in ,

ការ​សម្លាប់​ខ្លួន និង​សេចក្ដី​សង្គ្រោះ

ឥឡូវ​នេះ យើង​ទទួល​បាន​សារ​ជិត១០០សំណួរ​ដែល​អ្នក​ស្ដាប់​របស់​យើង​បាន​ផ្ញើរ​សារ​សួរ​ទាក់​ទង​ជា​មួយ​នឹង​សំណួរ​ដ៏​សំខាន់​មួយ​របស់​គ្រីស្ទ​បរិស័ទ​អំពី ការ​សម្លាប់​ខ្លួន និង​សេចក្ដី​សង្គ្រោះ។ សារ​សំណួរ​ថ្មីៗ​ទាំង​នេះ​ជា​ច្រើន​គឺ​ទាក់​ទង​ជា​មួយ​ការ​សម្លាប់​ខ្លួន​របស់​គ្រូ​គង្វាល។ លោក ភក្ដី ដែល​ជា​អ្នក​ស្ដាប់​ដ៏​ទៀង​ទាត់​របស់​យើង​បាន​សួរ​ថា «សួស្ដី​លោក​គ្រូ! ថ្មីៗ​នេះ គ្រួសារ​របស់​គ្រូ​គង្វាល​នៅ​ក្នុង​ក្រុម​ជំនុំ​ក្នុង​តំបន់​មួយ​បាន​សម្លាប់​ខ្លួន។ ដូច្នេះ តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ជឿ​ដែល​បាន​អះអាង​ថា​ខ្លួន​បាន​កើត​ហើយ​ជា​ថ្មី ដែល​បាន​សម្លាប់​ខ្លួន? តើ​នេះ​ជា​អំពើ​បាប​ដែល​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឬ? តើ​ការ​នេះ​បង្ហាញ​ថា បុគ្គល​ម្នាក់​មិនមែន​ជា​អ្នក​ជឿ​ដោយ​សារ​គាត់​មិន​មាន​ការ​តស៊ូ? ឬ​ក៏​វា​អាច​ទៅ​រួច​បាន​ទេ សម្រាប់​បុគ្គល​ណា​ម្នាក់​ដែល​បាន​សម្លាប់​ខ្លួន​ហើយ​នៅ​តែ​អាច​ទៅ​ស្ថាន​សួគ៌​បាន? ដូច្នេះ លោក​គ្រូ ទាំង​នេះ​ជា​សំណួរ​ពិបាក ប៉ុន្តែ​សំណួរ​ទាំង​នេះ​មិន​ថ្មី​សម្រាប់​លោក​គ្រូ​នោះ​ទេ។

ខ្ញុំ​បាន​ចូល​រួម​ជួយ​គេ​ជា​ច្រើន​នៅ​ពេល​មាន​នរណា​ម្នាក់​សម្លាប់​ខ្លួន។ ខ្ញុំ​បាន​សម្អាត​នៅ​ជាន់​ក្រោម​ដី បន្ទាប់​ពី​ប៉ូលិស​បាន​យក​សាកសព​របស់​បុរស​ម្នាក់​ដែល​បាន​បាញ់​ក្បាល​សម្លាប់​ខ្លួន​ឯង ហើយ​ខ្ញុំ​ក៏​ធ្លាប់​បោស​សម្អាត​ឈាម (និង​របស់​ផ្សេងៗ​ទៀត) ចូល​ក្នុង​ប្រដាប់​ចូក​សំរាម ហើយ​ចាក់​វា​ចូល​ទៅ​ក្នុង​ឡា​បូ ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​របស់​គាត់​ឃើញ​នូវ​អ្វី​ដែល​យើង​បាន​រក​ឃើញ។ ហើយ​ប្រាំ​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ​ពិធី​បុណ្យ​សព​របស់​គាត់។ គាត់​គឺ​ជា​អ្នក​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​ជឿ​ម្នាក់​ដែរ។ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​បុណ្យ​សព​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​លោត​តាម​បង្អួច​ចេញ​ពី​បន្ទប់​ដែល​បាន​ចាក់​សោ​នៅ​មន្ទីរពេទ្យ​តាម​ផ្លូវ​នៅ​ផ្ទះ​ខ្ញុំ ដែល​នាង​ត្រូវ​បាន​គេ​រក្សា​ទុក​យ៉ាង​មាន​សុវត្ថិភាព​ដោយ​សារ​ជំងឺ​ផ្លូវ​ចិត្ត​របស់​គាត់។ ហើយ​គាត់​ក៏​បាន​ស្លាប់​ដោយ​សារ​លោត​តាម​បង្អួច​នោះ។

Distrusting God
ការ​មិន​ទុក​ចិត្ត​ព្រះ​ជាម្ចាស់

ដូច្នេះ សូម​ឲ្យ​បាន​ដឹង​ច្បាស់​ឥឡូវ​នេះ​ចុះ។ ការ​សម្លាប់​ខ្លួន​គឺ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់។ នៅ​ទី​នេះ យើង​កំពុង​តែ​លេង​ជា​មួយ​ភ្លើង​ហើយ។ ការ​សម្លាប់​ខ្លួន​គឺ​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​ព្រលឹង​វិញ្ញាណ និង​អស់កល្ប​ជា​និច្ច។ វា​មិន​មែន​ជា​រឿង​តូច​តាច​នោះ​ទេ។ ហើយ​ចំពោះ​អស់​អ្នក​ដែល​កំពុង​អាន​អត្ថបទ​មួយ​នេះ ហើយ​កំពុង​តែ​បម្រុង​គិត​ចង់​សម្លាប់​ខ្លួន​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ពិចារណា​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​លើក​ឡើង៖ សូម​កុំ​ប្រព្រឹត្ត​ឡើយ! មាន​ជម្រើស​ប្រសើរ​ជាង​នេះ​ទៀត។ ខ្ញុំ​សន្យា​នឹង​បង​ប្អូន​ថា នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​នឹង​មាន​ជម្រើស​ប្រសើរ​ជាង​នេះ​មែន។ ប្រហែល​ឥឡូវ​នេះ លោក​អ្នក​មិន​មាន​អារម្មណ៍​ដូច​នេះ ប៉ុន្តែ​អារម្មណ៍​របស់​លោក​អ្នក​មិន​ពិត​ប្រាកដ​នោះ​ទេ។ វា​កំពុង​តែ​បោក​ប្រាស់​លោក​អ្នក។ វា​ជា​ការ​ពិត​ណាស់​ដែល​ថា ព្រះ​ជាម្ចាស់​មាន​ផ្លូវ​ផ្សេង​សម្រាប់​លោក​អ្នក។ ព្រះ​អង្គ​តែង​តែ​មាន​ផ្លូវ​មួយ​ផ្សេង​ទៀត។ សូម​រង​ចាំ​ទ្រង់ ហើយ​ស្វែង​រក​ជំនួយ​ដែល​លោក​អ្នក​ត្រូវ​ការ ពីព្រោះ​ព្រះ​គម្ពីរ​​ពិត​ជា​មាន​ភាព​តឹង​រ៉ឹង​ខ្លាំង​មែន​ទែន​ទាក់​ទង​អំពី​ការ​សម្លាប់​ខ្លួន​នេះ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:១៥ មាន​ចែង​ដូច​នេះ​ថា «អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សម្លាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សម្លាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ»។ ឥឡូវ​នេះ ការ​នោះ​គួរ​តែ​បំភ័យ​មនុស្ស​ណា​ដែល​គិត​បម្រុង​ចង់​បញ្ចប់​ជីវិត​ខ្លួន​ដោយ​ចង់​សម្លាប់​ខ្លួន​ឯង​ហើយ។ ដូច្នេះ តើ​ការ​នោះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ជីវិត​អស់​កល្ប​ជា​និច្ច និង​ការ​សម្លាប់​ខ្លួន​មិន​អាច​មាន​ក្នុង​ព្រលឹង​តែ​មួយ​បាន​នោះ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ សូម​ប្រុង​ប្រយ័ត្ន។ សូម​កុំ​យក​ការ​នេះ​ទៅ​ឆ្ងាយ​ជាង​ការ​ដឹក​នាំ​របស់​វា​ឡើយ។ តើ​គាត់​កំពុង​មាន​ន័យ​ថា គ្រប់​គ្នា​ដែល​ធ្លាប់​ស្អប់ គឺ​ជា​ម្នាក់​ដែល​ពេញ​ដោយ​ភាព​សម្អប់​មែន​ឬ? ប្រហែល​ជា​មិន​ដូច្នេះ​ទេ។ តើ​គាត់​កំពុង​មាន​ន័យ​ថា គ្រប់​គ្នា​ដែល​ធ្លាប់​ចង់​សម្លាប់​នរណា​ម្នាក់ គឺ​ជា​ឃាតករ​មែន​ឬ? នោះ​គឺ​ជា​សំណួរ​ដ៏​សំខាន់​មួយ។ ខ្ញុំ​គិត​ថា​ទេ។

ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរ​មាន​ចែង​ថា យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ (ម៉ាកុស ១៣:១៣; ហេព្រើរ ៣:១៤)។ «ដ្បិត​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត​មែន នោះ​ពិត​ជា​យើង​បាន​ត្រឡប់​ជា​អ្នក​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ហើយ»។ នេះ​គឺ​ជា​ការ​ព្រមាន​ដ៏​ធ្ងន់ធ្ងរ​មួយ។ ប៉ុន្តែ វា​មិន​មែន​មាន​ន័យ​ថា បទ​ពិសោធន៍​នៃ​ទំនុក​ចិត្ត​របស់​យើង​នៅ​ក្នុង​ព្រះ​ជាម្ចាស់​រហូត​ដល់​ទី​បញ្ចប់​គឺ​ល្អ​ឥត​ខ្ចោះ ដើម្បី​ឲ្យ​កុំ​យើង​ប្រព្រឹត្តិ​រំលង​ចំពោះ​អំពើ​បាប​ដែល​បោក​បញ្ឆោត​ថា យើង​មិន​បាន​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​យ៉ាង​ពេញ​ទី​នោះ​ទេ។ គ្រប់​អំពើ​បាប​ទាំង​អស់ រាល់​គ្រប់​អំពើ​បាប​របស់​ខ្ញុំ—អំពើ​បាប​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​រសៀល​នេះ ថ្ងៃ​ស្អែក ម្សិល​មិញ—គឺ​គ្រប់​ទាំង​អស់​មាន​ឫស​គល់​នៅ​ក្នុង​កម្រិត​ណា​មួយ​នៃ​ការ​មិន​ទុក​ចិត្ត​ក្នុង​សេចក្ដី​ល្អ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ជាម្ចាស់។ នៅ​ពេល​ដែល​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប នោះ​មិន​មែន​មាន​ន័យ​ថា ម្ដង​ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ ហើយ​ម្ដង​ខ្ញុំ​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា រង្វាស់​នៃ​ការ​មិន​ទុក​ចិត្ត​ក្លាយ​ជា​ការ​បង្ហាញ​នៅ​ក្នុង​ការ​ធ្វើ​បាប​នោះ​ទេ។ ខ្ញុំ​នៅ តែ​ជា​គ្រីស្ទ​បរិស័ទ។

ដូច្នេះ ការ​លើក​ឡើង​ថា យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ​រហូត​ដល់​ពេល​ចុង​ក្រោយ​ដោយ​ទំនុក​ចិត្ត​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​ត្រូវ​តែ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់​ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប ឬ​ក៏​ការ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ​បាន​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ នៅ​ក្នុង​ការ​មាន​ទំនុក​ចិត្ត​របស់​យើង យើង​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។

Our Last Act
ទង្វើ​ចុង​ក្រោយ​របស់​យើង

ឥឡូវ​នេះ សំណួរ​គឺ​ថា តើ​បុគ្គល​ដែល​សម្លាប់​ខ្លួន​ហើយ​អាច​ចូល​ស្ថាន​សួគ៌​បាន​ដែរ​ឬ​ទេ? យើង​អាច​សង្ខេប​សំណួរ​នេះ​ថា ប្រសិន​បើ​បុគ្គល​ម្នាក់​ដែល​បាន​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​ថា​ជា​ព្រះ​សង្គ្រោះ​របស់​គាត់ ជា​ព្រះ ​អម្ចាស់ និង​ជា​កំណប់​ទ្រព្យ​របស់​គាត់ តើ​ទង្វើ​ចុង​ក្រោយ​របស់​គាត់​នៅ​ក្នុង​ជីវិត​បង្ហាញ​ពី​ជំហរ​ដ៏​ពិត​របស់​គាត់​ក្នុង​នាម​ជា​កូន​របស់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? មាន​សំណួរ​គន្លឹះ​មួយ។ តើ​ទង្វើ​ចុង​ក្រោយ—នៅ​ក្នុង​ករណី​របស់​គាត់ គឺ​ជា​ការ​សម្លាប់​ខ្លួន—រាប់​ជា​ការ​សម្រេច​មួយ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ដោយ​បង្ហាញ​ថា យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ឬ​ក៏​អត់? តើ​ទង្វើ​ចុង​ក្រោយ​មួយ​នោះ​កំណត់​ថា​សេចក្ដី​ជំនឿ​របស់​យើង​ពិត​ឬ? ឬ​ក៏​ថា តើ​ទង្វើ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​នេះ​រាប់​ថា​ជា​ភស្តុតាង​បាន​ដែរ​ឬ​ទេ?

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ។ ការ​នេះ​បាន​ជួយ​មនុស្ស​ជា​ច្រើន​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចែក​ចាយ។ ខ្ញុំ​សង្ឃឹម​ថា​វា​ក៏​ជួយ​លោក​អ្នក​បាន​ដូច​គ្នា​ដែរ។ ឥឡូវ​នេះ​ខ្ញុំ​មាន​អាយុ៦៨ឆ្នាំ ឧបមា​ថា​នៅ​យប់​មួយ វា​អាច​នៅ​ចំណុច​ណា​មួយ​ក៏​បាន—ខ្ញុំ​បាន​ខឹង​ប្រពន្ធ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង រហូត​ដល់​ខ្ញុំ​ស្ទុះ​ចេញ​ពី​ផ្ទះ។ ខ្ញុំ​បាន​បិទ​ទ្វារ​មួយ​ទំហឹង។ ហើយ​រត់​តម្រង់​ទៅ​ឡាន ហើយ​បើក​ចេញ​ទៅ ហើយ​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​លើ​ខ្លួន​ឯង​បាន ហើយ​ខឹង​យ៉ាង​ខ្លាំង​ផង បាន​ធ្វើ​បាប​ខ្លាំង​មែន​ទែន—សូម​ឲ្យ​ខ្ញុំ​បាន​បន្ថែម​បន្តិច​ទៀត—ខ្ញុំ​មាន​កំហឹង​ដែល​ពោរ​ពេញ​ដោយ​អំពើ​បាប​រហូត​ដល់​ខ្ញុំ​ស្មាន​ខុស​ផ្លូវ​បត់​តូច​មួយ​នៅ​ត្រង់​នេះ ដែល​ជា​កន្លែង​មាន​បង្គោល​ភ្លើង​ប្រហែល​ជិត១ម៉ែត្រ​ពី​ផ្លូវ ហើយ​ខ្ញុំ​បាន​បើក​បុក​បង្គោល​នោះ​ដោយ​ល្បឿន​ប្រហែល១០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ជា​លទ្ធផល​ខ្ញុំ​ក៏​បាន​ស្លាប់។ ឥឡូវ​នេះ​ទង្វើ​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​ជា​អំពើ​បាប ហើយ​ខ្ញុំ​បាន​សម្លាប់​ខ្លួន​ឯង​ដោយ​សារ​អំពើ​បាប​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​មិន​មាន​បំណង​ក្នុង​ការ​សម្លាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង​ហើយ។ ហើយ​វា​ជា​អំពើ​បាប​ដែល​បាន​ធ្វើ​ឲ្យ​រឿង​នេះ​បាន​កើត​ឡើង។ ដូច្នេះ ទង្វើ​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ជា​អំពើ​បាប។ តើ​អំពើ​បាប​ចុង​ក្រោយ​នេះ​ជា​ការ​សម្រេច​ក្នុង​ការ​កំណត់​ថា តើ​ខ្ញុំ​បាន​កើត​ជា​ថ្មី​ដែរ​ឬ​ទេ?

ហើយ​ចម្លើយ​របស់​ខ្ញុំ​គឺ៖ មិន​ចាំ​បាច់​ដូច្នោះ​ទេ។ យើង​អាច​និយាយ​ម៉្យាង​ទៀត​ថា ព្រះ​ជាម្ចាស់​នឹង​មើល​ពី​ជីវិត​របស់​ខ្ញុំ។ ព្រះ​អង្គ​នឹង​មើល​ពី​ជីវិត​របស់​ខ្ញុំ​ទាំង​មូល និង​ភស្តុតាង​ដែល​ថា តើ​ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ឬ​ក៏​អត់ នឹង​ត្រូវ​បាន​វាយ​តម្លៃ​មិន​មែន​ដោយ​សារ​ការ​បរាជ័យ​មួយ​នោះ​តែ​ឯង​ជាង​ការ​បរាជ័យ​ផ្សេង​ទៀត​តែ​ឯង​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​ទង្វើ​ចុង​ក្រោយ​ត្រូវ​សម្រេច​នៅ​ពេល​ដែល​ទង្វើ​ផ្សេងៗ​ទៀត​ក៏​មាន​ភាព​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ?

Moments of Despair
ពេលវេលា​នៃ​ភាព​អស់​សង្ឃឹម

ដូច្នេះ សំណួរ​ចុង​ក្រោយ​គឺ​ថា៖ តើ​គ្រីស្ទ​បរិស័ទ​អាច​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ហើយ​មាន​ភាព​ខ្វាក់​ជា​បណ្ដោះ​អាសន្ន​ចំពោះ​សេចក្ដី​សង្ឃឹម​នៃ​ដំណឹង​ល្អ រហូត​ដល់​គាត់​ហ៊ាន​យក​ជីវិត​របស់​គាត់​នៅ​អំឡុង​ពេល​វេលា​នៃ​ភាព​អស់​សង្ឃឹម​ដែរ​ឬ​ទេ? ហើយ​ខ្ញុំ​គិត​ថា ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ បាទ​គឺ​អាច។

នោះ​គឺ​ជា​ការ​ជំនុំ​ជម្រះ​មួយ​ផ្នែក​របស់​ខ្ញុំ​ក្នុង​ការ​លើក​ឡើង​ថា មាន​ពេលវេលា​នៃ​ភាព​អស់​សង្ឃឹម​ចូល​មក ហើយ​ក៏​ចេញ​ទៅ​វិញ​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ។ វា​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​ក្នុង​ការ​លើក​ឡើង​បែប​នេះ ដោយ​សារ​យើង​ទាំង​អស់​គ្នា​ងាយ​ចាញ់​បោក​ក្នុង​ការ​ទទួល​សេចក្ដី​បញ្ឆោត ហើយ​យើង​គួរ​តែ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ព្យាយាម​ជួប​ព្រះ​យេស៊ូវ​តាម​រយៈ​ការ​សម្លាប់​ខ្លួន​បែប​នេះ។ នេះ​គឺ​ជា​ជម្រើស​ដ៏​អាក្រក់​បំផុត។ ប៉ុន្តែ រវាង​ភាព​ភ័យ​ខ្លាច​ដែល​យើង​មាន​អារម្មណ៍​ចំពោះ​ជម្រើស​នោះ និង​ភាព​អស់​សង្ឃឹម​សម្រាប់​ជន​រង​គ្រោះ​របស់​អ្នក​សម្លាប់​ខ្លួន រវាង​អ្នក​ទាំង​ពីរ​នោះ​ខ្ញុំ​កំពុង​តែ​គ្រវី​ទង់​នៃ​សេចក្ដី​សង្ឃឹម​មួយ​ដែល​ថា ជំនឿ​ដ៏​ពិត​ប្រាកដ​អាច​មាន​រដូវ​កាល​នៃ​ភាព​អស់​សង្ឃឹម​នោះ។

ទង្វើ​នៃ​ការ​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​ឯង​មិន​មែន​ជា​ចំណុច​ជាក់​លាក់​ដែល​សំខាន់​ក្នុង​ការ​សន្មត​ថា​បុគ្គល​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ ឬ​ក៏​អត់​នោះ​ទេ។ ព្រះ​ជាម្ចាស់​ឲ្យ​តម្លៃ​លើ​ជីវិត​ទាំង​មូល។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី កែវ សិរីវុឌ្ឍី, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំ​បាន​​ជេរ​អ្នក​ហើយ

ការលន់តួ