នៅពេលដែលលោកអ្នកឮពាក្យថា «ការដឹកនាំរបស់ក្រុមជំនុំ» តើលោកអ្នកគិតយ៉ាងដូចម្ដេចដែរ? ចុះការប្រជុំរបស់សមាជិក? បន្ទប់ប្រជុំរបស់គ្រូគង្វាល? ការគិតអំពីការចំណាយថវិកា ឬក៏ការជ្រើសរើសពណ៌មកលាបលើជញ្ជាំង? ភាគច្រើនគឺសុទ្ធតែមានចម្ងល់ចេញពីការទាំងអស់នេះ។
ប៉ុន្តែ ការដឹកនាំក្រុមជំនុំ គឺគួរតែមានលក្ខណៈលើសពីនេះ ហើយតាមពិតទៅ វាគួរតែទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ក្រុមជំនុំ ព្រោះបុគ្គលគ្រប់ៗរូបក៏មានតួនាទីក្នុងការធ្វើផងដែរ។
ឱ! សមាជិកក្រុមជំនុំអើយ! តើលោកអ្នកដឹងទេថា ព្រះយេស៊ូវបានប្រទានការងារមួយដល់លោកអ្នកដែរឬទេ? គ្រូគង្វាលមានតួនាទីយ៉ាងណា នោះលោកអ្នកដែលជាសមាជិកក៏មានតួនាទីយ៉ាងនោះដែរ ហើយព្រះយេស៊ូវបានអនុញ្ញាតឲ្យមានគ្រូគង្វាល គឺដើម្បីបង្រៀនលោកអ្នកឲ្យចេះបំពេញតួនាទីរបស់ខ្លួន។
ដូច្នេះ ប្រសិនបើគម្រោងការនៃការបង្កើតសិស្សរបស់ព្រះយេស៊ូវ គឺដើម្បីឲ្យសមាជិកម្នាក់ៗមានតួនាទី តើយើងមានទំនួលខុសត្រូវអ្វីខ្លះនៅក្នុងតួនាទីនោះ? ខ្ញុំមើលឃើញថា យ៉ាងតិចមានទំនួលខុសត្រូវប្រាំពីរយ៉ាង ដែលយើងអាចលើកឡើងបាន។
១. ចូលរួមនៅព្រះវិហារឲ្យបានជាប់លាប់
ក្នុងនាមជាបុគ្គលម្នាក់ដែលបានទទួលពិធីជ្រមុជទឹកទុកជាអំណះអំណាងថា ខ្លួនជាគ្រីស្ទបរិស័ទ ហើយក៏ជាសមាជិកម្នាក់ផងនោះ តួនាទីរបស់លោកអ្នក គឺត្រូវទៅចូលរួមនៅព្រះវិហារឲ្យបានជាប់លាប់ ព្រោះព្រះគម្ពីរបានលើកឡើងអំពីមូលដ្ឋាននៃទំនួលខុសត្រូវនេះយ៉ាងច្បាស់។ ដូច្នេះ លោកអ្នកអាចស្រឡាញ់ អាចធ្វើការល្អ និងលើកទឹកចិត្តអ្នកដទៃបាន។
«ហើយចូរឲ្យយើងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីជួយលើកទឹកចិត្ដឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តិល្អ។ កុំឲ្យយើងបោះបង់ចោលការជួបជុំគ្នាដូចជាអ្នកខ្លះមានទម្លាប់នោះឡើយ ផ្ទុយទៅវិញ ចូរឲ្យយើងលើកទឹកចិត្តគ្នាកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថាថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ» (ហេព្រើរ ១០:២៤-២៥ គគខ)។
នៅក្នុង ខ២៦-២៧ នៃកណ្ឌគម្ពីរខាងលើនេះ អ្នកនិពន្ធក៏បានព្រមានអំពីការថ្កោលទោសចុងក្រោយផងដែរ ប្រសិនបើលោកអ្នកមិនស្ដាប់។ យើងមានទំនួលខុសត្រូវខ្ពស់ណាស់។ បើនិយាយឲ្យខ្លីទៅ ប្រសិនបើលោកអ្នកមិនចូលរួមក្នុងក្រុមជំនុំ នោះលោកអ្នកមិនអាចបំពេញទំនួលខុសត្រូវប្រាំមួយយ៉ាងផ្សេងទៀតបានឡើយ។ ការចូលរួមក្នុងក្រុមជំនុំ អនុញ្ញាតឲ្យលោកអ្នកអាចបំពេញចំណុចទាំងនោះបាន។
២. ជួយការពារដំណឹងល្អ
ក្នុងនាមជាបុគ្គលម្នាក់ដែលបានទទួលពិធីជ្រមុជទឹកទុកជាអំណះអំណាងថា ខ្លួនជាគ្រីស្ទបរិស័ទ ហើយក៏ជាសមាជិកម្នាក់ផងនោះ លោកអ្នកមានតួនាទីការពារ ក៏ដូចជាថែរក្សាដំណឹងល្អ និងព័ន្ធកិច្ចនៃដំណឹងល្អក្នុងក្រុមជំនុំផងដែរ។
ចូរគិតអំពីការភ្ញាក់ផ្អើលរបស់សាវ័ក ប៉ុល នៅក្នុងកណ្ឌគម្ពីរ កាឡាទី ១:៦ «ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបែរចេញយ៉ាងឆាប់រហ័ស…ហើយទៅឯដំណឹងល្អផ្សេងទៀត» (គគខ)។ នៅក្នុងខព្រះគម្ពីរនេះ គាត់មិនគ្រាន់តែនិយាយទៅកាន់គ្រូគង្វាលប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏និយាយទៅកាន់សមាជិកក្រុមជំនុំផងដែរ ហើយគាត់ក៏បានប្រាប់ពួកគេឲ្យបដិសេធចំពោះសាវ័ក ឬក៏ទេវតាណាដែលមកបង្រៀនដំណឹងល្អខុសឆ្គង។
ឱ! គ្រីស្ទបរិស័ទគ្រប់រូបអើយ! នេះមានន័យថា លោកអ្នកមានទំនួលខុសត្រូវក្នុងការរៀនសូត្រឲ្យយល់ពីដំណឹងល្អ។ តើលោកអ្នកអាចពន្យល់ដំណឹងល្អក្នុងរយៈពេលត្រឹមតែ៦០វិនាទីបានដែរឬទេ? តើលោកអ្នកអាចនឹងពន្យល់អំពីទំនាក់ទំនងរវាងជំនឿ និងការប្រព្រឹត្តិបានដែរឬទេ? តើគ្រីស្ទបរិស័ទអាចរស់នៅក្នុងលក្ខណៈដែលមិនទាន់បានបំផ្លាស់បំប្រែចេញពីអំពើបាបរបស់ខ្លួនបានដែរឬទេ? ហេតុអ្វី? ហេតុអ្វីបានជាគ្រីស្ទបរិស័ទ ចាំបាច់ត្រូវអះអាងអំពីគោលជំនឿនៃព្រះត្រៃឯក? តើការធ្វើល្អ ការប្រកបគ្នា និងការរាក់ទាក់ អាចនឹងលើកតម្កើងព័ន្ធកិច្ចនៃដំណឹងល្អយ៉ាងដូចម្ដេច? តើហេតុអ្វីបានក្រុមជំនុំមិនគួរអនុញ្ញាតឲ្យគោលការណ៍នៃគណបក្សណាមួយ មកប៉ះពាល់ដល់អត្តសញ្ញាណ និងព័ន្ធកិច្ចរបស់ខ្លួន?
ឱ! គ្រីស្ទបរិស័ទគ្រប់រូបអើយ! នេះហើយជាសំណួរមួយចំនួនដែលលោកអ្នកត្រូវឆ្លើយ ដើម្បីការពារដំណឹងល្អ។ ចូរកុំច្រឡំថា ខ្ញុំចង់ឲ្យលោកអ្នកទៅរកចម្លើយ ដោយមិនពឹងលើគ្រូគង្វាលរបស់លោកអ្នកឡើយ។ ពួកគាត់គួរតែមានចំណែកនៅក្នុងការបង្រៀនអំពីចម្លើយចំពោះសំណួរនេះ។ ប្រសិនបើពួកគាត់មិនបង្រៀនចម្លើយទាំងនោះទេ នោះប្រហែលជាមានន័យថា ព្រះវិហាររបស់លោកអ្នកមិនសូវល្អទេ។
ចូរស្គាល់ដំណឹងល្អ ហើយដឹងថា ដំណឹងល្អទាមទារអ្វីខ្លះនៅក្នុងក្រុមជំនុំ និងនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទ។
៣. ជួយគាំទ្រដល់អ្នកជឿដំណឹងល្អ
ក្នុងនាមជាបុគ្គលម្នាក់ដែលបានទទួលពិធីជ្រមុជទឹកទុកជាអំណះអំណាងថា ខ្លួនជាគ្រីស្ទបរិស័ទ ហើយក៏ជាសមាជិកម្នាក់ផងនោះ លោកអ្នកមានតួនាទីការពារដំណឹងល្អ និងព័ន្ធកិច្ចនៃដំណឹងល្អ តាមរយៈការដែលលោកអ្នកគាំទ្រថា បុគ្គលម្នាក់ជាអ្នកជឿ ឬមិនជឿលើដំណឹងល្អ។
នៅក្នុងការដាក់វិន័យក្រុមជំនុំ សាវ័ក ប៉ុល មិនមែននិយាយទៅកាន់តែគ្រូគង្វាលនៅក្នុងក្រុងកូរិនថូសប៉ុណ្ណោះទេ ប៉ុន្តែគាត់បាននិយាយទៅកាន់ក្រុមជំនុំកូរិនថូសទាំងមូលតែម្ដង (១កូរិនថូស ៥:១-១៣; ២កូរិនថូស ២:៦-៨)។ ឱ! គ្រីស្ទបរិស័ទគ្រប់រូបអើយ! លោកអ្នកក៏ដូចគ្នាដែរ! លោកអ្នកក៏មានទំនួលខុសត្រូវក្នុងការកាត់កាល ឬមិនកាត់កាលសមាជិកណាមួយចោលដែរ ព្រោះព្រះយេស៊ូវបានប្រទានអំណាចនោះដល់លោកអ្នក។ ប្រសិនបើលោកអ្នកមិនអើពើចំពោះការនេះទេ មានន័យថា លោកអ្នកកំពុងតែបង្កើតឲ្យមានការពេញចិត្តចំពោះភាពធម្មតា ហើយមិនយូរមិនឆាប់វានឹងបង្កើតឲ្យមានទេវវិទ្យាដែលមិនពឹងលើព្រះគម្ពីរ។
ប្រាកដណាស់! តួនាទីនេះ គឺធំជាងការដែលគ្រាន់តែមកប្រជុំ ឬក៏បោះឆ្នោតឲ្យសមាជិកថ្មី។ ចំណុចនេះមានន័យថា លោកអ្នកព្យាយាមស្គាល់អ្នកដទៃ និងឲ្យអ្នកដទៃស្គាល់លោកអ្នកពេញមួយសប្ដាហ៍តែម្ដង។ លោកអ្នកមិនអាចគាំទ្រ ឬក៏មើលការខុសត្រូវដោយសេចក្ដីទៀងត្រង់ចំពោះអ្នកដែលលោកអ្នកមិនស្គាល់បានឡើយ។ ប៉ុន្តែ នេះមិនមែនមានន័យថា លោកអ្នកមានទំនួលខុសត្រូវក្នុងការស្គាល់គ្រប់សមាជិកទាំងអស់ក្នុងក្រុមជំនុំរបស់លោកអ្នកឡើយ។ លោកអ្នកត្រូវតែសហការជាមួយគ្នា ដើម្បីឲ្យបានស្គាល់គ្នាទៅវិញទៅមក។ ប៉ុន្តែ ចូររកវិធីសាស្ត្រអញ្ជើញសមាជិកនៅក្នុងក្រុមជំនុំរបស់លោកអ្នកឲ្យមានចំណែកនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក។ សាវ័ក ប៉ុល បានផ្ដល់វិធីសាស្ត្រមួយចំនួន៖
«ចូរស្រឡាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្តិយស ចូរឧស្សាហ៍ កុំខ្ជិលឡើយ ចូរបម្រើព្រះអម្ចាស់ដោយវិញ្ញាណឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន ចូរផ្គត់ផ្គង់ពួកបរិសុទ្ធដែលមានសេចក្ដីត្រូវការ ហើយត្រូវចេះទទួលភ្ញៀវដោយរាក់ទាក់ផង» (រ៉ូម ១២:១០-១៣ គគខ)។
តើលោកអ្នកបានធ្វើអ្វីខ្លះដែលមានចែងនៅក្នុងខព្រះគម្ពីរនេះ?
៤. ចូលរួមការប្រជុំរបស់សមាជិក
តើលោកអ្នកអាចការពារដំណឹងល្អ ហើយគាំទ្រអ្នកជឿផ្សេងទៀតបានយ៉ាងដូចម្ដេច? គឺលោកអ្នកអាចធ្វើការនេះបានតាមរយៈការចូលរួមក្នុងការប្រជុំសមាជិក។
ក្រុមជំនុំនីមួយៗមានការសម្រេចចិត្តខុសៗគ្នា ហើយការនោះគឺជារឿងធម្មតាទេ។មិនថាក្រុមជំនុំអ្នកធ្វើការសម្រេចចិត្តបែបណាក៏ដោយអំពីគោលជំនឿនៃដំណឹងល្អ និងអ្នកជឿដំណឹងល្អ គឺលោកអ្នកគួរតែមានវត្តមាននៅទីនោះដែរ។
លោកអ្នកមិនអាចធ្វើការរបស់លោកអ្នកបានឡើយ ប្រសិនបើលោកអ្នកមិនទៅកន្លែងធ្វើការរបស់លោកអ្នក។
ពិតណាស់ ការប្រជុំរបស់សមាជិកតែងតែមានប្រវត្តិមិនសូវល្អ ហើយខ្ញុំយល់ពីអារម្មណ៍មួយនោះ។ ការប្រជុំតែងតែមានការឈ្លោះប្រកែកគ្នាឥតប្រយោជន៍ ប៉ុន្តែ ចូរកុំបោះបង់អាពាហ៍ពិពាហ៍ដែលមានការលំបាកឡើយ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំមានចំណែកនៅក្នុងការប្រជុំរបស់សមាជិកនៃក្រុមជំនុំមួយចំនួនដែលការប្រជុំនោះ ធ្វើឲ្យខ្ញុំកក់ក្ដៅ ទទួលបានការលើកទឹកចិត្ត ពោលគឺដូចជាការដែលគ្រួសារជួបជុំគ្នាដែរ។ ការប្រជុំបែបនោះ គឺពឹងទៅលើអ្នកដឹកនាំការប្រជុំ និងរបៀបដែលគេគ្រោងប្រជុំ ហើយក៏ពឹងទៅលើលោកអ្នកផងដែរ។
៥. ដាក់វិន័យលើសមាជិកក្រុមជំនុំ
ក្នុងនាមជាបុគ្គលម្នាក់ដែលបានទទួលពិធីជ្រមុជទឹកទុកជាអំណះអំណាងថា ខ្លួនជាគ្រីស្ទបរិស័ទ ហើយក៏ជាសមាជិកម្នាក់ផងនោះ លោកអ្នកមានតួនាទីការពារដំណឹងល្អ និងព័ន្ធកិច្ចនៃដំណឹងល្អ តាមរយៈការដែលលោកអ្នកលើកសមាជិកក្រុមជំនុំឡើង។
ចូរចងចាំកណ្ឌគម្ពីរ អេភេសូរ ៤:១៥-១៦។ ក្រុមជំនុំស្ដារគ្នាឡើងក្នុងក្ដីស្រឡាញ់នៅពេលដែលបុគ្គលម្នាក់ៗបំពេញចំណែករៀងៗខ្លួន។ លោកអ្នកមានតួនាទីក្នុងការស្ដារក្រុមជំនុំឡើងវិញ ហើយចំណែកមួយនៃការស្ដារឡើងវិញនោះ គឺព័ន្ធកិច្ចនៃព្រះបន្ទូល។ ប៉ុន្មានខក្រោយមកទៀត សាវ័ក ប៉ុល បានសរសេរថា «កុំឲ្យមានពាក្យអាក្រក់ណាចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយពាក្យល្អៗសម្រាប់ការស្អាងចិត្ដតាមដែលត្រូវការ ដើម្បីផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់» (អេភេសូរ ៤:២៩ គគខ)។ ចូរញែកពេលវេលាសម្រាប់ឲ្យគេមកនិយាយជាមួយលោកអ្នក។ តើលោកអ្នកមានចិត្តចង់ស្ដាប់គេដែរឬទេ?
មូលដ្ឋានគ្រឹះនៃជំនឿគ្រីស្ទបរិស័ទ គឺការស្ដារអ្នកជឿដទៃទៀតឡើង។ នេះជាចំណែកនៃការបំពេញមហាបេសកកម្ម និងការបង្កើតសិស្ស។
៦. ផ្សាយដំណឹងល្អដល់អ្នកដទៃ
ប្រសិនបើតាមរយៈការរួបរួមជាមួយនឹងលោក អ័ដាមទីពីរ ព្រះជាម្ចាស់បានតាំងលោកអ្នកឲ្យធ្វើជាសង្ឃហ្លួង នោះមានន័យថា ជីវិតទាំងមូលរបស់លោកអ្នក គួរតែបង្ហាញពីដំណឹងល្អ ទាំងសម្ដី និងទង្វើរបស់លោកអ្នក។ លោកអ្នកជាទូតរបស់ព្រះជាម្ចាស់។ យើងគួរតែលើកយកការលើកទឹកចិត្ត និងគំរូរបស់សាវ័ក ប៉ុល មកពិនិត្យមើលឡើងវិញ៖
«ព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះដល់យើង ហេតុនេះយើងជាទូតរបស់ព្រះគ្រីស្ទហាក់ដូចជាព្រះជាម្ចាស់កំពុងដាស់តឿនតាមរយៈយើង ដូច្នេះ យើងតំណាងឲ្យព្រះគ្រីស្ទ សូមអង្វរថា ចូរផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ» (២កូរិនថូស ៥:១៩ក-២០ គគខ)។
គ្រីស្ទបរិស័ទគ្រប់រូបសុទ្ធតែបានទទួលការផ្សះផ្សា ហើយនេះមានន័យថា ពួកគេក៏បានឮដំណឹងអំពីការផ្សះផ្សាដែរ។ ហេតុដូច្នេះហើយបានជាយើងទទូចសូម ហើយអធិស្ឋានសូមឲ្យព្រះអង្គផ្សះផ្សាជាមួយអ្នកមានបាបដទៃទៀត។
នេះគឺជាតួនាទីរបស់លោកអ្នក ហើយបទបញ្ជា «ចូរទៅបង្កើតសិស្ស» ក៏ជាតួនាទីរបស់លោកអ្នកផងដែរ (ម៉ាថាយ ២៨:១៩ គគខ)។
៧. ដើរតាមអ្នកដឹកនាំរបស់លោកអ្នក
គ្រូគង្វាល និងអ្នកដឹកនាំមានតួនាទីបង្រៀនដល់ពួកបរិសុទ្ធ (សមាជិកក្រុមជំនុំ) ឲ្យចេះបំពេញព័ន្ធកិច្ច គឺបំពេញចំណុចទាំងប្រាំមួយខាងលើនេះ (អេភេសូរ ៤:១២)។ ប្រសិនបើគ្រូគង្វាលមិនបង្រៀនអំពីដំណឹងល្អ អំពីការវែកញែកដំណឹងល្អ និងអំពីទំនួលខុសត្រូវរបស់សមាជិកចំពោះគ្នាទៅវិញទៅមកទេនោះ មានន័យថា គ្រូគង្វាលកំពុងតែបង្រៀនមិនល្អអំពីតួនាទីដែលព្រះយេស៊ូវបានប្រទានដល់ពួកគេ។
ឱ! គ្រីស្ទបរិស័ទគ្រប់រូបអើយ! នេះមានន័យថា លោកអ្នកមានទំនួលខុសត្រូវក្នុងការធ្វើតាមអ្វីដែលគ្រូគង្វាលរបស់លោកអ្នកបង្រៀន និងណែនាំដល់លោកអ្នក។ ចូររក្សាទុករាល់សេចក្តីបង្រៀនដ៏ត្រឹមត្រូវ ដែលលោកអ្នកបានរៀនសូត្រពីពួកគេ (២ធីម៉ូថេ ១:១៣)។ ចូរស្ដាប់តាមការបង្រៀន ហើយត្រាប់តាមទង្វើរបស់ពួកគេ ទាំងគោលបំណង ជំនឿ សេចក្ដីស្រឡាញ់ ការទ្រទ្រាំ និងការដែលអ្នកដទៃបៀតបៀន ហើយធ្វើបាបពួកគេផង។ (២ធីម៉ូថេ ៣:១០-១១)។
ចូរធ្វើជាបុត្រាបុត្រីដែលមានប្រាជ្ញាដូចក្នុងកណ្ឌគម្ពីរសុភាសិត ដោយជ្រើសរើសផ្លូវនៃប្រាជ្ញា ការមានបាន និងជីវិតដែលកោតខ្លាចព្រះ ព្រមទាំងការណែនាំរបស់ទ្រង់។ ប្រាជ្ញាល្អប្រើជាងមាសប្រាក់ទៅទៀត។
អំណាចតម្រូវឲ្យមានទំនួលខុសត្រូវ
ព្រះគម្ពីរផ្ដល់អំណាចចុងក្រោយ ដូច្នេះ សមាជិកក្រុមជំនុំមានទំនួលខុសត្រូវ។ ការមានអំណាចក៏តម្រូវឲ្យមានទំនួលខុសត្រូវផងដែរ។ តាមរយៈការចូលរួមជាមួយក្រុមជំនុំ លោកអ្នកមានទំនួលខុសត្រូវចំពោះអ្វីដែលក្រុមជំនុំរបស់លោកអ្នកបង្រៀន និងការដាក់វិន័យលើសមាជិកម្នាក់នៅក្នុងក្រុមជំនុំរបស់លោកអ្នក។
• លោកអ្នកមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយ ប្រសិនបើគ្រូគង្វាលចាប់ផ្ដើមបង្រៀនដំណឹងល្អខុសឆ្គង។
• លោកអ្នកមានទំនួលខុសត្រូវក្នុងការជួយសមាជិកថ្មីឲ្យយល់អំពីដំណឹងល្អ។
• លោកអ្នកមានទំនួលខុសត្រូវក្នុងការជួយសមាជិកឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូវ ហើយលោកអ្នកក៏មានទំនួលខុសត្រូវក្នុងការថែរក្សា និងការថែបំប៉ន ដើម្បីឲ្យសមាជិកនោះកាន់តែមានសភាពដូចជារូបអង្គនៃព្រះគ្រីស្ទដែរ។
• លោកអ្នកមានទំនួលខុសត្រូវក្នុងការដេញសមាជិកចេញពីការប្រកបគ្នារបស់ក្រុមជំនុំ ប្រសិនបើគាត់មិនប្រព្រឹត្តិតាមអ្វីដែលមាត់គាត់បាននិយាយ។
តើអ្នកណាបង្រៀនលោកអ្នកអំពីអ្វីដែលត្រូវធ្វើខាងលើនេះ? គឺគ្រូគង្វាលរបស់លោកអ្នក។ ចូរដាក់បញ្ចូលនូវទំនួលខុសត្រូវរបស់លោកអ្នកជាមួយនឹងទំនួលខុសត្រូវរបស់ពួកគេ នោះលោកអ្នកនឹងទទួលបានគម្រោងការដែលព្រះយេស៊ូវមានសម្រាប់ការបង្កើតសិស្ស។
លើសពី៧៥នាទី
នៅពេលដែលមានអ្នកណាម្នាក់ចង់ធ្វើជាសមាជិកក្នុងក្រុមជំនុំរបស់ខ្ញុំ យើងតែងតែឲ្យក្រុមគ្រូគង្វាលសម្ភាសពួកគេ ហើយសុំឲ្យពួកគេចែកចាយទីបន្ទាល់របស់ខ្លួន និងពន្យល់ដំណឹងល្អដល់យើង។ ក្រោយពីយើងបានសម្ភាសពួកគេរួចហើយ ប្រសិនបើយើងចង់ប្រាប់ក្រុមជំនុំថា យើងចង់ឲ្យពួកគេក្លាយជាសមាជិកនៅក្នុងក្រុមជំនុំរបស់យើង គឺខ្ញុំតែងតែលើកឡើងថា៖
«មិត្តអើយ! តាមរយៈការចូលរួមក្នុងក្រុមជំនុំនេះ លោកអ្នកនឹងមានចំណែកទទួលខុសត្រូវជាមួយក្រុមជំនុំក្នុងការដែលយើងបន្តប្រកាសដំណឹងល្អយ៉ាងត្រឹមត្រូវ ឬក៏អត់។ នេះមានន័យថា លោកអ្នកនឹងមានចំណែកទទួលខុសត្រូវចំពោះអ្វីៗដែលក្រុមជំនុំនេះបង្រៀន ក៏ដូចជាសមាជិកនឹងបន្តរស់នៅដោយស្មោះត្រង់ ឬក៏អត់នោះដែរ។ ថ្ងៃមួយ លោកអ្នកនឹងឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយរៀបរាប់អំពីរបៀបដែលលោកអ្នកប្រើប្រាស់អំណាចនេះ។ តើលោកអ្នកហ៊ានអង្គុយចុះ ដោយមិនទាន់ឲ្យគេស្គាល់លោកអ្នក ហើយចំណាយពេល៧៥នាទី ដើម្បីស្ដាប់គេរាល់ថ្ងៃអាទិត្យដែរឬទេ? ឬតើលោកអ្នកហ៊ានចូលរួមដោយអស់ពីចិត្ត និងសិក្សាអំពីដំណឹងល្អ ដោយព្រោះនោះជារង្វាន់ដ៏ល្អបំផុត ព្រមទាំងបង្កើតទំនាក់ទំនង ក៏ដូចជាបង្កើតសិស្សដែរឬទេ? យើងត្រូវការអ្នកច្រូតថែមទៀត ហើយយើងសង្ឃឹមថា លោកអ្នកនឹងចូលរួមជាមួយយើង។
ចុះចំណែកលោកអ្នកវិញ តើលោកអ្នកយល់អំពីព័ន្ធកិច្ចនេះដែរឬទេ?
មតិយោបល់
Loading…