មិត្តអ្នកអានម្នាក់ឈ្មោះសកលបានផ្ញើសារមកសួរថា «តើមនុស្សមានឆន្ទៈសេរីដែរឬទេ?»
យើងខ្ញុំចង់សម្រួលសំណួរនេះឲ្យចំៗបន្តិច ដើម្បីកុំឲ្យវាទូលំទូលាយពេក ប៉ុន្តែយើងខ្ញុំគិតថាវាក៏នឹងឆ្លើយទៅលើចំណុចស្នូលនៃសំណួរនេះដែរ៖ «តើយើងមានឆន្ទៈសេរីក្នុងការជ្រើសរើសយកព្រះគ្រីស្ទធ្វើជាព្រះអម្ចាស់ ព្រះសង្គ្រោះ និងទ្រព្យសម្បត្តិរបស់យើងដែរឬទេ?»។ យើងខ្ញុំគិតថា នេះគឺជាចំណុចស្នូលនៃការជជែកវែកញែកគ្នា។ ហើយបន្ទាប់មក យើងក៏អាចនិយាយឲ្យទូលំទូលាយជាងនោះទៀតបានដែរ៖ «តើយើងមានឆន្ទៈសេរីក្នុងការញ៉ាំផ្លែចេកដែរឬទេ?» ប៉ុន្តែ យើងខ្ញុំនឹងគ្រាន់តែឆ្លើយលើសំណួរដែលថា៖ «តើយើងមានឆន្ទៈសេរីក្នុងការជ្រើសរើសយកព្រះគ្រីស្ទធ្វើជាព្រះអម្ចាស់ ព្រះសង្គ្រោះ និងទ្រព្យសម្បត្តិរបស់យើងដែរឬទេ?» ប៉ុណ្ណោះ។ ហើយពិតណាស់! គឺវាអាស្រ័យទៅលើអត្ថន័យដែលយើងផ្ដល់លើពាក្យ «ឆន្ទៈសេរី»។
ការប្ដេជ្ញាចិត្តដោយខ្លួនឯងចុងក្រោយ
តោះ! ចូរយើងចាប់ផ្ដើមដោយផ្ដល់នូវអត្ថន័យមួយដែលអស់អ្នកវែកញែកទាំងអស់គ្នានឹងឯកភាពជាមួយសិន។ ឧទាហរណ៍៖ យើងខ្ញុំដឹងថា ក្នុងការជជែកវែកញែករបស់យើងខ្ញុំជាមួយនឹងលោកគ្រូ ហ្គ្រេគ ប៊យ (Greg Boyd) គាត់តែងតែប្រើអត្ថន័យនេះអំពីអ្វីដែលគាត់កំពុងតែការពារ៖ «លោកអ្នកមានឆន្ទៈសេរីនៅពេលដែលលោកអ្នកមានការប្ដេជ្ញាចិត្តដោយខ្លួនឯងចុងក្រោយ»។
យោងតាមអត្ថន័យមួយនេះ លោកអ្នកមានឆន្ទៈសេរីក្នុងការជ្រើសរើសយកព្រះគ្រីស្ទ ប្រសិនបើបុព្វហេតុចុងក្រោយនៃការជ្រើសរើសរបស់លោកអ្នកគឺជាការប្ដេជ្ញាចិត្តដោយខ្លួនឯងចុងក្រោយ។ ដូច្នេះ ចំណុចគឺលើពាក្យ «ចុងក្រោយ»។ ទំនងជាមានចំណុចជំរុញជាច្រើនក្នុងការប្ដេជ្ញាចិត្តរបស់លោកអ្នកក្នុងការជ្រើសរើសយកព្រះគ្រីស្ទ។ ប៉ុន្តែ មានតែចំណុចជំរុញមួយប៉ុណ្ណោះដែលជាចំណុចចុងក្រោយ ឬក៏ចំណុចនៃទីបញ្ចប់។ យោងតាមអត្ថន័យមួយនេះ ឆន្ទៈសេរីតម្រូវឲ្យលោកអ្នកក្លាយជាអ្នកសម្រេចចុងក្រោយ មិនមានអ្វីផ្សេងទៀតឡើយ ដែលនេះមានរួមទាំងព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនជាចំណុចជំរុញចុងក្រោយ ឬក៏ជាចំណុចនៃទីបញ្ចប់ក្នុងការជ្រើសរើសទេ។ តែលោកអ្នកទេតើ។
យើងអាចលើកឡើងម្យ៉ាងទៀតថា៖ លោកអ្នកមានឆន្ទៈសេរីនៅពេលដែលឆន្ទៈរបស់លោកអ្នកគឺជាបុព្វហេតុនៃការសម្រេចទាក់ទងនឹងការជ្រើសរើសយកព្រះគ្រីស្ទ។ ហើយពាក្យ «សម្រេច» ក៏មានតួនាទីដូចគ្នាជាមួយនឹងពាក្យ «ចុងក្រោយ» ផងដែរ។ ទំនងជាមានបុព្វហេតុជាច្រើនដែលជះឥទ្ធិពលលើការជ្រើសរើសរបស់លោកអ្នកក្នុងការយកព្រះគ្រីស្ទ។ ប៉ុន្តែ ដើម្បីឲ្យលោកអ្នកមានសេរីភាព យោងតាមអត្ថន័យមួយនេះ បុព្វហេតុនៃការសម្រេចចិត្ត—ចំណុចចុងក្រោយដែលនាំឲ្យលោកអ្នកសម្រេចយកជម្រើសរបស់លោកអ្នក—ដាច់ខាតគឺត្រូវតែជាឆន្ទៈរបស់លោកអ្នក មិនមែនឆន្ទៈរបស់បុគ្គលណាម្នាក់ផ្សេងទៀត ដែលនេះក៏មានរួមទាំងព្រះជាម្ចាស់ផងដែរ។
ដូច្នេះ នោះគឺជាចំណុចនៃការវែកញែក។ នៅពេលដែលលោកអ្នកទៅដល់ស្ថានសួគ៌ ហើយប្រសិនបើព្រះជាម្ចាស់សួរលោកអ្នកថា «តើអ្វីទៅជាមូលហេតុចុងក្រោយនៃការសម្រេចរបស់ឯងក្នុងការទទួលជឿលើព្រះរាជបុត្រារបស់អញ?»។ តើលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច? តើលោកអ្នកនឹងលើកឡើងថា «ព្រះគុណរបស់ព្រះអង្គគឺជាមូលហេតុចុងក្រោយនៃការសម្រេចចិត្តរបស់ទូលបង្គំក្នុងការជ្រើសរើស»? ឬក៏ថាលោកអ្នកនឹងឆ្លើយតបបែបនេះវិញ៖ «ជម្រើសរបស់ទូលបង្គំគឺជាមូលហេតុចុងក្រោយនៃការសម្រេចចិត្តរបស់ទូលបង្គំ»?
សូមកត់សម្គាល់ច្បាស់ថា សំណួរគឺមិនមែន «តើយើងបានធ្វើការជ្រើសរើស?» នោះទេ។ សំណួរគឺមិនមែន «តើឆន្ទៈរបស់យើងមានសកម្មភាព ហើយក៏ចាំបាច់មាន? នោះទេ។ សំណួរក៏មិនមែន «តើជម្រើសរបស់យើងពិត ឬក៏មិនពិត?» នោះទេ។ ចម្លើយលើសំណួរទាំងអស់នេះគឺ «បាទ/ចាស៎!»។ លោកអ្នកបានធ្វើការជ្រើសរើស។ ឆន្ទៈរបស់លោកអ្នកមានសកម្មភាព ហើយក៏ចាំបាច់ដែរ។ ជម្រើសរបស់លោកអ្នកក៏ពិតដែរ។ ទាំងនោះមិនមែនជាសំណួរក្នុងការវែកញែកនោះទេ។
សំណួរគឺថា នៅពេលដែលឆន្ទៈរបស់លោកអ្នកអាចជ្រើសរើស តើអ្វីទៅជាចំណុចសម្រេចក្នុងការនាំឲ្យឆន្ទៈនោះកើតមានឡើង? តើអ្វីទៅជាឥទ្ធិពល ឬក៏ជាបុព្វហេតុដែលនាំឲ្យមានការសម្រេចចិត្តបែបនោះ? ហើយព្រះគម្ពីរក៏បានឆ្លើយដូចតទៅ៖ ព្រះគុណរបស់ព្រះជាម្ចាស់។ ហើយអ្នកដទៃលើកឡើងថា៖ គឺអំណាចនៃការប្ដេជ្ញាចិត្ដផ្ទាល់របស់លោកអ្នកទេតើ។ ដូច្នេះ អ្វីដែលយើងខ្ញុំកំពុងតែប្រកែកក្នុងការជ្រើសរើសយកព្រះគ្រីស្ទគឺថា យើងមិនមានឆន្ទៈសេរីបែបនេះនោះទេ—ដែលនេះមានន័យថា អំណាចនៃការប្ដេជ្ញាចិត្ដផ្ទាល់។ ខាងក្រោមនេះគឺជាខគម្ពីរបីប្រភេទដែលយើងខ្ញុំចង់លើកទឹកចិត្តឲ្យយើងគិតលើ៖
១. ខ្វាក់ និងពុករលួយ
ទី១ យើងមានភាពពុករលួយយ៉ាងធ្ងន់ធ្ងរខាងឯសីលធម៌ដល់ថ្នាក់ថា យើងមិនមានសមត្ថភាពក្នុងការធ្វើអ្វីដែលល្អបានឡើយ។ យើងមិនអាចទទួលជឿបានទេ។ «ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត នឹងសេចក្ដីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង» (រ៉ូម ៨:៦-៧)។
«គំនិតខាងសាច់ឈាម» ដែលនៅក្រៅពីព្រះយេស៊ូវគ្រីស្ទ មិនអាចចុះចូលចំពោះព្រះជាម្ចាស់បានឡើយ។ យើងស្រឡាញ់ការលើកតម្កើងខ្លួនឯង ហើយក៏មិនអាចចុះចូលបានដែរ។ ឬក៏សូមពិចារណាលើកណ្ឌគម្ពីរ ១កូរិនថូស ២:១៤៖ «ប៉ុន្តែ មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្ដីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្ដីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្ដីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ»—គាត់រកស្គាល់មិនបាន!—ក្នុងការយល់សេចក្ដីទាំងនោះ ពីព្រោះពួកគាត់មិនមានការដឹងខុសត្រូវខាងឯព្រលឹងវិញ្ញាណ។ ដូច្នេះ ខគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីរបានលើកឡើងថា យើងមិនអាចយល់ និងចុះចូលចំពោះព្រះជាម្ចាស់បាន ពីព្រោះយើងមានភាពពុករលួយ។
២. អំណោយទាននៃជំនឿរបស់ព្រះជាម្ចាស់
ទី២ យើងមិនអាចជ្រើសរើសយកព្រះគ្រីស្ទបានទេ។ ជាចុងក្រោយ វាគឺជាអំណោយទានរបស់ព្រះជាម្ចាស់៖ «ក៏មិនគួរឲ្យបាវបម្រើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្ដាលឲ្យគេប្រែចិត្ត ឲ្យបានស្គាល់សេចក្ដីពិតវិញ» (២ធីម៉ូថេ ២:២៤-២៥)។ ដូច្នេះ វាទាមទារឲ្យមានការកែប្រែចិត្ត ហើយយើងក៏មិនអាចធ្វើការនេះបានដោយខ្លួនឯងដែរ។ បុព្វហេតុនៃការសម្រេចចិត្តគឺថា ព្រះជាម្ចាស់ទំនងជាអាចនឹងប្រទានការកែប្រែចិត្តដល់យើង។
ឬក៏សូមអានកណ្ឌគម្ពីរ ភីលីព ១:២៩៖ «ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នាហើយ មិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ»។ ការជឿព្រះគ្រីស្ទគឺជាអំណោយទាន។ ព្រះអង្គបានប្រទានមកកាន់លោកអ្នក ពីព្រោះលោកអ្នកមិនអាចបង្កើតវានៅក្នុងខ្លួនឯងបាន។ ដូច្នេះហើយបានជាសាវ័ក ប៉ុល លើកឡើងថា «ដូច្នេះ មិនសម្រេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្តាករុណាវិញ» (រ៉ូម ៩:១៦)។
៣. ព័ន្ធកិច្ចនៃការសម្រេចរបស់ព្រះជាម្ចាស់
ទី៣ តើបទពិសោធន៍នេះមានលក្ខណៈដូចម្ដេច នៅពេលដែលយើងជ្រើសរើសតាមរយៈអំណាចរបស់បុគ្គលណាម្នាក់ផ្សេងទៀត? ក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៥:១០ សាវ័ក ប៉ុល បានលើកឡើងថា «ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ»។ ដូច្នេះ យើងឃើញអំពីទិដ្ឋភាព៖ ខ្ញុំក៏ពិតជាជ្រើសរើស។ ខ្ញុំក៏ពិតជាមានសកម្មភាព។ ខ្ញុំកំពុងតែធ្វើការ។ ប៉ុន្តែ ទេ! គឺព្រះជាម្ចាស់ទេតើដែលកំពុងតែធ្វើព័ន្ធកិច្ចនៅក្នុងខ្ញុំ។ ព្រះអង្គគឺជាអង្គដែលសម្រេច ជាបុព្វហេតុនៅពីក្រោយដែលនាំឲ្យវាកើតឡើង។ ដូចគ្នាក្នុងកណ្ឌគម្ពីរ ភីលីព ២:១២-១៣៖ «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ…ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ»។ ព្រះហឫទ័យរបស់ព្រះអង្គគឺជាបុព្វហេតុនៃឆន្ទៈរបស់លោកអ្នក ហើយការខិតខំធ្វើការរបស់លោកអ្នកគឺជាព័ន្ធកិច្ចតាមរយៈព្រះអង្គ។
នេះគឺជាសេចក្ដីសន្និដ្ឋានរបស់យើងខ្ញុំ៖ ប្រសិនបើព្រះអង្គទុកយើងចោលក្នុងឆន្ទៈសេរីរបស់យើង—ដែលនេះគឺអំណាចនៃការប្ដេជ្ញាចិត្តចុងក្រោយរបស់យើងផ្ទាល់ នោះយើងទាំងអស់គ្នានឹងប្រើប្រាស់វា ដើម្បីបដិសេធព្រះគ្រីស្ទជាមិនខាន។ យើងស្លាប់ខាងឯវិញ្ញាណ ល្ងីល្ងើ ខ្វាក់ និងទាស់ប្រឆាំងនឹងព្រះគ្រីស្ទ—យើងស្រឡាញ់សេចក្ដីងងឹតខ្លាំងណាស់—ដល់ថ្នាក់ថា យើងមិនទាំងមានសមត្ថភាពខាងឯសីលធម៌ក្នុងការឃើញ ការឲ្យតម្លៃ និងការជ្រើសរើសយកព្រះគ្រីស្ទជាជាងយកលោកីយ៍នេះ។
ព្រះគុណនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានយាងចូលមកក្នុងជីវិតរបស់យើង យកឈ្នះលើការបះបោររបស់យើង យកឈ្នះលើភាពខ្វាក់របស់យើង និងលើការស្លាប់របស់យើង ហើយធ្វើឲ្យយើងមានសមត្ថភាពក្នុងការឃើញព្រះគ្រីស្ទក្នុងលក្ខណៈជំរុញ និងស្អាតដែលនាំឲ្យយើងមានការជ្រើសរើសយកព្រះគ្រីស្ទដោយសេរី។ ពិតណាស់ យើងខ្ញុំដឹងថា យើងមិនទាន់បានឆ្លើយសំណួរ «បើអញ្ចឹងមែន តើយើងមានការទទួលខុសត្រូវ និងទំនួលខុសត្រូវយ៉ាងដូចម្ដេចទៅ?» ប៉ុន្តែ អ្វីដែលយើងខ្ញុំចង់ឆ្លើយក្នុងឯកសារនេះគឺថា «ទេ! យើងមិនមានឆន្ទៈសេរីក្នុងការជ្រើសរើសយកព្រះគ្រីស្ទនោះទេ ប្រសិនបើយើងផ្ដល់អត្ថន័យលើឆន្ទៈសេរីថា ជាការប្ដេជ្ញាចិត្តចុងក្រោយរបស់យើងផ្ទាល់។»
ក្នុងសាច់ឈាមយើង យើងដើរក្នុងផ្លូវខុសឆ្គងផ្នែកសីលធម៌ ខ្វាក់ផ្នែកព្រលឹងវិញ្ញាណ និងឆន្ទៈដែលបែកបាក់។ ប៉ុន្តែ សេចក្ដីសង្គ្រោះរបស់យើងគឺអាស្រ័យលើព្រះគុណដ៏ឥតគិតថ្លៃរបស់ព្រះជាម្ចាស់ មិនមែននៅលើឆន្ទៈសេរីរបស់យើងនោះទេ។
មតិយោបល់
Loading…