in

តើ​គ្រីស្ទ​បរិស័ទ​គួរ​បញ្ចេញ​មតិ​យោបល់​លើ​បណ្ដាញ​សង្គម​ដោយ​របៀប​ណា?

ការ​អាន​មតិ​យោបល់​លើ​បណ្ដាញ​សង្គម​គឺ​ជា​អ្វី​មួយ​ដែល​ពេញ​ទៅ​ដោយ​ចំណាប់​អារម្មណ៍ ហើយ​ពេល​ខ្លះ​គឺ​ជា​ការ​សិក្សា​ដែល​ពេញ​ដោយ​សេចក្ដី​អំពល់​កង្វល់​អំពី​លក្ខណៈ​របស់​មនុស្ស​យើង។ ហើយ​ការ​អាន​ការ​បញ្ចេញ​មតិ​យោបល់​របស់​អស់​អ្នក​ដែល​អះ​អាង​ថា​ខ្លួន​ជា​អ្នក​ជឿ នៅ​លើ​គេហទំព័រ​គ្រីស្ទ​បរិស័ទ (ក៏​ដូច​ជា​នៅ​លើ​ផេក​មួយ​ចំនួន​ក្នុង​ហ្វេសប៊ុក) អាច​ជា​ការ​បាក់​ទឹក​ចិត្ត​ដល់​យើង​ក្នុង​ការ​សិក្សា​លើ​របៀប​អនុវត្ត​ទេវវិទ្យា។

ជា​ទូទៅ ការ​បញ្ចេញ​មតិ​យោបល់​ភ្លាមៗ​នៅ​លើ​គេហទំព័រ ឬ​ក៏​តាម​បណ្ដាញ​សង្គម​មិន​មែន​ជា​អ្វី​ដែល​ជួយ​ដល់​អ្នក​អាន​នោះ​ទេ ហើយ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​ដែរ។ មនុស្ស​ភាគ​ច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ដោយ​មិន​បាន​គិត​ជា​មុន។ នេះ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ៖ «ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជម្រះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់​ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ» (ម៉ាថាយ ១២:៣៦)។ ការ​ដាស់​តឿន​នេះ​បង្ហាញ​ថា ការ​បញ្ចេញ​មតិ​យោបល់​គឺ​ជា​អ្វី​ដែល​ហ្មត់ចត់​ចំពោះ​ព្រះ​ជាម្ចាស់។

តើ​យើង​គួរ​បញ្ចេញ​មតិ​យោបល់​ដោយ​របៀប​ណា?

កុំ​សូវ​បញ្ចេញ៖ «អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា» (សុភាសិត ១០:១៩)។

ព្រះ​គម្ពីរ​បាន​ផ្ដល់​ជា​ប្រឹក្សា​ឲ្យ​យើង​ឃាត់​ទប់​បបូរ​មាត់​របស់​យើង (ដែល​នៅ​ក្នុង​សតវត្សរ៍​ទី២១នេះ​មាន​រួម​ទាំង​ម្រាម​ដៃ​របស់​យើង) ពីព្រោះ​មនុស្ស​ល្ងីល្ងើ​សម្បូរ​ពាក្យ​សម្ដី​ណាស់ (សាស្ដា ៥:៣)។ មនុស្ស​ដែល​មាន​ប្រាជ្ញា​នឹង​ស្ដាប់​ប្រឹក្សា​នេះ។ ហើយ​វា​ក៏​ជា​ជំនួយ​ដល់​យើង​ដែរ​នៅ​ក្នុង​ការ​ចង​ចាំ​ថា លក្ខណៈ​ជា​មនុស្ស​មាន​បាប​របស់​យើង​ក៏​ផ្តល់​ដល់​យើង​នូវ​គំនិត​ដែល​ថា​យើង​សំខាន់​បែប​បំផ្លើស។ ប៉ុន្តែ ការ​បន្ទាប​ខ្លួន​ក្នុង​ដំណឹង​ល្អ​នាំ​ឲ្យ​យើង​ចេះ​លើក​អ្នក​ដទៃ​ខ្ពស់​ជាង​ខ្លួន (ភីលីព ២:៣)។ ទំនង គេ​មិន​ត្រូវ​ការ​យោបល់​របស់​យើង​ទេ។

យឺតៗ៖ «ដូច្នេះ បង​ប្អូន​ស្ងួន​ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ» (យ៉ាកុប ១:១៩)។

ប្រសិន​បើ​ឯក​សារ ឬ​ក៏​ការ​បង្ហោះ​ណា​មួយ​ធ្វើ​ឲ្យ​យើង​ខឹង យើង​ស្ទើរ​តែ​មិន​ត្រូវ​សរសេរ​ក្នុង​ភាព​នៃ​ការ​ក្ដៅ​ក្រហាយ​ទេ។ ក្នុង​ផ្នត់​គំនិត​បែប​នោះ វា​គឺ​ជា​រឿង​ពិបាក​ណាស់​ក្នុង​ការ «ត្រូវ​មាន​ចិត្ត​ស្លូត​បូត ទាំង​សម្ដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង» (ទីតុស ៣:២)។ ការ​រង់ចាំ និង​ការ​អធិស្ឋាន​គឺ​ជា​អ្វី​ដែល​ល្អ​បំផុត​ដែល​យើង​គួរ​ធ្វើ។ ប្រសិន​បើ​យើង​ចាំ​មួយ​ម៉ោង ឬ​ក៏​មួយ​ថ្ងៃ នោះ​វា​អាច​នឹង​ងាយ​ឲ្យ​យើង​ឆ្លើយ​តប​ដោយ​មាន​ពេញ​ដោយ​ព្រះ​គុណ​វិញ ប្រសិន​បើ​ចាំ​បាច់​ត្រូវ​មាន​ការ​ឆ្លើយ​តប​នឹង។

ប្រកប​ដោយ​ព្រះ​គុណ៖ «ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ​គុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​នីមួយៗ» (កូឡូស ៤:៦)។

គ្រប់​ពាក្យ​សម្ដី​ដែល​មនុស្ស​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប​លើក​ឡើង​ដែល​មិន​មាន​ក្នុង​ព្រះ​គម្ពីរ ជា​ពិសេស​ការ​សរសេរ​យ៉ាង​រហ័ស​លើ​បណ្ដាញ​សង្គម ដើម្បី​ផ្ដល់​ជា​ព័ត៌មាន​ក្តៅៗ ទាំង​អស់​សុទ្ធ​តែ​មាន​កម្រិត មាន​ភាព​ខ្វះ​ខាត និង​មាន​កំហុស។ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​អាន​ដោយ​មាន​តម្រង់​នៃ​បទ​ពិសោធន៍ និង​ទស្សនៈ​របស់​ខ្លួន។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​និយាយ និង​កាត់​ស្រាយ​ក្នុង​របៀប​ដែល​មិន​ត្រឹម​ត្រូវ។ ដូច្នេះ យើង​ត្រូវ​រៀន​ឲ្យ​ចេះ​បង្ហាញ​ព្រះ​គុណ ការ​អត់​ធ្មត់ និង​ព្យាយាម​គិត​បែប​វិជ្ជមាន​អំពី​អ្នក​ដទៃ។

តើ​យើង​គួរ​បញ្ចេញ​មតិ​យោបល់​នៅ​ពេល​ណា?

ចំពោះ​គ្រីស្ទ​បរិស័ទ គោល​បំណង​នៃ​ការ​និយាយ​អ្វី​មួយ​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​នៅ​ពេល​ណា​មួយ មិន​ថា​តាម​រយៈ​បបូរ​មាត់ ឬ​ក៏​ម្រាម​ដៃ គឺ​យើង​ធ្វើ​ឡើង «ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ​គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់» (អេភេសូរ ៤:២៩)។ ដូច្នេះ ប្រសិន​បើ​យើង​មាន​ការ​វិនិច្ឆ័យ​ល្អ​ត្រង់​ថា យើង​គួរ​បញ្ចេញ​មតិ​យោបល់​លើ​ការ​បង្ហោះ​របស់​បុគ្គល​ណា​ម្នាក់ នោះ​ការ​ជំរុញ​ចិត្ត​របស់​យើង​គឺ​គួរ​ដើម្បី​ផ្ដល់​ព្រះ​គុណ​ដល់​គាត់។ នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ថា ពេល​នោះ​គឺ​ជា​ពេល​ល្អ​ដែល​យើង​គួរ​បញ្ចេញ​មតិ​យោបល់ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​មួយ​ចំនួន​នៃ​ការ​បង្ហាញ​ព្រះ​គុណ៖

អរគុណ៖ ទំនង ការ​អរគុណ​គឺ​ជា​មូល​ហេតុ​ដ៏​ល្អ​បំផុត ដែល​យើង​គួរ​លើក​ឡើង​នៅ​ពេល​ដែល​យើង​បញ្ចេញ​មតិ​យោបល់។ ប្រសិន​បើ​អ្នក​បង្ហោះ​បាន​ចម្រើន​ចំណេះ​ដឹង​របស់​យើង លើក​ទឹក​ចិត្ត​ដល់​ព្រលឹង​យើង ដាស់​តឿន​យើង​ក្នុង​របៀប​ដ៏​ល្អ ឬ​ក៏​បាន​ព្រមាន​យើង​អំពី​អ្វី​មួយ នោះ​ការ​អរគុណ​ដល់​គាត់​គឺ​ជា​របៀប​ដ៏​សមរម្យ​ដែល​យើង​អាច​ប្រាប់​គាត់ ដោយ​សារ​វា​ក៏​នឹង​លើក​ទឹក​ចិត្ត​ដល់​គាត់​ផង​ដែរ។ អ្វី​ដែល​គាត់​បង្ហោះ​មិន​ចាំ​បាច់​ជា​ចំណុច​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ប្រសិន​បើ​គាត់​បាន​ជួយ​យើង នោះ​យើង​គួរ​អរគុណ​គាត់។ ប្រសិន​បើ​គាត់​មិន​បាន​ជួយ​យើង នោះ​យើង​មិន​ចាំ​បាច់​បញ្ចេញ​មតិ​យោបល់​អ្វី​ទេ។

លើក​ទឹក​ចិត្ត៖ មនុស្ស​យើង​មាន​ទម្លាប់​ងាយ​ស្រួល​ណាស់​ក្នុង​ការ​រិះ​គន់​គ្នា​ទៅវិញ​ទៅ​មក ជា​ជាង​លើក​ទឹក​ចិត្ត​គ្នា។ ជា​ទូទៅ ការ​ឆ្លើយ​តប​បែប​នេះ​គឺ​អំនួត​នៃ​អំពើ​បាប​ដែល​កំពុង​តែ​ជះ​ឥទ្ធិពល​លើ​ជំនាញ​នៃ​តក្ក​នៃ​ការ​គិត​របស់​យើង។ ទំនង សមាមាត្រ​គឺ​មាន​មនុស្ស១០០នាក់​ដែល​រិះ​គន់​សម្រាប់​មនុស្ស​ម្នាក់​ដែល​លើក​ទឹក​ចិត្ត។ ក្នុង​នាម​ជា​មនុស្ស​ដែល​ជឿ​លើ​ដំណឹង​ល្អ ដែល​ព្យាយាម​ផ្ដល់​ព្រះ​គុណ នោះ​គ្រីស្ទ​បរិស័ទ​អាច​ប្រើ​ប្រាស់​ការ​បញ្ចេញ​មតិ​យោបល់ ដើម្បី​លើក​ទឹក​ចិត្ត ស្អាង​អ្នក​បង្ហោះ និង​អ្នក​អាន (១ថែស្សាឡូនិច្ច ៥:១១)។ សូម​ស្វែង​រក និង​កត់​ចំណាំ​លើ​ព្រះ​គុណ​ក្នុង​ឯក​សារ ឬ​ក៏​ការ​បង្ហោះ​ណា​មួយ។

បញ្ជាក់​ឲ្យ​ច្បាស់​លាស់៖ ប្រសិន​បើ​យើង​ឃើញ​ថា ការ​បង្ហោះ​ណា​មួយ​ហាក់​បី​ដូច​ជា​មាន​ការ​ភាន់​ច្រឡំ ឬ​ក៏​ខុស​ឆ្គង នោះ​ជា​ដំបូង​ការ​ផ្ដល់​ព្រះ​គុណ​គឺ​ការ​សួរ​នាំ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​សិន ជាជាង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ភ្លាមៗ។ ការ​សួរ​នាំ​ដេញដោល​ដែល​កើត​ចេញ​ពី​ការ​មាន​ចិត្ត​ល្អ និង​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​អាច​ទំនង​នឹង​បង្ហាញ​ឲ្យ​ឃើញ​កំហុស​របស់​អ្នក​សរសេរ ឬ​ក៏​ការ​យល់​ដឹង​មិន​ត្រឹម​ត្រូវ​របស់​អ្នក​អាន។

កែ​តម្រង់​ដោយ​មាន​ការ​ថ្នម៖ យើង​កុំ​សូវ​កែ​តម្រង់​ច្រើន​ពេក។ ជា​ទូទៅ ខ្ញុំ​គិត​ថា មាន​ការ​ចំណាយ​ពេល​ខ្ជះខ្ជាយ​ច្រើន​ណាស់​ក្នុង​ការ​សរសេរ​ការ​រិះ​គន់​ក្នុង​ការ​បញ្ចេញមតិ​យោបល់ ហើយ​បន្ទាប់​មក​ការ​ចំណាយ​ពេល​ការពារ​ការ​រិះ​គន់​នោះ​ពី​អ្នក​បញ្ចេញមតិ​យោបល់​ជំទាស់។ ប៉ុន្តែ ម្ដង​ម្កាល យើង​ក៏​គួរ​បង្ហាញ​សេចក្ដី​ពិត ឬ​ក៏​គោល​លទ្ធិ​ខុស​ឆ្គង​ផង​ដែរ​ក្នុង​ការ​ព្រមាន។ នៅ​ក្នុង​ករណី​ព្រមាន ដាច់​ខាត​យើង​ត្រូវ​តែ​ចង​ចាំ​ការ​ណែ​នាំ​របស់​សាវ័ក ប៉ុល៖

«ក៏​មិន​គួរ​ឲ្យ​បាវ​បម្រើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់​ធ្មត់​ផង ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹងទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​វិញ» (២ធីម៉ូថេ ២:២៤-២៥)។

ការ​បន្ទាប​ខ្លួន​ពិត​នៅ​ក្នុង​ចិត្ត និង​នៅ​ក្នុង​សំណេរ​បញ្ចេញ​របស់​យើង​គឺ​ជា​ការ​សំខាន់​ណាស់។ សូម​រង់ចាំ ហើយ​អធិស្ឋាន​រហូត​ទាល់​តែ​លោក​អ្នក​អាច​បញ្ចេញ​មតិ​យោបល់​ក្នុង​របៀប​ដែល​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ការ​លើក​ទឹក​ចិត្ត​របស់​សាវ័ក ប៉ុល។ ហើយ​ក៏​កុំ​ចំណាយ​ពេល​ច្រើន​ក្នុង «ពាក្យ​សម្ដី​ឡេះឡោះ​ឥត​ប្រយោជន៍» ជា​មួយ​នឹង​អ្នក​បញ្ចេញ​មតិ​យោបល់​ផ្សេង​ទៀត​ដែរ (២ធីម៉ូថេ ២:១៦)។ សូម​ទុក​ការ​បញ្ចេញ​មតិ​យោបល់​ចោល​ដោយ​មាន​ជំនឿ ហើយ​កុំ​អន់​ចិត្ត​ប្រសិន​បើ​មិន​មាន​គេ​ទទួល​ការ​ឆ្លើយ​តប។ ប្រសិន​បើ​លោក​អ្នក​ស្គាល់​អ្នក​និពន្ធ​ផ្ទាល់ សូម​ចៀស​ចេញពី​ការ​កែ​តម្រូវ​គាត់​តាម​រយៈ​ការ​បញ្ចេញ​មតិ​យោបល់​សាធារណៈ។ សូម​ទាក់​ទង​គាត់​ផ្ទាល់​វិញ។

កុំ​ចាប់​ផ្តើម​ភ្លើង

ក្នុង​ការ​បញ្ចប់ យើង​ចង​ចាំ​ពាក្យ​សម្ដី​ដ៏​ម៉ឺងម៉ាត់​របស់​លោក យ៉ាកុប៖

«ហើយ​អណ្ដាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា១នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរ​ក​ដែរ» (យ៉ាកុប ៣:៦)។

លោក យ៉ាកុប បាន​សរសេរ​ការ​ព្រមាន​នេះ​ទៅ​កាន់​គ្រីស្ទ​បរិស័ទ។ ភាគ​ច្រើន គ្រីស្ទ​បរិស័ទ​គឺ​ជា​អ្នក​ចាប់​ផ្ដើម​ដុត​ភ្លើង ក្នុង​ការ​បញ្ចេញ​មតិ​យោបល់។ ចូរ​យើង​កុំ​ចាប់​ផ្ដើម​ដុត​ភ្លើង តាម​រយៈ​ពាក្យ​ពេចន៍​ឡេះឡោះ ដែល​យើង​នឹង​ត្រូវ​ឆ្លើយ​ទៅ​កាន់​ព្រះ​អង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​ទប់​មាត់/ម្រាម​ដៃ​យើង ហើយ​នៅ​ពេល​ដែល​យើង​និយាយ ចូរ​និយាយ​តែ​ក្នុង​ករណី​ដែល​នឹង​ផ្ដល់​ព្រះ​គុណ​ដល់​អ្នក​ស្ដាប់​ចុះ។

ជា​ទូទៅ ការ​បញ្ចេញ​មតិ​យោបល់​ភ្លាមៗ​នៅ​លើ​គេហទំព័រ ឬ​ក៏​តាម​បណ្ដាញ​សង្គម​មិន​មែន​ជា​អ្វី​ដែល​ជួយ​ដល់​អ្នក​អាន​នោះ​ទេ ហើយ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​ដែរ។ មនុស្ស​ភាគ​ច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ដោយ​មិន​បាន​គិត​ជា​មុន…

និពន្ធ​ដោយ៖ Jon Bloom
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កត្តា៩យ៉ាង​គួរ​ពិចារណា​នៅ​ពេល​ជ្រើស​រើស​នរណា​ម្នាក់​មក​ធ្វើ​ជា​សិស្ស

តើ​មាន​ន័យ​ដូច​ម្តេច​ដែល ហោរា សាំយូអែល ត្រូវ​បាន​ខាប​ព្រលឹង​យក​មក​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់? (១សាំយូអែល ២៨)