in ,

គម្រោងការ​ដ៏​ធំ​សម្រាប់​អ្នក​ម្ដាយ

God’s Grand Plan for Motherhood

ការ​ចិញ្ចឹម​កូន ដើម្បី​សិរីល្អ​របស់​ព្រះ​គ្រីស្ទ

គម្រោងការ​ដ៏​ធំ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​អ្នក​ម្ដាយ​គ្រប់ៗ​រូប គឺ​ដូច​គ្នា​ទៅ​នឹង​គម្រោងការ​ដែល​ទ្រង់​មាន​ចំពោះ​គ្រប់​ទាំង​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​ដែរ។ ព្រះ​អង្គ​បង្កើត​គ្រប់​ទាំង​អ្វីៗ ដើម្បី​សិរីល្អ​របស់​ទ្រង់។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ការ​ធ្វើ​ជា​ម្ដាយ​គឺ​មាន​តួនាទី​ជា​អ្នក​ចិញ្ចឹម​បីបាច់​ជីវិត​កូន។ ព្រះជាម្ចាស់​មិន​ត្រឹម​តែ​បង្កើត​ពួកគេ​មក​តែ​ប៉ុណ្ណោះ​នោះ​ទេ គឺ​ទ្រង់​ថែម​ទាំង​ប្រទាន​ឲ្យ​មាន​អ្នក​ម្ដាយ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ជីវិត​ពួកគេ​ថែម​ទៀត​ផង មិន​ថា​ខាង​ឯ​សាច់​ឈាម ឬ​ខាង​ឯ​វិញ្ញាណ។

ព្រះជាម្ចាស់​ដឹកនាំ​យើង​ដែល​ជា​ម្ដាយ​ឲ្យ​ចិញ្ចឹម​បីបាច់​កូនៗ​របស់​យើង ផ្ដល់​ប្រឹក្សា​ដល់​មិត្តភក្ដិ និង​ស្រីៗ​នៅ​ក្នុង​ក្រុមជំនុំ ក៏​ដូចជា​អ្នក​ជិត​ខាង និង​មនុស្ស​ផ្សេងៗ​ជា​ដើម។ យើង​ដែល​ម្ដាយ​ផ្ដល់​ប្រឹក្សា​ដល់​អ្នក​ដទៃ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់។ តាម​រយៈ​ការ​នេះ យើង​ឃើញ​ថា គម្រោងការ​ដ៏​ចម្បង​របស់​ព្រះ​ជាម្ចាស់​គឺ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ស្រប​ពេល​ដែល​យើង​បម្រើ​កូនៗ​របស់​យើង។ ជីវិត​ជា​អ្នក​ម្ដាយ​គឺ​យើង​រស់នៅ ដើម្បី​បម្រើ​អ្នក​ដទៃ។ ការ​ដែល​អ្នក​ម្ដាយ​លះបង់​ជីវិត​ខ្លួន គឺ​មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​នោះ​ទេ។ ការ​ដែល​ពួក​គាត់​បម្រើ​ដល់​កូនៗ ឬ​ក៏​ការ​ដែល​ឆ្មប​ជួយ​បង្កើត​កូន គឺ​ជា​ផ្លូវ​មួយ​ដែល​នាំ​នូវ​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​វិញ។

ចំណុច​មួយ​ទៀត​ដែល​បណ្ដាល​ឲ្យ​យើង​ឃើញ​ថា ការ​ធ្វើ​ជា​អ្នក​ម្ដាយ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ព្រះ​ជាម្ចាស់​គឺ​នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​បាន​រំដោះ​ភាព​ជា​អ្នក​ម្ដាយ​ចេញ​ពី​ភាព​ឥត​ប្រយោជន៍​នៃ​អំពើ​បាប។ យើង​ដែល​ជា​ម្ដាយ​អាច​ត្រាប់តាម​គំរូ​របស់​ព្រះ​គ្រីស្ទ​បាន​តាម​រយៈ​លះ​បង់​ជីវិត​ខ្លួន បម្រើ​អ្នក​ដទៃ​ដោយ​ពឹង​លើ​អំណាច​ដែល​ទ្រង់​បាន​ប្រទាន​មក ហើយ​រំពឹង​រង់ចាំ​ផលផ្លែ​ដែល​ព្រះ​ជាម្ចាស់​សន្យា​ដោយ​ជំនឿ។ ដូច្នេះ​យើង​ត្រូវ​រស់នៅ​ដោយ​បង្ហាញ​សាច់​រឿង​ដ៏​ធំ​របស់​ព្រះ​ជាម្ចាស់ គឺ​សាច់​រឿង​ដែល​ចែង​ថា «ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!» (២កូរិនថូស ៥:១៧)។

ភាព​ជា​អ្នក​ម្ដាយ​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​គ្រីស្ទ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កើត​ជា​ថ្មី ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​នគរ​ដែល​យើង​មើល​មិន​ឃើញ​ផង​ដែរ។ វា​ប្រៀប​ដូចជា​គ្រាប់​រុក្ខជាតិ​ដ៏​តូច​ល្អិត​មួយ​ដែល​កំពុង​តែ​ដុះ​យ៉ាង​ត្រសំ​ត្រសាយ​ឡើង​នៅ​ក្នុង​សួន​ណា​មួយ​អញ្ចឹង ហើយ​ក៏​ប្រៀប​ដូច​ជា​នំបុ័ង​ត្រូវ​មេ​ដែល​កំពុង​តែ​រីក​នៅ​ក្នុង​ឡ​យ៉ាង​ដូច្នោះ​ដែរ។ យើង​បំពេញ​តួនាទី​ដែល​ព្រះជាម្ចាស់​បាន​រៀប​ទុក​សម្រាប់​យើង ទាំង​ដឹង​ថា​សេចក្តី​សង្គ្រោះ​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង និង​ប្រទាន​ដល់​អស់​អ្នក​ដែល​យើង​កំពុងតែ​មើល​ថែ នោះ​គឺ​ជា​អំណោយ​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ដោយសារ​ព្រះគុណ​តាម​រយៈ​ជំនឿ។ ហេតុ​ដូច្នេះ​ហើយ​បាន​នៅ​ក្នុង​ព្រះគ្រីស្ទ​យើង​អាច​អួត ហើយ​ចង្អុល​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ទៅ​រក​ទ្រង់។

នោះ​ហើយ​ជា​រឿង​របស់​យើង​ជា​ម្ដាយ ហើយ​យើង​ក៏​រស់​ក្នុង​របៀប​នោះ​ដែរ។

សម្គាល់៖ យើង​ដក​ស្រង់​ឯកសារ​ចេញ​ពី  Missional Motherhood: The Everyday Ministry of Motherhood in the Grand Plan of God និពន្ធ​ដោយ​អ្នកគ្រូ Gloria Furman។
ចំណាំ៖ យើង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដក​ស្រង់​ខ្លះៗ​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តោះ​អាន​ព្រះ​បន្ទូល

សម្ដី & ទង្វើ