ព្រះគម្ពីរមានលើកឡើងពីរឿងបុរសម្នាក់ដែលបានទទួលបានភាពជោគជ័យក្នុងព័ន្ធកិច្ចរបស់គាត់យ៉ាងខ្លាំងបំផុត។ ប្រសិនបើគាត់រស់រានមានជីវិតដល់សព្វថ្ងៃនេះ នោះខ្ញុំគិតថា គាត់នឹងក្លាយជាបុគ្គលដ៏ល្បីល្បាញម្នាក់នៅលើពិភពលោកនេះជាមិនខាន។ ហើយប្រសិនបើគាត់ជាគ្រូ ឬក៏ជាបេសកជនម្នាក់នៅសព្វថ្ងៃនេះវិញ នោះខ្ញុំក៏គិតដែរថា មានមនុស្សជាច្រើននឹងអញ្ជើញគាត់ឲ្យមកអធិប្បាយ ឬចងក្រងសៀវភៅ និងចង់រៀនពីគាត់ ដោយសារភាពជោគជ័យរបស់គាត់។
ប៉ុន្តែ បើយើងមើលពីជីវិតរបស់គាត់វិញ នោះយើងនឹងឃើញថា គាត់មិនមែនជាគំរូល្អទេ ព្រោះមានចំណុចអវិជ្ជមានជាច្រើននៅក្នុងជីវិតរបស់គាត់។ ហើយយើងក៏ទំនងជាមានការងាយស្រួលណាស់ក្នុងការថ្កោលទោសគាត់ និងគិតថាគាត់ជាអ្នកបម្រើដ៏អាក្រក់ម្នាក់របស់ព្រះជាម្ចាស់។ ទោះជាយ៉ាងនេះក្ដី នៅពេលដែលយើងកាន់តែនៅបម្រើព្រះយូរទៅៗ នោះយើងនឹងឃើញថា ព្រះអង្គជាអង្គប្រាកដនិយម ហើយទ្រង់ជ្រាបហើយថាយើងទាំងអស់គ្នាជាមនុស្សអាក្រក់ តែដោយសារព្រះគុណទ្រង់ ទ្រង់នៅបន្តប្រើប្រាស់យើងជាឧបករណ៍នៃព្រះគុណសម្រាប់ប្រយោជន៍ព្រះគ្រីស្ទ និងពិភពលោកទាំងមូល។ ព្រះអង្គបានប្រទានព្រះបន្ទូលទ្រង់ដោយមានរួមទាំងគំរូល្អៗ និងគំរូអាក្រក់ៗ ដើម្បីឲ្យយើងរៀនពីជីវិតរបស់ពួកបរិសុទ្ធដែលបានរស់នៅពីជំនាន់មុនៗយើង រៀនពីចំណុចខ្លាំង និងពីកំហុសរបស់ពួកគេ ដើម្បីកុំឲ្យយើងប្រព្រឹត្តច្រំដែលៗដូចប្រវត្តិសាស្ត្រមុនៗឡើយ។ នៅក្នុងព័ន្ធកិច្ចរបស់គ្រូគង្វាល យើងឃើញថាមានបញ្ហាជាច្រើនដែលពួកគាត់ត្រូវប្រឈមមុខជាមួយ ហើយក៏មានការល្បួងជាច្រើនដែលព្យាយាមអូសទាញពួកគាត់ចេញពីផ្លូវរបស់ព្រះជាម្ចាស់ផងដែរ។
តើគ្រូដ៏ឆ្នើមម្នាក់នេះជាអ្នកណា? ចម្លើយ៖ លោក យ៉ូណាស។ តោះយើង! នាំគ្នាសិក្សាពីជីវិតរបស់គាត់ជាមួយគ្នា ហើយមើលថាតើយើងអាចនឹងរៀនបានអ្វីខ្លះចេញពីជីវិតរបស់គាត់? មានការព្រមានបួនយ៉ាងចំពោះគ្រូគង្វាល ដែលយើងអាចរៀនបានចេញពីជីវិតរបស់លោក យ៉ូណាស។ តោះយើង! នាំគ្នារៀនពីជីវិតគាត់ពីចំណុចដំបូង៖
យ៉ូណាស ១:១-៣ «ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាស ជាកូនអ័មីថាយថា៖ “ចូរទៅនីនីវេ ជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខយើងហើយ”។ ប៉ុន្តែ ហោរាយ៉ូណាសក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយដែលរៀបចេញទៅដល់ក្រុងតើស៊ីស លោកចេញថ្លៃជិះ ក៏ចុះសំពៅនោះទៅឯតើស៊ីសជាមួយគេ ដើម្បីឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា» (គកស)។
១. កុំរត់គេចចេញពីការត្រាស់ហៅរបស់ព្រះជាម្ចាស់
ព្រះជាម្ចាស់បានត្រាស់ហៅលោក យ៉ូណាស ប៉ុន្តែគាត់បែរជាព្យាយាមរត់គេចចេញពីការត្រាស់ហៅរបស់ព្រះអង្គវិញ។ យើងខ្ញុំគិតថា នៅពេលដែលយើងអានរឿងលោក យ៉ូណាស ជាដំបូង នោះយើងនឹងទំនងជាមានសំណួរដូចជា តើលោក យ៉ូណាស រត់គេចពីព្រះដើម្បីអ្វី? ហេតុអ្វីបានជាលោក យ៉ូណាស ធ្វើបែបនេះ? ម៉េចបានជាគាត់ហ៊ានប្រឆាំងនឹងការត្រាស់ហៅរបស់ព្រះអញ្ចឹង? យើងទំនងជាគិតថា លោក យ៉ូណាស មានជំនឿដ៏ទន់ខ្សោយមែន! ប៉ុន្តែ យើងមិនគួរមានភាពរហ័សរហួនពេកក្នុងការថ្កោលទោសគាត់ទេ។ សព្វថ្ងៃនេះ យើងក៏ដូចគ្នាដែរ មានអ្នកជឿជាច្រើនដែលធ្វើជាគ្រូគង្វាល ប៉ុន្តែមិនយូរប៉ុន្មានគាត់ចាប់ផ្ដើមប្រឈមមុខនឹងរឿងដ៏ពិបាកៗក្នុងនាមជាអ្នកមានតួនាទីជាគ្រូ ដូច្នេះគាត់ក៏ចង់រត់គេចចេញពីត្រាស់ហៅរបស់ព្រះ ដើម្បីទៅធ្វើការងារនៅអង្គការ ឫកន្លែងផ្សេងៗទៀតដែលទទួលប្រាក់ចំណូលច្រើនជាមុន។ ប្រាកដណាស់ ការត្រាប់តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ឲ្យធ្វើជាគ្រូគង្វាល គឺពិតជាពិបាកមែន។ ប៉ុន្តែ យើងត្រូវតែចងចាំពីលោក យ៉ូណាស ត្រង់ថាគាត់គឺជាហោរា ហើយគាត់មិនបានឈប់ធ្វើជាហោរាទេ។ គាត់នៅបន្តបម្រើព្រះជាម្ចាស់ក្នុងនាមជាហោរាទ្រង់។ ព្រះអង្គបានត្រាស់ហៅគាត់ឲ្យធ្វើជាហោរាស្រាប់ទៅហើយ ប៉ុន្តែគាត់គ្រាន់តែមិនចង់ទៅកន្លែងដែលព្រះបង្គាប់ឲ្យគាត់ទៅនោះតែប៉ុណ្ណោះ។ លោក យ៉ូណាស មិនបានរត់គេចពីការបម្រើព័ន្ធកិច្ចទេ គាត់គ្រាន់តែមិនចង់ចេញទៅបម្រើព័ន្ធកិច្ចនៅក្រៅប្រទេសខ្លួនប៉ុណ្ណោះ។ គាត់មានការពេញចិត្តហើយក្នុងការធ្វើជាហោរាទៅកាន់ពួកសាសន៍អ៊ីស្រាអែល ហើយនឹងការដែលព្រះជាម្ចាស់ប្រើប្រាស់គាត់ឲ្យទាយប្រាប់ស្ដេច យេរ៉ូបោម ដែលជាបុត្រយ៉ូអាស ថា ទ្រង់នឹងស្ដារព្រំដែនសាសន៍អ៊ីស្រាអែលឡើងវិញ (២ពង្សាវតារក្សត្រ ១៤:២៥)។ ប៉ុន្តែ ពេលដែលព្រះជាម្ចាស់ត្រាស់ហៅគាត់ឲ្យចេញទៅក្រៅប្រទេសខ្លួន គាត់ក៏បានរត់គេចចេញបាត់ទៅ។
គាត់មិនគ្រាន់តែរត់គេចប៉ុណ្ណោះទេ ប៉ុន្តែទង្វើរបស់គាត់ថែមទាំងសបញ្ជាក់យ៉ាងច្បាស់ថា គាត់សុខចិត្តស្លាប់ជាជាងទៅទីក្រុងនីនីវេ។ ពេលដែលលោក យ៉ូណាស ប្រាប់ពួកនាវិកឲ្យទម្លាក់គាត់ចូលទៅក្នុងសមុទ្រ
តើនោះជាដំណោះស្រាយតែមួយគត់ក្នុងការបញ្ឈប់ព្យុះមែនឬ? មិនមែនទេ! តាមពិត គាត់អាចនឹងអធិស្ឋាន ហើយទូលសូមឲ្យព្រះជាម្ចាស់អត់ទោសបាបគាត់ នោះវាចប់រឿងចប់រ៉ាវទៅហើយ។ ឬក៏បើគាត់គ្រាន់តែប្រាប់ពួកនាវិកឲ្យបែរទូកទៅកំពង់ផែវិញ នោះគាត់អាចនឹងទៅក្រុងនីនីវេបានបាត់ហើយ។ លោក យ៉ូណាស ពិតជាមិនចង់ទៅក្រុងនីនីវេទេ។ គាត់សុខចិត្តលង់ទឹកស្លាប់ ជាជាងទៅអធិប្បាយនៅទីនោះ។ លោក យ៉ូណាស ប្រហែលជាមានមូលហេតុដែលគាត់មិនចង់ទៅប្រកាសព្រះបន្ទូលនៅក្រុងនីនីវេទេ។ ប្រហែលជាគាត់មិនសូវចេះនិយាយភាសារបស់គេ ឬក៏គាត់ស្អប់គេ ដោយសារប្រទេសនោះធ្វើបាបជនជាតិរបស់គាត់។ យើងក៏ប្រហែលជាមានមូលហេតុរបស់យើងដែលទាក់ទងនឹងទីកន្លែងដែលព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យចេញទៅ តែយើងមិនទៅ។ ទំនងជាយើងគ្រាន់តែចង់បម្រើព្រះជាម្ចាស់នៅរាជធានីភ្នំពេញ ឬក៏នៅតែស្រុកកំណើតរបស់យើងតែប៉ុណ្ណោះ។ ចុះហេតុអ្វីបានជាយើងចង់បម្រើព្រះនៅកន្លែងដែលយើងកំពុងបម្រើ? ដោយសារតែវាស្រួល ឬដោយសារការត្រាស់ហៅរបស់ព្រះអង្គ? តើយើងចង់បម្រើព្រះតែនៅកន្លែងដែលយើងគិតថា ស្រួល ឬជាកន្លែងដែលយើងចូលចិត្តតែប៉ុណ្ណោះមែនឬ? តើព្រះអង្គអាចនឹងត្រាស់ហៅយើងឲ្យទៅបម្រើទ្រង់នៅកន្លែងដែលយើងស្អប់ឬទេ? ពេលខ្លះយើងជាគ្រូគង្វាល ជាបេសកជន ជាធម្មតាយើងជ្រើសរើសកន្លែងដែលយើងចូលចិត្តជាងស្ដាប់តាមការត្រាស់ហៅរបស់ព្រះអង្គ។ លោក យ៉ូណាស គឺជាហោរា ជាអ្នកបម្រើព្រះជាម្ចាស់ ហើយជនជាតិរបស់គាត់ក៏ដឹងផងដែរថា គាត់ជាហោរាដ៏ពិតប្រាកដមួយមែន។ ប៉ុន្តែ គាត់បានព្យាយាមរត់គេចពីការត្រាស់ហៅរបស់ព្រះអង្គ ហើយក៏គ្មាននរណាម្នាក់ដឹងថា គាត់រត់គេចពីកិច្ចការដែលព្រះអង្គឲ្យគាត់ធ្វើនោះដែរ។ ប្រហែលយើងក៏ដូចគ្នាដែរ គឺកំពុងព្យាយាមរត់គេចពីការត្រាស់ហៅរបស់ព្រះអង្គ។ តើយើងកំពុងគេចចេញពីការត្រាស់ហៅរបស់ព្រះអង្គមែនឬ ឬក៏កំពុងតែបម្រើព្រះអង្គនៅកន្លែងដែលទ្រង់បានត្រាស់ហៅរួចទៅហើយ? ចុះបើព្រះអង្គត្រាស់ហៅយើងឲ្យចេញទៅបម្រើទ្រង់នៅប្រទេស វៀតណាម ថៃ ឡាវ ឬឲ្យទៅប្រទេសផ្សេងៗណាមួយទៀត តើយើងព្រមទៅដែរឬទេ? តើព្រះអង្គត្រាស់ហៅយើងដែលជាជនជាតិខ្មែរឲ្យនៅតែប្រទេសខ្មែរតែប៉ុណ្ណឹងឬ? ឬក៏ព្រះអង្គអាចនឹងត្រាស់ហៅជនជាតិខ្មែរឲ្យទៅបម្រើទ្រង់នៅក្នុងប្រទេសផ្សេងៗទៀតបានដែរ? តើយើងគួរបដិសេធនឹងការត្រាស់ហៅរបស់ព្រះអង្គ ដោយសារយើងស្អប់ទីកន្លែងនោះ ប្រទេសមួយនោះ ជនជាតិមួយនោះមែនឬ? យើងខ្ញុំសង្ឃឹមថា យើងនឹងមិនរង់ចាំដល់ជិតស្លាប់ ទើបយើងចេញទៅដូចលោក យ៉ូណាស ស្ទើរតែស្លាប់បាត់បង់ជីវិតមុនដែលលោកទទួលស្គាល់កំហុសរបស់ខ្លួននោះឡើយ។ យើងខ្ញុំសង្ឃឹមថា យើងនឹងឆ្លើយតបទៅកាន់ព្រះអង្គថា៖ «ព្រះអង្គអើយកូននឹងទៅ មិនថាទៅទីណាក៏ដោយ» ដើម្បីជាការឆ្លើយតបទៅនឹងបណ្ដាំរបស់ព្រះអង្គមកយើងទាំងអស់គ្នាថា ចូរទៅបង្កើតសិស្សឲ្យមាននៅគ្រប់ទាំងជាតិសាសន៍។ ពេលព្រះយេស៊ូវបញ្ជាពួកសិស្សរបស់ទ្រង់៖ «ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ» ព្រះអង្គពិតជាមានន័យថា គ្រប់ជនជាតិមែន (ម៉ាថាយ ២៨:១៩)។ នេះមានន័យថា មិនអាចមានជនជាតិណាមួយដែលយើងអាចមើលរំលងបានឡើយ។ តើលោកអ្នកនឹងហ៊ានកំណត់ក្នុងចិត្តខ្លួនឲ្យស្អប់អស់អ្នកដែលព្រះយេស៊ូវបានសុគតជំនួសដោយសារតែពួកគាត់មានសញ្ជាតិខុសពីខ្លួនមែនឬ? សម្បុរស្បែកខុសគ្នា? សូមកុំឲ្យការនេះកើតឡើងឡើយ! តើលោកអ្នកកំពុងតែរត់គេចចេញពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះលោកអ្នកដូចលោក យ៉ូណាស មែនឬ? ចូលលន់តួបាបរបស់លោកអ្នក ហើយបែរទៅរកព្រះអង្គវិញ ដ្បិតទ្រង់មានពេញទៅដោយព្រះគុណ!
ហើយទោះបើលោកអ្នកមិនគិតថា ខ្លួនកំពុងតែរត់គេចក៏ដោយ ក៏លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នដែរ ព្រោះវាពិតជាការដ៏ងាយស្រួលណាស់ដែលយើងរត់គេចចេញពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ពោលគឺស្រួលជាងលោកអ្នកអាចគិតដល់ទៅទៀត។
បងប្អូនខ្មែរអើយ! គ្មានអ្វីប្រសើរជាការដើរតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ក្នុងជីវិតលោកអ្នកឡើយ។
២. កុំផ្ដោតសំខាន់លើក្បួនវិធីសាស្ត្រជាងការជឿលើព្រះបន្ទូល
បន្ទាប់ពីលោក យ៉ូណាស បានរត់គេច យើងទាំងអស់គ្នាបានដឹងពីសាច់រឿងរួចហើយ៖ ព្យុះក៏បានកើតឡើង នាវិកបានបោះគាត់ចូលក្នុងសមុទ្រ មានត្រីដ៏ធំមួយបានមកលេបគាត់ ហើយបីថ្ងៃក្រោយមក វាក៏បានខ្ជាក់គាត់ចេញនៅដីគោកវិញ។
ព្រះជាម្ចាស់ក៏បានត្រាស់ហៅលោក យ៉ូណាស ម្ដងទៀត ហើយពេលនេះគាត់បានស្ដាប់បង្គាប់ទ្រង់។ ហើយគឺត្រង់នេះឯងដែលលោក យ៉ូណាស បានផ្ដល់ជាគំរូបែបវិជ្ជមានដល់យើង ប៉ុន្តែជាគំរូបែបវិជ្ជមានសម្រាប់មូលហេតុខុសឆ្គង ព្រោះគាត់មានគោលបំណងមិនត្រឹមត្រូវ ពិតណាស់ដែលគាត់បានប្រកាសព្រះបន្ទូលព្រះអង្គ ប៉ុន្តែ ចិត្តគាត់នៅចង់ឃើញព្រះជាម្ចាស់សម្លាប់បំផ្លាញក្រុងនីនីវេដដែល។ លោក យ៉ូណាស ស្អប់ទីក្រុងនីនីវេ ហើយគាត់ចង់ឲ្យក្រុងនោះវិនាសដោយភ្លើង ហេតុដូច្នេះហើយបានជាគាត់ប្រកាសតែដំណឹងចាំបាច់ ហើយត្រួសៗតែប៉ុណ្ណោះ មិនលើសឬក៏ខ្វះពីអ្វីដែលព្រះជាម្ចាស់បានប្រាប់ឲ្យគាត់និយាយ។ គាត់គ្រាន់តែអធិប្បាយសារដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់តែប៉ុណ្ណោះ។ មើលទៅគាត់មិនបានផ្ដល់គំនិតស្អីក្រៅពីតែបញ្ចេញសាររបស់ព្រះជាម្ចាស់ទេ។
ពេលដែលគាត់ចូលទៅដល់ទីក្រុងនីនីវេ គាត់គ្រាន់តែស្រែកប្រកាសថា៖ «នៅតែសែសិបថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ» តែប៉ុណ្ណោះ គាត់មិនបានធ្វើដោយចិត្តឧស្សាហ៍ ឬខិតខំប្រឹងប្រែងយ៉ាងអស់ពីចិត្តនោះឡើយ ព្រោះចិត្តរបស់គាត់មិននៅជាប់ក្នុងកិច្ចការដែលលោកកំពុងតែធ្វើនោះទេ (យ៉ូណាស ៣:៤)។ គាត់គ្រាន់តែនាំសារដែលព្រះអង្គប្រទានមកគាត់តែប៉ុណ្ណោះ។ ប៉ុន្តែ នេះជាមេរៀនដ៏ល្អមួយដែលយើងមិនគួរភ្លេចឡើយ។ លោក យ៉ូណាស បាននិយាយការពិតនៅពេលដែលគាត់នៅក្នុងពោះត្រីធំនោះថា «សេចក្ដីសង្គ្រោះ គឺមកពីព្រះយេហូវ៉ា មិនមែនមកពីមនុស្សយើងនោះទេ»។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនផ្ដោតសំខាន់ទៅលើតែក្បួនវិធីសាស្ត្រ និងរបៀបដែលត្រូវធ្វើព័ន្ធកិច្ចប៉ុណ្ណោះ។ យើងតែងតែព្យាយាមរកក្បួនថ្មីៗដែលគិតថា នោះមានប្រយោជន៍ គឺព្យាយាមធ្វើដូចប្រទេសផ្សេងៗដែលមានអ្នកជឿច្រើន។ មានបេសកជនម្នាក់បាននិយាយថា៖ «ប្អូនអើយ!
ខ្ញុំបានបម្រើព្រះជាងដប់ឆ្នាំហើយ ប៉ុន្តែខ្ញុំមិនបានផលអ្វីសោះ ប៉ុន្តែឥឡូវយើងបានរកឃើញក្បួនវិធីសាស្ត្រដែលមានប្រយោជន៍ហើយ ហើយអ្វីដែលខ្ញុំធ្លាប់បានធ្វើពីមុនគឺឥតប្រយោជន៍»។ មែនហើយ! មានក្បួនវិធីសាស្ត្រជាច្រើនណាស់៖ ការនិយាយរៀបរាប់ប្រាប់ ការប្រជុំគ្នាបែបជាក្រុមជំនុំក្រោមដើមឈើដោយមិនមានអគារ ការមានក្រុមជំនុំតូចៗជាជាងក្រុមជំនុំធំៗ ការស្វែងរកមនុស្សនៃសេចក្ដីសុខសាន្ដក្នុងភូមិស្រុកនោះ ការឲ្យក្មេងៗធ្វើជាអ្នកដឹកនាំក្រុមជំនុំដោយមិនមានការគ្រប់គ្រងពីមនុស្សចាស់។ល។ បើនិយាយឲ្យខ្លីទៅ មានក្បួនវិធីសាស្ត្រច្រើនណាស់។ ប៉ុន្តែ តើមានអ្វីទៅកើតឡើង? ប្រមាណឆ្នាំក្រោយមក ពួកគេនឹងបន្តគិតថា ខ្លួនបានរកឃើញក្បួនវិធីសាស្ត្រដ៏ល្អឥតខ្ចោះផ្សេងទៀតហើយ ហើយពួកគេនឹងបន្តធ្វើបែបនោះម្ដងហើយម្ដងទៀតដោយឥតឈប់ឈរ។ ប៉ុន្តែ មើលលោក យ៉ូណាស គាត់គ្រាន់តែអធិប្បាយសាររបស់ព្រះជាម្ចាស់ដោយមិនធ្វើអស់ពីចិត្តផង ហើយតើមានអ្វីកើតឡើង? ចូរយើងមើលនៅក្នុងកណ្ឌគម្ពីរ យ៉ូណាស ៣:៥ តើមានអ្វីកើតឡើង?
«ពួកបណ្តាជននៅក្រុងនីនីវេក៏ជឿព្រះអង្គ។ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ» (គកស)។
អស្ចារ្យមែនទែន! ប៉ុន្តែ កុំច្រឡំថាខ្ញុំចង់មានន័យដូចនេះថា យើងមិនគួរមានផែនការ ឬវិធីសាស្ត្រក្នុងការបម្រើព្រះជាម្ចាស់នោះទេ។ ពិតណាស់ យើងគួរមានផែនការ ហើយព្យាយាមបំពេញព័ន្ធកិច្ចក្នុងពួកជំនុំរបស់យើង ដើម្បីបម្រើមនុស្សដែលយើងកំពុងបម្រើ។ ប៉ុន្តែ ចូរកុំឲ្យគិតថា វិធីសាស្ត្រសំខាន់ជាងព្រះបន្ទូលដ៏ជាដំណឹងល្អដែលព្រះអង្គបានប្រទានមកឲ្យយើងនោះឡើយ។
ដោយសារធ្លាប់មានក្បួនវិធីសាស្ត្រណាមួយដែលធ្លាប់មានប្រសិទ្ធភាពនៅអតីតកាល នោះមិនមែនមានន័យថា វាជាក្បួនវិធីសាស្ត្រដ៏ល្អដែលយើងគួរយកមកត្រាប់តាមសព្វថ្ងៃនេះនោះទេ។ ប្រសិនបើបែបនោះមែន យើងប្រាកដជាគ្រាន់តែត្រូវការប្រើប្រាស់ក្បួនវិធីសាស្ត្ររបស់លោក យ៉ូណាស តែប៉ុណ្ណោះ ព្រោះគាត់ទទួលបានលទ្ធផលដ៏ល្អបំផុតក្នុងចំណោមពួកហោរា ហើយក៏ទំនងជាលទ្ធផលដ៏ល្អបំផុតក្នុងចំណោមមនុស្សទាំងអស់ផងមើលទៅ បើយើងរាប់តាំងពីជំនាន់នោះមក។
លោក យ៉ូណាស បានអធិប្បាយ ហើយមានមនុស្សចំនួន ១២០.០០០ នាក់បានកែប្រែចិត្ត! យើងខ្ញុំគិតថា សូម្បីតែលោកគ្រូ ប៊ីលី ហ្គ្រាម ក៏មិនដែលបានធ្វើដូចនោះដែរ។
តើលោក យ៉ូណាស បានប្រើប្រាស់ក្បួនវិធីសាស្ត្រអ្វី? ១) គាត់បានរត់គេចចេញពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ព្រោះគាត់ចង់ស្លាប់ជាជាងទៅកាន់ជាតិសាសន៍ដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យទៅ ២) ប្រកាសតែបន្តិចបន្តួច ៣) អធិប្បាយពីសារនៃការបំផ្លាញទាំងស្រុង ៤) ហើយស្របពេលនោះគាត់រំពឹងចង់ឲ្យព្រះជាម្ចាស់បង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងដ៏ក្ដៅធ្លាក់ពីលើមេឃ ដូចធ្លាក់លើក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ក៏ដូចជាលើមនុស្សគ្រប់ៗរូប ទោះបើពួកគេបានកែប្រែចិត្តក៏ដោយ ៥) ហើយពេលដែលព្រះជាម្ចាស់មិនបានធ្វើបែបនោះ លោកអ្នកក៏មានការអន់ចិត្ត ៦) ហើយបែរជាចង់ស្លាប់ទៅវិញ។
តើក្បួនវិធីសាស្ត្រនោះជាអ្វីដែលលោកអ្នកចង់ធ្វើមែនឬ? ពិតជាឡប់សតិហើយ! វាពិតជារឿងដ៏លីលាមែន បើយើងព្យាយាមប្រើប្រាស់ក្បួនវិធីសាស្ត្ររបស់លោក យ៉ូណាស។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី នេះក៏នៅតែជាសេចក្ដីល្បួងដ៏ងាយស្រួលមួយមែនដែលយើងចង់ត្រាប់តាមក្បួនវិធីសាស្ត្ររបស់នរណាម្នាក់ក្នុងការធ្វើព័ន្ធកិច្ច។ នឹងមានពេលមួយដែលយើងនឹងយើងចាប់ផ្ដើមមានភាពច្របូកច្របល់ ហើយចាប់ផ្ដើមគិតថា ក្បួនវិធីសាស្ត្ររបស់យើងគឺជាអ្វីដែលនឹងជួយសង្គ្រោះមនុស្ស។
ប្រសិនបើលោក យ៉ូណាស ជាបេសកជននៅសម័យកាលនេះ នោះយើងខ្ញុំដឹងយ៉ាងប្រាកដថា គាត់នឹងនិពន្ធសៀវភៅពីជោគជ័យនៃស្នាដៃរបស់គាត់ ហើយមនុស្សជាច្រើននឹងព្យាយាមត្រាប់តាមក្បួនវិធីសាស្ត្ររបស់គាត់ក្នុងការធ្វើព័ន្ធកិច្ច។ យើងខ្ញុំដឹងយ៉ាងប្រាកដថានឹងមានក្រុមជំនុំជាច្រើនដែលនឹងអញ្ជើញគាត់ឲ្យមកចែកចាយនៅក្រុមជំនុំរបស់ពួកគេពីរបៀបប្រកាសដំណឹងល្អ ហើយពួកគេនឹងព្យាយាមរៀនពីរបៀបរបស់គាត់។ គាត់នឹងសរសេរសំបុត្រព្រឹត្តិការណ៍ព័ត៌មាន សៀវភៅដែលគាត់នឹងលក់ដាច់ណាស់ ហើយគេនឹងសួរគាត់ថា៖ «តើលោក យ៉ូណាស បានធ្វើដោយរបៀបម៉េច? សូមប្រាប់ពីចំណុចអាថ៌កំបាំងរបស់លោកដល់យើងផង!»។ល។
ប៉ុន្តែធាតុពិតនោះគឺថា គ្មានក្បួនវិធីសាស្ត្រអាថ៌កំបាំងស្អីទេនៅលើលោកនេះទាក់ទងជាមួយដំណឹងល្អ ពីព្រោះព្រះអង្គបានបង្ហាញឲ្យយើងដឹងគ្រប់យ៉ាងរួចទៅហើយ ដើម្បីឲ្យយើងប្រកាសដំណឹងល្អយ៉ាងពិតប្រាកដបាន។ ទោះបើក្រុមជំនុំរបស់យើងរីកចម្រើនពីដប់នាក់ទៅមួយម៉ឺននាក់ ឬក៏មានគេស្នើឲ្យយើងនិពន្ធសៀវភៅ ដោយសារយើងមានព័ន្ធកិច្ចល្អៗ ក៏យើងត្រូវចងចាំដែរថា ព្រះអង្គជាគឺអង្គដែលធ្វើការក្នុងចិត្តមនុស្ស មិនមែនវិធីសាស្ត្ររបស់យើង ឬក៏អំណាចរបស់យើងនោះទេ។ ព្រះអង្គជាអង្គដែលសង្គ្រោះមនុស្ស ដូច្នេះ ព្រះអង្គគួរនឹងទទួលសិរីល្អ មិនមែនយើងទេ។ លោក យ៉ូណាស មិនមែនជាគ្រីស្ទបរិស័ទដែលវិសេសវិសាលជាងគ្រីស្ទបរិស័ទណាផ្សេងៗទេ។ ហើយលោកអ្នកក៏មិនខុសអីពីគាត់នោះដែរ។ ហើយយើងខ្ញុំក៏ដូចនោះដែរ។ គ្មានគ្រីស្ទបរិស័ទណាដែលវិសេសវិសាលជាងគ្រីស្ទបរិស័ទណាផ្សេងទៀតឡើយ។ មានតែព្រះគ្រីស្ទមួយគត់ដែលវិសេស។
យើងទាំងអស់គ្នាគឺជាមនុស្សមានបាបដែលព្រះជាម្ចាស់បានទិញយើងដោយព្រះលោហិតដ៏ល្អឥតខ្ចោះរបស់កូនចៀម។ ចំណុចដ៏ពិតគឺត្រង់ថា យើងមិនបានធ្វើអ្វីសោះ សូម្បីតែបន្តិចក៏មិនបានធ្វើផង។ ព្រះជាម្ចាស់បានធ្វើនូវរាល់គ្រប់អ្វីៗទាំងអស់។ ក្បួនវិធីសាស្ត្ររបស់យើងមិនសំខាន់ទេ។ តែផ្ទុយទៅវិញ សារដែលព្រះជាម្ចាស់បានប្រទានដល់យើងក្នុងព្រះបន្ទូលរបស់ទ្រង់ដើម្បីឲ្យយើងប្រកាស គឺជាអ្វីដែលសំខាន់ និងមានពេញដោយអំណាច។
៣. កុំគិតថាព័ន្ធកិច្ចមានសារ:សំខាន់ជាងអ្វីៗទាំងអស់
ក្រោយពីនោះមកលោក យ៉ូណាស ក៏បានបំពេញព័ន្ធកិច្ច ហើយបានធ្វើតាមអ្វីៗទាំងអស់ដែលព្រះបានបង្គាប់ឲ្យគាត់ធ្វើ។ ព្រះអង្គបានប្រទានរាជសារមួយដល់គាត់ ហើយគាត់បាននាំរាជសារនោះទៅកាន់ទីក្រុងនីនីវេ។
ពិតណាស់ គាត់បានបញ្ចប់ព័ន្ធកិច្ចរបស់គាត់ ប៉ុន្តែតើនោះគ្រាន់តែជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានមែនឬ? មិនមែនទេ! ព្រះអង្គមិនគ្រាន់តែយកព្រះទ័យទុកដាក់លើព័ន្ធកិច្ចដែលយើងធ្វើតែប៉ុណ្ណោះនោះទេ តែព្រះអង្គថែមទាំងយកព្រះទ័យទុកដាក់លើខ្លួនយើងផ្ទាល់ទៀតផង។ ព្រះអង្គចង់បានចិត្តរបស់យើង មិនមែនគ្រាន់តែព័ន្ធកិច្ចនោះឡើយ។ នៅពេលដែលយើងធ្វើព័ន្ធកិច្ចជាច្រើន យើងទំនងនឹងមានអារម្មណ៍ល្អ ហើយគិតថាព្រះអង្គស្រឡាញ់យើង ព្រះអង្គសព្វព្រះហឫទ័យនឹងអ្វីៗដែលយើងកំពុងធ្វើ និងផលផ្លែរបស់យើង ដូច្នេះព្រះអង្គនឹងប្រទានពរដល់យើងជាមិនខាន។ ប៉ុន្តែ សូមគិតពីលោក យ៉ូណាស៖ គាត់បានទទួលផលផ្លែជាច្រើន គាត់បានបំពេញព័ន្ធកិច្ចដែលព្រះអង្គត្រាស់ហៅ ក៏ប៉ុន្តែអ្វីដែលព្រះអង្គចង់បាននោះគឺត្រង់ ការមានទំនាក់ទំនងជាមួយនឹងគាត់ថែមទៀត ព្រោះគាត់មិនមានទំនាក់ទំនងល្អជាមួយនឹងទ្រង់ទេ។ ចិត្តរបស់គាត់នៅឆ្ងាយពីព្រះអង្គ ដោយហេតុនេះហើយបានជាព្រះអង្គចង់មានទំនាក់ទំនងជាមួយគាត់ថែមទៀត ដើម្បីជួយគាត់ឲ្យលូតលាស់ខាងឯព្រលឹងវិញ្ញាណ និងឲ្យមានចិត្តស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ទោះបើព័ន្ធកិច្ចរបស់យើងដំណើរការល្អប៉ុណ្ណាក៏ដោយ ក៏នោះមិនមែនជាសញ្ញាដែលបង្ហាញថា យើងមានទំនាក់ទំនងល្អជាមួយព្រះអង្គនោះទេ។ យើងខ្ញុំស្គាល់គ្រូគង្វាលជាច្រើនដែលមានការរីកចម្រើនខាងឯព័ន្ធកិច្ចយ៉ាងខ្លាំងក្លា ប៉ុន្តែទំនាក់ទំនងរបស់ពួកគេផ្ទាល់ជាមួយព្រះចេះតែឃ្លាតឆ្ងាយទៅៗជាងមុន។ ពួកគាត់ធ្លាក់ចុះ ដោយសារពួកគាត់គិតថា ព័ន្ធកិច្ចសំខាន់ជាងការមានទំនាក់ទំនងជាមួយព្រះអង្គ។
ចូរគេចចេញពីអន្ទាក់នេះចុះ។ ចូរកុំរាប់បញ្ចូលភាពជោគជ័យនៃផ្នែកព័ន្ធកិច្ចរបស់លោកអ្នកជាមួយគ្នានឹងសុខភាពនៃការដើរជាមួយព្រះជាម្ចាស់របស់លោកអ្នកឡើយ។
លោក យ៉ូណាស មិនបានគិតថា មានអ្វីខុសឆ្គងឡើយ ទោះបើគាត់បានខឹងយ៉ាងខ្លាំង ពេលដែលព្រះអង្គសង្គ្រោះពួកអ្នកនៅក្រុងនីនីវេ។ ដូច្នេះហើយបានជាព្រះអង្គបានមានបន្ទូលទៅកាន់លោកនៅក្នុងកណ្ឌគម្ពីរ យ៉ូណាស ៤:៤ ថា៖ «ការដែលឯងខឹងដូច្នេះ តើគួរឬ?» (គកស)។ លោក យ៉ូណាស បាននិយាយថា «បាទ»។ ប៉ុន្តែ ព្រះជាម្ចាស់មិនបានឈប់នៅត្រង់ហ្នឹងទេ ព្រះអង្គបានបន្តសង្វាតដេញតាមដួងចិត្តរបស់លោក យ៉ូណាស។ ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមើលថែដួងចិត្តរបស់លោក យ៉ូណាស។ លោក យ៉ូណាស កំពុងតែជាប់នៅក្នុងអំពើបាប ហើយព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឲ្យគាត់គិតថា វាគ្មានអ្វីខុសក្នុងដួងចិត្តគាត់ឡើយ។ អត្តិភាពដ៏ចម្បងរបស់យើងដែលជាអ្នកជឿ គឺការមានទំនាក់ទំនងល្អជាមួយព្រះអង្គផ្ទាល់ៗខ្លួន មិនមែនធ្វើតែព័ន្ធកិច្ចហើយបាត់ទំនាក់ទំនងជាមួយទ្រង់នោះទេ។ សព្វថ្ងៃនេះ តើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយ៉ាងម៉េចដែរ ល្អឬមិនល្អ?
«ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ចវិញផង» (ទំនុកតម្កើង ១៣៩:២៣-២៤ គកស)។ សូមសួរខ្លួនឯងទៅមើលថា តើខ្ញុំបានលូតលាស់ខាងឯព្រលឹងវិញ្ញាណ ឬក៏កាន់តែក្រិនទៅៗ? តើសេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះព្រះអង្គរីកចម្រើនដូចដប់ឆ្នាំមុន ឬក៏ខ្សោយជាងមុន? ចូរប្រយ័ត្ន! កុំបំពេញជីវិតរបស់យើងត្រឹមតែការបម្រើព័ន្ធកិច្ច ហើយគិតថាការធ្វើព័ន្ធកិច្ច គឺគ្រប់គ្រាន់ហើយក្នុងជីវិតរបស់យើង! រឿងទីមួយដែលយើងទាំងអស់គ្នាត្រូវគិតនោះគឺ ក្នុងនាមជាគ្រីស្ទបរិស័ទ ខ្ញុំជាកូនរបស់ព្រះ ដូច្នេះព័ន្ធកិច្ចរបស់ខ្ញុំមិនសំខាន់ជាងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌នោះទេ។ ព្រះអង្គចង់បានដួងចិត្តរបស់យើង ហើយចង់មានទំនាក់ទំនងល្អជាមួយយើង។
៤. កុំស្រឡាញ់ដើមវល្លិ ហើយបែរជាស្អប់មនុស្សឲ្យសោះ
ក្រោយពេលលោក យ៉ូណាស បាននាំសារទៅកាន់អ្នកនៅទីក្រុងនីនីវេ ពួកគេក៏បានប្រែចិត្តជឿទាំងអស់គ្នា (យ៉ូណាស ៤:៥)។ តែគាត់បែរជាចេញពីទីក្រុងនោះទាំងខឹងសម្បា រួចក៏ទៅអង្គុយចាំមើលក្រុងនោះពីចម្ងាយ ព្រោះគាត់ចង់ឃើញព្រះជាម្ចាស់បំផ្លាញពួកគេ ហើយសង្ឃឹមថាព្រះអង្គនឹងប្ដូរព្រះហឫទ័យពីការក្ដួលអាណិត ហើយបំផ្លាញពួកគេចោល។ ប៉ុន្តែ យើងឃើញថា «ព្រះដ៏ជាព្រះយេហូវ៉ា ទ្រង់ក៏បម្រុងឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលប្រយោជន៍ឲ្យលោកបានរួចពីសេចក្តីតប់ប្រមល់ទៅ ដូច្នេះយ៉ូណាសមានសេចក្តីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ ប៉ុន្តែដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បម្រុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បម្រុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ នោះព្រះទ្រង់មានព្រះបន្ទូលនឹងយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ លោកតបថា ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ» (យ៉ូណាស ៤:៦-៩)។ តើលោក យ៉ូណាស ខឹងនឹងដើមវល្លិ ឬមានអំណរខ្លាំងនឹងដើមវល្លិនោះ? តើដើមវល្លិនោះមានសារៈសំខាន់អ្វីចំពោះគាត់? តើវាជាការជួយកំសាន្តចិត្តគាត់? លោក យ៉ូណាស ប្រហែលជាគិតថា ឥឡូវនេះព្រះអង្គសុំទោសគាត់ចំពោះទុក្ខវេទនារបស់គាត់ហើយ អញ្ចឹងហើយបានជាទ្រង់ឲ្យមានដើមវល្លិដុះមកគ្របបាំងគាត់។ ព្រះបន្ទូលបានចែងថា នៅពេលដើមវល្លិនេះលូតលាស់លោក យ៉ូណាស មានសេចក្តីអំណរជាខ្លាំង។
នេះជាការព្រមានមួយដល់យើង។ តើហេតុអ្វីបានជាចំណុចនេះ គឺជាការព្រមានមួយដល់យើង?
ប្រាកដណាស់! ព្រះអង្គមិនបានប្រទានដើមវល្លិសម្រាប់យើងទេ ប៉ុន្តែព្រះអង្គកំពុងបង្រៀនលោក យ៉ូណាស ថា គាត់កំពុងតែស្រឡាញ់អ្វីមួយដែលខុសឆ្គង ពោលគឺចិត្តរបស់លោកមិនស្របនឹងព្រះហឫទ័យរបស់ព្រះអង្គដែលមានការក្ដួលអាណិតចំពោះមនុស្សដែលរស់នៅទីក្រុងនីនីវេទេ។ ដើមវល្លិនោះបានក្លាយទៅជាទីស្រឡាញ់របស់លោក យ៉ូណាស ហើយគាត់មានអំណរជាខ្លាំងនឹងវា។ គាត់គ្រាន់តែគិតពីខ្លួនឯងប៉ុណ្ណោះ ដូច្នេះហើយបានជាគាត់មើលមិនឃើញថា ខ្លួនមិនខុស។ ហើយគាត់គិតថា នោះជារឿងត្រឹមត្រូវ។
ចុះក្នុងនាមយើងជាគ្រូគង្វាលវិញ តើយើងកំពុងតែស្រឡាញ់អ្វី? ការរៀនសូត្រ? ការរៀបចំផែនការ? ការដែលគេគោរពយើង? លុយកាក់? តើអ្វីទៅដែលធ្វើឲ្យយើងមានអំណរអរសប្បាយ? ប្រាកដណាស់! យើងងាយនឹងមានចិត្តស្អប់មនុស្សណាស់ ជាពិសេសពេលគេធ្វើខុសនឹងយើង ពេលគេធ្វើបាបយើង។ ក្នុងនាមយើងជាគ្រូគង្វាល ពេលខ្លះយើងចង់ចេញទៅឲ្យឆ្ងាយពីមនុស្ស ហើយបែរទៅស្រឡាញ់វត្ថុរបស់របរផ្សេងៗ ហើយរអ៊ូរទាំពីមនុស្សម្នីម្នា។ ការដែលយើងរអ៊ូរទាំពីមនុស្ស នោះជាមុខសញ្ញាមួយបញ្ជាក់ថា យើងកំពុងតែស្រឡាញ់ដើមវល្លិដូចលោក យ៉ូណាស ព្រោះយើងមិនខ្វល់ពីមនុស្ស តែខ្វល់ខ្វាយតែពីខ្លួនឯងប៉ុណ្ណោះ។ ការធ្វើបែបនោះគឺខុសនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។ សូមមើលពីអ្វីដែលព្រះអង្គបានមានបន្ទូលនៅក្នុងកណ្ឌគម្ពីរ យ៉ូណាស ៤:១០-១១ «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា៖ “ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុងមួយយប់ ហើយបានវិនាសទៅ ក្នុងមួយយប់ដូចគ្នានោះ។ ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអ?”»។
ព្រះជាម្ចាស់កំពុងតែលើកឡើងថា៖ «តើមិនឲ្យអញមានក្ដីមេត្តាករុណាលើក្រុងនីនីវេទេឬអី? ពួកគេមិនទាំងដឹងថាខ្លួនកំពុងធ្វើអ្វីផង? ពួកគេជាអ្នកអវិជ្ជា។»
អូ! សូមឲ្យដួងចិត្តយើងមានការខ្ទេចខ្ទាំនៅរាល់ពេលណាដែលយើងឃើញបុគ្គលណាម្នាក់ក្រាបថ្វាយបង្គំ ឬក៏អុចធូបបន់ស្រន់ដល់រូបព្រះក្លែងក្លាយចុះ។
ចំពោះព្រះជាម្ចាស់វិញ ទ្រង់យកព្រះទ័យទុកដាក់យ៉ាងពិសេសលើអស់អ្នកណាដែលមិនទាន់បានឮដំណឹងល្អ ពោលគឺអស់អ្នកណាដែលមិនដឹងថា ខ្លួនកំពុងតែធ្វើអ្វីឡើយ។
ប្រាកដណាស់! ផែនដីទាំងមូលគឺកំពុងស្ថិតក្រោមសេចក្ដីក្រោធដ៏យុត្តិធម៌របស់ព្រះជាម្ចាស់ ព្រោះពួកគេបានគាបសង្កត់ដោយបង្ខាំងសេចក្ដីពិតរបស់ទ្រង់ ប៉ុន្តែក៏នៅមានអ្នកខ្លះលើលោកនេះខ្លះដែលមិនទាន់ទាំងបានឮ ឬក៏ដឹងពីសេចក្ដីមេត្តាករុណា និងចិត្តអាណិតអាសូររបស់ទ្រង់ផង (រ៉ូម ១:១៨)។ ពួកគេមិនទាំងអាចដើរទៅព្រះវិហារ ហើយស្ដាប់ដំណឹងល្អបានផង។ ពួកគេមិនទាំងមានមិត្តភក្តិដែលជាគ្រីស្ទបរិស័ទទៀតផង។ តើនឹងមានអ្នកណាចេញទៅផ្សាយដំណឹងល្អដល់ពួកគេ។ តើអ្នកណាមានដួងចិត្តដូចព្រះជាម្ចាស់ ហើយនឹងចេញទៅ ប្រាប់អស់អ្នកដែលមិនស្គាល់ព្រះអង្គពីដំណឹងនៃសេចក្ដីសង្គ្រោះដែលមាននៅក្នុងព្រះយេស៊ូវ? តើអ្នកណានឹងប្រាប់ពួកគេថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដ៏ម៉្លេះ ដែលព្រះអង្គបានចាត់ព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ ដើម្បីសុគត និងដើម្បីឲ្យអស់អ្នកណាដែលទទួលជឿលើព្រះអង្គនឹងមិនវិនាសឡើយ ប៉ុន្តែមានជីវិតដ៏នៅអស់កល្បជានិច្ចវិញ?
ឱ! ព្រះជាម្ចាស់អើយ! សូមប្រទានសេចក្ដីមេត្តាករុណាដូចដែលទ្រង់មានសម្រាប់អស់អ្នកដែលមិនទាន់ស្គាល់ព្រះអង្គ។ សូមជួយយើងឲ្យចេះមានចិត្តខ្ទេចខ្ទាំសម្រាប់អស់អ្នកដែលមិនទាន់ស្គាល់ទ្រង់ដែលនៅជុំវិញយើង និងនៅលើពិភពលោកទាំងមូលនេះ។ សូមជួយយើងឲ្យចេះស្រឡាញ់មនុស្សម្នានៅជុំវិញយើង។ ហើយសូមជួយយើងឲ្យចងចាំពីព្រះគុណរបស់ទ្រង់ក្នុងជីវិតយើងផងដែរ។ យើងទាំងអស់គ្នាស័ក្ដិសមនឹងទទួលសេចក្ដីស្លាប់ណាស់។ ប៉ុន្តែ ឱ! ព្រះអម្ចាស់អើយ! ក្នុងសេចក្ដីមេត្តាករុណាដ៏អស្ចារ្យរបស់ទ្រង់ ព្រះអង្គបានអត់ទោសបាបយើង ហើយបានទិញយើង ក៏ដូចជាបានញែកយើងទុកជាបរិសុទ្ធផងដែរ។
សេចក្ដីសន្និដ្ឋាន
ឱ! បងប្អូនខ្មែរអើយ! យើងខ្ញុំអធិស្ឋានទូលសូមឲ្យលោកអ្នកដើរតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ក្នុងជីវិតរស់នៅរបស់លោកអ្នក មិនថាព្រះអង្គបានត្រាស់ហៅឲ្យលោកអ្នកទៅទីណាក៏ដោយ។ សូមឲ្យយើងចងចាំថា យើងគួរតែប្រកាសព្រះបន្ទូលរបស់ព្រះអង្គ ព្រោះមានតែទ្រង់មួយគត់ប៉ុណ្ណោះដែលជួយសង្គ្រោះមនុស្សលោកយើងបាន។ ចូរឲ្យយើងចងចាំថា ព័ន្ធកិច្ចរបស់យើងមិនមែនជាអ្វីៗទាំងអស់របស់យើងទេ ប៉ុន្តែចូរបង្កើនទំនាក់ទំនងជាមួយព្រះអង្គជារៀងរាល់ថ្ងៃវិញ ហើយចូរឲ្យយើងមានចិត្តស្រឡាញ់ដល់មនុស្សដូចជាព្រះអង្គស្រឡាញ់ដែរ ពោលគឺមានចិត្តក្ដួលអាណិតដល់អស់អ្នកដែលកំពុងតែធ្វើបាបដោយមិនដឹងខ្លួន។ ឱ! ព្រះជាម្ចាស់អើយ! សូមទ្រង់ជួយយើងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ក្នុងការធ្វើព័ន្ធកិច្ចរបស់ទ្រង់ ក្នុងរបៀបរបស់ទ្រង់ ហើយសូមឲ្យព្រះអង្គទទួលបានសិរីល្អតាមរយៈជីវិតរបស់យើង។ អាម៉ែន។
ជំរាបសួរបងប្អូនរួមជំនឿទាំងអស់គ្នា
តើអត្ថបទនេះមានជាភាសាអង់គ្លេសដែរឬទេ?
ប្រសិនបើមាន ខ្ញុំសុំជាsoft copyមួយ ។
បាទអរគុណច្រើន
សូមព្រះប្រទានពរ
Hello Ratana,
អត្ថបទនេះមានមូលដ្ឋានលើសេចក្ដីអធិប្បាយជាភាសាខ្មែរ។ យើងក៏មានកំណត់សម្គាល់ពីភាសាអង់គ្លេសដែលយើងអាចផ្ញើទៅបង។ ប៉ុន្តែវាមិនដូចគ្នានឹងអត្ថបទនេះទាំងស្រុងទេ។