in ,

សំណួរ៖ តើដើមកំណើតអំពើបាបគឺជាអ្វី?

ចម្លើយ៖ នេះគឺជាសំណួរដ៏ល្អមួយ។ យើងធ្លាប់លឺថា ការសំឡាប់ ការព្យាបាទជីវិត ការលួច លនិងល គឺជាអំពើបាប។ មនុស្សគិតថា អំពើបាបទាក់ទងទៅនឹងការប្រព្រឹត្តិមិនត្រឹមត្រូវទាំងកាយ វាចា ចិត្ត។ ក្នុងន័យនេះ មនុស្សគិតទៀតថា បើគេប្រព្រឹត្តិបានល្អឥតខ្ចោះទាំងកាយ វាចា ចិត្ត នោះគេគ្មានបាបឡើយ។ យ៉ាងហោចណាស់ បើគេព្យាយាមធ្វើអោយល្អ នោះអំពើបាបរបស់គេមិនធ្ងន់ធ្ងរពេកទេ។ 

តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ឆ្លើយតបយ៉ាងណាទៅនឹងចំណោទបញ្ហាទាក់ទងនឹងអំពើបាប?

បើសង្ខេបអោយខ្លី ព្រះជាម្ចាស់ គឺជាព្រះអាទិករ។ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី និងសព្វសារពើទាំងអស់ ដោយល្អឥតខ្ចោះ (លោកុប្បត្តិ១-២, កូឡូស ១៖១៦)។ ព្រះជាម្ចាស់បានបង្កើតមនុស្សដំបូងពីរនាក់ គឺអ័ដាម និងប្រពន្ធរបស់គាត់ (លោកុប្បត្តិ ១៖២៦-២៨, ២៖៧, ២៖១៨-២៥)។ ពេលនោះ មនុស្សរស់នៅយ៉ាងសុខសាន្តជាទីបំផុតក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ក្នុងនាមជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក មនុស្សត្រូវតែស្តាប់បង្គាប់ទ្រង់ (លោកុប្បត្តិ២៖១៧)។ គួរអោយសោកស្តាយខ្លាំងណាស់ ព្រោះមនុស្សដំបូងបានសម្រេចចិត្តមិនស្តាប់បង្គាប់ព្រះជាម្ចាស់ដែលបានផ្តល់ជីវិត និងគ្រប់សព្វសារពើទាំងអស់ដល់ពួកគេ (លោកុប្បត្តិ ៣៖១-៧)។ នេះគឺជាដើមកំណើតអំពើបាបនៅលើផែនដី។

ព្រះជាម្ចាស់ហៅការរំលងក្រិត្យវិន័យទ្រង់ ការមិនស្តាប់បង្គាប់ទ្រង់ថាជាអំពើបាប (យ៉ូហានទី១ ៣៖៤)។ មនុស្សដំបូងដែលជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ បានធ្វើបាបទាស់ប្រឆាំងនឹងទ្រង់ដោយផ្ទាល់។

ដោយសារមនុស្សដំបូងបានធ្វើបាប ព្រះជាម្ចាស់បានដាក់បណ្តាសាផែនដី។ ផែនដីលែងល្អឥតខ្ចោះដូចមុនទៀតហើយ។ ជំនួសអោយការរស់នៅដោយអំណរ ស្កប់ស្កល់ និងសុខសាន្តក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ មនុស្សដំបូងត្រូវរស់នៅដោយលំបាកលំបិន ហើយវេទនាដាច់ចេញពីព្រះ។ ទន្ទឹមនឹងនេះដែរ ពួកគេត្រូវស្លាប់ ព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ (លោកុប្បត្តិ ៣៖១៩, រ៉ូម៦៖២៣)។ អាក្រក់ជាងហ្នឹងទៅទៀត បងប្អូនអើយ! ក្រោយពីស្លាប់ មនុស្សបាបមិនអាចចូលស្ថានសួគ៌បានទេ។ ផ្ទុយទៅវិញ មនុស្សមានបាបត្រូវជាប់ជំនុំជំរះអស់កល្បជានិច្ចពីសំណាក់ព្រះជាម្ចាស់ (ហេព្រើរ៩៖២៧)។

ប៉ុន្តែ តើអំពើបាបរបស់មនុស្សដំបូងមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្សលោកសព្វថ្ងៃនេះ? ដូចខ្ញុំបានបញ្ជាក់ខាងលើរួចមកហើយថា សំណួរមួយនេះសំខាន់ខ្លាំងណាស់ ព្រោះអំពើបាបរបស់មនុស្សគ្រប់ជាតិសាសន៍ និងគ្រប់សម័យកាលទាំងអស់មានជាប់ទាក់ទងទៅនឹងអំពើបាបរបស់មនុស្សដំបូង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ថា “ដូច្នោះ ដែលបាបបានចូលមកក្នុងលោកិយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ” (រ៉ូម៥៖១២)។ អំពើបាបរបស់មនុស្សដំបូង គឺជាបាបមរដកបន្តដល់មនុស្សផងទាំងពួង។ មនុស្សគ្រប់ៗរូបមិនមែនកើតមកដោយគ្មានបាប ល្អឥតខ្ចោះ ដូចជាក្រដាសសមួយសន្លឹកទេ។ យើងទាំងអស់គ្នាកើតមកដោយជាប់អំពើបាប។ ស្តេចដាវីឌយល់ច្បាស់អំពីសេចក្តីនេះ ពេលដែលព្រះអង្គមានព្រះបន្ទូលថា “មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ” (ទំនុកតម្កើង៥១៖៥)។ ទន្ទឹមនឹងនេះដែរ ក្នុងនាមជាមនុស្សបាប យើងប្រព្រឹត្តិបាប។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ជាក់ច្បាស់អំពីការនេះថា មនុស្សចូលចិត្តសេចក្តីងងឹតជាជាងពន្លឺ ព្រោះអំពើដែលគេធ្វើទាំងប៉ុន្មានសុទ្ធតែអាក្រក់ (យ៉ូហាន៣៖១៩, សូមមើល រ៉ូម១៖១៨-៣២)។

ជាការពិតណាស់ មនុស្សមួយចំនួនអាចប្រព្រឹត្តិបានល្អប្រសើរជាមនុស្សមួយចំនួនទៀត។ ក៏ប៉ុន្តែ ក្នុងនាមជាមនុស្សបាប គ្មាននរណាម្នាក់អាចប្រព្រឹត្តិបានល្អឥតខ្ចោះទាំងកាយ វាចា ចិត្តឡើយ (ទំនុកតម្កើង១៤៖៣, សាស្តា ៧៖២០, ទីតុស ១៖១៥)។ មនុស្សគឺជាទាសកររបស់អំពើបាប។ អំពើបាបដែលជាចៅហ្វាយរបស់មនុស្ស មានអំណាចលើមនុស្ស។ ឧទាហរណ៍ លោកសាវ័កប៉ុលបាននិយាយអំពីខ្លួនគាត់ផ្ទាល់ថា “ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំគឺក្នុងសាច់ឈាមខ្ញុំគ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែរកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តិការល្អដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ” (រ៉ូម៧៖១៨-១៩)។ យើងទាំងអស់គ្នាមានបទពិសោធន៍ដូចជាលោកសាវ័កប៉ុលដែរ។ មានការល្អជាច្រើនដែលចិត្តយើងចង់ធ្វើ ប៉ុន្តែយើងធ្វើមិនបាន ឬយើងមិនព្រមធ្វើ។ ផ្ទុយទៅវិញ ចំពោះការអាក្រក់ដ៏ជាទីស្អប់ខ្ពើមនោះ យើងបែរជាប្រព្រឹត្តិ។ មនុស្សគ្មានអំណាចឈប់ធ្វើបាបឡើយ។ ក្រោមហេតុផលនេះ មនុស្សមិនអាចដកខ្លួនចេញពីអន្លង់បាប ដោយពឹងផ្អែកលើខ្លួនឯង និងការប្រព្រឹត្តិរបស់ខ្លួនជាដាច់ខាត។

យើងឃើញថា ជារៀងរាល់ថ្ងៃ នាវាជីវិតមនុស្សគ្រប់ៗរូបកំពុងតែរំកិលទៅរកសេចក្តីស្លាប់ ដោយជៀសមិនផុត ព្រោះដូចដែលបានរៀបរាប់ខាងលើរួចមកហើយថា ទោសនៃអំពើបាបគឺជាសេចក្តីស្លាប់។ ស្របពេលជាមួយគ្នានេះដែរ ខាងលើក៏បានបញ្ជាក់ទៀតថា ព្រលឹងវិញ្ញាណរបស់មនុស្សបាបមិនអាចចូលស្ថានសួគ៌បានទេ ផ្ទុយទៅវិញ ត្រូវជាប់ជំនុំជំរះអស់កល្បជានិច្ចពីព្រះជាម្ចាស់។ ដូច្នោះ វរហើយមនុស្សបាប។

បើទោះបីជាយ៉ាងណាក៏ដោយ តើបងប្អូននៅចាំពីព្រះជាម្ចាស់ ដែលបានបង្កើតមនុស្ស និងសព្វសារពើទាំងអស់ដែរឬទេ? ព្រះអង្គ គឺជាព្រះនៃសេចក្តីស្រឡាញ់។ ព្រះអង្គស្រឡាញ់មនុស្សលោកដែលជាស្នាព្រះហស្តរបស់ទ្រង់ខ្លាំងណាស់ (យ៉ូហាន ៣៖១៦)។ នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ “ដ្បិតដូចជា មនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើនក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ” (រ៉ូម ៥៖១៩)។ ម្នាក់នោះ គឺជាព្រះយេស៊ូវគ្រីស្ទ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចង្អុលទៅកាន់ព្រះយេស៊ូវគ្រីស្ទតែមួយអង្គគត់ ដែលអាចជួយសង្គ្រោះមនុស្សបាបបាន (កិច្ចការ ៤៖១២)។ សេចក្តីនៅក្នុងសំបុត្រមួយរបស់លោកសាវ័កប៉ុលបានលើកឡើងថា “ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថាព្រះគ្រីស្ទយេស៊ូវ ទ្រង់បានយាងមកក្នុងលោកិយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខមួយក្នុងពួកគេ” (ធីម៉ូថេទី១ ១៖១៥)។ មនុស្សបាបគ្មានសង្ឃឹមនឹងរួចផុតពីចំណងអំពើបាប រួចផុតពីការជំនុំជំរះរបស់ព្រះជាម្ចាស់ ហើយបានចូលស្ថានសួគ៌ឡើយ។ ប៉ុន្តែ កិច្ចការដែលមនុស្សបាបមិនអាចធ្វើបាន ព្រះយេស៊ូវគ្រីស្ទបានសម្រេចសម្រាប់ពួកគេដោយជោគជ័យ។ “ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ” (រ៉ូម ៨៖១)។ នេះគឺជាដំណឹងល្អ។ ដ្បិតគឺព្រះគុណ ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះមនុស្សបានទទួលសេចក្តីសង្គ្រោះ មិនមែនដោយសារការប្រព្រឹត្តិឡើយ (អេភេសូរ ២៖៨-៩)។

និពន្ធដោយ៖ លោក ញឹមវ៉ាន់ សុខណាល់
កែសម្រួលដោយ៖ ក្រុមការងារ ផ្លូវពិត
ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មូល​ហេតុ​ដែល​អ្នក​អាច​ត្រូវ​បាន​ល្បួង​មិន​ឲ្យ​សូវ​ខ្វល់​អំពី​ព្រះ​វិហារ​របស់​អ្នក

តើ​មិត្ត​ប្រុស​របស់​អ្នក​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ឬ​នៅ​សម្រាប់​អ្នក?