in ,

កត្តា​ជំរុញ​ចិត្ត​បី​យ៉ាង​ដើម្បី​អធិស្ឋាន

ហេតុ​អ្វី​បាន​ជា​យើង​ចំណាយ​ពេល​វេលា និង​កម្លាំង​យើង​ក្នុង​ការ​អធិស្ឋាន? នេះ​គឺ​ជា​សំណួរ​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់​នៅ​ខែ​ធ្នូ ឆ្នាំ២០០៧ ថា៖ «ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា៖ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ នេះ​គឺ​ជា​អ្វី​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​លើក​ឡើង៖

១. ព្រះ​ជាម្ចាស់​បង្គាប់​យើង​ឲ្យ​អធិស្ឋាន

ទី១ យើង​គួរ​តែ​អធិស្ឋាន​ដោយ​សារ​ព្រះ​ជាម្ចាស់​បាន​បង្គាប់​យើង​ជា​ច្រើន​លើក​ច្រើន​សារ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ធ្វើ​បែប​នោះ។ តើ​ព្រះ​ជាម្ចាស់​មិន​បាន​បង្គាប់​យើង​ឲ្យ​អធិស្ឋាន​ទេ​ឬ​អី? នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន៖

  • យ៉ាកុប ៥:១៦ «ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ»។ តើ​មាន​អ្នក​ជំងឺ​ប៉ុន្មាន​នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​ដោយ​សារ​យើង​មិន​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ព្រះ​ជាម្ចាស់​នឹង​សព្វ​ព្រះ​ទ័យ​ក្នុង​ការ​ព្យាបាល?
  • ១ថែស្សាឡូនីច ៥:១៧ «ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ»។
  • កណ្ឌ​គម្ពីរ លូកា ២២:៤០ បាន​ចែង​ថា «ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ»។
  • លូកា ១៨:១ បាន​ចែង​ថា «នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជា​និច្ច ឥត​រសាយ​ចិត្ត​ឡើយ»។
  • លូកា ៦:២៨ «ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក»។ តើ​លោក​អ្នក​នៅ​ក្នុង​ស្ថានភាព​អាក្រក់ ទទួល​ការ​កេង​ប្រវ័ញ្ច​ពី​អ្នក​ដទៃ ត្រូវ​គេ​កុហក​ឬ? ចូរ​អធិស្ឋាន អធិស្ឋាន ហើយ​អធិស្ឋាន​ទៀត​សម្រាប់​ពួក​គេ​ចុះ។
  • កណ្ឌ​គម្ពីរ ម៉ាថាយ ៦:៩ បាន​ចែង​ថា «ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ»។

នោះ​គឺ​ជា​ចំណុច​ទី១។ យើង​អធិស្ឋាន​ដោយ​សារ​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​អង្គ​បាន​បង្គាប់​យើង​ឲ្យ​អធិស្ឋាន។ ហើយ​ព្រះ​ជាម្ចាស់​ស្រឡាញ់​យើង។ ព្រះ​អង្គ​មិន​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ជា​ការ​មិន​ល្អ​ដល់​យើង​នោះ​ទេ។ វា​ជា​ការ​ល្អ​ណាស់​សម្រាប់​យើង។

២. សេចក្ដី​អធិស្ឋាន​បង្កើន​សេចក្ដី​អំណរ​របស់​យើង

យើង​អធិស្ឋាន ពីព្រោះ​វា​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើន​សេចក្ដី​អំណរ​របស់​យើង។ ឥឡូវ​នេះ លោក​អ្នក​ទំនង​ជា​គិត​ថា «ជា​ការ​ពិត​ណាស់ យើង​គិត​ថា លោក​គ្រូ​នឹង​និយាយ​បែប​នោះ»។ ប៉ុន្តែ លោក​អ្នក​រំពឹង​ឲ្យ​ខ្ញុំ​និយាយ​ដូច​នោះ​ដោយ​សារ​ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ​ដែល​ឲ្យ​តម្លៃ​លើ​ការ​សង្វាត​ដេញ​តាម​អំណរ។ ប៉ុន្តែ ការ​ពិត​គឺ​ថា ខ្ញុំ​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​ឲ្យ​តម្លៃ​លើ​ការ​សង្វាត​ដេញ​តាម​អំណរ​ដោយ​សារ​បទ​គម្ពីរ​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី៣៥ឆ្នាំ​មុន។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ពិត» (យ៉ូហាន ១៦:២៤)។

ចូរ​ទូល​សូម! ចូរ​ទូល​សូម​ចុះ! ពី​ព្រោះ​ការ​ចូល​មក​ឯ​យើង​ក្នុង​នាម​ជា​មនុស្ស​មាន​តម្រូវ​ការ និង​ពឹង​ផ្អែក​លើ​យើង​សម្រាប់​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ នោះ​អំណរ​របស់​អ្នក​នឹង​បាន​ពោរ​ពេញ​ជាង​ការ​ដែល​អ្នក​ព្យាយាម​រក​តម្រូវ​ការ​មួយ​នោះ​តាម​របៀប​ផ្សេង​ទៀត​ផង។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​លោក​អ្នកមាន​ការ​រីក​រាយ​ក្នុង​ទ្រង់ ហើយ​ព្រះ​អង្គ​មាន​បន្ទូល​ថា «ចូរ​សូម​ចុះ ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ពិត»។

៣. ការ​អធិស្ឋាន​គឺ​ជា​អភ័យ​ឯក​សិទ្ធិ

ការ​អធិស្ឋាន​គឺ​ជា​អភ័យ​ឯកសិទ្ធិ​ដ៏​សាមញ្ញ និង​អស្ចារ្យ​មួយ។ វា​គឺ​ជា​​អភ័យ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់។ ឥឡូវ​នេះ លោក​អ្នក​ត្រូវ​តែ​គិត​អំពី​ការ​នេះ។ យើង​ត្រូវ​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​ការ​នេះ។ ព្រះ​ជាម្ចាស់​គ្រប់​គ្រង​ពិភព​លោក​នេះ​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ដ៏​គ្មាន​ដែន​កំណត់។ ខ្ញុំ និង​លោក​អ្នក​មិន​ដែល​ទូល​សូម​អ្វី​ដល់​ព្រះ​អង្គ​ដោយ​ទ្រង់​មិន​បាន​ជ្រាប​ជា​មុន​នោះ​ទេ។ យើង​មិន​អាច​នឹង​បន្ថែម​ប្រាជ្ញា​ទៅ​ដល់​ព្រះ​អង្គ​បាន​ឡើយ។ នៅ​ពេល​យើង​អធិស្ឋាន យើង​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​អង្គ​គិត​ថា​ទ្រង់​គួរ​ធ្វើ​អ្វី​បន្ទាប់​នោះ​ដែរ។ នេះ​គឺ​ជា​មូល​ដ្ឋាន​ចាំ​បាច់​ណាស់។ នេះ​ជា​ការ​បង្ហាញ​ថា ព្រះ​ជាម្ចាស់​ជា​អ្នក​ណា។ «តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ​អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន តើ​អ្នក​ណា​បាន​ថ្វាយ​ដល់​ទ្រង់​ជា​មុន នោះ​នឹង​បាន​ប្រគល់​មក​អ្នក​នោះ​វិញ ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយ​សារ​ទ្រង់ ហើយ​សម្រាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​អស់​កល្ប​ជានិច្ច» អាម៉ែន (រ៉ូម ១១:៣៤-៣៦)។

គ្មាន​នរណា​ម្នាក់​ជួយ​ផ្ដល់​គំនិត​ដល់​ទ្រង់​បាន​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​ឲ្យ​អ្វី​មួយ​ទៅ​កាន់​ព្រះ​អង្គ​ដែល​ទ្រង់​មិន​មាន​រួច​ហើយ​នោះ​ដែរ។ យើង​មិន​អាច​ផ្គាប់​ព្រះ​ទ័យ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ឲ្យ​ព្រះ​អង្គ​ធ្វើ​អ្វី​មួយ​ចេញ​ពី​តម្រូវ​ការ​របស់​ទ្រង់​សម្រាប់​យើង​នោះ​ឡើយ។ ព្រះ​អង្គ​មិន​ត្រូវ​ការ​ពួក​យើង​ឡើយ។ ហើយ​ព្រះ​អង្គ​មិន​ត្រូវ​ការ​សេចក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ដែរ។ ព្រះ​អង្គ​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់​ពី​លោក​អ្នក​បង​ប្អូន។ នោះ​គឺ​ជា​អត្ថន័យ​របស់​ព្រះ​ជាម្ចាស់។ ព្រះ​អង្គ​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់។ យើង​ទាំង​អស់​គ្នា​ទើប​ជា​អ្នក​មាន​តម្រូវ​ការ។ ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​បំពេញ​តម្រូវ​ការ។ ហើយ​របៀប​ដែល​ទ្រង់​ដែល​ជា​អង្គ​បំពេញ​តម្រូវ​ការ​ទទួល​បាន​សិរីរុងរឿង​គឺ​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​ឆ្លើយ​តប​នូវ​តម្រូវ​ការ​នៃ​សេចក្ដី​អធិស្ឋាន​របស់​យើង។

ឥឡូវ សូម​កត់​សម្គាល់​អំពី​ការ​នេះ៖ វា​គឺ​ជា​ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​ព្រះ​ជាម្ចាស់ (ដែល​គ្រប់​គ្រង​ពេញ​ដោយ​អធិបតេយ្យភាព​លើ​ចក្រវាល​មួយ​នេះ) នឹង​តែង​តាំង​ថា​សេចក្ដី​អធិស្ឋាន​របស់​យើង​បណ្ដាល​ឲ្យ​មាន​អ្វី​មួយ​កើត​ឡើង។ សេចក្ដី​អធិស្ឋាន​បណ្ដាល​ឲ្យ​មាន​ការ​អ្វី​មួយ​កើត​ឡើង ដែល​ការ​នោះ​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ ប្រសិន​បើ​លោក​អ្នក​មិន​បាន​អធិស្ឋាន។ ខ្ញុំ​សង្ស័យ​ថា មាន​គ្រីស្ទ​បរិស័ទ​កាល់​វិន​និយម (Calvinists) មួយ​ចំនួន​កំពុង​តែ​ជំទាស់​ហើយ​មើល​ទៅ។

សូម​ស្ដាប់​អំពី​ការ​នេះ។ នៅ​ពេល​ដែល​កណ្ឌ​គម្ពីរ យ៉ាកុប ៤:២ មាន​ចែង​ថា «អ្នក​រាល់​គ្នា​មិន​បាន​អ្វី​សោះ ពីព្រោះ​មិន​សូម» នោះ​មិន​មែន​មាន​ន័យ​ថា អ្នក​រាល់​គ្នា​នឹង​មាន​ទោះ​បី​ជា​អ្នក​មិន​បាន​សូម​ក៏​ដោយ ដោយ​សារ​ព្រះ​អង្គ​មាន​ផែន​ការ​រួច​ហើយ​នោះ​ទេ។ ខ​គម្ពីរ​មួយ​នេះ​មិន​បាន​មាន​ន័យ​ផ្ទុយ​ពី​អ្វី​ដែល​បាន​លើក​ឡើង​ឡើយ។ ខ​គម្ពីរ​នេះ​បាន​ចែង​ថា «អ្នក​រាល់​គ្នា​មិន​បាន​អ្វី​សោះ ពីព្រោះ​មិន​សូម»។ នោះ​មាន​ន័យ​ថា សេចក្ដី​អធិស្ឋាន​បណ្ដាល​ឲ្យ​មាន​ការ​អ្វី​មួយ​កើត​ឡើង ដែល​ការ​នោះ​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ ប្រសិន​បើ​លោក​អ្នក​មិន​បាន​អធិស្ឋាន។ នេះ​គឺ​ជា​អភ័យ​ឯក​សិទ្ធិ​ពេញ​ដោយ​សិរីរុងរឿង​ដ៏​អស្ចារ្យ​មួយ ដែល​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​ពេញ​ដោយ​អធិបតេយ្យភាព​នៃ​ចក្រវាល​នេះ​ទទួល​បាន ដែល​ព្រះ​អង្គ​គ្រប់​គ្រង​លើ​គ្រប់​ទាំង​អស់​ស្រប​តាម​ព្រះ​ប្រាជ្ញា​ញាណ​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះ​អង្គ ហើយ​ក៏​បាន​កើត​ឡើង​តាម​ការ​ដែល​ព្រះ​អង្គ​បណ្ដាល។

នេះ​គឺ​ជា​ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ ប្រសិន​បើ​លោក​អ្នក​មិន​ប្រើ​ប្រាស់​អភ័យ​ឯក​សិទ្ធិ​នៃ​ការ​ចូល​រួម​ជា​មួយ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​របៀប​ដែល​សំណូម​ពរ​អធិស្ឋាន​របស់​លោក​អ្នក​អាច​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ចក្រវាល​នេះ​ដែល​នឹង​មិន​មាន​កើត​ឡើង​ប្រសិន​បើ​លោក​អ្នក​មិន​បាន​អធិស្ឋាន នោះ​លោក​អ្នក​កំពុង​ធ្វើ​ដូច​ជា​មនុស្ស​ល្ងីល្ងើ​ដ៏​ខ្លាំង​ម្នាក់​ហើយ។ ខ្ញុំ​កំពុង​គិត​យ៉ាង​សម​ហេតុ​ផល។ ប្រសិន​បើ​លោក​អ្នក​ផ្ដល់​នូវ​អភ័យ​ឯក​សិទ្ធិ​នៃ​ការ​ចូល​រួម​ជា​មួយ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​របៀប​មួយ​ដែល​សំណូម​ពរ​អធិស្ឋាន​របស់​លោក​អ្នក​អាច​នាំ​ឲ្យ​មាន​រឿង​អ្វី​មួយ​កើត​ឡើង​បាន ដែល​បើ​មិន​ដូច្នេះ​ទេ​ការ​នោះ​មិន​អាច​កើត​ឡើង​បាន​ទេ ហើយ​ការ​ប្រើ​ប្រាស់​អភ័យ​ឯក​សិទ្ធិ​នោះ​គឺ​ជា​ភាព​ល្ងីល្ងើ​នៅ​ក្នុង​លំដាប់​ដ៏​ខ្ពស់​បំផុត (ឬ​ទាប​បំផុត) មួយ​ហើយ។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​អធិស្ឋាន៖ ព្រះ​ជាម្ចាស់​កំពុង​ត្រាស់​ហៅ​យើង​ឲ្យ​មាន​ចំណែក​ជា​មួយ​ទ្រង់​ក្នុង​ដំណើរ​ការ​នៃ​ចក្រវាល​នេះ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ,  លោកស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ឯក សត្យា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការងាររបស់ខ្ញុំពេល​ខ្លះ​ត្រូវស៊ី​ផឹក​កំដរ​ភ្ញៀវ តើ​ខ្ញុំ​អាច​បាត់​បង់​សេចក្តី​សង្គ្រោះ​ដែរ​ឬ​ទេ?

គ្រូ​ពេទ្យ​ព្យាបាល​ព្រលឹង​វិញ្ញាណ