ក្នុងឆ្នាំថ្មីខាងមុននេះ តើបងប្អូនចង់តាំងចិត្តឲ្យបានជាប់លាប់ដែរឬទេ? ប្រសិនបើចង់ ខាងក្រោមនេះគឺជាអ្វីដែលបងប្អូនអាចធ្វើបាន៖
- សូមបង្កើតការតាំងចិត្តតែមួយ ហើយសូមធ្វើឲ្យបានជាក់លាក់ ដែលអាចបំពេញបាន—ធំល្មមដល់ថ្នាក់ថាមានតម្លៃ ប៉ុន្តែតូចល្មម ហើយក៏មានខ្លឹមសារគ្រប់គ្រាន់ក្នុងការអាចទទួលបានជោគជ័យ។
- សូមសម្រេចចិត្តថា តើបងប្អូនចង់បញ្ឈប់ទម្លាប់ណាខ្លះ ហើយថា តើបងប្អូនត្រូវមានទម្លាប់ថ្មីអ្វី ដើម្បីទទួលបានជោគជ័យ?
- សូមបង្កើតផែនការដែលនឹងបង្ហាត់បងប្អូនក្នុងទម្លាប់ថ្មីនោះ ខណៈពេលដែលបងប្អូនប្ដូរទម្លាប់អាក្រក់ៗចេញ។
- សូមប្រាប់អំពីផែនការនោះទៅកាន់មិត្តភក្ដិណាម្នាក់របស់បងប្អូន ហើយសូមឲ្យគាត់ឧស្សាហ៍សួរដេញដោលអំពីដំណើរការនៃផែនការនោះជាមួយនឹងបងប្អូនដែរ។
- សូមរៀបចំផែនការទុកជាមុន អំពីរបៀបដែលបងប្អូននឹងប្រឈមមុខជាមួយនឹងការល្បួង ហើយនិងរបៀបដែលបងប្អូននឹងរកដំណោះស្រាយ ខណៈពេលដែលបរាជ័យ។
- សូមអធិស្ឋានឲ្យបានជាប់លាប់ និងទៀងទាត់។
ការតាំងចិត្តពីរយ៉ាង
«ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯបញ្ញត្តិដែលសំខាន់ជាងគេ នោះគឺថា «ចូរស្ដាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ “ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង” នោះហើយជាបញ្ញត្តិទី១ “ឯបញ្ញត្តិទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង” គ្មានបញ្ញត្តិណាទៀតធំជាងបទទាំង២នេះទេ» (ម៉ាកុស ១២:២៩-៣១ សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ លូកា ១០:២៧; ចោទិយកថា ៦:៤-៦; លេវីវិន័យ ៩:១៨; ម៉ាថាយ ២២:២៧-៤០)។
សាសន៍អ៊ីស្រាអែលមានបញ្ញត្តិ ៦១៣ ដង ដែលពួកគាត់បានបង្កើតឡើង៖ ៣៦៥ ដែលអវិជ្ជមាន ហើយ ២៤៨ ដែលវិជ្ជមាន។ «កុំប្រព្រឹត្តិទៅកាន់អ្នកជិតខាងនូវអ្វីដែលជាការស្អប់ខ្ពើមចំពោះខ្លួន នេះគឺជាក្រឹត្យវិន័យទាំងមូលនៅកណ្ឌគម្ពីរទាំង៥ដំបូង៖ ក្រៅពីនោះគឺជាការបកស្រាយ»។
លោក ម៉ាថាយ បានបន្ថែមថា «បណ្ដាក្រឹត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តិទាំង២ប្រការនេះឯង» (ម៉ាថាយ ២២:៤០)។ ពាក្យ «បណ្ដា» មានន័យថា «ព្យួរ» ហាក់បីដូចជាការដែលយើងព្យួរទ្វារលើត្រចៀកទ្វារ។ នៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៦:៤-៥ បានចែងថា «ចូរស្ដាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងឯង» (សូមអានបន្ថែម ១១:១៣-២១; ជនគណនា ១៥:៣៧-៤១)។
១. ស្រឡាញ់ព្រះ
តើពាក្យ «ស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំង» មានន័យយ៉ាងដូចម្ដេច?
ក្នុងភាសាហេព្រើរពាក្យ «អាហាប» (ស្រឡាញ់) មានន័យថា «ការមានចំណាប់អារម្មណ៍លើការប្រាថ្នា ការរីករាយជាមួយ ឬក៏ការពេញចិត្ត»។ វាមានបង្កប់អត្ថន័យនៃការគិតអំពី បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ និងប្រាថ្នាចង់នៅក្នុងវត្តមាននៃបុគ្គលដែលខ្លួនកំពុងស្រឡាញ់។ យើងស្រឡាញ់មិនមែនគ្រាន់តែជាពាក្យថាស្រឡាញ់នោះទេ។ តែយើងចង់នៅជិតព្រះអង្គ។
ក្នុងភាសាក្រិកពាក្យ «អាហ្គាពេ» (ស្រឡាញ់) មានន័យថា «មានជម្រើសលើ ប្រាថ្នាចង់បាន គិតអំពីអ្វីដែលល្អចំពោះ»។ គឺជាការរីករាយជាមួយ ការឲ្យតម្លៃលើសអ្វីៗទាំងអស់ មិនអាចបោះបង់ចោលបានឡើយ ហើយក៏មិនអាចរស់នៅដោយគ្មានមិនបានដែរ។ យើងមិនអាចបោះបង់ព្រះអង្គបាន ហើយយើងក៏មិនអាចរស់នៅដោយគ្មានព្រះអង្គដែរ។ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១៣:១០ បានចែងថា «សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ ជាកិច្ចសម្រេចតាមក្រិត្យវិន័យហើយ» (សូមមើលបន្ថែមនៅក្នុងកណ្ឌគម្ពីរ លេវីវិន័យ ១៩:១៨)។
តើ «សេចក្ដីស្រឡាញ់» មានន័យដូចម្ដេច?
នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៣:៤-៧ បានចែងថា «ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់»។ នៅក្នុងកណ្ឌគម្ពីរនេះបានផ្ដល់ដល់យើងនូវលក្ខខណ្ឌចំនួន១៥អំពីអត្ថន័យនៃសេចក្ដីស្រឡាញ់។
នៅពេលដែលព្រះគម្ពីរលើកឡើងអំពី «ការស្រឡាញ់ព្រះ» ក្នុងបរិបទនៃការបង្គាប់ ការស្រឡាញ់នោះកើតចេញពីការជំរុញតាមរយៈកម្លាំង ដោយមិនគ្រាន់តែពាក់ព័ន្ធនឹងអារម្មណ៍ (ចិត្ត) របស់យើងលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើគំនិតយើងអំពីព្រះអង្គដែរ ហើយធ្វើឲ្យយើងកាន់តែប្រាថ្នាចង់បាន (ព្រលឹង) ព្រះអង្គដែរ។ ទាក់ទងនឹងពាក្យទាំងអស់នេះ (ក. អស់អំពីចិត្ត ខ. អស់អំពីព្រលឹង គ. អស់អំពីគំនិត ឃ. អស់អំពីកម្លាំង) យើងអាចមើលអំពីរបៀបដែលយើងស្រឡាញ់ព្រះជាម្ចាស់ដូចតទៅ៖
ក. យើងត្រូវស្រឡាញ់តែព្រះជាម្ចាស់
«គ្មានអ្នកណាអាចនឹងបម្រើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១» (ម៉ាថាយ ៦:២៤)។ ព្រះជាម្ចាស់ហៅក្រុមជំនុំថា ជាកូនក្រមុំរបស់ទ្រង់។ ព្រះអង្គហៅសាសន៍អ៊ីស្រាអែលថាជាប្រពន្ធរបស់ទ្រង់។ បញ្ញត្តិដំបូងដែលព្រះអង្គប្រទានទៅកាន់លោក ម៉ូសេ គឺថាកុំឲ្យពួកគាត់មានព្រះឯណាក្រៅពីទ្រង់ (និក្ខមនំ ២០:៣)។ ព្រះអង្គជាព្រះដែលប្រចណ្ឌ ហើយព្រះអង្គប្រចណ្ឌដោយសុចរិត (និក្ខមនំ ៣៤:១៤, ចោទិយកថា ៤:២៤)។
ប្រសិនបើយើងចង់ស្រឡាញ់ព្រះជាម្ចាស់ គឺយើងត្រូវតែស្រឡាញ់តែព្រះអង្គមួយគត់។ យើងមិនត្រូវចាប់អារម្មណ៍លើព្រះឯណាទៀតឡើយ។ ចិត្តរបស់យើងត្រូវតែរីករាយតែជាមួយអ្វីដែលព្រះចិន្តារបស់ទ្រង់រីករាយជាមួយដែរ។ គំនិតរបស់យើងត្រូវតែមានមូលដ្ឋានលើតែព្រះបន្ទូលរបស់ទ្រង់ថាជាអំណាចចុងក្រោយ។ ព្រលឹងរបស់យើងត្រូវតែស្កប់ចិត្តជាមួយនឹងអ្វីដែលទ្រង់សព្វហឫទ័យ។ យើងត្រូវតែប្រើប្រាស់កម្លាំងយើង ដើម្បីបម្រើទ្រង់តែមួយគត់។
ខ. យើងត្រូវតែស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់
កណ្ឌគម្ពីរ លូកា ១៤:២៦ មានចែងដូចតទៅ៖ «អ្នកណាដែលស្រឡាញ់ឪពុក ឬម្ដាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ អ្នកណាដែលរកបានជីវិតខ្លួននោះ នឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ» (ម៉ាថាយ ១០:៣៧-៣៩)។
«បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ» (លូកា ១៤:២៦)។ យើងត្រូវតែស្រឡាញ់ព្រះអង្គលើសជាងការស្រឡាញ់មនុស្ស និងអ្វីៗលើផែនដីនេះ។ នៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ២:១៥ បានចែងថា «កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ»។ បើយើងស្រឡាញ់លោកីយ៍ នោះយើងមិនមានព្រះវរបិតាទេ។ យើងមិនអាចស្រឡាញ់លោកីយ៍ផង និងព្រះផងបានឡើយ។
ការដែលយើងស្រឡាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់នឹងជួយយើងកុំឲ្យប្ដូរជីវិតអស់កល្បជានិច្ចជាមួយនឹងការអរសប្បាយតែមួយភ្លែតលើផែនដីនេះ។ សូមកុំប្ដូរការអរសប្បាយតែមួយភ្លែតនៅលើផែនដីនេះជាមួយនឹងជីវិតអស់កល្បជានិច្ចឲ្យសោះ!
គ. យើងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដោយមានការស្ដាប់បង្គាប់
នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៤:២១, ២៣-២៤ បានចែងថា «អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផង….ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅ នៅជាមួយដែរ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ»។ បើយើងស្រឡាញ់ព្រះជាម្ចាស់ នោះយើងនឹងស្ដាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះអង្គ តែបើយើងមិនបានស្រឡាញ់ព្រះអង្គទេ នោះយើងក៏មិនស្ដាប់បង្គាប់តាមបញ្ញត្តិទ្រង់ដែរ។
ប្រសិនបើយើងពិតជាស្រឡាញ់ព្រះអង្គមែន នោះយើងនឹងចង់ស្តាប់បង្គាប់ទ្រង់ជាមិនខាន។ យើងស្រឡាញ់ព្រះអង្គ ពីព្រោះព្រះអង្គស្រឡាញ់យើងជាមុន (១យ៉ូហាន ៤:១៩) ហើយយើងឃើញសេចក្ដីស្រឡាញ់នោះតាមរយៈការដែលព្រះអង្គចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកសុគតជំនួសអំពើបាបរបស់យើង (១យ៉ូហាន ៤:១០)។
ឃ. យើងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដោយមានសេចក្ដីស្រឡាញ់ដែលចេះស៊ូទ្រាំ
នៅក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:១២ បានចែងថា «មានពរហើយមនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់»។ ប្រសិនបើយើងស្រឡាញ់ព្រះអង្គ នៅចុងក្រោយព្រះអង្គនឹងឲ្យយើងនូវមកុដនៃជីវិតជាមិនខាន។
នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ១: ៦-៩ បានចែងថា «អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ ដើម្បីឲ្យការសាកលជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសម្រាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង»។
ការប្ដេជ្ញាចិត្តគឺជាគំរូដ៏ល្អមួយនៃការស្រឡាញ់។ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងស្រឡាញ់ទ្រង់ដោយមានការស៊ូទ្រាំ។ របៀបមួយនៃការដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងទៅកាន់ព្រះជាម្ចាស់ គឺតាមរយៈការដែលយើងស្រឡាញ់អ្នកជិតខាងយើង។
២. ស្រឡាញ់អ្នកជិតខាង
នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៣:៣៤-៣៥ បានចែងថា «ខ្ញុំឲ្យបញ្ញត្តិ១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ព្រះយេស៊ូវបានបង្ហាញថា វាមិនអាចទៅរួចបានទេក្នុងការដែលយើងពិតជាស្រឡាញ់ព្រះជាម្ចាស់ ដោយមិនស្រឡាញ់អ្នកជិតខាង។ ការស្រឡាញ់ព្រះជាម្ចាស់ត្រូវមានការបើកសម្ដែងតាមរយៈការស្រឡាញ់អ្នកដទៃ។ ប្រយោគ «ដូចខ្លួនឯង» មិនអាចបង្ហាញភាពយុត្តិធម៌នៃការស្រឡាញ់ខ្លួនឯង ដូចដែលគ្រូចិត្តសាស្ត្រសព្វថ្ងៃនេះអះអាងថាសំខាន់ៗ ដើម្បីឲ្យមានការមើលខ្លួនឯងថាល្អទេ។ ប្រយោគនេះគ្រាន់តែបង្ហាញថា មនុស្សយើងពិតជាបានស្រឡាញ់ខ្លួនឯងរួចទៅហើយ—តាមពិតទៅខ្លាំងពេកទៅហើយ—ហើយថាព្រះអង្គស័ក្ដិសមនឹងទទួលដូចនោះ—តាមពិត លើសជាងនោះទៅទៀត។
តើយើងអាចស្រឡាញ់អ្នកជិតខាងយើងដូចខ្លួនឯងបានដោយរបៀបណា?
យើងស្រឡាញ់អ្នកដទៃ ដោយប្រាប់ពួកគាត់អំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងកណ្ឌគម្ពីរ លេវីវិន័យ ១៩:៣៤ បានចែងថា «ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា»។
នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១០:១៤-១៥ «ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ មួយទៀត ធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។ ដើម្បីឲ្យអ្នកជិតខាងរបស់យើងបានឮដំណឹងល្អ យើងត្រូវតែហាមាត់យើងប្រាប់ដល់ពួកគាត់អំពីព្រះយេស៊ូវ។ ជីវិតរបស់យើងត្រូវតែរស់នៅ ដើម្បីបង្ហាញពីដំណឹងល្អ។ តើសព្វថ្ងៃនេះ លោកអ្នករស់នៅបែបដូចលោកីយ៍ ឬបែបស្របតាមព្រះគម្ពីរ?
សាវ័ក ប៉ុល បានសរសេរថា «ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត» (១ធីម៉ូថេ ២:៤)។ ចិត្តរបស់យើងត្រូវតែចង់ឃើញអ្នកដទៃបានសង្គ្រោះដែរ។ តើលោកអ្នកចង់ឃើញអ្នកដទៃទទួលជឿលើព្រះយេស៊ូវដែរឬទេ? ប្រសិនបើយើងចង់ សូមឲ្យយើងបានប្រាប់ពួកគាត់ចុះ។
ការអនុវត្ត
១. សូមអានព្រះបន្ទូល
យើងអាចបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងទៅកាន់ព្រះជាម្ចាស់បាន តាមរយៈការដែលយើងចំណាយពេលអាន និងសិក្សាព្រះបន្ទូលរបស់ទ្រង់។ សូមចំណាយពេលឲ្យបានទៀងទាត់ជាប្រចាំថ្ងៃជាមួយនឹងព្រះអង្គ។
២. សូមអធិស្ឋាន
«ចូរអធិស្ឋានឥតឈប់ឈរ» (១ថែស្សាឡូនីច ៥:១៧)។
កណ្ឌគម្ពីរ ម៉ាកុស ១:៣៥ បានចែងថា «កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ»។ ព្រះអង្គជាព្រះមួយរយភាគរយ ហើយនៅពេលព្រះអង្គយកសណ្ឋានជាមនុស្ស ក៏ព្រះអង្គនៅតែអធិស្ឋានដែរ។ ចុះទម្រាំយើងជាមនុស្ស តើយើងមិនត្រូវការចំណាយពេលជាមួយព្រះអង្គទេឬអី?
នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:១៨-២០ បានចែងថា «ព្រមទាំងប្រើសេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋាន ដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្ដីនោះឯង ដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់ ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន និងសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃដំណឹងល្អ ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្ដីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី»។
មតិយោបល់
Loading…