នេះជាទំនុកចិត្តមួយដែលអាចធ្វើឲ្យចិត្តគំនិតរបស់យើងមានភាពស្ងប់ស្ងៀម ហើយក៏ជាការលើកទឹកចិត្តដល់ យើងដែរ៖ ព្រះជាម្ចាស់មានការគ្រប់គ្រងនៅលើការរងទុក្ខរបស់យើង។ គ្មានកាលៈទេសៈមួយណាក្នុងជីវិតយើងដែលបានកើតឡើងដោយគ្មានការគ្រប់គ្រងពីព្រះជាម្ចាស់នោះឡើយ។ ពោលគឺដូចថា ធ្មេញដែកអាណាមិនអាចអារកាត់ឈើដោយខ្លួនវាបានទេ លុះត្រាតែជាងឈើយកវាទៅប្រើប្រាស់។ ពេលលោក យ៉ូប កំពុងរងទុក្ខ គាត់មិនបាននិយាយថា «ព្រះជាម្ចាស់ជាអ្នកប្រទានឲ្យ ហើយអារក្សជាអ្នកដកចេញឡើយ។» ប៉ុន្តែគាត់បានថ្លែងថា «ព្រះយេហូវ៉ាបានប្រទានមក ហើយព្រះអង្គក៏បានដកយកទៅវិញ»។ រាល់ការរងទុក្ខដែលយើងបានឆ្លងកាត់គឺសុទ្ធសឹងតែបានកើតឡើងដោយមានគោលបំណង ហើយក៏ជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផងដែរ ។ ដោយហេតុនេះឯង បានជាការរងទុក្ខមានសារៈសំខាន់ណាស់ ពោលគឺមិនដែលឥតប្រយោជន៍នោះឡើយ។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលព្រះជាម្ចាស់ប្រើប្រាស់ការរងទុក្ខរបស់យើងឲ្យបានទៅជាអត្ថប្រយោជន៍សម្រាប់រូបយើងវិញ៖
១. ការរងទុក្ខប្រៀបបានដូចជាគ្រូអធិប្បាយ និងជាគ្រូបង្រៀនរបស់យើង។ លោកគ្រូ ម៉ធិន លូសើរ (Martin Luther) បានលើកឡើងថា គាត់មិនអាចចាប់ផ្ដើមយល់ជំពូកមួយចំនួនក្នុងកណ្ឌគម្ពីរទំនុកតម្កើងឲ្យបាន សមរម្យនោះឡើយ ទាល់តែគាត់បានឆ្លងកាត់នូវការរងទុក្ខ។ ជារឿយៗ ការធ្លាក់ខ្លួនឈឺដេកនៅផ្ទះអាចបង្រៀនយើងច្រើនជាងការទៅស្ដាប់សេចក្ដីអធិប្បាយនៅព្រះវិហារទៅទៀត។ ជាដំបូង ការរងទុក្ខអាចបង្រៀនយើងពីអំពើបាបរបស់ខ្លួនយើងផ្ទាល់ និងអំពីភាពអាក្រក់នៃអំពើបាបនោះ។ ការរងទុក្ខក៏បង្រៀនយើងអំពីខ្លួនឯងដែរ ដ្បិតពេលយើងមិនឈឺ ហើយមានលុយកាក់ច្រើន យើងមើលទៅអ្វីៗល្អ ហើយយើងក៏ចេះបន្ទាបខ្លួន និងអរព្រះគុណ ប៉ុន្តែពេលយើងកំពុងឆ្លងកាត់ការរងទុក្ខ នោះទើបយើងឃើញពីចិត្តខ្លួនឯងដែលមិនចេះអរគុណ និងពីចិត្តដែលបះបោរប្រឆាំងនឹងព្រះ។ កញ្ចក់នៃការរងទុក្ខតែងតែឆ្លុះបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ពីមុខដ៏អាក្រក់នៃអំពើបាបរបស់យើង និងពីធាតុពិតនៃភាពជាក្មេងខាងឯព្រលឹងវិញ្ញាណរបស់យើងដែរ។
ប្រសិនបើគេបានបំពាក់បន្លាលើព្រះសិរសារបស់ព្រះគ្រីស្ទ តើហេតុអ្វីបានជាយើងបែរជាគិតថា យើងស័ក្ដិសមនឹងពាក់ភួងជ័យដែលធ្វើពីផ្កាទៅវិញ?
២. ការរងទុក្ខគឺជាផ្លូវនៃការធ្វើឲ្យយើងមានចិត្តទៀងត្រង់។ ពេលយើងកំពុងមានទ្រព្យសម្បត្តិច្រើន ចិត្តរបស់យើងតែងតែមានការរារែក។ ពាក់កណ្ដាលស្រឡាញ់ព្រះជាម្ចាស់ ហើយពាក់កណ្ដាលទៀតលង់ស្នេហ៍នឹងលោកីយ៍។ យើងអាចប្រៀបធៀបចិត្តរបស់យើងទៅនឹងទ្រនិចត្រីវិស័យដែលមានការរារែកពីទិសមួយទៅទិសមួយទៀត។ ប៉ុន្តែ ក្នុងគ្រានៃការរងទុក្ខ ព្រះជាម្ចាស់ដកការលង់ស្នេហ៍នឹងលោកីយ៍របស់យើងចេញពីចិត្តរបស់យើង ដោយជួយយើងឲ្យឱបក្រសោបទ្រង់ឲ្យអស់ពីចិត្ត។ ដូចដែលយើងដុតដែកវៀចក្ងិងក្ងង់មួយបន្ទះ ដើម្បីពុតឲ្យវាត្រង់ឡើងវិញ ព្រះជាម្ចាស់ក៏ប្រើប្រាស់ការរងទុក្ខរបស់យើងដូចជាភ្លើងក្នុងការដុតចិត្តយើងឲ្យត្រឹមត្រូវផងដែរ។ វាជាចំណុចដ៏ល្អម៉្យាងដែរ ដែលព្រះអង្គប្រើប្រាស់ការរងទុក្ខដើម្បីធ្វើឲ្យយើងដើរតាមផ្លូវត្រង់វិញ នៅពេលណាអំពើបាបបង្វែរព្រលឹងយើងចេញពីព្រះជាម្ចាស់នោះ ។
៣. ការរងទុក្ខធ្វើឲ្យយើងកាន់តែក្លាយទៅដូចជាព្រះគ្រីស្ទ។ ចំពោះទំនាក់ទំនងរវាងព្រះយេស៊ូវ និងរាស្ត្ររបស់ព្រះអង្គ មានចំណុចមួយចំនួនដែលមានភាពស៊ីគ្នា ហើយមួយចំនួនទៀតមិនសូវស៊ីគ្នា។ ហើយមានចំណុចខ្លះទៀតដែលយើងអាចត្រាប់តាមបាន ហើយខ្លះទៀតពិបាកនឹងត្រាប់តាមបាន។ ការរងទុក្ខប្រៀបដូចជាខ្មៅដៃរបស់ជាងគំនូរមួយរូបដែលគូររូបអង្គព្រះគ្រីស្ទនៅលើរូបយើង។ ប្រសិនបើយើងចង់មានការរួបរួមជា បំណែកមួយជាអវយវៈរបស់ព្រះគ្រីស្ទ យើងដាច់ខាតត្រូវតែមានចិត្តចង់ក្លាយដូចជាព្រះអង្គ ហើយជីវិតរបស់ព្រះអង្គមានពេញទៅដោយការរងទុក្ខ អស់ពេញមួយរយៈនៅពេលដែលព្រះអង្គមានព្រះជន្មគង់នៅលើផែនដីនេះ ដូចមានចែងថា៖ «ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់» (អេសាយ ៥៣:៣)។ ប្រសិនបើគេបានបំពាក់បន្លាលើព្រះសិរសារបស់ព្រះគ្រីស្ទ តើហេតុអ្វីបានជាយើងបែរជាគិតថា យើងស័ក្ដិសមនឹងពាក់ភួងជ័យដែលធ្វើពីផ្កាទៅវិញ? វាជាការល្អណាស់ដែលយើងកាន់តែក្លាយដូចជារូបអង្គព្រះគ្រីស្ទ ហើយភាគច្រើនការដែលបានក្លាយដូចជាព្រះគ្រីស្ទគឺអាចកើតឡើងបាន តាមរយៈការឆ្លងកាត់ទុក្ខលំបាក។
៤. ការរងទុក្ខបំផ្លាញនូវអំពើបាប។ មាននូវអំពើបាបជាច្រើនដែលសូម្បីតែអ្នកខ្លាំងក្នុងជំនឿក៏នៅចាញ់វាដែរ ប៉ុន្តែការរងទុក្ខនឹងជួយដកវាចេញពីយើង ដូចភ្លើងបន្សុទ្ធមាសអញ្ចឹង។ ភ្លើងនៃការរងទុក្ខដកចេញនូវរាល់ភាពមិនបរិសុទ្ធខាងឯព្រលឹងវិញ្ញាណដែលមានដូចជា៖ អំនួត តម្រេក សេចក្ដីលោភ និងអំពើរាប់លាន ជំពូកទៀត។ ការរងទុក្ខនឹងមិនដែលធ្វើឲ្យព្រលឹងរបស់យើងមានការឈឺចាប់នោះឡើយ ប៉ុន្តែវាគ្រាន់តែធ្វើឲ្យព្រលឹងយើងកាន់តែមានភាពបរិសុទ្ធ និងកាន់តែស្អាតទៅៗ។
៥. ការរងទុក្ខជួយយើងឲ្យដកចិត្តចេញពីលោកីយ៍។ បើយើងចង់ដកដើមឈើណាមួយចេញពីដី ជាដំបូងយើងត្រូវតែជីកដីនៅជុំវិញឫសវាជាមុនសិន។ ដូចគ្នានោះដែរ ព្រះជាម្ចាស់ទ្រង់ជីកកកាយនូវអ្វីដែលយើងគិតថាជា ភាពសុខស្រួល ខាងឯលោកីយ៍នេះ ដើម្បីឲ្យចិត្ដយើងលាលែងពីចំណងរបស់លោកីយ៍នេះ។ នេះជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះចិត្តរបស់យើងក្នុងការដែលទ្រង់ឲ្យយើងចាក់ឫសដ៏តូចមួយប៉ុណ្ណោះនៅលើផែនដីនេះ ហើយការរងទុក្ខក៏ជាការដែលជួយយើងឲ្យគ្រលែងខ្លួនចេញពីអ្វីៗផ្សេងៗទៀតដែលចិត្តរបស់យើងចង់ចាប់យកដោយភាពស្រេកឃ្លានខាងឯសាច់ឈាមរបស់យើងផង។
៦. ការរងទុក្ខជួយសម្រួលឲ្យយើងបានស្រួលចិត្ដពីការរងទុក្ខ។ កំហឹងរបស់ព្រះជាម្ចាស់រំងាប់ចោលនូវការឈឺចាប់ខាងក្រៅយើងដោយឲ្យយើងមានសេចក្ដីសន្តិភាពនៅខាងក្នុងយើង។ ព្រះយេស៊ូវបានសន្យាថា «អ្នករាល់គ្នានឹងព្រួយចិត្ត តែសេចក្ដីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាអំណរទៅវិញ» (យ៉ូហាន ១៦:២០)។ ពេលស្ថិតនៅក្នុងគ្រាទុក្ខលំបាក យើងឃើញថា សូម្បីតែទឹកក៏អាចផ្លាស់ឲ្យក្លាយទៅជាស្រា ហើយថ្នាំដ៏ល្វីងក៏អាចនឹងនាំមកនូវការព្យាបាលមានភាពស្រស់ស្រាយផងដែរ ប្រសិនបើយើងអនុញ្ញាតឲ្យព្រះធ្វើការ។ មានអ្នកជឿជាច្រើននឹងអះអាងថា ពេលដែលពួកគាត់កំពុងរងទុក្ខ ការនោះឯង គឺជាពេលដែលពួកគាត់បានមានអំណរជាខ្លាំង ហើយក៏មានភាពស្និទ្ធស្នាលក្រៃលែងជាមួយព្រះជាម្ចាស់ផងដែរ។
៧. ការរងទុក្ខបង្ហាញថាព្រះជាម្ចាស់គិតខ្ពស់អំពីយើង។ លោក យ៉ូប បានសួរថា «តើមនុស្សជាអ្វី ទើបព្រះទ្រង់អើពើចំពោះគេ ហើយតាំងព្រះហឫទ័យនឹកពីគេ» (យ៉ូប ៧:១៧)។ ការរងទុក្ខបង្ហាញថាព្រះជាម្ចាស់គិតខ្ពស់ពីយើង។ យើងមានហេតុផលយ៉ាងតិចណាស់បីចំណុចឯណោះ៖ ទី១ ព្រះអង្គបានបន្ទាបអង្គទ្រង់យ៉ាងទាប ដោយទ្រង់បានយកចំណាប់អារម្មណ៍គិតដល់រូបយើង។ ការនេះបង្ហាញថាយើងមានទីកន្លែងមួយក្នុង ពិភពលោករបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គបានមានព្រះប្រាជ្ញាញាណថា យើងស័ក្តិសមនឹងរួមបំណែកទទួលរងនូវទុក្ខលំបាករួមជាមួយព្រះអង្គ។ ទី២ ការរងទុក្ខគឺជាការបង្ហាញថា យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់។ «បើសិនជាអ្នករាល់គ្នាត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ» (ហេព្រើរ ១២:៧)។ ទី៣ ការរងទុក្ខបណ្ដាលឲ្យរាស្ត្ររបស់ព្រះជាម្ចាស់ល្បីនៅក្នុងព្រះរាជ្យរបស់ព្រះអង្គ។ ពួកទាហានមិនដែលទទួលបានការសរសើរលើសពីជ័យជម្នះរបស់ពួកគេឡើយ ហើយពួកបរិសុទ្ធរបស់ព្រះក៏មិនដែលល្បីលើសពីការរងទុក្ខរបស់ខ្លួនគេនោះដែរ។ បើនិយាយឲ្យខ្លីទៅ តើលោក យ៉ូប មិនល្បីលើសពីលោក អាឡិកហ្សានឌើរឌឹហ្គ្រេត (Alexander the Great) មែនដែរ ឬអី?
៨. ការរងទុក្ខគឺជាផ្លូវមួយនាំទៅកាន់នូវអំណរ។ ការរងទុក្ខនាំឲ្យមានអំណរដោយសារ ការនេះនាំឲ្យយើងកាន់តែមានភាពស្និទ្ធប្រកិតនឹងព្រះជាម្ចាស់។ នៅពេលដែលលោកខែពេញបារមី គឺពេលនោះឯងដែលវានៅសែនឆ្ងាយពីព្រះអាទិត្យ។ ដូចគ្នានោះដែរ មនុស្សជាច្រើន នៅពេលដែលពួកគាត់កំពុងមានទ្រព្យសម្បត្តិ មានគ្រប់អ្វីៗ នោះពួកគាត់ក៏អាចនៅឆ្ងាយបំផុតពីព្រះជាម្ចាស់ដែរ។ នៅពេលដែលព្រះជាម្ចាស់ដកភាពស្រណុកសុខស្រួលខាងឯផ្នែកសាច់ឈាមរបស់យើង នោះយើងនឹងចាប់ផ្ដើមរត់ទៅរកព្រះអង្គ ហើយព្យាយាមផ្សះផ្សានូវគន្លងខុសឆ្គងទាំងប៉ុន្មានជាមួយនឹងទ្រង់វិញ។ ប្រៀបទៅនឹងរឿងកូនពៅវង្វេងដែរ នៅពេល ដែលគាត់កំពុងមានកង្វះខ្វះខាត គាត់បានត្រឡប់ទៅរកឪពុករបស់គាត់វិញ (លូកា ១៥:១៣)។ ហើយ ស្រដៀងនឹងរឿងលោក ណូអេ ដែរ គឺពេលដែលសត្វព្រាបមិនមានកន្លែងសម្រាកនោះហើយ ទើបពួកវាបានហើរវិលត្រឡប់មករកទូកធំវិញ (លោកុប្បត្តិ ៨:៩)។ នៅពេលដែលព្រះជាម្ចាស់បណ្ដាលឲ្យយើងលង់ក្នុងសេចក្ដីទុក្ខលំបាក គិតអ្វីមិនចេញ ពេលនោះឯងគឺជាពេលដែលយើងនឹងហើរវិលត្រឡប់ទៅរកព្រះគ្រីស្ទដែលជាទូកដ៏ធំរបស់យើងនោះដែរ។
៩. ការរងទុក្ខធ្វើឲ្យមនុស្សអាក្រក់បិទមាត់ឈឹង។ មានអ្នកមិនជឿព្រះយេស៊ូវមួយចំនួនចូលចិត្តនិយាយឡើងថា៖ «គ្រីស្ទបរិស័ទបម្រើព្រះជាម្ចាស់ គ្រាន់តែដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពួកគេតែប៉ុណ្ណោះ»។ ដូច្នេះ ព្រះជាម្ចាស់ក៏អនុញ្ញាតឲ្យរាស្ត្ររបស់ព្រះអង្គ ប្រឈមមុខនឹងទុក្ខលំបាក ដើម្បីនឹងប្រើប្រាស់ការទាំងនោះ បំបិទមាត់អស់អ្នកដែលមួលបង្កាច់រាស្ត្ររបស់ទ្រង់ និងព្រះអង្គផ្ទាល់។ ដោយឃើញ និងដឹងឮអំពីការរងទុក្ខវេទនារបស់អ្នកបម្រើ របស់ព្រះជាម្ចាស់ដូច្នេះ អ្នកមួលបង្កាច់ទាំងប៉ុន្មានគេមិនអាចមានពាក្យពេចន៍តវ៉ា ដោយព្រោះថា ក្រុមគ្រីស្ទបរិស័ទមាននូវសក្ខីភាពក្នុងការបម្រើព្រះជាម្ចាស់ ហើយការបម្រើនេះ ក៏ដោយសារតែពួកគាត់ មាននូវសេចក្ដីស្រឡាញ់ស្មោះសរ មិនមែនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់នោះឡើយ ។
១០. ការរងទុក្ខគឺដើម្បីរៀបចំផ្លូវឲ្យយើងទទួលបាននូវសិរីល្អ។ ដូចជាការភ្ជួររាស់ដី ត្រៀមដាក់ដាំដំណាំ ដើម្បីទទួលបានផល ការរងទុក្ខក៏ជួយឲ្យយើងត្រៀមខ្លួន ដើម្បីទទួលនូវសិរីល្អនៃព្រះនោះដែរ។ ជាងគំនូរដ៏ឆ្នើមម្នាក់ គាត់ដឹងថាពណ៌មាសនឹងលេចធ្លូឡើងយ៉ាងស្រស់ស្អាត បន្ទាប់ពីលាបពណ៌ខ្មៅហើយ។ ក្នុងអត្ថន័យដូចគ្នា មុនដំបូង ព្រះជាម្ចាស់លាបពណ៌ខ្មៅ ដែលប្រៀបទៅនឹងការរងទុក្ខ នៅក្នុងជីវិតអ្នកបម្រើ និងអ្នកដើរតាម ព្រះអង្គ បន្ទាប់មកទើបទ្រង់លាបពណ៌មាស ដែលប្រៀបបានទៅនឹងសិរីល្អ។ ការរងទុក្ខមិនមែនជាឈ្នួលនៃការដែលយើងទទួលបាននូវសិរីល្អនោះទេ ប៉ុន្តែគឺជាការដែលជួយឲ្យយើងត្រៀមខ្លួនក្នុងការទទួលបានសិរីល្អនោះវិញ។
តាមរយៈចំណុចទាំងប្រមាណនេះ យើងឃើញថា ការរងទុក្ខមិននាំឲ្យអ្នកជឿមានការឈឺចាប់ឡើយ ប៉ុន្តែជាអត្ថប្រយោជន៍ទៅវិញ។ ដូច្នេះ យើងគួរតែបង្ហាត់បង្រៀនខ្លួនឯងឲ្យយល់ឃើញពីអត្ថប្រយោជន៍នៃការរងទុក្ខជាជាងទ្រឹងសញ្ជឹងគិតតែចំណុចអវិជ្ជមាន។ កុំឲ្យមើលតែចំណុចខ្មៅងងឹតនៃពពក តែចូរឲ្យមើលចំពោះផ្នែកដែលមានពន្លឺក្នុងពពកនោះវិញ។ អ្វីដែលព្រះជាម្ចាស់ទំនងនឹងធ្វើយ៉ាងធ្ងន់ធ្ងរបំផុតលើបុត្រាបុត្រី របស់ទ្រង់ នោះក៏ដើម្បីបង្វែរឲ្យរូបគេម្នាក់ៗវិលមកកាន់មាគ៌ាស្ថានសួគ៌ ពោលគឺបង្វែរឲ្យពួកគេចូលត្រឡប់មកកាន់អង្គទ្រង់ផ្ទាល់នោះវិញ។
មតិយោបល់
Loading…