នៅក្នុងវប្បធម៌ខ្មែរ និងតាមពុទ្ធសាសនា ការថ្វាយបង្គំរូបព្រះគឺជាអ្វីដែលកើតមានឡើងជារៀងរាល់ថ្ងៃ។ ដូច្នេះ យើងខ្ញុំយល់អំពីការបារម្ភដែលមនុស្សមួយចំនួនមាន ទាក់ទងទៅនឹងការដាក់ឈើឆ្កាងនៅក្នុងក្រុមជំនុំ ជាពិសេសនៅមុខបន្ទប់ជួបជុំគ្នាថ្វាយបង្គំ ដែលអ្នកចូលរួមអាចមានការយល់ច្រឡំថា គ្រីស្ទបរិស័ទកំពុងថ្វាយបង្គំឈើឆ្កាងដូចជារូបព្រះនៃសាសនាផ្សេងៗ។ យើងខ្ញុំនឹកចាំពីភ្ញៀវម្នាក់ដែលមកចូលរួមក្នុងក្រុមជំនុំយើង ហើយពេលនោះគាត់បានងឿងឆ្ងល់ដោយសួរយើងខ្ញុំថា «តើគ្រីស្ទបរិស័ទកំពុងថ្វាយបង្គំឈើឆ្កាងមែនឬ?»។
បើក្រុមជំនុំមានឈើឆ្កាងនៅក្នុងអគារ ឬក៏ក្នុងបន្ទប់ថ្វាយបង្គំ តើនោះជារឿងខុសឆ្គងមែនឬ?
មនុស្សជាច្រើននឹងលើកឡើងចេញពីក្រឹត្យវិន័យទាំងដប់ប្រការ ហើយនិយាយថា «មើលចុះ! ព្រះគម្ពីរបានប្រាប់យើងថា យើងមិនគួរមានឈើឆ្កាងបានឡើយ»។
ប៉ុន្តែ តាមពិតទៅ ការបកស្រាយរបស់ពួកគេលើក្រឹត្យវិន័យនេះ វាសាមញ្ញពេកហើយ ហើយក៏នាំឲ្យមានការសន្មតដ៏មិនត្រឹមត្រូវទៀតផង។
ជាដំបូង សូមអានកណ្ឌគម្ពីរ និក្ខមនំ ២០:៤ ដើម្បីមើលថា តើមានអ្វីខុសអំពីការយល់ដឹងរបស់អស់អ្នកដែលកាត់ស្រាយថា មិនគួរមានឈើឆ្កាងនោះ។
«កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង» (និក្ខមនំ ២០:៤)។
ប្រសិនជាយើងកាត់ស្រាយខគម្ពីរនេះឲ្យមានអត្ថន័យថា យើងមិនអាចមានឈើឆ្កាងនៅក្នុងក្រុមជំនុំបានទេ នោះដាច់ខាត យើងក៏ត្រូវតែទទួលជឿថា កូនៗរបស់យើងក៏មិនអាចមានតុក្កតាបានផងដែរ មានដូចជា៖ កូនឡាន យន្តហោះ ចានឆ្នាំង បាយឡកបាយឡ ឬមើលរឿងតុក្កតា។ល។ ហេតុអ្វី? ព្រោះខគម្ពីរបានចែងថា «កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ…»។
ប៉ុន្តែ យើងទាំងអស់គ្នាដឹងហើយថា ព្រះជាម្ចាស់មិនបានហាមកូនៗជនជាតិអ៊ីស្រាអែល មិនឲ្យមានរបស់លេងបែបដូចនោះទេ ឬក៏ហាមមិនឲ្យពួកគេធ្វើអ្វីមួយពីឈើ ឬក៏ថ្មចេញពីរូបអ្វីមួយ ដើម្បីលម្អក្នុងផ្ទះរបស់ពួកគេឲ្យស្អាតនោះដែរ។ តាមពិតទៅ ព្រះជាម្ចាស់ផ្ទាល់បានបញ្ជាឲ្យជនជាតិអ៊ីស្រាអែលឆ្លាក់រូបលម្អទាំងនោះ «រួចត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនិងផ្កាភ្ជាប់ជាមួយគ្នា ត្រូវមានមែក៦បែកចេញមកពីគល់ គឺមែក៣ម្ខាងៗ នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ហើយនិងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ព្រមទាំងកន្សោមគ្រាប់ ហើយនិងផ្កា ដូចគ្នាទាំងអស់ដែរ ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់ព្រមទាំងកន្សោមគ្រាប់ ហើយនិងផ្កាផង» (និក្ខមនំ ២៥:៣១-៣៤)! ដូច្នេះ យើងត្រូវតែទទួលស្គាល់ថា បញ្ញត្តិបញ្ជានេះគឺមិនទាក់ទងនឹងការហាមមិនឲ្យមានរូបឆ្លាក់ និងរបស់លេងនោះទេ។ ប៉ុន្តែ នៅពេលដែលមើលទៅលើបរិបទនៃខគម្ពីរនេះ នោះយើងនឹងឃើញថា ការហាមនេះគឺទាក់ទងទៅនឹងការប្រើប្រាស់រួបឆ្លាក់យ៉ាងចំៗផ្សេងទេតើ ពោលគឺការប្រើប្រាស់រូបឆ្លាក់សម្រាប់ជាព្រះ ដើម្បីថ្វាយបង្គំ៖
«កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ» (និក្ខមនំ ២០:៤-៥ក) ។
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី សាសន៍អ៊ីស្រាអែលនៅមានសេរីភាពក្នុងការឆ្លាក់រូបគោ សត្វស្លាប ឬក៏អ្វីណាមួយផ្សេងទៀតដែលពួកគាត់ចង់ធ្វើ តែកុំឲ្យតែពួកគាត់យករូបទាំងនោះទៅថ្វាយបង្គំដូចជាព្រះបានហើយ។ ប្រសិនបើពួកគាត់ធ្វើរូបណាមួយឡើង តែមិនមែនសម្រាប់ថ្វាយបង្គំ នោះក៏មិនមែនជាបញ្ហាអ្វីដែរ។ គ្រីស្ទបរិស័ទក៏មានសេរីភាពក្នុងការមានរូបគំនូរ ឬក៏រូបចម្លាក់ក្នុងផ្ទះ ឬក៏ក្នុងក្រុមជំនុំរបស់ពួកគាត់បាន កុំឲ្យតែពួកគាត់យកវាធ្វើជាលក្ខណៈបែបជាព្រះសម្រាប់ទុកថ្វាយបង្គំបានហើយ។
លើសពីនេះទៅទៀត ចំពោះអស់អ្នកដែលភ័ន្តច្រឡំដោយគិតថា ក្រុមជំនុំមិនគួរមានឈើឆ្កាងលើជញ្ជាំងព្រះវិហារ ឬក៏កន្លែងថ្វាយបង្គំ ពួកគេក៏មានការយល់ច្រឡំផងដែរត្រង់ថា ពួកគេបានយកក្រឹត្យវិន័យរបស់លោក ម៉ូសេ មកដាក់លើក្រុមជំនុំសញ្ញាថ្មីបែបយ៉ាងខុសឆ្គង។ ពីព្រោះទោះបើក្រឹត្យវិន័យរបស់លោក ម៉ូសេ បានហាមមិនឲ្យមានរួបឆ្លាក់ ឬក៏រូបចម្លងណាមួយក៏ដោយ ក៏យើងដែលជាគ្រីស្ទបរិស័ទមិនស្ថិតក្រោមក្រឹត្យវិន័យទៀតឡើយ ដ្បិតយើងមិននៅក្រោមក្រឹត្យវិន័យរបស់លោក ម៉ូសេ ទៀតទេ ប៉ុន្តែផ្ទុយទៅវិញយើងមានសេរីភាពក្នុងព្រះគ្រីស្ទ ដូចដែលសាវ័ក ប៉ុល បានសរសេរនៅក្នុងកណ្ឌគម្ពីរកាឡាទីដូចតទៅ៖
«បានជាក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងជំនឿតែលុះកាលជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ» (កាឡាទី ៣:២៣-២៥)។
«អ្នករាល់គ្នាណាដែលពឹងដល់ក្រឹត្យវិន័យ ឲ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ អ្នកបានធ្លាក់ចេញពីព្រះគុណហើយ» (កាឡាទី ៥:៤)។
«បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតទេ» (កាឡាទី ៥:១៨)។
នេះមិនមែនមានន័យថា គ្រីស្ទបរិស័ទមានសេរីភាពក្នុងការឆ្លាក់រូបព្រះ ហើយថ្វាយបង្គំពួកវានោះឡើយ។ យើងមិនត្រូវធ្វើដូច្នោះទេ! សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ៥:២១។ ប៉ុន្តែ ខគម្ពីរនោះមានន័យថា យើងត្រូវតែមានការប្រុងប្រយ័ត្នក្នុងការលើកខគម្ពីរណាមួយក្នុងក្រឹត្យវិន័យលោក ម៉ូសេ យកមកឲ្យក្រុមជំនុំអនុវត្ត ពីព្រោះក្រុមជំនុំមិនស្ថិតក្រោមក្រឹត្យវិន័យទៀតឡើយ។
ពេលខ្លះ ការដាក់ឈើឆ្កាងនៅលើជញ្ជាំង ឬក៏នៅមុខព្រះវិហារអាចទំនងល្បួងឲ្យបុគ្គលណាម្នាក់ចង់ថ្វាយបង្គំវាដូចជារូបព្រះ ក្នុងករណីដូចនេះ វាជាការល្អបើយើងដកវាចេញ។ ប៉ុន្តែ កុំច្រឡំដោយគិតថា វាជារូបព្រះ ឬក៏ជាចំណុចសំខាន់មួយនៃផ្នែកថ្វាយបង្គំព្រះតាមរយៈឈើឆ្កាងនោះឡើយ។ ក្នុងសង្គមគ្រីស្ទបរិស័ទយើង ជាធម្មតា ឈើឆ្កាងគឺជាសញ្ញាតំណាងមួយសម្រាប់រម្លឹកយើងអំពីអ្វីដែលព្រះយេស៊ូវបានសម្រេចនៅលើឈើឆ្កាង និងជាក្ដីសង្គ្រោះដែលព្រះអង្គនាំមកតាមរយៈជំនឿ។ សញ្ញាឈើឆ្កាងក៏ជាអ្វីមួយដែលញែកយើងចេញពីសាសនាផ្សេងៗទៀតនៅលើលោកីយ៍នេះ ហើយក៏ជាសញ្ញាដែលយើងអាចមើលឃើញទាក់ទងនឹងជំនឿរបស់យើងក្នុងព្រះគ្រីស្ទដែរ។ ប៉ុន្តែ ព្រះគម្ពីរក៏មិនដែលបានបញ្ជាឲ្យក្រុមជំនុំមាន ឬក៏មិនមានឈើឆ្កាងដូចនោះផងដែរ។
ដូច្នេះសរុបសេចក្ដីទៅ ក្រុមជំនុំមានសេរីភាពក្នុងការដាក់ឈើឆ្កាង ឬក៏មិនដាក់ឈើឆ្កាងក្នុងក្រុមជំនុំក៏បានដែរ។
មតិយោបល់
Loading…