តើលោកអ្នកធ្វើអ្វីនៅពេលដែលលោកអ្នកជួបប្រទះបទពិសោធន៍ដែលបង្ហាញថា ការងាររបស់លោកអ្នកមិនមានផលផ្លែសោះ ឬក៏វាបរាជ័យតែម្ដង? តើលោកអ្នកឆ្លើយតបយ៉ាងដូចម៉េចនៅពេលដែលលោកអ្នកឃើញថា ការដែលលោកអ្នកខំប្រឹងធ្វើការបង្កើតផលល្អបានត្រឹមតិចតួចប៉ុណ្ណោះ?
មិនថាលោកអ្នកជាគ្រូគង្វាលដ៏ស្មោះត្រង់ដែលកំពុងធ្វើការជាមួយក្រុមជំនុំដែលកំពុងមានបញ្ហា ឬក៏ជាសិស្សនៅវិទ្យាល័យដែលកំពុងទទួលបានពិន្ទុមិនសូវល្អ ឬក៏ជាឪពុកម្ដាយដែលកំពុងជួយកូនដែលកំពុងពាលានោះទេ គឺយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ជួបការមិនសប្បាយចិត្ត ព្រោះការងាររបស់យើងមិនមានផលផ្លែល្អ។ ពេលខ្លះ យើងមានអារម្មណ៍ថា ចំណុចនេះមិនស័ក្ដិសមទេ ប៉ុន្តែទោះជាយ៉ាងណា ក៏ធាតុពិតនៅតែដដែល៖ ការខំប្រឹងធ្វើការមិនធានាថារមែងបង្កើតឲ្យមានផលផ្លែល្អទេ។ ពេលខ្លះគម្រោងការរបស់យើងបរាជ័យ ឬក៏យើងមិនបានធ្វើអ្វីទាន់ម៉ោង ទោះបើយើងខំប្រឹងប៉ុណ្ណាក៏ដោយ។
យើងរស់នៅក្នុងយុគសម័យដែលផ្ដោតខ្លាំងទៅលើការខំប្រឹងធ្វើការ ដូច្នេះការដែលយើងពិបាកនឹងទទួលយកនោះគឺការមិនទទួលបានផលផ្លែ ជាពិសេសចំពោះមនុស្សដែលតែងតែខំប្រឹងធ្វើការ។ យើងតែងតែរំពឹងចង់បានផលផ្លែភ្លាមៗ ហើយយើងងាយនឹងបាក់ទឹកចិត្តនៅពេលដែលក្ដីរំពឹងរបស់យើងមិនបានដូចបំណង។
នៅពេលដែលខ្ញុំជួបប្រទះពេលវេលាដែលយើងមិនទទួលបានផលផ្លែ នោះខ្ញុំងាយនឹងប្រឈមមុខជាមួយការល្បួងដោយឆ្លុះបញ្ចាំងនៅក្នុងជីវិតខ្លួនឯងតាមរបៀបមិនល្អ ឬក៏បន្ទោសអ្នកដទៃចំពោះបរាជ័យរបស់ខ្ញុំ។ នៅក្នុងពេលវេលាដ៏លំបាករបស់ខ្ញុំ ខ្ញុំក៏ធ្លាប់មានមន្ទិលសង្ស័យពីរបៀបដែលព្រះជាម្ចាស់សម្លឹងមើលមកខ្ញុំដែរ ដោយសួរទ្រង់ថា ហេតុអ្វីបានជាទ្រង់មិនប្រទានពរចំពោះកិច្ចការដែលខ្ញុំធ្វើ។ ជារឿយៗ នៅពេលដែលខ្ញុំសួរបែបនេះ ខ្ញុំតែងតែភ្លេចពីពេលវេលាដែលទ្រង់ធ្លាប់ប្រទានពរដល់ខ្ញុំ។
ការរំឭក៤យ៉ាងនៅពេលដែលយើងជួបប្រទះពេលវេលាដែលយើងមិនទទួលបានផលផ្លែ
នៅពេលដែលខ្ញុំប្រឈមមុខជាមួយពេលវេលាមិនមានផលផ្លែ រឿងនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ២១ តែងតែជួយដល់ខ្ញុំ។ ពួកសិស្សបានចេញទៅរកត្រីពេញមួយយប់ តែ «គេចាប់មិនបានអ្វីសោះ» (យ៉ូហាន ២១:៣)។ នៅពេលព្រះអាទិត្យជិតនឹងរះ ព្រះយេស៊ូវបានសួរថា តើពួកគេចាប់បានត្រីឬអត់។ ពួកគេចាប់មិនបានត្រីទេ។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រាប់ពួកគេថា «ចូរទម្លាក់អួនទៅខាងស្ដាំទូក» (យ៉ូហាន ២១:៥-៦)។ លទ្ធផលគឺពិតជាអស្ចារ្យណាស់! ក្រោយពីបានបរាជ័យពេញមួយយប់ អួនបានជាប់ត្រីយ៉ាងច្រើន រហូតដល់វាចាប់ផ្ដើមរហែក។
រឿងនេះមានការរំឭក៤យ៉ាងក្នុងការលើកទឹកចិត្តយើង នៅពេលដែលយើងប្រឈមមុខជាមួយពេលវេលាដែលមិនមានផលផ្លែ។
១. ការមិនទទួលបានផលផ្លែគឺជាបទពិសោធន៍ធម្មតា
យើងអាចដោះសារចំពោះពួកសិស្សបាន ប្រសិនបើពួកគាត់ចេញទៅរកត្រីដោយរំពឹងថា ខ្លួននឹងចាប់បានត្រីច្រើន។ យើងដឹងហើយថា ពួកគាត់បានប្ដូរផ្ដាច់ជីវិតពួកគាត់ជាមួយព្រះគ្រីស្ទ បានចាកចេញពីគ្រួសារខ្លួន ពីផ្ទះ និងការងាររបស់ខ្លួន ដើម្បីដើរតាមទ្រង់។ ពួកសិស្សខ្លះ មានអាជីពជាអ្នកនេសាទត្រី។ មើលទៅពួកគាត់កំពុងតែរស់នៅក្នុងរបៀបដ៏ត្រឹមត្រូវហើយ៖ គឺជាអ្នកដើរតាមព្រះគ្រីស្ទដ៏ប្ដូរផ្ដាច់ ហើយក៏ជាអ្នកខំប្រឹងធ្វើការ។ ប៉ុន្តែ ក៏ការខំប្រឹងរបស់ពួកគាត់នៅតែបរាជ័យ។
យើងប្រហែលជាមិនយល់ពីមូលហេតុដែលការខំប្រឹងរបស់យើងបរាជ័យទេ ហើយយើងក៏ប្រហែលជាងាយមានចិត្តក្រេវក្រោធដែរ។ ប៉ុន្តែ យើងត្រូវតែចងចាំថា ក្នុងនាមជាគ្រីស្ទបរិស័ទ ព្រះអង្គមិនបានសន្យាថា ការងាររបស់យើងនឹងមានជ័យជម្នះឡើយ។ ក្នុងប្រាជ្ញារបស់ទ្រង់ ព្រះអង្គ «ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ» (ម៉ាថាយ ៥:៤៥)។ ការដែលយើងជួបប្រទះនឹងពេលវេលាដែលយើងមិនទទួលបានផល គឺគ្រាន់តែជាផ្នែកកមួយនៃការរស់នៅក្នុងពិភពលោកដែលត្រូវបណ្ដាសាដោយសារការធ្លាក់ចុះក្នុងអំពើបាបប៉ុណ្ណោះ។ ដូច្នេះ ការងាររបស់យើងនៅលើពិភពលោកនេះ គឺស្ថិតក្រោម «បន្លា ហើយនិងអញ្ចាញ» ដែលនាំឲ្យមានការយឺតយ៉ាវ និងមិនសូវមានផលផ្លែ (លោកុប្បត្តិ ៣:១៨)។
នៅពេលយើងមើលទៅថា មិនអាចទទួលបានជ័យជម្នះ ឬក៏នៅពេលដែលយើងជួបប្រទះការមិនទទួលបានផលផ្លែ ចូរយើងចងចាំថា មនុស្សគ្រប់ៗរូបតែងតែជួបប្រទះរឿងបែបនេះ។ ការដែលយើងជួបប្រទះរឿងបែបនេះ មិនមែនមានន័យថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយើងទេ ប៉ុន្តែជាការរំឭកយើងថា ផែនដីដែលយើងកំពុងរស់នៅ កំពុងរង់ចាំការស្ដារឡើងវិញជាថ្មីពីព្រះជាម្ចាស់ (រ៉ូម ៨:២០-២១)។
២. ព្រះយេស៊ូវនឹងជួបយើងនៅពេលដែលយើងបរាជ័យ
នៅពេលដែលយើងជួបប្រទះការដែលយើងមិនទទួលបានផលផ្លែសោះ នោះយើងនឹងងាយមានគំនិតថា ព្រះជាម្ចាស់មិនបាននៅជិតយើងទេ។ យើងងាយនឹងធ្លាក់ក្នុងការល្បងថា ព្រះយេស៊ូវមិនខ្វល់ពីកាលៈទេសៈរបស់យើង ឬពីផលផ្លែដែលយើងគិតថា វាមានសារៈសំខាន់ខ្លាំងសម្រាប់យើង។ ឧទាហរណ៍៖ ការបរាជ័យក្នុងគម្រោងការ ឬក៏មុខរបរណាមួយ។
ក្នុងកាលៈទេសៈបែបនោះ យើងត្រូវតែប្រុងប្រយ័ត្នឲ្យខ្លាំង ដោយមិនត្រូវគិតថា ព្រះយេស៊ូវបានចាកចេញ ឬក៏លែងមានចិត្តរវីរវល់ចំពោះយើង ឬតម្រូវការរបស់យើងឡើយ។ ផ្ទុយទៅវិញ ដូចដែលកណ្ឌគម្ពីរ ហេព្រើរ ៤:១៥ បានលើកឡើងហើយថា «សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកម្សោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ»។ ចូរចាំថា ព្រះយេស៊ូវក៏ស្គាល់ ហើយធ្លាប់មានបទពិសោធន៍អំពីដែនកំណត់នៃការធ្វើការនៅក្នុងផែនដីដែលធ្លាក់ចុះក្នុងអំពើបាបដែរ ហេតុដូច្នេះទ្រង់ក៏យល់ពីអារម្មណ៍នៃការជួបប្រទះពេលវេលាដែលមិនទទួលបានផលផ្លែដែរ។ តែចំណុចដ៏ធំបំផុតដែលយើងត្រូវចាំនោះគឺ ទ្រង់នៅតែគិត ហើយយកចិត្តទុកដាក់នឹងយើងជាដរាប។
នៅក្នុងរឿងនេះ យើងអាចមើលឃើញពីភស្តុតាងនៃការដែលព្រះយេស៊ូវយកចិត្តទុកដាក់ចំពោះពួកសិស្សរបស់ទ្រង់ តាមរយៈសម្ដីរបស់ទ្រង់ទៅកាន់ពួកគេថា៖ «កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ» (យ៉ូហាន ២១:៥)។ បន្ទាប់ពីពួកសិស្សខំប្រឹងរកត្រីអស់មួយយប់ ព្រះយេស៊ូវបានជួបពួកគេនៅពេលដែលពួកគេមានតម្រូវការយ៉ាងខ្លាំង ហើយក៏ខ្សោយយ៉ាងខ្លាំងដែរ។
នេះហើយជាព្រះសង្គ្រោះ ដែលមកកៀកបង្កើយនឹងយើងនៅពេលដែលយើងមានបញ្ហាខ្លាំង។ ទ្រង់បានចំណាយពេលវេលាគិតពីចំណុចដ៏សាមញ្ញ (ការរកត្រី និងការទំលាក់អួន) ដើម្បីធ្វើការអស្ចារ្យសម្រាប់ជាប្រយោជន៍ដល់កូនៗរបស់ព្រះអង្គ។ នៅពេលដែលយើងបាក់ទឹកចិត្តដោយសារការបរាជ័យរបស់យើង នោះចូរឲ្យយើងបែរទៅរកព្រះគ្រីស្ទដោយមានទំនុកចិត្តថា ទ្រង់យកចិត្តទុកដាក់ចំពោះការតយុទ្ធរបស់យើង។
៣. ព្រះជាម្ចាស់ទ្រង់ជួយនៅពេលដែលយើងត្រូវការទ្រង់
ជារឿយៗ ខ្ញុំមិនទៅស្វែងរកព្រះជាម្ចាស់ទេនៅពេលដែលខ្ញុំជួបទុក្ខលំបាក ឬក៏ការមិនទទួលបានផលផ្លែ។ តែផ្ទុយទៅវិញ ខ្ញុំបែរជា «ពឹង» លើសមត្ថភាពរបស់ខ្ញុំ ហើយភ្លេចមើលទៅព្រះជាម្ចាស់។ តាមពិតទៅ ខ្ញុំឃើញថា ការដែលខ្ញុំអស់សង្ឃឹមនៅពេលដែលខ្ញុំមិនទទួលបានផលផ្លែ គឺកើតឡើយពីការដែលខ្ញុំមិនទទួលបានជោគជ័យដោយខ្លួនឯង។
ការដែលពួកសាវ័កមិនចាប់បានអ្វីសោះ គឺជាការរំឭកដល់យើងអំពីកិច្ចការដែលព្រះជាម្ចាស់ទ្រង់ធ្វើ ជាការដែលលើសពីសមត្ថភាព និងធនធានរបស់យើង។ បទពិសោធន៍ផ្ទាល់របស់ពួកសាវ័ក និងសមត្ថភាពដែលគាត់ធ្វើបាន គឺមិនគ្រប់គ្រាន់ក្នុងការបង្កើតឲ្យមានផលផ្លែទេ។ ការអស្ចារ្យដែលព្រះផ្គត់ផ្គង់មនុស្សប្រមាណ៥.០០០នាក់ គឺដើម្បីបង្ហាញពីដែនកំណត់របស់មនុស្ស ហើយក៏សម្រាប់បង្ហាញពីអំណាចដ៏គ្មានព្រំដែនរបស់ព្រះយេស៊ូវក្នុងការបំពេញតម្រូវការរបស់មនុស្សដែរ។
នៅពេលដែលយើងជួបប្រទះបញ្ហាដែលកម្លាំង និងសមត្ថភាពរបស់យើងមិនអាចដោះស្រាយបាន នោះចូរយើងកុំភ្លេចពីសមត្ថភាពរបស់ព្រះជាម្ចាស់ ដែលទ្រង់អាចជួយយើងបានតាមរយៈការគ្រោងទុករបស់ទ្រង់ ក៏ដូចជាការអស្ចារ្យរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការបង្ហាញសិរីល្អរបស់ទ្រង់ឲ្យយើងឃើញ និងក្នុងការបំពេញតម្រូវការរបស់យើង។ ចូរយើងពឹងលើទ្រង់ ដើម្បីឲ្យទ្រង់ជួយយើង។
៤. ព្រះយេស៊ូវជារង្វាន់ដ៏ល្អបំផុតសម្រាប់ការងាររបស់យើង
«នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថា ជាព្រះអម្ចាស់នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក។» (យ៉ូហាន ២១:៧)
តើលោកអ្នកពេញចិត្តចំពោះការឆ្លើយតបរបស់សាវ័ក ពេត្រុស ដែរឬទេ? នៅពេលដែលគាត់ឃើញអ្នកដែលកំពុងឈរលើឆ្នេរសមុទ្រ គាត់ក៏លោតចុះពីទូក ហើយហែលទៅរកទ្រង់។ ចំពោះសាវ័ក ពេត្រុស ការអស់កម្លាំង គឺមកពីការខំប្រឹងធ្វើការពេញមួយយប់តែមិនបានទទួលផលផ្លែ ប៉ុន្តែវាមិនសំខាន់អ្វីទេ ហើយការដែលចាប់ត្រីបានច្រើននៅពេលក្រោយក៏ដូច្នោះដែរ។ ការចំណាយពេលវេលាជាមួយព្រះសង្គ្រោះរបស់គាត់ មានប្រយោជន៍ជាងការដែលចាប់បានត្រីច្រើនរហូតដល់រហែកអួនទៅទៀត។
បើយើងមានទស្សនៈដូចសាវ័ក ពេត្រុស នៅពេលដែលការងាររបស់យើងបរាជ័យ នោះពិតជាអស្ចារ្យណាស់! ចូរកុំឲ្យការខំប្រឹងធ្វើការរបស់យើង ដើម្បីឲ្យបានផលល្អ មកបាំងយើងមិនឲ្យមើលឃើញរង្វាន់ដ៏ពិតនៃការងាររបស់យើងឡើយ៖ ដើម្បីបានស្គាល់ គឺយើងយកព្រះគ្រីស្ទទុកជារង្វាន់។ តាមពិតទៅ ជារឿយៗ នៅពេលដែលយើងជួបទុក្ខលំបាក នោះហើយជាពេលដែលយើងមានពិសោធន៍ពីវត្តមានរបស់ព្រះសង្គ្រោះនៃយើង គឺមិនមែននៅពេលដែលយើងមានជ័យជម្នះទេ។
នៅពេលដែលយើងទទួលស្គាល់ថា ជ័យជម្នះខាងលោកីយ៍នេះជាការឥតប្រយោជន៍ នោះហើយជាពេលដែលយើងមានសេចក្ដីសង្ឃឹមនៅក្នុង «មរតក [របស់យើង] ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបម្រុងទុកឲ្យយើងរាល់គ្នា នៅស្ថានសួគ៌» (១ពេត្រុស ១:៤)។
នៅពេលដែលយើងមកដល់ចំណុចដែលបង្ហាញថា កម្លាំងរបស់យើងមិនអាចធ្វើអ្វីបាន នោះហើយជាពេលដែលយើងនឹងរកឃើញថា «គុណរបស់ [ទ្រង់] ល្មមដល់ឯងហើយ» ហើយ «កម្លាំង [ទ្រង់] បានពេញខ្នាតដោយសេចក្ដីកម្សោយ» (២កូរិនថូស ១២:៩)។
មានតែក្រោយពេលដែលយើងបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារយើងមិនទទួលបានផលផ្លែអ្វីសោះប៉ុណ្ណោះ ដែលយើងអាចទទួលយកអំណរដ៏លើសលប់របស់ព្រះជាម្ចាស់ដាក់ក្នុងព្រលឹងរបស់យើងបាន៖ «ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរលើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ និងទឹកទំពាំងបាយជូរ របស់គេបានសម្បូរផង» (ទំនុកតម្កើង ៤:៧)។
ជាទូទៅ ការប្រឈមមុខជាមួយទុក្ខលំបាក នឹងជួយបំភ្លឺនិមិត្តរបស់យើង ក៏ដូចជាផ្ដល់កម្លាំងជាថ្មីដល់យើងក្នុងការឲ្យតម្លៃលើអ្វីៗដែលនៅស្ថិតស្ថេរ ជាជាងអ្វីដែលមិននៅស្ថិតស្ថេរ។ ជារឿយៗ ទុក្ខលំបាកនាំឲ្យយើងមានជ័យជម្នះ ព្រោះវាជួយយើងឲ្យដាក់សេចក្ដីសង្ឃឹមរបស់យើងលើព្រះគ្រីស្ទ ក៏ដូចជាទទួលយកអត្តសញ្ញាណរបស់ទ្រង់ ជាជាងលើអ្វីៗដែលយើងបានសម្រេច។
រង្វាន់ដ៏ធំបំផុតនៃការងាររបស់យើង គឺមិនមែនការដែលយើងទទួលបានជ័យជម្នះខាងការងារផ្ទាល់របស់យើងទេ ប៉ុន្តែជាការដែលយើងមើលឃើញ ហើយទទួលយកព្រះគ្រីស្ទនៅក្នុងការខំប្រឹងធ្វើការរបស់យើង។ ចំណុចនេះនៅតែជាការពិតទាំងក្នុងពេលយើងទទួលបានជ័យជម្នះ និងពេលដែលយើងបរាជ័យ ក៏ដូចជាពេលដែលយើងទទួលបានផលផ្លែ និងពេលដែលយើងមិនទទួលបានផលផ្លែដែរ។
មិនថាអួនរបស់លោកអ្នកចាប់ត្រីមិនបាន ឬក៏ចាប់បានរហូតដល់អួនចាប់ផ្ដើមរហែកនោះទេ ប្រសិនបើលោកអ្នកមានសេចក្ដីសង្ឃឹមលើព្រះគ្រីស្ទ នោះមានន័យថា ការងាររបស់លោកអ្នកមិនមែនឥតប្រយោជន៍ឡើយ (១កូរិនថូស ១៥:៥៨)។
មតិយោបល់
Loading…