ចំណុចស្នូល៖ ការអធិស្ឋានមានប្រសិទ្ធភាពក្នុងរាល់កាលៈទេសៈ ដូច្នេះចូរអធិស្ឋានដើម្បីតយុទ្ធនឹងអំពើបាប និងអធិស្ឋានដោយមានភាពឆេះឆួល។
«ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។ លោក អេលីយ៉ា ជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង» (យ៉ាកុប ៥:១៦-១៨ គកស)។
ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយយើងក្នុងការលូតលាស់ឡើងក្នុងការអធិស្ឋាន ហើយអធិស្ឋានឲ្យបានត្រឹមត្រូវ ដែលនេះមានរួមទាំងការដែលយើងនៅបន្តអធិស្ឋាន និងការទុកចិត្តព្រះអង្គពេលយើងអធិស្ឋាន។ ហើយលើសពីនេះទៅទៀត ដើម្បីឲ្យយើងអាចអធិស្ឋានឲ្យមានប្រសិទ្ធភាពបាន គឺយើងត្រូវតែអធិស្ឋានដោយចងចាំថា យើងកំពុងតែស្ថិតក្នុងសង្គ្រាមខាងឯព្រលឹងវិញ្ញាណ ដូចដែលកណ្ឌគម្ពីរ អេភេសូរ ៦:១២ បានប្រាប់យើង។ នេះជាការពណ៌នាអំពីខ្មាំងសត្រូវរបស់យើង៖ «ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ»។
I. អធិស្ឋានដើម្បីតយុទ្ធនឹងអំពើបាប
យើងអាចធ្វើការនេះបានក្នុងរបៀបពីរយ៉ាងគឺ ១. យើងលន់តួបាប ២. យើងអធិស្ឋានសម្រាប់គ្នាទៅវិញទៅមក។
១. ការលន់តួបាប
«ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក» (ខ១៦)។ តើយើងគួរលន់តួបាបរបស់យើងទៅកាន់អ្នកណាខ្លះ? ដំបូង យើងត្រូវលន់តួបាបយើងទៅកាន់ព្រះជាម្ចាស់ អ្នកដទៃ និងក្រុមជំនុំទាំងមូល។
ក. ចំពោះព្រះជាម្ចាស់
នៅត្រង់កន្លែងនេះ ទោះបើខគម្ពីរនេះមិនបានប្រាប់យើងយ៉ាងចំៗអំពីការនេះក៏ដោយ ក៏ខ្ញុំចង់មានន័យថា ឲ្យយើងលន់តួបាបខ្លួនឯងផ្ទាល់ជាមុនដំបូងសិនទៅកាន់ព្រះជាម្ចាស់ ដែលយើងបានប្រព្រឹត្តទាស់នឹងទ្រង់ ហើយសូមឲ្យទ្រង់អត់ទោសបាបឲ្យយើង មិនថាយើងបានប្រព្រឹត្តអំពើបាបនោះដោយចេតនា ឬក៏អចេតនាក្ដី។ តាមរយៈការនេះ នោះទើបយើងអាចហ៊ានលន់តួបាបទៅកាន់បុគ្គលដែលយើងបានធ្វើខុស ឬក៏ក្រុមជំនុំទាំងមូលបាន។
កណ្ឌគម្ពីរ ១យ៉ូហាន ១:៩-១០ បានចែងថា «ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។ ប្រសិនបើយើងពោលថា យើងមិនដែលធ្វើបាបសោះ នោះយើងធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហក ហើយព្រះបន្ទូលព្រះអង្គមិនស្ថិតនៅក្នុងយើងទេ»។
ខ. ចំពោះបុគ្គល
ចូរលន់តួបាបដែលយើងបានប្រព្រឹត្តទាស់នឹងបុគ្គលណាម្នាក់ជាមួយនឹងគាត់ផ្ទាល់។ តាមរយៈការធ្វើបែបនេះ គឺយើងកំពុងតែបង្ហាញថា យើងកំពុងតែអនុវត្តសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៥:២៤៖ «នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក»។
មានគ្រួសារគ្រីស្ទបរិស័ទជាច្រើនតែងតែឈ្លោះប្រកែកគ្នានៅពេលដែលពួកគាត់រៀបចំចេញដំណើរទៅទីកន្លែងណាមួយ អញ្ចឹងសំណួរដែលខ្ញុំចង់សួរទៅកាន់យើងរាល់គ្នាគឺថា៖ តើយើងរាល់គ្នាបានសុំទោសគ្នាទៅវិញទៅមកហើយឬនៅទាក់ទងនឹងការឈ្លោះប្រកែកគ្នានេះ?
គ. ចំពោះក្រុមជំនុំ
ការលន់តួបាបទីបីគឺថា ប្រសិនបើយើងបានប្រព្រឹត្តអំពើបាបទាស់នឹងក្រុមជំនុំទាំងមូល នោះដាច់ខាតយើងត្រូវតែលន់តួបាបទាំងអស់នោះទៅកាន់ក្រុមជំនុំទាំងមូលនោះផងដែរ ។ នេះមានន័យថា ប្រសិនបើយើងបានធ្វើអ្វីមួយដែលប៉ះពាល់កេរ្តិ៍ឈ្មោះព្រះវិហារ ឬក៏ក្រុមណាមួយ ដាច់ខាតយើងត្រូវតែសុំទោសដល់ស្ថាប័ននោះទាំងមូលតែម្ដង។
២. អធិស្ឋានសម្រាប់គ្នាទៅវិញទៅមក
របៀបទី២ដែលយើងអាចអធិស្ឋាន ដើម្បីតយុទ្ធនឹងអំពើបាបគឺយើងអធិស្ឋានសម្រាប់គ្នាទៅវិញទៅមក។ ព្រះគម្ពីរបានចែងនូវខគម្ពីរជាច្រើន ដែលបានបង្គាប់ឲ្យយើងអធិស្ឋានសម្រាប់អ្នកជឿផ្សេងៗ។ ចូរយើងមើលខគម្ពីរមួយចំនួនជាមួយគ្នា៖
ក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:១៨ សាវ័ក ប៉ុល បានលើកទឹកចិត្តឲ្យយើងអធិស្ឋានសម្រាប់ពួកបរិសុទ្ធដែលជាអ្នកជឿ។ កណ្ឌគម្ពីរ ១ធីម៉ូថេ ២:១ មានចែងដូចតទៅ «ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់»។
ក្នុងកណ្ឌគម្ពីរ កូឡូស ៤:២-៣ សាវ័ក ប៉ុល បានលើកទឹកចិត្តឲ្យក្រុមជំនុំប្ដេជ្ញាចិត្តក្នុងការចំណាយពេលអធិស្ឋានចាំយាមដោយមានឥរិយាបថអរព្រះគុណ។ អធិស្ឋានសម្រាប់សាវ័ក ប៉ុល និងអស់អ្នកដែលកំពុងធ្វើព័ន្ធកិច្ចជាមួយនឹងគាត់។ នេះមានន័យថា យើងត្រូវតែចំណាយពេលវេលាជាច្រើនក្នុងការអធិស្ឋានសម្រាប់អ្នកដែលជឿផ្សេងៗទៀត។ បើយើងជាគ្រូគង្វាល យើងគួរតែចំណាយពេលវេលាអធិស្ឋានសម្រាប់សមាជិក។ ហើយបើយើងជាសមាជិក នោះយើងគួរតែអធិស្ឋានសម្រាប់សមាជិកផ្សេងៗទៀត និងសម្រាប់អ្នកដឹកនាំផងដែរ។ ប្ដីដែលជាអ្នកជឿគួរចំណាយពេលវេលាអធិស្ឋានសម្រាប់ប្រពន្ធដែលជាអ្នកជឿ ហើយប្រពន្ធក៏គួរតែអធិស្ឋានសម្រាប់ប្ដីវិញផងដែរ។ ហើយយើងក៏អាចអធិស្ឋានសម្រាប់កូនៗ ពូមីង យាយតា ដែលជាអ្នកជឿ។ ជាការពិតណាស់! យើងក៏គួរតែចំណាយពេលវេលាអធិស្ឋានសម្រាប់អស់អ្នកដែលមិនទាន់ទទួលជឿ ដើម្បីឲ្យពួកគាត់បានទទួលជឿ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់ផ្ដោតលើត្រង់នេះគឺថា យើងគួរចំណាយពេលអធិស្ឋានជាច្រើនសម្រាប់អ្នកជឿ៖ គឺយើងអធិស្ឋានសម្រាប់អ្នកជឿច្រើនជាងអ្នកមិនទាន់ជឿ។ នោះគឺជាអ្វីដែលយើងឃើញសាវ័ក ប៉ុល កំពុងតែលើកឡើង។ បើយើងកំពុងតែចែចង់ តាមស្រឡាញ់នរណាម្នាក់ដែលជាអ្នកជឿដែរ នោះចូរយើងចំណាយពេលអធិស្ឋានឲ្យគ្នាទៅវិញទៅមកមុននឹងយើងសម្រេចចិត្តរៀបការជាប្ដីប្រពន្ធ។ នៅពេលដែលខ្ញុំចាប់ផ្តើមចេះស្រឡាញ់មនុស្សស្រី កាលហ្នឹងខ្ញុំរៀននៅថ្នាក់ទី៧ ខ្ញុំក៏ចាប់ផ្ដើមអធិស្ឋានសម្រាប់គូរអនាគត ហើយខ្ញុំក៏សូមឲ្យមិត្តភក្ដិរបស់ខ្ញុំអធិស្ឋានទូលសូមសម្រាប់ខ្ញុំផងដែរ។ បន្ទាប់ពីខ្ញុំបានភ្ជាប់ពាក្យរួចមក មានមិត្តភក្ដិរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា គាត់បានអធិស្ឋានសម្រាប់គូរអនាគតរបស់ខ្ញុំតាំងពីគាត់ស្គាល់ខ្ញុំនៅឆ្នាំ២០០៥។ ហើយនៅឆ្នាំ២០១៨ ខ្ញុំក៏បានរៀបការ ការនេះគឺជាការឆ្លើយតបនៃសេចក្ដីអធិស្ឋានរបស់ព្រះជាម្ចាស់។
II. អធិស្ឋានដោយមានភាពឆេះឆួល
ជាចុងក្រោយ ដើម្បីឲ្យយើងអាចអធិស្ឋានដោយមានប្រសិទ្ធភាពបាន ដាច់ខាតគឺយើងត្រូវតែអធិស្ឋានដោយមានភាពឆេះឆួល។ ក្រោមចំណុចនេះ ខ្ញុំមានពីរចំណុចទៀតដែលខ្ញុំចង់ចែកចាយ៖ ក. សូមកុំឈប់បន្តអធិស្ឋាន ខ. ចូរអធិស្ឋាន ដើម្បីឃើញព្រះធ្វើការ។
ក. សូមកុំឈប់បន្តអធិស្ឋាន
ទាក់ទងនឹងឃ្លាចុងក្រោយក្នុងខ១៦ «…ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់»។ សូមកត់សម្គាល់ត្រង់ចំណុចដែលលោក យ៉ាកុប មិនបានលើកឡើង «ពាក្យអធិស្ឋានរបស់វីរជនខាងឯវិញ្ញាណ»។ ប៉ុន្តែ គាត់លើកឡើងអំពីគ្រីស្ទបរិស័ទដែលសុចរិត ដែលទទួលបានសេចក្ដីសុចរិតរបស់គាត់ពីព្រះគ្រីស្ទ ហើយរស់នៅដោយបង្ហាញពីភាពសុចរិតផ្នែកសីលធម៌។ នោះគឺជាអ្វីដែលលោក យ៉ាកុប កំពុងតែផ្ដោតទៅលើ៖ គឺជាសេចក្ដីសុចរិតដែលបានបង្ហាញក្នុងជីវិតរស់នៅជាប្រចាំថ្ងៃ។
អស់អ្នកដែលមានជីវិតសុចរិតនឹងពូកែក្នុងការអធិស្ឋាន។ ទាក់ទងនឹងពាក្យ «មានប្រសិទ្ធភាព» លោក យ៉ាកុប កំពុងតែចង់មានន័យថា យើងអធិស្ឋានដោយចេញពីដួងចិត្តរបស់យើងផ្ទាល់ គឺមិនមែនគ្រាន់តែលើកពាក្យពេចន៍តែប៉ុណ្ណោះទេ។ ប៉ុន្តែ គឺថាយើងពិតជាជឿនូវលើអ្វីដែលយើងកំពុងតែទូលសូមពីព្រះអង្គមែន។ នេះគឺប្រៀបដូចជាពេលដែលយើងខូចចិត្ត ហើយយើងស្រែកយំចេញពីដួងចិត្តយើងផ្ទាល់យ៉ាងឈឺចាប់។
យើងដឹងហើយថា ការអធិស្ឋានគឺជាការពិបាក ប៉ុន្តែនោះគឺជាអ្វីដែលយើងត្រូវតែធ្វើ។ ហើយប្រសិនបើយើងពិតជាអធិស្ឋានដោយជឿថាវាសំខាន់មែន នោះទុក្ខលំបាករបស់យើងហាក់បីដូចជាបានធូរស្បើយ។ ត្រង់ចំណុចនេះ មនុស្សសុចរិតគឺសំដៅទៅលើមនុស្សដ៏សាមញ្ញ ដែលស្មោះត្រង់ ជាបុគ្គលដែលមានការជំរុញចិត្ត និងការផ្ដោតជំនឿដែលជាបុគ្គលដែលព្រះជាម្ចាស់បានទតមើលគាត់ថា ជាមនុស្សសុចរិត។ ដូច្នេះហើយបានជាការអធិស្ឋានរបស់គាត់មានប្រសិទ្ធភាពណាស់។
យើងត្រូវតែអធិស្ឋានដោយមានភាពឆេះឆួល។ តើយើងអាចធ្វើបានដោយរបៀបណា? ជាដំបូង សូមកុំឈប់អធិស្ឋានឡើយ។ តើយើងអាចអធិស្ឋានដោយមិនឈប់បានដោយរបៀបណា? ចម្លើយគឺ៖ យើងត្រូវរស់នៅដោយសុចរិត។ តើយើងអាចរស់នៅដោយសុចរិតបានដោយរបៀបណា? យើងអាចរស់នៅដោយសុចរិតបានដោយរស់នៅដោយស្មោះត្រង់ ពោលគឺយើងត្រូវមានភាពស្មោះត្រង់ក្នុងការអធិស្ឋានជារៀងរាល់ថ្ងៃ មិនមែនគ្រាន់តែអធិស្ឋាននៅពេលដែលយើងប្រឈមមុខនឹងទុក្ខលំបាក ឬគ្រោះអាសន្ននោះទេ។ តើយើងអាចអធិស្ឋានដោយរបៀបណាដោយបង្ហាញថា យើងកំពុងតែអធិស្ឋានដោយស្មោះត្រង់? កណ្ឌគម្ពីរ អេភេសូរ ៦:១៨ បានចែងថា៖ «ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់»។ មានចំណុចជាច្រើនដែលយើងអាចលើកឡើង ដើម្បីយកមកបកស្រាយខគម្ពីរមួយនេះ ប៉ុន្តែមានចំណុចស្នូល៥យ៉ាង ដែលសាវ័ក ប៉ុល កំពុងតែមានប្រសាសន៍ត្រង់នេះទាក់ទងនឹងរបៀបដែលយើងត្រូវអធិស្ឋាន៖ ១) អធិស្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ ២) សូមបន្តអធិស្ឋាន ៣) អធិស្ឋានដោយពឹងលើព្រះជាម្ចាស់ ៤) អធិស្ឋានចាំយាម និង ៥) អធិស្ឋានសម្រាប់អ្នកដទៃ។
លោក យ៉ាកុប បានយកលោក អេលីយ៉ា ជាគំរូសម្រាប់ «…ពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់» ព្រោះប្រសិនបើយើងពិនិត្យមើលក្នុងកណ្ឌគម្ពីរពង្សាវតារក្សត្រខ្សែទី១&២ នោះយើងនឹងឃើញថាលោក អេលីយ៉ា យល់អំពី៖
- តម្លៃនៃការអធិស្ឋានដោយមានភាពឆេះឆួល
- ទំនាក់ទំនងរវាងសេចក្ដីសុចរិត និងការអធិស្ឋាន
- អ្វីដែលការអធិស្ឋានអាចសម្រេចបាន
- ការរងទុក្ខគឺជាលទ្ធផលដែលកើតចេញពីអំពើបាប
- ចំណុចសំខាន់នៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការអធិស្ឋាន
លោក យ៉ាកុប សន្មតថា អ្នកអានសំបុត្ររបស់គាត់ស្គាល់អំពីដំណើររឿងរបស់ហោរា អេលីយ៉ា ពីព្រោះលោក អេលីយ៉ា បើយោងតាមប្រពៃណីពួកសាសន៍យូដាគឺប្រៀបធៀបជាលោក ម៉ូសេ ទី២។ គេបានគិតថាលោក អេលីយ៉ា នឹងមកវិញ ដើម្បីស្ដារសាសន៍អ៊ីស្រាអែលឡើងវិញក្នុងការរៀបចំសម្រាប់ថ្ងៃរបស់ព្រះអម្ចាស់ ហើយបើយោងតាមព្រះយេស៊ូវផ្ទាល់គឺត្រូវបានបំពេញឡើងក្នុងព័ន្ធកិច្ចរបស់លោក យ៉ូហាន-បាទីស្ទ។ ព្រះគម្ពីរសញ្ញាថ្មីបានលើកឡើងអំពីឈ្មោះរបស់ហោរា អេលីយ៉ា ៣០ដង ដែលនេះច្រើនណាស់ បើប្រៀបធៀបទៅនឹងឈ្មោះរបស់លោក ម៉ូសេ លោក អ័ប្រាហាំ និងស្ដេច ដាវីឌ។ ឈ្មោះហោរា អេលីយ៉ា មានច្រើនជាងបុគ្គលទាំងបីនាក់នោះទៅទៀត។ គេបានឲ្យតម្លៃលើហោរា អេលីយ៉ា យ៉ាងខ្ពស់ដល់ថ្នាក់ថា មានមនុស្សមួយចំនួនបានប្រៀបធៀបទៅជាវីរបុរសដ៏ឆ្នើមម្នាក់លើសអ្នកផ្សេងៗទៀត ប្រៀបដូចជាអ្នកក្លាហានខ្លាំងណាផ្សេងទៀតក្នុងរឿងច្នៃប្រឌិត។
ប្រហែលជាបងប្អូនកំពុងងឿងឆ្ងល់ថា តើគួរឲ្យខ្លួនយកគំរូនៃការអធិស្ឋានដោយមានប្រសិទ្ធភាពចេញពីជីវិតរបស់ហោរា អេលីយ៉ា មកអនុវត្តបានយ៉ាងដូចម្ដេច? សូមកត់សម្គាល់អំពីការពណ៌នាដែលលោក យ៉ាកុប លើកឡើងអំពីហោរា អេលីយ៉ា «លោក អេលីយ៉ា ជាមនុស្សដែលមានចិត្តដូចយើងដែរ»។ បើនិយាយឲ្យខ្លីទៅហោរា អេលីយ៉ា គឺជាមនុស្សដែលមានសាច់ឈាមដូចយើង។ គាត់ក៏បានរងទុក្ខដូចយើង ហើយក៏បានតយុទ្ធនឹងបញ្ហាមួយចំនួនដូចយើងផងដែរ ដូចជាភាពត្រេកត្រអាល ការច្រណែន អំនួត។ល។
ចំណុចខុសគ្នារវាងហោរា អេលីយ៉ា និងយើងសព្វថ្ងៃនេះគឺត្រង់ថាគាត់គឺជាបុគ្គលម្នាក់ដែលមានពេញទៅដោយជំនឿ។ ត្រង់នេះខ្ញុំចង់មានន័យថា ក្នុងការអធិស្ឋានរបស់គាត់ គឺគាត់មិនមែនជាមនុស្សដែលមានមុខពីរ ហើយគាត់ក៏គ្មានភាពមិននឹងនរក្នុងរាល់ផ្លូវជីវិតរបស់គាត់នោះដែរ។ ទោះជាយ៉ាងណាក្ដី អ្នកជឿសព្វថ្ងៃនេះក៏មានអំណាចក្នុងការអធិស្ឋានដូចដែលហោរា អេលីយ៉ា មានផងដែរ។ យើងមានជម្រើសថា តើយើងនឹងអធិស្ឋានដែរឬទេ? ហើយលើសពីនោះគឺថា តើយើងនឹងអធិស្ឋាន ដោយមានជំនឿឬក៏អត់? ដើម្បីឲ្យកាន់តែស៊ីគ្នានឹងប្រធានបទត្រង់នេះគឺថា៖ តើយើងពិតជាជឿថាការអធិស្ឋានមានប្រសិទ្ធភាពឬក៏អត់? ឬក៏យើងមិនជឿថា ព្រះជាម្ចាស់នឹងឆ្លើយតបការអធិស្ឋានរបស់យើងមែនឬ? សូមអានកណ្ឌគម្ពីរ ហេព្រើរ ១១ ប្រសិនបើបងប្អូនចង់ឃើញបន្ថែមទៀតអំពីគំរូនៃជំនឿ។
ខ. សូមអធិស្ឋាន ដើម្បីឃើញព្រះធ្វើការ
នៅក្នុងចុងខ១៧-១៨ បានចែងដូចតទៅ៖ «…តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំ ប្រាំមួយខែ។ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង»។ យើងដឹងហើយថា មនុស្សអាចធ្វើនូវអ្វីៗបានដ៏អស្ចារ្យជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់អាចបំផ្លាស់បំប្រែអាកាសធាតុបានឡើយ។ តែទោះជាយ៉ាងណាក្ដី ក៏លោក យ៉ាកុប បានបង្ហាញឲ្យយើងឃើញថាតាមរយៈការអធិស្ឋានហោរា អេលីយ៉ា ដែលមានសណ្ឋានដូចយើងអាចបំផ្លាស់បំប្រែអាកាសធាតុបាន។ តើយើងជឿទេថា ការអធិស្ឋានរបស់យើងអាចជះឥទ្ធិពលលើអាកាសធាតុ? ការអធិស្ឋានអាចសម្រេចបាននៅរឿងល្អៗដ៏អស្ចារ្យជាច្រើន។
«ប៉ុន្តែ តាមពិតទៅ មិនមានឃើញការសរសេរចុះអំពីការដែលហោរា អេលីយ៉ា បានអធិស្ឋានឲ្យភ្លៀងឈប់ធ្លាក់ ឬក៏ឲ្យភ្លៀងធ្លាក់នោះទេ។» នោះគឺជាការសង្កេតដ៏ត្រឹមត្រូវហើយ។ ចំណុចពិតគឺថាភាសាដែលបានប្រើប្រាស់ឡើងអំពីហោរា អេលីយ៉ា ក្នុងកណ្ឌគម្ពីរ ១ពង្សាវតារក្សត្រ ១៧:១ បានលើកឡើងអំពីការអធិស្ឋាន។ ហើយការពណ៌នាមុនពេលធ្លាក់ភ្លៀងក្នុងកណ្ឌគម្ពីរ ១ពង្សាវតារក្សត្រ ១៨:៤២ ក៏បានលើកឡើងអំពីការអធិស្ឋានផងដែរ៖ «ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯលោកអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំ កើមែល ក្រាបចុះដល់ដី ដាក់មុខនៅកណ្ដាលក្បាលជង្គង់»។ ហោរា អេលីយ៉ា អធិស្ឋានដោយដឹងថា ព្រះជាម្ចាស់នឹងឆ្លើយតបសំណូមពរអធិស្ឋានរបស់គាត់។ តើយើងនឹងអធិស្ឋានដោយជឿជាក់ថា ព្រះជាម្ចាស់នឹងឆ្លើយតបដែរឬទេ? ហោរា អេលីយ៉ា បានអធិស្ឋាន ដើម្បីឃើញព្រះជាម្ចាស់សម្រេចព័ន្ធកិច្ចរបស់ទ្រង់។
កណ្ឌគម្ពីរ ១ពង្សាវតារក្សត្រ ជំពូក១៩ បានប្រាប់យើងអំពីពេលដែលហោរា អេលីយ៉ា បង្គាប់ឲ្យអ្នកបម្រើរបស់គាត់ប្រាំពីរដងក្នុងការឲ្យត្រឡប់ទៅវិញ ហើយមើលពពកនៅឯសមុទ្រ ដើម្បីរកចំណុចសម្គាល់នៃការធ្លាក់ភ្លៀង។ អ្នកបម្រើរបស់គាត់នៅបន្តប្រាប់គាត់ថា គាត់មិនបានឃើញទេ ទាល់តែដល់លើកទីប្រាំពីរ ទើបគាត់ឃើញដុំពពកមួយមានទំហំស្មើនឹងកណ្ដាប់ដៃមនុស្សប្រុស។ ហើយចុងជំពូកក៏បានបញ្ចប់ដោយប្រាប់យើងថា មានការធ្លាក់ភ្លៀងយ៉ាងជោរជន់។
ដូចដែលព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់សំណូមពរអធិស្ឋានរបស់ហោរា អេលីយ៉ា នោះព្រះអង្គក៏ព្រះសណ្ដាប់យើងដែរ ហើយទ្រង់ក៏កំពុងតែព្រះសណ្ដាប់យើងឥឡូវនេះផងដែរ។ ចំណុចមួយនេះគឺជាការរម្លឹកដល់យើងថា សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតគឺមានប្រសិទ្ធភាពណាស់។
ហេតុអ្វីបានជាលោក យ៉ាកុប ប្រើប្រាស់ការធ្លាក់ភ្លៀងជាការបង្ហាញអំពីសេចក្ដីអធិស្ឋាន? មូលហេតុគឺដោយសារទឹកភ្លៀងនាំឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសឲ្យដីជោរជន់ងាយនឹងបង្កើតផលបាន។ ដូចគ្នាផងដែរ ការអធិស្ឋានដោយជំនឿនឹងនាំឲ្យមានភាពស្រស់ស្រាយ ធូរស្បើយ ចំពោះបុគ្គលដែលកំពុងឈឺ (៥:១៥)។ ហោរា អេលីយ៉ា គឺជាគំរូចំពោះអ្នកអានទាក់ទងទៅនឹងការអធិស្ឋានត្រង់ថា យើងក៏អាចសម្រេចបាននូវសំណូមពរអធិស្ឋានដូចគាត់ផងដែរ ប្រសិនបើយើងអធិស្ឋានក្នុងជំនឿដោយមានជីវិតរស់នៅដោយសុចរិត។
ការអនុវត្ត
យើងគួរតែប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងជីវិតអធិស្ឋានដោយមានភាពឆេះឆួល។ ទាក់ទងនឹងការរៀបចំផែនការរកស៊ីក៏យើងគួរតែលើកឡើងថា «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ…» ហើយឲ្យយើងបន្តតស៊ូក្នុងការរងទុក្ខ ដោយស្វែងរកការព្យាបាល ហើយទូលសូមការអត់ទោសពីព្រះជាម្ចាស់។ យើងត្រូវតែរស់នៅដោយស្រោចស្រង់ជីវិតយើងដោយការអធិស្ឋាន។ ហេតុអ្វី? ពីព្រោះព្រះជាម្ចាស់បានបង្គាប់យើងដែលជាអ្នកជឿឲ្យធ្វើបែបនោះ។ ហើយលើសពីនោះទៅទៀត ព្រះអង្គក៏កំពុងត្រៀមព្រះទ័យក្នុងការព្រះសណ្ដាប់នូវសំណូមពររបស់យើង ដ្បិតទ្រង់យកចិត្តទុកដាក់នឹងយើង។ កណ្ឌគម្ពីរ ហេព្រើរ ៧:២៥ បានចែងដូចតទៅ ដោយថាព្រះយេស៊ូវ «អាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ»។
ខ្ញុំសង្ឃឹមថា យើងនឹងយកអ្វីដែលយើងបានពិនិត្យមើលជាមួយគ្នាទៅអនុវត្ត ដ្បិតការអធិស្ឋានមានប្រសិទ្ធភាពក្នុងរាល់កាលៈទេសៈនៃជីវិតរស់នៅរបស់យើង ជាពិសេសនៅពេលដែលយើងអធិស្ឋាន ដើម្បីតយុទ្ធនឹងអំពើបាប និងអធិស្ឋានដោយមានភាពឆេះឆួល។
មតិយោបល់
Loading…