បបច្ចុប្បន្ននេះ រូបភាពអាសអាភាសពិតជាទទួលបាននូវភាពទាក់ទាញពីសំណាក់អ្នកមើលគ្រប់ស្រទាប់វណ្ណៈយ៉ាងខ្លាំង។ មិនត្រឹមតែមនុស្សពេញវ័យ ឬក៏ក្មេងជំទង់ដែលពួកគេតែងតែបណ្តោយខ្លួនទៅមើលរូបភាពអាសអាភាសទាំងនោះទេ សូម្បីតែអ្នកដែលបានតាំងខ្លួន និងបានហៅខ្លួនឯងថា ជាគ្រីស្ទបរិស័ទ ក៏បាននាំគ្នាមើលរូបភាពទាំងអស់នោះដែរ។ នៅត្រង់ឃ្លាដែលថា៖ «បណ្តោយខ្លួនទៅមើលរូបភាពអាសអាភាស» នេះ គឺខ្ញុំចង់សំដៅទៅលើអស់អ្នកដែលអនុញ្ញាតឲ្យខ្លួនឯងប្រព្រឹត្តនូវអំពើបាបក្នុងបំណងទទួលបានភាពអរសប្បាយតាមរយៈរូបភាព ឬវីដេអូដែលទាក់ទងនឹងរឿងអាសអាភាស ឬក៏រូបភាពអាក្រាត ក៏ដូចជាការបង្ហាញភាពលេចលើលេចក្រោម ដែលបង្កើតឲ្យមានអារម្មណ៍ស្រើបស្រាល និងមានតម្រេកក្នុងការរួមដំណេកជាដើម។ បញ្ហាចម្បង និងជាដើមចមនៃបញ្ហានេះគឺ បណ្តាលមកពីភាពទូលំទូលាយនៃបច្ចេកវិទ្យា ការជឿនលឿននៃប្រព័ន្ធអ៊ីនធឺណិត ដែលទាំងអស់នេះធ្វើឲ្យមានភាពងាយស្រួលក្នុងការទាញយករូបភាពអាសអាភាស ក៏ដូចជាវីដេអូដែលបង្ហាញពីការរួមភេទពីគេហទំព័រផ្សេងៗ។
ឯកសារនេះ បានរៀបចំឡើងក្នុងគោលបំណង ចង់ឲ្យលោកអ្នកចេះបដិសេធនឹងការមើលរូបភាពអាសអាភាសទាំងនោះ ដោយពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតានៃយើង។ យ៉ាងណាមិញ ឯកសារនេះពុំបានបកស្រាយលម្អិតអំពីរបៀប ឬវិធីសាស្ត្រនៃការតយុទ្ធក្នុងការមើលរូបភាពអាសអាភាសនោះទេ ដោយហេតុថាមានអត្ថបទ និងឯកសារផ្សេងៗជាច្រើនទៀតដែលមានបង្ហាញពីវិធីតយុទ្ធនេះយ៉ាងលម្អិត។ គោលបំណងដ៏ពិតរបស់យើងខ្ញុំតាមរយៈឯកសារមួយនេះ គឺចង់លើកទឹកចិត្ត លោកអ្នកបងប្អូន កុំឲ្យចុះចូល ឬបណ្តោយខ្លួនទៅមើលរូបភាពអាសអាភាសទាំងនោះឡើយ។ ជាពិសេស គឺចង់លើកទឹកចិត្តដល់លោកអ្នកដែលចុះចូល ឬបណ្តោយខ្លួនទៅមើលរូបទាំងនោះម្តងហើយម្តងទៀត ក៏ដូចជាអ្នកដែលពុំបានកែប្រែចិត្ត ឬព្យាយាមកែទម្លាប់ក្នុងភាពត្រេកត្រអាលនៃកាមតណ្ហា ឬចំណង់នៃអំពើបាបរបស់ខ្លួនផងដែរ។ ជាងនេះទៅទៀត ប្រសិនបើអត្ថបទនេះបានប៉ះពាល់ចិត្តលោកអ្នក ហើយមានអារម្មណ៍ថា វាពិពណ៌នាអំពីលោកអ្នក។ ដូច្នេះឯកសារមួយនេះពិតជាជំនួយដ៏ល្អសម្រាប់លោកអ្នកមែន។ ឯកសារនេះ ប្រៀបដូចជាយើងខ្ញុំផ្ទាល់កំពុងមានវត្តមានចាំជួយបង្វែរ ការពារ និងចាំជួយប្រាប់អ្នកទាំងអស់គ្នាទាំងទឹកភ្នែកថា៖ «ចូរភ្ញាក់ឡើង! តើលោកអ្នកបានដឹងពីលទ្ធផលនៃការបណ្តោយខ្លួនទៅមើលរូបភាពអាសអាភាសដែរឬទេ?»
ខាងក្រោមនេះ គឺជាហេតុផលប្រាំពីរយ៉ាងដែលយើងខ្ញុំ មានបំណងចង់លើកទឹកចិត្តដល់លោកអ្នកថា កុំឲ្យបណ្តោយខ្លួនទៅមើលរូបភាពអាសអាភាស៖
១. ការបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសនឹងបណ្តាលឲ្យលោកអ្នកធ្លាក់នរក
សេចក្តីអត្ថាធិប្បាយដ៏ល្បីល្បាញរបស់ព្រះយេស៊ូវនៅលើភ្នំ ព្រះអង្គមានបន្ទូលអំពីសេចក្តីតម្រេកស្រើបស្រាលក្នុងកាមតណ្ហាថា៖
«អ្នករាល់គ្នាបានឮសេចក្ដី ដែលសម្ដែងពីដើមថា «កុំផិតឲ្យសោះ» ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ បើភ្នែកស្ដាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក ហើយបើដៃស្ដាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក» (ម៉ាថាយ ៥:២៧-៣០)។
ព្រះអម្ចាស់បានកាត់ស្រាយនូវអត្ថន័យនៃពាក្យបម្រាមថា «កុំផិតឲ្យសោះ» ប្រកបដោយអំណាចចេស្ដា។ ទោះជាយ៉ាងណាក៏ដោយ បម្រាមនេះមិនគ្រាន់តែហាមលោកអ្នកមិនឲ្យទៅលួចប្រពន្ធអ្នកដទៃប៉ុណ្ណោះទេ តែថែមទាំងបានហាមលោកអ្នកកុំឲ្យមានតម្រេកស្រើបស្រាលក្នុងកាមតណ្ហាផងដែរ។ ព្រះយេស៊ូវមានបន្ទូលថា ការមើលឃើញស្ត្រីណាម្នាក់ដោយមានចិត្តចង់រួមដំណេកជាមួយគឺជា អំពើបាប។ ដូច្នេះហើយ ប្រសិនបើលោកអ្នកបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស នោះមានន័យថា លោកអ្នកកំពុងប្រព្រឹត្តអំពើបាបហើយ។
បន្ទាប់មកព្រះអម្ចាស់បានសន្និដ្ឋានដោយសមហេតុផលថា៖ «ដោយសារការមើលស្ត្រីណាម្នាក់ ហើយមានតម្រេកចង់រួមដំណេកជាមួយនាងជាអំពើបាប ហេតុដូច្នេះហើយ លោកអ្នកត្រូវតែខ្វេះភ្នែកនោះចោល បើវាបណ្តាលឲ្យលោកអ្នកធ្វើបាប។ ហើយលោកអ្នកក៏គួរតែកាត់ដៃស្តាំរបស់ខ្លួនចោលដែរ ប្រសិនបើវាបណ្តាលឲ្យលោកអ្នកធ្វើបាបនោះ»។ ព្រះអម្ចាស់បានគាំទ្រសេចក្តីសន្និដ្ឋានរបស់ទ្រង់ដោយមានហេតុផលយ៉ាងសមស្រប គឺដែលបាត់បង់ភ្នែក ឬក៏ប្រដាប់ភេទនោះប្រសើរជាងឲ្យរូបកាយទាំងមូលរបស់លោកអ្នកធ្លាក់ទៅក្នុងនរក។
ចំពោះមនុស្សដែលបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសឥតឈប់ឈរ មើលម្តងហើយម្តងទៀតដោយពុំមានការកែប្រែចិត្ត នោះនឹងត្រូវធ្លាក់នរកជាប្រាកដ។ ភស្តុតាងមួយដែលបង្ហាញថា លោកអ្នកមានជំនឿលើព្រះយេស៊ូវ គឺត្រង់ថា លោកអ្នកកំពុងតែតយុទ្ធនឹងសេចក្តីស្រើបស្រាលនោះ។ ការបណ្តោយខ្លួនទៅប្រឡូកប្រឡាក់នឹងរឿងអាសអាភាស គឺជាអំពើបាបដែលទាក់ទងនឹងសេចក្តីកំផិត៖
«ឯសេចក្តីកំផិត សេចក្តីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ ព្រមទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត និងពាក្យកំប្លែង ដែលសេចក្តីទាំងនោះមិនគួរគប្បីដែរ ស៊ូពោលតែពាក្យសម្រាប់អរព្រះគុណវិញ ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរតកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនោះ បានជាសេចក្តីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស» (អេភេសូរ ៥:៣-៦)។
«តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមរតកបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមរតកបានឡើយ។ ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ» (១កូរិនថូស ៦:៩-១១ គកស)។
មួយវិញទៀត អស់អ្នកដែលបានបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាស ក៏រាប់បញ្ចូលជា «មនុស្សកំផិត» ផងដែរ។ យើងក៏អាចបកស្រាយនូវកណ្ឌគម្ពីរ ១កូរិនថូស ៦:៩-១០ ថា៖ «ចូរកុំគិតថាខ្លួនអាចរស់នៅ ហើយគេចចេញផុតពីអំពើបាបដោយគ្មានការផ្លាស់ប្រែចិត្តឡើយ និងសូមកុំគិតថា លោកអ្នកអាចបន្តរស់នៅក្នុងលក្ខណៈបែបនេះ ហើយអាចរស់នៅក្នុងនគររបស់ព្រះជាម្ចាស់បានឡើយ។ ការរស់នៅក្នុងអំពើបាប ដោយពុំមានការកែប្រែចិត្ត ពិតជាពុំស័ក្តិសម ហើយនេះមិនមែនជាលក្ខណសម្បត្តិនៃរាស្ត្ររបស់ព្រះជាម្ចាស់ឡើយ»។
ឯកណ្ឌគម្ពីរ ១កូរិនថូស ៦:១១ គឺជារាជសារក្រើនរំឭកដល់កូនរបស់ព្រះថា៖ «ពីដើម ពួកគាត់មិនមែនល្អប្រសើរជាងអ្នកដែលមិនជឿប៉ុន្មាននោះទេ។ រាល់អំពើបាបដែលអ្នកមិនជឿបានប្រព្រឹត្តក៏សុទ្ធតែជាអំពើបាបដែលអ្នកជឿធ្លាប់ប្រព្រឹត្តដែរ គឺនៅមុនពេលដែលព្រះអម្ចាស់សង្គ្រោះពួកគេ។ ជាការពិតណាស់ រាល់អ្វីៗដែលកណ្ឌគម្ពីរ ១កូរិនថូស ៦:៩-១០ បានលើកឡើង គឺជាការឆ្លុះបង្ហាញពីមនុស្សមានបាប ក៏ដូចជារៀបរាប់ពីអ្វីដែលគ្រីស្ទបរិស័ទបានប្រព្រឹត្តដែរ។ ភាពខុសគ្នាតែមួយរវាងអ្នកជឿ និងអ្នកមិនជឿនោះត្រង់ថា ព្រះអម្ចាស់បានធ្វើអន្តរាគមន៍៖ ព្រះអង្គ «បានលាង» លោកអ្នកឲ្យស្អាតពីជីវិតរស់នៅដ៏ទុច្ចរិត ហើយបានអត់ទោសបាបរបស់លោកអ្នក។ ទ្រង់ក៏ «បានញែក» លោកអ្នក «ជាបរិសុទ្ធ» ដើម្បីឲ្យលោកអ្នកធ្វើជារាស្ត្រដ៏បរិសុទ្ធរបស់ទ្រង់ដែរ ហើយរាស្ត្រនោះ គឺជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ (១កូរិនថូស ៣:១៦-១៧)។ ព្រះអម្ចាស់ក៏បានរាប់លោកអ្នកជា «សុចរិត» ដោយប្រកាសតាមផ្លូវច្បាប់ថា លោកអ្នកជាមនុស្សសុចរិត។
យ៉ាងណាមិញ ចូរកុំគិតថា វាជារឿងតូចតាចឲ្យសោះ ក្នុងការដែលលោកអ្នកបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសនោះ។ ក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៦:៩-១០ ក៏បានបកស្រាយយ៉ាងច្បាស់ដែរថា មនុស្សមានបាបដែលបានរៀបរាប់ក្នុងកណ្ឌគម្ពីរ គឺតំណាងឲ្យប្រភេទមនុស្សដែលពុំមែនជារាស្ត្រក្នុងនគររបស់ព្រះអម្ចាស់ទេ។ ជាងនេះទៅទៀត លោកអ្នកពុំអាចហៅខ្លួនឯងថាជាគ្រីស្ទបរិស័ទបានឡើយ ប្រសិនបើលោកអ្នកនៅតែបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសជាបន្តបន្ទាប់នោះ។ ការដែលគ្រីស្ទបរិស័ទប្រព្រឹត្តបាប គឺជាការពិត ប៉ុន្តែគ្រីស្ទបរិស័ទគឺជាមនុស្សដែលចេះលន់តួបាប ហើយកែប្រែចិត្តគំនិត។ ដូច្នេះ ចូរលោកអ្នកទទួលយកលក្ខណៈដែលព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នក បានលាងសម្អាត បានញែកជាបរិសុទ្ធ និងបានរាប់ជាសុចរិតចុះ។
លើសពីនេះទៅទៀត ការដែលលោកអ្នកបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសនោះគឺជា អំពើបាបដែលក្បត់នឹងព្រះជាម្ចាស់ ហើយជីវិតអស់កល្បរបស់លោកអ្នកគឺកំពុងតែប្រឈមមុខនឹងហានិភ័យ។ ហេតុដូចនេះហើយបានជាព្រះយេស៊ូវមានបន្ទូលថា៖ «មានពរហើយអស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកនោះនឹងបានឃើញព្រះ» (ម៉ាថាយ ៥:៨)។ មានតែអ្នកដែលមានចិត្តបរិសុទ្ធប៉ុណ្ណោះដែលអាចមើលឃើញព្រះជាម្ចាស់បាន។ បើលោកអ្នកនៅតែបណ្តោយខ្លួនមើលរូបភាពអាសអាភាស នោះមានន័យថា លោកអ្នកពុំមានចិត្តបរិសុទ្ធឡើយ។ យើងខ្ញុំកំពុងតែបន្លាចលោកអ្នកឲ្យដកខ្លួនចេញពីស្ថាននរក។ តើលោកអ្នកជឿទេថា បើលោកអ្នកគ្រាន់តែបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសបណ្តាលឲ្យលោកអ្នកធ្លាក់នរក?
សូមព្យាយាមធ្វើអ្វីៗទាំងអស់ ដើម្បីតយុទ្ធនឹងភាពស្រើបស្រាលក្នុងកាមតណ្ហា ទោះបីជាលោកអ្នកត្រូវខ្វេះគ្រាប់ភ្នែកចោលក៏ដោយ។ ពិតប្រាកដណាស់ ការដែលខ្វេះភ្នែករបស់ខ្លួនឯងចោលពុំអាចដោះស្រាយបញ្ហាបានទេ ព្រោះភាពស្រើបស្រាលក្នុងកាមតណ្ហា គឺជាបញ្ហាដែលបណ្តាលមកពីចិត្ត ហើយទាក់ទងនឹងការគ្រប់គ្រងចិត្ត។ គ្មានអាវុធ ឬយុទ្ធសាស្ត្រដ៏ពិតប្រាកដណាមួយដែលលោកអ្នកអាចយកមក តយុទ្ធនឹងចម្បាំងនៃកាមតណ្ហាបានឡើយ។ ដូច្នេះ លោកអ្នកត្រូវព្យាយាមប្រើគ្រប់យុទ្ធសាស្ត្រ ដើម្បីយកឈ្នះវាឲ្យបាន។ លោកអ្នកអាចប្រើកម្មវិធីអេឡិចត្រូនិក ដើម្បីរារាំងនូវកម្មវិធីដែលមានរូបភាពទាំងនោះ ឬលោកអ្នកអាច ស្វែងរកគ្រូគង្វាលរបស់ខ្លួន ដើម្បីឲ្យគាត់ជួយមើលការខុសត្រូវ ជួយកែជីវិតរបស់លោកអ្នក ហើយនិយាយដោយចំហអំពីបញ្ហារបស់លោកអ្នកទៅគាត់។ សូមលោកអ្នកប្រាប់ខ្លួនឯងឲ្យជៀសឆ្ងាយអំពីគេហទំព័រដែលនាំឲ្យលោកអ្នកប្រព្រឹត្តការខុសឆ្គង ហើយសូមប្រើរាល់វិធីសាស្ត្រដែលលោកអ្នកអាចនឹងយកជ័យជម្នះដើម្បីឲ្យលោកអ្នកយកឈ្នះសង្គ្រាមនៃភាពស្រើបស្រាលនេះ ហើយជ័យជម្នះនេះពិតជាមានតម្លៃណាស់ ពីព្រោះលោកអ្នកអាចជៀសផុតពីអំពើបាប និងស្ថាននរក។
២. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសមិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងរូបកាយរបស់លោកអ្នកឡើយ
ការថ្វាយសិរីល្អដល់ព្រះ គឺជាអារម្មណ៍ ជាគំនិត និងជាការប្រព្រឹត្តមួយបែបរបស់យើង ក្នុងការបង្ហាញថា ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់។ ជាងនេះទៅទៀត ការថ្វាយសិរីល្អដល់ព្រះអង្គ គឺជាការដែលយើងបង្ហាញថា ទ្រង់ឧត្តុង្គឧត្តម មានភាពល្អឥតខ្ចោះ និងសប្បុរសបំផុត។ ការនេះក៏ជាការ បង្ហាញថា ព្រះជាម្ចាស់ប្រកបដោយប្រាជ្ញា ហើយមានតែទ្រង់មួយព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើឲ្យយើងស្កប់ចិត្តបាន។ នៅពេលដែលយើងកាន់តែស្កប់ចិត្តនឹងព្រះជាម្ចាស់ នោះទ្រង់នឹងកាន់តែទទួលសិរីល្អពីយើង។ នេះហើយជាហេតុផលដែលព្រះជាម្ចាស់បានបង្កើតយើងមក។ ការដែលលោកអ្នកប្រើភ្នែករបស់ខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស ការនេះមិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់តាមរយៈរូបកាយរបស់លោកអ្នកឡើយ។
«អ្នកខ្លះពោលថា «ខ្ញុំមានច្បាប់នឹងធ្វើការទាំងអស់បាន» ប៉ុន្តែ មិនមែនការទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ «ខ្ញុំមានច្បាប់នឹងធ្វើការទាំងអស់បាន» ប៉ុន្តែ ខ្ញុំមិនឲ្យអ្វីមួយធ្វើចៅហ្វាយលើខ្ញុំឡើយ។ អ្នកខ្លះទៀតពោលថា «អាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលអាហារ» តែព្រះនឹងបំផ្លាញទាំងពីរនេះចោល។ រូបកាយមិនមែនសម្រាប់ប្រព្រឹត្តអំពើសាហាយស្មន់ទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ ព្រះដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារព្រះចេស្ដារបស់ព្រះអង្គដែរ។ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទទេឬ? ដូច្នេះ តើគប្បីឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រីស្ទ ទៅធ្វើជាអវយវៈរបស់ស្ត្រីពេស្យាឬ? ទេ មិនបានជាដាច់ខាត! តើអ្នករាល់គ្នាមិនដឹងថា អ្នកណាដែលរួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះជារូបកាយតែមួយជាមួយនាងទេឬ? ដ្បិតមានសេចក្តីចែងទុកមកថា «អ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ» រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់វិញ នោះក៏ជាវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។ ចូររត់ចេញពីអំពើសាហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសាហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ» (១កូរិនថូស ៦:១២-២០ គកស)។
នៅក្នុងអត្ថបទនេះ សាវ័ក ប៉ុល បានលើកឡើងអំពីបញ្ហាមួយទៀតដែលមាននៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស នៅត្រង់ចំណុចមួយដែលក្រុមជំនុំកូរិនថូស បានទទួលយកទស្សនៈរបស់លោកីយ៍ ព្រមទាំងវប្បធម៌របស់ពួកអ្នកថ្វាយបង្គំព្រះក្លែងក្លាយ៖ ដោយយកលេសទៅប្រព្រឹត្តអំពើកំផិត។ ក្រឡេកមើលទៅពួកមនុស្សប្រុសដែលនៅក្រុងកូរិនថូស ដែលបានអះអាងខ្លួនជាគ្រីស្ទបរិស័ទវិញ ក៏ទំនងជាបានរួមភេទជាមួយស្ត្រីពេស្យា ក្រោយពេលបញ្ចប់ពិធីជប់លៀងរួច។ ត្រង់ចំណុចនេះយើងឃើញថា សាវ័ក ប៉ុល កំពុងតែសរសេរប្រឆាំងនឹងការកំផិតមួយប្រភេទ (ការរួមភេទជាមួយស្ត្រីពេស្យា) ទោះបើអ្វីដែលគាត់បានលើកឡើងនោះក៏បានផ្ដោតទៅលើការរួមភេទក្រៅរង្វង់អាពាហ៍ពិពាហ៍របស់ខ្លួន រួមទាំងការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសដែលការនោះក៏ជាការកំផិតមួយប្រភេទផងដែរ។
នៅត្រង់ ខ១៩ ដល់ ២០ បានគាំទ្រ ខ១៨គ និងបានពន្យល់មូលហេតុដែលថា ការរួមដំណេកក្រៅរង្វង់អាពាហ៍ពិពាហ៍ គឺជាការធ្វើបាបដែលទាស់នឹងរូបកាយរបស់ខ្លួនអ្នក។ យើងអាចសម្រាយ ខ១៩ ដល់ ២០ក បានដូចតទៅ៖ ឱគ្រីស្ទបរិស័ទអើយ! រូបកាយរបស់លោកអ្នកគឺជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់លោកអ្នក។ នេះមានន័យថា លោកអ្នកមិនមែនជាម្ចាស់របស់រូបកាយលោកអ្នកទេ ប៉ុន្តែព្រះអង្គទៅវិញទេគឺជាម្ចាស់ ព្រោះទ្រង់បានបង់ថ្លៃយើងដោយព្រះជន្មនៃព្រះបុត្រាតែមួយអង្គគត់របស់ទ្រង់។ ហេតុផលដ៏ល្អមួយក្នុងការដែលលោកអ្នកមិនគួរបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺត្រង់ថា៖ រូបកាយរបស់លោកអ្នក គឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ (១៩ក)។ ប្រធានបទដែលនិយាយអំពីព្រះវិហារ គឺជាប្រធានបទដ៏ធំមួយនៅក្នុងទេវវិទ្យានៃព្រះគម្ពីរ។ ការស្វែងយល់អំពីរបៀបដែលព្រះវិហារមានភាពស៊ីចង្វាក់គ្នាទៅនឹងសាច់រឿងនៅក្នុងព្រះគម្ពីរទាំងមូល នឹងបង្ហាញឲ្យយើងឃើញកាន់តែច្បាស់អំពីអត្ថន័យត្រង់ ខ១៩ក ថា «រូបកាយអ្នករាល់គ្នាជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ»។ វាមិនសមឡើយដែលលោកអ្នកបណ្ដោយខ្លួនទៅមើលរូបដែលពុំគប្បី នៅទីកន្លែងដែលបរិសុទ្ធបំផុត ដែលជារូបកាយរបស់លោកអ្នក។ ដូច្នេះ ចូរកុំធ្វើវាឲ្យសៅហ្មងឡើយ ហើយចូររក្សាវាឲ្យបានស្អាត ព្រោះវាជាបន្ទប់មួយដ៏បរិសុទ្ធ។
ឃ្លាចុងក្រោយត្រង់ ខ២០ខ ថា «ចូរតម្កើងព្រះនៅក្នុងរូបកាយ» ជាឃ្លានៃសេចក្តីសន្និដ្ឋានលើ ខ១៨គ ដល់ ខ២០ ក៏ដូចជាអត្ថបទទាំងមូលផងដែរ។ ដូច្នេះ នេះជារបៀបមួយក្នុងការសង្ខេបចំណុចស្នូលក្នុងការវែកញែករបស់សាវ័ក ប៉ុល នៅក្នុង ខ១២ ដល់ ខ២០ថា៖ ចូរថ្វាយសិរីល្អដល់ព្រះជាម្ចាស់តាមរយៈរូបកាយរបស់លោកអ្នក ដោយកុំកំផិតខាងឯផ្លូវភេទឡើយ។ នៅពេលដែលលោកអ្នកបណ្តោយខ្លួនទៅ មើលរូបភាព ឬវីដេអូអាសអាភាសនោះមានន័យថា លោកអ្នកបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះជាម្ចាស់ផ្ទាល់ ព្រោះទ្រង់ជាម្ចាស់លើរូបកាយរបស់លោកអ្នក។ ការបណ្តោយខ្លួនទៅមើលរូបភាពពុំគួរគប្បី មិនមែនជាការថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈរូបកាយរបស់លោកអ្នកនោះទេ។
៣. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការសប្បាយដ៏ពិសពុល និងមិនស្ថិតស្ថេរ
លោក ម៉ូសេ ពុំបានជ្រើសរើសយក «សេចក្តីអំណរខាងអំពើបាបដែលនៅតែមួយភ្លែត» នោះទេ។ នេះមានន័យថា អំពើបាបអាចនាំឲ្យយើងមានអំណរតិចតួចក្នុងរយៈពេលដ៏ខ្លីមួយ ប៉ុន្តែក្រោយមកក៏រសាយអស់ទៅវិញ។ បន្ទាប់ពីនោះមកគឺជាវិប្បដិសារីដែលនឹងតោងយើងកាន់តែជាប់ស្អិត៖
«ដោយសារជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ ដោយបានរាប់សេចក្ដីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសម្លឹងចំទៅឯរង្វាន់វិញ» (ហេព្រើរ ១១:២៤-២៦)។
ការបណ្តោយខ្លួនទៅមើលរូបភាពដែលពុំគប្បី គឺជាការដែលនាំឲ្យលោកអ្នកទទួលបានភាពអរសប្បាយភ្លាមៗ ប៉ុន្តែភាពអរសប្បាយនោះមានរយៈពេលត្រឹមតែមួយភ្លែតប៉ុណ្ណោះ។ ក្រោយមក លោកអ្នកនឹងមានអារម្មណ៍ថា គ្មានសេសសល់អ្វី គ្មានភាពស្កប់ស្កល់ ហើយលោកអ្នកនឹងចង់បានថែមទៀត ដោយមិនចេះចប់ មិនចេះហើយ។
តើព្រះជាម្ចាស់អាចលើកយកសម្ដីនេះ ហើយមានបន្ទូលមកកាន់លោកអ្នកអំពីការមើលរូបភាព ឬ វីដេអូអាសអាភាសបានដែរឬទេ? យើងអាចសម្រាយខគម្ពីរនោះដូចតទៅ៖
«ដោយសារជំនឿ លោកអ្នកមិនព្រមបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសឡើយ ព្រោះលោកអ្នកជ្រើសរើសយកការដែលមានអំណរក្នុងព្រះជាម្ចាស់ ជាជាងការអរសប្បាយក្នុងការមើលរូបភាពពុំគប្បី ដែលមានការអរសប្បាយក្លាយជាទុក្ខក្នុងរយៈពេលតែមួយភ្លែតនោះ។ លោកអ្នកបានជ្រើសរើសបែបនោះ ដោយសារលោកអ្នកបានយកការមានអំណរក្នុងព្រះជាម្ចាស់ទុកជាទ្រព្យសម្បត្តិដែលប្រសើរ ជាជាងការដែលទៅមើលរូបភាព ឬវីដេអូអាសអាភាសដែលគ្រាន់តែអាចផ្តល់ការអរសប្បាយតែមួយភ្លែត ព្រោះលោកអ្នកបានសម្លឹងឆ្ពោះទៅឯរង្វាន់វិញ»។
ការបណ្តោយខ្លួនទៅមើលរូបភាពពុំគប្បី គឺដូចជាការញាុំថ្នាំពុលមួយគ្រាប់ដែលមានជាតិស្ករពីខាងក្រៅយ៉ាងដូច្នោះដែរ។ ហេតុអ្វីបានជាលោកអ្នកចង់ស្វែងរកភាពស្កប់ស្កល់ ដើម្បីបំពេញការស្រេកឃ្លានខាងឯសាច់ឈាមរបស់ខ្លួន ដោយផឹកថ្នាំពុលដែលមានជាតិស្ករពីខាងក្រៅ (ការមើលរូបភាព ឬវីដេអូអាសអាភាស) ខណៈពេលដែលលោកអ្នកអាចញាំុម្ហូបអាហារដែលមានឱជារសបានដូច្នេះទៅវិញ? ហេតុអ្វីបានជាលោកអ្នកចង់បំពេញនូវសេចក្តីប្រាថ្នា ចង់បាននូវភាពអរសប្បាយដោយការផឹកថ្នាំពុលដែលមានជាតិស្ករពីខាងក្រៅ (ការមើលរូបភាព ឬវីដេអូអាសអាភាស) ខណៈពេលដែលលោកអ្នកអាចទទួលបានអំណរមកពីព្រះជាម្ចាស់ដូច្នេះទៅវិញ? ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជារឿងមួយដែលល្ងីល្ងើបំផុត ព្រោះវាបង្ហាញថា លោកអ្នកគ្មានប្រាជ្ញាអ្វីសោះឡើយ។ កណ្ឌគម្ពីរ សុភាសិត ៦:៣២ បានចែងថា «តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ»។ ការបណ្តោយខ្លួនទៅមើលរូបភាពពុំគប្បីទាំងនោះ ប្រហែលជាអាចនឹងនាំលោកអ្នកឲ្យមានភាពស្កប់ស្កល់ក្នុងបំណងចិត្តនៃអំពើបាបរបស់ខ្លួនមួយភ្លែត ប៉ុន្តែវានឹងមិននាំឲ្យលោកអ្នកមានភាពស្កប់ស្កល់រហូតឡើយ មិនតែប៉ុណ្ណោះសោត វាថែមទាំងលួចបំផ្លាញអំណររបស់លោកអ្នកថែមទៀតផង។
ដូច្នេះ ចូរកុំប្រាថ្នាចង់បានរូបភាពពុំគប្បីទាំងនោះឡើយ ប៉ុន្តែចូរប្រាថ្នាចង់បានព្រះជាម្ចាស់វិញ។ ភាពអរសប្បាយដែលចេញពីការមើលរូបភាព ឬវីដេអូអាសអាភាស គឺពោរពេញទៅដោយភាពពិសពុល ហើយវាស្ថិតនៅបានតែមួយភ្លែតប៉ុណ្ណោះ វាផ្ទុយពីអំណោយរបស់ព្រះជាម្ចាស់ ដែលនឹងស្ថិតនៅអស់កល្បជានិច្ច ហើយនឹងនាំលោកអ្នកឲ្យមានភាពស្កប់ស្កល់ជារៀងរហូត។ «របៀបតយុទ្ធនឹងតម្រេកស្រើបស្រាលក្នុង កាមតណ្ហា គឺការបង្កើនជំនឿលើសេចក្តីសន្យាដ៏អស្ចារ្យ និងមានតម្លៃបំផុត។ សេចក្តីសន្យានោះគឺ អស់អ្នកដែលមានចិត្តបរិសុទ្ធនឹងមើលឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ដែលព្រះអង្គមានពេញដោយសិរីល្អ និងភាពស្កប់ស្កល់»។ មានមនុស្សជាច្រើនដែលចង់មើលឃើញព្រះជាម្ចាស់ ហើយក៏មានមនុស្សជាច្រើនទៀតដែលពុំបានដឹងពីការនោះដែរ។
ដើម្បីជួយបង្កើនការប្រាថ្នាចង់បានព្រះជាម្ចាស់ និងការថ្វាយបង្គំទ្រង់ នោះសូមអាន ឬក៏ស្តាប់សេចក្តីអធិប្បាយរបស់លោកគ្រូ ចន ផាភ័រ (John Piper) ដែលមានចំណងជើងជាភាសាអង់គ្លេសថា Sex and the Supremacy of Christ ។ លោក បានលើកឡើងថា៖
«ការស្គាល់ភាពឧត្តុង្គឧត្តមរបស់ព្រះគ្រីស្ទនឹងជួយពង្រឹងព្រលឹងវិញ្ញាណយើងឲ្យមាំមួន ហើយការនេះនឹងនាំឲ្យយើងមើលឃើញថា ការរួមដំណេក និងភាពអរសប្បាយដ៏តិចតួចដែលចេញពីការរួមដំណេក គឺពុំមានអ្វីដែលគួរឲ្យអស្ចារ្យនោះឡើយ។ ព្រលឹងវិញ្ញាណដែលទន់ខ្សោយនឹងបណ្តាលឲ្យភាពស្រើបស្រាលក្នុងកាមតណ្ហាមានអំណាចយ៉ាងខ្លាំង។ ព្រលឹងវិញ្ញាណរបស់យើងនឹងរីកលូតលាស់កាន់តែធំឡើង ពេលដែលយើងចាប់យកព្រះគ្រីស្ទដែលជាទ្រព្យសម្បត្តិដ៏ធំឧត្តម។ ព្រះជាម្ចាស់បានបង្កើតព្រលឹងវិញ្ញាណរបស់យើង ដើម្បីឲ្យយើងមើលឃើញ និងដើម្បីក្រេបរសជាតិនៃភាពឧត្តុង្គឧត្តមរបស់ព្រះគ្រីស្ទ។ គ្មានអ្វីផ្សេងទៀតដែលអាចធ្វើឲ្យព្រលឹងវិញ្ញាណរបស់យើងរីកលូតលាស់ធំឡើង ក្រៅពីការដែលព្រះជាម្ចាស់បានគ្រោងទុកនោះឡើយ ហើយក៏គ្មានអ្វីដែលអាចនឹងបំបាត់អំណាចនៃតម្រេកស្រើបស្រាលក្នុងកាមតណ្ហារបស់យើងបានដែរ ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់…»។
«ក្នុងចំណោមហេតុផលដ៏ធំ និងជាក់លាក់មួយ ដែលយើងខ្ញុំគិតថាជាហេតុផលដែលល្បួងនាំលោកីយ៍ ព្រមទាំងសមាជិកក្រុមជំនុំជាច្រើនឲ្យធ្លាក់ក្នុងតម្រេកនៃកាមតណ្ហា និងការមើលរូបភាពពុំគប្បីនោះគឺ បណ្តាលមកពីយើងបានផ្តាច់ខួរក្បាល និងអារម្មណ៍របស់យើងចេញពីព្រលឹងវិញ្ញាណដ៏នៅអស់កល្បជានិច្ច របស់យើងដែលព្រះជាម្ចាស់បានបង្កើតមក។ នៅក្នុងវប្បធម៌របស់លោកខាងលិច ទាំងអ្នកជឿ និងអ្នកមិនជឿសុទ្ធសឹងតែកំពុងលង់ក្នុងសមុទ្រនៃគំនិតដែលឥតប្រយោជន៍ លង់ទៅនឹងអ្វីដែលមិនសំខាន់ និងគ្មានន័យ ក៏ដូចជាលង់ក្នុងភាពល្ងីល្ងើផងដែរ។ ការផ្សព្វផ្សាយនៅតាមទូរទស្សន៍ និងតាមប៉ុស្តិ៍ វិទ្យុ ការសន្ទនា និងការអប់រំនៅតាមសាលារៀននានា សុទ្ធតែឥតប្រយោជន៍ទាំងអស់ ហើយសៀវភៅគ្រីស្ទបរិស័ទ និងរបៀបនៃការថ្វាយបង្គំក៏សុទ្ធតែឥតប្រយោជន៍ដែរ បើការទាំងអស់នេះមិនបាននាំឲ្យយើងលង់ក្នុងភាពឧត្តុង្គឧត្តមរបស់ព្រះគ្រីស្ទ។ ពួកគេតែងតែផ្ដោតចិត្តរបស់ខ្លួនទៅលើការកំសាន្តដែលពុំបានការ ទោះបីពួកគេដឹងថា ព្រះជាម្ចាស់បង្កើតចិត្តរបស់ពួកគេក្នុងគោលបំណង ឲ្យពួកគេលង់នៅក្នុងភាពឧត្តមរបស់ទ្រង់ក៏ដោយ។ យ៉ាងណាមិញ នេះគឺជារឿងមួយដែលគួរឲ្យសោកស្តាយបំផុត ដែលពួកគេស៊ូលង់ក្នុងសមុទ្រនៃការឥតប្រយោជន៍ជាជាងលង់ក្នុងព្រះគ្រីស្ទ។ នេះហើយជាមូលហេតុដែលបណ្ដាលឲ្យមនុស្សជាច្រើនស៊ូលង់ក្នុងការរួមដំណេក ដើម្បីឲ្យខ្លួនមានភាពអរសប្បាយ ជាជាងលង់ក្នុងព្រះគ្រីស្ទ តែធាតុពិតការលង់ក្នុងព្រះគ្រីស្ទ គឺជាហេតុផលដែលនាំឲ្យយើងមានភាពអរសប្បាយដ៏ពិត។
«ហេតុដូច្នេះហើយបានជាពុំមានយុទ្ធសាស្ត្រខាងគំនិតប្រាជ្ញាណាមួយ ដែលយើងអាចយកមកព្យាបាលការញៀនដ៏អាក្រក់របស់យើងបានឡើយ (ទោះបីជាយើងខ្ញុំគិតថាអាចមានខ្លះៗក៏ដោយ)។ ការព្យាបាលដ៏មានប្រសិទ្ធភាពបំផុត គឺការភ្ជាប់គំនិត និងអារម្មណ៍របស់យើងទៅនឹងភាពឧត្តុង្គឧត្តមដ៏នៅអស់កល្បជានិច្ច និងភាពមិនចេះប្រែប្រួលរបស់ព្រះគ្រីស្ទ»។
៤. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបង្ហិនបង្ហោចជីវិតរបស់ខ្លួន
នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៥:១៥-១៧ បានចែងថា «ដូច្នេះ ចូរប្រយ័ត្នឲ្យមែនទែនអំពីរបៀបដែលអ្នករាល់គ្នារស់នៅ មិនមែនដូចជាមនុស្សគ្មានប្រាជ្ញាទេ ប៉ុន្តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ពីព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ឡើយ ចូរយល់អំពីអ្វីដែលជាបំណងរបស់ព្រះអម្ចាស់វិញ»។ ទឹកមួយដំណក់មិនអាចប្រៀបផ្ទឹមនឹងមហាសមុទ្រប៉ាស៊ីហ្វិកបានឡើយ យ៉ាងណាមិញ ជីវិតដ៏ខ្លីរបស់លោកអ្នកនៅលើផែនដីនេះ ក៏ពុំអាចប្រៀបផ្ទឹមនឹងជីវិតរបស់លោកអ្នកនៅក្រោយពេលដែលស្លាប់បានដែរ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលយើងអាចស្រឡាញ់ បម្រើ និងរៀនសូត្រពីគេ ហើយក៏មានការងារជាច្រើនដែលយើងអាចធ្វើបានដែរ។ ប៉ុន្តែ ទន្ទឹមនឹងនោះ លោកអ្នកទំនងជាកំពុងតែបង្ហិនបង្ហោចជីវិតរបស់ខ្លួន ដោយចំណាយពេលវេលាទៅមើលរូបភាព ឬវីដេអូអាសអាភាសជាជាងចំណាយពេលហែលក្នុងសមុទ្រនៃព្រះគម្ពីរ ក៏ដូចជាការប្រើប្រាស់ពេលវេលា និងលុយរបស់ខ្លួនទៅលើការផ្សព្វផ្សាយដំណឹងល្អនៅក្នុងសង្គមរបស់ខ្លួន និងពិភពលោកទាំងមូលទៅវិញ។ នៅពេលដែលលោកអ្នកបណ្តោយខ្លួនទៅមើលរូបភាពពុំគប្បីទាំងនោះ នោះមានន័យថា លោកអ្នកកំពុងតែចំណាយពេល និងកម្លាំងរបស់ខ្លួន ហើយថែមទាំងខ្ជះខ្ជាយ ទាំងលុយកាក់ថែមទៀតផង។ លោកអ្នកបែរជាបង្ហិនបង្ហោចជីវិតដែលព្រះជាម្ចាស់បានប្រទានឲ្យ ជាជាងប្រើជីវិតនោះទៅបម្រើទ្រង់ឲ្យអស់ពីសមត្ថភាព (២ធីម៉ូថេ ២:២០-២២)។ ជាងនេះទៅទៀត លោកអ្នកកំពុងតែធ្វើឲ្យក្រុមជំនុំពិការហើយ ព្រោះជាជាងការបម្រើមនុស្សនៅក្នុងក្រុមជំនុំ ឬអ្នកជិតខាងរបស់ខ្លួន លោកអ្នកបែរជាធ្វើដូចលោក អេកានដោយលួចស្រឡាញ់អំពើបាបរបស់ខ្លួនជាជាងសម្លាប់អំពើបាបនោះចោលទៅវិញ (យ៉ូស្វេ ៧:១-២៦)។ លើសពីនេះ លោកអ្នកបែរជាទៅរស់នៅតាមរបៀបជាទាសកររបស់អំពើបាបដោយការទៅមើលរូបភាពពុំគប្បី ជំនួសឲ្យការរស់នៅដោយបម្រើព្រះជាម្ចាស់ដែលមានសេរីភាពក្នុងភាពជាទាសកររបស់ទ្រង់ទៅវិញ (រ៉ូម ៦)។ ម៉្យាងវិញទៀត នៅពេលដែលលោកអ្នកបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស នោះមានន័យថា លោកអ្នកកំពុងតែរស់នៅដូចជា មនុស្សល្ងីល្ងើ ដូចដែលកណ្ឌគម្ពីរសុភាសិតបានលើកឡើង។ នៅក្នុងកណ្ឌគម្ពីរ ទំនុកដំកើង ៩០:១២ ក៏បានលើកឡើងដែរថា៖ «ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាតឲ្យបានសតិបញ្ញា»។
៥. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការក្បត់ប្រពន្ធកូនខ្លួន
នៅត្រង់ចំណុចនេះ គឺចង់សំដៅទៅលើអ្នកដែលបានរៀបការហើយ ក៏ដូចជាអ្នកដែលនឹងរៀបការផងដែរ។ នៅពេលដែលខ្ញុំបានរៀបការជាមួយ ចេននី (Jenni) ប្រពន្ធរបស់ខ្ញុំ គឺខ្ញុំបានសន្យាជាមួយគាត់ដូចតទៅនេះ៖ «បង អែនឌី (Andy) ព្រមទទួលយកអូន ចេននី ធ្វើជាភរិយាដោយពឹងលើផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់យើង។ បងនឹងស្រឡាញ់អូន ហើយដឹកនាំអូនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ក្រុមជំនុំ និងបានដឹកនាំក្រុមជំនុំយ៉ាងនោះដែរ។ បងសូមសន្យាថា បងនឹងស្រឡាញ់អូនដោយស្មោះរហូតអស់មួយជីវិតបង»។ នៅត្រង់ពាក្យថា «ស្រឡាញ់ដោយស្មោះ» គឺខ្ញុំចង់សំដៅលើសេចក្តីស្រឡាញ់ដូចដែលព្រះជាម្ចាស់មានចំពោះយើង។ ចំណែកនៅក្នុងភាសាហេព្រើរ ពាក្យ «ហាសិឌ» (hesed) ត្រូវបានប្រើចំនួន ២៤៨ដង នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពាក្យនេះផ្ដោតទៅលើទំនាក់ទំនងដែលមានការប្ដេជ្ញាចិត្តថា នឹងស្រឡាញ់គ្នាដោយសម្ដែងនូវទឹកចិត្តដ៏ល្អ។ នៅពេលដែលយើងនិយាយពាក្យនេះ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ គឺសំដៅទៅលើការសន្យា ដោយសេចក្តីស្រឡាញ់យ៉ាងស្មោះត្រង់។ សម្រាប់ខ្ញុំ ខ្ញុំនឹងជ្រើសយកការស្លាប់ជាជាងការក្បត់ប្រពន្ធខ្ញុំ។
ប្រសិនបើលោកអ្នកបណ្តោយខ្លួនទៅមើលរូបភាពដែលពុំគប្បី នោះមានន័យថា លោកអ្នកមិនស្រឡាញ់ប្រពន្ធទេ។ ជាងនេះទៅទៀត លោកអ្នកក៏កំពុងតែក្បត់នឹងសេចក្តីសន្យាដែលបានសន្យាថានឹងស្រឡាញ់ប្រពន្ធដោយស្មោះត្រង់ទៀតផង។ លោកអ្នកកំពុងតែផិតក្បត់នឹងនាងហើយ! ហើយក៏កំពុងតែធ្វើឲ្យនាងត្រូវប្រកួតប្រជែងជាមួយរូបភាពផ្សេងៗ ដែលលោកអ្នកមានតម្រេកស្រើបស្រាលក្នុងកាមតណ្ហានោះ ហើយវាក៏អាចនឹងបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកបានផងដែរ។ លើសពីនេះ វាក៏នឹងធ្វើឲ្យលោកអ្នកបែកបាក់ជាមួយកូនៗរបស់ខ្លួនផងដែរ។ លោកអ្នកនឹងលែងមានអំណាចខាងសីលធម៌ជាមួយក្រុមគ្រួសារ ហើយកូនៗរបស់លោកអ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំងដែរ ប្រសិនបើការនេះនាំឲ្យលោកអ្នកឈានទៅដល់ដំណាក់កាលលែងលះគ្នា នោះកូនៗរបស់លោកអ្នកនឹងកាន់តែរងទុក្ខ។ ខ្ញុំពិតជាយល់ពីចំណុចនេះច្បាស់ណាស់ ពីព្រោះឪពុកម្ដាយរបស់ខ្ញុំបានរស់នៅបែកគ្នា ហើយក្រោយមកក៏បានលែងលះគ្នាតាំងតែពីយើងខ្ញុំមានអាយុទើបតែ៩ឆ្នាំមកម៉្លេះ។
៦. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបំផ្លាញខួរក្បាល និងបញ្ញាចិត្តរបស់ខ្លួន
យើងខ្ញុំនឹងបកស្រាយហេតុផលនេះ ដោយសម្អាងទៅលើចំណុចបួនយ៉ាង៖
១. ការបណ្តោយខ្លួនឲ្យទៅមើលរូបភាព ឬវីដេអូអាសអាភាសនឹងបំផ្លាញរបៀបដែលលោកអ្នកគិតអំពីការរួមដំណេក។ ការរួមដំណេកគឺជាអំណោយទានមកពីព្រះជាម្ចាស់ដែលព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សប្រុសម្នាក់ និងមនុស្សស្រីម្នាក់មានការរួមដំណេកជាមួយគ្នា ក្រោយពេលដែលពួកគេទាំងពីរនាក់បាន សន្យា ហើយបានរៀបការជាមួយគ្នា។ ការរួមដំណេកនៅក្នុងជីវិតអាពាហ៍ពិពាហ៍ គឺជារឿងដ៏ល្អប្រពៃ។ ព្រះអង្គ គឺជាអ្នកបង្កើតឲ្យមានការរួមដំណេកឡើង ហេតុដូច្នេះហើយ យើងគួរតែសរសើរទ្រង់អំពីការនោះ។ រូបភាពដែលពុំគប្បី គឺជាការបង្ខូច ហើយបំផ្លាញការរួមដំណេកទៅជាការអាក្រក់។ ប្រសិនបើលោកអ្នកបណ្តោយខ្លួន នោះលោកអ្នកនឹងគិតអំពីការរួមដំណេកក្នុងលក្ខណៈបែបអាក្រក់ ហើយប្រសិនបើលោកអ្នកបានរៀបការរួចហើយ តែលោកអ្នកបានបណ្តោយខ្លួនទៅមើលរូបភាពដែលពុំគប្បីទាំងនោះ នោះវានឹងធ្វើឲ្យលោកអ្នកកាន់តែលែងមានអំណរជាមួយប្រពន្ធរបស់ខ្លួន នៅពេលរួមដំណេកជាមួយគ្នាទៀតផង។
២. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសនឹងបំផ្លាញរបៀបដែលលោកអ្នកគិតអំពីមនុស្សស្រី។ ព្រះជាម្ចាស់បានបង្កើតមនុស្សស្រីមកដូចរូបអង្គទ្រង់ ហើយពួកគាត់ក៏បង្ហាញពីសិរីល្អរបស់ទ្រង់បានយ៉ាងស្រស់ស្អាតផង។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកមានតម្រេកស្រើបស្រាលក្នុងកាមតណ្ហា ដោយប្រាថ្នាចង់បានខ្លួនរបស់មនុស្សស្រី នោះមានន័យថា លោកអ្នកកំពុងតែគិតថា មនុស្សស្រីគ្រាន់តែជាឧបករណ៍រួមដំណេកសម្រាប់បំពេញកាមតណ្ហាដែលពោរពេញដោយអំពើបាបរបស់លោកអ្នក ជាជាងការដែលគិតថាពួកគាត់ជារូបអង្គនៃព្រះដូចលោកអ្នកដែរ។
៣. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសនឹងបំផ្លាញរបៀបដែលលោកអ្នកគិត បំផ្លាញខួរក្បាលរបស់លោកអ្នក ហើយវាក៏នឹងប្ដូររបៀបគិតរបស់លោកអ្នកដែរ។ សរុបមក វានឹងបង្វែរ ហើយធ្វើឲ្យសេចក្តីស្រឡាញ់របស់លោកអ្នកពុំដូចមុនទៀតឡើយ។
៤. ជាលទ្ធផល ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសនឹងបំផ្លាញពីរបៀបដែលលោកអ្នកគិត និងបញ្ញាចិត្តរបស់ខ្លួន។ បញ្ញាចិត្ត របស់លោកអ្នក គឺជាកន្លែងដែលប្រមូលទុកនូវអ្វីៗដែល លោកអ្នកគិតថា «ត្រូវ» ឬ «ខុស»។ ម៉្យាងវិញទៀត នៅពេលដែលលោកអ្នកបណ្តោយខ្លួនទៅមើលរូបភាពពុំគប្បីទាំងនោះ នោះមានន័យថា លោកអ្នកបានធ្វើឲ្យបញ្ញាចិត្តរបស់ខ្លួនកាន់តែស្ពឹក ដោយលោកអ្នកបានគាបសង្កត់បញ្ញាចិត្តរបស់ខ្លួន ដោយបង្ខំឲ្យខ្លួនឯងគិតថា អំពើបាបពុំមែនជាបញ្ហាអ្វីនោះទេ។ មិនយូរមិនឆាប់ ការដែលធ្វើដូចនេះនឹងធ្វើឲ្យលោកអ្នកខូចបញ្ញាចិត្ត រហូតដល់លែងចេះថ្កោលទោសលើខ្លួនឯង នៅពេលដែលខ្លួនប្រព្រឹត្តអំពើបាប។ លោកអ្នកប្រហែលត្រូវវាស់វែងបញ្ញាចិត្តរបស់ខ្លួនជាថ្មីម្តងទៀតទាក់ទងនឹងការមើលរូបភាពទាំងអស់នោះ មិនថាតិចឬច្រើនក្តី។
ក្នុងនាមជាគ្រីស្ទបរិស័ទ លោកអ្នកត្រូវតែកែប្រែចិត្តគំនិតជាថ្មីដោយពឹងអាងលើព្រះបន្ទូល ពីព្រោះការបណ្តោយខ្លួនទៅមើលរូបភាពមិនគប្បី នឹងស៊ីបំផ្លាញចិត្តគំនិត ព្រមទាំងបញ្ញាចិត្តរបស់ខ្លួនផងដែរ។
៧. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការរួមចំណែកក្នុងការជួញដូរផ្លូវភេទ
នៅពេលដែលលោកអ្នកបានបណ្តោយខ្លួនចូលរួមមើលរូបភាពដែលពុំគប្បី នោះមានន័យថា លោកអ្នកកំពុងតែគាំទ្រការរកស៊ីខាងឯផ្លូវភេទរបស់ពួកគេដែរ។ មួយវិញសោត ការរកស៊ីបែបនេះនឹងនាំឲ្យមានការឈឺចាប់ដល់មនុស្សស្រីជាច្រើន។ ការដែលបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស ការនោះនឹងធ្វើឲ្យមនុស្សស្រីមានការឈឺចាប់ ពីព្រោះការនោះវាបានបង្ខូចរបៀបដែលស្ត្រីគិតពីខ្លួនឯង។ មានស្ត្រីជាច្រើនមានការព្រួយបារម្ភ អំពីរូបរាងកាយរបស់ខ្លួន ហើយអ្នកខ្លះបានស្អប់ខ្លួនឯងទៀតផង។ ចំណែកឯស្ត្រីខ្លះទៀតទៅជាបាយមិននឹកទឹកមិនស្រេក ហើយខ្លះទៀតមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេមិនអាចប្រជែងជាមួយស្តង់ដារនៃរូបភាព ឬវីដេអូទាំងនោះបានឡើយ។
ក៏ប៉ុន្តែ រូបភាពដែលពុំគប្បីនេះថែមទាំងធ្វើឲ្យស្ត្រីជាច្រើនមានការឈឺចាប់លើសហ្នឹងទៅទៀត នៅ ពេលដែលលោកអ្នកបានបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូដែលពុំគប្បីទាំងនោះ គឺមានន័យថា៖ លោកអ្នកកំពុងតែបានរួមចំណែកក្នុងការជួញដូរផ្លូវភេទយ៉ាងដូច្នោះដែរ។ រូបភាព ឬក៏វីដេអូអាសអាភាស ជាការដែលនាំឲ្យមានការជួញដូរផ្លូវភេទ វាប្រៀបដូចជាសាំងម៉ូតូយ៉ាងដូច្នោះដែរ។ សាំងធ្វើឲ្យម៉ូតូជិះទៅមុខបាន ហើយរូបភាព ឬក៏រឿងអាសអាភាស គឺជាសាំងដែលនាំឲ្យមានការជួញដូរផ្លូវភេទមានដំណើរទៅមុខបានដូចគ្នាដែរ។
៧.១ តើអ្វីទៅជាទាសករផ្លូវភេទ?
ទាសករផ្លូវភេទ គឺជាបុគ្គលដែលជាកម្មសិទ្ធិ ហើយត្រូវបានគ្រប់គ្រងដោយជនម្នាក់ទៀត ហើយជនដែលជាម្ចាស់នោះបានបង្ខំឲ្យបុគ្គលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប្រព្រឹត្តការរួមដំណេកតាមបង្គាប់របស់ខ្លួន ដើម្បីឲ្យគាត់ដែលជាម្ចាស់អាចទទួលបានលុយ។ មួយវិញទៀត ទាសករផ្លូវភេទ គឺជាការជួញដូរផ្លូវភេទ ដែលបានរាប់បញ្ចូល ទាំងការទទួល ការដឹកជញ្ជូន ព្រមទាំងការកេងប្រវ័ញ្ចប្រយោជន៍ពីទាសករទាំងនោះ។
ស្ត្រីពេស្យាភាគច្រើន គឺជាទាសករផ្លូវភេទ។ ជាទូទៅ ម្ចាស់នៃទាសករតែងតែរំលោភបំពានលើផ្លូវ កាយ និងផ្លូវចិត្តរបស់ស្ត្រីទាំងនោះ ដោយបង្ខំពួកគេឲ្យបន្តសកម្មភាពរកស៊ីផ្លូវភេទតទៅទៀត។ ជាងនេះ ទៅទៀត នៅពេលខ្លះក៏មានមនុស្សលួចចាប់ពង្រាត់ក្មេងស្រីៗ ឬក្មេងស្រីៗជំទង់ ហើយបង្ខំពួកគេឲ្យធ្វើជា ស្ត្រីពេស្យាទៀតផង។ ភាគច្រើននៃស្ត្រីដែលរកស៊ីផ្លូវភេទ សុទ្ធសឹងតែត្រូវបានគេរំលោភបំពានខាងផ្លូវ ភេទរួចទៅហើយ។ ចំណែកឯស្ត្រីដែលលក់ខ្លួន (ដែលជាក្មេងស្រី ឬក្មេងស្រីជំទង់) គឺសុទ្ធតែមានការបារម្ភអំពីខ្លួនឯង និងមានជម្ងឺផ្លូវចិត្ត ហើយមិនឲ្យតម្លៃខ្ពស់លើខ្លួនឯងដែរ។
៧.២ តើរូបភាព និងវីដេអូអាសអាភាសគឺជាសាំងសម្រាប់ការ ជួញដូរផ្លូវភេទយ៉ាងដូចម្តេច?
រូបភាព ឬវីដេអូអាសអាភាសគឺជាប្រេងសាំងដែលបញ្ឆេះឲ្យកាន់តែមានស្ត្រីពេស្យា និងបង្កើតឲ្យមាន ការជួញដូរផ្លូវភេទកាន់តែច្រើនឡើងៗ។ ខ្ញុំពុំដែលឮនរណានិយាយវែកញែកអំពីចំណុចទាំងនេះឲ្យបានច្បាស់លាស់ ហើយងាយស្រួលជឿជាងលោកគ្រូ ដាវីឌ ផ្លាត (David Platt) ឡើយ។ នៅក្នុងជំពូក៥ នៃសៀវភៅរបស់លោក ដែលមានចំណងជើងជាភាសាអង់គ្លេសថា Counter Culture ហើយសៀវភៅនេះបានរៀបរាប់ទាក់ទងនឹងក្មេងស្រីម្នាក់ ដែលមានអាយុ ៩ឆ្នាំ នាងរស់នៅភាគខាងជើងនៃប្រទេសនេប៉ាល់ នាងមានឈ្មោះថា ម៉ាលីហា (Maliha)។ មានថ្ងៃមួយ មានមេខ្យល់ដ៏ពូកែម្នាក់បានមកបោកប្រាស់ម្ដាយរបស់ម៉ាលីហា ដែលជាស្ត្រីមេម៉ាយដ៏ក្រីក្រម្នាក់ ដោយបានសន្យាថានឹងជួយផ្គត់ផ្គង់គ្រួសាររបស់គាត់ ក៏ដូចជាជួយរកការងារដែលផ្តល់ប្រាក់ខែខ្ពស់សម្រាប់ម៉ាលីហានៅជើងភ្នំហិម៉ាល័យ (Himalayan)។ មេខ្យល់នោះបានសន្យាថា នឹងផ្ញើលុយដែលម៉ាលីហារកបានឲ្យម្ដាយនាង ហើយនាំម៉ាលីហាមកលេងផ្ទះយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ។ មិនយូរមិនឆាប់ ម្ដាយរបស់ម៉ាលីហាក៏បានយល់ព្រមឲ្យកូនស្រីទៅធ្វើការ ទោះបីជាគាត់ត្រូវបង្ខំចិត្តក៏ដោយ ក៏ប៉ុន្តែមេខ្យល់នោះពុំបានរក្សាពាក្យសន្យារបស់ខ្លួនឡើយ។ ការងារថ្មីរបស់ម៉ាលីហានាពេលនោះ គឺត្រូវអង្គុយនៅមុខហាងមួយនៅក្នុងទីក្រុង ហើយកន្លែងនោះមានមនុស្សប្រុសជាច្រើនដែលបានមករំលោភបំពាន ទៅលើក្មេងស្រីដ៏កម្សត់ និងស្រស់ស្អាតម្នាក់នោះ។ នៅថ្ងៃខ្លះ មានមនុស្សប្រុសរហូតដល់ទៅ២០នាក់បានមករំលោភបំពានលើម៉ាលីហា។
បន្ទាប់ពីបានរៀបរាប់រឿងរ៉ាវរបស់ម៉ាលីហារួច លោកគ្រូបានរៀបរាប់រឿងរបស់នាងហាណា (Hannah) ដែលមានអាយុ ១៦ឆ្នាំ។ នាងរស់នៅក្នុងទីក្រុងប៊ើរមិងហែម រដ្ឋអាឡាបាម៉ា ប្រទេសអាមេរិក (Birmingham, Alabama, USA)។ សង្សាររបស់នាងបានយកចិត្តទុកដាក់លើរូបនាងដូចជាម្ចាស់ក្សត្រី ហើយបានលួងលោមនាងឲ្យរត់ជាមួយគ្នា ទៅទីក្រុងឡុស៍ អានជើលេស៍ (Los Angeles) ដើម្បីឲ្យនាងបានធ្វើជាអ្នកបង្ហាញម៉ូត។ បន្ទាប់មក សង្សាររបស់នាងបានល្បួងនាងឲ្យថតរូបអាក្រាត និងក្រោយមកគេក៏បានបង្ខំនាងឲ្យដេកជាមួយអ្នកបើកឡាន។ មិនយូរប៉ុន្មាន សង្សាររបស់នាងក៏បានក្លាយជាមេខ្យល់ជួញដូរនាង។
នៅក្នុងសម្រង់សម្ដីនៃសេចក្តីខាងក្រោមនេះ លោកគ្រូ ដាវីឌ បានលើកឡើងអំពីចំណុចដែលបានបង្ហាញថា រូបភាព ឬវីដេអូអាសអាភាស មានការប្រាស្រ័យទាក់ទងជាមួយការជួញដូរផ្លូវភេទ៖
«ការស្រាវជ្រាវនៅតែបន្តបង្ហាញឲ្យឃើញពីការជាប់ទាក់ទងគ្នារវាងការជួញដូរផ្លូវភេទ និងការផលិតរូបភាព ឬវីដេអូអាសអាភាស។ ច្បាប់ក៏បានទទួលស្គាល់ពីចំណុចនេះដែរ ហើយអ្នកដែលបានផលិតរូបភាព ឬវីដេអូអាសអាភាសក៏បានទទួលស្គាល់ដូចគ្នា។ ទោះបីជាយើងពុំបានដឹងអំពីតួលេខច្បាស់លាស់ក៏ដោយ ក៏អ្នកស្រាវជ្រាវខាងផ្លូវភេទ បានលើកឡើងដែរថា យ៉ាងហោចណាស់មួយភាគបីនៃអ្នកដែលត្រូវបានគេជួញដូរ ត្រូវគេបង្ខំឲ្យចូលរួមក្នុងការផលិតរូបភាព ឬវីដេអូអាសអាភាសទាំងអស់នោះ។ ការស្រាវជ្រាវមួយទៀតក៏បានលើកឡើងស្រដៀងគ្នានោះដែរ ទាក់ទងនឹងស្ត្រីពេស្យា ការផលិតរូបភាព ឬវីដេអូអាសអាភាស និងការជួញដូរផ្លូវភេទថា៖ ៥០% នៃស្ត្រីពេស្យាគឺប្រមាណ៩០០ នាក់នៅក្នុងប្រទេសចំនួនប្រាំបួនបានផ្តល់ព័ត៌មានថា ពួកគាត់ត្រូវបានគេបង្ខំឲ្យថតរូប ឬវីដេអូអាសអាភាស នៅពេលដែលគាត់នៅធ្វើជាស្ត្រីពេស្យា។ នៅពេលដែលបានឮ ឬបានអានព័ត៌មានបែបនេះ នោះចូរកុំមើលរំលងភាពស្របគ្នារវាងការជួញដូរផ្លូវភេទ និងការផលិតរូបភាព ឬវីដេអូដែលពុំគប្បីឡើយ។ មនុស្សប្រុស ឬមនុស្សស្រីដែលបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូដែលពុំគប្បី គឺសុទ្ធសឹងតែជាអ្នកដែលកំពុងទាមទារឲ្យមានការរកស៊ីខាងផ្លូវភេទ និងក្លាយទៅជាសាំងសម្រាប់ការជួញដូរផ្លូវភេទផងដែរ»។
«ប៉ុន្តែវដ្ដរបស់វាគឺអាក្រក់ជាងនេះទៅទៀត ពីព្រោះនៅពេលដែលមានអ្នកមើលរូបភាពពុំគប្បីទាំងនោះកាន់តែច្រើន នោះនឹងមានអ្នកចង់បំពេញភាពស្កប់ស្កល់របស់ខ្លួនដោយទៅរកស្ត្រី ឬបុរសពេស្យាឲ្យកាន់តែច្រើនដែរ។ បំណងប្រាថ្នាបែបនេះ នឹងនាំឲ្យមានមនុស្សប្រុសស្រីកាន់តែច្រើនប្រឡូកក្នុងការរកស៊ីផ្លូវភេទ ពីព្រោះគ្រឿងអេឡិចត្រូនិករបស់យើងនៅតាមផ្ទះ អាចក្លាយជាតំបន់រកស៊ីផ្លូវភេទដ៏មានសក្ដានុពល»។ រូបភាព ឬវីដេអូអាសអាភាស គឺជាសាំងដែលបញ្ឆេះឲ្យមានការរកស៊ីផ្លូវភេទ និងអាចបង្កើតឲ្យមានការជួញដូរផ្លូវភេទកាន់តែច្រើនឡើងៗ»។
«តើយើងយល់ពីអ្វីដែលយើងកំពុងតែធ្វើដែរឬទេ?គ្រប់ពេលដែលមនុស្សប្រុស ឬមនុស្សស្រីណាម្នាក់មើលរូបភាព ឬវីដេអូអាសអាភាស នៅលើបណ្ដាញអ៊ីនធឺណិត នោះមានន័យថា ពួកគេបានរួមចំណែកក្នុងការរកស៊ីផ្លូវភេទហើយ ទោះបីជាពួកគេមើលតែម្នាក់ឯងក្នុងគ្រឿងអេឡិចត្រូនិករបស់ខ្លួនក៏ដោយ…»។
«មិនថាយើងគូសសញ្ញាខ្វែងប៉ុន្មានដងនៅលើដៃរបស់យើង ដើម្បីជាសញ្ញាបញ្ឈប់ការជួញដូរផ្លូវភេទនោះទេ ល្គឹកណាយើងនៅតែប្រើដៃដដែលនោះទៅបើកមើលរូបភាពពុំគប្បីទាំងនោះលើបណ្ដាញអ៊ីនធឺណិត នោះមានន័យថា យើងក៏កំពុងតែបោកប្រាស់ខ្លួនឯង ហើយវាជាការបោកប្រាស់ដ៏ធ្ងន់ធ្ងរបំផុត»។
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ ចន ហ៊ូមខិនស៍ (John Hopkins) ក៏បានឯកភាពលើចំណុចនេះដែរ។ លើសពីនេះទៅទៀត ការស្រាវជ្រាវបានអះអាងថា មានចំណុចទាក់ទងគ្នាជាច្រើនរវាងការផលិតរូបភាព ឬវីដេអូអាសអាភាសជាមួយនឹងការជួញដូរផ្លូវភេទ ហើយគេក៏បានលើកឡើងដែរថា ការទប់ស្កាត់ការផលិតរូបភាព ឬវីដេអូអាសអាភាសអាចនឹងកាត់បន្ថយអត្រានៃការជួញដូរផ្លូវភេទបាន។
មានភស្តុតាងជាច្រើនដែលបានបង្ហាញអំពីចំណុចនេះ។ ស្ត្រីដែលបានរត់គេចពីការជួញដូរផ្លូវភេទ តែងតែអះអាងថា ការផលិតរូបភាព ឬវីដេអូអាសអាភាស គឺជាសាំងដែលនាំឲ្យមានការជួញដូរផ្លូវភេទឆ្ពោះទៅមុខ។ មេខ្យល់តែងតែបង្ខំស្ត្រីទាំងនោះឲ្យថតរូបអាក្រាត ឬវីដេអូអាសអាភាស ហើយក៏បង្ខំឲ្យពួកគេធ្វើពុតជាខ្លួនកំពុងតែសប្បាយពេលកំពុងថត។ ស្ត្រីដែលនៅក្នុងរូបភាពភាគច្រើន គឺសុទ្ធសឹងតែជាទាសករផ្លូវភេទ ហើយមេខ្យល់ក៏បានប្រើប្រាស់រូបភាពទាំងនោះ ដើម្បីបង្រៀនក្មេងស្រីៗអំពីរបៀបរួមដំណេកទៀតផង។
ការដែលលោកអ្នកបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស មានន័យថា លោកអ្នកកំពុងតែរួមចំណែកក្នុងការចាក់សាំងបញ្ឆេះឲ្យមានស្ត្រី ឬបុរសពេស្យា និងការជួញដូរផ្លូវភេទ ក៏ដូចជារូបភាព និងវីដេអូទាំងនោះដែរ។ នេះគឺជាចំណែកមួយនៃការផ្គត់ផ្គង់នូវតម្រូវការក្នុងការបង្កើតឲ្យមានអំពើពេស្យា និងការជួញដូរផ្លូវភេទ។
ចូរចងចាំចំណុចនេះឲ្យបានច្បាស់នៅក្នុងបញ្ញាចិត្តរបស់លោកអ្នក៖ ដោយសារការផលិតរូបភាពពុំគប្បីទាំងនោះវាជាគ្រឿងបញ្ឆេះឲ្យមានការជួញដូរផ្លូវភេទ ដូច្នេះការបណ្តោយខ្លួនឲ្យមើលរូបភាព ឬវីដេអូអាសអាភាសក្នុងកម្រិតណាក៏ដោយ គឺជាការរួមចំណែកក្នុងការជួញដូរផ្លូវភេទ ព្រោះជនដែលលោកអ្នកកំពុងមើលដោយមានតម្រេកស្រើបស្រាល កំពុងតែទទួលបានកម្រៃចេញពីរូបភាពទាំងនោះ។ ហើយចំណុចសំខាន់នោះ គឺគ្រប់រូបភាព ឬវីដេអូទាំងអស់សុទ្ធតែមានចំណែកក្នុងការធ្វើជាសាំងបញ្ឆេះឲ្យមានអំពើពេស្យា និងការជួញដូរផ្លូវភេទ។
៧.៣ តើមនុស្សប្រុសគួរគិតដូចម្តេចទាក់ទងនឹងរូបភាព និងវីដេអូអាសអាភាស?
តើការធ្វើជាមនុស្សប្រុសមានអត្ថន័យយ៉ាងដូចម្តេច? លោកគ្រូ ចន ផាភ័រ បានផ្តល់អត្ថន័យ យ៉ាងល្អទាក់ទងនឹងភាពពេញលក្ខណៈរបស់មនុស្សប្រុស ហើយខ្ញុំគិតថា គ្មាននរណាម្នាក់អាចផ្តល់អត្ថន័យបានល្អជាងលោកឡើយ៖ «ចំណុចស្នូលនៃភាពជាបុរសពេញលក្ខណៈ គឺជាស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ ការផ្គត់ផ្គង់ និងការការពារមើលថែមនុស្សស្រីតាមរបៀបដែលសមស្របទៅនឹងទំនាក់ទំនងផ្សេងៗគ្នារបស់មនុស្សប្រុស»។ ត្រង់ចំណុចនេះពុំមែនមានន័យថា មនុស្សប្រុសពូកែហែលទឹកជាងមនុស្សស្រីនោះទេ ប៉ុន្តែមនុស្ស ប្រុសចង់បង្ហាញការផ្តល់កិត្តិយសដ៏ជ្រាលជ្រៅបំផុតដល់មនុស្សស្រី និងក្មេងៗ។ ម៉្យាងទៀត ការប្រឈមមុខនឹងគ្រោះថ្នាក់ ដើម្បីការពារមនុស្សស្រី គឺជាកាតព្វកិច្ចរបស់មនុស្សប្រុស។ មួយវិញទៀត មនុស្សប្រុសពេញលក្ខណៈនឹងបានដឹងដោយខ្លួនឯងថា ក្នុងនាមជាបុរស ព្រះជាម្ចាស់បានត្រាស់ហៅគាត់ឲ្យមានការនាំមុខក្នុងការការពារមនុស្សស្រីដែលគាត់នៅជាមួយ»។ មួយវិញទៀតសោត មនុស្សប្រុសត្រូវប្រាកដក្នុងបញ្ញាចិត្តថា ខ្លួនមិនត្រូវធ្វើអ្វីដែលនាំឲ្យមនុស្សស្រី ឬក្មេងៗឈឺចាប់ឡើយ។ ការមើលរូបភាព ឬវីដេអូអាសអាភាស គឺជារបៀបមួយដែលធ្វើឲ្យមនុស្សស្រីឈឺចាប់។ ដូចនេះ ចូរគិតអំពីរូបភាព ឬវីដេអូអាសអាភាស បែបជាមនុស្សប្រុសគ្រប់លក្ខណ៍ចុះ។
ក្រោយពីការអានរឿងរ៉ាវរបស់នាងម៉ាលីហាដែលមានអាយុ៩ឆ្នាំរួចមក តើលោកអ្នកមានចិត្តអាណិតអាសូរចំពោះនាងដែរឬទេ?តើលោកអ្នកមានចិត្តខឹងឃ្នាន់ខ្នាញ់ចំពោះអ្នកដែលគាបសង្កត់នាងដែរឬទេ?មានរឿងរ៉ាវជាច្រើនរាប់លានទៀត ដែលស្រដៀងនឹងរឿងរ៉ាវរបស់នាងម៉ាលីហាដែលត្រូវបានគេជួញដូរផ្លូវភេទ។ តើលោកអ្នកពុំមានអារម្មណ៍ឈឺចាប់ទេឬអី នៅពេលដែលលោកអ្នកបានស្ដាប់ឮអំពីការដែលមនុស្សពេញវ័យចាប់កុមារី និងក្មេងស្រីជំទង់យកទៅរំលោភ ឬយកពួកគាត់ទៅធ្វើជាទាសករផ្លូវភេទ?តើ លោកអ្នកពុំមានកំហឹងចំពោះអ្នកដែលធ្វើបាបក្មេងៗ និងក្មេងស្រីជំទង់ទាំងនោះទេឬអី?លោកអ្នកត្រូវតែមាន អារម្មណ៍ខឹង និងមានអារម្មណ៍ឈឺចាប់ចំពោះអ្នកផលិតរូបភាព ឬវីដេអូអាសអាភាស! កំហឹងដែលលោកអ្នកមាន នៅពេលដែលលោកអ្នកបានស្តាប់ ឬក៏អានរឿងដែលមនុស្សប្រុសដ៏អាក្រក់បានរំលោភក្មេងស្រីដែលមានអាយុទើបតែ៩ឆ្នាំ។ នេះគឺជាកំហឹងដែលលោកអ្នកត្រូវតែមានចំពោះអ្នកដែលផលិតរូបភាពមិនល្អទាំងនោះដែរ។ លោកអ្នកត្រូវតែស្អប់ ហើយប្រឆាំងចំពោះអ្នកផលិតរូបភាព ឬវីដេអូអាសអាភាសដូចដែលលោកអ្នកបានស្អប់ក្រុមមនុស្សប្រុស ដែលរំលោភលើស្ត្រីដែលទន់ខ្សោយពុំអាចជួយខ្លួនឯងបានយ៉ាងដូច្នោះដែរ។ ហើយប្រសិនបើលោកអ្នកឃើញ មនុស្សប្រុសមួយក្រុមបានព្រួតគ្នារំលោភស្ត្រីតែម្នាក់ តើលោកអ្នកនឹងជួយស្ត្រីនោះ ឬក៏បង្កើតឲ្យខ្លួនឯងមានភាពស្រើបស្រាលឡើង? និយាយឲ្យត្រង់ បើលោកអ្នកមិនទៅជួយស្ត្រីនោះ នោះមានន័យថា លោកអ្នកកំពុងតែបង្កើតឲ្យខ្លួនឯងមានភាពស្រើបស្រាល ដោយមានការរួមចំណែកក្នុងការរំលោភនាងពីចម្ងាយរួចទៅហើយ។
សរុបសេចក្តីមក នៅពេលដែលលោកអ្នកបណ្តោយខ្លួនឲ្យទៅមើលរូបភាព ឬវីដេអូអាសអាភាស នោះមានន័យថា លោកអ្នកកំពុងតែរួមចំណែកក្នុងការជួញដូរផ្លូវភេទ។ ការផលិតរូបភាព និងវីដេអូអាសអាភាស គឺជាការធ្វើបាបមនុស្សស្រី និងក្មេងស្រីៗ ព្រោះវាបង្កើតឲ្យមានស្ត្រី ឬបុរសពេស្យា និងការជួញដូរផ្លូវភេទ។ មនុស្សប្រុសដែលចេះផ្តល់កិត្តិយសដល់មនុស្សស្រី គឺជាមនុស្សប្រុសដែលការពារ និងមិនធ្វើបាបស្ត្រី និងក្មេងស្រីៗ។
សេចក្តីបញ្ចប់
ហេតុផលប្រាំពីរយ៉ាងដែលលោកអ្នកមិនគួរបណ្តោយខ្លួនទៅមើលរូបភាពអាសអាភាស៖
១. ការបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសនឹងបណ្តាលឲ្យលោកអ្នកធ្លាក់នរក។
២. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសមិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងរូបកាយរបស់លោកអ្នកឡើយ។
៣. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការសប្បាយដ៏ពិសពុល និងមិនស្ថិតស្ថេរ។
៤. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបង្ហិនបង្ហោចជីវិតរបស់ខ្លួន។
៥. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការក្បត់ប្រពន្ធកូនខ្លួន។
៦. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបំផ្លាញខួរក្បាល និងបញ្ញាចិត្តរបស់ខ្លួន។
៧. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការរួមចំណែកក្នុងការជួញដូរផ្លូវភេទ។
សេចក្ដីអធិស្ឋាន
ឱ! ព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំសូមអរគុណព្រះអង្គ ដែលព្រះគុណរបស់ទ្រង់បង្រៀនទូលបង្គំឲ្យចេះបដិសេធនូវអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យ និងតម្រេកស្រើបស្រាលក្នុងកាមតណ្ហាបែបលោកីយ៍ ដែលមានដូចជាការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសជាដើម។ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលទ្រង់ប្រទានព្រះគុណដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចរស់នៅដោយចេះគ្រប់គ្រងចិត្តរបស់ខ្លួនឯង និងធ្វើអ្វីត្រឹមត្រូវ ព្រមទាំងចេះកោតខ្លាចទ្រង់នៅក្នុងយុគសម័យនេះ ខណៈពេលដែលទូលបង្គំទន្ទឹងរង់ចាំសេចក្ដីសង្ឃឹម ដែលមានពេញដោយព្រះពរ គឺជាការដែលព្រះយេស៊ូវគ្រីស្ទជាព្រះដ៏អស្ចារ្យ និងជាព្រះអង្គសង្គ្រោះរបស់យើង ទ្រង់នឹងយាងត្រឡប់មកវិញក្នុងសិរីល្អរបស់ទ្រង់។
អរព្រះគុណព្រះយេស៊ូវដែលបានសុគតជំនួសទូលបង្គំ ដើម្បីនឹងសង្គ្រោះទូលបង្គំចេញពីអំពើបាបដែលមានដូចជាការមើលរូបភាព ឬវីដេអូអាសអាភាសជាដើម។ ដ្បិតទ្រង់ក៏បានសុគត ដើម្បីនឹងបន្សុទ្ធពួកយើងដែលជារាស្ត្ររបស់ទ្រង់ផ្ទាល់ ដើម្បីឲ្យពួកយើងឧស្សាហ៍ធ្វើការល្អដែរ។ ឱព្រះអង្គអើយ ទូលបង្គំពិតជាត្រូវការព្រះគុណរបស់ទ្រង់ណាស់! សូមព្រះអង្គប្រទានព្រះគុណរបស់ទ្រង់មក ដើម្បីកុំឲ្យទូលបង្គំបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស ក៏ប៉ុន្តែដើម្បីឲ្យទូលបង្គំអាចរកភាពស្កប់ស្កល់នៅក្នុងទ្រង់វិញ។ អាម៉ែន។
មតិយោបល់
Loading…