មកកដល់ពេលនេះ យើងប្រាកដជាធ្លាប់ឮជាច្រើនលើកច្រើនសារហើយថាបុណ្យណូអែលជារដូវកាលមួយដ៏ពិបាកសម្រាប់មនុស្សជាច្រើន។ រឿងប្រលោមលោកប្រឌិតអំពីលោក ស្គ្រូហ្គជ៍ (Scrooge) និពន្ធដោយលោក ឆាលស៍ ឌិកគិនស៍ (Charles Dickens) មានចំណងជើងជាភាសាអង់គ្លេសថា “A Christmas Carol” ដែលបានរៀបរាប់អំពីបញ្ហារបស់គាត់ជាមួយនឹងពិធីបុណ្យមួយនេះ លែងជារឿងមួយដែលគាត់តែម្នាក់ឯងបានឆ្លងកាត់ទៀតហើយ។ មកដល់ឥឡូវនេះ វាជារឿងមួយដែលមនុស្សជាច្រើនកំពុងឆ្លងកាត់។ ទំនងវាជារឿងមួយដែលបានកើតឡើងតាំងពីយូរយារណាស់មកហើយក៏អាចថាបាន។ អំណរនៃរដូវកាលនេះអាចជាការឈឺចាប់សម្រាប់អស់អ្នកដែលនឹកស្រមៃមិនឃើញអំពីអំណរនៃរដូវកាលនោះ។
កាលពីថ្មីៗនេះ ខ្ញុំបានឮពីបុគ្គលម្នាក់ដែលបានរៀបរាប់អំពីការដែលបុណ្យណូអែលគឺជាពេលវេលាដ៏ពិបាកសម្រាប់គាត់ ពីព្រោះក្នុងក្រុមគ្រួសាររបស់គាត់ មានរឿងដ៏ឈឺចាប់មួយចំនួនបានកើតឡើង។ ដែលនាំមកនូវភាពអស់សង្ឃឹម និងការឈឺចាប់ខ្លោចផ្សារ។ ដោយសារការឈឺចាប់ថ្មីៗពេក នោះបានជាគាត់មិនអាចមានអំណរក្នុងរដូវកាលនៃបុណ្យណូអែលបាន។ វាជារឿងរ៉ាវដែលពិបាកនឹងបំភ្លេចចោលបាន។
ខ្ញុំយល់អំពីអារម្មណ៍មួយនេះ។ ខ្ញុំចង់និយាយថា នរណាក៏អាចយល់បានដែរព្រោះថារដូវកាលបុណ្យណូអែលជារដូវកាលជួបជុំគ្រួសារដ៏ធំមួយ។ ទោះបើជាក្នុងកាលៈទេសៈល្អយ៉ាងណាក៏ដោយ ក៏រដូវកាលនៃការឈប់សម្រាកនេះមានភាពតានតឹងដែរ។ ទោះបើជាគ្មាននរណាម្នាក់មានជំងឺមហារីក ឫគ្មាននរណាម្នាក់លែងលះគ្នា ឬក៏សាច់ញាតិបងប្អូនទាំងអស់បានមកជួបជុំគ្នាក៏ដោយ ក៏ការធ្វើសន្ទនាជាមួយពួកគេអាចជារឿងដ៏ពិបាកមួយដោយសារពួកគេមានចរិតខុសៗគ្នាហើយអ្វីដែលយើងនិយាយអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍នរណាម្នាក់ មិនខុសពីការដើរក្នុងចំការមីនដោយព្យាយាមមិនឲ្យជាន់មីននោះឡើយ។ អ្វីដែលធ្វើឲ្យរដូវកាលនេះជាពេលវេលាដ៏ល្អក៏ជាអ្វីដែលធ្វើឲ្យរដូវកាលនេះជាពេលវេលាដ៏ពិបាកមួយផងដែរ។ គ្រួសាររបស់ខ្ញុំផ្ទាល់ក៏មិនអាចគេចផុតពីបញ្ហានេះដែរ ។
ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំជំទាស់បន្តិចជាមួយនឹងគំនិតបែបនេះ។ បើឲ្យខ្ញុំនិយាយដោយទន់ភ្លន់ទៅ ខ្ញុំគិតថាយើងមានការយល់ដឹងខុសហើយអំពីរដូវកាលនេះ។ យើងបានឲ្យផ្នត់គំនិតនេះដិតដាមក្នុងចិត្តថា រដូវកាលនៃបុណ្យណូអែលគឺជាពេលវេលាសម្រាប់ពួកអ្នកដែលមានសុភមង្គលតែប៉ុណ្ណោះ។ ពួកអ្នកដែលមានក្រុមគ្រួសារដ៏មានសុភមង្គលគេនាំគ្នាអង្គុយខាងមុខឡកម្តៅផ្ទះព័ទ្ធជុំវិញដោយកាដូ ដូចជានៅក្នុងសុបិនអញ្ចឹង។ បុណ្យណូអែលសម្រាប់អស់អ្នកដែលមានសុខភាពល្អដែលចូលចិត្តសើច ហើយសើចត្រូវពេលមែនទេ? សម្រាប់អស់អ្នកដែលមានជោគជ័យ ហើយមានមុខមាត់ស្អាតៗ ដែលរស់នៅក្នុងបុរីដ៏ប្រណិតតែប៉ុណ្ណោះ ដែលអាចមានភាពងាយស្រួលក្នុងការអរសប្បាយជាមួយរដូវកាលនៃការឈប់សម្រាកនេះ។ ពួកគេក៏មិនបានវង្វេងផ្លូវ ពីព្រោះមានប្រព័ន្ធ GPS ថ្មីដែលពួកគេទទួលបានកាលពីឆ្នាំមុន។ ពួកគេមានទឹកមុខស្រស់ញញឹមបន្ទាប់ពីបានមើលខ្សែភាពយន្តដ៏ល្បីអំពីបុណ្យណូអែល និងដេកអង្កុញជើងលើសាឡុងយ៉ាងមានសេចក្តីសុខ ខណៈពេលដែលក្រុមគ្រួសារទាំងមូលរបស់ពួកគេអង្គុយមុខទូរទស្សន៍ដែលមានអេក្រង់យក្ស។ យើងរស់នៅ ហើយធ្វើមើលតែពួកទាំងអស់នេះគឺជាពួកអ្នកដែលគួរតែសប្បាយនៅក្នុងរដូវកាលនៃបុណ្យណូអែលនេះអញ្ចឹង ។
ប៉ុន្តែ ផ្នត់គំនិតនេះខុសទាំងស្រុង។ បុណ្យណូអែល—ដំណើររឿងរ៉ាវអស្ចារ្យបំផុតនៃការដែលព្រះសង្គ្រោះបានយាងមកយកកំណើតជាមនុស្ស—គឺសម្រាប់មនុស្សគ្រប់ៗគ្នា ជាពិសេសសម្រាប់អស់អ្នកដែលត្រូវការសេចក្ដីសង្គ្រោះ។ ព្រះយេស៊ូវបានប្រសូតមកជាព្រះឱរស ដើម្បីឲ្យស្គាល់ការឈឺចាប់ ហើយយល់ពីភាពទន់ខ្សោយរបស់យើង។ ព្រះយេស៊ូវបានយាងមកយកលក្ខណៈដូចជាយើង ដើម្បីឲ្យក្នុងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ យើងក៏អាចមានលក្ខណៈដូចជាទ្រង់បានដែរ មានសេរីភាពពីការភ័យខ្លាចនៃសេចក្តីស្លាប់ និងពីការឈឺចាប់នៃការបាត់បង់។ ពួកអ្នកដែលមកថ្វាយបង្គំព្រះយេស៊ូវមុនគេដែលបានចែងទុកក្នុងព្រះគម្ពីរគឺមិនមែនជាមនុស្សដែលមានឋានៈខ្ពស់នោះទេ។ ពួកគេជាជនក្រីក្រ អ្នកគង្វាលមិនស្អាតបាត ជាមនុស្សដែលនឿយហត់ដោយសារពួកគេត្រូវធ្វើការងារធ្ងន់ៗជាច្រើន។ ហើយក៏មានមនុស្សជាច្រើនបានមើលងាយមើលថោកចំពោះពួកគេទៀតផង។
ព្រះយេស៊ូវបានយាងមកសម្រាប់អស់អ្នកដែលឆ្លុះកញ្ចក់ ហើយឃើញភាពអាក្រក់របស់ខ្លួន។ ព្រះយេស៊ូវបានយាងមកសម្រាប់កូនស្រីៗដែលឪពុកខ្លួនមិនដែលប្រាប់ពួកគាត់ថា ពួកគាត់ស្អាត។ បុណ្យណូអែលសម្រាប់អស់អ្នកដែលទៅ «ជប់លៀង» តែម្នាក់ឯង។ បុណ្យណូអែលសម្រាប់អស់អ្នកដែលជីវិតរបស់ពួកគេត្រូវបានបំផ្លាញដោយជំងឺមហារីក ហើយការដែលស្រមៃថាបានរស់នៅដល់បុណ្យណូអែលឆ្នាំក្រោយហាក់បីដូចជាសុបិន្ដដែលមិនអាចកើតឡើងបាន។ បុណ្យណូអែលសម្រាប់អស់អ្នកដែលឯកាគ្រប់ពេលវេលា ប្រសិនបើគាត់គ្មានបណ្ដាញសង្គមលេង។ បុណ្យណូអែលសម្រាប់អស់អ្នកដែលមានជីវិតអាពាហ៍ពិពាហ៍ប្រេះស្រាំ ហើយក៏កំពុងឈានដល់ការលះលែងគ្នាដែរ។ បុណ្យណូអែលសម្រាប់កូនប្រុសដែលឪពុកខ្លួនទិញសម្ភារៈបរបាញ់សត្វឲ្យ ខណៈពេលដែលកូនគាត់ចង់បានតែសម្ភារ:ហត្ថកម្មប៉ុណ្ណោះ។ បុណ្យណូអែលសម្រាប់អស់អ្នកដែលញៀនបារី ខណៈពេលដែលគាត់មិនអាចឈប់ជក់បាន ទោះបើគាត់ដឹងថា គាត់កំពុងតែប្រឈមមុខនឹងសេចក្តីស្លាប់ក៏ដោយ។ បុណ្យណូអែលសម្រាប់ស្ត្រីពេស្យា ពួកផិតក្បត់ និងតារាសម្ដែងរឿងអាសអាភាសដែលចង់បានសេចក្ដីស្រឡាញ់ខុសរបៀប និងខុសទីកន្លែង។ បុណ្យណូអែលសម្រាប់ពួកនិស្សិតមហាវិទ្យាល័យដែលកំពុងអង្គុយជួបជុំគ្នាជាមួយនឹងគ្រួសារ ហើយអន្ទះអន្ទែងចង់ចេញទៅផឹកស្រាទៀត។ បុណ្យណូអែលសម្រាប់អស់អ្នកដែលបរាជ័យម្តងហើយម្តងទៀតក្នុងការចាប់យកក្តីស្រមៃរបស់ខ្លួន។ បុណ្យណូអែលសម្រាប់អស់អ្នកដែលបានបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារ និងបំផ្លាញមរតក—ពួកគេចង់វិលត្រឡប់ទៅ «ផ្ទះ» វិញ ប៉ុន្តែពួកគេមិនអាចនឹកស្រមៃបានថា បងប្អូន គ្រួសារនឹងទទួលយកគាត់វិញ ដោយភាពកក់ក្តៅទេ។ បុណ្យណូអែលសម្រាប់ឪពុកម្ដាយដែលកំពុងមើលជីវិតអាពាហ៍ពិពាហ៍របស់កូនខ្លួនបរាជ័យ។
តាមពិតទៅ បុណ្យណូអែលជាដំណឹងល្អនៃព្រះគុណសម្រាប់ពួកមនុស្សមានបាប។ ដោយអាស្រ័យលើរាល់អ្វីៗទាំងអស់ដែលព្រះគ្រីស្ទបានសម្រេចនៅលើឈើឆ្កាង នោះស្នូកសត្វក៏បានក្លាយជាទីកន្លែងដែលពេញដោយក្ដីសង្ឃឹមក្នុងចក្រវាលដ៏ងងឹតដែលគ្មានសង្ឃឹមឡើយ។ ក្នុងចំណោមការសើចចំអកនៃការសើចចំអកជាច្រើន បុណ្យណូអែលសម្រាប់អស់អ្នកដែលពិបាកនឹងអរសប្បាយនៅក្នុងរដូវកាលនៃបុណ្យណូអែលនេះ។ បើនិយាយឲ្យខ្លីទៅ បុណ្យណូអែលគឺសម្រាប់អស់អ្នកដែលស្អប់បុណ្យនេះខ្លាំងជាងគេ។
មតិយោបល់
Loading…