in

មូល​ហេតុ​ប្រាំ​យ៉ាង​យើង​មិន​បង្កើត​សិស្ស (ភាគ១)

ប្រាំ​ពីរ​ឆ្នាំ​មុន​ទស្សនាវដ្ដី «គ្រីស្ទ​សាសនា​ថ្ងៃ​នេះ» (Christianity Today) បាន​សូម​ឲ្យ លោក ចន ស្កុត (John Stott) ធ្វើ​ការ​វាយ​តម្លៃ​លើ​ភាព​រីក​ចម្រើន​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ក្រុម​ជំនុំ។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​លោក៖

ចម្លើយ​គឺ «បរិមាណ​មាន​ការ​កើន​ឡើង តែ​គ្មាន​គុណ​ភាព» ក្នុង​ចំណោម​យើង គ្មាន​នរណា​ម្នាក់​ចង់​តវ៉ា​ជា​មួយ​នឹង​កំណើន​ដ៏​អស្ចារ្យ​នៃ​ក្រុម​ជំនុំ​ឡើយ។ ប៉ុន្តែ ភាគ​ច្រើន​ការ​ចម្រើន​ឡើង​ទាក់​ទង​ទៅ​នឹង​តួលេខ និង​ស្ថិតិ។ ដោយ​មិន​សូវ​មាន​ការ​ចម្រើន​ឡើង​ក្នុង​ការ​បង្កើត​សិស្ស​ដែល​មាន​ប្រសិទ្ធ​ភាព នោះ​ហើយ​ជា​ការ​ប្រៀប​បាន​ទៅ​នឹង​កំណើន​តែ​បរិមាណ។

គួរ​ឲ្យ​សោក​ស្ដាយ ប្រាំ​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ការ​ពិសោធន៍​នៅ​តែ​បន្ត​បង្ហាញ​​លទ្ធ​ផល​ដដែល។ ទោះ​បី​ជា​យើង​មាន​ការ​រីក​ចម្រើន​យ៉ាង​ធំ​ធេង ប្រៀប​នឹង​មហា​សមុទ្រ​ក្ដី ក៏​ភាគ​ច្រើន​វា​រាក់​ដូច​គ្រលុក​មួយ​ប៉ុណ្ណោះ។ ហេតុ​អ្វី? តើ​មាន​អ្វី​កើត​ឡើង?  ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ខ្ញុំ​នឹង​ណែ​នាំ​នូវ​មូល​ហេតុ​៥​យ៉ាង​យើង​មិន​បង្កើត​សិស្ស ឬ​បង្កើត​សិស្ស​មិន​បាន​ល្អ។

ប៉ុន្តែ ដំបូង​ឡើយ តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ដែល​ព្រះ​គម្ពីរ​ចែង​ពី​ការ​បង្កើត​សិស្ស? មាន​បទ​គម្ពីរ​ជា​ច្រើន ប៉ុន្តែ​បទ​គម្ពីរ​គន្លឹះ​គឺ​នៅ​ក្នុង ម៉ាថាយ ២៨:១៨-២០៖

ឯ​ព្រះ​យេស៊ូវ ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ​ថា «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជ​បុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង…»

ឥឡូវ​នេះ​សំណួរ​គឺ​ថា តើ​បទ​បញ្ជា («ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស…») អនុវត្ត​សម្រាប់​តែ​សិស្ស​ទាំង១១នាក់ ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ទេ​ឬ? តើ​គ្រប់​អស់​ទាំង​អ្នក​ជឿ​ត្រូវ​អនុវត្ត​ដែរ​ឬ​ទេ?

ពេល​ខ្លះ​ការ​កាត់​ស្រាយ​មួយ​ចំនួន​បរិយាយ​ពាក្យ «ចូរ​ទៅ»  ថា​បង្ហាញ​ពី​បទ​បញ្ជា ដែល​ខ​គម្ពីរ​នេះ​ហើយ​ជា​កត្តា​ជំរុញ​ចលនា​បេសកកម្ម​យុគ​សម័យ​ទំនើប​នេះ។ ប៉ុន្តែ ពាក្យ​គន្លឹះ​នៃ​ប្រយោគ​នោះ​គឺ​ថា «បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស» ឬ «បង្កើត​សិស្ស»។ មាន​គ្រូ​អត្ថាធិប្បាយ​ម្នាក់​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «ព្រះ​រាជ​បញ្ជា​របស់​ព្រះ​យេស៊ូវ​នៅ​ត្រង់​នេះ មិន​មែន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​បេសកកម្ម​នៅ​ឯ​ណា កន្លែង​ណា នៅ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ។ ជា​បទ​បញ្ជា​ឲ្យ​បង្កើត​សិស្ស​នៅ​ក្នុង​កាល​វិភាគ​ប្រចាំ​ថ្ងៃ​ធម្មតា ហើយ​ផ្ដល់​អាទិភាព​ខ្ពង់​ចំពោះ​ក្រុម​ជំនុំ ព្រម​ទាំង​អ្នក​ជឿ​ទាំង​ឡាយ»។

លោក ឌី. អេ. ខាសុន ធ្វើ​ការ​សន្និដ្ឋាន​ដូច​គ្នា​ថា៖

បទ​បញ្ជា​បាន​ផ្ដល់​មក​យ៉ាង​ហោច​ណាស់​សម្រាប់​សិស្ស​ទាំង១១ ប៉ុន្តែ​ក្នុង​នាម​អ្នក​ទាំង​១១ មាន​មុខ​ងារ​ជា​សិស្ស។ ពួក​គេ​បាន​ធ្វើ​ជា​គំរូ​សម្រាប់​អស់​គ្រប់​ទាំង​សិស្ស…វា​គឺ​ជា​ការ​ចង​ភ្ជាប់​រាល់​សាវ័ក​របស់​ព្រះ​យេស៊ូវ​ទាំង​អស់​ឲ្យ​បង្កើត​ឲ្យ​មាន​សិស្ស​ផ្សេង​ទៀត ដែល​មាន​លក្ខណៈ​ជា​របស់​ពួក​គេ ដែល​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។

នេះ​ជា​អ្វី​ដែល​នាំ​ខ្ញុំ​ទៅ​កាន់​សំណួរ​ដ៏​ពិបាក​មួយ។ បើ​សិន​ជា​ព្រះ​អម្ចាស់​យេស៊ូវ​ផ្ទាល់​បាន​បង្គាប់​ឲ្យ​អ្នក​ជឿ​ទាំង​អស់​ឲ្យ «បង្កើត​សិស្ស» ហេតុ​អ្វី​បាន​ជា​គ្រប់​គ្នា​មិន​ធ្វើ​ដូច្នេះ? តើ​មាន​កត្តា​អ្វី​ខ្លះ​រារាំង​ក្រុម​ជំនុំ​មិន​ឲ្យ​ក្លាយ​ជា​សហគមន៍​ដែល​ឆេះ​ឆួល​ក្នុង​ការ​បង្កើត​សិស្ស?

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ណែនាំ​មូល​ហេតុ​៥យ៉ាង មួយ​នៅ​ពេល​នេះ ហើយ​បួន​ទៀត​នៅ​កាឡោន​ខាង​មុខ​ទៀត។

ហេតុ​អ្វី​យើង​មិន​បង្កើត​សិស្ស? ព្រោះ​យើង​បន្ទាប​តម្លៃ​ព្រះ​គុណ​នៅ​ពេល​ដែល​យើង​អធិប្បាយ

លោក​អ្នក​នឹង​ចាំ​ពី​លោក​គ្រូ ដេទ្រិខ ប៊ុនហូហ្វ័រ (Dietrich Bonhoeffer) ជា​គ្រូ​គង្វាល​ជន​ជាតិ អាល្លឺម៉ង់ និង​ជា​សាស្ត្រាចារ្យ​ទេវ​សាស្ត្រ​មួយ​រូប។ លោក​បាន​កំណត់​អត្ថន័យ​នៃ​ការ​បន្ទាប​តម្លៃ​នៃ​ព្រះ​គុណ​បែប​នេះ៖  «ការ​បន្ទាប​តម្លៃ​នៃ​ព្រះ​គុណ គឺ​ជា​ការ​អធិប្បាយ​ពី​ការ​អត់​ទោស ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​កែ​ប្រែ​ចិត្ត​គំនិត ទទួល​ពិធី​ជ្រមុជ​ទឹក ដោយ​មិន​មាន​ការ​បង្រៀន​ត្រឹម​ត្រូវ​ពី​ក្រុម​ជំនុំ។ ទទួល​ពិធី​លៀង​ព្រះ​អម្ចាស់ ដោយ​មិន​មាន​ការ​លន់​តួ។ ព្រះ​គុណ​ដែល​មាន​តម្លៃ​ទាប គឺ​ជា​ព្រះ​គុណ​ដែល​គ្មាន​ការ​បង្កើត​សិស្ស ព្រះ​គុណ​ដែល​គ្មាន​ឈើ​ឆ្កាង ព្រះ​គុណ​ដែល​គ្មាន​ព្រះ​យេស៊ូវ​គ្រីស្ទ»  (The Cost of Discipleship «ការ​បង់​ថ្លៃ​នៃ​ការ​បង្កើត​សិស្ស», ទំព័រ៤៣-៤៤)។

តើ​មនុស្ស​ឮ​អ្វី​នៅ​ពេល​ដែល​គេ​ប្រ​កាស​ដំណឹង​ល្អ​នៅ​ក្នុង​ក្រុម​ជំនុំ​ក្នុង​តំបន់​របស់​លោក​អ្នក? តើ​ពួក​គេ​ឮ​ថា «ជា​ការ​ពិត​ណាស់ លោក​អ្នក​បាន​ប្រព្រឹត្ត​បាប។ ប៉ុន្តែ​ឥឡូវ​នេះ​អ្វីៗ​ទាំង​អស់​បាន​អត់​ទោស​ឲ្យ​ហើយ។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​លោក​អ្នក។ ដូច្នេះ អ្វីៗ​ទាំង​អស់​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ»។

វា​មិន​ថ្វី​នោះ​ទេ ដរាប​ណា​នៅ​ទៅ​មុខ​បាន។ ប៉ុន្តែ វា​ទៅ​មិន​បាន​ឆ្ងាយ​នោះ​ទេ។ បញ្ហា​នោះ​គឺ​ថា ដំណឹង​ល្អ​នេះ​មិន​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើត​សិស្ស​ឡើយ។ មិន​តម្រូវ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត។ មិន​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​ភាព​បរិសុទ្ធ។ តើ​វា​មិន​ផ្ទុយ​ពី​ព្រះ​បន្ទូល​ទូន្មាន​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៨:៣៤ ទេ​ឬ? «អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ»។

ដូច​ដែល​យើង​ធ្លាប់​ឮ​គេ​និយាយ​ថា ព្រះ​គុណ​អាច​នឹង​ឥត​គិត​ថ្លៃ តែ​វា​មិន​មែន​បាន​មក​ដោយ​ទទេៗ​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​លះ​ព្រះ​ជន្ម​ទ្រង់ ហើយ​យើង​នឹង​បង់​ថ្លៃ​ដោយ​ជីវិត​របស់​យើង​ផង​ដែរ ប្រសិន​បើ​យើង​ចង់​ដើរ​តាម​ព្រះ​អង្គ។ កិច្ច​ការ​នេះ គឺ​សម្រាប់​គ្រប់​គ្នា ប៉ុន្តែ​មាន​តែ​អស់​អ្នក​ណា​ដែល​ស្ដាប់​បង្គាប់​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ដែល​ហ៊ាន លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន ដែល​ទទួល​បាន។

ហើយ​សំណួរ​នោះ​គឺ​ថា តើ​យើង​កំពុង​តែ​បង្រៀន​ដំណឹង​ល្អ​នេះ​នៅ​ក្នុង​ក្រុម​ជំនុំ​ក្នុង​តំបន់​របស់​យើង​ដែរ​ឬទេ? តើ​ដំណឹង​ល្អ​របស់​យើង​តម្រូវ​ឲ្យ​មាន​បង្កើត​សិស្ស​ដែរ​ឬ​ទេ?  ឬ​​តើ​យើង​គ្រាន់​តែ​ក្អក​ឮៗ​ទៅ​លើ​កណ្ឌ​គម្ពីរ ម៉ាកុស ៨:៣៤ ហើយ​ទម្លាក់​កំហុស​លើ​តួ​អក្សរ​តូចៗ ដោយ​សង្ឃឹម​ថា នឹង​គ្មាន​នរណា​ចាប់​អារម្មណ៍​រហូត​ទាល់​តែ​គេ​ចុះ​ហត្ថលេខា​នៅ​លើ​បន្ទាត់​ខ្មៅ​នៅ​ខាង​ចុង​ក្រដាស​នោះ​រួច​មែន​ទេ? តើ​យើង​បន្ទាប​តម្លៃ​នៃ​ការ​បង្កើត​សិស្ស ដើម្បី​ឲ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ទិញ​វា​មែន​ទេ?

សំណួរ​ពាក់​ព័ន្ធ​មួយ​ផ្សេង​ទៀត៖ តើ​យើង​និយាយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ថា «ឥត​លក្ខខណ្ឌ» មែន​ដែរ​ឬ​ទេ? បើ​ដូច្នោះ​មែន យើង​បាន​ចូល​រួម​​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​ការ​បន្ទាប​តម្លៃ​នៃ​ព្រះ​គុណ​ព្រះ​ហើយ។ ពី​ព្រោះ​មែន​ទែន​ទៅ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​មិន​មែន​ឥត​លក្ខខណ្ឌ​នោះ​ទេ។ សូម​ស្ដាប់​នូវ​អ្វី​ដែល​លោក ឌេវីដ  ប៉ូវលិសុន (David Powlison) និយាយ​នៅ​ត្រង់​នេះ​ថា៖ «ជា​ការ​ពិត​ដែល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ មិន​អាស្រ័យ​លើ​អ្វី​ដែល​លោក​អ្នក​ធ្វើ គឺ​វា​អាស្រ័យ​លើ​អ្វី​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​លោក​អ្នក​វិញ។ ហេតុ​នេះ​ហើយ គឺ​វា​មាន​លក្ខខណ្ឌ​យ៉ាង​ខ្ពស់។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​ដោយ​ព្រះ​ជន្ម​ទ្រង់ (សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់៖ ប្រសើរ​ជាង​ក្ដី​ស្រឡាញ់​ដែល​ឥត​លក្ខខណ្ឌ ១១)»។

បើ​សិន​យើង​ខក​ខាន​ក្នុង​ការ​បង្រៀន​អំពី «លក្ខខណ្ឌ» នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ យើង​មុខ​ជា​បាន​បន្ទាប​តម្លៃ​នៃ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់​ហើយ។ ជា​ព្រះ​គុណ​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់ គ្រាន់​តែ​នៅ​ស្ងៀម​ទ្រឹង។ ជា​ព្រះ​គុណ​ដែល​មិន​អាច​មាន​ចលនា គឺ​ស្ពឹក។

ដំណឹង​ល្អ​មិន​មែន​ជា​លក្ខខណ្ឌ​ដែល​ថា (បើ​អ្នក​ធ្វើ​តាម​យើង យើង​នឹង​ស្រឡាញ់​ឯង) នោះ​ទេ។ ប៉ុន្តែ​ដំណឹង​ល្អ​ក៏​មិន​មែន​ឥត​លក្ខខណ្ឌ​ដែល​ថា (យើង​ស្រឡាញ់​ឯង​មិន​ថា​ឯង​ធ្វើ​តាម​យើង ឬ​ក៏​អត់​ក្ដី) នោះ​ដែរ។ ដំណឹង​ល្អ​ដំណើរ​ការ​ដោយ​កញ្ចាប់​ពី​ប្រ​ភេទ​នៃ​លក្ខខណ្ឌ​ទាំង​នេះ​គឺ​ថា (យើង​ស្រឡាញ់​ឯង បើ​ទោះ​បី​ជា​ឯង​មិន​ទាន់​ស្រឡាញ់​យើង​ក្ដី ព្រោះ​បុត្រា​របស់​យើង​បាន​ធ្វើ​សម្រាប់​ឯង​រួច​ហើយ)។ ហើយ​ដោយ​សារ​ការ​ស្ដាប់​បង្គាប់​របស់​ព្រះ​បុត្រា​ជំនួស​យើង បាន​ធ្វើ​ឲ្យ​យើង​ចេះ​​ស្រឡាញ់ ហើយ​និង​ស្ដាប់​បង្គាប់។ ដូច​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ» (យ៉ូហាន ១៤:១៥)។

ក្ដី​បារម្ភ​របស់​ខ្ញុំ​នោះ​គឺ​ថា ក្ដី​បំណង​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ ដែល​ចង់​បាន «ការ​សម្រេច​ចិត្ត» ពី​មនុស្ស អាច​នឹង​ធ្វើ​ឲ្យ «ការ​សម្រេច​ចិត្ត» របស់​មនុស្ស​ជា​ច្រើន​នោះ​ទៅ​ជា​អសារ​ឥត​ការ។ វា​ជា​ការ​មួយ​បើ​គ្រាន់​តែ «អធិស្ឋាន​ថ្វាយ​ខ្លួន» តែ​តាម​ពិត​ទៅ​គឺ​ជា ការ​ប្រែ​ចិត្ត ហើយ​ជឿ​មួយ​ជីវិត​នោះ​សំខាន់​ជាង។ វា​ងាយ​ស្រួល​ក្នុង​​ការ​បង្ហាញ​លក្ខណៈ​ខាង​ក្រៅ​នៃ​សេចក្ដី​ជំនឿ ជា​ជាង​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដើរ​តាម​មាគ៌ា​នៃ​ការ​លះ​បង់​លើ​ភ្នំ​កាល់វ៉ារី។

តើ​យើង​ធ្វើ​ដូច​ម្ដេច​ទើប​អាច «លើក​តម្លៃ​ព្រះ​គុណ»?

ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប (បើ​ខ្ញុំ​និយាយ​បែប​នេះ​វិញ​ចុះ) ធ្វើ​ឲ្យ​ព្រះ​គុណ​កាន់​តែ​មាន​តម្លៃ?

ទី១ នៅ​ពេល​ដែល​យើង​ប្រកាស​ដំណឹង​ល្អ វា​គឺ​កំពុង​តែ​ល្បួង​យើង​ឲ្យ​ប្រកាស​តែ​ពី​អត្តសញ្ញាណ និង​បេសកកម្ម​របស់​ព្រះ​យេស៊ូវ (ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះ​រាជបុត្រ​នៃ​ព្រះ ហើយ​ព្រះ​អង្គ​បាន​សុគត​សម្រាប់​មនុស្ស​មាន​បាប​ដូច​ជា​អ្នក)។ ប៉ុន្តែ យើង​ត្រូវ​តែ​ប្រកាស​ផង​ដែរ​ពី​ការ​ត្រាស់​ហៅ​របស់​ទ្រង់៖ «នោះ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ»
(ម៉ាកុស ៨:៣៤)។

ចូរ​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​សមាជិក​ក្រុម​ជំនុំ​របស់​យើង​មាន​ចិត្ត​សង្ស័យ​ឡើយ៖ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់​គួរ​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​លក្ខណៈ​នៃ​ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន។ នោះ​មាន​ន័យ​ថា នៅ​ពេល​យើង​ប្រកាស​ដំណឹង​ល្អ យើង​មិន​ត្រូវ​ភ្លេច​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​ប្រកាស​ប្រាប់​ពី​មាគ៌ា​របស់​ព្រះ​យេស៊ូវ​ផ្ទាល់។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​មនុស្ស​ឲ្យ​ប្រែ​ចិត្ត ហើយ​ទន្ទឹម​ជា​មួយ​គ្នា​នោះ​ឲ្យ​គេ​ជឿ​ដំណឹង​ល្អ​ចុះ (ម៉ាកុស ១:១៥)។ ទាំង​ពីរ​នេះ គឺ​មិន​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។ យើង​មាន​កន្លែង​ផ្ទុក​បំបែក​ការ​ទាំង​ពីរ​នេះ​ចេញ​ពី​គ្នា​នៅ​ក្នុង​ការ​អធិប្បាយ​របស់​យើង ប្រៀប​ដូច​ជា «ការ​ជឿ» ចាំ​បាច់​ក្នុង​ការ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ ហើយ​បន្ទាប់​មក «ការ​ប្រែ​ចិត្ត» គឺ​ជា​ជម្រើស​បន្ថែម​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែល​ពិត​ជា​ឆេះ​ឆួល​ប៉ុណ្ណោះ។ ទាំង​ពីរ​នេះ គឺ​មិន​មាន​ករណី​លើក​លែង​ទេ។

ទី២ នៅ​ពេល​មាន​គេ​សួរ​យើង​ថា តើ​ពួក​គេ​អាច​ដឹង​យ៉ាង​ប្រាកដ​ពី​លក្ខណៈ​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យ៉ាង​ពិត​ប្រាកដ​យ៉ាង​ដូចម្ដេច នោះ​សូម​កុំ​ឲ្យ​ចង្អុល​ទៅ​កាន់​តែ​ការ​អធិស្ឋាន​ថ្វាយ​ខ្លួន ឬ​ក៏​ការ​ឆ្លើយ​តប​ដោយ​ដើរ​ទៅ​ថ្វាយ​ខ្លួន​នៅ​មុខ​អាសនៈ។ បទ​គម្ពីរ​ដែល​បញ្ជាក់​នោះ​គឺ ជា​ការ​បន្ត​ដើរ​តាម​ផ្លូវ​នៃ​ភ្នំ​កាលវ៉ារី ផ្លូវ​ដែល​ឆ្លង​កាត់​ភាព​អាម៉ាស់ ហើយ​បង្កើត​ផល​ដែល​សំណំ​នឹង​សេចក្ដី​ប្រែ​ចិត្ត​នោះ​ចុះ (ម៉ាថាយ ៣:៨)។

ព្រះ​គុណ​ដែល​មាន​តម្លៃ​ទាប​ប្រហែល​ជា​ងាយ​ស្រួល «ទិញ» ប្រហែល​ជា​ជួយ​ឲ្យ​ក្រុម​ជំនុំ​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ​យើង​នឹង​មើល​ឃើញ​ពួក​គេ​ជា​ច្រើន ជា​មនុស្ស​ដែល​មិន​មែន​បំពេញ​ដោយ​ភាព​ជា​សិស្ស មិន​មែន​ជា​អ្នក​ដែល​មាន​ចំណង់​ចង់​ក្លាយ​ជា​សិស្ស​ពិត​ប្រាកដ ហេតុ​ដូច្នោះ​ហើយ​គេ​គ្មាន​បំណង​ចិត្ត​ក្នុង​ការ​បង្កើត​សិស្ស​ជា​មួយ​អ្នក​ផ្សេង​ទៀត​ឡើយ។ យើង​នឹង​បង្កើត​ឲ្យ​មាន​វប្បធម៌​មួយ ដែល​ការ​បង្កើត​សិស្ស​មិន​សូវ​សំខាន់។

សូម​ចុច​នៅ​ត្រង់​នេះ​សម្រាប់​ភាគទី២, ភាគទី៣, ​ភាគទី៤ ​នៃ​មេរៀន។

សូម​ចុច​នៅ​លើ​ត្រង់​នេះ​សម្រាប់​ផ្នែក​ទី២​នៃ​មេរៀន​នេះ។
និពន្ធ​ដោយ៖ Barry Cooper
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង
និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​ហាក់​ដូច​ជា​មិន​ច្បាស់? ៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី៣

ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​អំណាច​នៃ​ព្រះ​នាម​ព្រះ​យេស៊ូវ?