in ,

លុយ​ៗៗៗ

ពីមុន​ខ្ញុំ​បាន​សរសេរ​បន្តិច​ទាក់​ទង​នឹង​ប្រធាន​បទ​លុយ​កាក់ ដោយ​ព្យាយាម​លើក​ឡើង​នូវ​៤​ចំណុច​ដែល​យើង​ជា​គ្រីស្ទ​បរិស័ទ​តែង​តែ​គិត​អំពី​លុយ​កាត់ និង​ទ្រព្យ​សម្បត្តិ​ក្នុង​របៀប​លោកីយ៍។ ឥឡូវ​នេះ ខ្ញុំ​ចង់​បន្ត​លើ​ប្រធាន​បទ​នោះ​ដោយ​លើក​ឡើង​ថា តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ដូច​ម្ដេច​ទាក់​ទង​នឹង​ការ​ឲ្យ និង​ការ​ថ្វាយ​តង្វាយ។ ព្រះ​ជាម្ចាស់​ប្រទាន​លុយ​កាក់​ដល់​យើង ហើយ​ក៏​បាន​ប្រាប់​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន ដោយ​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​យ៉ាង​ស្មោះ​ត្រង់​ផង​ដែរ។ តើ​ចំណុច​មួយ​នៃ​ការ​ត្រួត​ត្រា​របស់​យើង​ទាក់​ទង​ទៅ​នឹង​ការ​ឲ្យ​អាច​ថា យ៉ាង​ហោច​ណាស់​យើង​គួរ​តែ​ឲ្យ​លុយ​នោះ​ខ្លះ​ទៅ​អ្នក​ដទៃ​មែន​ឬ? សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឆ្លើយ​នូវ​សំណួរ​នេះ​ដោយ​សួរ​នូវ​សំណួរ​បួន​យ៉ាង​ទៀត​សិន៖ ១) តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ? ២) តើ​ឲ្យ​ខ្ញុំ​ឲ្យ​ដោយ​របៀប​ណា? ៣) តើ​ខ្ញុំ​គួរ​ឲ្យ​ទៅ​នរណា ឬ​ក៏​កន្លែង​ណា​ ៤) តើ​ខ្ញុំ​គួរ​ឲ្យ​ប៉ុន្មាន?

ចូរ​យើង​ទទួល​ស្គាល់​ថា នេះ​គឺ​ជា​ប្រធាន​បទ​ដ៏​ពិបាក ហើយ​ក៏​នាំ​ឲ្យ​មាន​ការ​វែក​ញែក និង​ការ​មិន​ឯក​ភាព​គ្នា​ជា​ច្រើន​ផង​ដែរ។ ខ្ញុំ​មាន​ផែន​ការ​ដោយ​ចែក​ចាយ​អំពី​របៀប​ដែល​ខ្ញុំ​រក​ដំណោះ​ស្រាយ​សម្រាប់​ខ្លួន​ឯង។

តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​មែន​ឬ?

លុយ​កាក់​គឺ​ជា​អំណោយ​ទាន​ដ៏​ល្អ​ពី​ព្រះ​ជាម្ចាស់។ ទោះ​បើ​ថា​មនុស្ស​យើង​អាច​យក​វា​ទៅ​ប្រើ​ប្រាស់​សម្រាប់​ជា​ប្រយោជន៍​អំពើ​អាក្រក់ ឬ​ក៏​ថា​វា​ជា​ចំណុច​គំរាម​កំហែង​ដល់​យើង​ក្នុង​ការ​ក្លាយ​ជា​ព្រះ​សម្រាប់​យើង​ក៏​ដោយ ក៏​លុយ​នៅ​តែ​ល្អ​ដដែល។ លុយ​កាក់​គឺ​មិន​មែន​ជា​ឫស​គល់​នៃ​រាល់​អំពើ​អាក្រក់​ទេ ផ្ទុយ​ទៅ​វិញ​ការ​ស្រឡាញ់​លុយ​កាក់​គឺ​ជា​ឫស​គល់​គ្រប់​បែប​យ៉ាង​នៃ​អំពើ​អាក្រក់។ នេះ​មាន​ន័យ​ថា វា​មិន​ជា​ការ​ខុស​ក្នុង​ការ​រក​លុយ​នោះ​ទេ។ ការ​យក​ប្រាក់​ខែ​មក​ផ្ទះ គឺ​មិន​មែន​ជា​ការ​ខុស​នោះ​ទេ។ ហើយ​តាម​ពិត​ទៅ ចំណុច​ផ្ទុយ​គឺ​ពិត​ទេ​តើ។ ព្រះ​អម្ចាស់​រំពឹង​ថា យើង​នឹង​ធ្វើការ​ដោយ​នឿយ​ហត់ ទទួល​ប្រាក់​ខែ​គួរ​សម ហើយ​ប្រើ​ប្រាស់​លុយ​កាក់​របស់​យើង​ដោយ​មាន​ទំនួល​ខុស​ត្រូវ។

ដោយ​បាន​លើក​ឡើង​អំពី​ចំណុច​នេះ ហើយ​ដោយ​សន្មត​ថា លោក​អ្នក​នឹង​រក​លុយ តើ​ឥឡូវ​នេះ​ព្រះ​ជាម្ចាស់​តម្រូវ​ថា​លោក​អ្នក​គួរ​ត្រូវ​ឲ្យ​លុយ​នោះ (យ៉ាង​ហោច​ណាស់​ខ្លះ) ទៅ​អ្នក​ដទៃ​មែន​ឬ? តាម​ការ​យល់​ដឹង​របស់​ខ្ញុំ ប្រាកដ​ណាស់​ព្រះអង្គ​តម្រូវ។ ខ្ញុំ​បាន​ឈាន​ដល់​សេចក្ដី​សន្និដ្ឋាន​បែប​នេះ​ដោយ​មាន​របៀប​ខុសៗ​គ្នា​មួយ​ចំនួន។

ទី១ យើង​ឃើញ​ពី​គំរូ​មួយ​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ពិត​ណាស់! យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដក​អត្ថន័យ​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដោយ​សារ​ឥឡូវ​នេះ​យើង​រស់​នៅ​ក្រោយ​សម័យ​កាល​ព្រះ​គ្រីស្ទ​ជា​ជាង​សម័យ​កាល​មុន​ព្រះ​អង្គ។ ប៉ុន្តែ ដោយ​សារ​យើង​បាន​លើក​ឡើង​អំពី​ចំណុច​នេះ​រួច​ស្រេច​ទៅ​ហើយ ក៏​យើង​នៅ​ដឹង​ផង​ដែរ​ថា ព្រះ​គម្ពីរ​សញ្ញា​ចាស់​នៅ​មាន​គោល​ការណ៍​ជា​ច្រើន​ដែល​ជា​ការ​ណែ​នាំ​ដល់​យើង។ តាំង​ពី​ដំបូង​មក​ម៉្លេះ ព្រះ​ជាម្ចាស់​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ដ៏​ច្បាស់​លាស់​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់ គឺ​ថា​ព្រះ​អង្គ​តម្រូវ​ឲ្យ​ពួក​គេ​ថ្វាយ​ត្រឡប់​ទៅ​ទ្រង់​វិញ។ ព្រះ​អង្គ​ទាម​ទារ​ឲ្យ​ពួក​គេ​ថ្វាយ​ផល​ផ្លែ​ដំបូង​នៃ​ការងារ​របស់​ពួក​គេ ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចង់​បាន​ផល​ផ្លែ​ដំបូង និង​ផល​ផ្លែ​ដ៏​ល្អ​បំផុត។ ផល​ផ្លែ​ដំបូង​ទាំង​អស់​នោះ​គឺ​ជា​តំណាង​នៃ​ការ​ទាម​ទារ​របស់​ព្រះ​ជាម្ចាស់​លើ​ផល​ផ្លែ​ទាំង​អស់​ផ្សេង​ទៀត។ តាម​រយៈ​ការ​ថ្វាយ​ផល​ផ្លែ​ដំបូង និង​ផល​ផ្លែ​ដ៏​ល្អ​បំផុត នោះ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​កំពុង​តែ​ទទួល​ស្គាល់​ថា រាល់​អ្វីៗ​ទាំង​អស់​គឺ​សុទ្ធ​តែ​ជា​របស់​ទ្រង់​ទេ​តើ។ ប្រសិន​បើ​ពួក​គាត់​ថ្វាយ​ផង​ផ្លែ​ចុង​ក្រោយ និង​ផល​ផ្លែ​ដ៏​អាក្រក់​បំផុត នោះ​វា​ជា​ការ​សម្គាល់​ថា​តាម​ពិត​ទៅ​រាល់​គ្រប់​អ្វីៗ​គឺ​សុទ្ធ​តែ​របស់​ពួក​គាត់​ទេ​តើ។ ព្រះ​ជាម្ចាស់​ទាម​ទារ​នូវ​អ្វី​ដែល​ល្អ​បំផុត ហើយ​នោះ​ឯង​គឺ​ជា​អ្វី​ដែល​រាស្ត្រ​របស់​ទ្រង់​បាន​ថ្វាយ​ទៅ​ព្រះ​អង្គ​ក្នុង​អាកប្ប​កិរិយា​ដែល​មាន​ពេញ​ទៅ​ដោយ​អំណរ។

ព្រះ​ជាម្ចាស់​ក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ថ្វាយ​តង្វាយ​ផង​ដែរ។ កណ្ឌ​គម្ពីរ លេវីវិន័យ ២៧ គឺ​ជា​កន្លែង​ដំបូង​ដែល​ព្រះ​អង្គ​បាន​ប្រកាស​អំពី​ក្រឹត្យ​វិន័យ​មួយ​នេះ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា «តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​គឺ​ភោគ​ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្ដី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ​អម្ចាស់»។ នេះ​មាន​ន័យ​ថា «មួយ​ភាគ​ដប់» ឬ​ក៏ «ដប់​ភាគ​រយ» នៃ​ផល​ផ្លែ​គឺ​ត្រូវ​ថ្វាយ​ទៅ​កាន់​ព្រះ​អម្ចាស់។ នៅ​សម័យ​កាល​នោះ មនុស្ស​ម្នា​មិន​ចាយ​លុយ​កាក់​នោះ​ទេ ប៉ុន្តែ​គេ​ចាយ​ផល​ផ្លែ និង​របស់​របរ ហើយ​នោះ​ឯង​គឺ​ជា​អ្វី​ដែល​ព្រះ​អម្ចាស់​តម្រូវ​ឲ្យ​ពួក​គាត់​ថ្វាយ។ មិន​ថា​ពួក​គាត់​មាន​ការ​ងារ​អ្វី​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​តម្រូវ​ឲ្យ​ពួក​គាត់​យក​តង្វាយ​មួយ​ភាគ​ដប់​មក​កាន់​ទ្រង់​ផង​ដែរ—តង្វាយ​មួយ​ភាគ​ដប់​ដំបូង និង​ល្អ​ជាង​គេ​បំផុត។ ព្រះ​ជាម្ចាស់​មិន​ទទួល​យក​នូវ​អ្វី​ដែល​សេស​សល់​នោះ​ទេ ប៉ុន្តែ​ទទួល​នូវ​អ្វី​ដែល​ល្អ​ជាង​គេ​បំផុត។

ជា​ព័ត៌មាន​បន្ថែម វា​ជា​ចំណុច​សម្គាល់​សំខាន់​ដែល​ថា ការ​ថ្វាយ​តង្វាយ​គឺ​តែង​តែ ១០%។ អត្ថន័យ​ពាក្យ​នេះ​គឺ​មិន​សម្គាល់​ទៅ​លើ​ការ​ឲ្យ ឬ​ក៏​ការ​បរិច្ចាគ​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ពាក្យ​ដែល​ពណ៌នា​យ៉ាង​ចំៗ​អំពី​ចំនួន​នៃ ១០%។

ចំណុច​នោះ​ផ្ដល់​ដល់​យើង​នូវ​ព័ត៌មាន​ខ្លះៗ​អំពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ហើយ​ប្រាកដ​ណាស់​យើង​ក៏​ត្រូវ​តែ​បែរ​ទៅ​មើល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៦ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ដូច​នេះ៖ «ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ…»។ល។ វា​ជា​ចំណុច​ដ៏​សំខាន់​ណាស់​ដែល​យើង​សម្គាល់​ត្រង់​ថា ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា​ប្រសិន​បើ​លោក​អ្នក​ធ្វើទាន ប៉ុន្តែ​ពេលណា​លោក​អ្នក​ធ្វើ​ទាន។ ព្រះ​យេស៊ូវ​បាន​សន្មត​ថា យើង​នឹង​ធ្វើ​ទាន។ តាម​ពិត​ទៅ គ្មាន​ខ​គម្ពីរ​ណា​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​បង្គាប់​ឲ្យ​យើង​មិន​ថ្វាយ​ទៅ​កាន់​ព័ន្ធកិច្ច​របស់​ព្រះ​អម្ចាស់​ឡើយ។ ក្រោយ​ពី​ព្រះ​យេស៊ូវ​បាន​សុគត​ទៅ នៅ​គ្រា​ដំបូង​នៃ​ក្រុម​ជំនុំ​ដើម យើង​ឃើញ​ថា​រាស្ត្រ​របស់​ព្រះ​អង្គ​បាន​ធ្វើ​ទាន​យ៉ាង​សប្បុរស។ កណ្ឌ​គម្ពីរ កិច្ចការ ២ បាន​លើក​ឡើង​អំពី​ខ​គម្ពីរ​ដ៏​អស្ចារ្យ​មួយ​នេះ៖ «គេ​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ» (គកស)។ ជា​ថ្មី​ម្ដង​ទៀត ជំពូក៤ក៏​បាន​លើក​ឡើង​អំពី​ការ​ធ្វើ​ទាន និង​សេចក្ដី​សប្បុរស ហើយ​បាន​លើក​ឡើង​ថា មិន​មាន​បុគ្គល​ណា​ម្នាក់​ដែល​មាន​តម្រូវ​ការ​សោះ គ្រប់​គ្នា​បាន​ឲ្យ ហើយ​អស់​អ្នក​ដែល​មាន​តម្រូវ​ការ​ក៏​បាន​ទទួល។ ការ​ធ្វើ​ទាន​ក៏​ជា​ប្រធាន​បទ​មួយ​ក្នុង​សំបុត្រ​នានា​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ—ឲ្យ​ព្រោះ​ព្រះ​អម្ចាស់​បាន​ប្រទាន​មក​យើង ហើយ​ឲ្យ​ដូច​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​យើង​ដែរ។

រឿង​អស់​នេះ គឺ​ដើម្បី​លើក​ឡើង​ថា ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បង្រៀន ហើយ​ក៏​បង្ហាញ​ជា​គំរូ​ទាក់​ទង​នឹង​ប្រធាន​បទ​នៃ​ការ​ធ្វើ​ទាន​ផង​ដែរ។ នៅ​មាន​ខ​គម្ពីរ​ជា​ច្រើន​ទៀត​ដែល​យើង​អាច​មើល​បាន​លើស​ពី​ខ​គម្ពីរ​ដ៏​តិច​តួច​ទាំង​ប៉ុន្មាន​នេះ។ យើង​ត្រូវ​ធ្វើ​ការ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ឲ្យ​ប្រាក់​ចំណេញ​មួយ​ផ្នែក​នៃ​លុយ​កាក់​របស់​យើង​ផង​ដែរ។

ចំណុច​នេះ​នាំ​យើង​មក​កាន់​សំណួរ​ទី២៖

តើ​ឲ្យ​ខ្ញុំ​ឲ្យ​ដោយ​របៀប​ណា?

អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​នៅ​ត្រង់​នេះ​គឺ​ថា តើ​ខ្ញុំ​គួរ​មាន​ឥរិយាបថ​យ៉ាង​ដូច​ម្ដេច? តើ​ខ្ញុំ​គួរ​មាន​ចិត្ត​យ៉ាង​ម៉េច​ខណៈ​ពេល​ដែល​ខ្ញុំ​ឲ្យ? យើង​អាច​ឆ្លើយ​ដោយ​មាន​របៀប​ពីរ​បី​យ៉ាង។

ទី១ យើង​ត្រូវ​ឲ្យ​ក្នុង​លក្ខណៈ​ជា​ការ​ថ្វាយ​បង្គំ។ ព្រះ​យេស៊ូវ​បាន​ព្រមាន​យ៉ាង​ច្បាស់​លាស់​នឹង​ការ​ឲ្យ​ដោយ​មាន​ចិត្ត​ជំរុញ​មិន​ត្រឹម​ត្រូវ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី ហើយ​ព្រមាន​ពួក​គាត់​ដោយ​ជំទាស់​ក្នុង​ការ​ធ្វើ​ទាន​បែប​ជា​សាធារណៈ ហើយ​ធ្វើ​ដោយ​មាន​ការ​ចេញ​មុខ និង​ការ​ផ្លុំ​ត្រែ​ឲ្យ​អ្នក​ដទៃ​ឃើញ។ មើល​ទៅ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គាត់​ចូល​ចិត្ត​ធ្វើ​ទាន​ដោយ​បង្ហាញ​យ៉ាង​ពេញ​មុខ ដូច​តែ​ពួក​គាត់​បាន​ធ្វើ​ទាក់​ទង​ទៅ​នឹង​ការ​តម​អាហារ និង​ចំណុច​នៃ​ការ​ថ្វាយ​បង្គំ​នានា​ទៀត។ ការ​ធ្វើ​បែប​នោះ​ក្បត់​នូវ​មូលហេតុ​ពិត​ដែល​ពួក​គាត់​ធ្វើ​ទាន—ពួក​គាត់​ចង់​ឲ្យ​មនុស្ស​ឃើញ ហើយ​កោត​សរសើរ​ខ្លួន។ ការ​ធ្វើ​ទាន​របស់​ពួក​គាត់​គឺ​តាម​ពិត​ទៅ​សម្រាប់​ខ្លួន​ឯង មូល​ហេតុ​ដ៏​អាត្មា​និយម ហើយ​មិន​មែន​សម្រាប់​ព្រះ​ជាម្ចាស់​ទេ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា យើង​ត្រូវ​ធ្វើ​ទាន ដើម្បី​ថ្វាយ​សិរីល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ដើម្បី​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ហើយ​ជា​ចុង​ក្រោយ​គឺ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​អង្គ។ ការ​ធ្វើ​បែប​នេះ​ដក​ភ្នែក​យើង​ចេញ​ពី​ការ​សម្លឹង​មើល​ខ្លួន​ឯង ហើយ​រម្លឹក​យើង​អំពី​អត្ថន័យ​ដើម​នៃ​ការ​ថ្វាយ​ប្រាក់​តង្វាយ និង​ការ​ឲ្យ​ផង​ផ្លែ​ដំបូង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់—រាល់​គ្រប់​អ្វីៗ​គឺ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជាម្ចាស់ ហើយ​រាល់​គ្រប់​អ្វី​ដែល​យើង​មាន​គឺ​ជា​សញ្ញា​សម្គាល់​អំពី​សេចក្ដី​សប្បុរស​របស់​ព្រះ​អង្គ​មក​កាន់​យើង។ យើង​ធ្វើ​ទាន ដើម្បី​ជា​ការ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់។

ទី២ ទោះ​បើ​ថា​ព្រះ​គម្ពីរ​បាន​បង្គាប់​ឲ្យ​យើង​ថ្វាយ យើង​ត្រូវ​តែ​ថ្វាយ​ដោយ​មាន​សេរីភាព និង​ការ​ស្ម័គ្រ​ចិត្ត​មិន​មែន​ថ្វាយ​បែប​ជា​តួនាទី​ទេ។ សាវ័ក ប៉ុល បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៩ ទាក់​ទង​នឹង​ប្រធាន​បទ​នៃ​ការ​ថ្វាយ​ដោយ​លើក​ឡើង​ថា៖ «ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីករាយ» (ខ៧ គកស)។ ដូច្នេះ ទោះ​បើ​ព្រះ​គម្ពីរ​បាន​បង្គាប់​ឲ្យ​យើង​ថ្វាយ​ក៏​ដោយ («ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់») ក៏​យើង​នៅ​អាច​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ចិត្ត​ផង​ដែរ។ បើ​និយាយ​ម្យ៉ាង​ទៀត​ទៅ ការ​ថ្វាយ​ដោយ​មាន​ចិត្ត​ស្ទាក់​ស្ទើរ នោះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​បាន​នោះ​ទេ។ ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ថ្វាយ​ដោយ​មាន​ចិត្ត​អាត្មា​និយម ឬ​ក៏​ខឹង​នៅ​ឡើយ ឬ​ក៏​សូម្បី​តែ​មាន​ចិត្ត​ចង់​លើក​ឡើង​ដោយ​ថា «បានៗ ដោយ​សារ​ទ្រង់​តម្រូវ នោះ​ទូល​បង្គំ​នឹង​ថ្វាយ» ដែរ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ថ្វាយ​ដោយ​មាន​សេរីភាព។ ហើយ​ជា​ថ្មី​ម្ដង​ទៀត យើង​អាច​ធ្វើ​ការ​នេះ​បាន​នៅ​ពេល​ដែល​យើង​យល់​ថា រាល់​គ្រប់​អ្វីៗ​គឺ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។ ប្រសិន​បើ​រាល់​គ្រប់​អ្វីៗ​ជា​កម្មសិទ្ធិ​របស់​ទ្រង់ ហើយ​ប្រសិន​បើ​ទ្រង់​ជា​ម្ចាស់ ហើយ​យើង​គ្រាន់​តែ​ជា​អ្នក​ត្រួត​ត្រា នោះ​យើង​គួរ​មាន​ចិត្ត​ថ្លែង​អំណរ​គុណ​ដ៏​អស្ចារ្យ​ទៅ​កាន់​ព្រះ​អង្គ​ត្រង់​ថា យើង​អាច​ទុក​ខ្លះ​សម្រាប់​ខ្លួន​ឯង​បាន! ព្រះ​អង្គ​អាច​ទាម​ទារ​នូវ​រាល់​លុយ​កាក់​ទាំង​ប៉ុន្មាន​ដែល​យើង​រក​បាន​យ៉ាង​ងាយ​ស្រួល ដ្បិត​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​ទ្រង់។

ដូច្នេះ ការ​ថ្វាយ​របស់​យើង​គឺ​ជា​ការ​ថ្វាយ​ដោយ​មាន​សេរីភាព។ ទោះ​បើ​ថា ព្រះ​គម្ពីរ​បាន​បង្គាប់​ឲ្យ​យើង​ថ្វាយ​ក៏​ដោយ ក៏​យើង​នៅ​អាច​ថ្វាយ​ដោយ​មាន​សេរីភាព មិន​មែន​ស្ថិត​ក្រោម​ការ​បង្ខិត​បង្ខំ​ឡើយ។ យើង​ត្រូវ​ថ្វាយ ដោយ​មាន​ចិត្ត​អរ​សប្បាយ។ ខ​គម្ពីរ​នោះ​ត្រូវ​បាន​បញ្ចប់​ដោយ​លើក​ឡើង​ថា «ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីករាយ»។ ក្នុង​រដូវ​កាល​បុណ្យ​ទាន​ក្នុង​ក្រុម​ជំនុំ​ដូច​ជា​បុណ្យ​ណូអែល បុណ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​គឺ​ជា​ឱកាស​ដែល​យើង​អាច​គិត​អំពី​ការ​ថ្វាយ។ តើ​លោក​អ្នក​បង​ប្អូន​ចង់​ឲ្យ​មិត្ត​ភក្តិ​ណា​ម្នាក់​របស់​ខ្លួន​យក​កាដូ​នៃ​បុណ្យ​ណូអែល​មក​ជូន​លោក​អ្នក​ហើយ​លើក​ឡើង​ថា «គ្នា​មាន​អារម្មណ៍​ថា​ត្រូវ​តែ​ទិញ​អ្វី​មួយ​ឲ្យ​ឯង អញ្ចឹង​នេះ​កាដូ» ដែរ​ឬ​ទេ? ទេ! ប្រសិន​បើ​មាន​នរណា​ម្នាក់​ឲ្យ​កាដូ​មក​លោក​អ្នក នោះ​លោក​អ្នក​ចង់​ឲ្យ​កាដូ​នោះ​ឆ្លុះ​បញ្ចាំង​ពី​ដួង​ចិត្ត​ដែល​ស្ម័គ្រ​ចិត្ត និង​ការ​ឲ្យ​ហើយ​មាន​អំណរ។ ហើយ​នោះ​ឯង​គឺ​ជា​របៀប​ដែល​ព្រះ​អម្ចាស់​រំពឹង​ថា​យើង​នឹង​ថ្វាយ​ទៅ​កាន់​ទ្រង់។

នោះ​គឺ​ជា​ចម្លើយ​លើ​សំណួរ​ទី​ពីរ​របស់​យើង៖ តើ​យើង​ឲ្យ​ដោយ​របៀប​ណា? យើង​ត្រូវ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ពេញ​ដោយ​អំណរ ហើយ​ជា​ទង្វើ​នៃ​ការ​ថ្វាយ​បង្គំ។ ពេល​ក្រោយ យើង​នឹង​មើល​ចម្លើយ​លើ​សំណួរ​ពីរ​ទៀត៖ តើ​ខ្ញុំ​គួរ​ឲ្យ​ទៅ​នរណា ឬ​ក៏​កន្លែង​ណា? ហើយ​តើ​ខ្ញុំ​គួរ​ឲ្យ​ប៉ុន្មាន?

និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, និងលោក​ស្រី ថាវ ប៊ុនរី
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ

ដោយសារ​សេចក្តី​ជំនឿ