នេះជាសំណួរមួយដ៏សំខាន់ ដែលយើងទទួលបានតាមទូរស័ព្ទនៅថ្ងៃនេះពីប្រិយមិត្តម្នាក់ពីទីក្រុងភ្នំពេញ។ តើយើងត្រូវយល់យ៉ាងដូចម្ដេចអំពីពិធីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ? ឃ្លានេះហាក់បីដូចជាមានន័យខុសៗគ្នានៅក្នុងព្រះគម្ពីរ—ហើយក៏ពិតជាមានអត្ថន័យខុសៗគ្នាចំពោះនិកាយ និងក្រុមជំនុំផ្សេងៗគ្នាដែរ។ នេះគឺជាសំណួររបស់យើងសម្រាប់ថ្ងៃនេះ៖
«ជំរាបសួរ លោកគ្រូ! ខ្ញុំមានការលំបាកក្នុងការយល់ និងការប្រកាន់ខ្ជាប់ទទួលយក “ពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ” ជាពិសេសការបើកសម្ដែង នៅពេលនរណាម្នាក់សើច និងរមៀលទៅវិញទៅមកនៅលើឥដ្ឋ ឬក៏ដួលសន្លប់សាមសិបនាទី ឬយូរជាងនេះក៏មាន។ ខ្ញុំធ្លាប់ឃើញក្រុមជំនុំផ្សេងៗធ្វើបែបនេះ ហើយដាក់ការផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើបទពិសោធន៍ទាំងនេះ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាមិនសូវស្រួលចិត្តសោះ។ តើលោកគ្រូអាចពន្យល់ពីអ្វីដែលព្រះគម្ពីរសំដៅទៅលើ “ពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ” ដូចដែលវាមានការជាប់ទាក់ទងទៅនឹង ១) បទពិសោធន៍នៃសេចក្ដីសង្គ្រោះដំបូងរបស់យើង ហើយបន្ទាប់មក ២) ថាតើវាមែន ឬមិនមែន ក្នុងការដែលយើងរំពឹងទុក ឬស្វែងរក បន្ទាប់ពីការជ្រមុជទឹកជាបន្តបន្ទាប់ដោយព្រះវិញ្ញាណ នៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទនៅពេលក្រោយ»?
ការប្រាថ្នាចង់ភ្លក់បទពិសោធន៍ពីព្រះវិញ្ញាណ
បញ្ចទសទិវានិយម គឺត្រូវបានគេកំណត់ថាជាចលនាមួយនៅក្នុងគ្រីស្ទសាសនា ដែលចាត់ទុកថាបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធជាបទពិសោធន៍ទីពីរ ជាធម្មតាបន្ទាប់ពីការប្រែចិត្តជឿ អាចកំណត់ចំណាំដោយការនិយាយភាសាដទៃ។ នោះគឺជាតួយ៉ាងរបស់អត្ថន័យនៃបញ្ចទសទិវានិយម។ នេះគឺជាការសម្រាយន័យខ្លាំងពេកហើយ។
ខ្ញុំទើបតែបានអានចប់សៀវភៅមួយក្បាលរបស់លោក អេលេន ហីតុន អ៊ែនឌឺស៊ុន (Allan Heaton Anderson) ដែលមានចំណងជើងថា «ដល់អវសាននៃភពផែនដី៖ បញ្ចទសទិវានិយម និង ការបំផ្លាស់បំប្រែរបស់គ្រីស្ទសាសនាពិភពលោក» (“To the Ends of the Earth: Pentecostalism and the Transformation of World Christianity”)។ លោកបង្ហាញថា មានការយល់ដឹងចម្រុះកាន់តែច្រើនផ្សេងៗទៀតអំពីព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់ទ្រង់នៅក្នុងចំណោមបញ្ចទសទិវានិយមសាកល គឺលើសពីយើងគិតទៅទៀត។ អ្វីដែលសាមញ្ញនៅក្នុងចំណោមមែកធាងនៃបញ្ចទសទិវានិយម គឺមិនមែនជាទស្សនៈតែមួយនៃការជ្រមុជក្នុងព្រះវិញ្ញាណទេ ប៉ុន្តែជាការសង្កត់ធ្ងន់លើលក្ខណៈនៃបទពិសោធន៍របស់ព្រះវត្តមាននៃព្រះវិញ្ញាណនៅក្នុងជីវិតនៃអ្នកជឿ។
ខ្ញុំគិតថា ការនេះសង្កត់ធ្ងន់លើលក្ខណៈនៃបទពិសោធន៍របស់ព្រះវិញ្ញាណថាមានភាពជាក់លាក់ ជាមូលហេតុដែលចលនានោះមានកម្លាំងសន្ទុះ និងមានប្រសិទ្ធិភាពជាសាកល។ មនុស្សម្នាគ្រប់ទីកន្លែងកំពុងស្រេកឃ្លានចង់ភ្លក់នូវបទពិសោធន៍ផ្ទាល់ៗ មិនគ្រាន់តែអំពីសេចក្ដីពិតខាងឯគោលលទ្ធិ ឬក៏សេចក្ដីពិតខាងឯប្រវត្តិសាស្ត្រ ដែលត្រូវបានអះអាងជាមួយនឹងគំនិតនោះ។
នោះគឺជារបៀបដែលជាផ្នត់គំនិតនៃការគិតអំពីគ្រីស្ទបរិស័ទនៅលោកខាងលិច។ យើងមានបញ្ជីនៃគោលលទ្ធិនានា យើងមានបញ្ជីនៃអាកប្បកិរិយាទាំងឡាយ។ យើងជឿលើគោលលទ្ធិនានា ហើយយើងសម្ដែងអាកប្បកិរិយាតាមនោះ ហើយយើងសន្និដ្ឋានថាយើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ក៏ដូចជាថាមានអ្វីដែលអធិធម្មជាតិកំពុងតែកើតឡើង ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់បានទទួលបទពិសោធន៍អ្វីនោះទេ។ ហេតុនេះហើយបានជាបញ្ចទសទិវានិយមកំពុងទទួលបានជោគជ័យក្នុងរបៀបដែលការនេះទទួលបាន ពីព្រោះពួកគេនិយាយត្រូវចំពោះការនេះ។ ពួកគេត្រូវក្នុងការនិយាយថា ការមានព្រះវិញ្ញាណបរិសុទ្ធគឺការមានសេចក្ដីពិតដែលបុគ្គលណាម្នាក់អាចទទួលបានបទពិសោធន៍នោះ។
ការប្រើប្រាស់ពីរផ្សេងៗគ្នា
វាជារឿងសំខាន់ដែលយើងបញ្ជាក់ពីអត្ថន័យនៃពាក្យនៅក្នុងព្រះគម្ពីរដូចជា «ពិធីជ្រមុជក្នុង (ឬក៏ដោយ)ព្រះវិញ្ញាណបរិសុទ្ធ» ព្រោះនេះជាពាក្យមួយនៅក្នុងព្រះគម្ពីរ។ វាជាផ្នែកមួយនៃបទពិសោធន៍របស់គ្រីស្ទបរិស័ទ។
អ្វីដែលខ្ញុំនឹងផ្ដល់យោបល់គឺជារបៀបដែលសាវ័ក ប៉ុល បានប្រើប្រាស់ឃ្លាមួយនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១២:១៣ និងរបៀបដែលលោក លូកា បានប្រើឃ្លាមួយទៀត (ឬលោក លូកា ដែលបានដកស្រង់ពីព្រះយេស៊ូវ) នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១:៥ គឺថាមិនដូចគ្នាទេ។ នោះគឺជាការសន្មតដំបូងរបស់ខ្ញុំ ដែលការនេះនឹងនាំកុំឲ្យមានការយល់ច្រឡំជាច្រើន ប្រសិនបើមនុស្សជឿលើការនេះ។ ដូច្នេះ លោកអ្នកអាចពិនិត្យមើលដោយខ្លួនឯងបាន។
នេះមានន័យថា នៅពេលយើងសួរ «តើឃ្លា “ជ្រមុជក្នុង (ឬជ្រមុជដោយ) ព្រះវិញ្ញាណបរិសុទ្ធ” មានន័យដូចម្ដេច? យើងត្រូវសួរថា «តើលោកអ្នកកំពុងនិយាយអំពីការប្រើប្រាស់ឃ្លារបស់សាវ័ក ប៉ុល ឬការប្រើប្រាស់ឃ្លារបស់លោក លូកា នៅពេលដែលគាត់បានដកស្រង់សម្រង់សម្ដីរបស់ព្រះយេស៊ូវ»? ទាំងពីរមិនផ្ទុយគ្នាទេ។ ខ្ញុំក៏មិនប្រកែកថា វាមានការប្រឆាំងគ្នាដែរ។ ខ្ញុំមានន័យថាពួកគាត់ប្រើពាក្យដដែលៗតាមវិធីផ្សេងៗគ្នា។ ពួកគាត់ប្រើឃ្លាដូចគ្នាតាមរបៀបផ្សេងៗគ្នា។ ខ្ញុំសូមបញ្ជាក់ចំណុចនីមួយ។
ការទទួលព្រះវិញ្ញាណនៅពេលបំផ្លាស់បំប្រែចិត្តជឿ
នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១២:១២-១៣ សាវ័ក ប៉ុល បានលើកឡើងថា៖
«ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ ១៣ ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ។»
តាមពិតទៅ ខ្ញុំគិតថា ជាក់ស្ដែងគ្រប់គ្នាយល់ស្របតាមការយល់របស់សាវ័ក ប៉ុល នៅចំណុចនេះអំពីពិធីបុណ្យជ្រមុជដោយព្រះវិញ្ញាណថា ជាកិច្ចការដែលព្រះវិញ្ញាណបង្រួបបង្រួមយើងឲ្យទៅព្រះយេស៊ូវគ្រីស្ទ និងរូបកាយរបស់ទ្រង់ដែលជាក្រុមជំនុំ។ ម្យ៉ាងទៀត វាជាការបំផ្លាស់បំប្រែចិត្ត ជាការក្លាយជាគ្រីស្ទបរិស័ទ។ នេះគឺជាអត្ថន័យនៃការក្លាយជាគ្រីស្ទបរិស័ទ៖ ត្រូវបានជំរុញដោយព្រះវិញ្ញាណបរិសុទ្ធក្នុងរបៀបដែលយើងត្រូវបាននាំមកចូលសេចក្តីជំនឿ និងការរួបរួមទៅនឹងព្រះយេស៊ូវ។
ការប្រទានអំណាចដោយព្រះវិញ្ញាណ
ខ្ញុំគិតថា នោះមិនជារបៀបដែលព្រះយេស៊ូវ និងលោក លូកា បានប្រើប្រាស់ឃ្លាដូចគ្នានេះនៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១:៤-៥ ទេ។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូលពេលលោក លូកា បានដកស្រង់សម្រង់សម្ដីទ្រង់៖
«រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡឹមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំសេចក្តីសន្យានៃព្រះវរបិតា “ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ”»។
លោកបានស្រង់សម្រង់សម្ដីរបស់លោក យ៉ូហាន-បាទីស្ទ ពីកណ្ឌគម្ពីរ លូកា ៣:១៦ ដែលសាវ័ក យ៉ូហាន បានលើកឡើងថា «ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែមានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងភ្លើងវិញ»។
ខ្ញុំគិតថា ព្រះយេស៊ូវមិនបានមានន័យថា ពួកសាវ័កនឹងប្រែចិត្តពីការមិនជឿទៅជាជឿក្នុងពិធីបុណ្យជ្រមុជទឹកនេះ ដែលពួកគាត់ត្រូវតែចាំនៅក្រុងយេរូសាឡឹមទេ។ ខ្ញុំគិតថា លោក លូកា បានឃើញពួកសាវ័កថាពិតជាពួកអ្នកជឿដែលបានកើតជាថ្មីដ៏ស្មោះត្រង់មែន មុនពេលសេចក្ដីសន្យានៃពិធីជ្រមុជទឹកនេះបានកើតឡើងចំពោះពួកគេ។
លោក លូកា បានបញ្ចប់កណ្ឌគម្ពីរដំណឹងល្អរបស់គាត់ជាមួយនឹងការពិពណ៌នារបស់ពួកសាវ័ក មុនពេលដែលពួកគាត់គួរតែរង់ចាំ ដែលហៅបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូចមានសេចក្ដីចែងទុកក្នុងកណ្ឌគម្ពីរ លូកា ២៤:៥២-៥៣៖ «គេក៏ក្រាបថ្វាយបង្គំទ្រង់ រួចត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ ដោយអំណរជាខ្លាំង ក៏នៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ ហើយលើកតម្កើងព្រះ»។ នៅត្រង់នេះមានពួកបុរសមួយក្រុមដែលកំពុងថ្វាយបង្គំព្រះយេស៊ូវ។ ពួកគាត់មានសេចក្ដីអំណរជាខ្លាំង។ ពួកគាត់សរសើរតម្កើងព្រះតាមរយៈព្រះយេស៊ូវនៅក្នុងព្រះវិហារ។ ពួកគាត់មិនមែនជាពួកសាវ័កដែលមិនទាន់បានផ្លាស់ប្រែជាថ្មី ដែលកំពុងរង់ចាំនៅក្នុងការកើតជាថ្មី ដោយការយាងមកដល់នៃព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។
ការស្នើសុំការជ្រមុជជាថ្មី
តើព្រះយេស៊ូវមានន័យដូចម្ដេចនៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១:៥ និងកណ្ឌគម្ពីរ លូកា ជំពូក៣? ខ្ញុំគិតថា នៅពេលទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ នោះទ្រង់មានន័យថា អ្នករាល់គ្នានឹងទទួលបានអំណាចដ៏ចម្លែកអស្ចារ្យសម្រាប់ការតម្កើងព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ។ នោះគឺជាអ្វីដែលខ្ញុំគិតថាទ្រង់ចង់សំដៅទៅលើ។ អ្នករាល់គ្នានឹងទទួលបានអំណាចដ៏ចម្លែកអស្ចារ្យសម្រាប់ការតម្កើងព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ។
បទពិសោធន៍នោះអាចនឹងកើតឡើងក្នុងលក្ខណៈមិនធម្មតា ជាបទពិសោធន៍មិនស្ទាក់ស្ទើរក្រោយពីការប្រែចិត្តជឿ—មួយថ្ងៃ មួយសប្ដាហ៍ មួយឆ្នាំ ឬមួយនាទី—កើតជាបន្តដោយការចាក់បង្ហូរ ចាក់បំពេញ ឬការជ្រមុជនៃព្រះវិញ្ញាណជាបន្តបន្ទាប់ជានិច្ចជាកាល ពេញមួយជីវិត។ ឬក៏ថា បទពិសោធន៍នេះនឹងកើតមកក្នុងពេលនៃការប្រែចិត្តទទួលជឿ ហើយបទពិសោធន៍នៃការផ្ដល់អំណាចក្នុងព្រះវិញ្ញាណបរិសុទ្ធនឹងកើតមានជាបន្តបន្ទាប់ក៏ថាបាន។ វាអាចកើតឡើងនៅក្នុងរបៀបផ្សេងៗគ្នា ការទទួលការចាក់បំពេញ និងការទទួលបានព្រះពរពេញមួយជីវិត ដែលការនោះមិនអាចទាយដឹងជាមុនបាន ហើយក៏មានលក្ខណៈផ្សេងៗគ្នា។
ខ្ញុំគិតថា វាអាចនឹងជាកំហុសមួយក្នុងការកំណត់ការជ្រមុជក្នុង ដោយ ឬជាមួយព្រះវិញ្ញាណបរិសុទ្ធទៅនឹងព្រឹត្តិការណ៍មួយបន្ទាប់ពីការប្រែចិត្តជឿ។ ទោះបីជាលោកអ្នកអាចមានបទពិសោធន៍នេះក៏ដោយ ក៏នោះមិនមានន័យថា វាជារបៀបធម្មតាដែលយើងគួរយល់អំពីការជ្រមុជទេ។ ខ្ញុំគិតថា ប្រភេទនៃការពេញ និងការផ្ដល់អំណាចដែលយើងទទួលបានក្នុងបទពិសោធន៍ដូចនេះក៏មានតម្រូវការម្ដងហើយម្ដងទៀតដែរនៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។ វាមិនមែនជាអ្វីដែលកើតឡើងម្ដងហើយម្ដងទៀតក្នុងលក្ខណៈដូចគ្នាសម្រាប់គ្រប់កាលៈទេសៈនៃជីវិតគ្រីស្ទបរិស័ទនោះទេ។
ខ្ញុំគិតថា វាជារឿងត្រឹមត្រូវក្នុងការចង់ទទួលបានការជ្រមុជជាថ្មី។ នោះគឺជាភាសារបស់ពួកព្យួរីតិន (Puritans)។ នោះគឺជាភាសានៃ លោក ម៉ាទីន ឡយ ចូនស៍ (Martyn Lloyd-Jones)។ នេះគឺជាភាសារបស់ខ្ញុំម្ដងហើយម្ដងទៀត ពេលខ្ញុំនៅលើវេទិកា និងអធិប្បាយ។ ខ្ញុំនិយាយថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំត្រូវការជ្រមុជជាថ្មី។ ទូលបង្គំត្រូវការចាក់ប្រេងតាំងជាថ្មី។ ទូលបង្គំត្រូវការការចាក់បំពេញជាថ្មី។ ទូលបង្គំត្រូវការចាក់បង្ហូរនៃព្រះវិញ្ញាណបរិសុទ្ធ»។
ការពោរពេញ និងការផ្ដល់អំណាច
ខ្ញុំគិតថា ភាសាគឺផ្សេងៗពីគ្នានៅក្នុងកណ្ឌគម្ពីរកិច្ចការ សម្រាប់ការទាំងអស់នោះ ដែលមិនបាននៅបន្តទៀតទេ។ លោកអ្នកមានសាវ័ក ប៉ុល នៅស្រុកគីទីម ហើយគាត់រៀបនឹងនិយាយ។ កណ្ឌគម្ពីរបានចែងថា គាត់បានទទួលការចាក់បំពេញដោយព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់មកគាត់មានអំណាចដ៏ចម្លែកអស្ចារ្យក្នុងការចាត់ការពួកចេះអាគមអាបធ្មប់នៅលើកោះនោះ (កិច្ចការ ១៣:៨-១២)។ នេះគឺជាប្រភេទនៃរឿងដែលខ្ញុំគិតថា ព្រះយេស៊ូវកំពុងមានបន្ទូល៖ «យើងចង់ឲ្យអ្នករាល់គ្នាស្គាល់បទពិសោធន៍នេះ នៅពេលអ្នករាល់គ្នាចេញទៅផ្សាយដំណឹងល្អទៅកាន់លោកីយ៍»។ សូមឲ្យខ្ញុំបានផ្ដល់នូវចំណុច៤នៃមូលហេតុដែលខ្ញុំគិតថាលោក លូកា និងព្រះយេស៊ូវបានប្រើពាក្យក្នុងរបៀបនោះ។
ចំណុចទីមួយ៖ លោក លូកា បានពិពណ៌នាការជ្រមុជដំបូងនៃព្រះវិញ្ញាណថា ជាការចាក់បំពេញ។ គាត់បានប្រើពាក្យការពេញជាភាសានិយាយនៅក្នុងកណ្ឌគម្ពីរ កិច្ចការ ២:៤។ គាត់បានលើកឡើងថា «ត្រូវឲ្យនៅចាំសេចក្ដីសន្យា [ការជ្រមុជនោះ]»(កិច្ចការ ១:៤-៥) ហើយបន្ទាប់មក ពេលគាត់បានពណ៌នាអំពីការនេះនៅក្នុងជំពូកទី២ ខ៤ នោះគាត់បានលើកឡើងថា «នឹងទទួលបុណ្យជ្រមុជ [ពេញ] ដោយព្រះវិញ្ញាណបរិសុទ្ធវិញ»។ សម្រាប់គាត់ នេះគឺជាសេចក្ដីពិតផ្ទួនៗគ្នា៖ ការពេញលេញ និងការជ្រមុជ។ ជាបន្តបន្ទាប់មកទៀតនៅពាសពេញកណ្ឌគម្ពីរកិច្ចការពាក្យ «ពេញដោយព្រះវិញ្ញាណបរិសុទ្ធ» គឺជាអ្វីដែលបានកើតឡើងម្ដងទៀតនៅក្នុងជីវិតរបស់អ្នកជឿ មិនគ្រាន់តែកើតឡើងតែម្ដងនោះទេ។
ចំណុចទីពីរ៖ លោក លូកា បានលើកឡើងថា ការជ្រមុជដោយព្រះវិញ្ញាណគឺជាការសម្រេចនៃសេចក្ដីសន្យាពីកណ្ឌគម្ពីរ យ៉ូអែលជំពូកទី២ («ត្រូវឲ្យនៅចាំសេចក្ដីសន្យា»)។ បន្ទាប់មក សេចក្ដីសន្យានៅក្នុងកណ្ឌគម្ពីរ យ៉ូអែល ក៏បានទទួលការបំពេញ និងពន្យល់នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ២:១៦។ សេចក្ដីសន្យានៅក្នុងកណ្ឌគម្ពីរយ៉ូអែលជំពូកទី២គឺមិនមែនជាសេចក្ដីសន្យានៃការតាំងសញ្ញាថ្មីនៃការកើតជាថ្មីទេ។ តែគឺជាការតាំងសញ្ញានៃសេចក្ដីសន្យានៃអំណាចពួកហោរា៖ អ្នករាល់គ្នានឹងនិយាយដោយអំណាចចម្លែកអស្ចារ្យ។
ចំណុចទីបី៖ លោក លូកា បានពណ៌នាអំពីការជ្រមុជដោយព្រះវិញ្ញាណថាជាការទទួលបានអំណាចសម្រាប់ការធ្វើជាទីបន្ទាល់ (កិច្ចការ ១:៨)។ គាត់បានលើកឡើងថា «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ រហូតដល់ចុងផែនដីបំផុតផង»។ នោះគឺជាការពណ៌នាភ្លាមៗចំពោះអ្វីដែលនឹងកើតឡើង ប្រសិនបើអ្នករាល់គ្នារង់ចាំការជ្រមុជនោះ។ ដូច្នេះ វាគឺជាការប្រទានអំណាចសម្រាប់ប្រសិទ្ធភាពនៃការលើកតម្កើងព្រះគ្រីស្ទជាសកល។
ទីបួន៖ ចំណុចចុងក្រោយលោក លូកា បានលើកឡើងថា ការជ្រមុជក្នុងព្រះវិញ្ញាណគឺជាការគ្របដណ្ដប់ដោយព្រះចេស្ដាពីស្ថានលើ ដើម្បីឲ្យព្រះរាជសាររបស់ព្រះគ្រីស្ទអាចចេញទៅយ៉ាងមានប្រសិទ្ធិភាពទូទាំងពិភពលោក។ នោះគឺជាភាសានៅក្នុងកណ្ឌគម្ពីរ លូកា ២៤:៤៩ ដែលនៅត្រង់នោះគាត់ប្រាប់ពួកគេ «ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡឹម ដរាបដល់ព្រះចេស្ដាពីស្ថានលើ បានមកគ្របដណ្ដប់លើអ្នករាល់គ្នា»។
ចុះភាសាដទៃវិញ?
ការយល់ដឹងរបស់ខ្ញុំអំពីពិធីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធគឺថាសាវ័ក ប៉ុល ប្រើប្រាស់ឃ្លានេះក្នុងទម្រង់មួយ ដើម្បីសំដៅទៅលើអ្វីដែលកើតឡើងនៅពេលកើតជាថ្មី។ លោក លូកា បានប្រើប្រាស់ទម្រង់មួយនៃឃ្លានេះនៅពេលគាត់ដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវសម្រាប់ការប្រទានអំណាចដោយព្រះវិញ្ញាណ។
ដើម្បីឆ្លើយសំណួរអំពីអំណោយទានប្លែកៗ វាអាច ឬមិនអាចមានរួមបញ្ចូលសញ្ញាផ្សេងៗ ដូចជាភាសាដទៃ ឬការបង្ហាញមិនធម្មតាផ្សេងទៀត។ ខ្ញុំគិតថា គ្រីស្ទបរិស័ទគ្រប់រូបគួរតែស្វែងរកពិធីបុណ្យជ្រមុជថ្មីៗក្នុងន័យនេះម្តងហើយម្តងទៀត ដើម្បីឲ្យព័ន្ធកិច្ចប្រកបដោយប្រសិទ្ធភាព។
ប្រសិនបើលោកអ្នកជាគ្រីស្ទបរិស័ទម្នាក់ នោះលោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធហើយ។ ប៉ុន្តែ តើវាដូចគ្នានឹងការជ្រមុជនៅក្នុងព្រះវិញ្ញាណបរិសុទ្ធទេ? លោកគ្រូ ចន បានពន្យល់អំពីរបៀបខុសៗគ្នា។
មតិយោបល់
Loading…