សព្វថ្ងៃនេះ ការចាក់សាក់មានការពេញនិយមណាស់ គ្រប់ទីកន្លែងជាច្រើនលើពិភពលោក។ ថ្មីៗនេះ ចំនួនមនុស្សដែលចាក់សាក់ក៏បានកើនឡើងជាច្រើនផងដែរ។ ការចាក់សាក់លែងជាលម្អៀងទៅរកជនដែលចូលចិត្តប្រព្រឹត្តិអំពើឧក្រិដ្ឋ ឬក៏អ្នកបះបោរទៀតហើយ។ គែមនៃប្រវត្តិសាស្ត្រនៃការបះបោរដែលគេរាប់បញ្ចូលជាមួយនឹងការចាក់សាក់ក៏បានចាប់ផ្ដើមរលាយសាបសូន្យខ្លះៗដែរ។
ព្រះគម្ពីរសញ្ញាថ្មីមិនបានលើកឡើងនូវចំណុចអ្វីទាក់ទងនឹងថា តើអ្នកជឿព្រះយេស៊ូវគួរ ឬក៏មិនគួរចាក់សាក់នោះទេ។ ដូច្នេះ យើងមិនអាចលើកឡើងថា ការចាក់សាក់គឺជាអំពើបាបបានដែរ។ ដោយសារព្រះបន្ទូលមានភាពស្ងៀមស្ងាត់ នោះការចាក់សាក់ធ្លាក់ក្រោមក្រុមទស្សនៈ «ពណ៌ប្រផេះ» ដូច្នេះទាក់ទងនឹងចំណុចនេះ អ្នកជឿគួរប្រើប្រាស់ការដឹងជាក់ក្នុងចិត្តរបស់ខ្លួន ហើយគោរពអ្នកដែលទំនងជាមានការដឹងជាក់ក្នុងចិត្តខុសៗគ្នា។
ខាងក្រោមនេះគឺជាគោលការណ៍ទូទៅមួយចំនួនដកស្រង់ចេញពីព្រះគម្ពីរដែលលោកអ្នកអាចយកទៅប្រើប្រាស់ទាក់ទងនឹងការចាក់សាក់៖
- ព្រះគម្ពីរបានបង្គាប់ឲ្យកូនៗគោរព និងស្ដាប់បង្គាប់តាមឪពុកម្ដាយរបស់ខ្លួន (អេភេសូរ ៦:១-២)។ ប្រសិនបើក្មេងដែលមិនទាន់គ្រប់អាយុម្នាក់ចាក់សាក់ ដោយទាស់ប្រឆាំងជាមួយនឹងសេចក្ដីប្រាថ្នារបស់ឪពុកម្ដាយខ្លួន នោះគាត់មិនអាចយកព្រះគម្ពីរមកគាំទ្រគំនិតរបស់ខ្លួនបានទេ។ ការចាក់សាក់ដែលជាលទ្ធផលនៃការបះបោរគឺជាអំពើបាប។
- «ការតែងខ្លួនបែបខាងក្រៅ» មិនសូវមានសារៈសំខាន់ដូចនឹងការលូតលាស់ខាងឯ «ការតែងលាក់កំបាំងក្នុងចិត្ត» នោះទេ ហើយក៏មិនគួរជាចំណុចផ្ដោតរបស់គ្រីស្ទបរិស័ទដែរ (១ពេត្រុស ៣:៣-៤)។ បុគ្គលដែលប្រាថ្នាចង់ចាក់សាក់ ដើម្បីបង្កើតឲ្យមានចំណាប់អារម្មណ៍លើខ្លួន ឬក៏ឲ្យគេសរសើរគឺជាបុគ្គលដែលពេញទៅដោយការឥតប្រយោជន៍ ហើយក៏ផ្ដោតទៅលើខ្លួនឯងក្នុងបែបជាអំពើបាបទៀតផង។
- ព្រះជាម្ចាស់ទតឃើញដួងចិត្ត ហើយចំណុចដែលជំរុញឲ្យយើងធ្វើអ្វីមួយក៏យើងគួរធ្វើវាឡើង ដើម្បីជាការថ្វាយសិរីល្អទៅកាន់ទ្រង់ដែរ (១កូរិនថូស ១០:៣១)។ ការជំរុញចិត្តក្នុងការចាក់សាក់ ដើម្បីឲ្យ «ចុះសម្រុងនឹងគេ» ឬក៏ឲ្យមាន «ភាពខុសប្លែកពីគេ»។ល។ ក៏ខ្វះមិនដល់សិរីល្អនៃព្រះដែរ។ ការចាក់សាក់ផ្ទាល់ទំនងមិនមែនជាអំពើបាបនោះទេ ប៉ុន្តែការជំរុញចិត្តឲ្យចាក់សាក់អាចជាអំពើបាប។
- ទាំងរូបកាយ និងព្រលឹងរបស់យើងគឺត្រូវបានទទួលបានការប្រោសលោះ ហើយក៏ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ដែរ។ រូបកាយអ្នកជឿគឺជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ (១កូរិនថូស ៦:១៩-២០)។ តើទ្រង់នឹងសព្វព្រះហឫទ័យយ៉ាងដូចម្តេចក្នុងការកែកុនព្រះវិហារនោះក្នុងកម្រិតណាមួយ? តើមានគំនូសបន្ទាត់ដែលយើងមិនគួរឆ្លងកាត់ដែរឬទេ? តើមានកម្រិតទេថាការបង្កើនចំនួនសាក់នៅលើខ្លួនលែងក្លាយជាសិល្បៈ ហើយបានក្លាយជាការកាត់រូបកាយខ្លួនឯងក្នុងរបៀបជាអំពើបាប? នេះគួរតែជាចំណុចនៃការឆ្លុះបញ្ចាំងរបស់បុគ្គលរៀងៗខ្លួន ហើយក៏ជាការអធិស្ឋានដែលគាត់គួរមានភាពស្មោះត្រង់។
- យើងគឺជាទូតរបស់ព្រះគ្រីស្ទ នាំសាររបស់ព្រះជាម្ចាស់ទៅកាន់ផែនដី (២កូរិនថូស ៥:២០)។ ការចាក់សាក់នឹងបញ្ចេញសារយ៉ាងដូចម្ដេច ហើយថាតើវាជាជំនួយ ឬក៏ជាការបង្វែរការធ្វើជាអ្នកតំណាងរបស់ព្រះគ្រីស្ទ និងការផ្សាយដំណឹងល្អវិញ?
- អ្វីដែលមិនបានកើតឡើងចេញពីជំនឿគឺជាអំពើបាប (រ៉ូម ១៤:២៣) ដូច្នេះបុគ្គលដែលសម្រេចចិត្តថានឹងចាក់សាក់គួរតែមានការដឹងជាក់ក្នុងចិត្តឲ្យពិតប្រាកដថានោះឯងគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់គាត់។
យើងមិនអាចដើរចេញពីការវែកញែកអំពីការចាក់សាក់ដោយមិនពិនិត្យមើលអំពីក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ទាក់ទងទៅនឹងការហាមប្រាមបាននោះទេ៖ «ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះយេហូវ៉ា» (លេវីវិន័យ ១៩:២៨)។ ខគម្ពីរនេះមិនបានលើកឡើងអំពីមូលហេតុទាក់ទងនឹងការហាមប្រាមពីការចាក់សាក់នោះទេ ប៉ុន្តែវាទំនងមកពីថា ការចាក់សាក់គឺជាការអនុវត្តន៍របស់សាសនាក្លែងក្លាយដែលពាក់ព័ន្ធគ្នាជាមួយនឹងការថ្វាយបង្គំរូបព្រះក្លែងក្លាយ និងអបិយជំនឿ។ ទំនងមកពីវាជារឿងសាមញ្ញក្នុងការដែលអ្នកដែលថ្វាយបង្គំរូបព្រះក្លែងក្លាយកត់សម្គាល់លើស្បែករបស់ខ្លួននូវឈ្មោះរបស់ព្រះក្លែងក្លាយ ឬក៏សញ្ញាសម្គាល់ក្នុងការថ្វាយកិត្តិយសទៅកាន់ព្រះក្លែងក្លាយណាមួយផ្សេងទៀត។ ព្រះជាម្ចាស់ទាមទារឲ្យបុត្រាបុត្រីរបស់ទ្រង់មានភាពខុសគេ។ ដូចដែលព្រះអង្គបានរម្លឹកពួកគេក្នុងខដដែលនោះ «អញនេះជាព្រះយេហូវ៉ា»។ សាសន៍អ៊ីស្រាអែលគឺជាកម្មសិទ្ធិរបស់ទ្រង់ ពួកគេគឺជាស្នាព្រះហស្តដែលទ្រង់បង្កើត ដូច្នេះពួកគេក៏មិនគួរមានឈ្មោះរបស់ព្រះក្លែងក្លាយនៅលើរូបកាយរបស់ខ្លួន។ ខណៈពេលដែលអ្នកជឿនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមិនស្ថិតក្រោមក្រឹត្យវិន័យរបស់លោក ម៉ូសេ នោះយើងអាចយកគោលការណ៍ដែលមាននៅក្នុងបញ្ញត្តិមួយនេះបាន។ ប្រសិនបើគ្រីស្ទបរិស័ទណាម្នាក់ជ្រើសរើសចាក់សាក់ នោះគាត់មិនគួរធ្វើដោយមានអបិយជំនឿ ឬក៏ចង់លើកតម្កើងទស្សនវិជ្ជានៃលោកីយ៍នេះឡើយ។ សរុបសេចក្ដីទៅ ការចាក់សាក់គឺមិនមែនជាអំពើបាបនោះទេ។ វាគឺជាចំណុចនៃសេរីភាពរបស់គ្រីស្ទបរិស័ទ ហើយគួរមានការណែនាំតាមរយៈគោលការណ៍ដែលមានការពឹងផ្អែកលើព្រះគម្ពីរ និងឫសគល់ក្នុងការស្រឡាញ់។
មតិយោបល់
Loading…