in

ការ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ

Should Christians look to receive the Holy Spirit after their conversion?

តើ​គ្រីស្ទ​បរិស័ទ​គួរ​ព្យាយាម​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បន្ទាប់​ពី​គាត់​ទទួល​ជឿ​ម្ដង​ទៀត?

នេះ​ជា​សំណួរ​មួយ​ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​មាន​ចម្លើយ​ផ្សេងៗ​គ្នា។ ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១២:១៣ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​ដែល​យើង «បាន​ទទួល​បុណ្យ​ជ្រមុជ…តែ​មួយ…ដោយសារ​ព្រះ​វិញ្ញាណ»។ មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន (ដូច​ជា​អ្នក​ផ្ដោត​ខ្លាំង​លើ​បុណ្យ​ថ្ងៃ​ទី​៥០​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ជំពូក២) ជឿ​ថា យើង​គួរ​តែ​ព្យាយាម​ទទួល​បទពិសោធន៍​ជា​លើក​ទី​ពីរ​ទាក់ទង​នឹង​ការ​ដែល «បាន​ទទួល​បុណ្យ​ជ្រមុជ…ដោយសារ​ព្រះ​វិញ្ញាណ» បន្ទាប់​ពី​ពួក​គាត់​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ហើយ។ ហើយ​ក៏​មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ទៀត​លើក​ឡើង​ពី​ពេលវេលា​ក្នុង​ជីវិត​ពួក​គាត់ ដែល​ពួក​គាត់​សម្គាល់​ឃើញ​ពី​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គាត់​ជា​ថ្មី។

ហើយ​ក៏​នៅ​មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ទៀត​ជឿ​ថា ការ «បាន​ទទួល​បុណ្យ​ជ្រមុជ…ដោយសារ​ព្រះ​វិញ្ញាណ» គឺ​គ្រាន់​តែ​ជា​ការ​ពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ត្រង់​ថា ជា​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បំផ្លាស់​បំប្រែ​ជីវិត​របស់​យើង។ ការ​បំផ្លាស់​បំប្រែ​នោះ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ។ បើ​យោង​តាម​អត្ថន័យ​នោះ នេះ​មាន​ន័យ​ថា គ្រីស្ទ​បរិស័ទ​គ្រប់​រូប​សុទ្ធតែ​ទទួល​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ។

ចំណុច​ដ៏​ច្បាស់​លាស់​មួយ​គឺ៖ យើង​មិន​អាច​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​បាន​ឡើយ បើ​យើង​មិន​មាន​ព្រះ​វត្តមាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ នេះ​មិន​មែន​ជា​ការ​ផ្ចាញ់​ផ្ចាល​លើ​បទពិសោធន៍​របស់​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ថា ការ​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ​វិញ្ញាណ​ជា​លើក​ទី​ពីរ​មិន​មែន​ជា​ទម្លាប់​មួយ​ដែល​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​ត្រូវ​ទទួល​បាន​នោះ​ទេ។

មិន​ថា​លោក​អ្នក​ជឿ​យ៉ាង​ណា​នោះ​ទេ យើង​ទាំង​អស់​គ្នា​នៅ​អាច​បន្ត​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ការ​ក្នុង​ជីវិត​របស់​យើង។ ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បំផ្លាស់​បំប្រែ​ជីវិត​យើង​អាច​កើត​ឡើង​ក្នុង​ការ​ដក​ពិសោធន៍​ភ្លាមៗ ឬ​ក៏​តាម​រយៈ​ការ​លូត​លាស់​បន្តិច​ម្ដងៗ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Tim Chester និង​លោក​គ្រូ Christopher de la Hoyde
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​និងលោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី Who on Earth is the Holy Spirit? ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ផ្លែក​ទាំង​មូល

កត្តា​ជំរុញ​ចិត្ត​