in ,

​ព្រះ​តម្រូវ​ទុក​ជា​មុន

មាន​អ្នក​ស្តាប់​ការ​បង្រៀន​ជា​សំឡេង​ម្នាក់ ឈ្មោះ សុខា បាន​ផ្ញើ​សារ​មក សួរ​ត្រង់ៗ​ថា៖ «លោក​គ្រូ តើ​ព្រះ​បាន​តម្រូវ​ទុក​ជា​មុន ឲ្យ​អ្នក​ខ្លះ​ធ្លាក់​នរក​ឬ?»

មុន​នឹង​ខ្ញុំ​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ច្បាស់​លាស់ សម្រាប់​សំណួរ​នេះ យើង​ខ្ញុំ​ចាំ​បាច់​ត្រូវ​និយាយ​អំពី​មូល​ដ្ឋាន​នៃ​សេចក្ដី​ពិត​ខ្លះៗ ដែល​យើង​ត្រូវ​យល់​សិន ដើម្បី​កុំ​ឲ្យ​យើង​មាន​ការ​យល់​ច្រឡំ។ ខាង​ក្រោម​នេះ យើង​ខ្ញុំ​នឹង​និយាយ​អំពី​ចំណុច​មូល​ដ្ឋាន​គ្រឹះ​មួយ​ចំនួន បន្ទាប់​មក យើង​ខ្ញុំ​នឹង​លើក​ឡើង​នូវ​ខគម្ពីរ​ខ្លះៗ ហើយ​បន្ទាប់​មក​ផ្តល់​ឲ្យ​នូវ​ចម្លើយ​សម្រាប់​សំណួរ​នេះ។

ការ​បក​ស្រាយ អំពី​សេចក្តី​ពិត​ជា​មូល​ដ្ឋាន

មាន​មនុស្ស​ជា​ច្រើន​នាក់​យល់​ឃើញ​ថា បើ​ព្រះ​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​អ្នក​ខ្លះ​ធ្លាក់​នរក នោះ​មាន​ន័យ​ថា ព្រះ​អង្គ​មាន​ភាព​អយុត្តិធម៌ ហើយ​ព្រះ​អង្គ​មិន​មែន​ជា​ព្រះ​ល្អ​ទេ។ ដូច​នេះ ពួក​គេ​មិន​អាច​ទទួល​យក​ចម្លើយ​វិជ្ជមាន សម្រាប់​សំណួរ​នេះ​បាន​ឡើយ។ តាម​ពិត យើង​ខ្ញុំ​សូម​និយាយ​ថា បើ​លោក​អ្នក​យល់​ឃើញ​ដូច​នេះ​ដែរ​ថា ព្រះ​អង្គ​មិន​សុចរិត ឬ​មិន​យុត្តិធម៌ ឬ​ក៏​មិន​ល្អ បើ​សិន​ជា​ព្រះ​អង្គ​បាន​តម្រូវ​ទុក​ជា​មុន ឲ្យ​អ្នក​ខ្លះ​បាន​សង្គ្រោះ ហើយ​អ្នក​ខ្លះ​វិនាស នោះ​លោក​អ្នក​មិន​គួរ​ជឿ​ដូច​នេះ​ឡើយ ទោះ​បើ​ព្រះ​អង្គ​ពិត​ជា​បាន​តម្រូវ​ទុក​ជា​មុន​ឬ​អត់​ក៏​ដោយ ។ យើង​ខ្ញុំ​ដឹង​ថា អ្វី​ដែល​យើង​ខ្ញុំ​និយាយ​នេះ​ហាក់​ដូច​ជា​ចម្លែក។ សូម​ជឿ​ចុះ បើ​សិន​ជា​ព្រះ​គម្ពីរ​ពិត​ជា​បាន​បង្រៀន​ដូច​នេះ​មែន ហើយ​បើ​វា​មិន​ផ្ទុយ​នឹង​សេចក្តី​ពិត និង​សេចក្តី​ដ៏​សំខាន់ ដែល​យើង​បាន​រៀន​អំពី​ព្រះ ក្នុង​ព្រះ​គម្ពីរ។ ហើយ​យើង​ខ្ញុំ​ដឹង​ថា អ្នក​ខ្លះ​ប្រហែល​ជា​ខឹង​នឹង​យើង​ខ្ញុំ ពេល​យើង​ខ្ញុំ​ប្រាប់​ពួក​គេ​មិន​ឲ្យ​ជឿ​ថា ព្រះ​អង្គ​អយុត្តិធម៌ និង​មិន​ល្អ ទោះ​ព្រះ​អង្គ​ពិត​ជា​បាន​តម្រូវ​ទុក​ជា​មុន​ឬ​អត់​ក៏​ដោយ។ ប៉ុន្តែ យើង​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ឈប់​ជឿ​លើ​សេចក្តី​ល្អ និង​ភាព​យុត្តិធម៌​របស់​ព្រះ​ឡើយ។ ហើយ​យើង​ខ្ញុំ​ដឹង​អំពី​បញ្ហា​ដែល​នឹង​កើត​មាន ពេល​ដែល​យើង​ទទួល​យក​ចម្លើយ សម្រាប់​សំណួរ​នេះ ដោយ​មិន​បាន​យល់​អំពី​ភាព​យុត្តិធម៌ និង​សេចក្តី​ល្អ​របស់​ព្រះ​ជា​មុន​សិន។ យើង​ខ្ញុំ​ធ្លាប់​ទួញ​យំ កាល​យើង​ខ្ញុំ​ទើប​តែ​ចូល​វ័យ​២០​ឆ្នាំ ជា​រដូវ​កាល​ដែល​ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​យើង​ខ្ញុំ​បាន​ទទួល​ទារុណ​កម្ម​យ៉ាង​ខ្លាំង ដោយសារ​បញ្ហា​វេទសាស្ត្រ​ដូច​នេះ។ យើង​ខ្ញុំ​ធ្លាប់​ភ្លក់​រស់​ជាតិ នៃ​ការ​យក​ដៃ​ច្រត់​ទៅ​លើ​តុ ហើយ​គ្រប​ពី​លើ​មុខ​ខ្លួន​ឯង ហើយ​ស្រែក​យំ​ទៅ​រក​ព្រះ​ថា៖ «ព្រះ​អង្គ​អើយ ទូល​បង្គំ​មិន​យល់​ទេ»។

ដូច​នេះ យើង​ខ្ញុំ​ចង់​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ដែល​មិន​យល់​បញ្ហា​នេះ។ យើង​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ឈប់​មាន​ការ​ជឿ​ជាក់ លើ​សេចក្តី​សុចរិត និង​សេចក្តី​ល្អ​របស់​ព្រះ​នោះ​ឡើយ។ នេះ​ជា​សេចក្តី​ពិត​ដែល​ជា​មូល​ដ្ឋាន​ទី​មួយ សម្រាប់​យើង​ខ្ញុំ។

សេចក្តី​ពិត​ដែល​ជា​មូល​ដ្ឋាន​ទី២ ដែល​យើង​ត្រូវ​យល់​នោះ​គឺ​ថា ព្រះ​ទ្រង់​នឹង​មិន​ដែល​ឲ្យ​នរណា​ម្នាក់​ធ្លាក់​នរក ដោយ​អយុត្តិធម៌​នោះ​ឡើយ។ គ្មាន​នរណា​ម្នាក់​ដែល​នឹង​ធ្លាក់​នរក ខណៈ​ពេល​ដែល​ពួក​គេ​មិន​សម​នឹង​ធ្លាក់​នរក​នោះ​ទេ។ ហើយ​នៅ​ថ្ងៃ​នោះ ព្រះ​ទ្រង់​នឹង​បើក​បង្ហាញ ក្នុង​ចក្រ​វាល​ទាំង​មូល ឲ្យ​គេ​ដឹង​ច្បាស់​ថា ពួក​គេ​ពិត​ជា​សម​នឹង​ទទួល​ទោស​នេះ​មែន។

សេចក្តី​ពិត​ទី​៣៖ ការ​នេះ​មាន​ន័យ​ថា បើ​ព្រះ​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស នោះ​មាន​ន័យ​ថា ទ្រង់​បាន​តម្រូវ​គេ​ទុក​ជា​មុន តាម​របៀប ដែល​ប្រហែល​ជា​ហួស​សមត្ថភាព​ដែល​យើង​អាច​យល់​បាន។ ព្រះ​អង្គ​តម្រូវ​អ្នក​នោះ​ទុក​ជា​មុន​ឲ្យ​ត្រូវ​វិនាស ដោយសារ​អ្នក​នោះ​ពិត​ជា​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន គឺ​ពិត​ជា​មាន​កំហុស និង​ពិត​ជា​សម​នឹង​ទទួល​ទោស​មែន។ នេះ​ជា​រឿង​ដែល​ពិបាក​យល់​បំផុត។ តែ​យើង​ចាំ​បាច់​ត្រូវ​ជឿ​បទ​គម្ពីរ​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ។ មនុស្ស​ដែល​ត្រូវ​វិនាស​គឺ​សុទ្ធ​តែ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​អំពើ​បាប តាម​របៀប​ដែល​ខ្លួន​ពិត​ជា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត ពិត​ជា​មាន​ទោស និង​ពិត​ជា​សម​នឹង​ទទួល​ការ​ជំនុំ​ជម្រះ។ នេះ​ជា​សេចក្តី​ពិត​ដែល​ជា​មូលដ្ឋាន​ទី៣។

សេចក្តី​ពិត​ដែល​ជា​មូល​ដ្ឋាន​ចុង​ក្រោយ ដែល​យើង​ខ្ញុំ​ចង់​លើក​មក​និយាយ​នោះ​គឺ​ថា យើង​កំពុង​រស់​នៅ​ក្នុង​សម័យ​ដែល​មនុស្ស​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ព្រះ​ទ្រង់​បំពេញ​តួនាទី​ជា​ព្រះ​ឡើយ។ មនុស្ស​សម័យ​ទំនើប​ថែម​ទាំង ស្ទើរ​តែ​មិន​អាច​យល់​ឃើញ​ថា មាន​ព្រះ​មួយ​អង្គ ដែល​មាន​អំណាច​ច្រើន​យ៉ាង​នេះ មាន​លក្ខណៈ​ដែល​ពិបាក​យល់​យ៉ាង​នេះ មាន​ព្រះ​ចេស្ដា​ខ្លាំង​យ៉ាង​នេះ។ ចូរ​ប្រយ័ត្ន​ដោយ​កុំ​ឲ្យ​ផ្នត់​គំនិត​សម័យ​នេះ​រារាំង​មិន​ឲ្យ​យើង​ជឿ​ព្រះ​គម្ពីរ​នោះ​ឡើយ។

ព្រះ​អង្គ​ឆ្លើយ​ថា «ព្រះ​អង្គ​ពិត​ជា​បាន​តម្រូវ​ទុក​ជា​មុន​មែន»

ឥឡូវ​នេះ យើង​ខ្ញុំ​សូម​លើក​យក​ខគម្ពីរ​ខ្លះ​មក​បង្ហាញ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន៖

  • អេភេសូរ ១:១១៖ «ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរអាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​តម្រូវ​យើង​ទុក​ជា​មុន តាម​តម្រិះ​សម្រេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់»។ គ្រប់​ការ​ទាំង​អស់។ ឥឡូវ​នេះ សំណួរ​គឺ​សួរ​ថា តើ​គ្រប់​ការ​ទាំង​អស់​បាន​សម្រេច​តាម​បំណង​ព្រះ​ទ័យ​ទ្រង់ ដោយ​រាប់​បញ្ចូល​ទាំង​ការ​សម្រេច​ជោគ​វាសនា​ចុង​ក្រោយ របស់​បុគ្គល​ម្នាក់ៗ​ដែរ​ឬ​ទេ? យើង​ខ្ញុំ​យល់​ថា ព្រះ​អង្គ​ពិត​ជា​បាន​សម្រេច​ជោគ​វាសនា​របស់​ពួក​គេ​មែន។
  • សុភាសិត ១៦:៤៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង អើ ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ»។ ដូច​នេះ ព្រះ​បាន​ឲ្យ​មនុស្ស​អាក្រក់​កើត​មក សម្រាប់​ថ្ងៃ​នៃ​សេចក្តី​អាក្រក់។
  • ១ពេត្រុស ២:៧-៨៖ «“ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក” “ជា​ថ្ម​ជំពប់ ហើយ​ជា​ថ្មដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត”» គេ​ជំពប់​នឹង​ព្រះ​បន្ទូល​ដោយ​ព្រោះ​តែ​មិន​ជឿ ហើយ​គេ​ក៏​ត្រូវ​តម្រូវ​ទុក​សម្រាប់​ការ​នោះ​ឯង» ។ ដូច​នេះ ពួក​គេ​មិន​ស្តាប់​បង្គាប់ ដោយសារ​ទ្រង់​បាន​តម្រូវ​ពួក​គេ​ទុក សម្រាប់​ការ​នោះ​ឯង។
  • យូដាស ១:៤៖ «ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក ជា​មនុស្ស​ទមិឡ​ល្មើស ដែល​បំផ្លាស់​ព្រះ​គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាសអាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ​អម្ចាស់​យេស៊ូវ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ១​ផង​ទេ»។
  • ២ពេត្រុស ២:៣៖ «ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត​បំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្ដី​ជំនុំ​ជម្រះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្ដី​ហិនវិនាស​របស់​គេ​ក៏​មិន​ងុយ​ងោក​ដែរ»។
  • រ៉ូម ៩:១១-១២៖ [យ៉ាកុប និង​អេសាវ] គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន»។ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ​វិញ» គឺ​ដើម្បី​ឲ្យ​ព្រះដំរិះ​របស់​ព្រះ ខាង​ឯ​សេចក្តី​រើស​តាំង​បាន​ជាប់​នៅ មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ។ ក្នុង​កណ្ឌ​គម្ពីរ ម៉ាឡាគី ១:២-៣ យើង​ត្រូវ​តែ​អាន​ខ​គម្ពីរ​នេះ ផ្អែក​ទៅ​លើ​បរិបទ ដែល​ក្នុង​នោះ ខ​គម្ពីរ​នេះ​បាន​បង្ហាញ​ច្បាស់​ថា ព្រះ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង ដោយ​ការ​តម្រូវ​ទុក​ជា​មុន បាន​ជា​ទ្រង់​ជ្រើស​រើស​យ៉ាកុប ជា​ជាង​រើស​អេសាវ ប៉ុន្តែ ព្រះ​អង្គ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា អេសាវ​ក៏​ពិត​ជា​មាន​ភាព​ទុច្ចរិត និង​សម​នឹង​ទទួល​ការ​ស្តី​បន្ទោស ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ពិត​មែន​ដែរ។
  • រ៉ូម ៩:២២-២៣៖ «ចុះ​បើ​សិន​ជា​ព្រះ​ទ្រង់​ចង់​សម្ដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ​ចេស្ដា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀប​ចំ​ឡើង​សម្រាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ​ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ។ ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្តី​មេត្តាករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្តី​វិសេស​នៃ​សិរីល្អ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ»។

យើង​ខ្ញុំ​សូម​មិន​ធ្វើ​ការ​បក​ស្រាយ​ច្រើន អំពី​បទ​គម្ពីរ​នេះ​ទេ។ ផ្អែក​លើ​បទ​គម្ពីរ​នេះ យើង​ខ្ញុំ​សូម​ឆ្លើយ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​តម្រូវ​ទុក​ឲ្យ​អ្នក​ខ្លះ​ធ្លាក់​នរក​មែន។ ព្រះ​ទ្រង់​ពិត​ជា​បាន​កំណត់​ទុក​ជា​មុន តាំង​ពី​អស់​កល្ប​ជានិច្ច ឲ្យ​អ្នក​ខ្លះ​បាន​សង្គ្រោះ ហើយ​ខ្លះ​ទៀត​ត្រូវ​បាត់​បង់។ តែ​ទ្រង់​បាន​ធ្វើ​កិច្ច​ការ​នេះ តាម​របៀប​ដែល​អាថ៌​កំបាំង​ចំពោះ​យើង ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អាច​ចោទ​ប្រកាន់​ព្រះ​អង្គ នៅ​ថ្ងៃ​នោះ​ឡើយ។ ពួក​អ្នក​ដែល​បាន​ទទួល​ការ​ប្រោស​លោះ​នឹង​បាន​ដឹង​ថា យើង​បាន​សង្គ្រោះ​ដោយសារ​ព្រះ​គុណ​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​សម​នឹង​ធ្លាក់​នរក ហើយ​អ្នក​ដែល​មិន​បាន​សង្គ្រោះ មិន​បាន​ស្គាល់​ព្រះ​គុណ​ព្រះ​អង្គ ហើយ​ពួក​គេ​ក៏​សម​នឹង​វិនាស​ផង​ដែរ។

និពន្ធដោយ៖ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទៅបន្ទោសគាត់

ដល់រដូវចម្រូត