«ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម» (យេរេមា ២៩:១១)
ការយល់បរិបទ
ប្រសិនបើលោកអ្នករកសន្លឹកឆ្នោតលើខគម្ពីរដែលគេស្គាល់ខ្លាំងជាងគេបំផុតនៅក្នុងកណ្ឌគម្ពីរយេរេមា នោះភាគរយនៃកណ្ឌគម្ពីរ យេរេមា ២៩:១១ នឹងនៅកៀកជាងគេបំផុតខាងលើ ហើយទំនងជានៅលើគេបំផុតផង។ នេះគឺជាខគម្ពីរដ៏ពេញនិយមមួយដែលគេលើកឡើងជាញឹកញាប់ ដែលគេចែកចាយដើម្បីលើកទឹកចិត្តមនុស្សជាច្រើនឲ្យមានសង្ឃឹមសម្រាប់អនាគតដែលព្រះជាម្ចាស់នឹងធ្វើគ្រប់អ្វីៗទាំងអស់សម្រាប់ពួកគាត់។ ប៉ុន្តែ តើនេះជាអត្ថន័យពិតប្រាកដដែលខគម្ពីរគេស្គាល់នេះមានមែនឬ?
ចំណុចចាប់ផ្ដើមក្នុងការកាត់ស្រាយអត្ថន័យខគម្ពីរណាមួយក្នុងព្រះគម្ពីរ គឺយើងត្រូវយល់អំពីបរិបទនៅជុំវិញខនោះ។ លោក យេរេមា គឺជាហោរាម្នាក់ដែលបម្រើក្នុងអំឡុងគ្រាចុងក្រោយមុនសាសន៍យូដាបានក្លាយជាពួកឈ្លើយនៅឯទីក្រុងបាប៊ីឡូន ហើយព័ន្ធកិច្ចរបស់គាត់ក៏បន្តក្នុងអំឡុងពេលជាច្រើនឆ្នាំដែលសាសន៍យូដានៅជាពួកឈ្លើយ។ កណ្ឌគម្ពីរយេរេមាគឺជាការប្រមូលផ្ដុំនៃបើកសម្ដែងនៃទំនាយរបស់គាត់ដែលព្រះជាម្ចាស់បានមានបន្ទូលមកកាន់ និងតាមរយៈគាត់ក្នុងអំឡុងពេលនៃព័ន្ធកិច្ចរបស់គាត់។
កណ្ឌគម្ពីរ យេរេមា ២៩ គឺជាការសរសេរចុះនៃសំបុត្រដែលហោរាបានសរសេរទៅកាន់ពួកឈ្លើយ ដែលកំពុងរស់នៅទីក្រុងបាប៊ីឡូន (យេរេមា ២៩:១-៣)។ មានពួកឈ្លើយមួយចំនួនបានរស់នៅឯទីក្រុងបាប៊ីឡូនអស់ប្រមាណជា៨ឆ្នាំ ហើយស្របពេលនោះក៏ទើបតែមានអ្នកថ្មីបានទៅដល់ដែរ។ ហោរា យេរេមា ណែនាំឲ្យពួកគាត់ស្វះស្វែងក្នុងការរៀបរៀងជីវិតរបស់ខ្លួននៅឯទីក្រុងបាប៊ីឡូន ដោយធ្វើនូវអ្វីដែលសាមញ្ញដែលមានដូចជាការសាងសង់ផ្ទះ ការដាំដំណាំ រៀបការ និងមានកូនចៅ ហើយពិតណាស់ពួកគាត់ក៏ត្រូវតែស្វែងរកសន្តិសុខសង្គមសម្រាប់ទីក្រុងបាប៊ីឡូន ខណៈពេលដែលពួកគាត់កំពុងតែរស់នៅទីនោះផងដែរ (យេរេមា ២៩:៤-៧)។ ពួកគាត់មិនត្រូវអើពើជាមួយនឹងពួកដែលហៅខ្លួនឯងថាជា «ហោរា» ដែលកំពុងតែអះអាងថាភាពជាឈ្លើយមានពេលវេលាខ្លី ពីព្រោះព្រះជាម្ចាស់មិនបានមានបន្ទូលទៅកាន់ពួកគេ ឬក៏បានចាត់ឲ្យពួកគេទៅដែរ (យេរេមា ២៩:៨-៩)។ ជាជាងជាប់ក្នុងភាពជាឈ្លើយក្នុងពេលវេលាខ្លី ភាពជាឈ្លើយនេះនឹងមានរយៈពេល៧០ឆ្នាំ។ ហើយគឺនៅពេលនោះ ព្រះជាម្ចាស់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ ហើយនាំពួកគាត់ត្រឡប់មកឯទឹកដីសន្យាវិញ (យេរេមា ២៩:១០)។
តើអ្វីទៅជា «សេចក្ដីសុខ»?
ចំណុចនេះនាំយើងមកដល់កណ្ឌគម្ពីរ យេរេមា ២៩:១១។ សូមអានម្ដងទៀត។ ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងបំពេញផែនការនៃការប្រទានសេចក្ដីសុខរបស់ទ្រង់មកកាន់រាស្ត្ររបស់ទ្រង់។ តើផែនការ និងសេចក្ដីសុខនោះមានលក្ខណៈយ៉ាងដូចម្ដេច? កណ្ឌគម្ពីរ យេរេមា ២៩:១២-១៤ មានចែងសម្រាប់យើង។ ព្រះជាម្ចាស់នឹងឆ្លើយតបនូវសេចក្ដីអធិស្ឋានរបស់ទ្រង់។ នៅពេលដែលពួកគាត់ស្វែងរកព្រះអង្គ នោះពួកគាត់នឹងរកឃើញទ្រង់។ ព្រះជាម្ចាស់នឹងស្ដារពួកគាត់ចេញពីភាពជាឈ្លើយរបស់ខ្លួន ឲ្យទៅកាន់ទឹកដីដែលព្រះអង្គបានសន្យាសម្រាប់ពួកគាត់វិញ។
ព្រះជាម្ចាស់នៅមានបន្ទូលមកកាន់យើងសព្វថ្ងៃនេះ តាមរយៈសេចក្តីសន្យាដែលទ្រង់បានធ្វើឡើងទៅកាន់សាសន៍យូដា ខណៈពេលដែលពួកគាត់កំពុងតែស្ថិតនៅក្នុងភាពជាឈ្លើយ។
ដូច្នេះ ក្នុងបរិបទដើមនៃខនេះ កណ្ឌគម្ពីរ យេរេមា ២៩:១១ គឺជាសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៅកាន់សាសន៍យូដា ដែលកំពុងរស់នៅក្នុងភាពជាឈ្លើនៅឯទីក្រុងបាប៊ីឡូន។ សរុបមក តើនេះមានន័យថា យើងមិនអាចយកខគម្ពីរនេះមកប្រើប្រាស់លើខ្លួនឯងផ្ទាល់ ដែលជាអ្នកជឿនៅសព្វថ្ងៃនេះបានមែនឬ? តាមការយល់ដឹងលើបរិបទធំនៃដំណើររឿងនៃព្រះគម្ពីរចាប់តាំងពីកណ្ឌគម្ពីរលោកុប្បត្ដិរហូតដល់កណ្ឌគម្ពីរវិវរណៈនឹងជួយឲ្យយើងឃើញថាចម្លើយគឺបាន យើងអាចប្រើប្រាស់បាន! ក្នុងនាមជាអ្នកជឿ ផែនការរបស់ព្រះជាម្ចាស់សម្រាប់យើង គឺនាំយើងទៅកាន់ផែនដី និងស្ថានសួគ៌ថ្មីដែលព្រះអង្គបានសន្យា (វិវរណៈ ២១-២២)។ ស្របពេលនោះ យើងក៏បន្តរស់នៅក្នុងភាពជាឈ្លើយ និងជាអ្នកដែលស្នាក់នៅលើផែនដីនេះ (១ពេត្រុស ១:១; ២:១១) ដោយរង់ចាំការបង្កើតថ្មីក្នុងការរស់នៅក្នុងភាពសុចរិត (២ពេត្រុស ៣:១៣)។ ព្រះយេស៊ូវបានបង្គាប់ឲ្យយើងទូលសូមព្រះជាម្ចាស់ក្នុងការអធិស្ឋាន ហើយព្រះអង្គនឹងប្រទានមកកាន់យើង ហើយឲ្យយើងស្វែងរក នោះយើងនឹងរកឃើញទ្រង់ (ម៉ាថាយ ៧:៧)។ ព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងធ្វើរាល់គ្រប់អ្វីៗទាំងអស់សម្រាប់ជាការល្អយ៉ាងអស់កល្បជានិច្ចសម្រាប់រាស្ត្ររបស់ទ្រង់ (រ៉ូម ៨:២៨) ដែលមានរួមទាំងការរងទុក្ខដែលទ្រង់បានគ្រោងទុកសម្រាប់យើង (រ៉ូម ៨:១៨)។
ដោយមានការយល់ដឹងក្នុងបរិបទធំនៃព្រះគម្ពីរ នោះយើងឃើញថា ព្រះជាម្ចាស់នៅមានបន្ទូលមកកាន់យើងសព្វថ្ងៃនេះ តាមរយៈសេចក្ដីសន្យាដែលទ្រង់បានធ្វើឡើងទៅកាន់សាសន៍យូដា ខណៈពេលដែលពួកគាត់កំពុងតែរស់នៅក្នុងភាពជាឈ្លើយ។ នៅពេលដែលយើងយល់អំពីលក្ខណៈនៃផែនការរបស់ព្រះជាម្ចាស់សម្រាប់យើងក្នុងនាមជាអ្នកជឿ និងលក្ខណៈនៃសេចក្ដីសុខដែលទ្រង់បានសន្យាមកកាន់យើង នោះយើងអាចយកចំណុចស្នូលនៃខនេះមកអនុវត្តដោយមានទំនុកចិត្ត ក្នុងជីវិតរស់នៅរបស់យើងសព្វថ្ងៃនេះបាន។
មតិយោបល់
Loading…