បងវណ្ណាមានទ្រព្យសម្បត្តិច្រើន ហើយមានភាពរីករាយជាមួយមិត្តភក្ដិ និងគ្រួសាររបស់គាត់ជាប្រចាំ។ ប៉ុន្តែ គាត់មិនបានជឿលើព្រះយេស៊ូវទេ។ រីឯប្អូនសុជាតិវិញ គឺជាអ្នកក្រ ប៉ុន្តែគាត់ជឿលើព្រះយេស៊ូវ ហើយពេលខ្លះគាត់ទទួលការបៀតបៀនទៀតផង ពីព្រោះគាត់ដើរតាមព្រះយេស៊ូវ។ តើអ្នកណាមានពរច្រើនជាង? តើអ្នកចង់ធ្វើជាអ្នកណា? ចម្លើយសម្រាប់សំណួរនេះពឹងផ្អែកទាំងស្រុងថា តើព្រះយេស៊ូវបានមានព្រះជន្មរស់ពីការសុគតវិញឬយ៉ាងណា? ប្រសិនបើព្រះយេស៊ូវមិនមានព្រះជន្មរស់ពីសុគតវិញទេ នោះបងវណ្ណាស្ថិតក្នុងលក្ខខ័ណ្ឌប្រសើរជាងប្អូនសុជាតិ។ ប្រសិនបើព្រះយេស៊ូវពិតជាមានព្រះជន្មរស់ពីសុគតឡើងវិញមែន នោះប្អូនសុជាតិស្ថិតក្នុងលក្ខខ័ណ្ឌប្រសើរជាងបងវណ្ណា ពោលគឺគាត់មានពរច្រើនជាង។ ការមានព្រះជន្មរស់ពីសុគតរបស់ព្រះយេស៊ូវបានបំផ្លាស់ប្រែគ្រប់យ៉ាងទាំងអស់ ដូច្នេះវាមានសារៈសំខាន់ក្នុងការសិក្សាអំពីអ្វី ដែលព្រះគម្ពីរបង្រៀនទាក់ទងនឹងការមានព្រះជន្មរស់ពីសុគត របស់ព្រះយេស៊ូវ។
ពេលខ្លះខ្ញុំសួរថា ប្រសិនបើព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ឡើងវិញទេ តើអ្នកនៅតែទៅក្រុមជំនុំ និងដើរតាមព្រះយេស៊ូវទៀតទេ? ប្រសិនបើយើងដើរតាមព្រះគម្ពីរនោះ ចម្លើយរបស់យើងគួរតែ «ទេ! ខ្ញុំនឹងមិនទៅក្រុមជំនុំ ឬដើរតាមព្រះយេស៊ូវឡើយ»។ សាវ័ក ប៉ុល បានសរសេរថា ប្រសិនបើព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ពីសុគតឡើងវិញទេ នោះការអធិប្បាយ និងជំនឿរបស់យើង គឺឥតអំពើហើយ (១កូរិនថូស ១៥:១៤) យើងជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ (១កូរិនថូស ១៥:១៥) យើងនៅក្នុងអំពើបាបនៅឡើយ (១កូរិនថូស ១៥:១៧) ពួកអ្នកស្លាប់ទៅហើយបាត់បង់ (១កូរិនថូស ១៥:១៨) ហើយគ្រីស្ទបរិស័ទវេទនាលើសជាងមនុស្សទាំងអស់ទៅទៀត (១កូរិនថូស ១៥:១៩)។ ប៉ុន្តែ ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញពិតមែន! ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទគឺជាសេចក្តីពិត ហើយជាមូលដ្ឋានដ៏សំខាន់ដែលគ្រីស្ទបរិស័ទជឿ។ ដូច្នេះ វាមានសារៈសំខាន់ក្នុងការយល់ដឹងអំពីការមានព្រះជន្មរស់ឡើងវិញ។
ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ
ព្រះគម្ពីរសញ្ញាថ្មីទាំងមូល ពឹងផ្អែកលើសេចក្តីពិត ហើយនេះជាសេចក្តីពិតក្នុងប្រវត្តិសាស្ត្រ។ នៅថ្ងៃបុណ្យទី៥០ សាវ័ក ពេត្រុស បានពន្យល់អំពីភាពចាំបាច់នៃការមានព្រះជន្មរស់ពីសុគតឡើងវិញ របស់ព្រះគ្រីស្ទចេញពី ទំនុកតម្កើង ១៦ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ កិច្ចការ ២:២៤–២៨)។ នៅក្នុងសេចក្តីបង្រៀនរបស់ព្រះយេស៊ូវផ្ទាល់ ព្រះអង្គបានទាយយ៉ាងច្បាស់លាស់ អំពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ (ម៉ាថាយ ២០:១៩; ម៉ាកុស ៩:៩; ១៤:២៨; លូកា ១៨:៣៣ និងយ៉ូហាន ២:១៩–២២)។
អ្នកនិពន្ធកណ្ឌដំណឹងល្អទាំងបួន បានផ្តល់ភស្តុតាងបង្ហាញថា ព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយពួកសាវកដទៃទៀត ក៏ផ្តល់ភស្តុតាងនៅក្នុងសេចក្តីបង្រៀន ជាសាធារណៈរបស់ពួកគេផងដែរ។ ការបង្ហាញអង្គទ្រង់ឲ្យគេឃើញ រហូតដល់ទៅដប់ដងរបស់ព្រះយេស៊ូវ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញមានកត់ត្រាទុកនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ការបង្ហាញអង្គទ្រង់ទាំងនោះមានដូចតទៅ៖
១) នៅចំពោះនាងម៉ារាជាអ្នកស្រុក ម៉ាក់ដាឡា នៅឯផ្នូរម្នាក់ឯង (យ៉ូហាន ២០:១១–១៨; ម៉ាកុស ១៦:៩–១១)។
២) នៅចំពោះពួកស្ត្រី «ម៉ារា ម្នាក់ទៀត» និងអ្នកដទៃទៀត នៅពេលពួកគេវិលត្រឡប់មកពីផ្នូរវិញ (ម៉ាថាយ ២៨:១–១០)។
៣) នៅចំពោះសាវ័ក ស៊ីម៉ូន–ពេត្រុស តែម្នាក់ឯង នៅថ្ងៃដែលទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ លូកា ២៤:៣៤ និង១កូរិនថូស ១៥:៥)។
៤) នៅចំពោះពួកសិស្សពីរនាក់នៅតាមផ្លូវទៅភូមិ អេម៉ោស នៅថ្ងៃដែលទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ (លូកា ២៤:១៣–៣៥)។
៥) នៅចំពោះពួកសិស្សទាំងដប់នាក់ (ដែលសាវ័ក ថូម៉ាស់ អវត្តមាន) និងអ្នកដទៃទៀត «នៅជាមួយពួកគេ» នៅក្រុងយេរូសាឡិម ក្នុងល្ងាចថ្ងៃមានព្រះជន្មរស់ពីសុគតឡើងវិញ (យ៉ូហាន ២០:១៩–២៤)។
៦) នៅចំពោះពួកសិស្សម្តងទៀត (ដែលសាវ័ក ថូម៉ាស់ មានវត្តមាន) នៅក្រុងយេរូសាឡិម (ម៉ាកុស ១៦:១៤–១៨; លូកា ២៤:៣៣–៤០; យ៉ូហាន ២០:២៦–២៨ សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៥:៥)។
៧) នៅចំពោះពួកសិស្សនៅពេលកំពុងនេសាទនៅសមុទ្រកាលីឡេ (យ៉ូហាន ២១:១–២៣)។
៨) នៅចំពោះពួកសិស្សទាំងដប់មួយនាក់ ហើយនិងបណ្ដាជនជាងប្រាំរយនាក់ផ្សេងទៀតនៅស្រុកកាលីឡេ (១កូរិនថូស ១៥:៦; ប្រៀបធៀបជាមួយនឹង ម៉ាថាយ ២៨:១៦–២០)។
៩) នៅចំពោះលោក យ៉ាកុប ប៉ុន្តែព្រះគម្ពីរមិនបង្រៀនថា នៅក្នុងស្ថានភាពណានោះទេ (១កូរិនថូស ១៥:៧)។
១០) នៅចំពោះពួកសាវ័កភ្លាមៗមុនការលើកឡើងទៅស្ថានសួគ៌។ ពួកគាត់រួមដំណើរទ្រង់ពីក្រុងយេរូសាឡឹមទៅដល់ភ្នំអូលីវ ហើយនៅទីនោះពួកគាត់បានមើលឃើញទ្រង់ត្រូវបានលើកឡើងទៅឯស្ថានសួគ៌ «រហូតទាល់តែពពកបានយកទ្រង់ចេញបាត់ពីភ្នែកពួកគេទៅ» (ម៉ាកុស ១៦:១៩; លូកា ២៤:៥០–៥២ និងកិច្ចការ ១:៤–១០)។
នៅក្នុងការបង្ហាញអង្គទ្រង់ទាំងនេះ ព្រះយេស៊ូវបានសន្ទនាជាមួយពួកគេដោយផ្ទាល់ៗ។ ពួកគេបានប៉ះទ្រង់ (ម៉ាថាយ ២៨:៩; លូកា ២៤:៣៩ និងយ៉ូហាន ២០:២៧) ហើយទ្រង់បានសោយនំប៉័ងជាមួយពួកគាត់ (លូកា ២៤:៤២, ៤៣ និងយ៉ូហាន ២១:១២–១៤)។
១១) បន្ថែមលើការបង្ហាញអង្គទ្រង់ខាងលើ មានការលើកឡើងនៃការបើកសម្ដែងអង្គព្រះគ្រីស្ទទៅកាន់សាវ័ក ប៉ុល នៅឯទីក្រុងដាម៉ាស ដែលនិយាយថា វាគឺជាការបង្ហាញអង្គនៃព្រះសង្គ្រោះដែលមានព្រះជន្មរស់ពីសុគតឡើងវិញ (កិច្ចការ ៩:៣–៩, ១៧ និង១កូរិនថូស ៩:១; ១៥:៨)។
ការបំផ្លាស់បំប្រែនៅក្នុងជីវិតរបស់អស់អ្នកដែលព្រះយេស៊ូវបានលេចមកឲ្យឃើញ ក៏បានផ្តល់ភស្តុតាងថា ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញមែន។ សត្រូវម្នាក់ដូចជាសាវ័ក ប៉ុល ត្រូវបានបំផ្លាស់បំប្រែទៅជាសាវ័កដ៏ឆេះឆួលម្នាក់ (កិច្ចការ ៩:១-២២ និង១កូរិនថូស ១៥:១៨)។ អ្នកនេសាទដ៏កំសាកម្នាក់ ដូចជាពេត្រុស បានបោះបង់សំណាញ់នេសាទរបស់ខ្លួន (យ៉ូហាន ២១) ហើយបានត្រឡប់ជាក្លាហានធ្វើបន្ទាល់អំពីព្រះយេស៊ូវវិញ។ អ្នកមន្ទិលសង្ស័យដូចជាសាវ័ក ថូម៉ាស (យ៉ូហាន ២០:២៤-២៨) បានក្លាយជាអ្នកជឿដ៏រឹងមាំម្នាក់។ ហើយអ្នកធ្វើដំណើរទៅភូមិអេម៉ោសដែលនឿយហត់ គាត់ទាំងពីរនាក់បានរកឃើញកម្លាំងថ្មី ដើម្បីវិលត្រឡប់មកកាន់ក្រុងយេរូសាឡឹមវិញ ហើយចែកចាយអំពីការដែលពួកគេ បានជួបព្រះយេស៊ូវ ដែលមានព្រះជន្មរស់ពីសុគតឡើងវិញ (លូកា ២៤:១៣–៣៥)។ មនុស្សទាំងអស់នេះ បានបាត់បង់ជីវិតរបស់ពួកគេ ដោយសារតែពួកគេ បានប្រកាសថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញមែន។ ប្រសិនបើព្រះយេស៊ូវមិនមានព្រះជន្មរស់ពីសុគតឡើងវិញទេ នោះពួកសិស្សនឹងមិនហ៊ានលះបង់ជីវិតរបស់ពួកគាត់ ដើម្បីប្រកាសថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញឡើយ។
ការមានព្រះជន្មរស់ពីសុគតឡើងវិញត្រូវបានចាត់ជាសកម្មភាព ទី១ របស់ព្រះដ៏ជាព្រះវរបិតា (ទំនុកតម្កើង ១៦:១០; កិច្ចការ ២:២៤; ៣:១៥; រ៉ូម ៨:១១; អេភេសូរ ១:២០; កូឡូស ២:១២ និងហេព្រើរ ១៣:២០។ ទី២ របស់ព្រះគ្រីស្ទទ្រង់ផ្ទាល់ (យ៉ូហាន ២:១៩; ១០:១៨) ហើយនិងទី៣ របស់ព្រះវិញ្ញាណបរិសុទ្ធ (១ពេត្រុស ៣:១៨)។
ការមានព្រះជន្មរស់ពីសុគតឡើងវិញ គឺជាទីបន្ទាល់ជាសាធារណៈមួយថា ទ្រង់គឺជាព្រះគ្រីស្ទ ដូចដែលទ្រង់បានអះអាង ហើយក៏ជាភស្តុតាងមួយនៃការដែលព្រះវរបិតាទទួលយកយញ្ញបូជារបស់ទ្រង់ នៅលើឈើឆ្កាង ដើម្បីប្រោសលោះយើងដែរ។ វាគឺជាជ័យជំនះលើសេចក្តីស្លាប់ និងផ្នូរសម្រាប់អ្នកដើរតាមទ្រង់គ្រប់ៗរូប។
ដូច្នេះ ប្រសិនបើព្រះយេស៊ូវមានព្រះជន្មពីសុគតមកវិញមែន នោះដំណឹងល្អគឺពិតប្រាកដ។ ហើយប្រសិនបើទ្រង់មិនបានមានព្រះជន្មរស់ពីសុគតទេ នោះដំណឹងល្អគឺក្លែងក្លាយ។ យើងបានរាប់ជាសុចរិតដោយការស្តាប់បង្គាប់របស់ទ្រង់រហូតដល់ការសុគត ដូច្នេះហើយបានជាទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ (រ៉ូម ៤:២៥)។ ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ គឺជាភស្តុតាងសបញ្ជាក់ថា ទ្រង់បានធ្វើការធួននឹងបាបយ៉ាងពេញលេញសម្រាប់អំពើបាបរបស់យើង។ យញ្ញបូជារបស់ទ្រង់ត្រូវបានទទួលយកជាការស្កប់ព្រះទ័យចំពោះសេចក្ដីយុត្តិធម៌របស់ព្រះ ហើយលោហិតរបស់ទ្រង់ គឺជាថ្លៃលោះសម្រាប់មនុស្សមានបាប។ ការរស់ឡើងវិញរបស់ព្រះយេស៊ូវ គឺជាការធានាថា អ្នកជឿលើព្រះយេស៊ូវទាំងអស់នឹងរស់ឡើងវិញផងដែរ (រ៉ូម ៨:១១; ១កូរិនថូស ៦:១៤; ១៥:៤៧-៤៩; ភីលីព ៣:២១ និង១យ៉ូហាន ៣:២)។ ដោយព្រោះទ្រង់រស់ យើងក៏នឹងរស់ផងដែរ!
ការមានព្រះជន្មរស់ឡើងវិញសបញ្ជាក់ថា ការអះអាងទាំងអស់របស់ទ្រង់គឺពិតប្រាកដ ដូចជាការអះអាងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ (យ៉ូហាន ២:១៩; ១០:១៧)។ ប្រសិនបើព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ឡើងវិញទេ នោះរឿងទាំងមូលអំពីសេចក្តីប្រោសលោះ គឺជាការបរាជ័យ ហើយទំនាយ និងសេចក្តីសន្យាទាំងអស់អំពីជីវិតអស់កល្បជានិច្ច គឺក្លែងក្លាយ។ «ប៉ុន្តែឥឡូវនេះ ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញហើយ ហើយត្រឡប់ជាផលផ្លែដំបូងនៃអស់អ្នកដែលបានដេកលក់»។ ដូច្នេះ ព្រះគម្ពីរមានភាពពិតប្រាកដ ចាប់ពីកណ្ឌគម្ពីរលោកុប្បត្ដិដល់កណ្ឌគម្ពីរវិវរណៈ។ នគរនៃសេចក្តីងងឹតត្រូវបានផ្តួលរំលំហើយ សាតាំងបានធ្លាក់ពីស្ថានសួគ៌ដូចជាផ្លេកបន្ទោរ សេចក្ដីពិតបានឈ្នះលើសេចក្ដីកុហក សេចក្ដីល្អបានឈ្នះលើសេចក្ដីអាក្រក់ សុភមង្គលបានឈ្នះលើសេចក្តីទុក្ខសោកជារៀងរហូត។ ដូច្នេះ មនុស្សភ័យខ្លាចវិញ្ញាណ និងខ្មោច ប៉ុន្តែសត្រូវពិតប្រាកដរបស់យើងគឺជាសាតាំង និងសេចក្តីស្លាប់វិញទេ។ យើងគួរតែកោតខ្លាចព្រះ ពីព្រោះទ្រង់មានអំណាចបំផ្លាញយើង ដោយព្រោះអំពើបាបរបស់យើង។ ដំណឹងល្អគឺថា ព្រះយេស៊ូវបានយកឈ្នះសាតាំង និងសេចក្តីស្លាប់ហើយ ហើយបានយកសេចក្តីក្រោធរបស់ព្រះដែលប្រឆាំងនឹងអំពើបាបរបស់យើងចេញ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់នេះតាមរយៈការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។
ពួកសង្ឃរាជ និងពួកចាស់ទុំដែលបានបដិសេធព្រះយេស៊ូវ បានបង្កើតការអះអាងក្លែងក្លាយប្រឆាំងនឹងទ្រង់ នៅពេលទ្រង់នៅមានព្រះជន្មនៅឡើយ ហើយក៏ផ្សព្វផ្សាយរឿងកុហកអំពីការមានព្រះជន្មរស់ឡើងវិញ របស់ទ្រង់ផងដែរ។ ពួកគេបានឲ្យសំណូកដល់ពួកទាហានរ៉ូម៉ាំង (ម៉ាថាយ ២៨:១២–១៤) ដើម្បីផ្សព្វផ្សាយថា «ពួកសិស្សរបស់ទ្រង់ បានមកនៅពេលយប់ ហើយបានលួចយកទ្រង់បាត់ទៅ នៅពេលពួកយើងបានដេកលក់»។ ប៉ុន្តែ រឿងក្លែងក្លាយរបស់ពួកគេ មិនពន្យល់អំពីការបង្ហាញអង្គរបស់ព្រះយេស៊ូវ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញឡើយ។ លើសពីនេះទៅទៀត សំពត់ក្នុងផ្នូរដែលព្រះយេស៊ូវត្រូវបានបញ្ចុះ ក៏ត្រូវបានរកឃើញដោយមានសណ្ដាប់ធ្នាប់យ៉ាងល្អ ដែលជាភស្តុតាងបន្ថែមទៀតថា «សាកសពរបស់ទ្រង់មិនត្រូវបានគេលួច នៅពេលពួកទាហានបានដេកលក់នោះឡើយ»។ គេច្រើនតែងដឹងថា ចោរលួចផ្នូរ តែងតែលួចយក «សំពត់» ហើយទុកសាកសពចោល ប៉ុន្តែមិនមានចោរណាលួចយកសាកសព ហើយទុកសំពត់ចោលនោះទេ ជាពិសេសនៅសម័យនោះ សំពត់នោះជា «សំពត់ទេសឯក» ហើយថ្មី (ម៉ាកុស ១៥:៤៦)។ ចោរគ្រប់គ្នានឹងជ្រើសរើសសែងសាកសពដែលមានសំពត់ ជាជាងសាកសពដែលអាក្រាត។ លើសពីនេះទៅទៀត តើចោរប្រភេទអ្វីដែលមានពេលយកសាកសពចេញពីសំពត់ បន្ទាប់មកបត់សំពត់វិញយ៉ាងស្អាតនោះ?
ការរស់ឡើងវិញរបស់មនុស្សស្លាប់
ព្រះគម្ពីរក៏បានបង្រៀនផងដែរថា នឹងមានការរស់ឡើងវិញនៃមនុស្សទាំងអស់នៅពេលគ្រាអនាគត ទាំងអ្នកសុចរិត និងអ្នកទុច្ចរិតក្នុងពេលតែមួយ (ដានីយ៉ែល ១២:២; យ៉ូហាន ៥:២៨, ២៩; រ៉ូម ២:៦–១៦ និង២ថែស្សាឡូនីច ១:៦–១០)។ រូបកាយដែលរស់ឡើងវិញ នឹងខុសពីរូបកាយដែលដេកក្នុងផ្នូរ (១កូរិនថូស ១៥:៥៣, ៥៤ និងភីលីព ៣:២១) ប៉ុន្តែ អត្តសញ្ញាណរបស់រូបកាយ នឹងត្រូវបានរក្សាទុកឲ្យនៅដដែល។ វានៅតែជារូបកាយតែមួយ (១កូរិនថូស ១៥:៤២–៤៤) ដែលរស់ឡើងវិញម្តងទៀង ប៉ុន្តែត្រូវបានបំផ្លាស់បំប្រែ។
រីឯលក្ខណៈរបស់រូបកាយដែលរស់ឡើងវិញ ទី១ វានឹងជារូបកាយខាងវិញ្ញាណ (១កូរិនថូស ១៥:៤៤) ជារូបកាយដែលមានលក្ខខ័ណ្ឌសមរម្យនឹងសណ្ឋានរបស់ស្ថានសួគ៌ ទី២ មានសិរីល្អ មិនពុករលួយ និងមានអំណាច (១កូរិនថូស ១៥:៥៤) ទី៣ ដូចជារូបកាយឧត្តមរបស់ព្រះគ្រីស្ទ (ភីលីព ៣:២១) និងទី៤ មិនចេះស្លាប់ (វិវរណៈ ២១:៤)។
ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ធានា និងសបញ្ជាក់អំពីការរស់ឡើងវិញរបស់រាស្ត្រទ្រង់
ទី១ ពីព្រោះការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ធានា និងធ្វើឲ្យអំណាចប្រោសលោះរបស់ទ្រង់ បានពេញលេញ ហើយសេចក្តីប្រោសលោះរបស់យើង រួមបញ្ចូលទាំងសេចក្តីប្រោសលោះខាងរូបកាយរបស់យើងផងដែរ (រ៉ូម ៨:២៣)។ ទី២ ពីព្រោះយើងរួមជាមួយព្រះគ្រីស្ទ (រ៉ូម ៦:៥; ១កូរិនថូស ១៥:២១, ២២ និង១ថែស្សាឡូនីច ៤:១៤)។ ទី៣ ដោយព្រោះព្រះវិញ្ញាណរបស់ទ្រង់ ដែលគង់នៅក្នុងយើង ធ្វើឲ្យរូបកាយរបស់យើងក្លាយជាអវយវៈរបស់ទ្រង់ (១កូរិនថូស ៦:១៥ និងរ៉ូម ៨:១១)។ ទី៤ ដោយព្រោះព្រះគ្រីស្ទ គឺជាព្រះអម្ចាស់នៃទាំងមនុស្សរស់និងមនុស្សស្លាប់ (រ៉ូម ១៤:៩)។ ការរួមគ្នារបស់គ្រីស្ទបរិស័ទ ជាមួយនឹងព្រះគ្រីស្ទមួយនេះ នឹងធ្វើឲ្យការរស់ឡើងវិញរបស់អ្នកជឿស្រដៀងគ្នាទៅនឹង (ហើយជាលទ្ធផលនៃ) ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទផងដែរ (១កូរិនថូស ១៥:៤៩; ភីលីព ៣:២១ និង១យ៉ូហាន ៣:២)។
ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ គឺជាមូលដ្ឋានគ្រឹះនៃការធ្វើបន្ទាល់ និងទំនាក់ទំនងជាមួយព្រះ ពីព្រោះព្រះអម្ចាស់ដ៏មានព្រះជន្មរស់ ត្រូវបានគេឃើញ និងបានពាល់ (១យ៉ូហាន ១:១-៤)។ ព្រះគ្រីស្ទដែលត្រូវបានតម្កើងឡើង ដែលគង់នៅខាងស្តាំព្រះហស្តព្រះជាម្ចាស់ គឺជាគន្លឹះដើម្បីយល់អំពីការហៅឲ្យមានការអត់ធ្មត់នៅក្នុងកណ្ឌហេព្រើរ ១:៣; ៨:១។
មនុស្សផ្សេងៗទៀតដែលបានរស់ពីស្លាប់ឡើងវិញនៅក្នុងព្រះគម្ពីរ
មានកំណត់ត្រាអំពីមនុស្សមួយចំនួនត្រូវបានរស់ពីស្លាប់វិញនៅក្នុងព្រះគម្ពីរ ប៉ុន្តែការរស់ឡើងវិញទាំងនេះខុសគ្នាពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ ឧទាហរណ៍ ទី១ ហោរា អេលីយ៉ាបានប្រោសក្មេងប្រុសម្នាក់ឲ្យរស់ឡើងវិញ (១ពង្សាវតាក្សត្រ ១៧:៨-២៤)។ ទី២ ហោរា អេលីសេបានប្រោសកូនប្រុសរបស់ស្ត្រីដែលនៅក្រុងស៊ូណែមឲ្យរស់ឡើងវិញ (២ពង្សាតាក្សត្រ ៤:១៨-៣៧)។ ទី៣ និងទី៤ ព្រះយេស៊ូវបានប្រោសទាំង កូនស្រីរបស់លោក យ៉ៃរ៉ុស (ម៉ាកុស ៥:៣៥-៤៣) លោក ឡាសា ឲ្យរស់ឡើងវិញ (យ៉ូហាន ១១:១៧-៤៤)។ ទី៥ សាវ័ក ពេត្រុសបានប្រោសនាងដូកាសឲ្យរស់ឡើងវិញ (កិច្ចការ ៩:៣៦-៤២) ហើយទី៦ សាវ័ក ប៉ុលបានប្រោសលោក អ៊ើទីកុស ឲ្យរស់ឡើងវិញ (កិច្ចការ ២០:៩-១២)។ ទោះយ៉ាងណាក្ដី ក៏មនុស្សទាំងនេះបានស្លាប់ទៅវិញម្តងទៀត ប៉ុន្តែព្រះយេស៊ូវមិនបានសុគតទៅវិញឡើយ។ លើសពីនេះទៅទៀត ការរស់ឡើងវិញរបស់ពួកគេមិនមែនជាភស្តុតាងអំពីអត្តសញ្ញាណរបស់ពួកគេផ្ទាល់ទេ ឬថាការស្លាប់របស់ពួកគេគឺជាយញ្ញបូជាដែលព្រះបានទទួលសម្រាប់អំពើបាបរបស់យើងនោះឡើយ។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ សបញ្ជាក់ថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយការសុគតរបស់ទ្រង់ គឺជាយញ្ញបូជាដែលព្រះទទួលយកសម្រាប់អំពើបាបរបស់យើង ហើយធានាអំពីជីវិតដ៏អស់កល្បជានិច្ចរបស់យើងផងដែរ។ រឿងអំពីមនុស្សទាំងនេះដែលត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញបង្ហាញពីអំណាចរបស់ព្រះលើសេចក្តីស្លាប់ ហើយចង្អុលទៅកាន់ការរស់ឡើងវិញជាចុងក្រោយរបស់មនុស្សទាំងអស់ ដើម្បីទទួលទណ្ឌកម្ម ឬរង្វាន់ (យ៉ូហាន ៥:២៩ ប្រៀបធៀបជាមួយនឹងកណ្ឌគម្ពីរ វិវរណៈ ២០:៥, ៦)។
ការរស់ឡើងវិញ និងជំនឿផ្សេងៗ
វប្បធម៌ជាច្រើនបានជឿថា រូបកាយដាច់ចេញពីព្រលឹង គឺជារូបកាយពុករលួយហើយ ប៉ុន្តែព្រលឹងសំខាន់ជាងហើយបន្តរស់នៅ ពោលគឺមិនវិនាសឡើយ។ គេចាត់ទុករូបកាយជាសំលៀកបំពាក់ខាងក្រៅដែលអាចបោះចោលបាន ប៉ុន្តែព្រលឹងមានលក្ខណៈមិនវិនាស ហើយជាប់នៅពីសម័យមួយទៅសម័យមួយទៀត។ នេះគឺជាអ្វីដែលជនជាតិក្រិកបានគិតនៅសម័យព្រះគម្ពីរសញ្ញាថ្មី ដែលជួយពន្យល់អំពីប្រតិកម្មរបស់ពួកគេចំពោះសេចក្តីបង្រៀនរបស់សាវ័ក ប៉ុល អំពីការរស់ឡើងវិញ (កិច្ចការ ១៧:១៦-៣២)។ ទស្សនៈវិលជុំមួយនេះ បាននាំឲ្យមានការបង្កើតទស្សនៈអំពីការចាប់កំណើតជាថ្មី នៃព្រលឹងពីរូបកាយមួយទៅរូបកាយមួយទៀត។ ជំនឿទាំងនេះមិនជឿថា មានការរស់ឡើងវិញខាងរូបកាយនោះទេ ពីព្រោះយើងចង់គេចចេញពីរូបកាយ។ ដូច្នេះ ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ បង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងទាក់ទងជំនឿទាំងនេះ ពីព្រោះទ្រង់មានព្រះជន្មរស់ឡើងវិញខាងឯរូបកាយ ដែលបង្ហាញថា យើងនឹងមិនអាចគេចចេញពីរូបកាយរបស់យើងបានឡើយ ប៉ុន្តែអស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ នឹងមានរូបកាយថ្មីមួយដែលបានបំផ្លាស់បំប្រែ។
ការអនុវត្ត
ដោយសារព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតវិញ នោះអស់អ្នកណាដែលជឿទុកចិត្តទ្រង់ អាចដឹងប្រាកដច្បាស់ថា ពួកគេទទួលបានជីវិតអស់កល្បជានិច្ច។ លើសពីនេះទៅទៀត ការមានព្រះជន្មរស់ពីសុគតរបស់ព្រះយេស៊ូវបានផ្លាស់ប្តូរទស្សនៈរបស់យើងអំពីជីវិតបច្ចុប្បន្នរបស់យើងទាំងស្រុង។ ឧទាហរណ៍៖ ព្រះយេស៊ូវបង្រៀនថា «កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដីជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ ត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង» (ម៉ាថាយ ៦:១៩–២០)។ ប្រសិនបើព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតវិញទេ នោះយើងគួរតែព្រងើយកន្តើយចំពោះសេចក្តីបង្រៀនមួយនេះ ប៉ុន្តែដោយសារព្រះអង្គបានមានព្រះជន្មរស់ពីសុគតវិញ នោះយើងល្ងីល្ងើហើយដែលខំប្រមូលទុកទ្រព្យសម្បត្តិនៅផែនដី ជាជាងទ្រព្យសម្បត្តិនៅស្ថានសួគ៌នោះ។ ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវបង្ហាញថា នឹងមានថ្ងៃជំនុំជម្រះមកដល់ ហើយយើងត្រូវតែចំណាយពេលវេលាឥឡូវនេះរបស់យើង ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃនោះ (ម៉ាថាយ ២៤:៤៥-២៥:៤៦)។
ប្រសិនបើព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតវិញទេ នោះយើងមិនគួរជឿទ្រង់ ដើរតាមទ្រង់ ឬទៅព្រះវិហារឡើយ។ មិនជាអ្វីទេ ប្រសិនជាលោកអ្នកគិតថា ជំនឿលើព្រះយេស៊ូវជួយលោកអ្នកនៅក្នុងជីវិតរបស់លោកអ្នក ឬផ្តល់សន្តិភាពដល់លោកអ្នក ឬលោកអ្នកគិតថា ព្រះយេស៊ូវបានព្យាបាលលោកអ្នក ឬលោកអ្នកទទួលបានគុណប្រយោជន៍ផ្សេងៗពីការជឿលើទ្រង់។ ប្រសិនបើយើងនឹងនៅតែជឿលើព្រះយេស៊ូវ និងដើរតាមទ្រង់ បើទោះជាព្រះយេស៊ូវមិនបានមានព្រះជន្មរស់ពីសុគតវិញក៏ដោយ នោះសេចក្តីជំនឿរបស់យើងមិនស្របតាមព្រះគម្ពីរទេ។ មូលហេតុគឺពីព្រោះនៅក្នុងព្រះគម្ពីរ ជំនឿមិនគ្រាន់តែជាការជឿលើព្រះប៉ុណ្ណោះទេ ប៉ុន្តែជាជំនឿលើដំណឹងល្អរបស់ព្រះគ្រីស្ទដែលប្រកាសថា ព្រះយេស៊ូវបានសុគត និងមានព្រះជន្មរស់ឡើងវិញ។
ដោយសារតែព្រះយេស៊ូវពិតជាបានមានព្រះជន្មរស់ពីសុគតឡើងវិញមែន នោះការបម្រើរបស់យើងចំពោះទ្រង់មិនឥតប្រយោជន៍នោះទេ ហើយយើងត្រូវតែឈរឲ្យរឹងមាំ (១កូរិនថូស ១៥:៥៨)។ ទោះបើជាយើងរងទុក្ខដោយសារយើងដើរតាមព្រះយេស៊ូវ យើងក្រីក្រខាងថវិកា យើងមានការបៀតបៀន និងគេបដិសេធយើង ហើយជីវិតយើងកាន់តែលំបាក ដោយសារតែយើងដើរតាមព្រះយេស៊ូវក៏ដោយ ក៏យើងត្រូវតែឈរឲ្យរឹងមាំ ហើយបម្រើទ្រង់ដែរ ពីព្រោះព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញមែន!
មតិយោបល់
Loading…