វាគឺជារឿងងាយបំផុតក្នុងលោកនេះដែលនិយាយថា៖ «បាទ! ខ្ញុំនឹងអធិស្ឋានសម្រាប់រឿងហ្នឹង»។ ហើយវាក៏ជារឿងដ៏ងាយនឹងធ្វេសប្រហែសជាងគេបំផុតដែរ។ បញ្ជីនៃសំណូមពរអធិស្ឋានដែលខ្ញុំបាននិយាយថា ខ្ញុំនឹងអធិស្ឋានឲ្យនរណាម្នាក់ ហើយបែរជាភ្លេចអធិស្ឋានវិញ នោះវានឹងគរកាន់តែច្រើនឡើងពីពេលនេះរហូតដល់ឆ្នាំក្រោយ។ ដូច្នេះ ចាប់ពីពេលនេះទៅ ខ្ញុំបាននិយាយថា «ទេ! ខ្ញុំនឹងមិនអធិស្ឋានសម្រាប់អ្នកទេ»។ ខ្ញុំនៅមិនទាន់មានអារម្មណ៍ស្រួលបួលទាំងស្រុងជាមួយនឹងឃ្លានេះទេ ប៉ុន្តែខ្ញុំគិតថា វាគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
ថ្មីៗកន្លងទៅនេះមានមនុស្ស—ដែលយើងមិនស្គាល់ម្នាក់—បានទូរស័ព្ទមកក្រុមជំនុំរបស់យើង ដើម្បីសុំឲ្យជួយអធិស្ឋានឲ្យគាត់។ គាត់បានទូរស័ព្ទចេញពីកន្លែងដ៏ឆ្ងាយមួយដែលមិនគួរឲ្យជឿ។ គាត់បាននិយាយថា គាត់គឺកំពុងតែមានជម្ងឺ ហើយគាត់ត្រូវការមនុស្សមួយចំនួន ដើម្បីជួយអធិស្ឋានឲ្យ។ គាត់សួរខ្ញុំថា «តើខ្ញុំអាចពឹងអ្នកជួយអធិស្ឋានឲ្យខ្ញុំរៀងរាល់ថ្ងៃរយៈពេលប្រាំមួយខែទៅមុខនេះបានដែរឬទេ?”
ជាលើកដំបូងហើយក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំមានអារម្មណ៍ថា ខ្លួនមានសេរីភាពពេញលេញ។ ខ្ញុំបានតបថា «ខ្ញុំនឹងអធិស្ឋានឲ្យអ្នកបានតែម្តងនេះប៉ុណ្ណោះ ខ្ញុំមិនអាចអធិស្ឋានឲ្យអ្នករាល់ថ្ងៃបានទេ។ ខ្ញុំក៏នឹងមិនអធិស្ឋានឲ្យអ្នករយៈពេលប្រាំមួយខែបានដែរ»។ ខ្ញុំបានពន្យល់ថា ខ្ញុំមានក្រុមជំនុំផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីមើលថែ ហើយថាខ្ញុំក៏ត្រូវអធិស្ឋានសម្រាប់ពួកគាត់ទាំងនោះផងដែរ។ ខ្ញុំបានសួរគាត់អំពីព្រះវិហារដែលគាត់ចូលរួមថ្វាយបង្គំ ហើយគាត់ក៏បានប្រាប់ខ្ញុំ។ ខ្ញុំដឹងថា នោះគឺជាព្រះវិហារដ៏ល្អមួយ ដែលសម្បូរទៅដោយអ្នកដែលអធិស្ឋានច្រើន និងមានគ្រូគង្វាលដែលមើលថែក្រុមជំនុំបានល្អទៀតផង។ ខ្ញុំបានពន្យល់គាត់ទៀតថា ព្រះជាម្ចាស់រំពឹងឲ្យក្រុមជំនុំរបស់គាត់មើលថែគាត់ ហើយឲ្យក្រុមជំនុំរបស់គាត់ត្រូវអធិស្ឋានឲ្យគាត់ ហើយថាការដែលទូរស័ព្ទទៅក្រុមជំនុំទាំងអស់នៅទីក្រុងភ្នំពេញមកប្រជុំគ្នាអធិស្ឋានសម្រាប់នរណាម្នាក់ដូចគាត់ដែលពួកគេមិនដែលស្គាល់ នោះអាចជារឿងសង្ស័យ។
ខ្ញុំគិតថា គាត់បានយល់អំពីចំណុចនោះ។ ប៉ុន្តែ បានតែមួយសប្ដាហ៍ប៉ុណ្ណោះ ស្រាប់តែទូរស័ព្ទក៏រោទ៍ម្ដងទៀត ហើយវាជាស្ត្រីដដែលនោះ។ គាត់ច្បាស់ជាមិនបានលុបឈ្មោះក្រុមជំនុំរបស់យើងចេញពីសៀវភៅរបស់គាត់ទេ។ ខ្ញុំបានរម្លឹកគាត់អំពីអ្វីដែលខ្ញុំបាននិយាយកាលពីលើកមុន ហើយបានប្រាប់គាត់ថា ខ្ញុំមិនអធិស្ឋានឲ្យគាត់ទៀតទេ។ គាត់ក៏បានដាក់ទូរស័ព្ទចុះមុននឹងខ្ញុំនិយាយចប់។
មានម្តងនោះ ខ្ញុំបានចំណាយពេលពីរទៅបីម៉ោងជាមួយក្រុមតូចមួយ និងជាមួយគ្រូគង្វាលដ៏ល្បីម្នាក់ដែលសម្លេងរបស់គាត់ត្រូវបានចាក់ផ្សាយតាមវិទ្យុ ហើយក៏មានអ្នកស្តាប់ជុំវិញពិភពលោកដែរ។ គាត់គឺជាបុរសដែលអធិស្ឋានម្នាក់ ហើយជាអ្នកទាស់ប្រឆាំងនឹងការសុំដោយងាយស្រួលថា «សូមអធិស្ឋានឲ្យខ្ញុំផង»។ គាត់យល់ថា មនុស្សមួយចំនួនគិតថា ការអធិស្ឋានរបស់គាត់មានអំណាចពិសេសដោយសារតែគាត់ជាគ្រូល្បីម្នាក់ ហើយក៏យល់ថាមានមនុស្សមួយចំនួនបានឃ្លាតឆ្ងាយពីក្រុមជំនុំតាមតំបន់ដោយមិនស្ដាប់បង្គាប់ ហើយឥឡូវនេះកំពុងស្វែងរកនរណាម្នាក់ ដើម្បីអធិស្ឋានឲ្យពួកគេ។ មានមនុស្សមួយចំនួនមានអបិយជំនឿពីរឿងអធិស្ឋាន។ ដូច្នេះ គាត់បានប្រាប់ខ្ញុំអំពីរបៀបនិយាយថា «ទេ»។ ហើយកាន់តែប្រសើរទៀតបើចេះរៀននិយាយថា «ខ្ញុំនឹងអធិស្ឋានឲ្យអ្នកឥឡូវនេះ ហើយបន្ទាប់ពីហ្នឹងខ្ញុំសង្ឃឹមថា អ្នកនឹងទៅក្រុមជំនុំរបស់អ្នក ហើយសុំឲ្យពួកគេអធិស្ឋានឲ្យអ្នកវិញ»។ គាត់ក៏អធិស្ឋានឲ្យភ្លាម ហើយគាត់អធិស្ឋានតែម្តងប៉ុណ្ណោះ មិនមែនរហូតឡើយ។
ខ្ញុំបានរៀនអំពីរឿងនេះពីគាត់ ហើយខ្ញុំមានអារម្មណ៍ថា មានសេរីភាពដោយមិនអធិស្ឋានឲ្យ។ ខ្ញុំមានសេរីភាពដោយមិនអធិស្ឋានឲ្យ ពីព្រោះខ្ញុំមិនអាចអធិស្ឋានឲ្យមនុស្សគ្រប់គ្នា និងគ្រប់រឿងបានទេ។ ព្រះជាម្ចាស់បានប្រទានឲ្យខ្ញុំនូវចំណុចដែលខ្ញុំមានទំនួលខុសត្រូវ និងចំណែកនៃពេលវេលាដែលមានកំណត់។ ខ្ញុំត្រូវប្រើពេលវេលាដ៏ល្អបំផុត និងភាគច្រើនរបស់ខ្ញុំ ដើម្បីមើលថែមនុស្សដែលនៅជិតខ្ញុំបំផុត ពោលគឺគ្រួសាររបស់ខ្ញុំ មិត្តរបស់ខ្ញុំ អ្នកជិតខាងរបស់ខ្ញុំ និងព្រះវិហាររបស់ខ្ញុំជាដើម។ វិធីមួយក្នុងចំណោមវិធីជាច្រើនដែលបង្ហាញថា ខ្ញុំយកចិត្តទុកដាក់ចំពោះពួកគេគឺតាមរយៈការអធិស្ឋានសម្រាប់ពួកគេ។ ប៉ុន្តែ ដោយសារជីវិតរបស់ខ្ញុំមានការជាច្រើនទៀតលើសពីការអធិស្ឋាន ដូច្នេះខ្ញុំត្រូវប្រើប្រាស់ពេលវេលាអធិស្ឋានឲ្យបានល្អបំផុត ដោយផ្ដោតទៅលើរឿងទាំងនោះ និងមនុស្សដែលខ្ញុំមានទំនួលខុសត្រូវ។ ហើយវាក៏ជាអ្វីដែលខ្ញុំព្យាយាមធ្វើ ដើម្បីអធិស្ឋានឲ្យអស់ពីចិត្ត និងអធិស្ឋានម្តងហើយម្តងទៀតសម្រាប់មនុស្សដែលខ្ញុំមានទំនួលខុសត្រូវ ហើយអនុញ្ញាតឲ្យអ្នកដទៃអធិស្ឋានសម្រាប់មនុស្សដែលពួកគេមានទំនួលខុសត្រូវផងដែរ។
ខ្ញុំជឿប្រាកដថា វានឹងប្រសើរជាងនេះ បើយើងធ្វើតាមវិធីខាងលើ។ វាផ្តល់ឲ្យខ្ញុំមាននូវឱកាសមួយ ដើម្បីបង្រៀនមនុស្សជាច្រើននាក់ទៀតអំពីការអធិស្ឋាន ហើយវាក៏ផ្តល់ឲ្យខ្ញុំនូវឱកាសមួយ ដើម្បីធ្វើជាគំរូនៃការអធិស្ឋានផ្សេងទៀត ហើយការនេះក៏ជួយរារាំងខ្ញុំមិនឲ្យនិយាយសន្យានូវអ្វីមួយដែលខ្ញុំថានឹងធ្វើ តែបែរជាធ្វើមិនអាចបាន។
មតិយោបល់
Loading…