in

ហេតុ​ផល​៥​យ៉ាង​យើង​មិន​បង្កើត​សិស្ស (ភាគ៤)

ក្នុង​ការ​បង្ហោះ​បី​ចុង​ក្រោយ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​លើក​ឡើង​ពី​ហេតុ​ផល​៤​យ៉ាង យើង​មិន​បង្កើត​សិស្ស ដ្បិត​វា​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។

ហេតុ​ផល​ទី៥ ហើយ​ជា​ហេតុផល​ចុង​ក្រោយ​យើង​មិន​បង្កើត​សិស្ស ជា​បញ្ហា​​នៅ​ខាង​ក្រោម​នៃ​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​សរសេរ​កន្លង​មក៖ ក្រុម​ជំនុំ​របស់​យើង​បាន​ខ្មាស​នឹង​ដំណឹង​ល្អ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​ជឿ​ឲ្យ​រួច​ចំពោះ​ដំណឹង​ល្អ។

ថ្មីៗ​នេះ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​អធិប្បាយ​នៅ​ក្រុម​ជំនុំ​មួយ​នៅ​ខេត្ត​មួយ។ ចំនួន​មនុស្ស​បាន​ធ្លាក់​ចុះ​ជា​គំហុក ដូច្នេះ​ក្រុម​ជំនុំ​បាន​នឹង​កំពុង​តែ​បង្កើន​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យុវវ័យ​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់។ ពួក​គេ​បាន​បន្ថែម​វេន​ថ្វាយ​បង្គំ​នៅ​ម៉ោង​ដែល​ងាយ​ស្រួល អញ្ជើញ​គ្រូ​អធិប្បាយ​មក​ពី​ពាស​ពេញ​ផ្ទៃ​ប្រទេស ចំណាយ​ថវិកា​ក្នុង​ការ​ផ្សព្វ​ផ្សាយ ហើយ​ពួក​គេ​ត្រូវ​ជួល​ក្រុម​ដឹក​នាំ​ថ្វាយ​បង្គំ​ទៀត​ផង។

ខ្ញុំ​បាន​ចំណាយ​ពេល​ជជែក​លេង​ជា​មួយ​សមាជិក​ក្រុម​ជំនុំ​ដែល​ពេញ​ដោយ​អំណរ​ម្នាក់​អំពី​ការ​បដិសេធ​មិន​ចូល​រួម​របស់​ក្រុម​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​របស់​ពួក​គេ។ ខ្ញុំ​ក៏​និយាយ​ថា «នេះ​អាច​ជា​សំណួរ​រសើប​មួយ»  «ប៉ុន្តែ ចុះ​ការ​អធិប្បាយ​ពី​ដំណឹង​ល្អ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ដែរ?» ការ​ឆ្លើយ​តប​របស់​គាត់​បញ្ចេញ​មក​ថា ដឹង​តែ​និយាយ​មិន​ចេញ ហើយ​បាន​ត្រឹម​ញញឹម​ដោយ​ភាព​អៀន​ខ្មាស​យ៉ាង​ខ្លាំង។ រួច​គាត់​និយាយ​ថា «មែន​ហើយ»  «យើង​ត្រូវ​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​បាន»។

វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​របស់​លោក ម៉ាទីន ឡដ-ចូន៍ ( Martin Lloyd-Jones)៖ បើ​សិន​យើង​មិន​អាច​ប្រកាស​ដំណឹង​ល្អ​ពេញ​លេញ​ទៅ​កាន់​ក្រុម​ជំនុំ​ទេ នោះ​ចូរ​ទុក​ឲ្យ​ពួក​គេ​នៅ​ទទេ​ចុះ»។ ហេតុ​អ្វី​ទៅ? ពី​ព្រោះ​តែ​ក្រុម​ជំនុំ​ដែល​ពេញ​ដោយ​សារ​កម្មវិធី ការ​ធ្វើ​ទីផ្សារ ឬ​តន្ត្រី គឺ​ជា​ក្រុម​ជំនុំ​ដែល​មិន​ពេញ​ដោយ​ការ​បង្កើត​សិស្ស​នោះ​ឡើយ។

ជា​ការ​ពិត ដែល​កិច្ច​ការ​ទាំង​បី​នេះ​អាច​នឹង​នាំ​ឲ្យ​កើន​ចំនួន​មនុស្ស​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ណា​មួយ។ ប៉ុន្តែ ដូច​ដែល​លោក ម៉ាក ដិវើរ (Mark Dever) បាន​សរសេរ​ហើយ​ថា៖ «ការ​ចម្រើន​ឡើង​នៃ​ក្រុម​ជំនុំ​ក្នុង​សញ្ញា​ថ្មី មិន​មែន​ផ្ដោត​តែ​ទៅ​លើ​ចំនួន​ប៉ុណ្ណោះ​ទេ។ ទោះ​បើ​សិន​ជា​ក្រុម​ជំនុំ​របស់​លោក​អ្នក​កើន​ចំនួន​ធំ​ជាង​ប៉ុន្មាន​ឆ្នាំ​មុន​យ៉ាង​ណា​ក្ដី តើ​នោះ​មាន​ន័យ​ថា ក្រុម​ជំនុំ​របស់​លោក​អ្នក​មាន​សុខ​ភាព​ល្អ​ឬ? វា​មិន​ចាំ​បាច់​ត្រូវ​តែ​បែប​ដូច្នោះ​ទេ» (៩ចំណុច​នៃ​ក្រុម​ជំនុំ​មាន​សុខ​ភាព​ល្អ ទំព័រ២០១-២០២)។

«ការ​ចម្រើន​ឡើង» ដោយ​គ្មាន​ភាព​ជាប់​លាប់​នៃ​ការ​បង្រៀន​ពី​ដំណឹង​ល្អ​ដោយ​ស្មោះ​ត្រង់ គឺ​ជា​ការ​រីក​ចម្រើន​ដោយ​មិន​មាន​ការ​ចាក់​ឫស​ជ្រៅ​ឡើយ។ ធំ​ដូច​ជា​មហា​សមុទ្រ តែ​រាក់​ដូច​ជា​ថ្លុក​ភក់។ ប្រ​សិន​បើ​យើង​ចង់​ឲ្យ​បាន​ធំ ហើយ​ជ្រៅ នោះ​គ្មាន​អ្វី​អាច​ជំនួស​ពី​ការ​បង្រៀន​ដោយ​ផ្ដោត​លើ​ដំណឹង​ល្អ​គ្រប់​ជ្រុង​ជ្រោយ និង​ការ​ពិភាក្សា​អំពី​ដំណឹង​ល្អ​ឡើយ។

ចំណុច​មួយ​ចុង​ក្រោយ។ សូម្បី​តែ​ក្រុម​ជំនុំ​ដែល​ប្រកាស​ថា «ខ្លួន​មាន​ដួង​ចិត្ត​សម្រាប់​បុព្វ​ហេតុ​នៃ​ដំណឹង​ល្អ» ឬ «ដំណឹង​ល្អ​គឺ​ជា​ចំណុច​ចម្បង» ក្ដី ក៏​ពួក​គេ​ដាក់​ដំណឹង​ល្អ​នៅ​កំបាំង​ពេក ដែល​មិន​អាច​ឲ្យ​អ្នក​ផ្សេង​ទៀត​មើល​ឃើញ​ពី​លក្ខណៈ​ពិត​ប្រាកដ​នៃ​ដំណឹង​ល្អ។

ប្រហែល​ជា​យើង​រក​មើល​ឈ្មោះ «ដំណឹង​ល្អ» ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង និង​ដក​ស្រង់​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ ប៉ុន្តែ យើង​អាច​នឹង​មិន​អាច​ទៅ​ណា​ឆ្ងាយ ដោយ​រម្លឹក​គ្នា​អំពី​ថា តើ​ព្រះ​យេស៊ូវ​ជា​នរណា ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​ទាំង​នោះ​មាន​អត្ថន័យ​យ៉ាង​ដូច​ម្ដេច​ចំពោះ​យើង។ ផ្ទុយ​ទៅ​វិញ យើង​ប្រហែល​ជា​ជឿ​លើ​ដំណឹង​ល្អ​ដោយ​អសារ​ឥត​ការ ជា​ជាង​ដែល​ប្រកាស​អំពី​ដំណឹង​ល្អ​នោះ។

ខ្ញុំ​សង្ឃឹម​ថា មាន​តែ​ខ្ញុំ​ម្នាក់​ចុះ តែ​ខ្ញុំ​បាន​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រកាស​ខ្លួន​គេ​ថា ជឿ​លើ​ព្រះ​បន្ទូល និង​ដំណឹង​ល្អ។ កាល​ពី​វិស្សមកាល​ថ្មីៗ​នេះ​របស់​ខ្ញុំ​នៅ​ប្រទេស​មួយ ខ្ញុំ​មាន​អភ័យ​ឯក​សិទ្ធិ​ដែល​បាន​ចូល​រួម​ការ​ជួប​ជុំ​ក្រុម​តូច​ដ៏​កក់​ក្ដៅ​មួយ​នៃ​ក្រុម​ជំនុំ​ធំ និង​លម្អ​ដ៏​ល្អ​ប្រពៃ​មួយ។ គ្រូ​គង្វាល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​យ៉ាង​ខ្លាំង ហើយ​ថ្លែង​ដោយ​សោក​ស្ដាយ​ថា៖ «សព្វ​ថ្ងៃ​នេះ ខ្ញុំ​បារម្ភ​ណាស់ យើង​មិន​សូវ​មាន​យុវជន​ចូល​រួម​ជា​មួយ​យើង​ច្រើន​នោះ​ទេ» ខណៈ​ដែល​អធិប្បាយ​នៅ​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ជំពូក៣ អំពី​ភាព​បោក​បញ្ឆោត​នៃ​ទ្រព្យ​សម្បត្តិ។ អ្វី​ដែល​លោក​បាន​និយាយ​គឺ​ត្រឹម​ត្រូវ​ណាស់ ប៉ុន្តែ​អ្វី​ដែល​នៅ​មិន​បាន​និយាយ​ចេញ​មក នោះ​ពិត​ជា​គួរ​ឲ្យ​គួរ​ខ្លាច​ណាស់។

លោក ឌី. អេ ខាសិន (D. A. Carson) បាន​ធ្វើ​ការ​សរសេរ​យ៉ាង​សាមញ្ញ​សម្រាប់​លោក​អ្នក​ពី​សេចក្ដី​នេះ៖

ចំណុច​ជាក់​លាក់​មួយ​ចំនួន​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​នៅ​លោក​ខាង​លិច មាន​ទំនោរ​ផ្ដោត​លើ​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​នៃ​លក្ខណៈ​មិន​សំខាន់ៗ​មួយ​ចំនួន។ តាម​រយៈ​ការ​វិភាគ​របស់ [មិត្ត​រួម​ការ​ងារ​របស់​ខ្ញុំ​ម្នាក់]…លោក​បណ្ឌិត ប៉ុល ហ៊ីប៊ឺត ( Dr. Paul Hiebert) ដែល​មាន​ប្រវត្តិ​ចេញ​មក​ពី​ក្រុម មិនណូណៃ (Mennonite) បាន​ធ្វើ​ការ​សង្កេត​ទៅ​លើ​កេរ្តិ៍ដំណែល​នៃ​ដំណឹង​ល្អ ដោយ​ទទួល​ស្គាល់​ថា មាន​ការ​បំភ្លៃ​ដោយ​សាមញ្ញ ប៉ុន្តែ​ក៏​នៅ​តែ​ជា​ចំណុច​ដែល​មាន​ប្រយោជន៍​មួយ​ដែរ។ មាន​ជំនាន់​មនុស្ស​ពី​ក្រុម​មិនណូណៃ​បាន​ជឿ​លើ​ដំណឹង​ល្អ ហើយ​ប្រកាន់​ភ្ជាប់​ថា​មាន​ចំណុច​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​សង្គម សេដ្ឋកិច្ច និង​ការ​អនុវត្តន៍​គោល​នយោបាយ​របស់​ពួក​គេ។ ហើយ​មនុស្ស​ជំនាន់​បន្ទាប់​ក៏​បាន​ជឿ​លើ​ដំណឹង​ល្អ​ច្បោលៗ ប៉ុន្តែ​ដាក់​អាទិភាព​លើ​ការ​អនុវត្តន៍​ដំណឹង​ល្អ​នេះ។ មនុស្ស​ជំនាន់​បន្ទាប់​បាន​បដិសេធ​ដំណឹង​ល្អ​ផ្ទាល់​ថែម​ទៀត ដោយ​ដាក់​អាទិភាព​លើ​ការ​អនុវត្តន៍​ទាំង​ស្រុង។ ដោយ​សន្មត​លើ​ទស្សនៈ​បែប​នេះ​សម្រាប់​ការ​ផ្សាយ​ដំណឹង​ល្អ យើង​អាច​សន្មត​ថា ភាគរយ​ដ៏​ធំ​មួយ​លើ​ចលនា​នេះ​ស្ថិត​នៅ​ក្នុង​ជំនាន់​ទី​ពីរ ដោយ​មាន​មនុស្ស​មួយ​ចំនួន​កំពុង​តែ​លង់​ចូល​ជំនាន់​ទី​បី។

នេះ​មិន​មែន​ជា​ការ​ទទូច​សុំ​ដំណឹង​ល្អ​ដោយ​គ្មាន​ផល​ប៉ះ​ពាល់​ផ្សេងៗ​ដល់​សង្គម​ឡើយ។ យើង​អាន​ដោយ​ប្រាជ្ញា​នៃ​ការ​សើរើ​ឡើង​វិញ​យ៉ាង​ធំ​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​ការ​សើរើ​ឡើង​វិញ​នេះ​ក៏​កើត​មាន​នៅ​អាមេរិក និង​ព័ន្ធ​កិច្ច​ដ៏​អស្ចារ្យ​របស់​លោក ហូវែល ហារីស (Howell Harris) ជច វ៉ៃ​ហ្វៀល (George Whitefield) បង​ប្អូន​ប្រុសៗ​របស់​លោក វែសលី (Wesley) ព្រម​ទាំង​អ្នក​ផ្សេង​ទៀត។ ជា​ការ​រម្លឹក​ដល់​យើង បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់ ដោយ​សារ​ការ​តស៊ូ​ផ្លាស់​ប្ដូរ​របស់​ពួក​គេ​បាន​បណ្ដាល​ឲ្យ​មាន​ការ​លុប​បំបាត់​របប​ទាសភាព ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ដឹក​នាំ​ច្បាប់ បង្កើត​សហព័ន្ធ​ជំនួញ ផ្លាស់​ប្ដូរ​ពន្ធ​ធានា​គារ រំដោះ​កុមារ​ឲ្យ​មាន​សិទ្ធិ​សេរី​ភាព​ជា​ដើម។ សង្គម​ទាំង​មូល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ដោយ​សារ​ក្រុម​មនុស្ស​ប្រុស​ស្រី (បុរស ស្ត្រី) ដែល​មើល​ឃើញ​ថា ជីវិត​នេះ​ត្រូវ​តែ​រស់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ជា​ម្ចាស់ និង​ដែល​បាន​ជា​ទី​គាប់​ព្រះ​ទ័យ​ទ្រង់។

ប៉ុន្តែ អ្វី​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​នោះ​គឺ ទាំង​បុរស និង​ស្ត្រី​ទាំង​នេះ​បាន​ដាក់​អាទិភាព​ដំណឹង​ល្អ​ជា​ទី​មួយ។ ពួក​គេ​អរ​សប្បាយ​ក្នុង​ដំណឹង​ល្អ គេ​ប្រកាស​ដំណឹង​ល្អ សាទរ​នឹង​ការ​អាន​ព្រះ​បន្ទូល ហើយ​តាំង​សញ្ញា​ថា ព្រះ​គ្រីស្ទ និង​ដំណឹង​ល្អ​គឺជា​ចំណុច​ស្នូល ហើយ​ចាប់​តាំង​ពី​មូល​ដ្ឋាន​រហូត​សាយ​ភាយ​ចេញ​ទៅ​ពាស​ពេញ​​សង្គម​ទាំង​មូល។ ជា​រួម​មក ពួក​គេ​ដាក់​អាទិភាព​ដំណឹង​ល្អ​ជា​ទី​មួយ​មិន​មែន​ជា​កិច្ច​ការ​តូច​តាច​សម្រាប់​ការ​បញ្ឆេះ​ដួង​ចិត្ត​របស់​ពួកគេ​ឡើយ។ ការ​មើល​មិន​ឃើញ​ពី​ការ​ដាក់​អាទិភាព​នេះ មាន​ន័យ​ថា យើង​មិន​ខុស​គ្នា​ណាស់​ណា​ទៅ​នឹង​ជំនាន់​មនុស្ស​ដែល​បដិសេធ​ដំណឹង​ល្អ​ឡើយ (២៦-២៧ ការ​កាត់​ស្រាយ​របស់​ខ្ញុំ​ផ្ទាល់)។

បើ​សិន​ជា​ការ​អង្កេត​របស់​លោក ខាសិន ត្រឹម​ត្រូវ នោះ​យើង​មិន​ត្រឹម​តែ​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​ក្រុម​ជំនុំ ដែល​យើង​ជួប​ជុំ​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ជំនាន់​បន្ទាប់​នៃ​ក្រុម​ជំនុំ​ផង​ដែរ។

នៅ​សតវត្ស​ទី១៩ លោក​គ្រូ​អធិប្បាយ ឆាល ស្ពើចិន បាន​កំណត់​សម្គាល់​បញ្ហា​ស្រដៀង​គ្នា​មួយ៖

ខ្ញុំ​ជឿ​ថា មេរៀន​ទាំង​ឡាយ​ណា​ដែល​ផ្ដោត​ទៅ​លើ​ព្រះ​គ្រីស្ទ​អាច​នាំ​មនុស្ស​ឲ្យ​ផ្លាស់​ប្រែ​បាន​ច្រើន​ជាង។ ចូរ​បំពេញ​មេរៀន​អធិប្បាយ​របស់​លោក​អ្នក​ដោយ​ព្រះ​គ្រីស្ទ និង​ដំណឹង​ល្អ​តាំង​ពី​ចាប់​ផ្ដើម​រហូត​ដល់​ចប់។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​អាច​ត្រឹម​តែ​អធិប្បាយ​អំពី​ព្រះ​គ្រីស្ទ និង​អំពី​ឈើ​ឆ្កាង​របស់​ទ្រង់​ប៉ុណ្ណោះ ពី​ព្រោះ​តែ​នេះ​គឺ​ជា​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​ដឹង និង​ប្ដេជ្ញា​ចិត្ត​ប្រកាស ដូច​ជា​សាវ័ក ប៉ុល ដែល​បាន​សម្រេច​ចិត្ត​មិន​ចេះ​អ្វី​ទាំង​អស់ លើក​លែង​តែ​ព្រះ​គ្រីស្ទ និង​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង​របស់​ទ្រង់​ប៉ុណ្ណោះ។

ជា​ញឹក​ញាប់ មាន​មនុស្ស​សួរ​ខ្ញុំ​ថា «តើ​អ្វី​ទៅ​ជា​អាថ៌​កំបាំង​ក្នុង​ការ​ជោគ​ជ័យ​របស់​អ្នក? » ខ្ញុំ​គ្មាន​អាថ៌​កំបាំង​អ្វី​ទេ ក្រៅ​តែ​ពី​ខ្ញុំ​អធិប្បាយ​ដំណឹង​ល្អ មិន​មែន​អំពី​ដំណឹង​ល្អ​ទេ តែ​ជា​ដំណឹង​ល្អ​ផ្ទាល់… (The Soul Winner «អ្នក​ឈ្នះ​លើ​ព្រលឹង» ទំព័រ៣៥ ការ​កាត់​ស្រាយ​របស់​ខ្ញុំ​ផ្ទាល់)

បង​ប្អូន​ប្រុស​ស្រី​ខ្ញុំ​អើយ ក្នុង​ការ​លត់​ដំ​អ្នក​ផ្សេងៗ​ទៀត មិន​ថា​ចេញ​ពី​អាសនា ឬ​តាម​រយៈ​ការ​សន្ទនា​ប្រចាំ​ថ្ងៃ​ជា​មួយ​គ្នា​ក្ដី—តើ​យើង​កំពុង​តែ​កេង​ចំណេញ​ពី​ដំណឹង​ល្អ? តើ​យើង​និយាយ​អំពី​ដំណឹង​ល្អ​ដោយ​មិន​បាន​ពន្យល់​ថា​ជា​អ្វី​ឬ​ទេ?  តើ​យើង​កំពុង​តែ​អនុវត្ត ឬ​យ៉ាង​ហោច​ណាស់​មិន​ខ្មាស​ដោយ​សារ​ដំណឹង​ល្អ​ទេ​ឬ​អី?

ជម្រៅ និង​ទំហំ​ការ​បង្កើត​សិស្ស​ដែល​យើង​ទន្ទឹង​ចង់​បាន​សម្រាប់​ក្រុម​ជំនុំ​របស់​យើង​នឹង​កើត​មាន​ឡើង លុះ​ត្រា​តែ​យើង​ឈប់​គ្រាន់​ជឿ តែ​ប្រកាស​ពី​ដំណឹង​ល្អ​វិញ។

សូម​ចុច​នៅ​ត្រង់​នេះ​សម្រាប់​ភាគទី១ភាគទី២, ​ភាគទី៣ ​នៃ​មេរៀន។

និពន្ធ​ដោយ៖ Barry Cooper
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង
និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​គ្រីស្ទ​បរិស័ទ​គួរ​មិន​ឯកភាព​គ្នា​ដោយ​របៀប​ណា? ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី៦

នៅ​ពេល​គ្រីស្ទ​បរិស័ទ​មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ