https://youtu.be/f_xd2o8AoC0
«កាលបុណ្យថ្ងៃទីហាសិបបានមកដល់ ពួកគេទាំងអស់មានចិត្តព្រមព្រៀងប្រជុំគ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់តែមានឮសំឡេងពីស្ថានសួគ៌ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេកំពុងតែអង្គុយ។ មានដូចជាអណ្ដាតភ្លើងបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា។ គេទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាដទៃផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ នៅពេលនោះ មានសាសន៍យូដាដែលគោរពកោតខ្លាចព្រះ មកពីគ្រប់ប្រទេសនៅក្រោមមេឃ ស្នាក់នៅក្រុងយេរូសាឡឹម។ កាលសូរសព្ទពីការនោះបានឮសុសសាយទៅ មហាជននាំគ្នាចូលមក ហើយភ្ញាក់ផ្អើលជាខ្លាំង ព្រោះម្នាក់ៗឮគេនិយាយភាសាកំណើតរបស់ខ្លួន។ គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នា ដោយឆ្ងល់ថា៖ «តើអ្នកទាំងអស់គ្នាដែលនិយាយនេះ មិនមែនសុទ្ធតែជាអ្នកស្រុកកាលីឡេទេឬ? ចុះម្ដេចបានជាយើងឮគេនិយាយភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ? គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីគា និងស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ពួកអ្នកស្រុករ៉ូមដែលស្នាក់នៅទីនេះ ទាំងសាសន៍យូដា និងអ្នកចូលសាសន៍ សាសន៍ក្រេត និងសាសន៍អារ៉ាប់ដែរ យើងឮគេនិយាយពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងផ្ទាល់»។ អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយវិលវល់ក្នុងចិត្ត ទាំងសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះមានន័យដូចម្ដេច?» ប៉ុន្តែ មានអ្នកខ្លះចំអកថា៖ «ពួកនេះស្រវឹងស្រាថ្មីទេ»។ (កិច្ចការ ២:១-១២ គកស)
ពួកសិស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ
តាំងពីចាប់ផ្ដើមមកម្ល៉េះកណ្ឌគម្ពីរកិច្ចការជំពូក២បានផ្ដោតទៅលើរចនាសម្ព័ន្ធ និងការផ្លាស់ប្រែជាថ្មី ដែលនាំឲ្យរចនាសម្ព័ន្ធ និងការផ្លាស់ប្រែចាស់ឈានដល់ទីបញ្ចប់។ ជំពូក២នេះបានកើតឡើងនៅបុណ្យថ្ងៃទី៥០ ដែលជាបុណ្យប្រចាំឆ្នាំទីពីររបស់សាសន៍យូដា ដើម្បីរម្លឹកអំពីការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដល់រាស្ដ្ររបស់ទ្រង់។ វាត្រូវបានគេស្គាល់ផងដែរថា ជាពិធីបុណ្យអាទិត្យទី៧ក្នុងគម្ពីរសញ្ញាចាស់ (សូមអានលេវីវិន័យ ២៣:១៥-២១; និក្ខមនំ ៣៤:២២; ជនគណនា ២៨:២៦-៣១; និងចោទិយកថា ១៦:៩-១២) ហើយបុណ្យថ្ងៃទី៥០នេះបានមកដល់ហាសិបថ្ងៃបន្ទាប់ពីបុណ្យរំលង។ ឯបុណ្យរំលងវិញ គឺជាបុណ្យដែលរម្លឹកអំពីការមកដល់នៃទេវតាសេចក្តីស្លាប់ ដែលជាគ្រោះកាចចុងក្រោយ ដល់ប្រទេសអេស៊ីព្ទ។ នៅយប់នោះ ព្រះបានប្រាប់ឲ្យសាសន៍អ៊ីស្រាអែលសម្លាប់កូនចៀម ហើយយកឈាមរបស់វាទៅលាបលើគ្របទ្វារផ្ទះទាំងសងខាងរបស់ពួកគេ។ ពេលដែលទេវតាឃើញឈាម នោះទេវតានឹងរំលងផ្ទះជនជាតិអ៊ីស្រាអែល ប៉ុន្តែនឹងបំផ្លាញស្រុកអេស៊ីព្ទដោយសម្លាប់កូនប្រុសច្បងរបស់ពួកគេវិញ។ គ្រោះកាចនេះអាចជៀសផុតបាន ប្រសិនបើស្ដេចផារ៉ោន និងពួកអ្នករាជវាំងរបស់ទ្រង់ ស្តាប់តាមសម្ដីរបស់លោក ម៉ូសេ ដោយដោះលែងពួកអ៊ីស្រាអែលឲ្យមានសេរីភាព។ ប៉ុន្តែ ពួកគេបានបដិសេធ ដូច្នេះហើយបានជាពួកគេត្រូវតែបង់ថ្លៃលោះចុងក្រោយសម្រាប់អំពើបាបដែលប្រឆាំងនឹងព្រះជាម្ចាស់។ ក្រោយពីសោកនាដកម្មនេះមក ជនជាតិអ៊ីស្រាអែលដែលរួចរស់ជីវិតដោយសារឈាមនៃកូនចៀម បានចាកចេញពីស្រុកអេស៊ីព្ទ។ ព្រះជាម្ចាស់បានរំដោះពួកគាត់ដូចជាអ្វីដែលទ្រង់បានសន្យាមែន។
ហាសិបថ្ងៃក្រោយមក ជនជាតិអ៊ីស្រាអែលនៅឯភ្នំស៊ីណាយ ទទួលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ តាមរយៈលោក ម៉ូសេ។ នៅពេលដែលពួកគាត់ចូលទឹកដីសន្យា ពួកគាត់ត្រូវតែធ្វើពិធីជប់លៀង ឬពិធីបុណ្យដែលត្រូវយកផលដំបូងរបស់ខ្លួន (នំបុ័ងដែលធ្វើពីស្រូវថ្មី) ថ្វាយជាតង្វាយដល់ព្រះជាម្ចាស់។ ឯតង្វាយផលដំបូងនេះ ដំណាងឲ្យទាំងក្តីសង្ឃឹមក្នុងការមកដល់នៃការច្រូតកាត់ដ៏បរិបូណ៌ ហើយនិងជាសញ្ញានៃការអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់។ បុណ្យថ្ងៃទី៥០ គឺមិនអាចដាច់ចេញពីបុណ្យរំលងបានទេ ព្រោះវាត្រូវបានកំណត់ពេលវេលាយ៉ាងជាក់លាក់ បន្ទាប់ពីបុណ្យរំលងមក (លេវីវិន័យ ២៣:១៦)។ វាកើតឡើងចេញពីលទ្ធផលនៃកិច្ចការដែលរៀបជាស្រេចរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ដូច្នេះហើយបានជាវាមិនគ្រាន់តែជាការផ្គត់ផ្គង់ផ្នែកកសិកម្មប៉ុណ្ណោះទេ តែទាំងជាការផ្តល់នូវការប្រោសលោះផងដែរ។ ជនជាតិអ៊ីស្រាអែល បានថ្វាយផលដំបូងរបស់ខ្លួនដល់ព្រះជាម្ចាស់ ដែលទ្រង់បានសង្គ្រោះពួកគាត់ពីទាសភាពនៅប្រទេសអេស៊ីព្ទ។ គំនិតបង្កប់ក្នុងនិមិត្ដរូបនៃបុណ្យថ្ងៃទី៥០នេះ គឺថាប្រសិនបើព្រះជាម្ចាស់អាចរំដោះរាស្ដ្ររបស់ទ្រង់ចេញពីប្រទេសអេស៊ីព្ទបាន នោះទ្រង់ក៏នឹងអាចផ្គត់ផ្គង់ដល់ពួកគាត់បានផងដែរ គឺដូចជាអ្វីដែលទ្រង់បានសន្យាអញ្ចឹង។
នៅក្នុងកណ្ឌគម្ពីរកិច្ចការជំពូក២ ជនជាតិយូដាដែលរស់នៅក្រុងយេរូសាឡឹមនៅតែបន្តធ្វើបុណ្យថ្ងៃទី៥០ ប៉ុន្តែថ្ងៃបុណ្យទី៥០នេះគឺមិនដូចគ្នាទេ។ តាមពិតទៅ វាគឺជាបុណ្យថ្ងៃទី៥០ចុងក្រោយ។ វាត្រូវតែជាពេលចុងក្រោយ ពីព្រោះបុណ្យរំលងចុងក្រោយបង្អស់បានកើតឡើងហាសិបថ្ងៃមុនមកម៉្លេះ គឺតាំងពីពេលដែលព្រះយេស៊ូវដែលជាកូនចៀមឥតស្លាកស្នាមរបស់ព្រះជាម្ចាស់ត្រូវបានគេឆ្កាងសម្រាប់អំពើបាបរាស្ដ្ររបស់ទ្រង់។ ការជាប់ឆ្កាងនេះគឺជាយញ្ញបូជា ដើម្បីបញ្ចប់រាល់ការថ្វាយយញ្ញបូជានានា (ហេព្រើរ ៧:២៧; ៩:១២, ២៨; ១០:១០)។ ការរំដោះចេញពីប្រទេសអេស៊ីព្ទ និងពិធីបុណ្យរំលងដែលត្រូវចងចាំគឺជាស្រមោលនៃអ្វីម្យ៉ាងដែលអស្ចារ្យជាងនោះ។ បុណ្យរំលងត្រូវបានបំពេញសម្រេចរួចហើយ—ឥឡូវនេះ វាគឺជាពេលវេលានៃការបំពេញសម្រេចនៃបុណ្យថ្ងៃទី៥០វិញម្តង។ ជាមួយនឹងព្រះយេស៊ូវដែលពេលនេះគង់នៅស្ថានសួគ៌—ជាចំណុចដ៏សំខាន់មួយសម្រាប់អ្វីដែលនឹងកើតឡើងជាបន្តបន្ទាប់—ការបំពេញសម្រេចនេះគឺច្បាស់ណាស់សម្រាប់អ្វីដែលនឹងកើតឡើងបន្តបន្ទាប់ទៀត។
ពួកសិស្សបានជុំគ្នា ហើយមានអ្វីម្យ៉ាងបានកើតឡើងដែលអាចពន្យល់បានតាមតែរបៀបប្រៀបប្រដូចតែប៉ុណ្ណោះ មិនមែនតាមរយៈបទពិសោធន៍ពីអតីតកាលណាមួយនោះទេ៖ «ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង» ហើយ «ក៏មានអណ្ដាត ដូចជាអណ្ដាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញហើយមកសណ្ឋិតលើគេគ្រប់គ្នា» (កិច្ចការ ២:២, ៣)។ ពាក្យ «ដូចជា» គឺមានសារៈសំខាន់ណាស់សម្រាប់ការយល់ដឹងអំពីរបៀបដែលលោក លូកា បានពណ៌នាអំពីកន្លែងកើតហេតុ។ អ្នកអត្ថាធិប្បាយ មានការបែងចែកខុសៗគ្នាថាតើ មានខ្យល់បក់គំហុកខ្លាំង អមជាមួយនឹងសម្លេង ឬក៏គ្រាន់តែមានសម្លេង។ មិនថាពួកសិស្សទទួលខ្យល់បក់ ឬអត់ ការនេះមិនសំខាន់ទេ។ អ្វីដែលបានកើតឡើងនេះ គឺត្រូវបានពណ៌នាថាមិនមែនជាបាតុភូតធម្មជាតិពិតនោះទេ គឺគ្រាន់តែ «ដូចជា» តែប៉ុណ្ណោះ។ វាគឺជារឿងធម្មតាទេនៅក្នុងព្រះគម្ពីរ ជាពិសេសនៅក្នុងអត្ថបទ និងអត្ថបទខ្លីនានាដែលពណ៌នាអំពីទិដ្ឋភាពនៃស្ថានសួគ៌ ឬក៏អំពីពេលស្ថានសួគ៌ និងផែនដីបានជួបគ្នា៖ តួយ៉ាងដូចជា ខ្លោងទ្វារ និងកំផែង «ដូចទៅនឹង» ត្បូងដ៏មានតម្លៃ ឯជាទូទៅទិដ្ឋភាពនៃស្ថានសួគ៌ត្រូវបានពណ៌នា «ដូចទៅនឹង ឬក៏ស្រដៀងនឹង» វត្ថុនានានៅផែនដី ហើយការបើកសម្ដែងអំពីវត្ថុនានា ដែល «ស្រដៀងនឹង» រង្វង់កង់ អ្នកនាំសារជាអណ្ដាតភ្លើង ឬសត្វផ្សេងៗដែលជួនកាលរួមបញ្ចូលគ្នាជាខ្លួនតែមួយជាដើម។ ការប្រដូចទាំងអស់នេះគឺជាការព្យាយាមនាំការបើកសម្ដែង និងបទពិសោធន៍បែបអធិធម្មជាតិទាំងនោះ—ពោលគឺ ឲ្យទៅជាព្រឹត្តិការណ៍ពិត ដែលមានពិសោធន៍ពិត ដោយផ្អែកទៅលើអ្វីដែលមិនអាចពន្យល់ពេញលេញបាន។ ករណីខាងលើនេះ វាគឺជាអ្វីម្យ៉ាងដែលស្រដៀងទៅនឹងខ្យល់គំហុកតែប៉ុណ្ណោះ។ ខ្ញុំមានរូបភាពក្នុងគំនិតអំពីអ្វីដែលពួកសាវ័កបានឮ គឺដូចទៅនឹងសម្លេងខ្យល់ចេញពីក្នុងបន្ទប់ ដែលមានជញ្ជាំង និងដំបូលឮសូរក្តូងក្តាំង បង្អួចបោកខ្ទប់គ្នាខ្លាំងៗ ហើយនិងសម្លេងខ្យល់បក់បោកយ៉ាងគំហុក ដែលធ្វើឲ្យរញ្ជួយគ្រប់អ្វីៗតាមទិសដៅដែលវាបក់ទៅ។ សម្រាប់ពួកយើង វាអាចស្តាប់ទៅ ស្រដៀងទៅនឹងសម្លេងរថភ្លើង ដែលកំពុងតែបើកមកអញ្ចឹង។
អ្វីដែលសំខាន់ គឺជាអ្វីដែលបង្ហាញអំពីសម្លេងដូចជាខ្យល់គំហុក និងរូបរាងដូចជាអណ្ដាតភ្លើង៖ ដែលរបស់ទាំងពីរនេះបង្ហាញអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់ (សូមអាន ១ពង្សាវតាក្សត្រ ១៩:១១-១៣)។ តួយ៉ាងដូចជាហោរា អេសេគាល ត្រូវបានព្រះវិញ្ញាណនៃព្រះបង្ហាញឲ្យឃើញការជាក់ស្ដែងអំពីឆ្អឹងស្ងួតហែង ដែលក្លាយជាមានរូបរាងជាមនុស្ស ហើយត្រូវបានប្រោសឲ្យរស់ឡើងវិញនៅពេលដែលព្រះវិញ្ញាណនៃព្រះបានបង្គាប់ថា៖ «ចូរទាយ ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរទាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ៖ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំង៤ទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង» (អេសេគាល ៣៧:៩)។ រូបភាពនេះគឺជាការបង្ហាញអំពីការដែលព្រះជាម្ចាស់នាំជនជាតិអ៊ីស្រាអែលឲ្យវិលត្រឡប់មកពីការនិរទេសវិញ ជាការរំដោះពួកគាត់ពីភាពជានិរទេសថ្មី ជាមួយនឹងការលើកលែងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់៖ គ្រានោះទ្រង់សន្យាថា នឹងប្រទានព្រះវិញ្ញាណទ្រង់ដល់ពួកគាត់ (អេសេគាល ៣៧:១៤)។ ដូចគ្នានេះដែរ រូបភាពនៃអណ្ដាតភ្លើងនៅក្នុងកណ្ឌគម្ពីរកិច្ចការជំពូក២ក៏មិនខុសគ្នាដែរ។ វាគឺដូចទៅនឹងការបង្ហាញអង្គទ្រង់ដល់លោក ម៉ូសេ នៅក្នុងគុម្ពបន្លាដែលកំពុងតែឆេះ (និក្ខមនំ ៣:១-៦) ឬក៏ដូចទៅនឹងការបង្ហាញអង្គទ្រង់ដល់ជនជាតិអ៊ីស្រាអែលជាបង្គោលភ្លើងដែលនាំមុខពួកគាត់ នៅពេលយប់ក្នុងវាលរហោស្ថានអញ្ចឹងដែរ (និក្ខមនំ ១៤:១៩-២០; ជនគណនា ១១:២៥; ១២:៥; ១៤:១៤; ១៦:៤២; ចោទិយកថា ១:៣៣)។ អណ្ដាតភ្លើងក៏អាចជាការបន្ទរពីកណ្ឌគម្ពីរ អេសាយ ៦:៤-៧ ត្រង់កន្លែង ដែលមាត់របស់គាត់ត្រូវបានសម្អាតដោយសាររងើកភ្លើង។
ព្រះវត្តមានរបស់ព្រះជាម្ចាស់ក្នុងកណ្ឌគម្ពីរកិច្ចការជំពូក២ក៏អមមកជាមួយដោយសកម្មភាពរបស់ទ្រង់ដែរ។ ព្រះវត្តមានរបស់ទ្រង់មានការបញ្ជាក់អះអាងដោយទិសដៅដែលសម្លេងនោះមកពីណា៖ គឺមកពីស្ថានសួគ៌ដែលជាព្រះដំណាក់របស់ព្រះ។ នេះជាលើកទី២ហើយ ក្នុងពេលដ៏ខ្លី ដែលផ្ទៃមេឃ និងផែនដីប្រសព្វគ្នា។ ព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ ហើយបន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធក៏បានមកពីស្ថានសួគ៌ ហើយយាងមកតាំងរាជ្យនៅលើផែនដី ដើម្បីបំពេញពួកសាវ័កឲ្យធ្វើបន្ទាល់ដែរ។
នៅពេលដែលពួកសាវ័កទទួលព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះ នោះមិនមែនជាពេលដែលពួកគាត់ទទួលបាន «សេចក្ដីសង្គ្រោះ» ឬក៏បានកើតជាថ្មីនោះទេ។ តាមពិតទៅ នេះក៏មិនមែនជាលើកដំបូងដែលពួកគាត់ទទួលបានព្រះវិញ្ញាណបរិសុទ្ធដែរ។ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏បានលេចមកឯពួកសិស្សទាំងដប់មួយនាក់ ហើយផ្លុំលើពួកគេដោយមានបន្ទូលថា «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ» (យ៉ូហាន ២០:២២)។ ជាលទ្ធផល ពួកគាត់ក៏ទទួលបានសិទ្ធិអំណាច ក្នុងការអត់ទោសបាបក្នុងនាមទ្រង់ទៀតផងដែរ (យ៉ូហាន ២០:២៣)។ ការទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងកណ្ឌគម្ពីរ កិច្ចការ ២:២ គឺដើម្បីបំពេញនូវបេសកកម្មរបស់ព្រះយេស៊ូវ ដើម្បីធ្វើបន្ទាល់អំពីទ្រង់តែប៉ុណ្ណោះ។ ដោយភាពចាំបាច់នៃសម័យកាល បទពិសោធន៍របស់ពួកសាវ័កអំពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធគឺមិនដូចគ្នាទៅនឹងសម័យកាលផ្សេងៗបន្ទាប់នោះទេ។ ការនេះមិនមែនជាការនិយាយថា បទពិសោធន៍របស់ពួកគាត់គឺខុសគ្នាទាំងស្រុង ឬមិនមានទំនាក់ទំនងទៅនឹងការទទួលព្រះវិញ្ញាណបរិសុទ្ធដែលបានឃើញបន្ទាប់ពីការអធិប្បាយរបស់សាវ័ក ពេត្រុស នោះទេ ការនេះគ្រាន់តែជាការផ្តល់ឲ្យដ៏ពិសេសសម្រាប់ក្រុមមនុស្សពិសេសមួយក្រុមតែប៉ុណ្ណោះ។
ខណៈពេលដែលទ្រង់គង់នៅលើផែនដី ព្រះយេស៊ូវមានវត្តមានដោយផ្ទាល់ជាមួយនឹងពួកអ្នកដែលដើរតាមទ្រង់ សូម្បីតែពេលដែលពួកគេមានការខ្វះចន្លោះក៏ដោយ ក៏ពួកគេជាអ្នកដែលផ្តល់នូវភស្តុតាងនៃសេចក្តីជំនឿលើទ្រង់ គ្រប់ពេលដែលអាចធ្វើទៅបានផងដែរ («ព្រះអម្ចាស់អើយ តើយើងនឹងទៅឯអ្នកណា? ទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច» «ទ្រង់គឺជាព្រះគ្រីស្ទ។» «ខ្ញុំជឿហើយ សូមជួយចំពោះសេចក្តីណាដែលមិនជឿផង»។ មិនមានរបៀបច្បាស់លាស់ និងងាយស្រួលណាមួយទេ ដើម្បីកំណត់ចំណុចជាក់លាក់នៅពេលដែលពួកសិស្សបានក្លាយជាអ្នកជឿតាមអត្ថន័យពាក្យ ដែលយើងប្រើឥឡូវនេះនោះទេ។ ពួកគាត់ពិតជាបាន «ជឿ» មែនពេលដែលព្រះយេស៊ូវមានព្រះជន្មគង់នៅ ប៉ុន្តែជំនឿរបស់ពួកគាត់មិនទាន់បានពេញលេញនោះទេទាល់តែដល់ថ្ងៃដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ដូចគ្នានឹងកិច្ចការនៃការប្រោសលោះរបស់ព្រះគ្រីស្ទដែរ។ ពួកសិស្សត្រូវបានញែកជាបរិសុទ្ធដោយព្រះបន្ទូលរបស់ព្រះយេស៊ូវ ពេលដែលទ្រង់គង់នៅជាមួយពួកគេ (យ៉ូហាន ១៣:១០; ១៥:៣; ១៧:១៧) ប៉ុន្តែពួកគាត់នឹងមិនទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះចេស្ដានៃព្រះគ្រីស្ទដែលរស់ឡើងវិញនោះទេ ទាល់តែដល់ថ្ងៃដែលទ្រង់មានព្រះជន្មរស់ឡើងវិញសិន (ដូចបានសន្យាក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៤:១៧)។ ដោយភាពចាំបាច់ខាងឯប្រវត្តិសាស្ត្រ និងបទពិសោធន៍ ពួកសិស្សបានឈរនៅកន្លែងមួយផ្សេង នៅក្នុងប្រវត្តិសាស្ត្រនៃសេចក្ដីសង្គ្រោះ ខុសពីកន្លែងដែលពួកយើងឈរ។
នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ២:៣៣ សាវ័ក ពេត្រុស បាននិយាយថា ព្រះយេស៊ូវ «បានទទួល» ព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា ជាពិសេសសម្រាប់ការបង្ហូរចេញដែលបានទទួលនៅបុណ្យថ្ងៃទី៥០។ ម៉្យាងវិញទៀត នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ៨:១៧ សាសន៍សាម៉ារីមួយចំនួនបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅពេលសាវ័ក ពេត្រុស និងសាវ័ក យ៉ូហាន បានដាក់ដៃលើពួកគេ។ នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១០:៤៧ សាវ័ក ពេត្រុស ប្រកាសថា ដោយព្រោះលោក កូនេលាស និងសាសន៍ដទៃ «បានទទួល» ព្រះវិញ្ញាណបរិសុទ្ធដូចគ្នាទៅនឹងអ្នកជឿសាសន៍យូដាដែរ ទើបគ្មានហេតុផលណាត្រូវបដិសេធពួកគេមិនឲ្យទទួលពិធីបុណ្យជ្រមុជទឹកនោះឡើយ។ ព្រះវិញ្ញាណ «យាងចុះមក» លើគ្រប់គ្នាដែលនៅជុំគ្នា ខណៈពេលដែលសាវ័ក ពេត្រុស បានបើកមាត់និយាយ ហើយពួកអ្នកដែលនៅជាមួយនឹងលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញព្រះវិញ្ញាណបរិសុទ្ធត្រូវបាន «បានចាក់មកលើ» សាសន៍ដទៃដូចដែលព្រះវិញ្ញាណបរិសុទ្ធបានបង្ហូរលើពួកសាសន៍យូដាដែលបានជឿដែរ (កិច្ចការ ១០:៤៤-៤៥)។ ដូច្នេះ វាច្បាស់ណាស់ថា ភាសាដែលប្រើសម្រាប់ការទទួលព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាសំដៅទៅរកការទទួលបានអំណាចជាពិសេស ឬក៏សម្រាប់អំណាចដែលកើតជាថ្មីក៏ដោយ ក៏មិនខុសគ្នាម្ដងហើយម្ដងទៀតពីកិច្ចការនៃការធ្វើបន្ទាល់ និងជំនឿនោះដែរ។ កិច្ចការទាំងអស់នេះ—ពោលគឺ ការធ្វើបន្ទាល់របស់ពួកសាវ័ក ទីសម្គាល់ ការអស្ចារ្យ និងការកើតជាថ្មី—គឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទាំងអស់។ របៀបដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ និងអ្វីដែលព្រះវិញ្ញាណបរិសុទ្ធកំពុងផ្តល់មក គឺអាស្រ័យទៅតាមបរិបទ។
ការបង្ហាញពីផ្នែកខាងក្រៅ
ព្រះវិញ្ញាណបរិសុទ្ធបានយាងមក ហើយ «បានសណ្ឋិតលើគេគ្រប់គ្នា» នៅបុណ្យថ្ងៃទី៥០ (កិច្ចការ ២:៣)។ ការនេះគឺជាការបង្ហាញឲ្យឃើញ ពីផ្នែកខាងក្រៅមួយនៃអ្វីដែលកំពុងតែកើតឡើង ក្នុងចំណោមពួកគាត់ ខណៈពេលដែលពួកអ្នកប្រជុំគ្នាក្នុងបន្ទប់ «បានពេញជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ២:៤)—ពោលគឺអ្វីដែលព្រះយេស៊ូវបានសន្យាដល់ពួកគេ ពេលដែលទ្រង់យាងឡើងទៅស្ថានសួគ៌ ត្រូវបានមកដល់។ វាមិនអាចទៅរួចទេ ក្នុងការកំណត់នូវអ្វីដែលជាអត្ថន័យ «ពេញជាព្រះវិញ្ញាណបរិសុទ្ធ» នោះ។ យើងមិនគួរគិតថា ព្រះវិញ្ញាណបរិសុទ្ធគឺដូចទៅនឹងប្រេងសាំងពីស្ថានសួគ៌ ដែលយកមកបំពេញធុងសាំងខាងឯវិញ្ញាណរបស់យើងទេ។ លោក លូកា ហាក់បីដូចជាកំពុងតែនិយាយក្នុងន័យអំពីលទ្ធភាព (ភាសានៃការ «បំពេញ») ប៉ុន្តែ តើយើងគិតយ៉ាងណាអំពីលទ្ធភាព ខណៈពេលដែលអ្នកទទួល គឺជាមនុស្ស ហើយអ្នកផ្តល់ឲ្យ គឺជាព្រះវិញ្ញាណបរិសុទ្ធនោះ? តើអាចមាននរណាម្នាក់ដែលបានបំពេញមួយភាគបួននៃមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធបានដែរឬទេ? ក្នុងន័យបរិមាណ តើត្រង់កម្រិតណាដែលមនុស្សម្នាក់ «ពេញ» ជាព្រះវិញ្ញាណបរិសុទ្ធនោះ? ទោះបីជាយ៉ាងណាក៏សាវ័ក ប៉ុល បានប្រាប់អ្នកជឿនៅក្រុងអេភេសូរ ដែលមានព្រះវិញ្ញាណបរិសុទ្ធរួចហើយថា «ចូរឲ្យបានពេញជាព្រះវិញ្ញាណបរិសុទ្ធ» ជាជាងស្រវឹងស្រា (អេភេសូរ ៥:១៨)។
នៅក្នុងកណ្ឌដំណឹងល្អរបស់ លោក លូកា គាត់បានប្រើប្រាស់ពាក្យ «បានពេញជា» ក្នុងន័យបំពេញលទ្ធភាព ដូចទៅនឹងទូករបស់ពួកសិស្សពេញទៅដោយត្រី ដែលពៀបស្ទើរនឹងលិចអញ្ចឹងដែរ (លូកា ៥:៧) ឬក្នុងន័យធៀបទៅនឹង «ពេញដោយសេចក្តីភ័យខ្លាច» (លូកា ២:៩) ឬក៏«ពេញដោយការខឹងសម្បារ» (លូកា ៦:១១) ជាដើម។ គាត់ក៏បានប្រើប្រាស់ពាក្យដែលមានន័យថា «[ការ] បំពេញសម្រេច» ឬក៏ «ចប់សព្វគ្រប់» សំដៅដល់ការសន្និដ្ឋានចុងក្រោយផងដែរ។ តួយ៉ាងដូចជាហោរា សាការី បានត្រឡប់ទៅផ្ទះវិញ «កាលវេលាដែលការងារលោក [ជាសង្ឃម្នាក់] បានសម្រេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ» (លូកា ១:២៣)។ ការបំផ្លាញទីក្រុងយេរូសាឡឹម ដែលបានទាយទុកជាមុននៅក្នុងការបង្រៀននៅលើភ្នំដើមអូលីវក៏ត្រូវបានពណ៌នាធៀបទៅនឹង «គ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តី ដែលបានចែងទុកមក» (លូកា ២១:២២) ដូចគ្នាដែរ។ កន្លែងសំខាន់មួយទៀតនោះគឺថា ទេវតាបានប្រាប់ហោរា សាការី ថាកូនប្រុសរបស់លោកដែលមានឈ្មោះថា យ៉ូហាន «[នឹង] ពេញជាព្រះវិញ្ញាណបរិសុទ្ធ» (លូកា ១:១៥)។ ឯលោកស្រី អេលីសាបិត វិញ ពេលបានឃើញនាង ម៉ារ៉ា «ក៏ពេញជាព្រះវិញ្ញាណបរិសុទ្ធ» ហើយចាប់ផ្ដើមទាយ (លូកា ១:៤១) និងសរសើរតម្កើងដល់ព្រះជាម្ចាស់ផងដែរ។ ជាថ្មីម្តងទៀតហោរា សាការី «ពេញជាព្រះវិញ្ញាណបរិសុទ្ធ» បានចាប់ផ្ដើមទាយ និងសរសើរតម្កើងដល់ព្រះជាម្ចាស់ ចំពោះអ្វីដែលទ្រង់ហៀបនឹងធ្វើ នៅក្នុងប្រទេសអ៊ីស្រាអែល តាមការសន្យារបស់ព្រះជាម្ចាស់ (លូកា ១:៦៧)។
យើងក៏អាចរកឃើញនូវអត្ថបទដែលស្រដៀងគ្នានេះនៅក្នុងកណ្ឌគម្ពីរកិច្ចការផងដែរ។ ត្រង់នេះសាវ័ក ពេត្រុស បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគាត់ក៏បាននិយាយទៅកាន់ហ្វូងមនុស្ស (កិច្ចការ ៤:៨) ហើយបន្ទាប់មកពេលដែលពួកអ្នកជឿពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋាន (កិច្ចការ ៤:៣១)។ ពេលដែលពួកអ្នកទាំងប្រាំពីរនាក់ដែលគេបានជ្រើសរើសឲ្យមើលថែស្ត្រីមេម៉ាយក្នុងចំណោមសាសន៍យូដា ដែលនិយាយភាសាក្រិក យើងឃើញថាក្នុងចំណោមលក្ខណៈវិនិច្ឆ័យផ្សេងៗរបស់ពួកគេ គឺត្រូវមានពេញជាព្រះវិញ្ញាណបរិសុទ្ធផងដែរ (កិច្ចការ ៦:៣)។ លោក អាណានា បានប្រាប់សាវ័ក ប៉ុល ថា គាត់នឹង «ពេញជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ៩:១៧)។ ខគម្ពីរទាំងអស់នេះ ក៏ដូចជាខគម្ពីរនៅក្នុងកណ្ឌគម្ពីរលូកាសុទ្ធតែបានបញ្ជក់ន័យបន្ថែមដល់ឃ្លានានា ដែលមានប្រើប្រាស់នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ២:៤ និងនៅក្នុងកណ្ឌគម្ពីរ កិច្ចការទាំងមូលផងដែរ។ ក្នុងកន្លែងជាច្រើន «[ការ] ពេញជាព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ត្រូវបានផ្តល់អំណាចឲ្យសម្រាប់ការបម្រើ ដែលជាទូទៅសំដៅលើការប្រកាសប្រាប់ដំណឹងល្អ និងបេសកកម្ម។ រឿងនេះ មិនបានបង្ហាញអំពីភាពខ្វះខាតពីដំបូងនោះទេ តែគ្រាន់តែទាក់ទងនឹងបទពិសោធន៍ពិសេសនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបំពេញបេសកកម្មពីទីក្រុងយេរូសាឡឹម ស្រុកយូដា និងស្រុកសាម៉ារី ឲ្យដល់ចុងបំផុតផែនដីទេតើ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការសង្គ្រោះ មិនមែនឈរជាលេខរៀងសំខាន់ទីពីរនៅក្នុងកណ្ឌគម្ពីរកិច្ចការនោះទេ—ពោលគឺការទទួលនូវព្រះវិញ្ញាណបរិសុទ្ធគឺជាហេតុផលសំខាន់ទី១ ដែលសាសន៍ដទៃអាចទទួលបុណ្យជ្រមុជទឹក ហើយនិងទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃការតាំងសញ្ញាថ្មី (កិច្ចការ ១៥:៨)—ប៉ុន្តែ ជាពិសេស នៅបុណ្យថ្ងៃទី៥០ ពួកសិស្សពេញដោយអំណាចសម្រាប់កិច្ចការដ៏អស្ចារ្យនៅពេលនោះ។
អត្ថន័យនៃភាសាផ្សេងៗ
ជាលទ្ធផល គ្រប់គ្នាដែលនៅក្នុងបន្ទប់ក៏ «បានចាប់តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ» (កិច្ចការ ២:៤; សូមអានបន្ថែមក្នុង កិច្ចការ ១០:៤៥-៤៦; ១៩:៦)។ អត្ថន័យនៃពាក្យដែលបានបកប្រែទៅថា «ភាសាផ្សេងៗ» (ភាសាក្រិក «ហ្គ្លសសៃ» glōssai ដែលមានន័យជាភាសាខ្មែរថា «ភាសា») មានការខ្វែងគំនិតគ្នា។ គ្រីស្ទបរិស័ទជាច្រើនយល់ឃើញថា ខគម្ពីរនេះមានន័យថា ពួកសិស្សបានចាប់ផ្ដើមនិយាយភាសាស្ថានសួគ៌ ដែលវិសេសជាងទម្រង់នៃភាសារបស់មនុស្សជាតិ—ពោលគឺ មិនដូចជាភាសាណាមួយនៅលើផែនដីនេះទេ។ ក្នុងការកាត់ស្រាយបែបនេះ គ្រប់គ្នាដែលឮពួកសិស្សនិយាយជាភាសាផ្សេងៗ (កិច្ចការ ២:៦) គឺពួកគេឮអញ្ចឹងមែន ពីព្រោះជាអ្វីម្យ៉ាងបែបអធិធម្មជាតិ ដែលកំពុងតែកើតឡើងដែលបានបកប្រែ «ភាសាស្ថានសួគ៌នោះ» ឲ្យឮទៅជាភាសារបស់ពួកគេរៀងៗខ្លួន។ ជាញឹកញាប់ ក្នុងការកាត់ស្រាយបែបខាងលើនេះ គឺអមជាមួយនឹងការអស្ចារ្យនៃការស្តាប់ឮផងដែរ។ តែនៅក្នុងខគម្ពីរដូចជាកណ្ឌគម្ពីរ ១កូរិនថូស ១៣:១ ដែលសាវ័ក ប៉ុល បានលើកឡើងអំពី «ភាសារបស់មនុស្សជាតិ និងភាសារបស់ពួកទេវតា» គឺត្រូវបានគេលើកមកគាំទ្រ (សូមអាន ១កូរិនថូស ១៤:២, ១៨-២៣, ២៧)។ ទោះបីជាអញ្ចឹងក៏ដោយ អ្នកខ្លះទៀតយល់ថា ពួកសិស្សកំពុងតែនិយាយភាសាដទៃ ដែលប្រើតំណាងតែនៅក្នុងបន្ទប់នៅថ្ងៃនោះតែប៉ុណ្ណោះ។ ចំពោះការកាត់ស្រាយបែបនេះ គឺមិនចាំបាច់មានការអស្ចារ្យនៃការស្តាប់ឮនោះទេ។ ជាធម្មតា ការកាត់ស្រាយបែបនេះ គឺអមដោយពាក្យ «ភាសាផ្សេងៗ» នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលតែងតែសំដៅទៅលើភាសាដែលគេស្គាល់។ ទោះជាយ៉ាងណាក៏ដោយក៏នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៣:១ ហាក់ដូចជាបែងចែកភាសារបស់មនុស្ស និងស្ថានសួគ៌ផ្សេងពីគ្នាដែរ។ បើច្របាច់ន័យពាក្យភាសាក្រិក «ហ្គ្លសសៃ» ដែលមានន័យជាភាសាខ្មែរថា «ភាសា» ឲ្យទៅជា «ភាសាផ្សេងៗ» ក្នុងព្រះគម្ពីរសញ្ញាថ្មីហាក់ដូចជារញ៉េរញ៉ៃណាស់។ ការកាត់ស្រាយទីបី គឺការយល់លើពាក្យថា «ភាសាផ្សេងៗ» ដែលបានឃើញប្រើប្រាស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺសំដៅជាភាសាមនុស្ស និងភាសាស្ថានសួគ៌ ដែលជាការបង្ហាញផ្នែកខាងក្រៅដែលជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។
នៅបុណ្យថ្ងៃទី៥០ «ភាសា» ហាក់ដូចជាបំប្លែងទៅជាភាសាផ្សេងៗ បើអញ្ចឹងវាមានតែការអស្ចារ្យនៃការនិយាយ តែមិនមានការអស្ចារ្យនៃការស្តាប់ឮនោះទេ។ ត្រង់ទីនេះលោក លូកា ប្រើប្រាស់ពាក្យ «អាផហ្វសឺនហ្គម៉ៃ» “apophthengomai” (ដែលប្រែជាភាសាខ្មែរថា «សូរចេញពីមាត់» កិច្ចការ ២:៤) ដែលឃើញមានប្រើប្រាស់ពីរដងទៀតនៅក្នុងកណ្ឌគម្ពីរកិច្ចការដែលទាក់ទងទៅនឹងការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាច្បាស់ណាស់ថា ព្រះវិញ្ញាណបរិសុទ្ធផ្តល់អំណាចចំពោះការថ្លែងព្រះបន្ទូលរបស់ពួកសិស្ស ប៉ុន្តែដូចជាមិនឃើញមានខគម្ពីរណា ដែលបង្ហាញអំពីការផ្តល់អំណាចដោយព្រះវិញ្ញាណបរិសុទ្ធចំពោះការស្តាប់ឮនោះទេ។ ពេញមួយកណ្ឌគម្ពីរកិច្ចការ (ដូចដែលបានបង្ហាញរួចហើយ) ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកអ្នកជឿ ដើម្បីផ្តល់អំណាចដល់ពួកគេសម្រាប់ការបម្រើសុទ្ធសាធ។ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ពិតជាធ្វើការក្នុងពួកអ្នកមិនជឿដែរ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃកិច្ចការខាងឯសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ «គឺបានសម្អាតចិត្តគេ ដោយសារសេចក្តីជំនឿជឿដែរ» (កិច្ចការ ១៥:៩)។ ទាំងអស់នេះហើយគឺជាមូលហេតុសំខាន់ដែលត្រូវធ្វើជាមុនសិន ដើម្បីយល់អំពីអ្វីដែលមានន័យថា «បានពេញជា» ក្នុងខគម្ពីរត្រង់នេះ មុននឹងគិតទៅដល់ការអស្ចារ្យនៃការនិយាយភាសាផ្សេងៗនោះ៖ វាផ្តល់នូវបរិបទជារួមមួយ ដើម្បីឲ្យយល់ដឹងអំពីអត្ថបទដែលខ្វែងគំនិតគ្នាយ៉ាងខ្លាំងនេះលើខគម្ពីរនេះ។
មតិយោបល់
Loading…