in

ចំពោះ​លោក​អ្នក តើ​ព្រះ​យេស៊ូវ​ជា​នរណា?

តើ​ព្រះ​យេស៊ូវ​ជា​នរណា? នេះ​គឺ​ជា​សំណួរ​ដែល​គេ​សួរ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត។ ហើយ​ក៏​មាន​ចម្លើយ​ខុសៗ​គ្នា​ជា​ច្រើន​លើ​សំណួរ​នេះ​ដូច​ជា​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ដើរ​លើ​ផែនដី​នេះ​ផង​ដែរ។ សូម្បី​តែ​ក្នុង​អំឡុង​ពេល​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី​នេះ ព្រះ​វត្ត​មាន​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​ចំណុច​វែក​ញែក​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ដែរ។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ។ អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ត្រូវ​បាន​អារក្ស​ចូល។ អ្នក​ខ្លះ​ថា ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់។ ហើយ​ខ្លះ​ទៀត​បាន​ហៅ​ព្រះ​អង្គ​ថា ជា​មនុស្ស​កុហក។ ខ្លះ​ថា​ព្រះ​អង្គ​ឆ្លាត​វាងវៃ ហើយ​ខ្លះ​ទៀត​ថា​ព្រះ​អង្គ​ជា​មនុស្ស​ឆ្កួត។ ខ្លះ​បាន​រាប់​ព្រះ​អង្គ​ថា​ជា​ហោរា​ម្នាក់។ ហើយ​ខ្លះ​ទៀត​ថា ព្រះ​អង្គ​ជា​អ្នក​ជេរ​ប្រមាថ​ដែល​មិន​ដឹង​ខ្យល់។ ដូច្នេះ តើ​ព្រះ​យេស៊ូវ​ជា​នរណា? កណ្ឌ​គម្ពីរ ហេព្រើរ ១:៣ បាន​ប្រាប់​យើង​ថា ព្រះ​យេស៊ូវ​ជា «រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់»។ ក្នុង​សេចក្ដី​អត្ថាធិប្បាយ​នៅ​ឆ្នាំ​១៩៩៦ លោក​គ្រូ ចន ផាបភ័រ បាន​ឆ្លើយ​សំណួរ​ដ៏​ចាស់​បុរាណ​នេះ៖ តើ​ព្រះ​យេស៊ូវ​ជា​នរណា?

តើ​អ្នក​ណា​ជា​អ្នក​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត? តើ​អ្នក​ណា​បាន​យាង​ទៅ​ឯ​ឈើ​ឆ្កាង? តើ​អ្នក​ណា​ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ? តើ​អ្នក​ណា​ទ្រទ្រង់​គ្រប់​អ្វី​ទាំង​អស់​តាម​រយៈ​ព្រះ​បន្ទូល​នៃ​អំណាច​របស់​ទ្រង់? តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​នរណា? ព្រះ​អង្គ​ជា​អ្នក​តំណាង​ផ្ទាល់​នៃ​រូប​ភាព​នៃ​លក្ខណៈ​របស់​ព្រះ ឬ​ក៏​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់។ តើ​ឃ្លា​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះ​វរបិតា​ដែរ» (យ៉ូហាន ១៤:៩)។ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា «ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ» (កូឡូស ១:១៥)។

រស្មី​នៃ​សិរី​ល្អ

ប៉ុន្តែ តើ​លោក​អ្នក​ដឹង​ទេ​ថា លោក​អ្នក​អាច​លើក​ប្រយោគ—ព្រះ​អង្គ​ជា​អ្នក​តំណាង​ផ្ទាល់​នៃ​រូប​ភាព​នៃ​លក្ខណៈ​របស់​ព្រះ—ហើយ​នៅ​មាន​ការ​ខុស​ទាំង​ស្រុង ក្នុង​របៀប​ដែល​លោក​អ្នក​គិត​អំពី​ប្រយោគ​នោះ​ដែរ​ឬ​ទេ? ឧទាហរណ៍៖

  • លោក​អ្នក​អាច​លើក​ឡើង​ថា ព្រះ​យេស៊ូវ​គឺ​ជា​អង្គ​តំណាង​ឲ្យ​ព្រះ​វរបិតា ក្នុង​របៀប​ដែល​គំនូរ​តំណាង​ឲ្យ​បុគ្គល​ណា​ម្នាក់​បាន។ ប៉ុន្តែ លោក​អ្នក​ខុស​ទាំង​ស្រុង។
  • លោក​អ្នក​អាច​លើក​ឡើង​ថា ព្រះ​យេស៊ូវ​គឺ​ជា​អង្គ​តំណាង​ឲ្យ​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់ ក្នុង​របៀប​ដែល​សំបុត្រ​តំណាង​ឲ្យ​ស្ដេច​មួយ​អង្គ​ណា​បាន។ ប៉ុន្តែ លោក​អ្នក​ខុស​ទាំង​ស្រុង។
  • ឬ​ក៏​លោក​អ្នក​អាច​លើក​ឡើង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជា​អ្នក​តំណាង​ផ្ទាល់​នៃ​រូប​ភាព​នៃ​លក្ខណៈ​របស់​ព្រះ​វរបិតា ដូច​ដែល​ទាន​មាន​ស្នាម​ដិត ហើយ​ស្នាម​នោះ​បាន​តំណាង​ឲ្យ​ចិញ្ចៀន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ លោក​អ្នក​ខុស​ទាំង​ស្រុង។

ហើយ​មូល​ហេតុ​ដែល​យើង​ដឹង​ថា ការ​លើក​ឡើង​ទាំង​នេះ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ ពីព្រោះ​ឃ្លា​ដំបូង​បាន​ប្រាប់​យើង​អំពី​របៀប​ដែល​ព្រះ​អង្គ​ជា​អ្នក​តំណាង ហើយ​វា​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ឧទាហរណ៍​ដែល​យើង​បាន​លើក​ឡើង​នោះ​ទេ។ ព្រះ​អង្គ​ជា​អ្នក​តំណាង​ផ្ទាល់​នៃ​រូប​ភាព​នៃ​លក្ខណៈ​របស់​ព្រះ​វរបិតា​ត្រង់​ថា «ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ» (ហេព្រើរ ១:៣)។ ព្រះ​អង្គ​តំណាង​ឲ្យ​សិរី​ល្អ​ព្រះ​ដូច​ដែល​រស្មី​តំណាង​ឲ្យ​សិរី​ល្អ​ដែរ។

ចំណុច​នេះ​ខុស​គ្នា​ទាំង​ស្រុង​ពី​របៀប​ដែល​គំនូរ​តំណាង​ឲ្យ​បុគ្គល សំបុត្រ ស្ដេច ទៀន និង​ចិញ្ចៀន។ រស្មី​ដែល​ចែង​ចាំង​ចេញ​ពី​ពន្លឺ ចាំង​ចេញ​ពី​ព្រះ​អាទិត្យ គឺ​មិន​មែន​ជា​អ្វី​មួយ​ផ្សេង​ទៀត​នោះ​ទេ។ វា​មិន​មែន​មាន​ចំណុច​ខុស​គ្នា​ពី​អ្វី​មួយ​នោះ​ផ្ទាល់​នៅ​ឡើយ។ រស្មី​នៃ​សិរី​ល្អ​គឺ​ជា​សិរី​ល្អ​ដែល​កំពុង​តែ​ចាំង។ នេះ​គឺ​ជា​ចំណុច​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ការ​ចូល​ត្រង់​នេះ៖ ព្រះ​គ្រីស្ទ​មិន​មែន​ជា​អ្វី​ក្រៅ​ពី​ព្រះ​ដែល​តំណាង​ឲ្យ​ព្រះ​នោះ​ទេ។ ព្រះ​អង្គ​គឺ​ជា​ព្រះ​ដែល​តំណាង​ឲ្យ​ព្រះ។ ព្រះ​អង្គ​គឺ​ជា​ព្រះ​វរបិតា​ដែល​កំពុង​តែ​បញ្ចេញ​សិរី​ល្អ ឈរ​តំណាង​ឲ្យ​បុគ្គល​មួយ​អង្គ​ទៀត ដែល​មាន​លក្ខណសម្បត្តិ​ដូច​គ្នា​ទាំង​ស្រុង។

នៅ​ត្រង់​នេះ ខ្ញុំ​យល់​ថា យើង​កំពុង​តែ​និយាយ​អំពី​រឿង​អាថ៌កំបាំង។ ហើយ​យើង​ក៏​នឹង​មិន​ចាប់​ផ្ដើម​ពន្យល់​ឲ្យ​អស់​អត្ថន័យ ហើយ​បញ្ចប់​នោះ​ទេ ប៉ុន្តែ​យើង​អាច​ចាប់​ផ្ដើម​ឃើញ​បន្តិច​បាន។ យើង​អាច​បើក​បង្អួច​ល្មម​បាន ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​បង្គំ​បាន​យ៉ាង​ត្រឹម​ត្រូវ ហើយ​មិន​បង្រៀន​សេចក្ដី​ខុស​ឆ្គង​អំពី​ព្រះ​រាជបុត្រា​ថា​ជា​របស់​សព្វ​សារ​ពើ ឬ​ក៏​គ្រាន់​តែ​ជា​ហោរា​ម្នាក់។

របៀប​៤​យ៉ាង​ដែល​ព្រះ​រាជបុត្រា​បញ្ចាំង​រស្មី​នៃ​សិរី​ល្អ​របស់​ព្រះ​វរបិតា

ក្នុង​ការ​បញ្ចប់ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​របៀប​៤​យ៉ាង​ដែល​ព្រះ​រាជបុត្រា​បញ្ចេញ ឬ​ក៏​បញ្ចាំង​រស្មី​នៃ​សិរី​ល្អ​របស់​ព្រះ​វរបិតា។

១. ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​មាន​ព្រះ​ជន្ម​តាំងពី​អស់​កល្ប​ជានិច្ច

ជា​ដំបូង ចូរ​យើង​ប្រៀប​ធៀប​ព្រះ​អង្គ​ទៅ​នឹង​ព្រះ​អាទិត្យ ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​រស្មី​របស់​វា។ មិន​មាន​ពេល​វេលា​ដែល​មាន​ព្រះ​អាទិត្យ​ដែល​ពន្លឺ​រស្មី​របស់​វា​មិន​មាន​ទេ។ ទាំង​ពីរ​មាន​លក្ខណៈ​ដូច​គ្នា ដែល​ថា​នៅ​ពេល​ដែល​មាន​ព្រះ​អាទិត្យ នោះ​ភាព​ត្រចះត្រចង់​នៃ​ព្រះ​អាទិត្យ​ក៏​មាន​ដែរ។ នៅ​ពេល​ដែល​ព្រះ​វរបិតា​មាន​ព្រះ​វត្ត​មាន នោះ​ព្រះ​រាជបុត្រា​ក៏​មាន​ព្រះ​វត្ត​មាន​ដែរ។ ព្រះ​អង្គ​ទាំង​ពីរ​អង្គ​មាន​ព្រះ​ជន្ម​តាំង​ពី​អស់​កល្ប​ជានិច្ច​មក​ម៉្លេះ។ ព្រះ​វរបិតា​មិន​បាន​មាន​ព្រះ​ជន្ម ហើយ​បន្ទាប់​មក​ទើប​មាន​ព្រះ​បន្ទូល​ថា «អញ​គិត​ថា​នឹង​បង្កើត​ឲ្យ​មាន​បុត្រា​មួយ» នោះ​ទេ។ នោះ​មិន​មែន​ជា​របៀប​ដែល​បាន​កើត​ឡើង​ឡើយ។ ព្រះ​រាជបុត្រា​បាន​មាន​ព្រះ​ជន្ម​តាំងពី​អស់​កល្ប​ជានិច្ច​មក​ហើយ ដោយ​បញ្ចេញ​រស្មី​នៃ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​តាំង​ពី​ដើម​មក​ម៉្លេះ។ ទីណា​ដែល​មាន​ពន្លឺ ទីនោះ​ក៏​មាន​រស្មី​ចែង​ចាំង​ផង​ដែរ។ ទី​ណា​ដែល​មាន​ព្រះ​វរបិតា ទី​នោះ​ក៏​មាន​ព្រះ​រាជបុត្រា​នៃ​ព្រះ​វរបិតា​ដែរ។ ភាព​ត្រចះត្រចង់​គឺ​ជា​សិរី​ល្អ​នៃ​ការ​បញ្ចេញ​រស្មី។ ទាំង​ពីរ​មិន​មាន​មូល​ដ្ឋាន​ខុស​គ្នា​នោះ​ទេ។ ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់​ក៏​ជា​ព្រះ​ដែរ។ តាម​លក្ខណៈ ព្រះ​អង្គ​មិន​មែន​ជា​អង្គ​មួយ​ណា​ផ្សេង​ទៀត​នោះ​ទេ។

២. ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​ព្រះ​រាជបុត្រា​ទេ

សូម​ប្រៀប​ធៀប​ចំណុច​នេះ​ជា​មួយ​នឹង​កាស្យូ​ដែល​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ។ ខ្ញុំ​គិត​អំពី​ការ​នេះ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​បាន​ប្រើ​មួយ ដើម្បី​គណនា​ការ​បង់​ពន្ធ។ ហើយ​ខ្ញុំ​ក៏​បាន​សួរ​កូន​ប្រុស​ខ្ញុំ​ថា «តើ​យើង​បិទ​កាស្យូ​នេះ​នៅ​ឯ​ណា​កូន?»។ កូន​ប្រុស​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា «វា​ជា​កាស្យូ​ដែល​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ។ ប៉ា​គ្រាន់​តែ​ដាក់​វា​ចូល​ថត​តុ​វិញ​ចុះ។ វា​នឹង​បិទ​ខ្លួន​ឯង»។ អត្ថន័យ​គឺ​ថា នៅ​ពេល​ដែល​ព្រះ​អាទិត្យ ឬ​ក៏​ពន្លឺ​ពី​អំពូល​នៅ​ក្នុង​ផ្ទះ​បាយ​របស់​ខ្ញុំ​ចាំង​លើ​ផ្ទាំង​សូឡា​តូច​នោះ នោះ​តួ​លេខ​ខ្មៅ​នឹង​ចេញ។ វា​ជា​រឿង​ត្រឹម​ត្រូវ​ក្នុង​ការ​លើក​ឡើង​ថា ពន្លឺ​បាន​បង្កើត​តួលេខ​នោះ​ក្នុង​របៀប​ណា​មួយ។ ហើយ​តួ​លេខ​នោះ​មិន​មែន​ជា​ពន្លឺ​ទេ។

ដូច្នេះ ចូរ​កុំ​គិត​ថា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ក៏​ដូច​គ្នា​ទៅ​នឹង​តួ​លេខ​នៅ​លើ​កាស្យូ​ដែល​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​ឡើយ—ដោយ​គិត​ថា​ព្រះ​ជាម្ចាស់​បាន​បង្កើត​ព្រះ​រាជបុត្រា ដោយ​នាំ​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ដូច​ពន្លឺ​ព្រះ​អាទិត្យ ឬ​ក៏​ពន្លឺ​អំពូល​នាំ​ឲ្យ​មាន​តួ​លេខ​នៅ​ក្នុង​កាស្យូ​ឡើយ។ ព្រះ​រាជបុត្រា​គឺ​ជា​ពន្លឺ​បញ្ចាំង​លើ​ផែនដី ហើយ​ជា​អង្គ​ដែល​បាន​បង្កើត​ផែនដី​ដែរ។ ដូច​ដែល​គោល​ជំនឿ​ដើម​បាន​លើក​ឡើង ព្រះ​អង្គ​មាន​ព្រះ​ជន្ម​តាំងពី​អស់​កល្ប​ជានិច្ច មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​នោះ​ទេ។ ចំណុច​គឺ​ដូច​ថា៖ មនុស្ស​បង្កើត​មនុស្ស ឆ្កែ​បង្កើត​ឆ្កែ ឆ្មា​បង្កើត​ឆ្មា និង​ព្រះ​បង្កើត​ព្រះ​ទេ។

៣. ព្រះ​រាជ​បុត្រា​គឺ​ជា​បុគ្គល​កណ្ដាល​របស់​ព្រះ​វរបិតា

តាម​រយៈ​រស្មី​នៃ​ពន្លឺ​នោះ​យើង​ឃើញ​ពន្លឺ។ ប្រសិន​បើ​លោក​អ្នក​ព្យាយាម​មើល​ពន្លឺ​ព្រះ​អាទិត្យ នៅ​ពេល​ដែល​វា​កំពុង​តែ​បញ្ចាំង​ពន្លឺ នោះ​វា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ខ្វាក់​ភ្នែក​ជា​មិន​ខាន។ កុំ​ព្យាយាម​មើល​ពន្លឺ​ព្រះ​អាទិត្យ​ឡើយ។ ហើយ​នោះ​គឺ​គ្រាន់​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​តិច​តួច​របស់​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​ក៏​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ខ្វាក់​ដែរ។ លោក​អ្នក​ត្រូវ​តែ​មាន​មធ្យោបាយ​ណា​មួយ ដើម្បី​មើល​ព្រះ​ជាម្ចាស់។ លោក​អ្នក​ត្រូវ​ការ​មាន​មនុស្ស​កណ្ដាល។ ព្រះ​រាជបុត្រា​នៃ​ព្រះ​គឺ​ជា​មនុស្ស​កណ្ដាល ហើយ​ព្រះ​រាជបុត្រា​នៃ​ព្រះ​ក៏​ជា​ភាព​ត្រចះត្រចង់​នៃ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ដែរ។

ពន្លឺ​ចាំង​លើ​មុខ​របស់​លោក​អ្នក​ឥឡូវ​នេះ​បាន​មក​ដល់​ទី​នេះ​៨​នាទី​មុន បន្ទាប់​ពី​វា​បាន​រះ​ចេញ​ពី​ព្រះ​អាទិត្យ។ ប្រមាណ​ជា៨នាទី​មុន ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​តែ​អាន​អត្ថបទ​នេះ ពន្លឺ​នោះ​បាន​រះ​ចេញ​ពី​ព្រះ​អាទិត្យ។ រស្មី​ពន្លឺ​ទាំង​នេះ​បាន​ធ្វើ​ដំណើរ​មក ហើយ​ឥឡូវ​នេះ​ក៏​បាន​ចាំង​លើ​ផ្ទៃ​មុខ​របស់​យើង។ ប្រសិន​បើ​លោក​អ្នក​មើល​រស្មី​ពន្លឺ​ទាំង​នេះ នោះ​លោក​អ្នក​អាច​ឃើញ—ប្រសិន​បើ​លោក​អ្នក​ពាក់​វ៉ែនតា​ត្រឹម​ត្រូវ—កូន​បាល់​មួយ ឬ​ក៏​ថា​នៅ​ពេល​ដែល​ព្រះ​អាទិត្យ​រះ ឬ​ក៏​ព្រះ​អាទិត្យ​លិច ដែល​ពេល​នោះ​គឺ​ជា​ពេល​វេលា​ដែល​មាន​សុវត្ថិភាព នោះ​លោក​អ្នក​អាច​ឃើញ​កូន​បាល់​មួយ​ដែរ។ តើ​លោក​អ្នក​កំពុង​តែ​មើល​ឃើញ​ព្រះ​អាទិត្យ​មែន​ឬ? ពិត​ណាស់ លោក​អ្នក​កំពុង​តែ​មើល​ឃើញ​ព្រះ​អាទិត្យ​មែន ប៉ុន្តែ​តាម​ពិត​ទៅ​អ្វី​ដែល​លោក​អ្នក​កំពុង​តែ​មើល​ឃើញ គឺ​ពន្លឺ​ពី​ប្រាំបី​នាទី​មុន ដែល​ជា​លទ្ធផល​នៃ​រស្មី​ពន្លឺ​របស់​ព្រះ​អាទិត្យ​បាន​អនុញ្ញាត​ឲ្យ​លោក​អ្នក​ឃើញ​ទេ។ អ្វី​ដែល​យើង​កំពុង​តែ​ឃើញ​គឺ​ជា​កូន​បាល់​មួយ​ដែល​មាន​អាយុ​កាល​ប្រាំបី​នាទី ដែល​កំពុង​តែ​សម្រប​សម្រួល​ឲ្យ​យើង​ឃើញ​តាម​រយៈ​ពន្លឺ ដែល​កំពុង​តែ​ចែង​ចាំង​ពី​ចម្ងាយ ១៤.៨០៥.៩៦៥ គីឡូម៉ែត្រ​ពី​ព្រះ​អាទិត្យ។ ប៉ុន្តែ បង​ប្អូន! យើង​ក៏​កំពុង​តែ​ឃើញ​ព្រះ​អាទិត្យ​មែន​ដែរ។ នោះ​គឺ​ជា​ព្រះ​អាទិត្យ។ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​លោក​អ្នក​ក៏​កំពុង​តែ​មើល​ឃើញ​ព្រះ​វរបិតា​ដែរ។

ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ដើម ហើយ​ជា​ចុង។ ព្រះ​អង្គ​មិន​ដែល​មាន​ការ​ចាប់​ផ្ដើម ហើយ​ក៏​នឹង​មិន​ដែល​មាន​ការ​បញ្ចប់​ដែរ។ ព្រះ​អង្គ​គឺ​ជា​ព្រះ​១០០%។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរ័ត្ន និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សាសនា​ណា​ក៏​ដូច​គ្នា?

គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ​ក្នុង​ការ​រៀបចំ​ការ​អធិស្ឋាន​របស់​លោក​អ្នក