្តែ ចូរប្រយ័ត្ន នេះគឺមិនមែនជាពេលដែលយើងចែកចាយសំណូមពរអធិស្ឋានបែបនិយាយដើមអំពីអ្នកដទៃនោះទេ តែគឺជាពេលដែលយើងនិយាយបើកចំហអំពីជីវិតខ្លួនឯងផ្ទាល់ទៅកាន់អ្នកដែលយើងស្និទ្ធស្នាល។
១យ៉ូហាន ១:៥-៧ ដើរក្នុងពន្លឺ…មិនមែនក្នុងសេចក្ដីងងឹត
«នេះជាដំណឹងដែលយើងបានឮពីព្រះអង្គ ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងព្រះអង្គទាល់តែសោះ។ ប្រសិនបើយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់» (គកស សូមអានបន្ថែម ១យ៉ូហាន ១:៦)។
បងប្អូនអើយ! ជីវិតរបស់យើងជាគ្រីស្ទបរិស័ទគឺប្រៀបដូចជាអំពូលភ្លើងដែលបញ្ចេញពន្លឺទៅកាន់អ្នកនៅជុំវិញយើង ហើយប្រភពភ្លើងដែលយើងអាចហៅថាជាអគ្គិសនីគឺប្រៀបដូចព្រះជាម្ចាស់ផ្ទាល់។ ចូរកុំភាន់ច្រឡំថាយើងជាប្រភពភ្លើងឡើយ ប៉ុន្តែយើងគ្រាន់តែជាអំពូលមួយដែលបញ្ចាំងពន្លឺប៉ុណ្ណោះដែលមានប្រភពកើតចេញពីព្រះអង្គផ្ទាល់។
១កូរិនថូស ១:១០ មានគំនិតតែមួយ
«ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីតែមួយទាំងអស់គ្នា កុំឲ្យមានការបាក់បែកក្នុងចំណោមអ្នករាល់គ្នាឡើយ ត្រូវរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយ» (គកស សូមអានបន្ថែម ទំនុកតម្កើង ១៣៣:១; កិច្ចការ ១:១៤ និងភីលីព ២:១-២)។
កាបាក់បែកគ្នាភាគច្រើនគឺមកពីមិនមានគំនិតរួមគ្នាតែមួយ។ ដូច្នេះ យើងដែលជាគ្រីស្ទបរិស័ទគួរខិតខំប្រឹងប្រែងរស់នៅដោយបង្ហាញពីភាពរួមគ្នា។
ហេព្រើរ ៣:១៣ ដាស់តឿនគ្នាទៅវិញទៅមក
«ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា “ថ្ងៃនេះ” នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប» (គកស សូមអានបន្ថែម រ៉ូម ១៦:១៧)។
ពេលដែលយើងជួបជុំប្រកបគ្នា យើងអាចប្រើប្រាស់ការនោះទុកជាពេលវេលា ដើម្បីដាស់តឿនគ្នាទៅវិញទៅមក។ ការដាស់តឿនមួយនេះគឺមិនមែនមានន័យថា ពេលយើងជួបគ្នា យើងបង្អាប់គ្នានោះទេ ប៉ុន្តែគឺជាការណែនាំប្រៀនប្រដៅពេញដោយក្ដីស្រឡាញ់ក្នុងសេចក្ដីពិត។
ការនិយាយសេចក្ដីពិតគឺជាការងាយស្រួល ប៉ុន្តែការនិយាយសេចក្ដីពិតដែលមានផ្សំទាំងសេចក្ដីស្រឡាញ់គឺជាការពិបាកណាស់។ ដូច្នេះ ចូរយើងប្រយ័ត្នឲ្យមែនទែនក្នុងការលើកដាក់សម្ដីរបស់យើងពេលដែលយើងណែនាំប្រៀនប្រដៅដាស់តឿនគ្នាទៅវិញទៅមក។
ភីលីព ១:៧ ជាឱកាសនៅជាមួយគ្នាពេលមានទុក្ខ
«ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ» (គកស)។
យើងដឹងហើយថា នៅប្រទេសកម្ពុជាមានពេលវេលាដ៏សំខាន់បីដងគឺ ពេលកើត ពេលការ និងពេលកប់ ដែលពេលវេលាទាំងបីនោះគឺជាពេលវេលាដ៏សំខាន់ដែលយើងត្រូវមានព័ន្ធកិច្ចវត្តមាន ដែលនេះមានន័យថា ទោះបើយើងរវល់ប៉ុណ្ណាក៏ដោយ ក៏យើងនឹងព្យាយាមឆ្លៀតពេលទៅចូលរួមកម្មវិធីទាំងនោះ យ៉ាងហោចណាស់ (ដែលជាពិសេស) គឺពេលការ និងពេលកប់។ ទោះបើយើងមិនអាចនៅបានយូរក៏ដោយ ក៏យ៉ាងហោចណាស់យើងត្រូវតែចេញមុខបន្តិចដែរ។
១ពេត្រុស ៤:៩ កុំត្អូញត្អែរ
«ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដោយឥតត្អូញត្អែរឡើយ» (គកស)។
យ៉ូហាន ១៣:៣៤ ស្រឡាញ់គ្នា
«ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា “គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”» (គកស)។
ហេព្រើរ ១០:២៤-២៥ ការជួបជុំគ្នាគឺជាបញ្ជា
«ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ» (គកស)។
២កូរិនថូស ៦:១៤ ការប្រកបគ្នារបស់យើងក៏ជាជម្រើសរបស់យើង
«កុំឲ្យទឹមនឹមស្រៀក ជាមួយនឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន» (គកស)។
សរុបសេចក្ដីទៅ ការប្រកបគ្នារបស់គ្រីស្ទបរិស័ទគឺជាការដ៏សំខាន់យ៉ាងខ្លាំងមែនទែន ពីព្រោះការប្រកបគ្នាសបង្ហាញបញ្ជាក់ឲ្យឃើញពីការដែលគ្រីស្ទបរិស័ទមានចំណែកក្នុងការប្រកបគ្នាជាមួយនឹងព្រះត្រៃឯក។ ពេលដែលយើងប្រកបគ្នា ការនោះបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង បង្ហាញពីភាពរួមគ្នាដែលយើងមាន។ លើសពីការជួបជុំគ្នា ដើម្បីប្រកបចំណីអាហារ ឬក៏ហូបកាហ្វេ ការប្រកបរបស់គ្រីស្ទបរិស័ទគឺជាពេលវេលា ដើម្បីនិយាយ ច្រៀង និងបង្កើតទំនុកសរសើរថ្វាយព្រះ ផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមក ជាឱកាស ដើម្បីប្រព្រឹត្តទង្វើល្អ និងជាពេលវេលា ដើម្បីអធិស្ឋានឲ្យគ្នាទៅវិញទៅមកក៏ដូចជាលន់តួបាបចំពោះគ្នា និងជាពេលដាស់តឿនគ្នាផងដែរ។
មតិយោបល់
Loading…