ព្រះគម្ពីរបានថ្លែងជាទំនាយអំពីព្រឹត្តិការណ៍ជាច្រើនដែលនឹងកើតឡើងក្នុងគ្រាចុងក្រោយ។ យើងអាចសង្ខេបព្រឹត្តិការណ៍ទាំងនោះទៅជា ទីសម្គាល់ពីធម្មជាតិ ខាងឯព្រលឹងវិញ្ញាណ ក្នុងសង្គម អេឡិចត្រូនិក និងទីសម្គាល់ខាងឯនយោបាយ។ យើងអាចពិនិត្យមើលអ្វីដែលព្រះគម្ពីរបានលើកឡើងអំពីព្រឹត្តិការណ៍ទាំងនេះ ហើយប្រសិនបើមានទីសម្គាល់ជាច្រើន នោះយើងអាចសន្មតថា ពិតណាស់យើងកំពុងតែរស់នៅក្នុងគ្រាចុងក្រោយមែនហើយ។
ពីធម្មជាតិ
កណ្ឌគម្ពីរ លូកា ២១:១១ បានរៀបរាប់ពីទីសម្គាល់ពីធម្មជាតិដែលនឹងកើតឡើងមុនព្រះយេស៊ូវយាងមកជាលើកទី២៖ «នឹងមានរញ្ជួយផែនដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង» (គកស)។ ខណៈពេលដែលយើងមិនគួរកាត់ស្រាយថារាល់គ្រោះមហន្តរាយគឺជាទីសម្គាល់នៃគ្រាចុងក្រោយ នោះយើងអាចនៅដឹងបានថាគ្រោះមហន្តរាយធម្មជាតិគឺហាក់បីដូចជាការកំដៅ [សាច់ដុំ] នូវអ្វីដែលនឹងកើតឡើងជាបន្តបន្ទាប់—«ឈឺចាប់ហៀបនឹងសម្រាលកូន» ដូចដែលព្រះយេស៊ូវបានលើកឡើងអំពីការនោះ (ម៉ាថាយ ២៤:៨)។
ខាងឯវិញ្ញាណ
ព្រះគម្ពីរបានលើកឡើងអំពីទីសម្គាល់ខាងឯវិញ្ញាណទាំងបែបវិជ្ជមាន និងអវិជ្ជមាន។ តាមរយៈកណ្ឌគម្ពីរ ២ធីម៉ូថេ ៤:៣-៤ យើងឃើញថា នឹងមានមនុស្សជាច្រើនដែលនឹងដើរតាមគ្រូខុសឆ្គង។ សព្វថ្ងៃនេះ យើងសង្កេតឃើញថា មានក្រុមអ្នកជឿងប់ងុល ក្រុមបង្រៀនខុសឆ្គង ក្រុមបោកបញ្ឆោត និងសាសនាជាច្រើនដែលកំពុងតែងើបឡើង ហើយមនុស្សជាច្រើននាក់ក៏ជ្រើសរើសដើរតាមទស្សនៈទំនើប ឬក៏ក្រុមសាសនាទាំងនោះ។ បើនិយាយតាមបែបវិជ្ជមាន៖ យើងសង្កេតឃើញហើយថា កណ្ឌគម្ពីរ យ៉ូអែល ២:២៨-២៩ បានទាយថានឹងមានពេលដែលព្រះវិញ្ញាណបរិសុទ្ធនឹងត្រូវបានចាក់មកលើមនុស្សយើង។ នៅថ្ងៃបុណ្យ ៥០ ព្រះអង្គបានបំពេញ [ផ្នែកមួយចំនួននៃ] ទំនាយរបស់ហោរា យ៉ូអែល (កិច្ចការ ២:១៦) ហើយយើងក៏នៅតែបន្តឃើញឥទ្ធិពលនៃការចាក់ពីព្រះវិញ្ញាណបរិសុទ្ធក្នុងការដែលមនុស្សយើងបំផ្លាស់បំប្រែចិត្ត ហើយមានចលនាគ្រីស្ទបរិស័ទដែលដឹកនាំដោយព្រះវិញ្ញាណ ហើយនៅក្នុងការប្រកាសដំណឹងល្អពាសពេញពិភពលោកផងដែរ។
ខាងឯសង្គម
អមគ្នាជាមួយនឹងទីសម្គាល់ពីធម្មជាតិ និងខាងឯវិញ្ញាណ យើងក៏នៅមានទីសម្គាល់ខាងឯសង្គមផងដែរ។ ការប្រព្រឹត្តល្មើសខាងឯសីលធម៌ក្នុងសង្គមយើងសព្វថ្ងៃនេះគឺជាចំណុចសម្គាល់នៃការដែលមនុស្សយើងបះបោរទាស់នឹងព្រះជាម្ចាស់។ ការពន្លូតកូនចោល ការរួមភេទជាមួយនឹងភេទដូចគ្នា ការញៀនគ្រឿងញៀន និងការរំលោភបំពានសិទ្ធិកុមារៗ ទាំងនេះគឺជាភស្តុតាងដែលថា «មនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ» (២ធីម៉ូថេ ៣:១៣)។ ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងសង្គមសប្បាយនិយម និងសម្ភារៈនិយម។ មនុស្សយើងបានក្លាយជាអ្នកស្រឡាញ់ខ្លួនឯង—«ឲ្យតម្លៃលើខ្លួនឯងថាជាលេខ១»—ហើយក៏កំពុងតែធ្វើនូវអ្វីដែលគិតថា ត្រូវក្នុងកែវភ្នែករបស់ខ្លួន។ សព្វថ្ងៃនេះ យើងអាចឃើញនូវចំណុចទាំងអស់នោះ និងចំណុចជាច្រើននានាទៀត នៅជុំវិញយើង (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ៣:១-៤)។
អេឡិចត្រូនិក
មុនមានយុគសម័យគ្រឿងអេឡិចត្រូនិកទំនើបៗដូចសព្វថ្ងៃនេះ ការទាយពីគ្រាចុងក្រោយហាក់បីដូចជាមិនអាចកើតឡើងបានឡើយ។ ការថ្កោលទោសមួយចំនួនក្នុងកណ្ឌគម្ពីរវិវរណៈហាក់បីដូចជាអាចនឹងកើតមានឡើងក្នុងយុគសម័យនុយក្លេអ៊ែរឥឡូវនេះ។ ក្នុងកណ្ឌគម្ពីរវិវរណៈជំពូក១៣ យើងឃើញថា អាទទឹងនឹងគ្រប់គ្រងលើទីផ្សារដោយបង្ខំមនុស្សឲ្យមានទីសម្គាល់គឺជាឈ្មោះរបស់សត្វនោះ ហើយអាស្រ័យទៅលើឌីសកុំព្យូទ័រក្នុងគ្រឿងអេឡិចត្រូនិកដែលមានសព្វថ្ងៃនេះវាអាចទំនងជាកំពុងតែប្រើប្រាស់ទីសម្គាល់នោះរួចបាត់ទៅហើយ។ តាមរយៈប្រព័ន្ធអ៊ីនធឺណិត វិទ្យុ និងទូរទស្សន៍ នោះយើងក៏អាចផ្សព្វផ្សាយដំណឹងល្អពាសពេញផែនដីនេះដែរ (ម៉ាកុស ១៣:១០)។
ខាងឯនយោបាយ
ហើយក៏មានទីសម្គាល់ខាងឯនយោបាយដែរ។ ការដែលសាសន៍អ៊ីស្រាអែលត្រូវបានបង្កើតឡើងជាជាតិសាសន៍ក្នុងទឹកដីរបស់ពួកគេនៅឆ្នាំ ១៩៤៨ គឺជាការបំពេញទំនាយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេ ដែលជាភស្តុតាងថា យើងកំពុងតែរស់នៅក្នុងគ្រាចុងក្រោយនេះហើយ។ មុនឈានដល់សតវត្សរ៍ទី២០ គ្មាននរណាដែលនឹកដល់ថា សាសន៍អ៊ីស្រាអែលនឹងត្រឡប់ទៅទឹកដីរបស់ពួកគេបានទេ ហើយថែមទាំងយកទឹកដីនៃក្រុងយេរូសាឡឹមទៀតផង។ ប្រាកដណាស់! ក្រុងយេរូសាឡឹមគឺជាទឹកដីកណ្ដាលនៃនយោបាយ ហើយក៏នឹងឈរតែឯងក្នុងការទាស់ប្រឆាំងនឹងខ្មាំងសត្រូវជាច្រើន ដូចដែលកណ្ឌគម្ពីរ សាការី ១២:២ បានគាំទ្រអញ្ចឹងដែរ៖ «នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមធ្ងន់ដូចជាថ្ម សម្រាប់មនុស្សទាំងអស់ អ្នកណាដែលលើកថ្មនោះ នឹងត្រូវរបួសធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ»។ កណ្ឌគម្ពីរ ម៉ាថាយ ២៤:៦-៧ ក៏បានទាយទុកផងដែរថា «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ»។ «អ្នករាល់គ្នានឹងឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម» វាពិតជាស្ថានភាពនៃយុគសម័យបច្ចុប្បន្ននេះមែន។
ទាំងនេះគឺគ្រាន់តែជាទីសម្គាល់មួយចំនួនប៉ុណ្ណោះដែលបញ្ជាក់ថា យើងកំពុងតែរស់នៅក្នុងសម័យនៃគ្រាចុងក្រោយប៉ុណ្ណោះ។ នៅមានទីសម្គាល់ជាច្រើនទៀត។ ព្រះជាម្ចាស់បានប្រទានទំនាយទាំងអស់នេះមកកាន់យើង ពីព្រោះទ្រង់មិនសព្វព្រះហទ័យឲ្យមនុស្សយើងវិនាសឡើយ ហើយព្រះអង្គតែងតែព្រមានជាច្រើនលើកច្រើនសារមុនទ្រង់ចាក់សេចក្ដីក្រោធរបស់ព្រះអង្គមកលើយើងទៀតផង (២ពេត្រុស ៣:៩)។
តើយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយមែនឬ? គ្មាននរណាដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញពេលណានោះទេ ប៉ុន្តែគ្រាឆក់យកនឹងកើតឡើងក្នុងមួយរំពេចណាក៏ថាបានដែរ។ ព្រះជាម្ចាស់នឹងកាត់ទោសលើអំពើបាបដោយយោងលើព្រះគុណ ឬក៏សេចក្តីក្រោធ។ កណ្ឌគម្ពីរ យ៉ូហាន ៣:៣៦ បានលើកឡើងថា «អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះជានិច្ច»។ អស់អ្នកណាដែលមិនទទួលយកព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្គ្រោះរបស់ខ្លួននឹងស្ថិតក្រោមសេចក្ដីក្រោធរបស់ព្រះអម្ចាស់។
ដំណឹងល្អគឺថា វាមិនទាន់ហួសពេលទេក្នុងការជ្រើសរើសយកជីវិតដ៏នៅអស់កល្បជានិច្ច។ អ្វីដែលជាការទាមទារគឺ៖ ទទួលយកតាមរយៈជំនឿនូវអំណោយទានដ៏ឥតគិតថ្លៃនៃព្រះគុណរបស់ព្រះជាម្ចាស់។ លោកអ្នកមិនអាចធ្វើអ្វីបានទេ ដើម្បីទិញព្រះគុណ។ ព្រះយេស៊ូវបានបង់ថ្លៃសម្រាប់លោកអ្នកហើយ (រ៉ូម ៣:២៤)។ តើលោកអ្នកបានត្រៀមខ្លួនជាស្រេចហើយឬនៅអំពីការយាងមកវិញរបស់ព្រះអម្ចាស់? ឬក៏ថា តើលោកអ្នកនឹងស្ថិតក្រោម សេចក្ដីក្រោធរបស់ទ្រង់វិញ?
មតិយោបល់
Loading…