មានគេសួរខ្ញុំថា តើការដែលយើងត្រូវបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយអំពីរបៀបធ្វើការ គឺជាការល្អដែរឬទេ? ខ្ញុំបានឆ្លើយថា ល្អណាស់ ព្រោះកណ្ឌគម្ពីរ ១កូរិនថូស ១០:៣១ បានលើកឡើងថា «ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ» (គកស)។
ហើយគេក៏បន្តសួរខ្ញុំថា៖ តើយុវជនជំនាន់ថ្មីអាចថ្វាយសិរីល្អដល់ព្រះជាម្ចាស់បានដោយរបៀបណា?
ខាងក្រោមនេះជាចម្លើយដែលខ្ញុំបានប្រាប់ពួកគាត់៖
ចូរមានការពឹងពាក់
ចូរទៅធ្វើការដោយពឹងលើព្រះជាម្ចាស់ទាំងស្រុង។ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង» (សុភាសិត ៣:៥-៦)។ «ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ» (យ៉ូហាន ១៥:៥)។ ប្រសិនបើលោកអ្នកគ្មានព្រះជាម្ចាស់ នោះលោកអ្នកនឹងមិនអាចដកដង្ហើម កម្រើក គិតពិចារណា មានអារម្មណ៍ ឬក៏និយាយបានឡើយ។ នេះខ្ញុំមិនទាន់បានលើកឡើងអំពីតម្រូវការខាងព្រលឹងវិញ្ញាណរបស់លោកអ្នកនៅឡើយផង។ ចូរភ្ញាក់ឡើងនៅពេលព្រឹក ហើយប្រាប់ព្រះជាម្ចាស់ថា លោកអ្នកត្រូវការទ្រង់យ៉ាងខ្លាំង។ ចូរអធិស្ឋានសូមជំនួយពីព្រះអង្គ។
ចូរមានភាពស្មោះត្រង់
ចូរបង្ហាញភាពស្មោះត្រង់ឲ្យអស់ពីសមត្ថភាពដែលលោកអ្នកអាចធ្វើបាននៅកន្លែងធ្វើការ និងធ្វើជាមនុស្សម្នាក់ដែលអ្នកដទៃអាចទុកចិត្តបាន។ ចូរទៅធ្វើការឲ្យទៀងទាត់ម៉ោង ហើយធ្វើការឲ្យដល់ម៉ោងកំណត់។ «កុំឲ្យលួចប្លន់ឲ្យសោះ» (និក្ខមនំ ២០:១៥)។ មានមនុស្សជាច្រើនបានលួចលុយពីកន្លែងធ្វើការរបស់ខ្លួនតាមរយៈការខ្ជះខ្ជាយពេលវេលានៅកន្លែងធ្វើការ គឺច្រើនជាងចោរឆក់កាបូបទៅទៀត។
ចូរប្រើជំនាញ
ចូរខំប្រឹងធ្វើការឲ្យបានល្អ! ព្រះជាម្ចាស់មិនគ្រាន់តែប្រទានព្រះគុណឲ្យលោកអ្នកអាចមានភាពស្មោះត្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានជំនាញជាអំណោយទានដល់លោកអ្នកទៀតផង។ ចូរឱបក្រសោបអំណោយទាននោះ ហើយធ្វើជាអ្នកគ្រប់គ្រងដ៏ល្អលើជំនាញទាំងនោះចុះ។ ការពឹងពាក់ និងភាពស្មោះត្រង់ គឺជាមូលដ្ឋានគ្រឹះនៃការលូតលាស់ខាងឯជំនាញ។
ចូរបង្កើតឧត្តមភាព
នៅពេលដែលលោកអ្នកកាន់តែមានឥទ្ធិពល និងឱកាស នោះចូរព្យាយាមបង្កើតសីលធម៌នៅកន្លែងធ្វើការ ដើម្បីឲ្យរចនាសម្ព័ន្ធ គោលនយោបាយ ក្ដីរំពឹង និងគោលបំណងនៅកន្លែងនោះ ឲ្យកាន់តែក្លាយទៅជាអ្វីដែលព្រះគ្រីស្ទសព្វព្រះហឫទ័យ។ ចូរចាំ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់យើង គឺឲ្យយើងថ្វាយសិរីល្អដល់ទ្រង់ ហើយឲ្យយើងមានអំណរក្នុងទ្រង់ (ទំនុកតម្កើង ១៤៥)។ នោះឯងជាឧត្តមភាពមួយដែលយើងគួរមានក្នុងជីវិតផ្ទាល់ខ្លួន។
ចូរជះឥទ្ធិពល
ចូរព្យាយាមជះឥទ្ធិពលនៅកន្លែងធ្វើការរបស់លោកអ្នក ដើម្បីឲ្យក្លាយទៅជាកន្លែងមួយដែលជួយជីវិតអ្នកដទៃ ដោយមិនបំផ្លាញព្រលឹងវិញ្ញាណរបស់ពួកគេ។ មានកន្លែងធ្វើការខ្លះ ជាកន្លែងដែលជះឥទ្ធិពលដល់អ្នកដទៃ ប៉ុន្តែក៏ជាកន្លែងដែលបំផ្លាញពួកគេផងដែរ ឧទាហរណ៍៖ ការបង្កើតរូបអាសអាភាស វីដេអូហ្គេម កន្លែងយកកូនចេញ ការឆបោកអ្នកដទៃ។ល។ ប៉ុន្តែក៏នៅមានកន្លែងធ្វើការមួយចំនួនផ្សេងទៀត ដែលអាចជួយបង្កើតការជះឥទ្ធិពលដែរ ជាកន្លែងដែលផ្ដល់ជីវិតដោយមិនបំផ្លាញព្រលឹងអ្នកដទៃ។ នៅពេលដែលលោកអ្នកមានឱកាស ចូរព្យាយាមជះឥទ្ធិពល ដែលជាប្រភពនៃជីវិតដល់អ្នកដទៃ។
ចូរចេះទាក់ទងគ្នា
កន្លែងធ្វើការ គឺជាកន្លែងមួយសម្រាប់បង្កើតទំនាក់ទំនង។ យើងអាចមានទំនាក់ទំនង នៅពេលដែលយើងចេះទាក់ទងគ្នា។ ចូរបញ្ចេញទស្សនៈជាគ្រីស្ទបរិស័ទរបស់លោកអ្នកនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់លោកអ្នក។ ចូរកុំលាក់ពន្លឺរបស់លោកអ្នកក្រោមកញ្ជើឡើយ តែចូរដាក់នៅកន្លែងដែលអ្នកដទៃអាចមើលឃើញ។ ចូរធ្វើការក្នុងលក្ខណៈដែលគួរឲ្យអ្នកដទៃស្រឡាញ់។ ចូរធ្វើដោយធម្មតា។ ចូរធ្វើដោយអំណរអរ។ ចូរឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ខ្លួនលើកឡើងម្ដងហើយម្ដងទៀតថា៖ ព្រះអម្ចាស់ ទ្រង់ល្អអស្ចារ្យណាស់! «ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់ នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង»
(ទំនុកតម្កើង ៤០:១៦)។
ចូរស្រឡាញ់
ចូរបម្រើអ្នកដទៃ។ ចូរធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការទៅទិញគុយទាវ ឬក៏ឌុបអ្នកដទៃ។ ចូរធ្វើជាអ្នករៀបចំកម្មវិធី។ ចូរយកចិត្តទុកដាក់ជាមួយអ្នកនៅកន្លែងធ្វើការ។ ចូររស់នៅដោយបង្ហាញឲ្យអ្នកដទៃឃើញថា លោកអ្នកជាមនុស្សដែលយកចិត្តទុកដាក់ចំពោះពួកគេ។ ចូរកុំគ្រាន់តែធ្វើជាអ្នកដែលបង្កើតភាពអរសប្បាយនៅចុងសប្ដាហ៍ឡើយ តែចូរធ្វើជាអ្នកដែលយកអាសាចំពោះការលំបាកដ៏ធ្ងន់ធ្ងររបស់ពួកគេនៅថ្ងៃដើមសប្ដាហ៍ដែរ។ ចូរស្រឡាញ់មនុស្សគ្រប់គ្នាដែលលោកអ្នកធ្វើការជាមួយ ហើយណែនាំឲ្យពួកគេស្គាល់ព្រះយេស៊ូវគ្រីស្ទ ដែលជាអ្នកយកអាសាចំពោះការលំបាកដ៏ធ្ងន់ធ្ងររបស់អ្នកដទៃ។
លុយកាក់
កន្លែងធ្វើការ គឺជាកន្លែងដែលលោកអ្នករកលុយ ហើយក៏ជាកន្លែងដែលលោកអ្នកចាយលុយផងដែរ។ លុយកាក់ទាំងនោះជារបស់ព្រះជាម្ចាស់ មិនមែនជារបស់លោកអ្នកនោះទេ។ ព្រះជាម្ចាស់គ្រាន់តែឲ្យលោកអ្នកកាន់លុយកាក់នោះទេតើ។ ចូរប្រើលុយកាក់ទាំងនោះដោយចិត្តសប្បុរស ដើម្បីបង្ហាញអំពីរបៀបដែលលោកអ្នកគ្រប់គ្រងលុយកាក់ដែលព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នក។ ចូរកុំធ្វើការដើម្បីលុយ ប្រយោជន៍នឹងក្លាយជាអ្នកមានឡើយ! តែចូរធ្វើការដើម្បីឲ្យមានលុយចែកដល់អ្នកដទៃ និងដើម្បីវិនិយោគទៅលើព័ន្ធកិច្ចដែលថ្វាយសិរីល្អដល់ព្រះគ្រីស្ទ។ ចូរប្រើលុយកាក់របស់លោកអ្នក ដើម្បីប្រកាសអំពីព្រះគ្រីស្ទក្នុងលក្ខណៈដែលបង្ហាញថា ទ្រង់គឺជាសម្បត្តិដ៏ធំបំផុតសម្រាប់ជីវិតរបស់លោកអ្នក។
ចូរចេះអរគុណ
ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះទ្រង់បានប្រទានជីវិត ខ្យល់ដង្ហើម ការងារ និងព្រះយេស៊ូវគ្រីស្ទដល់លោកអ្នក។ ចូរធ្វើជាមនុស្សដែលចេះអរគុណនៅកន្លែងធ្វើការ។ ចូរកុំធ្វើជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកដែលត្អូញត្អែរឡើយ។ ចូរសម្ដែងការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈការបន្ទាបខ្លួនចំពោះអ្នកដទៃដោយមានអំណរគុណ។ ចូររស់នៅដោយបង្ហាញថា ខ្លួនមានពេញដោយក្ដីសង្ឃឹម ចេះបន្ទាបខ្លួន និងចេះអរគុណនៅកន្លែងធ្វើការ។
មានចំណុចជាច្រើនទៀតដែលយើងអាចលើកឡើង អំពីការដែលយើងថ្វាយសិរីល្អដល់ព្រះជាម្ចាស់នៅកន្លែងធ្វើការ។ ចំណុចខាងលើនេះ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ចូរកត់សម្គាល់នូវចំណុចផ្សេងៗទៀត នៅពេលដែលព្រះជាម្ចាស់បើកសម្ដែងឲ្យលោកអ្នកឃើញ។ ចំណុចស្នូលគឺ៖ មិនថាលោកអ្នកធ្វើអ្វីក៏ដោយ ទោះបើញ៉ាំ ឬក៏ផឹកក្ដី ចូរធ្វើទាំងអស់ដោយបង្ហាញអំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់។
មតិយោបល់
Loading…