in

តើ​យើងខ្ញុំ​ជា​អ្នកណា?

Am I Still Me?

https://www.youtube.com/watch?v=9qFmZZL4Nmc

ថ្មីៗ​នេះ យើងខ្ញុំ​បាន​សញ្ជឹងគិត​ពី​ជីវិត​របស់​យើងខ្ញុំ កាលពី​ដប់ពីរ​ឆ្នាំ​មុន​រហូត​មក​ដល់​ឥឡូវ​នេះ។ យើងខ្ញុំ​គិត​ពី​កាល​ហ្នឹង​រហូត​ដល់​ឥឡូវ ហើយ​មើល​ទៅ​ជីវិត​របស់​យើងខ្ញុំ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ណាស់។ យើងខ្ញុំ​បាន​ចាកចេញ​ពី​ភាព​នៅ​លីវ​ឆ្ពោះ​ទៅ​កាន់​ជីវិត​អាពាហ៍ពិពាហ៍​ ហើយ​បាន​ចេញ​ពី​បន្ទុក​គ្រួសារ​ឆ្ពោះ​ទៅ​កាន់​ភាព​ជា​ឪពុក​គេ​វិញ ហើយ​ចាកចេញ​ពី​វ័យ​សិក្សា​ឆ្ពោះ​ទៅ​មាន​ការងារ​ធ្វើ​វិញ ក្រោយ​មក​ទៅ​កាន់​ក្រុមជំនុំ ចេញ​ពី​ការ​ធ្លាប់​មាន​លុយកាក់​តិចតួច​ទៅ​កាន់​ការ​មាន​លុយកាក់​ច្រើន (ហើយ​ពី «ការ​មាន​ច្រើន» ទៅ​ជា​មាន​តិច​វិញ) ហើយ​ក៏​ចេញ​ពី​ការ​លេង​កីឡា​ក្នុង​លំដាប់​ខ្ពស់​នៅ​មហាវិទ្យាល័យ​ហើយ​មក​ធ្វើ​ជា​ឪពុក​ដែល​មើល​កូន​លេង​កីឡា​នៃ​ចំណាត់​ថ្នាក់​ទាប​វិញ។

យើងខ្ញុំ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ដូចជា៖ ប្ដូរ​ទីលំនៅ​ប្រាំបី​ដង ប្ដូរ​ព្រះ​វិហារ​ប្រាំ​ដង​ដែល​មាន​និកាយ​ខុសៗ​គ្នា​បួន​ដង ប្ដូរ​ការងារ​បួន​ដង​ដែល​មាន​ទីក្រុង​បួន​ខុសៗ​គ្នា ហើយ​ទីក្រុង​នោះ​មា​ន​តំបន់​ខុសៗ​គ្នា​បី​កន្លែង​ក្នុង​ប្រទេស។ យើងខ្ញុំ​ក៏​បាន​ប្ដូរ​ពី​ការ​គ្មាន​កូន​សោះ​ទៅ​ជា​មាន​កូន​រហូត​ដល់​ប្រាំមួយ​នាក់ ហើយ​ក៏​ធ្លាប់​រលូត​កូន​មួយ​ផង​ដែរ។

អ្វី​ដែល​យើងខ្ញុំ​បាន​រៀបរាប់​នៅ​ខាង​លើ គឺ​ជា​ការ​ពន្យល់​ពី​ការ​ប្ដូរ​ពី​នេះ​ទៅ​នោះ ពី​នោះ​ទៅ​នេះ​ក្នុង​ជីវិត​របស់​យើងខ្ញុំ។ យើង​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​គ្រប់គ្រង​ជីវិត​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈពេល​ដែល​ពិភពលោក​នេះ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ការ​ប្ដូរ​ពី​នេះ​ទៅ​នោះ​ពី​នោះ​ទៅ​នេះ

ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​ការ​រៀបរាប់​ពី​ការផ្លាស់ប្ដូរ​ជា​ច្រើន។ មាន​រៀបរាប់​ពី​មនុស្ស​ពីរ​នាក់​ក្នុង​សួនច្បារ​ទៅ​ជា​មាន​មនុស្ស​ច្រើន​នៅ​ទីក្រុង​ជា​ច្រើន ចេញ​ពី​បុរស​ម្នាក់ (លោក អ័ប្រាហាំ) រហូត​ដល់​មាន​ជាតិសាសន៍ ពី​ការ​គ្រប់គ្រង​លើ​ពូជអំបូរ​ឲ្យ​ទៅ​ជា​មាន​ស្ដេច​ដ៏​ខ្លាំងៗ​ជា​ច្រើន ពី​ការ​ចម្រុងចម្រើន​ដ៏​ងាយ​ស្រួល​ទៅ​កាន់​ភាព​ក្រីក្រ​ដ៏​លំបាកលំបិន។ល។ រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​បាន​ផ្លាស់ប្ដូរ​ចេញ​ពី​ការ​ប្រើប្រាស់​អាសនា​ដូច​ជំនាន់​ពួក​ឰយុកោ​ទៅ​ប្រើ​រោង​ឧបោសថ​ដែល​អាច​រុះរើ​បាន ហើយ​ការ​មាន​ព្រះ​វិហារ​នៅ​មួយ​កន្លែង បន្ទាប់មក​ដល់​វាំងនន​ត្រូវ​បាន​ហែក​ជា​ពីរ​ភាគ។

ព្រះ​គម្ពីរ​ក៏​មាន​រៀបរាប់​ពី​ការ​ផ្លាស់ប្ដូរ​ដោយ​ផ្ដោត​លើ​បុគ្គល​ផង​ដែរ។ លោក អ័ប្រាហាំ បាន​ចាកចេញ​ពី​គ្រួសារ​របស់​គាត់។ លោក ដាវីឌ បាន​ឈប់​ធ្វើ​ជា​អ្នក​គង្វាល​ហើយ​បាន​ក្លាយ​ជា​ស្ដេច។ ពួក​សាវ័ក​បាន​ចេញ​ពី​មុខរបរ​រក​ស៊ី​ជា​អ្នក​នេសាទ​ត្រី ហើយ​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្រុមជំនុំ ក៏​ដូច​ជា​បាន​រៀបរាប់​ជា​ច្រើន​ពី​មនុស្ស​មាន​បាប​ដែល​បាន​ក្លាយ​ជា​ពួក​បរិសុទ្ធ​ដែរ។ សូម​ពិចារណា​ពី​ជីវិត​លោក ម៉ូសេ ដែល​មាន​ការ​ផ្លាស់ប្ដូរ​ដូច​ព្យុះ​ចំនួន​បី​ដង៖ ពី​ការ​រស់នៅ​ជាមួយ​ស្ដេច​សាសន៍​ដទៃ ទៅ​ជា​អ្នក​គង្វាល​ដែល​គ្មាន​គោលដៅ​ក្នុង​ជីវិត ហើយ​ក្រោយ​មក​ក្លាយ​ជា​មេដឹកនាំ​សាសន៍​ហេប្រឺ។ លោក ម៉ូសេ ក៏​ស្គាល់​ពី​អត្ថន័យ​នៃ​ការ​វិលវល់​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​ដែរ (និក្ខមនំ ៣:១១)។

ឥឡូវនេះ តើ​យើងខ្ញុំ​ជា​អ្នកណា?

ប្រសិនបើ​ជីវិត​លោកអ្នក​មាន​លក្ខណៈ​ដូច​ជា​មនុស្ស​ដទៃ​ជា​ច្រើន​ទៀត នោះ​ជីវិត​លោកអ្នក​ក៏​មាន​ពេញ​ទៅ​ដោយ​ការ​ផ្លាស់ប្ដូរ​ជា​មិន​ខាន។ ទំនង​វា​នឹង​មិន​ស្មើ​នឹង​ការ​ផ្លាស់ប្ដូរ​ធំៗ​ដូច​លោក ម៉ូសេ ទេ ឬ​ក៏​មាន​ការ​ញឹកញាប់​ដូច​នឹង​ជីវិត​យើងខ្ញុំ​ប្រមាណ​ដប់​ឆ្នាំ​មុន​នេះ​នោះ​ដែរ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោកអ្នក​នឹង​ប្រទះ​ការ​ផ្លាស់ប្ដូរ​​ក្នុង​ជីវិត​រស់នៅ​ជា​មិន​ខាន។ ពេល​ដែល​លោកអ្នក​ប្រទះ​នឹង​ការ​ផ្លាស់ប្ដូរ នោះ​លោកអ្នក​ក៏​នឹង​ប្រឈមមុខ​នឹង​សំណួរ​ជា​ច្រើន​មាន​ដូច​ជា៖

តើ​យើងខ្ញុំ​មាន​ការ​ឆេះឆួល​ចំពោះ​អ្វី?
ឥឡូវ​នេះ តើ​យើងខ្ញុំ​ជា​អ្នកណា?
តើ​យើងខ្ញុំ​ចង់​ក្លាយ​ជា​បុគ្គល​បែប​ណា​នា​ពេល​អនាគត?
តើ​យើងខ្ញុំ​ចង់​ឲ្យ​អ្នកដទៃ​និយាយ​បែប​ណា​ពី​យើងខ្ញុំ ក្រោយ​ពេល​ដែល​យើងខ្ញុំ​ស្លាប់​បាត់​ទៅ?

ចម្លើយ​ទាំង​ប៉ុន្មាន​របស់​លោកអ្នក​លើ​សំណួរ​ទាំង​នេះ​នឹង​បណ្ដាល​ឲ្យ​លោកអ្នក​មាន​ជម្រើស​ពីរ​យ៉ាង ដែល​ជម្រើស​ទាំង​ពីរ​នោះ​វា​ផ្ទុយ​ពី​គ្នា​ទាំង​ស្រុង។ ចម្លើយ​មួយ​បែប​គឺ លោកអ្នក​នឹង «បង្កើត​ខ្លួន​ឯង​សារ​ជា​ថ្មី»។ នៅ​ក្នុង​យុគសម័យ​របស់​យើង​សព្វ​ថ្ងៃ​នេះ ភាគ​ច្រើន​ការ​បង្កើត​ខ្លួន​ឯង​សារ​ជា​ថ្មី​ទាក់ទង​នឹង​ការ​យក​ខ្លួន​ឯង​ដាក់​ជា​ចំណុច​កណ្តាល ក៏​ដូច​ជា​ការ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ព្រះ។ ទាក់ទង​នឹង​ចំណុច «គ្មាន​ព្រះ» យើងខ្ញុំ​មិនមែន​ចង់​មាន​ន័យ​ថា គ្រប់​ចំណុច​គឺ​អាក្រក់​ទាំង​ស្រុង​នោះ​ទេ តែ​ត្រង់​នេះ​យើងខ្ញុំ​ចង់​មាន​ន័យ​ដ៏​សាមញ្ញ​មួយ​ថា នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​លោកអ្នក លោកអ្នក​​មិន​បាន​គិត​ថា តើ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ ឬ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​លោកអ្នក​ធ្វើ ឬ​ក៏​មិន​ឲ្យ​ធ្វើ​នោះ​ទេ។ តែ​នេះ​មាន​ន័យ​ថា លោកអ្នក​មើល​តែ​ក្នុង​ខ្លួន​ឯង៖ តើ​យើងខ្ញុំ​ជា​អ្នក​ណា? ហើយ​ក៏​មើល​ខាង​ក្រៅ​ខ្លួន៖ យើងខ្ញុំ​ចង់​មាន​លក្ខណៈ​ដូច​មនុស្ស​នេះ ឬ​ក៏​មិន​ចង់​មាន​លក្ខណៈ​ដូច​មនុស្ស​នោះ

ក្នុង​ផ្នត់​គំនិត​នៃ​ការ​សន្មត​ទាក់ទង​នឹង​ការ​បង្កើត​ខ្លួន​ឯង​សារ​ជា​ថ្មី​មាន​ដូច​តទៅ៖ ផលកម្ម​នៃ​ជីវិត​មាន​ច្រើន​ផ្នត់​ដែល​រាប់​មិន​អស់ ហើយ​បើ​យើងខ្ញុំ​ព្យាយាម​ឲ្យ​បាន​គ្រប់គ្រាន់ នោះ​យើងខ្ញុំ​ក៏​អាច​ធ្វើ​នូវ​អ្វី​ដែល​យើងខ្ញុំ​ចង់​ធ្វើ​បាន​ដែរ។ ជា​ថ្មី​ម្ដង​ទៀត ក្នុង​ផ្នត់​គំនិត​បែប​នេះ យើង​ឃើញ​ថា ពួកគាត់​មិន​បាន​ផ្ដោត​លើ​ព្រះ​ជាម្ចាស់​សោះ​ដោយ​ពួក​​គាត់​សម្លឹង​មើល​ទៅ​ផ្នែក​ខាង​លើ ខាង​ក្នុង និង​ខាង​ក្រៅ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

ជីវិត​រស់នៅ​របស់​លោកអ្នក​សព្វ​ថ្ងៃ​នេះ

ចំពោះ​គ្រីស្ទបរិស័ទ​វិញ មាន​ជម្រើស​មួយ​ផ្សេង​ទៀត​ដែល​ល្អ​ប្រសើរ​ជាង​ជម្រើស​ខាង​លើ​នេះ។ គ្រីស្ទបរិស័ទ​មិន​គួរ​ប្រើ​ការ​ផ្លាស់ប្ដូរ​ទុក​ជា​ឱកាស ដើម្បី​បង្កើត​ខ្លួន​ឯង​សារ​ជា​ថ្មី​ទេ ប៉ុន្តែ​គ្រីស្ទបរិស័ទ​គួរ​ប្រើ​ការ​ផ្លាស់ប្ដូរ​ទុក​ជា​ឱកាស ដើម្បី «សម្គាល់​ពី​អត្តសញ្ញាណ​ថ្មី» របស់​ខ្លួន​ក្នុង​ព្រះ​គ្រីស្ទ។ ការ​ផ្លាស់ប្ដូរ​ពី​នេះ​ទៅ​នោះ​ឬ​ក៏​ពី​នោះ​ទៅ​នេះ គឺ​ជា​ពេលវេលា​នៃ​ការ​អះអាង​ជា​ថ្មី​ថា អត្ថន័យ​ដ៏​ពិត​នៃ​ជីវិត​របស់​យើងខ្ញុំ គឺ​មិន​ពឹងផ្អែក​លើ​ថា តើ​យើងខ្ញុំ​នៅ​លីវ ឬ​ក៏​រៀបការ​រួច​ហើយ មិន​ពឹង​លើ​ទី​តាំង​នៃ​គេហដ្ឋាន មិន​ពឹង​លើ​កូន​ចៅ​យើងខ្ញុំ ប្រាក់ខែ ការងារ យើងខ្ញុំ​ស្អាត​ឬ​មិន​ស្អាត រៀន​បាន​ប៉ុណ្ណា ឬ​ក៏​មាន​ឬ​មិន​មាន​ប្រជាប្រិយភាព​នោះ​ទេ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​គឺ​ជា​ឱកាស ដើម្បី​សម្គាល់​ជា​ថ្មី​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​ព្រះ​គ្រីស្ទ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើងខ្ញុំ ហើយ​ក៏​បាន​លះបង់​ជីវិត​ព្រះ​អង្គ​ជំនួស​យើងខ្ញុំ​ដែល។

សាវ័ក ប៉ុល ក៏​បាន​គិត​បែប​នេះ​ថា៖ «យើងខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះគ្រីស្ទ ដូច្នេះ មិន​មែន​យើងខ្ញុំ​ទៀត​ទេ​ដែល​រស់នៅ គឺ​ព្រះគ្រីស្ទ​វិញ​ទេ​តើ​ដែល​រស់នៅ​ក្នុង​យើងខ្ញុំ ហើយ​ដែល​យើងខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវ​នេះ គឺ​យើងខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះរាជបុត្រា​របស់​ព្រះ​ដែល​ទ្រង់​ស្រឡាញ់​យើងខ្ញុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​សម្រាប់​យើងខ្ញុំ» (កាឡាទី ២:២០ គកស)។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ជីវិត​ដែល​គាត់​កំពុង «រស់​ក្នុង​សាច់ឈាម​ឥឡូវ​នេះ» (ដែល​នេះ​មាន​ន័យ​ថា៖ អ្វីៗ​ដែល​ទើប​តែ​បាន​កើត​ឡើង កំពុង​តែ​កើត​ឡើង ឬ​ក៏​ថា​ក្រោយ​ការ​ផ្លាស់ប្ដូរ) គឺ​គាត់​បាន​ប្ដេជ្ញា​ថា គាត់​នឹង​រស់នៅ​ក្នុង​ចំណេះដឹង​ដែល​ថា ព្រះ​ជាម្ចាស់​ស្រឡាញ់​គាត់។ នេះ​ឯង​ជា​កន្លែង​ដែល​គាត់​ទម្លាក់​យុថ្កា​នៃ​អត្តសញ្ញាណ​របស់​គាត់—ការ​ដែល​កំពុង​ផ្ដោត​លើ​អត្តសញ្ញាណ និង​ការ​ដែល​បាន​ផ្ដោត​លើ​អត្តសញ្ញាណ​ដដែលៗ​នោះ​ជា​ថ្មី​និង​ម្ដង​ហើយ​ម្ដង​ទៀត។

ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​បែប​នេះ​ក្នុង​ជីវិត​របស់​ព្រះ​អង្គ​ដែរ។ ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ប្ដូរ​មុខរបរ​ពី​ជាង​ឈើ​ពេញ​ម៉ោង​ទៅ​ធ្វើ​ព័ន្ធកិច្ច​នៃ​ការ​អធិប្បាយ ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរបិតា​បាន​ប្រកាស​ជា​សាធារណៈ​ពី​ភាព​ពេញ​ចិត្ត​របស់​ទ្រង់​លើ​ព្រះ​រាជបុត្រា​ថា៖ «នេះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ​អង្គ​ណាស់» (ម៉ាថាយ ៣:១៧ គកស)។

សសរ​ដ៏​រឹងមាំ​លើ​ដីខ្សាច់​ដែល​ចេះ​តែ​ប្រែប្រួល

បើ​និយាយ​ពី​ជីវប្រវត្តិ​របស់​យើងខ្ញុំ​ផ្ទាល់​វិញ យើងខ្ញុំ​មិន​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ស្វែងរក​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​ព្រះ​គ្រីស្ទ​ទេ។ ទាក់ទង​នឹង​ការងារ​ដែល​យើងខ្ញុំ​ទើប​តែ​ប្ដូរ​ថ្មីៗ​នេះ យើងខ្ញុំ​មាន​ចំណុច​នៃ​ការងារ​យើងខ្ញុំ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ផង​ដែរ។ ពេល​យើងខ្ញុំ​ឈាន​ទៅ​ដល់​ដំណាក់​កាល​នៃ​ការ​ផ្លាស់ប្ដូរ នោះ​ជា​ពេល​ដែល​យើងខ្ញុំ​ទើប​តែ​ចាប់ផ្ដើម​សម្គាល់​ពី​អត្តសញ្ញាណ​ដែល​ថា យើងខ្ញុំ​ពឹង​លើ​ផ្នែក​មួយ​នៃ​ការងារ​របស់​យើងខ្ញុំ៖ ការ​អធិប្បាយ។ បើ​យើងខ្ញុំ​អធិប្បាយ​បាន​យ៉ាង​ពូកែ​នោះ​មាន​ន័យ​ថា យើងខ្ញុំ​ល្អ ហើយ​ត្រូវ​បាន​គេ​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ទៀត​ផង។ ហើយ​បើ​យើងខ្ញុំ​មិន​បាន​អធិប្បាយ​បាន​យ៉ាង​ពូកែ​ទេ នោះ​មាន​ន័យ​ថា​យើងខ្ញុំ​មិន​ល្អ​ទេ។ កាល​ពី​មួយ​ទសវត្សរ៍​មុន បញ្ហា​ដែល​យើងខ្ញុំ​តយុទ្ធ​ជាមួយ​នោះ​គឺ​ តើ​យើងខ្ញុំ​រៀន​បាន​ពិន្ទុ​ល្អ ឬ​មិន​ល្អ ឬក៏​ថា​ តើ​កីឡា​ដែល​យើងខ្ញុំ​លេង​ពូកែ​ឬ​មិន​ពូកែ​។ បើ​យើងខ្ញុំ​ប្រឡង​បាន​ពិន្ទុ​ខ្ពស់ នោះ​មាន​ន័យ​ថា យើងខ្ញុំ​ពូកែ។ ហើយ​បើ​យើងខ្ញុំ​ប្រឡង​បាន​ពិន្ទុ​ទាប នោះ​មាន​ន័យ​ថា យើងខ្ញុំ​អន់។ អត្តសញ្ញាណ​របស់​យើងខ្ញុំ គឺ​ពឹង​លើ​ភាព​ជោគ​ជ័យ​នៃ​ការ​សិក្សា​របស់​យើងខ្ញុំ។

នោះ​មិនមែន​ជា​ដំណឹងល្អ​ទេ។ ក្នុង​ដំណឹងល្អ​គឺ​ថា គ្រីស្ទបរិស័ទ​មាន​ប្រភព​នៃ​អត្តសញ្ញាណ​ដែល​មិន​ចេះ​ប្រែប្រួល​មួយ​គឺ៖ ព្រះជាម្ចាស់​មាន​ក្ដី​ស្រឡាញ់​ចំពោះ​យើង។ តាមរយៈ​ការ​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប និង​ការ​មាន​ជំនឿ​លើ​ការ​ស្លាប់​ជំនួស និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ការ​នោះ​បណ្ដាល​ឲ្យ​ព្រះ​ជាម្ចាស់​ទត​មក​យើង​ដូច​ជា​ព្រះ​អង្គ​ទត​មើល​ព្រះ​រាជបុត្រា​ទ្រង់ ពោល​គឺ​ទ្រង់​ពេញ​ចិត្ត​នឹង​យើង។

បច្ចុប្បន្ន​នេះ យើងខ្ញុំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នឹងនរ​ដ៏​ជាក់លាក់​ខ្លះៗ ហើយ​បើ​សម្លឹង​ឆ្ពោះ​ទៅ​មុខ យើងខ្ញុំ​ដូច​ជា​មិន​ឃើញ​ថា មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ទេ ប៉ុន្តែ​យើងខ្ញុំ​ក៏​កំពុង​ព្យាយាម​សម្គាល់​ពី​អត្តសញ្ញាណ​ថ្មី​របស់​ខ្លួន​ក្នុង​ព្រះ​គ្រីស្ទ​ឲ្យ​កាន់តែ​ជ្រាល​ជ្រៅ​ជាង​មុន​ក្នុង​ដំណឹងល្អ និង​ក្នុង​ការ​ពេញ​ចិត្ត​របស់​ព្រះ​ជាម្ចាស់​ចំពោះ​យើងខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​ដែរ។ ព្រះ​ជាម្ចាស់​ក៏​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​លោកអ្នក​ផ្ដោត​ចិត្ត​បែប​នេះ ពេល​ដែល​លោកអ្នក​ប្រទះ​នឹង​ការ​ផ្លាស់ប្ដូរ​នៅ​អនាគត ព្រោះ​ដំណឹងល្អ (ប្រទាន​នូវ «វាល​ស្មៅ​ខៀវខ្ចី» និង «មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ») គឺ​ជា​ប្រភព​តែ​មួយ​គត់​ដែល​គ្មាន​ការ​ផ្លាស់ប្រែ ខណៈពេល​ដែល​យើង​កំពុង​រស់នៅ​ក្នុង​ជីវិត​ដែល​មាន​ពេញ​ដោយ​ការ​ផ្លាស់ប្ដូរ និង​ក្នុង​ពិភពលោក​ដែល​ប្រែប្រួល​មិន​ចេះ​ឈប់​ឈរ​មួយ​នេះ (ទំនុកតម្កើង ២៣:២)។

និពន្ធ​ដោយ៖ លោក​គ្រូ Benjamin Vrbicek
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្ដី​ចៅរ៉ៅ

គ្មាន​អ្នក​ណា​បង្កើត