in ,

តើត្រូវជឿលើអ្វីដើម្បីបានសង្គ្រោះ?

តើ​អ្វី​ទៅ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត​ដែល​មនុស្ស​ម្នាក់​ត្រូវ​ជឿ ដើម្បី​ឲ្យ​គាត់​ទទួល​បាន​សង្គ្រោះ?

សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា «ចូរ​ជឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត»។ គាត់​បាន​បន្ត​ទៀត​ថា «បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ​អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត» (រ៉ូម ១០:៩)។

ដូច្នេះ ខ្ញុំ​ដក​ស្រង់​បទ​គម្ពីរ​ដូច​នោះ ហើយ​ចាប់​ផ្ដើម​ពី​ចំណុច​ស្នូល—ការ​សុគត​របស់​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​សុគត​ជំនួស​អំពើ​បាប​របស់​យើង ដែល​នេះ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​តែ​ជឿ​ថា​យើង​គឺ​ជា​មនុស្ស​មាន​បាប។ បុគ្គល​ណា​ម្នាក់​ដែល​មិន​ទទួល​ជឿ​ថា​គាត់​ជា​មនុស្ស​មាន​បាប នោះ​គាត់​មិន​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​បាន​ឡើយ។ ប្រសិន​បើ​មិន​មាន​អ្វី​ដើម្បី​អត់​ទោស​បាប​ទេ នោះ​ព្រះ​យេស៊ូវ​មិន​ចាំ​បាច់​ធ្វើ​អ្វី​សម្រាប់​ខ្ញុំ​នោះ​ឡើយ។ ប្រសិន​បើ​ព្រះ​អង្គ​មិន​បាន​ធ្វើ​អ្វី​សម្រាប់​ខ្ញុំ​ផង នោះ​ខ្ញុំ​មិន​ចាំ​បាច់​ជឿ​លើ​ព្រះ​អង្គ ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ។ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ទទួល​ជឿ​លើ​ព្រះ​អង្គ​សម្រាប់​សេចក្ដី​សង្គ្រោះ​ផង នោះ​ខ្ញុំ​ក៏​មិន​បាន​សង្គ្រោះ​ដែរ។ ដូច្នេះ លោក​អ្នក​ត្រូវ​តែ​ទទួល​ជឿ​ថា ខ្លួន​ជា​មនុស្ស​មាន​បាប។

លោក​អ្នក​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​បាន​បង្កើត​លទ្ធភាព​សម្រាប់​អំពើ​បាប។ ដែល​នោះ​គឺ​ជា​អំពើ​បាប តាម​និយម​ន័យ​គឺ​ជា​ការ​ខ្វះ​មិន​ដល់​នៃ​ការ​រំពឹង​ទុក​របស់​ព្រះ​អាទិករ​របស់​អ្នក។ ដូច្នេះ​ហើយ ត្រូវ​តែ​មាន​ព្រះ​ជាម្ចាស់​ដែល​ជា​ព្រះ​អាទិករ​នៅ​ទី​នោះ​ដែល​មាន​ការ​រំពឹង​ទុក​ពី​មនុស្ស។ ព្រះ​ជាម្ចាស់​រំពឹង​ថា​មនុស្ស​នឹង​ទុក​ចិត្ត​ព្រះ​អង្គ ស្រឡាញ់​ព្រះ​អង្គ និង​រស់​នៅ​សម្រាប់​ព្រះ​អង្គ។ ហើយ​យើង​បាន​បរាជ័យ។

ការ​នេះ​នាំ​យើង​ទៅ​កាន់​ចំណុច​ទី​បី​ដែល​យើង​ត្រូវ​តែ​ជឿ។ ដោយ​សារ​យើង​បាន​បរាជ័យ​ក្នុង​ការ​ទុក​ចិត្ត ស្រឡាញ់ និង​រស់​នៅ​សម្រាប់​ព្រះ​ជាម្ចាស់ យើង​ស្ថិត​នៅ​ក្រោម​ការ​កាត់​ទោស​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ—សេចក្ដី​ក្រោធ​របស់​ទ្រង់។ លោក​អ្នក​ត្រូវ​តែ​ទទួល​ជឿ​លើ​ការ​នោះ។

ប្រសិន​បើ​លោក​អ្នក​ជា​មនុស្ស​មាន​បាប ហើយ​មាន​ព្រះ​ដ៏​បរិសុទ្ធ​មួយ​អង្គ ហើយ​ប្រសិន​បើ​លោក​អ្នក​ផ្ដល់​អត្ថន័យ​នៃ​អំពើ​បាប​ថា​ជា​ការ​ខ្វះ​មិន​ដល់​នៃ​ព្រះ​នោះ ដូច្នេះ​ដើម្បី​ឲ្យ​យល់​ថា​តើ​ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី​ក្នុង​ការ​ឲ្យ​បាន​ត្រឹម​ត្រូវ លោក​អ្នក​ត្រូវ​តែ​យល់​ថា ព្រះ​ជាម្ចាស់​មាន​សេចក្ដី​ក្រោធ​ភាព​ចំពោះ​អំពើ​បាប។ ព្រះ​អង្គ​គឺ​ជា​ចៅ​ក្រម​ដ៏​ល្អ និង​យុត្តិធម៌។

ដូច្នេះ តើ​ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​បែក​បាក់​របស់​យើង​ចេញ​ពី​ទ្រង់? ព្រះ​អង្គ​បាន​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​មក​ក្នុង​លោកីយ៍​នេះ។ លោក​អ្នក​ត្រូវ​តែ​ទទួល​ជឿ​លើ​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ។ កណ្ឌ​គម្ពីរ​ទំនុកតម្កើង៤៩​មាន​ចែង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​សង​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ម្នាក់​ទៀត​បាន​នោះ​ទេ។ ពីរ​ទៅ​បី​ខ​បន្ទាប់ នៅ​ក្នុង​ខ១៥​បាន​ចែង​ថា ប៉ុន្តែ​ព្រះ​ទ្រង់​នឹង​លោះ​ឲ្យ​រួច។

ព្រះ​អង្គ​មិន​បាន​ប្រើ​សាវ័ក យ៉ូហាន ឬ​សាវ័ក ពេត្រុស ឬ​ក៏​សាវ័ក ប៉ុល ឲ្យ​ស្លាប់​ជំនួស​យើង​នោះ​ទេ។ ព្រះ​អង្គ​តម្រូវ​ឲ្យ​មាន​ព្រះ​ដែល​មាន​សណ្ឋាន​ជា​មនុស្ស​សុគត​ជំនួស​យើង។ ដូច្នេះ​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ​ពិត​ជា​សំខាន់​ណាស់។

លោក​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ដែរ។ ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​នៅ​ក្នុង​ជីវិត​ដែល​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​គិត​ថា លោក​អ្នក​មិន​អាច​ជឿ​ទេ​ថា​ព្រះ​យេស៊ូវ​ទទួល​អំពើ​បាប​ហើយ​នៅ​តែ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ។ ពីព្រោះ​បើ​​ដូច​នោះ​មែន យញ្ញ​បូជា​ដែល​បាន​ធ្វើ​សម្រាប់​លោក​អ្នក​មិន​មែន​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​តម្រូវ​នោះ​ទេ ហើយ​លោក​អ្នក​មិន​បាន​ជឿ​លើ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​សម្រេច​សម្រាប់​លោក​អ្នក​ដែរ។ ដូច្នេះ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ដែល​គ្មាន​បាប​សោះ ហើយ​ព្រះ​អង្គ​បាន​ប្រគល់​ព្រះ​ជន្ម​ទ្រង់​ផ្ទាល់ ដើម្បី​សុគត​ជំនួស​ខ្ញុំ។

ទិដ្ឋភាព​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ជំនួស​អំពើ​បាប​របស់​ខ្ញុំ គឺ​ជា​ការ​ចាំ​បាច់​ណាស់។ មាន​របៀប​ជា​ច្រើន​ដែល​ព្រះ​គម្ពីរ​លើក​ឡើង​អំពី​ការ​នេះ ហើយ​ខ្ញុំ​គិត​ថា​លោក​អ្នក​អាច​មាន​ការ​យល់​ច្រឡំ​មួយ​ចំនួន​ខណៈ​ពេល​ដែល​លោក​កំពុង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ ខ្ញុំ​មិន​ចង់​ចាប់​ផ្ដើម​ដោយ​រាយ​ចុះ​ពី​របៀប​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​អំពី​តង្វាយ​ធួន​និង​បាប និង​ពី​របៀប​ដែល​លោក​អ្នក​មាន​ការ​យល់​ច្រឡំ​អំពី​យញ្ញ​បូជា​ខណៈ​ពេល​ដែល​លោក​អ្នក​នៅ​តែ​កំពុង​ទទួល​បាន​ការ​សង្គ្រោះ​នោះ​ទេ។ សូម​គ្រាន់​តែ​និយាយ​ថា អ្វី​ដែល​ដែល​បាន​តម្រូវ​គឺ​ជា​ស្នូល​នៃ​ដំណឹង​ល្អ—ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់ គឺ​ជា​អង្គ​ដែល​ប្រោស​លោះ ព្រះ​អង្គ​មិន​ដែល​ធ្វើ​បាប​ទាស់​តែ​សោះ បាន​សុគត​ជំនួស​ខ្ញុំ ហើយ​បាន​ទទួល​យក​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ជំនួស​ខ្ញុំ។ ព្រះ​អង្គ​បាន​សុគត​ជំនួស​ខ្ញុំ។

ប្រសិន​បើ​ព្រះ​អង្គ​នៅ​តែ​សុគត ដោយ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​មាន​ន័យ​ថា យើង​ក៏​នឹង​បន្ត​នៅ​ក្នុង​អំពើ​បាប​របស់​យើង​ដដែល។ ដូច្នេះ លោក​អ្នក​ត្រូវ​តែ​ទទួល​ជឿ​ថា ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ហើយ។ ដូច្នេះ​ឥឡូវ​នេះ ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​ហើយ។

ខ្ញុំ​ហ៊ាន​ឈប់​នៅ​ត្រង់​ចំណុច​នេះ។ នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់ៗ​ទាក់ទង​ទៅ​នឹង​សេចក្ដី​សង្គ្រោះ។ លោក​អ្នក​ទំនង​ជា​អាច​នឹក​ឃើញ​ការ​មួយ​ចំនួន​ដែល​ភ្ជាប់​គ្នា​ទាក់​ទង​ទៅ​នឹង​ទេវវិទ្យា​ជា​មួយ​ចំណុច​នេះ​ដែល​ខ្ញុំ​អាច​និយាយ​បាន​ថា «អូខេ ការ​នោះ​ក៏​ត្រូវ​តែ​មាន​ការ​រួម​បញ្ចូល​ថែម​ដែរ»។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​សួរ​ថា «តើ​ខ្ញុំ​ត្រូវ​ជឿ​​លើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ?» ចម្លើយ​របស់​ខ្ញុំ​គឺ​ថា លោក​អ្នក​ត្រូវ​តែ​ទទួល​ជឿ​លើ​ចំណុច​ទាំង​នោះ​អំពី​ខ្លួន​ឯង អំពី​ព្រះ​ជាម្ចាស់ និង​អំពី​ឈើ​ឆ្កាង។

មាន​ចំណុច​មួយ​ទៀត។ ខ្ញុំ​កំពុង​សន្មត​លើ​អ្វី​មួយ​ពីព្រោះ​សំណួរ​គឺ​បាន​សួរ​ដូច​នេះ «តើ​ខ្ញុំ​ត្រូវ​ជឿ​លើ​អ្វី​ខ្លះ?» ប៉ុន្តែ ខ្ញុំ​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក​អ្នក​ត្រូវ​តែ​ជឿ​លើ​អ្វី​មួយ​អំពី​សេចក្ដី​ជំនឿ។ នេះ​មាន​ន័យ​ថា លោក​អ្នក​ត្រូវ​តែ​ទទួល​ជឿ​ថា ត្រូវ​មាន​សេចក្ដី​ជំនឿ។ ប្រសិន​បើ​លោក​អ្នក​និយាយ​ថា «ខ្ញុំ​នឹង​ទទួល​យក​គ្រប់​ទាំង​អ្វីៗ​ដែល​បាន​លើក​ឡើង ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​នឹង​ខំ​ប្រឹង​ធ្វើ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​ទទួល​ការ​ទាំង​នេះ​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​ត្រាប់​តាម​ក្រឹត្យ​វិន័យ៨៥ភាគ​រយ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​បាន​កិច្ច​ការ​នៃ​ការ​ប្រោស​លោះ​នេះ» ការ​ធ្វើ​បែប​នោះ​មាន​ន័យ​ថា លោក​អ្នក​ខ្វះ​មិន​ដល់​ទេ។ លោក​អ្នក​មិន​បាន​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ទេ។

ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ លោក​អ្នក​ត្រូវ​តែ​ទទួល​ជឿ​ថា ផ្ទុយ​ពី​ការ​ខិត​ខំ​ធ្វើ​ការ​សម្រាប់​សេចក្ដី​សង្គ្រោះ​នេះ ព្រះ​យេស៊ូវ​បាន​បំពេញ​គ្រប់​អ្វីៗ​ទាំង​អស់​រួច​ហើយ​អំពី​អ្វី​ដែល​ត្រូវ​សម្រេច​ឡើង។ យើង​ជា​អ្នក​ទទួល។ «អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ» (យ៉ូហាន ១:១២)។ ដូច្នេះ​ខ្ញុំ​គិត​ថា អំពើ​បាប ព្រះ​ជាម្ចាស់ ឈើឆ្កាង និង​សេចក្ដី​ជំនឿ។ នេះ​គឺ​ជា​ការ​សង្ខេប ចំណុច​ស្នូល​នៃ​សេចក្ដី​ពិត​ជុំ​វិញ​ការ​ទាំង​បួន​នេះ។

តើ​យើង​ត្រូវ​ជឿ​លើ​ព្រះ​ត្រៃ​ឯក ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ​ឬ​ទេ?

ពួក​គាត់​មិន​ចាំបាច់​ស្គាល់​ពាក្យ​នោះ​ឲ្យ​បាន​ច្បាស់​នោះ​ទេ ហើយ​ពួក​គាត់​ក៏​មិន​ចាំ​បាច់​បក​ស្រាយ​វា​ឲ្យ​បាន​ល្អ​ដែរ។ ប៉ុន្តែ អ្វី​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​គឺ​មិន​ត្រូវ​បដិសេធ​ពី​ភាព​សំខាន់​អំពី​ភាព​ជា​ព្រះ​ត្រៃ​ឯក​នេះ។

ដូច្នេះ ទំនង​បុគ្គល​ណា​ម្នាក់​អាច​មិន​ធ្លាប់​ឮ​ពាក្យ «ព្រះ​ត្រៃ​ឯង» ក៏​កាត់​នៅ​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​សួរ​ពួក​គាត់ «ព្រះ​យេស៊ូវ​ដែល​លោក​អ្នក​កំពុង​ជឿ តើ​ព្រះ​អង្គ​ជា​ព្រះ ឬ​ក៏​គ្រាន់​តែ​ជា​មនុស្ស?» ប្រសិន​បើ​ពួក​គាត់​និយាយ​ថា​ព្រះ​អង្គ​មិន​មែន​ជា​ព្រះ​នោះ​ទេ នោះ​ខ្ញុំ​គិត​ថា នោះ​គឺ​ជា​បញ្ហា​ដ៏​ធំ​ហើយ។

ខ្ញុំ​មិន​គិត​ថា មនុស្ស​ម្នាក់​ត្រូវ​ឮ​អំពី​ព្រះ​វិញ្ញាណ ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ផង​ដែរ។ តើ​វា​ហួស​ហេតុ​ពេក​មែន​ឬ? ខ្ញុំ​គិត​ថា មិន​ហួស​ហេតុ​ពេក​ទេ។

ឥឡូវ​នេះ ប្រសិន​បើ​លោក​អ្នក​ទទួល​បាន​ការ​បង្រៀន​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​អំពី​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​លោក​អ្នក ហើយ​លោក​អ្នក​និយាយ​ថា «ខ្ញុំ​មិន​គិត​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​សង្គ្រោះ​ខ្ញុំ​នោះ​ទេ» បើ​អញ្ចឹង​មែន នោះ​ខ្ញុំ​នឹង​មាន​ចម្ងល់​អំពី​សេចក្ដី​សង្គ្រោះ​របស់​លោក​អ្នក​ជា​មិន​ខាន។ ប៉ុន្តែ ជា​សេចក្ដី​ល្អ! ខ្ញុំ​គ្រាន់​តែ​ចំណាយ​ពេល​៥នាទី ដើម្បី​បក​ស្រាយ​អំពី​ដំណឹង​ល្អ ហើយ​មិន​បាន​លើក​ឡើង​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាល់​តែ​សោះ។ ហើយ​នេះ​មិន​មែន​មាន​ន័យ​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​សំខាន់​នោះ​ទេ។ យើង​នឹង​មិន​មាន​ជំនឿ​ទាស់​តែ​សោះ​ប្រសិន​បើ​គ្មាន​ទ្រង់។ ប៉ុន្តែ​ការ​ដឹង​អំពី​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បណ្ដាល​ឲ្យ​លោក​អ្នក​ជឿ​មិន​មែន​ជា​ចំណុច​សំខាន់​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បដិសេធ​វា​នៅ​ពេល​ដែល​លោក​អ្នក​ដឹង—ការ​នោះ​នឹង​បង្ខូច​នូវ​ចំណុច​សំខាន់ៗ។

ពិត​ណាស់ មាន​ចង្កោម​ចំណុច​មួយ​ចំនួន​ដែល​បុគ្គល​ណា​ម្នាក់​ត្រូវ​តែ​ជឿ ដើម្បី​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ គេហៈទំព័រផ្លូវពិត ជាគេហៈទំព័រដែលលើកទឹកចិត្តអ្នកជឿទាំងអស់ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទិវាគុណ​ឪពុក

មរដកមកពីព្រះ