អំណោយទាននៃពួកហោរាគឺជាអំណោយទានបណ្ដោះអាសន្នដែលព្រះគ្រីស្ទបានប្រទានឲ្យសម្រាប់ជាការចាក់គ្រឹះនៃក្រុមជំនុំ «ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន» (អេភេសូរ ៤:១១)។ ពីមុនៗ ពួកហោរាគឺជាគ្រឹះនៃក្រុមជំនុំ «ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក» (អេភេសូរ ២:២០)។ ពួកហោរាប្រកាសព្រះរាជសារពីព្រះអម្ចាស់ទៅកាន់អ្នកជឿដំបូងៗ។ ពេលខ្លះព្រះរាជសាររបស់ពួកហោរាគឺជាការបើកសម្ដែង (ការបើកសម្ដែងថ្មី និងសេចក្ដីពិតពីព្រះជាម្ចាស់) ហើយពេលខ្លះព្រះរាជសាររបស់ពួកហោរាគឺជាការទាយទុកអំពីអនាគត (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ «ក្នុងចំណោមហោរាទាំងនោះ មានម្នាក់ឈ្មោះអ័ក្កាបុស ក្រោកឡើង ហើយថ្លែងដោយព្រះវិញ្ញាណថា នឹងមានអំណត់ជាខ្លាំងនៅពាសពេញលើផែនដី (អំណត់នេះកើតមានក្នុងរជ្ជកាលព្រះចៅក្លូឌាស)» និង «កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ មានហោរាម្នាក់ឈ្មោះអ័ក្កាបុស ចុះមកពីស្រុកយូដា។» កិច្ចការ ១១:២៨ និង២១:១០)។ គ្រីស្ទបរិស័ទនៅសម័យដំបូងមិនទាន់មានព្រះគម្ពីរពេញលេញទាំងមូលនៅឡើយទេ។ ហើយគ្រីស្ទបរិស័ទដំបូងមួយចំនួនទៀតក៏មិនមានកណ្ឌគម្ពីរណាមួយនៃព្រះគម្ពីរសញ្ញាថ្មីនៅឡើយដែរ។ ពួកហោរាក្នុងព្រះគម្ពីរសញ្ញាថ្មី «បំពេញចន្លោះ» តាមរយៈការប្រកាសព្រះរាជសាររបស់ព្រះជាម្ចាស់ទៅកាន់អស់អ្នកដែលមិនមានព្រះគម្ពីរ។ កណ្ឌគម្ពីរចុងក្រោយនៃព្រះគម្ពីរសញ្ញាថ្មី (វិវរណៈ) មិនទាន់បានសរសេរឡើងយ៉ាងពេញលេញនៅឡើយរហូតដល់ចុងសម័យសតវត្សរ៍ទី១។ ដូច្នេះ ព្រះអម្ចាស់ក៏បានចាត់ពួកហោរាឲ្យទៅប្រកាសព្រះបន្ទូលរបស់ទ្រង់ទៅកាន់រាស្ត្ររបស់ទ្រង់។
តើសព្វថ្ងៃនេះនៅមានពួកហោរាពិតដែរឬទេ? ប្រសិនបើគោលបំណងនៃពួកហោរាគឺដើម្បីបើកសម្ដែងសេចក្ដីពិតពីព្រះជាម្ចាស់ ចុះតើឲ្យយើងត្រូវការមានពួកហោរាដើម្បីអ្វី ប្រសិនបើយើងមានការបើកសម្ដែងយ៉ាងពេញលេញពីព្រះជាម្ចាស់ក្នុងព្រះគម្ពីររួចស្រេចទៅហើយ? ប្រសិនបើពួកហោរាគឺជា «គ្រឹះ» នៃក្រុមជំនុំដំបូង តើសព្វថ្ងៃនេះយើងកំពុងតែបន្តសង់ «គ្រឹះ» មែនឬ? តើព្រះជាម្ចាស់អាចប្រទានសារទៅកាន់បុគ្គលណាម្នាក់ ដើម្បីឲ្យគាត់យកសារនោះទៅប្រាប់បុគ្គលណាម្នាក់បានឬ? បាន! តើព្រះជាម្ចាស់នៅបន្តសម្ដែងសេចក្ដីពិតទៅកាន់បុគ្គលណាម្នាក់ក្នុងរបៀបអធម្មជាតិ ហើយអនុញ្ញាតឲ្យបុគ្គលម្នាក់នោះទៅប្រាប់សារទៅកាន់អ្នកដទៃបានឬ? បាន! ប៉ុន្តែ តើនេះជាអំណោយទាននៃពួកហោរាតាមព្រះគម្ពីរមែនឬ? ទេ!
មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅពេលដែលបុគ្គលណាម្នាក់អះអាងថា ខ្លួនកំពុងតែមានប្រសាសន៍សម្រាប់ព្រះជាម្ចាស់ (ចំណុចស្នូលនៃការទាយ) គន្លឹះគឺត្រង់ថា យើងត្រូវតែប្រៀបធៀបនូវអ្វីដែលគាត់បានលើកឡើងជាមួយនឹងអ្វីដែលព្រះគម្ពីរបានចែងទុករួចទៅហើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈបុគ្គលណាម្នាក់នៅថ្ងៃនេះ ដាច់ខាតវាត្រូវតែមានភាពស៊ីគ្នា ១០០% ទៅនឹងអ្វីដែលព្រះជាម្ចាស់បានធ្លាប់មានព្រះបន្ទូលរួចទៅហើយក្នុងព្រះគម្ពីរ។ ព្រះជាម្ចាស់មិនចេះមានបន្ទូលទាស់ប្រឆាំងនឹងក្នុងរូបអង្គទ្រង់ផ្ទាល់ឡើយ។ កណ្ឌគម្ពីរ ១យ៉ូហាន ៤:១ បានណែនាំយើងថា «ពួកស្ងួនភ្ងាអើយ! កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះ ឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ» (គកស)។ កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:២០-២១ បានប្រកាសថា «កុំមើលងាយសេចក្ដីទំនាយ។ ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ!» (គកស)។ សរុបសេចក្ដីទៅ ទោះបើថា វាជា «ព្រះបន្ទូលពីព្រះអម្ចាស់» ឬក៏ថាជាទំនាយណាមួយ ក៏ការឆ្លើយតបរបស់យើងគួរតែនៅដដែល។ ចូរប្រៀបធៀបនូវអ្វីដែលគេបានលើកឡើងទៅនឹងអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានចែង។ ប្រសិនបើវាប្រឆាំងនឹងព្រះគម្ពីរ ចូរគ្រវាត់វាចោលទៅ។ ប្រសិនបើវាមានភាពស៊ីគ្នាទៅនឹងព្រះគម្ពីរ ចូរអធិស្ឋានទូលសូមប្រាជ្ញា និងការវែកញែកពីព្រះជាម្ចាស់អំពីរបៀបដែលលោកអ្នកអាចយកព្រះរាជសារនោះទៅអនុវត្តចុះ។ «គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក» (២ធីម៉ូថេ ៣:១៦-១៧ គកស) កណ្ឌគម្ពីរ យ៉ាកុប ១:៥ «ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ» (គកស)។
មតិយោបល់
Loading…