ថ្ងៃនេះ ខ្ញុំចង់និយាយបន្តិចអំពី «គន្លឹះនៃសេចក្តីជំនឿ» ដើម្បីស្វែងរក និងចែករំលែកនូវរបៀបជាក់ស្ដែង ឬក៏បច្ចេកទេសសម្រាប់ការរស់នៅជីវិតជាគ្រីស្ទបរិស័ទ។ នៅពេលខ្ញុំអាន នៅពេលខ្ញុំស្តាប់ការអធិប្បាយព្រះបន្ទូល នៅពេលខ្ញុំនិយាយទៅកាន់មនុស្សម្នា ខ្ញុំតែងតែស្វែងរកការយល់ដឹងអំពីរបៀបដែលគ្រីស្ទបរិស័ទផ្សេងទៀតរស់នៅក្នុងភាពជាក់ស្ដែងក្នុងសេចក្ដីជំនឿរបស់ពួកគាត់។ ហើយថ្ងៃនេះខ្ញុំចង់ប្រាប់លោកអ្នកអំពីការណែនាំដ៏អស្ចារ្យមួយ ក្នុងរបៀបនៃការសញ្ជឹងគិតអំពីអត្ថបទគម្ពីរ ដែលធ្វើឲ្យអ្នកកាន់តែប្រសើរឡើង។
ប្រសិនបើអ្នកដូចជារូបខ្ញុំដែរ នោះលោកអ្នកដឹងហើយថាការសញ្ជឹងគិតគឺជាការអនុវត្តដ៏លំបាកមួយ។ លោកអ្នកចូលចិត្តគំនិតនោះ ប៉ុន្តែពិបាកអនុវត្តណាស់។ នៅក្នុងគំនិតរបស់ខ្ញុំ «ការសញ្ជឹងគិត» ហាក់បីដូចជារៀងស្រាលណាស់ ជាគំនិតដ៏ល្អមួយប៉ុន្តែមិនមានរចនាបថច្បាស់លាស់។ ខ្ញុំមានការលំបាកជាមួយវា។
នៅក្នុងសៀវភៅ «ភាពងាយស្រួលក្នុងជីវិតខាងវិញ្ញាណ» “Simplifying Your Spiritual Life” របស់ លោក ដូណាល់ វីឌនី (Donald Whitney) គាត់បាននិយាយថា «នៅពេលយើងសញ្ជឹងគិតលើខគម្ពីរណាមួយ ជាធម្មតាវាងាយស្រួលជាងក្នុងការឆ្លើយសំណួរជាក់លាក់អំពីវាជាជាងការគិតអំពីអត្ថបទ ដោយគ្មានសេចក្ដីណែនាំ ឬការបង្ហាញទិសដៅអ្វីទាំងអស់»។ ខ្ញុំគិតថា សម្រង់សម្ដីនេះជាអ្វីដែលពន្យល់បានយ៉ាងច្បាស់ៗអំពីអារម្មណ៍តានតឹងរបស់ខ្ញុំ។ គាត់បានរៀបរាប់អំពីការសញ្ជឹងគិតលើកណ្ឌគម្ពីរ ភីលីព ៤:៨ ហើយឃើញថា ខគម្ពីរនេះបានផ្តល់នូវការណែនាំដ៏មានប្រយោជន៍លើគ្រប់ចំណុចដែលគាត់អាចសញ្ជឹងគិតលើបាន សម្រាប់អត្ថបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរទាំងមូលក៏បាន។
កណ្ឌគម្ពីរ ភីលីព ៤:៨ ដែលលោកអ្នកប្រហែលជាបានទន្ទេញចាំនៅពេលណាមួយហើយ៖ «មួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ។» លោក វីឌនី បានសិក្សាខគម្ពីរអស់មួយរយៈ ហើយបានបង្កើតនូវកម្រងសំណួរដែលអាចមានប្រយោជន៍សម្រាប់ការសញ្ជឹងគិតស្ទើរតែគ្រប់អ្វីៗទាំងអស់នៅក្នុងជីវិតរបស់លោកអ្នក ប៉ុន្តែអ្វីដែលពិសេសនោះគឺអំពីបទគម្ពីរទាំងមូល។ ខាងក្រោមនេះគឺជាកម្រងសំណួរ៖
– តើអ្វីជាសេចក្ដីពិតអំពីការនេះ ឬតើការនេះលើកឡើងអំពីសេចក្តីពិតដោយរបៀបណា?
-តើការនេះគួរឲ្យរាប់អានដោយរបៀបណា?
-តើអ្វីទៅជាភាពត្រឹមត្រូវអំពីការនេះ?
-តើអ្វីជាភាពបរិសុទ្ធអំពីការនេះ ឬតើការនេះលើកឡើងអំពីភាពបរិសុទ្ធដោយរបៀបណា?
-តើអ្វីដែលគួរឲ្យស្រឡាញ់អំពីការនេះ?
-តើអ្វីទៅដែលគួរឲ្យស្ងើច កោតសរសើរ ឬជាការពង្រឹងកេរ្តិ៍ឈ្មោះអំពីការនេះ?
-តើអ្វីដែលជាការល្អឥតខ្ចោះអំពីការនេះ (និយាយម្យ៉ាងទៀត លើកលែងអំពីចំណុចផ្សេងនៃប្រភេទនេះ)?
-តើអ្វីដែលគួរឲ្យសរសើរអំពីការនេះ?
ទាំងនេះហើយគឺជាកម្រងសំណួរទាំងប្រាំបីដែលអាចជួយណែនាំលោកអ្នកអំពីការសញ្ជឹងគិត។
តើលោកអ្នកមានសំណួរផ្សេងទៀត ដើម្បីណែនាំក្នុងការសញ្ជឹងគិតដែរឬទេ? តើលោកអ្នកធ្វើយ៉ាងណាឲ្យប្រាកដថា លោកអ្នកនឹងមិនត្រឹមតែអានព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងសញ្ជឹងគិត ព្រមទាំងអនុវត្តផងដែរ?
លោកអ្នកអាចចូលទៅសិក្សាបន្ថែមនូវគន្លឹះនៃសេចក្តីជំនឿផ្សេងៗទៀត ដែលខ្ញុំធ្លាប់បានចែករំលែក៖
– គន្លឹះនៃសេចក្ដីជំនឿ៖ ការបង្ហាញពីភាពជាអ្នកដឹកនាំដែលចេះបម្រើ
– គន្លឹះនៃសេចក្ដីជំនឿ៖ វិធីសាស្ត្រដ៏សាមញ្ញមួយក្នុងការរៀបចំការអធិស្ឋានរបស់លោកអ្នក
– គន្លឹះនៃសេចក្ដីជំនឿ៖ ការឃ្វាលកូនៗផ្ទាល់ខ្លួនរបស់លោកអ្នក
មតិយោបល់
Loading…