What is An Idol?
/
យើងទទួលបានសំណួរពីប្រិយមិត្តម្នាក់សុំមិនបញ្ចេញឈ្មោះទាក់ទងនឹងការថ្វាយបង្គំរូបព្រះ។ វាជាសំណួរដ៏ល្អមួយ។
«ជម្រាបសួរលោកគ្រូ!តើរូបព្រះជាអ្វីឲ្យប្រាកដ? គ្រីស្ទបរិស័ទតែងតែប្រើប្រាស់ពាក្យនេះគ្រប់ពេលវេលា ជាពិសេសនៅក្នុងការអធិប្បាយ។ ដូច្នេះ ខ្ញុំបើកព្រះគម្ពីររបស់ខ្ញុំ។ នោះខ្ញុំឃើញថារូបព្រះទាំងឡាយ គឺជារូបចម្លាក់ ឬរូបនានា អស់អ្នកដែលឱនក្រាបថ្វាយបង្គំរូបព្រះធ្វើពី «មាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម» (ដានីញ៉ែល ៥:៤)។ ពេលខ្លះរូបព្រះ វាហាក់បីដូចជា វត្ថុស័ក្តិសិទ្ធិ ជារបស់ដែលបណ្ដេញរឿងអាក្រក់ៗ—ជាគ្រឿងកំប៉ិកកំប៉ុកដែលមានទម្រង់ដូចជាដុំមាស ឬកណ្ដុរមាសជាដើម។ ខ្ញុំកំពុងតែគិតអំពីកណ្ឌគម្ពីរ ១សាំយូអែល ៥:៦-៧:២។ ប៉ុន្តែ រូបព្រះនៅថ្ងៃនេះគឺពិតជាខុសប្លែកគ្នាខ្លាំងណាស់។ រូបព្រះទាំងនោះហាក់បីដូចជាសេចក្ដីប៉ងប្រាថ្នារបស់ចិត្តដែលចង់បានលុយកាក់ ការរួមដំណេក អំណាច និងរបស់ផ្សេងៗទៀតដែលមានលក្ខណៈបែបនេះ។ តើវាអាចក្លាយទៅជាអញ្ចឹងបានដោយរបៀបណា? រូបព្រះធ្លាប់តែជារបស់ដែលមនុស្សឆ្លាក់ តែឥឡូវពួកវាប្រែទៅជាចិត្តដែលឈ្លក់វង្វេងទៅវិញ។ ខ្ញុំមិនយល់ពីការជាប់ទាក់ទងគ្នារវាងរូបចម្លាក់ និងរូបព្រះនានានៅក្នុងចិត្តទាល់តែសោះ។ តាមពិតទៅ នៅពេលខ្ញុំមើលនៅក្នុងព្រះគម្ពីរសញ្ញាចាស់រូបព្រះមានលក្ខណៈជាដុំៗ និងជាសត្វកណ្ដុរទាំងឡាយ ខ្ញុំពិតជាមិនយល់អំពីអំពើការទាំងនោះដែរ។ តើលោកគ្រូអាចពន្យល់អំពីរូបព្រះទាំងពីរទម្រង់នោះបានទេ ហើយថាតើពួកវាមានជាប់ទាក់គ្នាយ៉ាងដូចម្ដេច?»។
បាទ អញ្ចឹងខ្ញុំនឹងព្យាយាមឆ្លើយ។ ខ្ញុំសូមចាប់ផ្ដើមពីនិយមន័យជាមុនសិន។ ខ្ញុំគិតថានឹងធ្វើការពន្យល់គ្រប់ករណីទាំងអស់ យើងប្រហែលជាគួរតែឲ្យនិយមន័យពាក្យ «រូបព្រះ» (នេះជាការឲ្យនិយមន័យទៅតាមព្រះគម្ពីរ) ជាអ្វីក៏ដោយដែលយើងពឹងផ្អែកទៅលើ ដើម្បីទទួលបានព្រះពរ ឬជំនួយ ការណែនាំផ្សេងៗនៅចំណុចមួយដែលចិត្តពឹងផ្អែកទាំងស្រុងទៅលើព្រះពិតដ៏មានព្រះជន្មរស់។ នោះគឺជានិយមន័យដែលខ្ញុំធ្វើការកំណត់ទៅលើពាក្យថា «រូបព្រះ»។ ដើម្បីឲ្យយើងបានឃើញនូវអ្វីដែលនឹងត្រូវលើកឡើង ឧទាហរណ៍៖ ជាជើងទន្សាយមួយនៅក្នុងហោប៉ៅលោកអ្នក ជារូបថតសាវ័កម្នាក់ព្យួរនៅលើជញ្ជាំងលោកអ្នក ជាវត្ថុបុរាណបានមកពីកន្លែងទីសក្ការៈបូជាយកមកដាក់ក្នុងអាវធំរបស់លោកអ្នក រូបភាពបញ្ឈរជាច្រើនទៀតដែលបានយកមកពីវិហារសាសនាហិណ្ឌូ វិហារព្រះពុទ្ធសាសនា ឬគោមាសដែលលោក អើរ៉ុន បានធ្វើ ខណៈដែលលោក ម៉ូសេ នៅលើភ្នំ។
អ្វីដែលធ្វើឲ្យរូបព្រះទាំងអស់នោះនាំយើងងាកចេញពីចិត្តដែលពឹងផ្អែកលើសេចក្ដីពិតទាំងស្រុង និងព្រះដ៏មានព្រះជន្មគង់នៅតាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយត្រឡប់បែរទៅមើលជើងទន្សាយ ឬវត្ថុបុរាណ រូបភាពសម្រាប់ការការពារពិសេស ព្រះពរ ការដឹកនាំ និងជំនួយ ដែលយើងមិនគិតថា យើងនឹងអាចទទួលដោយគ្រាន់តែសម្លឹងមើលទៅកាន់ព្រះជាម្ចាស់។
ឥឡូវនេះ មិត្តរបស់យើងដែលផ្ញើសំណួរនេះមកគឺត្រូវហើយ។ ខ្ញុំគិតថា នៅក្នុងព្រះគម្ពីរពាក្យ រូបព្រះ គឺមិនមានសណ្ឋានច្បាស់លាស់នៅក្នុងការប្រើទៅលើរបស់ជាក់លាក់ណាមួយ ដែលបានមកពីធម្មជាតិ ឬជាញឹកញាប់ បានធ្វើឡើងដោយដៃមនុស្សនោះទេ។ លោកអ្នករកមិនឃើញពាក្យ ការថ្វាយបង្គំព្រះក្លែងក្លាយ នៅក្នុងការប្រើសម្រាប់ពណ៌នាទៅលើសេចក្ដីស្រឡាញ់ដ៏លើសលុបចំពោះភរិយា ទឹកដី លុយកាក់ ឬកូនសៀវភៅដាក់តាមហោប៉ៅរបស់លោកអ្នកទេ។ ហេតុដូច្នេះហើយ ខ្ញុំគិតថា គាត់ត្រូវណាស់ ដែលនៅក្នុងព្រះគម្ពីរមានការផ្ដោតសំខាន់ផ្សេងៗគ្នាទៅលើរបស់ដែលមនុស្សបង្កើត ឬក៏របស់បានមកពីធម្មជាតិ ជាជាងការគ្រាន់តែចង់បានខ្លាំង និងសេចក្ដីប៉ងប្រាថ្នាចង់បានសម្រាប់របស់ផ្សេងៗនេះ។
ឥឡូវនេះ នៅពីក្រោយនោះគឺត្រូវជាមួយនឹងបញ្ញត្តិទីពីរ៖
«កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាម នោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្តីប្រចណ្ឌ» (និក្ខមនំ ២០:៤-៥)។
ម្យ៉ាងវិញទៀត ព្រះជាម្ចាស់ទ្រង់មានសេចក្ដីប្រចណ្ឌយ៉ាងខ្លាំងចំពោះការពឹងផ្អែកដោយផ្ទាល់របស់យើងចំពោះទ្រង់ និងការគោរពចំពោះទ្រង់ ព្រមទាំងការស្រឡាញ់ទ្រង់ ដល់ថ្នាក់ថាទ្រង់មិនអនុញ្ញាត មិនត្រឹមតែជាការប្រកួតប្រជែងជាមួយអ្វីដែលហៅថាព្រះ ដែលតំណាងឲ្យរូបព្រះក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែជាការបង្កើតរូបព្រះដែលសន្មតថាជាការតំណាងឲ្យទ្រង់—មិនមែនគ្រាន់តែជាព្រះក្លែងក្លាយ ដែលត្រូវបានប្រែក្លាយទៅជារូបចម្លាក់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែរូបអង្គទ្រង់ផ្ទាល់ដែលមនុស្សធ្វើឡើងពីវត្ថុអ្វីមួយ ដើម្បីគោរពទៀតផង។ ខ្ញុំគិតថា ប្រសិនបើយើងសួរថាហេតុអ្វី—នោះមានន័យថា ហេតុអ្វីបានជាទ្រង់ប្រចណ្ឌនឹងការពឹងផ្អែកផ្ទាល់ចំពោះការគោរព និងសេចក្ដីស្រឡាញ់បែបនេះទៅវិញ?—បន្ទាប់មក យើងរកឃើញនៅក្នុងកណ្ឌគម្ពីរទំនុកតម្កើង ៩៦:៥ «ពីព្រោះអស់ទាំងព្រះរបស់សាសន៍ដទៃ សុទ្ធតែជារបស់ឥតប្រយោជន៍តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ»។
ម៉្យាងវិញទៀត បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនទាក់ទងនឹងរូបព្រះ គឺថាពួកវាផ្ទុយអំពីលក្ខណៈដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងនាមជាព្រះអាទិករ។ ការតំណាងណាមួយនៃព្រះដែលធ្វើឡើងដោយដៃមនុស្សនាំទៅរកការយល់ខុសពីវិសាលភាពរបស់ព្រះជាម្ចាស់។ វាធ្វើឲ្យមានការចាប់អារម្មណ៍ ប្រសិនបើមិនមែនជាការអះអាងដោយផ្ទាល់ទេថា ព្រះទ្រង់ស្ថិតនៅក្រោមអំណាចណាមួយរបស់យើង—យើងអាចឆ្លាក់ លាបពណ៌ ដាក់ក្នុងហោប៉ៅរបស់យើង ដាក់ទ្រង់នៅលើធ្នើររបស់យើង ព្រមទាំងសែងទ្រង់ដាក់នៅលើរទេះបានទៀតផង។ ហេតុដូច្នេះហើយបានជាអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងនិយាយថា៖ «ទេ!ព្រះអម្ចាស់បានបង្កើតស្ថានសួគ៌»។ ម្យ៉ាងវិញទៀត ទ្រង់ពិតជាអស្ចារ្យ ហើយលោកអ្នកមិនអាចឆ្លាក់ទ្រង់ ឬគ្រប់គ្រងទ្រង់តាមមធ្យោបាយណាមួយបានឡើយ។
ហេតុផលមួយផ្សេងទៀត ដែលព្រះជាម្ចាស់ស្អប់ខ្ពើមចំពោះអស់ទាំងរូបផ្សេងៗ អស់ទាំងរបស់ត្រូវបានហៅថា រូបព្រះ ឬរបស់តំណាងឲ្យរូបអង្គទ្រង់។ ខ្ញុំគិតថាទាំងអស់នេះត្រូវបានរកឃើញនៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១១៥:៤-៨៖
ឯព្រះរបស់គេ នោះសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស
ជាស្នាដៃដែលមនុស្សធ្វើ
រូបទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
មានត្រចៀក តែស្តាប់មិនឮ
មានច្រមុះ តែធុំក្លិនមិនបាន
មានដៃ តែចាប់កាន់មិនបាន
មានជើង តែមិនចេះដើរឡើយ
ក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង
ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ
គេនឹងបានដូចជារូបនោះដែរ
សរុបមក រូបព្រះផ្សេងៗមិនត្រឹមតែបង្ហាញពីលក្ខណៈរបស់ព្រះជាម្ចាស់តាមរបៀបមិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំផ្លាញលក្ខណៈធម្មជាតិរបស់មនុស្សផងដែរ។ ពួកវាប្រែក្លាយមនុស្សទៅជារូបសាច់ដែលគ្មានព្រលឹងវិញ្ញាណ និងជាដុំសាច់ដែលគ្មានអំណាច។ យើងអាចនឹងបានដូចជារូបចម្លាក់ទាំងនោះ។ ភាពឥតប្រយោជន៍នៃរូបព្រះទាំងនោះនឹងប្រែមនុស្សត្រឡប់ទៅជាឥតប្រយោជន៍ដែរ។
ដូច្នេះឥឡូវនេះ យើងត្រឡប់មកកាន់សំណួរមិត្តអ្នកសួររបស់យើងវិញ។ មែនហើយ ប្រសិនបើនោះជាអ្វីដែលព្រះគម្ពីរចាត់ទុកថាជារូបព្រះ ហើយគាត់និយាយថា «រូបព្រះសព្វថ្ងៃនេះ»គឺខុសគ្នាឆ្ងាយខ្លាំងណាស់ពីអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរ។ ពួកវាទំនងជាបំណងប្រាថ្នានៃដួងចិត្ត ឬប្រាក់កាស ការរួមដំណេក អំណាច និងជារបស់ផ្សេងៗទៀតដែលមានលក្ខណៈបែបនោះ។ តើការនេះកើតឡើងបានដោយរបៀបណា?រូបព្រះធ្លាប់តែជារូបចម្លាក់ មិនមែនគ្រាន់តែជាការឈ្លក់វង្វេងក្នុងចិត្តនោះទេ»។
ខ្ញុំនិយាយថា «នេះជាសំណួរល្អណាស់»។ តើវាល្អយ៉ាងដូចម្ដេចដែរ?នេះជារឿងដំបូងដែលខ្ញុំចង់និយាយ—ពោលគឺថាការផ្លាស់ប្ដូរនៃការផ្ដោតសំខាន់ក្នុងការកំណត់ការថ្វាយបង្គំរូបព្រះនេះ គឺដោយសារតែការពិតនោះយើងរស់នៅលោកខាងលិចនៅក្នុងវប្បធម៌ដែលការប្រើប្រាស់រូបព្រះទាំងឡាយសម្រាប់ការថ្វាយបង្គំបែបសាសនាគឺ មិនមែនជារឿងធម្មតាដូចនៅក្នុងវប្បធម៌ផ្សេងទៀតមួយចំនួននោះទេ។ ដូច្នេះហើយបានជាមានការលើកជាសំណួរឡើង តើការបង្រៀនស្របតាមព្រះគម្ពីរ អំពីការថ្វាយបង្គំរូបព្រះទាំងនេះ មានការជាប់ពាក់ព័ន្ធអ្វីខ្លះ ទៅនឹងពួកយើងដែលរស់នៅក្នុងវប្បធម៌ដែលប្រើប្រាស់រូបចម្លាក់ តាំងពីមុនមក តាមពិតមនុស្សបានក្រាបចុះ ហើយទាំងថ្វាយបង្គំមិនសូវនិយមឬ? តើមានអ្វីពាក់ព័ន្ធដែរឬទេ?
ចម្លើយគឺថា មាន។ ខ្ញុំមិនគិតថា ការប្រើប្រាស់ពាក្យ ការថ្វាយបង្គំរូបព្រះ សំដៅទៅលើការស្រឡាញ់លុយកាក់ ការរួមភេទ និងអំណាចថាជាការប្រើប្រាស់ខុសន័យពាក្យ ថ្វាយបង្គំរូបព្រះ នៅពេលដែលនរណាម្នាក់ផ្ដោតទៅលើអ្វីដែលកំពុងកើតឡើងជាមួយនឹងរូបព្រះនៅក្នុងព្រះគម្ពីរ។ ចង្អុលបង្ហាញនូវចំណុចពីរយ៉ាងនៅព្រះគម្ពីរសញ្ញាថ្មីក្នុងទិសដៅ ដើម្បីបង្ហាញពីមូលហេតុដែលខ្ញុំគិតថា វាមិនអីទេក្នុងការប្រើប្រាស់ពាក្យ ថ្វាយបង្គំរូបព្រះ តាមរបៀបដែលគាត់និយាយថា មនុស្សសម័យទំនើបមានទំនោរក្នុងការប្រើវា។
ជាដំបូងនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២១-២៣ សំដៅទៅដល់មនុស្សដែលមិនមានចំណេះដឹងអំពីដំណឹងល្អ ប៉ុន្តែពួកគេមានការជាប់ទាក់ទងទូទៅទៅនឹងធម្មជាតិ ដើម្បីឲ្យគេអាចស្គាល់ព្រះតាមរបៀបនោះ និងមានទំនួលខុសត្រូវក្នុងការថ្វាយសិរីល្អដល់ព្រះ ព្រមទាំងអរព្រះគុណទ្រង់។ នេះជាអ្វីដែលបានចែងទុក៖
បើទោះបីជាគេស្គាល់ព្រះជាម្ចាស់ ពួកគេមិនបានថ្វាយសិរីល្អដល់ទ្រង់ក្នុងនាមជាព្រះជាម្ចាស់ ឬអរព្រះគុណដល់ទ្រង់ទេ ប៉ុន្តែគំនិតរបស់ពួកគេត្រឡប់ជាឥតប្រយោជន៍ ហើយចិត្តដ៏ល្ងីល្ងើរបស់ពួកគេត្រឡប់ទៅជាខ្មៅងងឹតវិញ។ ការតាំងខ្លួនជាមនុស្សឆ្លាត ពួកគេត្រឡប់ទៅជាល្ងីល្ងើ ថែមទាំងបំផ្លាស់បំប្រែសិរីរុងរឿងនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅសម្រាប់រូបផ្សេងៗដូចជា មនុស្សដែលតែងតែស្លាប់ បក្សី សត្វ និងរបស់ចម្លែកផ្សេងៗ។
ពេលនេះ ខ្ញុំគិតថា អត្ថបទនេះចង្អុលទៅខ្លឹមសាររបស់បញ្ហានៅក្រោមការបង្ហាញផ្នែកខាងក្រៅនៃការថ្វាយបង្គំរូបព្រះ។ ពោលគឺយើងប្ដូរសិរីល្អរបស់ព្រះជាម្ចាស់ទៅនឹងរូបភាពទាំងនោះ។ រូបភាពប្រភេទទីមួយដែលលោកសាវ័ក ប៉ុល បានលើកឡើង គឺជារូបភាពដែលស្រដៀងនឹងមនុស្ស ហើយខ្ញុំគិតថា វាមិនមែនជាការអូសបន្លាយទេក្នុងការនិយាយថា រូបភាពមនុស្សដែលគំរាមកំហែងជំនួសកន្លែងព្រះជាម្ចាស់ គឺជារូបភាពដែលយើងឃើញនៅក្នុងកញ្ចក់។ យើងជាអ្នកស្រឡាញ់ការលើកតម្កើងខ្លួនឯង ដែលគំរាមកំហែងជាបន្តបន្ទាប់ចំពោះសេចក្តីស្រឡាញ់របស់យើងចំពោះការលើកតម្កើងព្រះជាម្ចាស់។ ខ្ញុំគិតថា វាជាការត្រឹមត្រូវក្នុងការហៅការផ្លាស់ប្ដូរនេះថាជាសណ្ឋាននៃការថ្វាយបង្គំរូបព្រះ។
ដូច្នេះ ត្រឡប់ទៅនិយមន័យដ៏ទូលំទូលាយរបស់ខ្ញុំវិញ។ វាកើតឡើងដូច្នេះ៖ អ្វីក៏ដោយដែលយើងពឹងផ្អែក ដើម្បីបានព្រះពរ ជំនួយ ការណែនាំ ជំនួសឲ្យការពឹងផ្អែកទាំងស្រុងទៅលើព្រះដ៏ពិត និងជាព្រះដ៏មានព្រះជន្មរស់។ ប្រសិនបើយើងចង់បានសេចក្ដីស្រឡាញ់ ការពឹងពំនាក់ និងការទុកចិត្តក្នុងការទទួលបានពរតាមរយៈការដែលមនុស្សសរសើរយើង ដើម្បីបង្កើនភាពតម្កើងខ្លួនឯងរួមមាន៖ លុយកាក់ អំណាច ការរួមភេទ គ្រួសារ ទិន្នផល ឬក៏អ្វីផ្សេងទៀតក្រៅពីព្រះជាម្ចាស់ ដើម្បីបានព្រះពរដ៏ធំបំផុត ជំនួយ ការណែនាំ និងការស្កប់ចិត្ត បន្ទាប់មកអ្វីដែលសំខាន់នោះ គឺយើងកំពុងតែធ្វើអ្វីដែលជាការថ្វាយបង្គំរូបព្រះហើយ។
ខ្ញុំសូមផ្តល់ខគម្ពីរមួយបន្ថែមសម្រាប់លោកអ្នកពីកណ្ឌគម្ពីរ ១យ៉ូហាន ៥:២១។ វាជាខគម្ពីរចុងក្រោយបំផុតនៃសំបុត្រលោក យ៉ូហាន ដែលបានចែងថា៖ «កូនតូចៗ រាល់គ្នាអើយ ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។ ហេតុអ្វីបានជាសំបុត្ររបស់យ៉ូហានបានបញ្ចប់បែបនេះទៅវិញ?គាត់មិនដែលសូម្បីតែសំដៅលើរូបព្រះនៅក្នុងកណ្ឌគម្ពីរទាំងមូល។ គាត់មិនដែលសំដៅលើរូបព្រះនៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងមូលរបស់គាត់ទេ។ ដោយនឹកស្មានមិនដល់ ឃ្លាបញ្ចប់នេះភ្ជាប់ជាមួយនឹងពាក្យថា រូបព្រះ ដែលជាធម្មតាមានន័យថារូបអ្វីមួយដែលយើងប្រើជំនួសព្រះ។ «កុំចុះចាញ់នឹងរូបព្រះ។ ចូររក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។
ដូច្នេះ ហេតុអ្វីបានជាគាត់បញ្ចប់ដោយបែបនេះទៅវិញ? នេះជាការណែនាំចុងក្រោយរបស់ខ្ញុំ។ គាត់បានមានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ២:១៥-១៦ ថា «កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្តី ដែលនៅក្នុងលោកីយ៍នេះ—គឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម និងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត—នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយ៍នេះវិញ»។
ឥឡូវនេះ លោក យ៉ូហាន ប្រហែលជាមានរូបព្រះក្នុងចិត្ត នៅពេលដែលគាត់និយាយថា៖ «ចូររក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។ ប៉ុន្តែ ខ្ញុំគិតថាគាត់ក៏កំពុងគិតអំពីបញ្ហាដ៏ធ្ងន់ធ្ងរមួយចំនួនទៀត ដែលអ្វីៗនៅលើលោកីយ៍នេះ ប្រជែងជាមួយនឹងសេចក្តីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់នោះ គឺជារូបព្រះ។ ដូច្នេះ ចូរអ្នករាល់គ្នាគេចចេញពីរូបព្រះ—ពោលគឺស្រឡាញ់ព្រះជាម្ចាស់ និងអ្វីៗទាំងអស់ដែលទ្រង់មានសម្រាប់យើងក្នុងព្រះគ្រីស្ទ ឲ្យលើសជាងស្រឡាញ់អ្វីៗផ្សេងទៀត។

ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា«លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ…

/

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។