..ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់
ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា
ដោយសារ ស្នាមរំពាត់នៅអង្គទ្រង់។
(អេសាយ ៥៣:៥)…ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឲ្យជាគ្រប់គ្នាដែរ ដើម្បីឲ្យបានសម្រេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា
«ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺ
របស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់»។
(ម៉ាថាយ ៨:១៦-១៧)
ព្រះគ្រីស្ទបានរងទុក្ខ ហើយសុគត ដើម្បីបំបាត់គ្រប់ទាំងជំងឺរោគាចោលទាំងអស់នៅថ្ងៃណាមួយ។ នៅពេលដែលព្រះជាម្ចាស់បង្កើតផែនដី ទ្រង់មិនបានគ្រោងឲ្យមានជំងឺ និងសេចក្ដីស្លាប់នោះទេ។ ការនោះបានកើតមកដោយសារអំពើបាប ហើយនោះក៏ជាការដែលព្រះជាម្ចាស់ត្រូវដាក់ទោសលើអ្វីៗដែលទ្រង់បានបង្កើតដែរ។ ព្រះគម្ពីរចែងថា «ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូល នឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ដ គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញដោយសង្ឃឹម…» (រ៉ូម ៨:២០)។ ព្រះជាម្ចាស់បានដាក់លោកីយ៍នេះឲ្យនៅក្រោមសេចក្ដីឥតប្រយោជន៍ ហើយសេចក្ដីនោះគឺជាការឈឺចាប់ខាងឯសាច់ឈាម។ ទ្រង់ធ្វើដូច្នេះ ដើម្បីបង្ហាញពីផលផ្លែនៃទង្វើអសីលធម៌ដ៏គួរឲ្យស្អប់ខ្ពើមនៃអំពើបាប។
សេចក្ដីឥតប្រយោជន៍ទាំងនេះមានរួមទាំងសេចក្ដីស្លាប់។ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះ…» (រ៉ូម ៥:១២)។ សេចក្ដីឥតប្រយោជន៍នោះរួមមានទាំងជំងឺដែលនាំឲ្យយើងស្រែកថ្ងូរ។ ហើយក៏មិនមែនមានន័យថាមិនមានគ្រីស្ទបរិស័ទនោះទេ៖ «មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ (គឺអ្នកដែលជឿលើព្រះគ្រីស្ទ) ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្ដីប្រោសលោះដល់ រូបកាយយើងផង» (រ៉ូម ៨:២៣)។
ប៉ុន្តែអស់ទាំងសេចក្ដីវេទនានៃជំងឺនេះ គឺវាគ្រាន់តែជាការឈឺចាប់បណ្ដោះអាសន្នប៉ុណ្ណោះ។ យើងទន្ទឹងរង់ចាំពេលដែលការឈឺចាប់ខាងរូបកាយនេះនឹងកន្លងបាត់ទៅ។ ព្រះជាម្ចាស់មិនដាក់លោកីយ៍នេះឲ្យនៅក្រោមសេចក្ដីឥតប្រយោជន៍ជាអចិន្ត្រៃយ៍នោះទេ។ ព្រះគម្ពីរមានចែងពីការជំនុំជម្រះរបស់ព្រះជាម្ចាស់តាំងពីដើមមក ហើយក៏មានចែងពីការផ្ដល់សេចក្ដីសង្ឃឹមផងដែរ។ បំណងព្រះហឫទ័យដ៏ធំបំផុតរបស់ព្រះជាម្ចាស់គឺ៖ «ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ» (រ៉ូម ៨:២១)។
បំណងព្រះហឫទ័យរបស់ព្រះគ្រីស្ទ នៅពេលដែលទ្រង់បានយាងមកគង់នៅផែនដីនេះគឺ ដើម្បីប្រោសលោះលោកីយ៍ទាំងមូល។ ទ្រង់បានបង្ហាញឲ្យឃើញពីបំណងព្រះហឫទ័យរបស់ទ្រង់តាមរយៈការប្រោសមនុស្សជាច្រើនឲ្យជា កាលដែលទ្រង់កំពុងគង់នៅផែនដីនេះ។ ហ្វូងមនុស្សតែងតែមកចោមរោមព្រះយេស៊ូវ ហើយទ្រង់បាន ប្រោសអស់អ្នកដែលមានជំងឺឲ្យជាគ្រប់គ្នាដែរ (ម៉ាថាយ ៨:១៦; លូកា ៦:១៩)។ នេះគឺជាការបង្ហាញឲ្យឃើញជាមុននូវការទាក់ទងទៅនឹងអ្វីដែលនឹងកើតឡើងនៅគ្រាចុងបញ្ចប់នៃប្រវត្តិសាស្ត្រពិភពលោក។ នៅពេលនោះ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ…» (វិវរណៈ ២១:៤)។
របៀបដែលព្រះបានយកឈ្នះលើសេចក្ដីស្លាប់និងជំងឺ គឺទ្រង់បានយកវាមកដាក់លើទ្រង់ផ្ទាល់ ហើយបានផ្ទុកវាជាមួយនឹងទ្រង់នៅឯផ្នូរ។ ព្រះយេស៊ូវបានទ្រាំទ្រការជំនុំជម្រះរបស់ព្រះជាម្ចាស់ទៅលើអំពើបាបដែលបណ្ដាលឲ្យកើតមានជំងឺ ដោយទ្រង់បានរងទុក្ខ ហើយសុគត។ ហោរា អេសាយ បានពន្យល់ពីការសុគតរបស់ព្រះគ្រីស្ទដូចតទៅ៖ «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។ ព្រះយេស៊ូវបានទិញលោកីយ៍មិនឲ្យមានការឈឺចាប់ទៀត ដោយស្នាមរំពាត់ដ៏សាហាវនៅលើខ្នងរបស់ទ្រង់។
ថ្ងៃមួយ ព្រះជាម្ចាស់នឹងដកគ្រប់ទាំងជំងឺចេញពីមនុស្ស ក៏ដូចជាអ្វីៗដែលទ្រង់បានប្រោសលោះ។ ថ្ងៃនោះនឹងមានផែនដីថ្មីហើយយើងនឹងមានរូបកាយថ្មី។ ជីវិតដ៏អស់កល្បជានិច្ចនឹងកំទេចសេចក្ដីស្លាប់ចោល (១កូរិនថូស ១៥:៥៤; ២កូរិនថូស ៥:៤)។ «ឯឆ្កែព្រៃ និងកូនចៀមវានឹងរកស៊ីជាមួយគ្នា ហើយសិង្ហនឹងស៊ីចំបើងដូចជាគោ…» (អេសាយ ៦៥:២៥)។ ហើយអស់អ្នកដែលស្រឡាញ់ព្រះគ្រីស្ទនឹងច្រៀងចម្រៀងអរព្រះគុណដល់កូនចៀមដែលត្រូវគេសម្លាប់ ដើម្បីប្រោសយើងឲ្យរួចពីបាប ពីសេចក្ដីស្លាប់ និងពីជំងឺរោគា។
មតិយោបល់
Loading…