នៅក្នុងឆ្នាំនេះ យើងខ្ញុំបានប្ដេជ្ញាចិត្តថាព្យាយាមចង់អធិស្ឋានឲ្យបានច្រើនជាងពេលមុនៗ។ ប៉ុន្តែ ចំពោះការដែលយើងខ្ញុំចង់ចំណាយ ពេលអធិស្ឋាននោះ វាមិនកើតឡើងដោយងាយស្រួលនៅក្នុងជីវិតរបស់យើងខ្ញុំនោះទេ។ ជាធម្មតា នៅពេលដែលយើងខ្ញុំអង្គុយចុះ ទាំងមានចិត្ដអន្ទះសាជាខ្លាំង រៀបនឹងអធិស្ឋាន ហើយពេលកំពុងផ្ចង់គំនិត មួយរំពេចនោះ ប្រមាណជា២-៣នាទីក្រោយមក នោះយើងខ្ញុំស្រាប់តែបែរជាចាប់ផ្ដើមមានគំនិតស្រមើស្រមៃ ទាក់ទងទៅនឹងការជជែកគ្នាលេងពីម្សិលមិញ ក៏ដូចជាគិតអំពីអង្គប្រជុំសម្រាប់ថ្ងៃស្អែក ហើយក៏ថែមទាំងនឹកដល់ការដែលយើងខ្ញុំនឹងធ្វើអ្វីនាពេលមានវិស្សមកាលនៅសប្ដាហ៍ក្រោយខាងមុខនោះទៅវិញ។
អ្នកជឿភាគច្រើនប្រាកដជាធ្លាប់មាននូវបទពិសោធន៍ស្រដៀងការបរិយាយខាងលើនេះហើយ តែបើមិនព្រមទទួលស្គាល់ថាមានទេ នោះគាត់ប្រហែលជាកំពុងតែភូតភរខ្លួនឯងហើយមើលទៅ!
ការដែលយើងមិនមានស្មារតីមូល វាជារនាំងដ៏ធំមួយនៅក្នុងជីវិតអធិស្ឋានរបស់យើង ប៉ុន្តែយើងខ្ញុំក៏បានស្វែងយល់បន្ថែមទៀតថា ការនោះជាឱកាសសម្រាប់មនុស្សម្នាក់ៗ ដើម្បីអាចលូតលាស់បន្តទៅមុខទៀតទៅវិញ។ សេចក្ដីបរិយាយខាងក្រោមនេះគឺជាយុទ្ធសាស្ត្រ៧យ៉ាងសម្រាប់ការតយុទ្ធ ហើយក៏ជាមេរៀនឲ្យចេះគ្រប់គ្រងលើការមានស្មារតីមិនមូលរបស់យើង ដោយយើងអាចយកវាមកប្រើប្រាស់បាន ដើម្បីឲ្យពេលវេលាអធិស្ឋានរបស់យើងមានភាពស៊ីជម្រៅ និងមានការផ្ចង់អារម្មណ៍ផង៖
១. ការអធិស្ឋានដោយប្រើប្រាស់ព្រះបន្ទូល
កាលពីមុន យើងខ្ញុំធ្លាប់បានឮគេនិយាយថា ព្រះបន្ទូលព្រះបង្រៀនដល់យើងអំពីរបៀបនៃការអធិស្ឋាន ដែលប្រៀបបានដូចជាម្ដាយម្នាក់បង្រៀនកូនឲ្យចេះនិយាយអញ្ចឹង។ ព្រះជាម្ចាស់បង្រៀនយើងតាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយយើងក៏អាចនិយាយតបទៅកាន់ព្រះអង្គវិញបានដែរ។ ការនោះប្រៀបបីដូចជាកូនក្មេងម្នាក់ រៀនស្ដាប់ឪពុកម្ដាយរបស់ពួកគាត់ ហើយបន្ទាប់មកក៏ចេះនិយាយឆ្លើយឆ្លងទៅវិញ។ ក្នុងនាមយើងខ្ញុំជាឪពុកម្នាក់ នៅពេលដែលកូនរបស់យើងខ្ញុំចាប់ផ្តើមចេះនិយាយតិចៗ ដោយគាត់ជិតមានអាយុ៣ឆ្នាំនោះ គាត់ចាប់ផ្ដើមរៀនចេះនិយាយបានច្រើនទៅៗ។ មានពេលខ្លះទៀតអ្វីដែលគាត់និយាយចេញមក ធ្វើឲ្យយើងខ្ញុំអស់សំណើចយ៉ាងខ្លាំងចំពោះគាត់ តែការនេះបានបំភ្លឺ បង្ហាញឲ្យយើងខ្ញុំអាចយល់អំពីខ្លួនយើងខ្ញុំផ្ទាល់។ យើងខ្ញុំយល់ឃើញថា វាពិតជាស្រដៀងគ្នាទៅនឹងជីវិតនៃការអធិស្ឋានរបស់យើងខ្ញុំផងដែរ។
ចំណុចសំខាន់លើការប្រៀបធៀបមួយនេះគឺឆ្លុះបង្ហាញថា គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សដែលកើតមកក្នុងលោកនេះអាចចេះនិយាយដោយខ្លួនឯងភ្លាមៗបាននោះទេ ហើយក៏គ្មាននរណាក្នុងចំណោមយើងសុខៗចេះអធិស្ឋានដោយឯងៗបាននោះដែរ។ ផ្ទុយទៅវិញយើងត្រូវតែរៀនអំពីរបៀបនៃការអធិស្ឋាន ហើយជាទូទៅការទាំងនេះគឺកើតឡើងតាមរយៈការអង្កេតមើល និងការត្រាប់តាម ជាជាងតាមរយៈការណែនាំប្រាប់ដោយផ្ទាល់តែមួយមុខប៉ុណ្ណោះ។ ខណៈពេលដែលយើងខ្ញុំធ្វើការសង្កេតមើលទៅក្នុងព្រះបន្ទូល ដើម្បីអភិវឌ្ឍន៍ ក៏ដូចជាពង្រឹងនូវសភាវគតិនៃជីវិតអធិស្ឋានរបស់ខ្លួនយើងខ្ញុំផ្ទាល់ នោះយើងខ្ញុំបានឃើញថា វាមិនគ្រាន់តែផ្តល់ជាព័ត៌មានសាច់ការ ទាក់ទងទៅនឹងសំណូមពរអធិស្ឋានរបស់យើងខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត វាថែមទាំងជួយបង្កើនកម្លាំងចិត្ដ ហើយក៏បណ្ដាលឲ្យយើងខ្ញុំកាន់តែមានភាពស្រេកឃ្លានក្នុងការអធិស្ឋានថែមទៀតផងដែរ។
មានចំណុចជាច្រើននៅក្នុងព្រះបន្ទូល ដែលខាងឯសាច់ឈាមរបស់យើងមិនចង់គិតដល់ ដើម្បីទទូចអង្វរសូមពីព្រះ។ ជាទូទៅ សម្រាប់ខ្លួនយើងខ្ញុំផ្ទាល់ យើងខ្ញុំនឹងមិនទូលសូមព្រះជាម្ចាស់ឲ្យប្រទាននូវភាពក្លាហានដល់យើងខ្ញុំ ខណៈពេលដែលយើងខ្ញុំកំពុងតែមានគេបៀតបៀននោះឡើយ (កិច្ចការ ៤:២៩)។ ហើយម្យ៉ាងវិញទៀត យើងខ្ញុំក៏មិនហ៊ានវែកញែកនូវទុក្ខព្រួយរបស់យើងខ្ញុំដោយពឹងផ្អែកទៅលើព្រះកិត្តិយស និងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នោះដែរ (នេហេមា ១:៥-១១)។ យើងខ្ញុំក៏មិនហ៊ានលើកឡើងថា «សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត» ដែរ (ទំនុកតម្កើង ៩០:១២)។ ប៉ុន្តែ ម្ដងហើយម្ដងទៀត ព្រះបន្ទូលតែងតែធ្វើការស្ដីបន្ទោសក្រើនរំឭកទៅលើភាពមិនម៉ត់ចត់ ក៏ដូចជាការដែលយើងខ្ញុំគ្រាន់តែអធិស្ឋានសម្រាប់ខ្លួនឯង។ ហើយព្រះបន្ទូលក៏តែងតែព្យាយាមបង្វែរយើងខ្ញុំឲ្យចាប់ផ្ដើមអធិស្ឋានដោយសម្លឹងមើលរូបភាពធំនៃសិរីល្អរបស់ព្រះជាម្ចាស់ ក្រុមជំនុំរបស់ទ្រង់ ហើយនិងការផ្សាយដំណឹងល្អវិញ។
ខាងក្រោមនេះ គឺជាសេចក្ដីអធិស្ឋានមួយចំនួន យោងតាមអត្ថបទព្រះគម្ពីរ ដែលនឹងអាចជាជំនួយដ៏ពិសេសដល់យើង ដើម្បីឲ្យចិត្តគំនិតយើងសញ្ជឹងគិតលើ៖
នេហេមា ១:៥-១១៖ ហោរា នេហេមា បានអធិស្ឋាននៅពេលដែលគាត់បានឮថា កំផែងក្រុងយេរូសាឡឹម នៅតែ ដួលរលំបែកបាក់ខ្ទេចខ្ទី។
ដានីយ៉ែល ៩:១-១៩៖ ហោរា ដានីយ៉ែល បានអធិស្ឋានសម្រាប់រាស្ត្ររបស់ព្រះជាម្ចាស់ ខណៈពេលដែលពួកគេកំពុងស្ថិតនៅក្នុងភាពជាឈ្លើយនៅឡើយ។
២របាក្សត្រ ២០:១-១២៖ ស្ដេច យ៉ូសាផាត បានអធិស្ឋានឲ្យព្រះជាម្ចាស់រំដោះពួកគេចេញពីការវាយប្រហារ។
អេភេសូរ ៣:១៤-២១៖ សាវ័ក ប៉ុល បានអធិស្ឋានសូមឲ្យព្រះជាម្ចាស់ប្រទានកម្លាំងខាងឯព្រលឹងវិញ្ញាណដល់គាត់ ដើម្បីឲ្យគាត់យល់ពីក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ។
ម៉ាថាយ ៦:៩-១៣៖ ពាក្យអធិស្ឋានរបស់ព្រះជាម្ចាស់ (នេះគឺជាចំណុចដ៏ល្អមួយក្នុងការចាប់ផ្ដើមហ្វឹកហាត់នូវការអធិស្ឋានរបស់យើង)។
២. ការអធិស្ឋានដោយប្រើប្រាស់ប៊ិច
រូបយើងខ្ញុំផ្ទាល់បានកត់សម្គាល់ឃើញថា ការដែលយើងខ្ញុំចាប់សរសេរនៅលើក្រដាសនូវសេចក្ដីអធិស្ឋានលើសំណូមពរអធិស្ឋានរបស់យើងខ្ញុំ នោះវាពិតជាបានជួយឲ្យយើងខ្ញុំមានភាពប្រាកដច្បាស់ពីមួយគ្រាទៅមួយគ្រាមែន។ ប៉ុន្តែ យើងមិនគួរយកការអធិស្ឋានបែបសរសេរមកជំនួសឲ្យការអធិស្ឋានដោយចេញជាសំឡេង ឬក៏ការអធិស្ឋាននៅក្នុងចិត្តរបស់យើងនោះដែរ។ ប្រាកដណាស់! យើងខ្ញុំសម្គាល់ឃើញថា ការសរសេរពិតជាមានប្រសិទ្ធភាពជាលក្ខណៈបន្ទាប់បន្សំ។ នៅពេលដែលលោកអ្នកចំណាយពេលសរសេរនូវរាល់សេចក្ដីអធិស្ឋាន នោះលោកអ្នកនឹងឃើញថា វាបានជួយឲ្យលោកអ្នកចេះផ្ចង់គំនិតខ្លួន ក៏ដូចជាលត់ដំខាងសតិ ឲ្យចេះរៀបរាប់នូវពាក្យពេចន៍ដោយចេតនា ដ្បិតធម្មតា ពេលយើងអធិស្ឋានបន្លឺចេញជាសំឡេងយើងមិនសូវបានត្រៀមឲ្យបានគ្រប់គ្រាន់នៅពេលដែលយើងបញ្ចេញវោហារនោះទេ។ ពេលដែលយើងសរសេរបែបនេះ នោះយើងនឹងងាយមានស្មារតីមូល ហើយវាពិតជាជួយនាំយើងឲ្យចេះរៀបរបៀប និងមានគ្រោងឆ្អឹងនៃពាក្យពេចន៍ត្រឹមត្រូវលើសេចក្ដីអធិស្ឋានរបស់យើងបន្ថែមទៀតជាមិនខាន។
អត្ថប្រយោជន៍មួយទៀតគឺ៖ ពេលដែលលោកអ្នកសរសេរចុះបែបនេះ នាពេលអនាគតនោះយើងអាចត្រឡប់ទៅមើលការដែលព្រះបានឆ្លើយតបនូវសំណូមពរអធិស្ឋានណាមួយ (មិនថាវាយូរឆ្នាំយ៉ាងណាក៏ដោយ)។ លោកអ្នកអាចមើលឃើញពីរបៀបដែលព្រះជាម្ចាស់បានឆ្លើយតបនឹងការអធិស្ឋានរបស់លោកអ្នក។ តាមរយៈបទពិសោធន៍ដ៏សាមញ្ញរបស់យើងខ្ញុំផ្ទាល់ យើងខ្ញុំឃើញថា វាបានជួយឲ្យយើងខ្ញុំចេះមានការផ្លាស់ប្រែក្នុងជីវិតអធិស្ឋានរបស់យើងខ្ញុំ ជាច្រើនផ្នែក ឧទាហរណ៍៖ តើយើងខ្ញុំគួរតែអធិស្ឋានសម្រាប់អ្វីខ្លះ។
៣. ការអធិស្ឋានតម
រីឯការអធិស្ឋាន និងការតមអាហារវិញ ទាំងពីរនោះគឺជាការអនុវត្តដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងក្លាដោយឯងៗ ប៉ុន្តែវានឹងកាន់តែមាននូវប្រសិទ្ធភាពយ៉ាងល្អប្រសើរថែមទៀត នៅពេលយើងធ្វើកិច្ចការទាំងពីររួមគ្នា។ ចំពោះការតមបែបអាហារ នៅពេលដែលក្រពះកូរ នោះដូចជាការរំឭកមួយ ឲ្យយើងចាប់ផ្ដើមអធិស្ឋានដែរ «ឱ! ព្រះអម្ចាស់អើយ! សូមបំពេញព្រលឹងវិញ្ញាណរបស់ទូលបង្គំ»។ នៅពេលដែលយើងមានភាពស្វាហាប់ក្នុងសេចក្ដីអធិស្ឋាន នោះវានឹងជួយយើងឲ្យភ្លេចនូវការស្រេកឃ្លានដែលយើងកំពុងតែមាន។
ចំណុចមួយដែលយើងខ្ញុំត្រូវតែតម នោះគឺការតមពីការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមផ្សព្វផ្សាយផ្សេងៗ (social media)។ ប្រព័ន្ធបណ្ដាញផ្សព្វផ្សាយបានផ្លាស់ប្ដូររបៀបដែលខួរក្បាលយើងគិតគូរទាំងស្រុង។ វាបញ្ជូនឲ្យព័ត៌មានឆ្លងកាត់យ៉ាងឆាប់រហ័ស ធ្វើឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងសតិបញ្ញារបស់យើង ហើយថែមទាំងបណ្ដាលឲ្យមានការធ្លាក់ចុះនូវសមត្ថភាពដូចជា៖ ការសញ្ជឹងគិត ការរំឭកស្មារតី ឬក៏ការនៅឲ្យស្ងៀមស្ងាត់។ វាមិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលយើងឈប់លេងហ្វេសបុក (Facebook) ម្ដងៗ ការអូសចុះអូសឡើងៗ ក៏ដូចជាលេង Twitter ជាច្រើនម៉ោង ហើយបន្ទាប់មកព្យាយាមបែរត្រឡប់ទៅចំណាយពេលជាមួយនឹងព្រះជាម្ចាស់តាមរយៈការអធិស្ឋានវិញនោះ។
ឧទាហរណ៍៖ ជារឿយៗ នៅពេលដែលព្រះយេស៊ូវអធិស្ឋាន ទ្រង់តែងតែទៅ «ទីស្ងាត់» (ម៉ាកុស ១:៣៥)។ ដើម្បីធ្វើឲ្យបានដូចទ្រង់ យើងត្រូវតែរៀនបង្កើតការដាក់នូវវិន័យលើខ្លួនឯងផ្ទាល់ គឺនៅត្រង់ថា យើងត្រូវដកខ្លួនទៅទីកន្លែងដែលស្ងាត់ៗ ហើយរង់ចាំ ទាំងបង្អង់គ្រប់កិច្ចការមួយរយៈ ហើយស្ថិតនៅចំពោះព្រះវត្តមានព្រះជាម្ចាស់។ ប្រសិនបើយើងតែងតែមានភាពមមាញឹកពេញដោយភាពរញ៉េរញ៉ៃ នៅស្ងៀមមិនបាន ឬក៏មានស្មារតីមិនមូល សឹងតែគ្រប់ពេលវេលាទៅហើយ នោះយើងមិនគួរមានភាពភ្ញាក់ផ្អើលឡើយថា យើងពិបាកនឹងស្មិងស្មាធិ៍ក្នុងសេចក្ដីអធិស្ឋាននោះ។
៤. ការអធិស្ឋានជាមួយនឹងអ្នកដទៃ
ការដែលយើងអធិស្ឋានជាមួយនឹងអ្នកដទៃ និងការដែលយើងចំណាយពេលអធិស្ឋានតែម្នាក់ឯងគឺជាការបញ្ឆេះនូវសេចក្ដីអធិស្ឋាន និងផ្ដល់កម្លាំងដល់គ្នាទៅវិញទៅមក (ការនេះគឺវាប្រៀបដូចទៅនឹងការអធិស្ឋាន និងការតមអញ្ចឹង)។ ការដែលយើងអធិស្ឋានរួមគ្នាជាមួយនឹងអ្នកដទៃនឹងនាំឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរជាងមុន ជាពិសេសប្រសិនបើយើងបានចំណាយពេលអធិស្ឋានតែម្នាក់ឯងជាមុនរួចជាស្រេចហើយ។ ម៉្យាងវិញទៀត យើងនឹងកាន់តែទទួលបាននូវការណែនាំ និងការលើកទឹកចិត្តបន្ថែមទៀតនៅពេលដែលយើងចំណាយពេលអធិស្ឋានតែម្នាក់ឯង ព្រោះយើងបានឃើញពីរបៀបដែលព្រះជាម្ចាស់បានឆ្លើយតបនឹងសំណូមពរអធិស្ឋានរបស់អ្នកដទៃផងដែរ។
ក្នុងខណៈពេលដែលលោកអ្នកកំពុងតែអធិស្ឋានជាមួយនឹងអ្នកដទៃ លោកអ្នកមិនងាយបែកអារម្មណ៍នោះទេ ហើយ ម៉្យាងទៀត ព្រះគ្រីស្ទក៏បានសន្យាផងដែរថា ព្រះអង្គនឹងផ្គត់ផ្គង់ (ម៉ាថាយ ១៨:១៩) ដ្បិតព្រះវត្តមានរបស់ទ្រង់នឹងគង់នៅជាមួយនឹងយើង (ម៉ាថាយ ១៨:២០) គឺនៅពេលដែលយើងមានគ្នាចាប់ពី «ពីរ ទៅបីនាក់» ជួបជុំគ្នាដោយនៅក្នុងព្រះនាមរបស់ព្រះអង្គ។
៥. ការអធិស្ឋានដោយមានគោលបំណង
ការមានស្មារតីមិនមូលនឹងកាន់តែកើតមានឡើងថែមទៀត ប្រសិនបើយើងអធិស្ឋានដោយគ្មានគោលដៅជាក់លាក់ គ្មានខ្លឹមសារច្បាស់លាស់ ឬក៏មើលស្រាលសមត្ថភាពនៃការឆ្លើយតបសំណូមពរអធិស្ឋាន។ យើងខ្ញុំបានសម្គាល់ឃើញថា ប្រសិនបើយើងខ្ញុំបានរៀបចំពេលវេលាអធិស្ឋានឲ្យបានជាក់លាក់ នោះយើងខ្ញុំអាចបន្តផ្ដុំអារម្មណ៍ឲ្យមូលពេលយើងខ្ញុំអធិស្ឋាន។ ឧទាហរណ៍៖ យើងខ្ញុំនឹងរៀបរៀងការអធិស្ឋានតាមលំដាប់លំដោយ ដោយផ្ដោតទៅលើផ្នែកណាមួយនៃលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដោយបន្លឺថា «ឱ! ព្រះជាម្ចាស់អើយ! ថ្ងៃនេះទូលបង្គំបានឃើញពីភាពស្មោះត្រង់របស់ទ្រង់តាមរយៈ…» ឬក៏ យើងខ្ញុំអាចផ្ដោតនូវសេចក្ដីអធិស្ឋានរបស់យើងខ្ញុំទៅលើតម្រូវការណាមួយរបស់យើងខ្ញុំដោយបន្លឺឡើងថា «ឱ! ព្រះវរបិតាអើយ! ថ្មីៗនេះចិត្តទូលបង្គំហាក់បីដូចជាគ្មានធម៌មេត្តាអីសោះ….»។
ប្រសិនបើយើងមាននូវប្រធានបទ ឬការរៀបរាប់អធិស្ឋានដ៏ជាក់លាក់ក្នុងពេលដែលយើងអធិស្ឋាន នោះយើងនឹងពិតជាមិនងាយមានអារម្មណ៍អណ្ដែតអណ្ដូងទៅទីណាផ្សេងទេ។
លើសពីនោះទៅទៀត ប្រសិនបើលោកអ្នកតែងតែមានស្មារតីមិនមូលដែលបង្កឡើងដោយចំណុចច្រំដែលៗ ដែលចំណុចនោះនាំឲ្យលោកអ្នកបែកអារម្មណ៍រហូត នោះលោកអ្នកប្រហែលគួរគិតពិចារណា ហើយអធិស្ឋានសម្រាប់ការទាំងប៉ុន្មាននោះទៅ (មិនថាវាជាអ្វីក៏ដោយ) លោកអ្នកគួរអធិស្ឋានសម្រាប់ការទាំងនោះចុះ។ យើងអាចផ្លាស់ប្ដូរក្ដីរំខានទាំងនោះ ឲ្យក្លាយទៅជាឱកាស ដោយគាស់វាចេញពីជម្រៅដួងចិត្ត និងគំនិតរបស់យើង ដើម្បីឲ្យវាទៅជាការពង្រឹងដល់ជីវិតអធិស្ឋានរបស់យើងវិញ។ «ឱ! ព្រះអម្ចាស់អើយ! នៅថ្ងៃនេះ ទូលបង្គំកំពុងតែប្រឈមមុខទៅនឹងការមានស្មារតីមិនមូលខាងឯចិត្ដគំនិតដោយសារតែ______។ ទូលបង្គំសូមថ្វាយស្មារតីមិនមូលនេះទៅកាន់ព្រះអង្គ….»។
៦. ការអធិស្ឋានដោយមានមនោសញ្ចេតនា និងអារម្មណ៍
ប្រាកដណាស់! មនុស្សយើងពិតជាមាននូវសម្ពាធក្លែងបន្លំ ដែលតែងតែផុសឡើង—តាមរយៈទង្វើនៃឆន្ទៈរបស់យើង—ក្នុងការធ្វើឲ្យយើងមានចិត្ដហើយនាំឲ្យយើងគិតថាត្រូវមានអារម្មណ៍បែបនេះឬបែបនោះនៅពេលដែលយើងអធិស្ឋាន។ វាមិនមែនជាការល្អប៉ុន្មាននោះទេក្នុងការដែលយើងអនុញ្ញាតឲ្យអារម្មណ៍របស់យើងមកគ្រប់គ្រងលើយើងទាំងស្រុងនោះ ហើយវាក៏កាន់តែរឹតតែមិនល្អថែមទៀតក្នុងការដែលយើងអនុញ្ញាតឲ្យអារម្មណ៍របស់យើងមកត្រួតត្រា ឬក៏គ្រប់គ្រងលើឆន្ទៈរបស់យើង ដោយឲ្យអារម្មណ៍មានអធិបតេយ្យភាពខ្ពស់លើសឆន្ទៈរបស់យើង។ មានទម្លាប់ខ្លះៗ ដែលយើងអាចធ្វើបានយ៉ាងសកម្មជាមួយនឹងអារម្មណ៍របស់យើង (ជាជាងគ្រាន់តែទទួលយកអារម្មណ៍បែបនោះដោយអសកម្ម) ហើយការនោះវាប្រសើរត្រឹមត្រូវជាង ដែលលទ្ធផលវាអាចជួយយើងតយុទ្ធនឹងការដែលយើងមានអារម្មណ៍មិនមូល។
ឧទាហរណ៍៖ ស្ដេច ដាវីឌ បានជជែកសួរដេញដោល អំពីអារម្មណ៍របស់ផងទ្រង់ផ្ទាល់ដោយបន្លឺថា «ឱ! ព្រលឹងអញអើយ! ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ?» (ទំនុកតម្កើង ៤២:៥)។ ទ្រង់ក៏បានដង្ហោយស្រែកហៅលើអារម្មណ៍របស់ទ្រង់ថា « ឱ! ព្រលឹងអញអើយ! ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ!» (ទំនុកតម្កើង ១០៣:១)។ ហើយទ្រង់ក៏បានរកហេតុផលផ្ទាល់ខ្លួន ទាក់ទងទៅនឹងអារម្មណ៍របស់ទ្រង់ផងដែរ «ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា» (ទំនុកតម្កើង ២៧:១)។
ប្រសិនបើលោកអ្នកមានអារម្មណ៍មួយចំនួនដែលបណ្ដាលឲ្យលោកអ្នកមានស្មារតីមិនមូល (ឧទាហរណ៍៖ ភាពអផ្សុក? ក្ដីថប់បារម្ភ? ការគិតតែពីខ្លួនឯង?) ចូរតវ៉ាទៅកាន់ពួកវា ដូចដែលស្ដេច ដាវីឌ បានធ្វើអញ្ចឹង។ ចូរតយុទ្ធនឹងអារម្មណ៍វៀចវេរដោយប្រើប្រាស់ការវាយបកប្រឆាំង ដែលជាទង្វើនៃសេចក្ដីពិតតម្រូវឲ្យធ្វើនោះវិញ។
៧. ការអធិស្ឋានដោយប្រើប្រាស់ដំណឹងល្អ
យើងខ្ញុំធ្លាប់ឮមានពេលមួយដែលលោកគ្រូ ស៊ី. អេឆ. ស្ពើជិន (C.H. Spurgeon) បានផ្តល់ប្រឹក្សាដល់គ្រូអធិប្បាយមួយចំនួនថា ប្រសិនបើពួកគាត់ភ្លេចចំណុចក្នុងសេចក្ដីអធិប្បាយ ឬអ្វីដែលត្រូវនិយាយបន្តទៀត នោះចូរឲ្យគាត់ចាប់ផ្ដើមប្រកាសអំពីដំណឹងល្អហ្មងទៅ។ នេះគឺជាសភាវគតិដ៏ល្អមួយមែន ហើយយើងខ្ញុំជឿជាក់ថា វាក៏អាចជួយយើងក្នុងជីវិតនៃការអធិស្ឋានផងដែរ។ ប្រសិនបើរាល់គ្រប់ចំណុចទាំងអស់បរាជ័យ ហើយប្រសិនបើអារម្មណ៍មិនមូលនៅតែបន្តកើតឡើងដដែលៗ នោះចូរឲ្យយើងវិលបែរទៅរកដំណឹងល្អម្ដងហើយម្ដងទៀតវិញចុះ។ ជាញឹកញាប់ យើងខ្ញុំសង្កេតឃើញថា ការអធិស្ឋានដោយមានគម្រោងបែបដូចខាងក្រោមនេះ វាបានជួយដល់យើងខ្ញុំពិតមែន៖
១. ឱ! ព្រះអម្ចាស់យេស៊ូវអើយ! នេះគឺជាលក្ខណសម្បត្តិដែលទូលបង្គំនឹងមាន បើគ្មានព្រះអង្គ _________
២. ឱ! ព្រះអម្ចាស់យេស៊ូវអើយ! នេះគឺជាលក្ខណសម្បត្តិដែលទូលបង្គំនឹងមាន បើទូលបង្គំមានទ្រង់នៅក្នុងជីវិតរស់នៅរបស់ទូលបង្គំ __________
៣. ឱ! ព្រះអម្ចាស់យេស៊ូវអើយ! នេះគឺជាអ្វីដែលព្រះអង្គបានឆ្លងកាត់ ដើម្បីសម្រេចនូវសេចក្ដីទាំងនោះ__________
ដំណឹងល្អរបស់ព្រះយេស៊ូវនឹងមិនដែលផុតរលត់បាត់បង់ភាពរំភើប ភាពស្ញប់ស្ញែង និងអំណាចដ៏អស្ចារ្យនោះឡើយ។ ព្រះយេស៊ូវបានរំដោះយើងឲ្យចេញពីអំពើបាប សេចក្ដីស្លាប់ ហើយនិងសេចក្ដីហិនវិនាសដ៏នៅអស់កល្បជានិច្ច។ ព្រះអង្គបានទទួលយកយើងធ្វើជាកូនចិញ្ចឹមក្នុងគ្រួសាររបស់ទ្រង់នៅឯនគរស្ថានសួគ៌ ហើយព្រះអង្គក៏បានបំពាក់លើយើងនូវសេចក្ដីសុចរិតរបស់ទ្រង់ ព្រមទាំងបានអញ្ជើញយើងឲ្យមានចំណែករួមក្នុងសិរីល្អរបស់ទ្រង់ផងដែរ។ ព្រះអង្គផ្ទាល់បានសម្រេចការនេះដោយបង់ថ្លៃនូវតម្លៃដែលមិនអាចកាត់ថ្លៃបាន—ខណៈពេលដែលព្រះលោហិតរបស់ព្រះអង្គកំពុងតែស្រក់ហូរចេញពីសរសៃឈាមទ្រង់យ៉ាងយឺតៗ ក៏ដូចក្នុងខណៈពេលដែលព្រះអង្គរៀបនឹងដាច់ដង្ហើម ហើយនិងចំពេលដែលមិត្តនានារបស់ទ្រង់បានបោះបង់ចោលព្រះអង្គ ព្រមទាំងមានខ្មាំងសត្រូវមកសើចចំអកដាក់ទ្រង់ផង ហើយលើសពីនេះក្ដីស្រឡាញ់រវាងព្រះវរបិតា និងព្រះរាជបុត្រាត្រូវបានធ្លុះធ្លាយជាលើកដំបូងនៅក្នុងសម័យកាលនៃពេលវេលាផងនោះ។
យើងនឹងមិនងាយមានអារម្មណ៍រវើរវាយឡើយ នៅពេលដែលយើងផ្ដោតចិត្តគំនិតរបស់យើងទៅលើសេចក្ដីពិតដ៏អស្ចារ្យ ដោយគិតដល់ស្ថាននរក ស្ថានសួគ៌ និងគ្រានៅឯកាល់វ៉ារីនោះឡើយ។ ចូរផ្ដោតលើចំណុចទាំងអស់នេះនៅក្នុងជីវិតអធិស្ឋានរបស់លោកអ្នក នោះវានឹងជួយលោកអ្នកក្នុងការតយុទ្ធនឹងការមានស្មារតីមិនមូលជាមិនខាន។
មតិយោបល់
Loading…