តើលោកអ្នកធ្លាប់ព្យាយាមកត់ចំណាំនូវយោបល់ផ្សេងៗគ្នា ដែលលោកអ្នកធ្លាប់ឮពីអ្នកដទៃពីការតាមស្រឡាញ់គ្នាដែរឬទេ? សូម្បីតែពីគ្រីស្ទបរិស័ទ?
* ចូរស្វែងយល់ចិត្តគ្នាយ៉ាងតិចឲ្យបានមួយឆ្នាំ
* ចូរកុំស្វែងយល់ចិត្តគ្នាលើសពីមួយឆ្នាំ
* ចូរចែចង់គ្នាដោយមានអ្នកស្គាល់គ្នានៅជុំវិញខ្លួន
* ធ្វើយ៉ាងណាចំណាយពេលជាមួយគ្នាតែពីរនាក់ឲ្យបានច្រើន
* ចូរកុំថើបគ្នាមុនពេលរៀបការ
* តើធ្វើយ៉ាងដូចម្ដេច ទើបដឹងថាត្រូវគ្នា បើមិនដែលបានថើបគ្នាសោះ?
* ចូរដាក់លក្ខខណ្ឌឲ្យច្បាស់លាស់អំពីភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា
* ចូរកុំចេះតែព្យាយាមធ្វើតាមវិធីរបស់មនុស្សគ្រប់គ្នា
* ចូរចំណាយពេលវេលាជាមួយគ្នាឲ្យបានច្រើន
* ចូរប្រុងប្រយ័ត្នអំពីការចំណាយពេលវេលាជាមួយគ្នា
* ចូរកុំចែចង់គ្នាឲ្យសោះ លុះត្រាតែលោកអ្នកបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបការជាមួយគាត់
តាមពិត យើងខ្ញុំអាចបន្តរាយរាប់នូវយោបល់ជាច្រើនទៀត ហើយលោកអ្នកក៏អាចសរសេរបានផងដែរ ជាពិសេសបើលោកអ្នកមានចំណែកនៅក្នុងជំនឿគ្រីស្ទបរិស័ទ។ ទោះបើពួកយើងគ្រប់គ្នាសុទ្ធតែជាអ្នកដើរតាមព្រះយេស៊ូវ ហើយអានព្រះគម្ពីរដូចគ្នា និងសុទ្ធតែព្យាយាមចង់ចងចំណងអាពាហ៍ពិពាហ៍ក៏ដោយ ក៏យោបល់របស់យើងមានភាពខុសគ្នាយ៉ាងខ្លាំងដែរអំពីការចែចង់គ្នា។ យើងមានព្រះអម្ចាស់តែមួយ មានជំនឿតែមួយ និងមានបុណ្យជ្រមុជទឹកតែមួយ តែយើងនៅតែមានយោបល់ខុសគ្នារាប់ពាន់លានដងអំពីការចែចង់គ្នានេះ។
បញ្ញត្តិចម្បងអំពីការចែចង់គ្នា
បញ្ញត្តិចម្បងអំពីការចែចង់គ្នាក៏ជាបញ្ញត្តិចម្បងដែលទាក់ទងនឹងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើងផងដែរ៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីគំនិត អស់ពីព្រលឹង និងអស់ពីកម្លាំងអ្នក» (ម៉ាកុស ១២:៣០ គគខ)។ លោកអ្នកនឹងមិនមានសេចក្ដីស្រឡាញ់ពិតចំពោះនរណាម្នាក់បានឡើយ ប្រសិនបើលោកអ្នកមិនបានស្រឡាញ់ព្រះជាម្ចាស់ជាមុនទេនោះ។ ហើយក៏គ្មានអ្នកណាម្នាក់អាចស្រឡាញ់លោកអ្នកពិតប្រាកដបានដែរ ប្រសិនបើគេមិនបានស្រឡាញ់ព្រះជាម្ចាស់ខ្លាំងជាងការដែលគេស្រឡាញ់លោកអ្នកនោះ។
ជំហានចម្បងក្នុងការចែចង់គ្នា គួរតែជាជំហាននៃការដែលយើងដាក់ជំនឿលើព្រះអម្ចាស់យេស៊ូវ ដែលជាព្រះអង្គសង្គ្រោះរបស់យើង។ ទ្រង់ជាអ្វីៗគ្រប់យ៉ាងដ៏ល្អបំផុតសម្រាប់យើង ហើយទ្រង់ក៏ជាស្ដេចរបស់យើងផងដែរ។ ព្រះអង្គបានឆក់យកបេះដូងរបស់យើង ហើយយើងទទួលបានអំណរដ៏ជ្រាលជ្រៅបំផុតនៅក្នុងទ្រង់។ នោះព្រលឹងយើងនឹងចូលជ្រកក្រោមចំអេងស្លាបរបស់ទ្រង់ ហើយក៏លែងព្យាយាមធ្វើអ្វីម្យ៉ាងដើម្បីសង្គ្រោះខ្លួនឯង ក៏ដូចជាបង្ហាញថា ខ្លួនមានតម្លៃឡើយ។ យើងផ្ដោតគំនិតរបស់យើងទៅលើការព្យាយាមស្គាល់ទ្រង់ឲ្យកាន់តែខ្លាំងជាងមុន ហើយទទូចអង្វរទ្រង់ សុំឲ្យគំនិត និងឆន្ទៈរបស់យើងកាន់តែត្រាប់តាមទ្រង់។ យើងប្រើកម្លាំងទាំងអស់របស់យើងទៅបំពេញផែនការ និងបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់ជីវិតរបស់យើង៖ គឺទៅបង្កើតសិស្សដែលនឹងស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំងរបស់ពួកគេ។
ប្រសិនបើចិត្តរបស់យើងមិននៅជាមួយព្រះទេ ប្រសិនបើព្រលឹងរបស់យើងមិនមានសុវត្ថិភាពតាមរយៈជំនឿទេ ប្រសិនបើគំនិតរបស់យើងមិនមូល ហើយថែមទាំងកំពុងផ្ដោតលើអ្វីផ្សេងទៀតដែលថោកទាប ក៏ដូចជាចំណាយកម្លាំងដ៏ល្អបំផុតរបស់យើងទៅលើអ្វីៗដែលនៅលើផែនដីនេះ (ដូចជាការងារ កីឡា ការដើរផ្សារ ការកំសាន្ត ទំនាក់ទំនង តែមិនមែនជាមួយព្រះជាម្ចាស់) នោះមានន័យថា យើងនឹងមិនអាចតាមចែចង់គ្នាបានយ៉ាងល្អឡើយ។
តើលោកអ្នកចង់បានការចែចង់ និងជីវិតអាពាហ៍ពិពាហ៍ដ៏ល្អដែរឬទេ? ប្រសិនបើចង់ ចូរស្ដាប់នូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូល «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីគំនិត អស់ពីព្រលឹង និងអស់ពីកម្លាំងអ្នក!» ចូរសង្វាតចាប់យកទ្រង់ជាមុន (ម៉ាថាយ ៦:៣៣) នោះការចែចង់គ្នានឹងទៅតាមផែនការ និងពេលវេលាដ៏ល្អឥតខ្ចោះរបស់ទ្រង់។
បញ្ញត្តិមាសអំពីការចែចង់គ្នា
ប៉ុន្តែ បន្ទាប់ពីការឱបក្រសោប និងការអនុវត្តបញ្ញត្តិមាស យើងខ្ញុំបានឃើញថា បញ្ញត្តិមាសស្ដីពីការចែចង់គ្នាគឺ៖ ការពឹងផ្អែកលើមនុស្សដែលស្គាល់លោកអ្នកច្បាស់ ស្រឡាញ់លោកអ្នកខ្លាំង ហើយក៏ជាមនុស្សដែលនឹងកែរតម្រូវលោកអ្នក នៅពេលដែលលោកអ្នកធ្វើអ្វីមួយមិនបានត្រឹមត្រូវដែរ។
ចូរព្យាយាមពឹងផ្អែកលើមនុស្សដែលស្គាល់លោកអ្នកយ៉ាងច្បាស់ ស្រឡាញ់លោកអ្នកយ៉ាងខ្លាំង ហើយក៏ជាមនុស្សដែលនឹងប្រាប់លោកអ្នកនៅពេលដែលលោកអ្នកធ្វើអ្វីមួយមិនត្រឹមត្រូវ។
នេះមិនមែនជាបញ្ញត្តិចម្បងនោះទេ ព្រោះនៅក្នុងគ្រប់ចំណុចនៃជីវិតរបស់យើង (ឧទាហរណ៍៖ រាល់ការសម្រេចចិត្ត រាល់ការត្រាស់ហៅ រាល់ទំនាក់ទំនង និងរាល់និមិត្ត) គឺយើងត្រូវចាប់ផ្ដើមពីអ្វីដែលយើងគិតថា ជាបំណងព្រះហឫទ័យ និងជាព្រះតម្រិះរបស់ព្រះជាម្ចាស់។ តើយើងពិតជាស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់មែនដែរឬទេ? តើយើងនឹងនៅតែស្ដាប់បង្គាប់ទ្រង់ដែរឬទេ ទោះបើការស្ដាប់បង្គាប់នោះនាំឲ្យយើងបាត់បង់ប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយនោះ? តើយើងនឹងលះបង់គ្រប់អ្វីៗទាំងអស់ ដើម្បីថ្វាយកិត្តិយសដល់ទ្រង់ដែរឬទេ? តើយើងនឹងនៅតែជឿទុកចិត្តព្រះអង្គដែរឬទេ ទោះបើយើងចង់បានអ្វីផ្សេងទៀតសម្រាប់ខ្លួនឯង?
នេះមិនមែនជាបញ្ញត្តិចម្បងនោះទេ ប៉ុន្តែយើងខ្ញុំគិតថា វាជា «បញ្ញត្តិមាស» មួយដែលនឹងវែកញែកចំណុចខុសគ្នារវាងការដែលគ្រីស្ទបរិស័ទចែចង់គ្នាក្នុងទំនាក់ទំនងមួយដែលល្អ ឬក៏មិនល្អ។ ប្រសិនបើលោកអ្នកមិនមែនជាអ្នកជឿលើព្រះយេស៊ូវទេ នេះមានន័យថា លោកអ្នកមិនទាន់បានផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់នៅឡើយទេ ហើយក៏មានន័យថា លោកអ្នកនឹងមិនអាចមានទំនាក់ទំនងល្អជាមួយនឹងនរណាម្នាក់ពិតប្រាកដបានដែរ។ ប៉ុន្តែ ទោះបើលោកអ្នកជាអ្នកជឿលើព្រះយេស៊ូវក៏ដោយ ក៏លោកអ្នកនៅតែមានមធ្យោបាយរាប់មិនអស់ ដើម្បីបដិសេធប្រាជ្ញារបស់ព្រះជាម្ចាស់ ហើយក៏អាចធ្លាក់ក្នុងអំពើបាបបានដែរ។
ចំណុចគន្លឹះ៖ លោកអ្នកត្រូវតែពឹងលើគ្រីស្ទបរិស័ទដែលស្គាល់លោកអ្នកច្បាស់ ស្រឡាញ់លោកអ្នកខ្លាំង ហើយពួកគាត់ក៏ជាអ្នកដែលធ្លាប់ប្រាប់លោកអ្នក នៅពេលដែលលោកអ្នកធ្វើខុស ឬក៏ដើរវង្វេងចេញពីផែនការរបស់ព្រះជាម្ចាស់។
កង់សាគួរដែលយើងទាំងអស់គ្នាត្រូវការ
សព្វថ្ងៃនេះ យើងប្រឈមមុខនឹងការផ្ដល់យោបល់ដែលគ្មានទីបញ្ចប់ទាក់ទងទៅនឹងរឿងរ៉ាវជាច្រើនជាងជំនាន់មុនៗ ហើយស្របពេលនោះដែរ គេក៏ឲ្យយើងធ្វើជាអ្នកជ្រើសរើសតាមតែចិត្តរបស់យើងទៀតផង។
* តើយើងគួរមានភាពស្និទ្ធស្នាលដល់កម្រិតណា មុនពេលយើងរៀបការ?
* តើខ្ញុំគួររង់ចាំយូរប៉ុណ្ណា មុនពេលរកគូស្នេហ៍ថ្មីផ្សេងទៀត បន្ទាប់ពីបែកបាក់ស្នេហា?
* តើខ្ញុំគួររកមើលចំណុចអ្វីខ្លះពីបុរសដែលខ្ញុំចង់រៀបការជាមួយ?
* តើនារីៗចង់បានលក្ខណសម្បត្តិអ្វីខ្លះចំពោះបុរស?
* តើគូសង្សារអាចរួមដំណេកជាមួយគ្នាមុនពេលរៀបការបានដែរឬទេ?
យើងមិនពិបាកក្នុងការទទួលបានចម្លើយចំពោះសំណួរស្ដីពីទំនាក់ទំនងទាំងអស់នេះទេ។ អ្វីដែលគួរឲ្យខ្លាចនោះគឺថា ចម្លើយមកពីណាក៏បានដែរ ឲ្យែតជួយសម្រួលអារម្មណ៍ចំពោះអ្វីដែលយើងចង់ធ្វើ មិនថាត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវ មានសុវត្ថិភាព ឬក៏មិនមានសុវត្ថិភាព ពេញដោយប្រាជ្ញា ឬក៏មិនមានប្រាជ្ញានោះដែរ។
យើងទំនងជាចង់យកមតិយោបល់ចេញពី៖ សៀវភៅដែលនិពន្ធដោយបណ្ឌិតណាម្នាក់ ការសន្ទនាដែលគ្មានទិសដៅជាមួយនឹងនរណាម្នាក់នៅក្នុងព្រះវិហារ ឬក៏ពីកំណត់ហេតុនៅក្នុងបណ្ដាញសង្គម ពីក្មេងជំទង់ណាម្នាក់ ឬក៏ពីប្រព័ន្ធបណ្ដាញផ្សព្វផ្សាយលើអ៊ីនធឺណិតដូចជា Facebook ជាដើម។ ភាគច្រើន ប្រសិនបើយើងពិតជាហ៊ានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន នោះយើងនឹងហ៊ានទទួលស្គាល់ថា យើងមិនសូវខ្វល់ពីចំណុចដែលថា អ្នកណាជាអ្នកផ្ដល់យោបល់ដល់យើងប៉ុន្មានទេ ព្រោះអ្វីដែលយើងចង់បាននោះគឺ ឲ្យគេយល់ស្របជាមួយចិត្តគំនិត និងអ្វីដែលយើងចង់ធ្វើជាចម្បង។
យើងបានបញ្ឆោតខ្លួនឯងដោយគិតថា ខ្លួនឯងកំពុងតែពឹងផ្អែកលើអ្នកដទៃ នៅពេលដែលខ្លួនកំពុងស្រាវជ្រាវរកនូវគំនិតរបស់មនុស្សផ្សេងៗនៅលើបណ្ដាញអ៊ីនធឺណិត ប៉ុន្តែធាតុពិត យើងកំពុងចុះចូលចំពោះសេចក្ដីប៉ងប្រាថ្នា និងភាពល្ងីល្ងើរបស់ខ្លួនតែប៉ុណ្ណោះ។ យើងតែងតែដើរចេញពីបន្ទប់ដ៏មានសុវត្ថិភាពរបស់គ្រូពេទ្យ ហើយបែរជាទៅធ្វើតាមតែអំពើចិត្តខ្លួន ដោយធ្វើនូវអ្វីៗដែលខ្លួនគិតថា ងាយស្រួលនឹងធ្វើ ដោយមិនស្ដាប់ការណែនាំរបស់គ្រូពេទ្យ។ ជាជាងការស្វែងរកគំនិតយោបល់ដែលល្អបំផុតសម្រាប់ខ្លួនឯងពីអស់អ្នកដែលពិតជាអាចជួយយើងបាន យើងបែរជាធ្វើតាមតែអំពើចិត្តខ្លួន។ វាប្រៀបដូចជាយើងទៅស៊ីចំណីជំនួសអាហារ។ ដូចសុភាសិតខ្មែរមួយពោលថា «ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ» ដោយមិនខ្វល់ពីមតិយោបល់ដ៏ល្អៗពីអស់អ្នកដែលស្រឡាញ់យើងពិតប្រាកដ។
ទំនាក់ទំនងមិត្តភាពដ៏ពិតប្រាកដ តែងតែមានការកែតម្រង់គ្នាទៅវិញទៅមក ពេលដែលភាគីណាម្នាក់បានធ្វើខុសអ្វីមួយ ស្របពេលនោះដែរ លោកអ្នកក៏ទំនងជាមិនសូវចូលចិត្តនូវការកែតម្រង់ ក៏ដូចជាមតិយោបល់របស់ភាគីម្ខាងទៀតដែរ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ការមានទំនាក់ទំនងបែបនេះនឹងផ្ដល់នូវការណែនាំថ្មីៗចំពោះការចែចង់របស់លោកអ្នក។ មិត្តភក្ដិដ៏ពិតប្រាកដ ពួកគេស្គាល់ពីលោកអ្នក ស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់លោកអ្នក ក៏ដូចជាស្គាល់ពីជ័យជម្នះ និងការបរាជ័យ ហើយក៏ស្គាល់ពីតម្រូវការរបស់លោកអ្នកបានយ៉ាងច្បាស់ផងដែរ។ មិត្តភក្ដិទាំងនោះដឹងថា លោកអ្នកជាមនុស្សមានបាប ហើយដឹងថា មនុស្សមានបាបត្រូវការឲ្យមានអ្នកណែនាំ កែតម្រង់ដោយប្រើសេចក្ដីពិត បើមិនដូច្នោះទេ មនុស្សមានបាបនោះនឹងឈានជើងចេញពីព្រះជាម្ចាស់បន្តិចម្ដងៗ។
ចំណុចដែលពិតនោះគឺ យើងទាំងអស់គ្នាត្រូវការកង់សាគួរក្នុងជីវិតរស់នៅ និងក្នុងការតាមស្រឡាញ់គ្នា។ ត្រង់នេះ «កង់សាគួរ» គឺមិនសំដៅលើសង្សារលួចលាក់ ឬមនុស្សទីបីដែលយើងទុកជាកង់សាគួរសម្រាប់ពេលក្រោយយើងបែកពីសង្សារយើងនោះទេ។ «កង់សាគួរ» ត្រង់នេះយើងខ្ញុំចង់សំដៅលើមនុស្សដែលស្គាល់យើង ចាំជួយយើង ជួយផ្ដល់ប្រឹក្សាដល់យើង ស្រឡាញ់យើងពិតប្រាកដ ហើយពួកគេចង់ឲ្យយើងទទួលបាននូវអ្វីដែលល្អបំផុតសម្រាប់ខ្លួនយើង ទោះបើនោះមិនមែនជាអ្វីដែលយើងចង់បាននៅក្នុងពេលនោះក៏ដោយ។
ពាក្យពេចន៍ដែលយើងត្រូវការឮម្ដងហើយម្ដងទៀត
ជាទូទៅ បុគ្គលពីរនាក់ដែលចែចង់គ្នា ច្រើនតែដកខ្លួនចេញពីគ្រីស្ទបរិស័ទដែលនៅជុំវិញខ្លួន។ នៅពេលណាដែលយើងកាន់តែមានភាពស្និទ្ធស្នាលជាមួយមិត្តប្រុស ឬក៏មិត្តស្រីរបស់យើង គឺយើងច្រើនតែដកខ្លួនចេញពីមិត្តភក្តិសំខាន់ផ្សេងៗនៅក្នុងជីវិតរបស់យើង។ អារក្សសាតាំងស្រឡាញ់ការធ្វើបែបនេះខ្លាំងណាស់ ហើយវាតែងតែលើកទឹកចិត្តយើងឲ្យធ្វើបែបនេះគ្រប់ពេលវេលា។ យើងត្រូវតែទាស់ប្រឆាំងនឹងការដែលអារក្សសាតាំងចង់ឲ្យយើងធ្វើ ព្រោះការធ្វើបែបនេះជាចំណុចដ៏ល្អមួយនៅក្នុងទំនាក់ទំនងស្នេហារបស់យើង ហើយការនេះក៏បង្ហាញថា យើងមានប្រាជ្ញាផងដែរ។ ចូរកុំព្យាយាមទៅចែចង់គ្នាតែពីរនាក់នៅកន្លែងស្ងាត់ៗ តែផ្ទុយទៅវិញ ចូរអញ្ជើញមិត្តភក្តិសំខាន់ៗរបស់ខ្លួនឲ្យមកចូលរួម នៅពេលដែលលោកអ្នកចំណាយពេលជាមួយគ្នា។ ចូរព្យាយាមញែកពេលវេលា ដើម្បីចំណាយពេលវេលាឲ្យបានច្រើនជាមួយគ្រួសារ និងមិត្តភក្តិ ព្រោះវាជាពេលវេលាដែលបង្ហាញពីសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងការចែកចាយជាមួយគ្នាអំពីជីវិត។
តាមពិតទៅ មិត្តភក្ដិដ៏ល្អៗរបស់យើងខ្ញុំ គឺជាអ្នកដែលហ៊ានកែតម្រង់យើងខ្ញុំ នៅពេលដែលយើងខ្ញុំតាមស្រឡាញ់នរណាម្នាក់។ យើងខ្ញុំមានមិត្តភក្តិជាច្រើន ប៉ុន្តែមិត្តភក្តិដែលយើងខ្ញុំគោរព ហើយឲ្យតម្លៃខ្ពស់បំផុត គឺសុទ្ធតែជាអស់អ្នកដែលហ៊ានសួរនាំយើងខ្ញុំចំៗ ហ៊ានសួរសំណួរពិបាកៗ ហើយក៏ហ៊ានផ្ដល់យោបល់ដែលយើងខ្ញុំមិនចង់ឮដែរ ប៉ុន្តែយោបល់របស់ពួកគេមានពេញដោយប្រាជ្ញា។
ពួកគេជាអ្នកដែលបានប្រាប់យើងខ្ញុំ នៅពេលដែលពួកគេឃើញថា យើងខ្ញុំបានចំណាយពេលវេលាច្រើនពេកជាមួយមិត្តស្រី និងនៅពេលដែលយើងខ្ញុំបានចាប់ផ្ដើមបោះបង់ចោលចំណុចសំខាន់ផ្សេងៗទៀតនៅក្នុងជីវិត។ ពួកគេតែងតែប្រាប់យើងខ្ញុំ នៅពេលដែលពួកគេឃើញថា ទំនាក់ទំនងស្នេហារបស់យើងខ្ញុំមិនសូវត្រឹមត្រូវ។ ពួកគេដឹងពីរឿង និងចំណុចដែលយើងខ្ញុំធ្លាប់បានធ្លាក់ក្នុងអំពើបាបខាងផ្លូវភេទ ហើយពួកគេក៏មិនភ័យខ្លាចក្នុងការសួរនាំ ដើម្បីនឹងការពារយើងខ្ញុំដែរ។ ពួកគេតែងតែចង្អុលបង្ហាញ ណែនាំឲ្យយើងខ្ញុំទៅរកព្រះយេស៊ូវជានិច្ច ទោះបើពួកគេដឹងថា ការធ្វើបែបនោះអាចនឹងធ្វើឲ្យយើងខ្ញុំខឹងក៏ដោយ។ ពួកគេក៏តែងតែរំឭកយើងខ្ញុំ មិនឲ្យដាក់សេចក្ដីសង្ឃឹមទៅលើទំនាក់ទំនងណាមួយ ហើយក៏រំឭកយើងខ្ញុំឲ្យចេះអត់ធ្មត់ បរិសុទ្ធ ហើយឲ្យមានទំនាក់ទំនងល្អ និងចេះដឹកនាំបានល្អដែរ។
មិត្តភក្ដិទាំងនោះមិនអាចការពារយើងខ្ញុំឲ្យរួចផុតពីការធ្វើខុសទាំងឡាយ និងគ្រប់ទាំងភាពបរាជ័យរបស់យើងខ្ញុំឡើយ ប៉ុន្តែពួកគាត់មានចំណែកយ៉ាងធំនៅក្នុងការជួយឲ្យយើងខ្ញុំមានភាពពេញវ័យ ក្នុងការធ្វើជាមនុស្សប្រុស ជាមិត្តប្រុស និងធ្វើជាឪពុក នាពេលអនាគតខាងមុខ។ ហើយយើងខ្ញុំស្ដាយណាស់ដែលយើងខ្ញុំមិនបានស្ដាប់ការណែនាំរបស់ពួកគាត់ទាក់ទងនឹងការចែចង់គ្នាឲ្យបានច្រើន។
ការកែតម្រង់ និងការលើកទឹកចិត្តគ្នាដោយអំណរ
បញ្ញត្តិមាសរបស់យើងខ្ញុំទាក់ទងនឹងការចែចង់គ្នា គឺជាបញ្ញត្តិដ៏កក់ក្ដៅ ហើយគួរឲ្យចង់ត្រាប់តាម ប៉ុន្តែមិនសូវមានអ្នកណាចូលចិត្តឡើយ ព្រោះយើងខ្ញុំអញ្ជើញពួកគាត់ឲ្យមានការកែតម្រង់គ្នាទៅវិញទៅមក ឲ្យចេះយកអាសាគ្នាគ្រប់ពេលវេលា ក្នុងការសង្វាតឲ្យបានជីវិតខាងអាពាហ៍ពិពាហ៍ (កាឡាទី ៦:២)។ ពាក្យ «កែតម្រង់គ្នាទៅវិញទៅមក» ប្រហែលជាលែងមានន័យចំពោះលោកអ្នក ឬក៏លោកអ្នកបានបោះបង់វាចោលរួចទៅហើយ ប៉ុន្តែយើងខ្ញុំចង់រំឭកលោកអ្នកថា ការកែតម្រង់គ្នាទៅវិញទៅមក គឺជាការដែលយើងបើកចំហជីវិតរបស់យើងចំពោះគ្នានឹងគ្នាយ៉ាងជ្រាលជ្រៅ ហើយក៏ជាការដែលអ្នកដទៃស្គាល់យើងយ៉ាងច្បាស់ដែរ គឺអ្នកដែលស្រឡាញ់លោកអ្នក ហ៊ានទប់ស្កាត់លោកអ្នកក្នុងការធ្វើខុស ឬក៏ការប្រឡូកខ្លួនទៅក្នុងអំពើបាប។
មានតែអ្នកដែលស្រឡាញ់ព្រះគ្រីស្ទលើសជាងការដែលពួកគាត់ស្រឡាញ់លោកអ្នកប៉ុណ្ណោះ ដែលនឹងមានទឹកចិត្តប្រាប់លោកអ្នកថា ការចែចង់គ្នារបស់លោកអ្នកខុស ហើយមនុស្សដែលលោកអ្នកកំពុងស្រឡាញ់នោះគឺខុស ឬពេលវេលាដែលលោកអ្នកស្រឡាញ់គ្នាក៏ខុសដែរ ឬក៏ពួកគេហ៊ានប្រាប់ពីចំណុចផ្សេងៗទៀតដែលលោកអ្នកកំពុងធ្វើខុសដែរ។ មានតែពួកគេទេដែលហ៊ាននិយាយជាមួយលោកអ្នកចំៗ ទោះបើពេលនោះលោកអ្នកកំពុងងប់ងុលក្នុងការស្រឡាញ់ក៏ដោយ។ មនុស្សជាច្រើននឹងបណ្ដោយលោកអ្នក ព្រោះពួកគេមានអារម្មណ៍រំភើបជាមួយលោកអ្នក ប៉ុន្តែតាមពិតទៅ ឥឡូវនេះលោកអ្នកត្រូវការអ្វីៗដែលលើសពីអារម្មណ៍រំភើប ដ្បិតលោកអ្នកមានអារម្មណ៍រំភើបបែបនោះច្រើនរួចទៅហើយ។ ធាតុពិត អ្វីដែលលោកអ្នកត្រូវការជាចាំបាច់នោះគឺ សេចក្ដីពិត ប្រាជ្ញា ការកែតម្រង់ និងការចេះគិតគូរក្នុងផ្លូវត្រឹមត្រូវ។
ព្រះគម្ពីរបានរំឭកដាស់តឿនយើងឲ្យរកប្រឹក្សាពីគ្រួសារខាងឯវិញ្ញាណរបស់យើងមកជួយនូវរាល់សេចក្ដីប៉ងប្រាថ្នា តម្រូវការ និងការសម្រេចចិត្តរបស់យើង ព្រោះពួកគាត់ជាអ្នកដែលស្រឡាញ់យើងពិតប្រាកដ ក៏ដូចជាជួយយើងក្នុងការដើរតាមព្រះយេស៊ូវ។ គ្រួសារខាងឯវិញ្ញាណនេះ គឺជាគ្រួសារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់យើងម្នាក់ៗនៅក្នុងក្រុមជំនុំតាមតំបន់របស់យើង (ហេព្រើរ ១០:២៤-២៥)។
ព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នកមានជំនឿ មានអំណោយទាន និងមានបទពិសោធន៍ ដើម្បីជាប្រយោជន៍ដល់អស់អ្នកដែលជឿព្រះយេស៊ូវ។ ដើម្បីឲ្យលោកអ្នកលើកទឹកចិត្តពួកគេ «យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្ដាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់» (១ថែស្សាឡូនីច ៥:១៤)។ ដើម្បីព្រមាន និងកែតម្រង់ពួកគេ «ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀនហើយទូន្មានគ្នា…» (កូឡូស ៣:១៦)។ ហើយដើម្បីស្ដារគ្នាឡើងវិញ «ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ» (១ថែស្សាឡូនីច ៥:១១)។
ទោះបើលោកអ្នកគិតថា ពេលវេលាដែលពួកគាត់មកកែតម្រង់លោកអ្នកមិនត្រឹមត្រូវ មិនចាំបាច់ ហើយទំនងជាមិនធ្វើឲ្យលោកអ្នកសប្បាយចិត្តក៏ដោយ ក៏ពេលខ្លះព្រះជាម្ចាស់នៅតែចាត់បុរស និងស្ត្រីដែលស្រឡាញ់ព្រះគ្រីស្ទ ហើយមានអំណោយទាន មានបទពិសោធន៍ឲ្យចូលមកក្នុងជីវិតរបស់លោកអ្នក ដើម្បីជាប្រយោជន៍ដល់លោកអ្នក ក៏ដូចជាប្រយោជន៍ដល់មិត្តប្រុស ឬមិត្តស្រីរបស់លោកអ្នកផងដែរ (បើព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះគាត់នឹងក្លាយជាដៃគូជីវិតរបស់លោកអ្នកហើយ)។ ព្រះជាម្ចាស់ជ្រាបនូវរាល់ចំណុចដែលមានប្រយោជន៍បំផុតសម្រាប់ជីវិតរបស់លោកអ្នក ហេតុដូច្នេះហើយបានជាទ្រង់ប្រទានឲ្យមិត្តភក្តិ និងសមាជិកគ្រួសាររបស់យើងទាំងនោះមានចំណែកនៅក្នុងជីវិតរបស់យើង។
យើងទាំងអស់គ្នាសុទ្ធតែត្រូវការមិត្តភក្តិដែលហ៊ានលើកទឹកចិត្តយើងម្ដងហើយម្ដងទៀតដោយសេចក្ដីសង្ឃឹម ខណៈពេលដែលយើងកំពុងលង់ក្នុងអន្លង់ស្នេហ៍។ លោកអ្នកត្រូវតែពឹងផ្អែកលើគ្រីស្ទបរិស័ទដែលស្គាល់លោកអ្នកច្បាស់ ស្រឡាញ់លោកអ្នកខ្លាំង ហើយក៏ជាអ្នកដែលហ៊ានប្រាប់លោកអ្នក នៅពេលដែលលោកអ្នកធ្វើខុសអ្វីមួយនោះដែរ។
មតិយោបល់
Loading…