in ,

ប្រាំពីរ​នាទី​ដែល​នាំ​ការ​ផ្លាស់​ប្ដូរដល់ជីវិតរបស់លោកអ្នក

លោក​អ្នក​មិន​ចាំ​បាច់​ទាល់​តែ​ស្គាល់ ឬ​ចេះ​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​បំផ្លាស់​បំប្រែ​ផែនដី​នេះ​ឡើយ។ ប៉ុន្តែ លោក​អ្នក​ត្រូវ​ការ​ដឹង​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​មាន​សារៈ​សំខាន់ ហើយ​ត្រូវ​ត្រៀម​ក្នុង​ការ​ហ៊ាន​លះ​បង់​រស់​នៅ និង​ស្លាប់​សម្រាប់​ការ​នោះ។ មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យូរ​អង្វែង​នៅ​ក្នុង​ពិភព​លោក​នេះ​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​ដឹង​ច្រើន​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​ដែល​ចេះ​ដឹង​ចំណុច​មួយ​ចំនួន​យ៉ាង​ច្បាស់​លាស់​វិញ។

ប្រសិន​បើ​លោក​អ្នក​ចង់​ឲ្យ​ជីវិត​លោក​អ្នក​មាន​ការ​រាប់​បញ្ចូល ប្រសិន​បើ​លោក​អ្នក​ចង់​ឲ្យ​រង្វង់​ឥទ្ធិ​ពល​នៃ​ដុំ​ថ្ម​ដែល​លោក​អ្នក​បាន​ទម្លាក់​ក្លាយ​ទៅ​ជា​រលក​ដែល​អាច​លាត​សន្ធឹង​ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី ហើយ​ឆ្លង​ដល់​រាប់​សតវត្សរ៍ និង​ដល់​អស់​កល្ប នោះ​អ្នក​មិន​ចាំ​បាច់​ទាល់​តែ​មាន​កម្រិត IQ ខ្ពស់ ឬ​កម្រិត EQ ខ្ពស់​នោះ​ឡើយ។ លោក​អ្នក​មិន​ចាំ​បាច់​មាន​រូប​សម្រស់​ល្អ ឬ​ក៏​ជា​អ្នក​មាន​ទេ។ លោក​អ្នក​មិន​ចាំ​បាច់​ទាល់​តែ​កើត​មក​ពី​គ្រួសារ​ល្អ ឬ​រៀន​ចេញ​មក​ពី​សាលា​ដែល​ល្អ​នោះ​ដែរ។ លោក​អ្នក​គ្រាន់​តែ​ត្រូវ​ការ​ដឹង​អំពី​អ្វី​ដែល​អស្ចារ្យ ធំ​ធេង មិន​អាច​ផ្លាស់​ប្រែ​បាន ច្បាស់​លាស់ សាមញ្ញ និង​រុងរឿង ហើយ​ត្រូវ​ផ្ដោត​ឆ្ពោះ​ការ​ទាំង​នោះ។

ប៉ុន្តែ ខ្ញុំ​ដឹង​ថា មិន​មែន​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​ចង់​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ។ មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​ខ្វល់​ថា ខ្លួន​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ដ៏​អស្ចារ្យ​នោះ​ទេ តែ​គ្រាន់​តែ​ចង់​ឲ្យ​មាន​អ្នក​ដទៃ​ចូល​ចិត្ត​អ្នក​តែ​ប៉ុណ្ណោះ។ បើ​មាន​មនុស្ស​ចូល​ចិត្ត​លោក​អ្នក នោះ​លោក​អ្នក​នឹង​ស្ងប់​ចិត្ត​ហើយ។ ឬ​ប្រសិន​បើ​លោក​អ្នក​គ្រាន់​តែ​មាន​ការ​ងារ​ល្អ រួម​ទាំង​មាន​ប្រពន្ធ​ល្អ ហើយ​មាន​កូន​ល្អ​ពីរ​ឬ​បី​នាក់ ព្រម​ទាំង​មាន​ឡាន​ទំនើប មាន​ពេល​លំហែ​ចុង​សប្ដាហ៍​យូរ និង​មាន​មិត្ត​ល្អ​ប៉ុន្មាន​នាក់ មាន​ពេល​វេលា​សប្បាយ​ពេល​ចូល​និវត្តន៍ ហើយ​មាន​ការ​ស្លាប់​ដែល​ងាយ​ស្រួល និង​ឆាប់​រហ័ស ព្រម​ទាំង​មិន​ធ្លាក់​នរក—ប្រសិន​បើ​លោក​អ្នក​អាច​មាន​ការ​ទាំង​នោះ​បាន នោះ​លោក​អ្នក​នឹង​ស្ងប់​ចិត្ត​ទោះ​បី​លោក​អ្នក​មិន​មាន​ព្រះ​ក៏​ដោយ។

ការ​សម្រេច​បែប​នេះ​គឺ​ជា​សោក​នាដ​កម្ម​មួយ។

កាល​ពី​បី​សប្ដាហ៍​មុន យើង​ទទួល​បាន​ដំណឹង​នៅ​ក្រុម​ជំនុំ​របស់​យើង​ថា លោក​ស្រី រូប៊ី អេលាសិន និង​លោក​ស្រី ឡូរ៉ា អេតវ័ដ (Ruby Eliason and Laura Edwards) ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅ​ឯ​ប្រទេស​កាមេរ៉ូន (Cameroon)។ លោក​ស្រី រូប៊ី មាន​អាយុ​ប្រហែល​ជា​ជាង៨០ឆ្នាំ។ គាត់​នៅ​លីវ​ពេញ​មួយ​ជីវិត​របស់​គាត់ ហើយ​ក៏​បាន​រស់​នៅ​សម្រាប់​កិច្ចការ​ដ៏​អស្ចារ្យ​មួយ៖ នាំ​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ព្រះ​យេស៊ូវ​ក្នុង​ចំណោម​មនុស្ស​បាត់​បង់ មនុស្ស​ក្រីក្រ និង​មនុស្ស​មាន​ជំងឺ។ លោក​ស្រី ឡូរ៉ា គឺ​ជា​ស្ត្រី​មេម៉ាយ និង​ជា​វេជ្ជបណ្ឌិត ហើយ​បាន​ប្រើ​ប្រាស់​ជីវិត​នៅ​ក្នុង​វ័យ​ជិត​៨០ឆ្នាំ​ក្នុង​ការ​បម្រើ​ព័ន្ធ​កិច្ច​ជា​មួយ​លោក​ស្រី រូប៊ី នៅ​ក្នុង​ប្រទេស​កាមេរ៉ូន។

ហ្វ្រាំង​បាន​ដាច់​ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ជ្រោះ ហើយ​ពួក​គេ​ក៏​បាន​ស្លាប់​ភ្លាមៗ។

ហើយ​ខ្ញុំ​បាន​សួរ​ក្រុម​ជំនុំ​របស់​ខ្ញុំ​ថា៖ តើ​នោះ​ជា​សោក​នាដ​កម្ម​ឬ? ជីវិត​ពីរ​ដែល​ជំរុញ​ដោយ​និមិត្ត​មួយ​ដ៏​អស្ចារ្យ បាន​ចំណាយ​ពេល​បម្រើ​មនុស្ស​ក្រី​ក្រ​ដែល​កំពុង​តែ​ត្រូវ​ហិន​វិនាស​សម្រាប់​សិរី​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ—រយៈ​ពេល​ពីរ​ទសវត្ស​បន្ទាប់​សម​ភាគី​អាមេរិក​របស់​ពួក​គាត់​បាន​ចូល​និវត្តន៍ ហើយ​បាន​ចំណាយ​ពេល​វេលា​នៃ​ជីវិត​របស់​ខ្លួន​លំហែ​កាយ​នៅ​រដ្ឋ​ហ្ល័រីដា ( Florida) ឬ​នៅ​រដ្ឋ ញូមិស៊ិកកូ (New Mexico)។ ទេ! នោះ​មិន​មែន​ជា​រឿង​សោក​នាដ​កម្ម​ទេ។ នោះ​គឺ​ជា​សិរិ​រុង​រឿង​វិញ។

សូម​ឲ្យ​ខ្ញុំ​ប្រាប់​លោក​អ្នក​ថា សោក​នាដ​កម្ម​គឺ​ជា​អ្វី។ ខ្ញុំ​នឹង​អាន​ជូន​លោក​អ្នក​ចេញ​ពី​សំណេរ​របស់​អ្នក​អាន ឌីហ្កេស (Reader’s Digest) អំពី​អ្វី​ទៅ​ជា​សោក​នាដ​កម្ម។ «លោក បប (Bob) និង​លោក​ស្រី ផេននី (Penny)…បាន​ចូល​និវត្តន៍​ពី​ការ​ងារ​របស់​ពួក​គេ​នៅ​ភាគ​ឦសាន​ទាំង​វ័យ​ក្មេង​កាល​ពី​ប្រាំ​ឆ្នាំ​មុន។ កាល​នោះ​គាត់​មាន​អាយុ​៥៩ឆ្នាំ ហើយ​លោក​ស្រី ផេននី អាយុ​៥១ឆ្នាំ។ សព្វ​ថ្ងៃ​នេះ ពួក​គេ​រស់​នៅ ផុនតា ហ្កូដា (Punta Gorda) ក្នុង​រដ្ឋ​ហ្ល័រីដា ជា​កន្លែង​ដែល​ពួក​គេ​ចំណាយ​ពេល​ជិះ​នាវា​ប្រវែង ៩ ម៉ែត្រ កំសាន្ត លេង​បាល់​គប់ ព្រម​ទាំង​រើស​សម្បក​ខ្យង​តាម​ឆ្នេរ​សមុទ្រ»។

នោះ​គឺ​ជា​សោក​នាដ​កម្ម។ ហើយ​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ចំណាយ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​អូស​ទាញ​លោក​អ្នក​ឲ្យ​ឈោង​ចាប់​តាម​ក្ដី​ស្រមៃ​ដែល​ជា​សោក​នាដ​កម្ម​នោះ។ ខ្ញុំ​មាន​ពេល​តែ​បន្តិច​ក្នុង​ការ​អង្វរ​លោក​អ្នក៖ សូម​កុំ​ដេញ​តាម​វា​ឡើយ។ ខ្ញុំ​អង្វរ​លោក​អ្នក​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ​ថា៖ សូម​កុំ​ដេញ​តាម​ក្តី​ស្រមៃ​បែប​នេះ​ឡើយ។ ក្តី​ស្រមៃ​ដែល​ថា៖ មាន​ផ្ទះ​ទំនើប មាន​ឡាន​ទំនើប មាន​ការ​ងារ​ល្អ មាន​គ្រួសារ​ល្អ មាន​ការ​ចូល​និវត្តន៍​ដ៏​ល្អ​ប្រសើរ ជា​ការ​ដើរ​រើស​សម្បក​ខ្យង​នៅ​ពេល​វេលា​ចុង​ក្រោយ មុន​ដែល​លោក​អ្នក​ត្រូវ​ឈរ​នៅ​ចំពោះ​មុន​ព្រះ​អាទិករ​ដែល​បង្កើត​ចក្រវាឡ ដើម្បី​រៀប​រាប់​ពី​អ្វី​ដែល​លោក​អ្នក​បាន​ធ្វើ៖ «ឱ​ព្រះ​អម្ចាស់​អើយ នេះ​ជា​សម្បក​ខ្យង​ដែល​ទូល​បង្គំ​រើស​បាន! ហើយ​ទូល​បង្គំ​យើង​ខ្ញុំ​ក៏​មាន​ទោង​យ៉ាង​ស្រស់​ស្អាត ហើយ​សូម​ទ្រង់​ទត​មើល​ទូក​របស់​ទូល​បង្គំ​ផង»។

សូម​កុំ​ឲ្យ​ខាត​ជីវិត​ឥត​ប្រយោជន៍​ឡើយ។ កុំ​ខ្ជះខ្ជាយ​វា​ឲ្យ​សោះ។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូធេ, លោក​ឈាង បូរ៉ា និងលោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កត្តា​ជំរុញ​ដ៏​ល្អ​ក្នុង​ការ​ចង​ចាំ​ព្រះ​គម្ពីរ

មនុស្ស​ដែល​មាន​បាប​យ៉ាង​ខ្លាំង និង​ព្រះ​សង្គ្រោះ​