លោកគ្រូ ទាក់ទងនឹងតង្វាយ១/១០របស់យើងខ្ញុំចំពោះក្រុមជំនុំ តើយើងខ្ញុំអាចបែងចែកតង្វាយនោះបានដែរឬទេ?ដូចជា៖ —៥% ជូនទៅក្រុមជំនុំ ហើយ៥% ទៀតជួនទៅព័ន្ធកិច្ចគ្រីស្ទបរិស័ទផ្សេងៗទៀត—តើលោកគ្រូមានយោបល់អ្វីដែលទាក់ទងនឹងការបែងចែកប្រាក់តង្វាយ?
តើគ្រីស្ទបរិស័ទដាច់ខាតត្រូវតែថ្វាយតង្វាយមែនឬ?
ទេ! ចំពោះតង្វាយ១/១០នៃប្រាក់ខែរបស់លោកអ្នកព្រះគម្ពីរសញ្ញាថ្មីមិនបានបង្គាប់ថាលោកអ្នក «ត្រូវតែថ្វាយ» នោះទេ។ ទាក់ទងនឹងជីវិតរស់នៅរបស់គ្រីស្ទបរិស័ទ ព្រះគម្ពីរសញ្ញាថ្មីបានរៀបរាប់ខុសគ្នាពីក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់។ សាវ័ក ប៉ុល បានលើកឡើងក្នុងកណ្ឌគម្ពីរ រ៉ូម ៧:៦ ថា៖ « តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ»។
ឧទាហរណ៍៖ នៅពេលដែលលោកសាវ័ក ប៉ុល ផ្ដល់ការណែនាំអំពីរបៀបដែលយើងគួរថ្វាយតង្វាយ គាត់មិនដែលបង្គាប់យើងញែកតង្វាយយើងទុកដោយឡែកឡើយ។ តែគាត់បែរជាលើកឡើងដូចជា «ត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយឡែក តាមដែលព្រះបានចម្រើនឲ្យ» (១កូរិនថូស ១៦:២)។ ហើយបន្ទាប់មកគាត់បានលើកឡើងក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៨:៣ ថា៖ យើងគួរតែថ្វាយតាមសមត្ថភាពរបស់យើង «ដ្បិតយើងខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកម្លាំងគេ ហើយហួសកម្លាំងគេផង»។ ហើយក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៩:៦-៧ គាត់ក៏បានពណ៌នាពីការថ្វាយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ «យើងខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ។ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។
ការបង្រៀននៅក្នុងចំណុចនេះគឺមានន័យថា យើងមិនស្ថិតទៅលើការថ្វាយតង្វាយដែលមានភាគរយទាប ឬភាគរយខ្ពស់នោះទេ។ ព្រះគម្ពីរមិនបានបង្គាប់យើងទេ។ ប៉ុន្តែ យើងគួរតែថ្វាយដោយចិត្តសទ្ធាដែលមានការលះបង់ ចេញពីចិត្ត និងពេញដោយអំណរ។ យើងខ្ញុំធ្លាប់និយាយប្រាប់ក្រុមជំនុំរបស់យើងខ្ញុំថា អ្នកមានគួរសម ហើយធូរធារទៀត (នៅប្រទេសអាមេរិក) ដែលគ្រាន់តែថ្វាយ១០% គឺទំនងជាកំពុងលួចពីព្រះជាម្ចាស់ហើយមើលទៅ។ និយាយម្យ៉ាងទៀត យើងបានធ្លាក់ក្នុងផ្នត់គំនិត (ខាងលិច) ទាក់ទងនឹងទ្រព្យសម្បត្តិ និងរបៀបនៃការរស់នៅថា ការថ្វាយ៥%ឬក៏១០%គឺជាការឲ្យដោយដៃទូលាយហើយ។
យើងខ្ញុំសង្ឃឹមយ៉ាងច្បាស់ថា នៅពេលដែលយើងខ្ញុំលើកឡើងមកថា ការថ្វាយតង្វាយគឺមិនមែនជាការដែលយើងដាច់ខាតឬ «ត្រូវតែថ្វាយ» នោះទេ យោងតាមច្បាប់ព្រះគម្ពីរសញ្ញាថ្មី។ យើងខ្ញុំកំពុងព្យាយាមនិយាយដូចនេះ៖ ឧទាហរណ៍ ថាគ្រូបង្វឹកបាល់ម្នាក់បាននិយាយទៅកាន់ក្រុមរបស់គាត់នៅសាលាថា «ដាច់ខាត គ្រប់គ្នាត្រូវតែងើបម៉ោង៥:០០ព្រឹករាល់ព្រលឹម ហើយត្រូវរត់៥គ.ម. ដើម្បីហ្វឹកហាត់ខ្លួនឲ្យខ្លាំងបំផុត ដើម្បីធ្វើឲ្យក្នុងក្រុមខ្លាំងពូកែ។» ប៉ុន្តែ ផ្ទុយពីនោះ គ្រូបង្វឹកបែរជាលើកឡើងថា «យើងខ្ញុំចង់ឲ្យគ្រប់គ្នាស្រឡាញ់កីឡានេះឲ្យអស់ពីចិត្ត ហើយយើងខ្ញុំចង់ឲ្យគ្រប់គ្នាខំឲ្យអស់ពីសមត្ថភាព ដើម្បីការប្រកួតនេះ។ យើងខ្ញុំចង់ឲ្យគ្រប់គ្នាខិតខំឲ្យបានពូកែតាមដែលខ្លួនអាចធ្វើទៅបាន ហើយបម្រើក្រុមនេះ ដើម្បីឲ្យយើងបានប្រកួតយ៉ាងល្អបំផុតតាមដែលយើងអាចធ្វើទៅបាន។
តើរបៀបមួយណាល្អជាងគេ? ក្នុងរបៀបទាំងពីរនៃការនិយាយទៅកាន់ក្រុម ហើយរបៀបទីពីរមិនមានច្បាប់ទេ ប៉ុន្តែ ទីមួយមានច្បាប់។ របៀបទីមួយត្រូវតែងើបឡើងរាល់ថ្ងៃ នៅម៉ោង៥:០០ព្រឹក វាស្ដាប់ទៅពិបាកណាស់។ ប៉ុន្តែ យើងខ្ញុំគិតថារបៀបទីពីរដែលគ្រូបង្វឹកនិយាយគឺល្អបំផុត។ គាត់បានប៉ះពាល់ចិត្តគំនិតរបស់សមាជិកក្រុមជំនុំ។ ហើយប្រសិនបើនរណាម្នាក់មិនគោរពច្បាប់ក្នុងការមិនខំប្រឹងដោយអស់ពីចិត្តសម្រាប់ក្រុម នោះមានន័យថា គាត់មិនបានស្ដាប់តាមបំណងចិត្តរបស់គ្រូបង្វឹកឡើយ។ ដូចគ្នានោះដែរ នេះក៏ជាការដូចនឹងការថ្វាយតង្វាយក្នុងក្រុមជំនុំផងដែរ។
ដោយសារយើងខ្ញុំបានលើកឡើងពីចំណុចទាំងនោះរួចហើយ ឥឡូវយើងខ្ញុំគិតថា យើងខ្ញុំអាចឆ្លើយសំណួរនោះ។ ពេលដែលយើងថ្វាយធនធានរបស់យើងក្នុងការគាំទ្រព័ន្ធកិច្ចដំណឹងល្អ តើព្រះជាម្ចាស់បានតម្រូវឲ្យយើងថ្វាយដល់ភាគរយប៉ុន្មានដល់ក្រុមជំនុំ? ពិតណាស់! យោងតាមការពិភាក្សារបស់យើង ចម្លើយគឺថា៖ ព្រះអង្គមិនបានកំណត់ចំនួនភាគរយទេ។ ចម្លើយលើសំណួរគឺមិនពឹងលើច្បាប់ ឬក៏ចំនួនភាគរយទេ។ ចម្លើយគឺពឹងលើទំហំនៃដួងចិត្តរបស់លោកអ្នក លើទស្សនៈព្រះគម្ពីរទាក់ទងនឹងក្រុមជំនុំតាមតំបន់ និងលើការឲ្យតម្លៃដ៏ល្អនៃព័ន្ធកិច្ច។ យើងខ្ញុំគិតថា ព្រះជាម្ចាស់មានផែនការដ៏ពិសេសសម្រាប់ក្រុមជំនុំតាមតំបន់ ដូច្នេះយើងដែលជាសមាជិកក៏ត្រូវថ្វាយដល់ក្រុមជំនុំដែរ។ ព័ន្ធកិច្ចផ្សេងៗសំខាន់ណាស់ ហើយយើងខ្ញុំចង់ឃើញព័ន្ធកិច្ចនោះលូតលាស់។ ហើយយើងខ្ញុំក៏មានចំណែកក្នុងការធ្វើព័ន្ធកិច្ចមួយចំនួនដែរ។ ប៉ុន្តែ ស្ថាប័នមួយក្នុងផែនដីនេះមានការលើកឡើងយ៉ាងច្បាស់លាស់ក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយច្បាស់ក្នុងដំណឹងល្អគឺត្រង់ក្រុមជំនុំតាមតំបន់។ ប្រសិនបើស្ថាប័ននេះបរាជ័យ នោះមានន័យថា ព័ន្ធកិច្ចផ្សេងៗនឹងគ្មានប្រយោជន៍ទៀតទេ។ ប្រាកដណាស់ ប្រសិនបើក្រុមជំនុំបរាជ័យ នោះមានន័យថា ព័ន្ធកិច្ចផ្សេងៗគ្មានជំហរលើព្រះគម្ពីរទៀតទេ។ ក្រុមជំនុំគឺជារោងសម្រាប់ព័ន្ធកិច្ចផ្សេងៗទៀត។ ក្រុមជំនុំជាកន្លែងដែលអ្នករួបរួមក្នុងព័ន្ធកិច្ចនោះទទួលបានការថែបំប៉ន ហើយក៏ជាកន្លែងនៃការថ្វាយបង្គំរួមគ្នាយោងតាមព្រះគម្ពីរផងដែរ។
យើងខ្ញុំគិតថា នេះជា «ច្បាប់» ដ៏ត្រឹមត្រូវមួយ។ សូមទទួលយកការបង្រៀននេះចុះ។ យើងខ្ញុំគិតថា យើងគួរតែថ្វាយតង្វាយជាចម្បងដល់ក្រុមជំនុំ ហើយបន្ទាប់មក យើងគួរថ្វាយលើសពីនោះដល់ព័ន្ធកិច្ចផ្សេងៗ។ ប៉ុន្តែ នេះមិនមែនជាច្បាប់ ឬក៏ជាការទាមទារឲ្យធ្វើនោះទេ។ យើងខ្ញុំមិនអាចអះអាងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ» ទេ។ នេះមិនមែនជាការទាមទារទេ។ នេះគឺគ្រាន់តែជាការណែនាំដែលអាចជាជំនួយមួយប៉ុណ្ណោះ។ ហើយប្រាកដណាស់ យើងខ្ញុំក៏ស្គាល់អ្នកមនុស្សមួយចំនួនដែលមិនអាចចាប់ផ្ដើមថ្វាយដល់ក្រុមជំនុំតាមតំបន់របស់ខ្លួនឡើយ ព្រោះតង្វាយរបស់ពួកគេទំនងច្រើនជាងលុយដែលក្រុមជំនុំមានទៅទៀត។ ប្រាកដណាស់ មានករណីលើកលែងបែបនេះ។ ប៉ុន្តែ យើងខ្ញុំចង់ផ្ដោតលើចំណុចនេះ៖ យើងគួរតែថ្វាយដោយចិត្តសទ្ធា។ ចូរថ្វាយដោយមានការលះបង់។ ចូរយើងមានភាពស្មោះត្រង់ចំពោះក្រុមជំនុំតាមតំបន់របស់យើង។ ហើយចូរឲ្យយើងគិតពីអនាគតទាក់ទងនឹងការគាំទ្រព័ន្ធកិច្ចជាច្រើនផ្សេងៗទៀត។ យើងខ្ញុំគិតថា ព្រះជាម្ចាស់នឹងប្រាប់យើងពីភាគរយនៃការថ្វាយ។
គ្រីស្ទបរិស័ទមានឱកាសរាប់មិនអស់ក្នុងការផ្គត់ផ្គង់ជាលុយ ឬក៏ធនធាន ប៉ុន្តែតើយើងគួរថ្វាយទៅកាន់ក្រុមជំនុំជាចម្បងមែនឬ?
មតិយោបល់
Loading…