in

ខ្ញុំអស់កម្លាំង ហើយរវល់ តើរកពេលឯណាអានព្រះគម្ពីរ?

មានពេលវេលាដែលធ្វើឲ្យជីវិតយើងធុញថប់ នៅពេលដែលវាហាក់បីដូចជាអស់កម្លាំង និងរវល់ខ្លាំងពេកដែលការនោះធ្វើឲ្យយើងមិនចំណាយពេលអានព្រះគម្ពីរដែលប៉ះពាល់ចិត្តយើង។ នេះជាអ្វីដែលកញ្ញា អេលីណា (Elaina) បានសួរមកកាន់យើង៖

«ជម្រាបសួរលោកគ្រូ! ខ្ញុំរស់នៅម្នាក់ឯង។ ខ្ញុំធ្វើការជាច្រើនម៉ោង។ ខ្ញុំស្ទើរតែមិនមានពេលអានព្រះគម្ពីរសោះ។ ខ្ញុំធ្វើម្ហូប សម្អាតផ្ទះ ហាត់ប្រាណ ទៅនេះទៅនោះ ទិញម្ហូប ដើរផ្សារ ។ល។ ហើយពេលខ្ញុំមកដល់ផ្ទះវិញ ខ្ញុំអស់កម្លាំងរលីង។ ខ្ញុំរៀបចំកាលវិភាគជាច្រើនដងក្នុងការអានព្រះគម្ពីរ អធិស្ឋាន និងចំណាយពេលម្នាក់ឯងជាមួយព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំបានថ្វាយតែ១៥នាទីក្នុងមួយថ្ងៃទៅកាន់ព្រះអង្គតែប៉ុណ្ណោះ តែខ្ញុំមិនចង់ថ្វាយតែប៉ុណ្ណឹងនោះទេ។ ប៉ុន្តែ ខ្ញុំត្រូវរ៉ាប់រងលើការចំណាយជាប្រចាំថ្ងៃ។ ខ្ញុំមានអារម្មណ៍ថាជាប់គាំង។ នៅពេលខ្ញុំអានព្រះគម្ពីរ ខ្ញុំតែងតែងោកងុយ។ ពេលវេលាដែលខ្ញុំមានពិតប្រាកដឥឡូវនេះគឺមានតែចុងសប្ដាហ៍។ ប៉ុន្តែ វាមិនគ្រប់គ្រាន់នោះទេ។ តើខ្ញុំអាចយកឈ្នះលើភាពមមាញឹកនៅក្នុងជីវិតរបស់ខ្ញុំ ដើម្បីធានាបានថា ខ្ញុំមានពេលសម្រាប់ព្រះអង្គបានដោយរបៀបណា?»។

យើងអាចបែងចែកអ្វីដែលកញ្ញា អេលីណា បានលើកឡើងទៅជាបីចំណុច ទាក់ទងទៅនឹងការខកចិត្តរបស់គាត់ក្នុងការចំណាយពេលជាមួយព្រះជាម្ចាស់ក្នុងព្រះបន្ទូល។ ទី១ គាត់មានអារម្មណ៍ថាជាប់គាំង។ ទី២ គាត់មានអារម្មណ៍ថាអស់កម្លាំង ហាក់បីដូចជាថាគាត់គេងលក់ពេលគាត់អានព្រះគម្ពីរ។ ហើយទី៣ គាត់មានភាពមមាញឹកយ៉ាងខ្លាំងជាមួយនឹងសម្ពាធជាច្រើន ដោយបានដាក់ព្រះគម្ពីរចោលក្នុងជីវិតរបស់គាត់។ សូមអនុញ្ញាតឲ្យខ្ញុំបានលើកឡើងជាមតិយោបល់ខ្លះៗអំពីការទាំងនោះ។

ចេញពីភាពជាប់គាំង

ខ្ញុំមើលមនុស្សបើកឡានជាប់គាំងនៅក្នុងព្រិលនៅមុខផ្ទះរបស់ខ្ញុំ។ ផ្ទះរបស់ខ្ញុំនៅកាច់ជ្រុងផ្លូវ ដូច្នេះពួកគេត្រូវឈប់ ហើយរុញឡានចេញពីផ្លូវវិញ។ មនុស្សមួយចំនួនអង្គុយនៅទីនោះនៅកន្លែងដដែលប្រហែល១០នាទី។ ខ្ញុំក្រឡេកមើលទៅទីនោះ ដោយនិយាយថា «អូខេ ខ្ញុំត្រូវទៅទីនោះ ដើម្បីជួយរុញពួកគេហើយ»។ ពួកគេគ្រាន់តែជាន់ឲ្យកង់ឡានវិលទួងម្ដងហើយម្ដងទៀតៗ ហើយធ្វើដដែលៗម្ដងហើយម្ដងទៀតៗ នោះគឺជារបៀបដែលនាំឲ្យគាត់លែងជាប់គាំងទៀត។ ព្រិលគឺជាផ្នែកមួយនៃបញ្ហា ប៉ុន្តែការគ្រាន់តែធ្វើរឿងដដែលៗម្ដងហើយម្ដងទៀតក៏ជាផ្នែកមួយនៃបញ្ហាដែរ។

ដូច្នេះ ដើម្បីឲ្យអាចចេញពីភាពជាប់គាំងបាន នោះយើងទំនងជាតម្រូវឲ្យយើងដាក់លេខថយក្រោយ។ ចំណុចនេះហាក់បីដូចជាផ្នត់គំនិតបញ្ច្រាសគ្នា—បើកទៅមុខ ថយទៅក្រោយ ដើម្បីឲ្យលែងជាប់គាំង។ ឬលោកអ្នកត្រូវតែប្រើប៉ែលចូក។ លោកអ្នកចុះពីឡាន ចូកព្រិលចេញពីកង់ឡានខាងមុខរបស់លោកអ្នក។ ឬក៏លោកអ្នកទំនងជាចុចកណ្ដឹងនៅផ្ទះខ្ញុំ ហើយសួរថា «តើមានប្រុសៗនៅទីនេះដែរទេ?» ដែលរឿងនេះធ្លាប់បានកើតឡើងមែន។ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបានជួយរុញឡានរបស់មនុស្សជាច្រើនចេញពីការជាប់គាំងក្នុងព្រិលនោះ។ ចំណុចស្នូលគឺថា៖ ការចេញពីភាពជាប់គាំង ពេលខ្លះតម្រូវឲ្យមានគំនិតបញ្ច្រាសគ្នា ការប្រឹងប្រែងជាថ្មី។

ចំណុចចាំបាច់មួយ

តើវាអាចទាក់ទងជាមួយនឹងភាពមមាញឹក និងភាពអស់កម្លាំងក្នុងចំណុចណាខ្លះ? កញ្ញា អេលីណា បានរាយចុះដូចជា ធ្វើម្ហូប សម្អាតផ្ទះ ហាត់ប្រាណ ទៅនេះទៅនោះ ទិញម្ហូប ដើរផ្សារ។ ចំពោះខ្ញុំទាំងនោះហាក់បីដូចជាទូទៅ ល្អ ហើយជាការមានតម្លៃក្នុងការរស់នៅជាប្រចាំថ្ងៃ។ ប៉ុន្តែព្រះយេស៊ូវគង់នៅក្នុងផ្ទះជាមួយស្ត្រីពីរនាក់ដែលពួកគាត់មានការឆ្លើយតបខុសៗគ្នា។ លោកអ្នកប្រហែលជាចាំបានថាខ្ញុំនិយាយអំពីនរណាហើយ—គឺនាងម៉ាថា និងម៉ារា។

នាង ម៉ាថា មានការខ្វល់ខ្វាយជាមួយនឹងការបម្រើជាច្រើន។ ហើយនាងបានចូលទៅឯព្រះអង្គហើយនិយាយថា «ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបម្រើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង ប៉ុន្តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ មានសេចក្ដីតែ១ទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ» (លូកា ១០:៤០-៤២)។

ខ្ញុំដឹងថា កញ្ញា អេលីណា បានលើកឡើងថា «មើល! ខ្ញុំត្រូវរ៉ាប់រងលើការចំណាយជាប្រចាំថ្ងៃ»។ នេះជាអ្វីដែលគាត់និយាយ។ ប៉ុន្តែ ខ្ញុំគិតថា ប្រសិនបើព្រះយេស៊ូវទៅលេងផ្ទះរបស់គាត់ ហើយមើលកាលវិភាគរបស់គាត់ នោះព្រះអង្គទំនងជាចង្អុលលើចំណុចមួយចំនួន ហើយមានបន្ទូលថា «ទេ! ការនោះមិនចាំបាច់ប្រើប្រាស់ពេលវេលាច្រើនដូចនេះទេ។ ទេ! អ្នកមិនចាំបាច់លះបង់ពេលវេលា និងកម្លាំងច្រើនដល់ម្ល៉ឹងលើការនោះឡើយ។ ការមួយគឺចាំបាច់ហើយ—គឺចាំបាច់ជាងការចម្អិនម្ហូប ចាំបាច់ជាងការសម្អាត ចាំបាច់ជាងការហាត់ប្រាណ ចាំបាច់ជាងការចេញទៅក្រៅទិញអ្វីមួយ និងការដើរផ្សារផង—គឺវាជាតម្រូវការចាំបាច់ច្បាស់ជាង។

នៅក្នុងកណ្ឌគម្ពីរ លូកា ៨:១៤ ព្រះយេស៊ូវបានព្រមានពីរបៀបមួយដែលព្រះបន្ទូលត្រូវបានឆក់យក គឺដោយសារភាពមមាញឹកធម្មតាដែរ ត្រូវទេ? ព្រះអង្គបានមានបន្ទូលថា «ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្ដីខ្វល់ខ្វាយ និងទ្រព្យសម្បត្តិ ហើយនិងសេចក្ដីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ»។

ទាក់ទងនឹងឃ្លា «ការខ្វល់ខ្វាយនៃជីវិត» តើយើងទាំងអស់គ្នាមិនមានការខ្វល់ខ្វាយទាំងនោះទេឬអី? ប៉ុន្តែ ព្រះយេស៊ូវបានរម្លឹកយើងថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។

ទម្លាប់ជាប្រចាំថ្ងៃ

ការលើកទឹកចិត្តរបស់ខ្ញុំចំពោះ កញ្ញា អេលីណា (ក៏ដូចជាមិត្តអ្នកអានទាំងអស់) គឺចង់ឲ្យគាត់អង្គុយចុះ ហើយកត់ក្នុងបញ្ជីពីអ្វីដែលគាត់កំពុងផ្ដោតលើនៅក្នុងជីវិត។ ខ្ញុំចង់និយាយថា គាត់បានដាក់វាចូលក្នុងសំណួរដែលគាត់បានសួរយើងរួចទៅហើយ។ ខ្ញុំកំពុងនិយាយពីផ្នែកលម្អិតនៃជីវិតរបស់គាត់ដែលហាក់បីដូចជាកំពុងប្លន់យកនូវអ្វីដែលគាត់កំពុងតែពិតជាចង់ធ្វើយ៉ាងខ្លាំង។ គាត់គួរតែសួរខ្លួនឯងអំពីចំណុចនីមួយៗ។ តើរបៀបដែលខ្ញុំធ្វើនេះជារបៀបដ៏ល្អបំផុត ហើយតើវាសំខាន់ជាងការដែលខ្ញុំចំណាយពេលជាមួយព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គមែនឬ? តើមានរបៀបណាមួយក្នុងការផ្លាស់ប្ដូរពេលវេលាដែលខ្ញុំបានចំណាយលើការទាំងនោះ ដើម្បីឲ្យខ្ញុំមានពេលវេលាជាមួយព្រះបន្ទូលព្រះអង្គដែរឬទេ?

អ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំអាចនិយាយថា សូមដាក់ម៉ោងរោទ៍៤៥នាទី មុនពេលក្រោកនៅពេលព្រឹក។ ហើយឡើងងូតទឹក ស្លៀកពាក់ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មុនពេលមានភាពមមាញឹកផ្សេងៗទៀតបានមកដល់។ សូមកុំអានព្រះបន្ទូលនៅពេលសល់ពេលតែតិចតួចឡើយ។ ប៉ុន្តែ សូមញែកពេលវេលាឲ្យបានច្រើន ដើម្បីអានព្រះបន្ទូលវិញ។ ការងារផ្សេងៗទៀតនឹងបានសម្រេចជាមិនខាន។ លោកអ្នកនឹងអាចនៅតែមានលុយសម្រាប់រ៉ាប់រងលើការចំណាយជាប្រចាំថ្ងៃ ប្រសិនបើលោកអ្នកអានព្រះគម្ពីរ។ ខ្ញុំសន្យាថា លោកអ្នកនឹងអាចធ្វើបានមែន ។

កុំងោកងុយ

ខ្ញុំបានណែនាំឲ្យក្រោកពីគេង៤៥នាទីមុនម៉ោង។ គាត់ប្រហែលជាកំពុងគ្រវីក្បាល ហើយនិយាយថា «លោកគ្រូនិយាយលេងទេអី? ខ្ញុំអស់កម្លាំងចង់ស្លាប់ហើយ»។ គាត់បាននិយាយថា គាត់បានងោកងុយនៅពេលគាត់កំពុងអានព្រះគម្ពីរ។ តើអ្នកណាមិនធ្លាប់មានរឿងបែបនោះកើតឡើង? ខាងក្រោមនេះជាការអនុវត្ត៣យ៉ាង៖

១. សូមចូលគេងឲ្យបានលឿនជាងធម្មតា ដើម្បីឲ្យបានសម្រាកច្រើនជាងមុន ជាពិសេសសម្រាប់ព្រះបន្ទូល។ លោកអ្នកអាចបង្ខំខ្លួនឯងឲ្យទៅដើរផ្សារនៅពេលលោកអ្នកអស់កម្លាំង។ ប៉ុន្តែ លោកអ្នកប្រហែលជាមិនអាចបង្ខំខ្លួនមិនឲ្យងោកងុយនៅពេលកំពុងអស់កម្លាំងនោះទេ។ លោកអ្នកអាចទៅផ្សារបាននៅពេលលោកអ្នកអស់កម្លាំង។

២. ប្រសិនបើចាំបាច់ នៅពេលព្រឹក ចូរទៅឆុងកាហ្វេ ហើយឲ្យកាហ្វេនោះជួយឲ្យលោកអ្នកស្វាងវិញចុះ។ ខ្ញុំមិនមែនជាអ្នកផឹកកាហ្វេទេ ប៉ុន្តែខ្ញុំយល់ថាកាហ្វេមានតួនាទីធ្វើបែបនោះ។ ខ្ញុំផឹកតែកូកាអត់មានជាតិស្ករ និងតែ តែប៉ុណ្ណោះ។

៣. ប្រសិនបើរាងកាយរបស់អ្នកចាប់ផ្ដើមងងុយដេក ចូរយកព្រះគម្ពីរដែលនៅក្នុងដៃ ហើយក្រោកឡើងចេញពីកៅអី ឬពូក ហើយដើរជុំវិញបន្ទប់ដោយអានព្រះគម្ពីរចុះ។ មិនមានអ្វីពិសេសក្នុងការអង្គុយអាននោះទេ ហើយវាកាន់តែធ្វើឲ្យលោកអ្នកមិនងាយគេងលក់នៅពេលលោកអ្នកកំពុងដើរ។ ខ្ញុំទើបតែបានធ្វើការនេះកាលពីថ្ងៃមុន។

កំណប់ទ្រព្យដ៏មានតម្លៃ

ប្រហែលអ្វីដែលសំខាន់ជាងទិដ្ឋភាពនៃការណែនាំដ៏លម្អិតនេះ នោះគឺជាបទពិសោធន៍គ្រឹះដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានតម្លៃលើសជាងអ្វីៗទាំងអស់។

ចូររម្លឹកខ្លួនឯងអំពីការនេះដោយអានកណ្ឌគម្ពីរ ទំនុកតម្កើង ១៩:៩-១០ មកកាន់ខ្លួនអ្នកផ្ទាល់។ ចូរអានឲ្យឮៗមកកាន់ខ្លួនឯងផ្ទាល់។ «អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង»។ សូមកុំអនុញ្ញាតឲ្យមាស ហើយក៏កុំអនុញ្ញាតឲ្យចំណីអាហារសំខាន់ ឬមានរសជាតិផ្អែមជាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការទាំងនោះមិនសំខាន់ ឬមានរសជាតិផ្អែមជាងព្រះបន្ទូលនោះទេ។

 ជារៀងរាល់ថ្ងៃ យើងភ្ញាក់ឡើងដោយមានតម្រូវការក្នុងការទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមយកព្រះបន្ទូលរបស់ព្រះអង្គជាគោល ហើយអ្វីៗផ្សេងទៀតជាចំណុចបន្ទាប់បន្សំ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី ឡូញ ស្រីរ័ត្ន, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​អ្វី​ត្រូវ​មាន​បេសកកម្ម?

របៀប​ដ៏ល្អ​ក្នុងការ​បង្រៀនព្រះបន្ទូល