«ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ» (១យ៉ូហាន ២:២)។
ពាក្យ «ដង្វាយធួននឹងបាប» ដែលសាវ័ក យ៉ូហាន បានលើកឡើងនៅក្នុង ១យ៉ូហាន ជំពូក២ បានក្លាយជាប្រធានបទមួយដែលធ្វើឲ្យមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង អស់រយៈពេលរាប់សតវត្សរ៍មកហើយ។សំណួរគឺថា៖ តើសាវ័ក យ៉ូហាន ចង់មានន័យថា ដង្វាយធួននឹងបាប ដែលព្រះយេស៊ូវគ្រីស្ទ តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង បានផ្ដល់ការអត់ទោសដល់យើង ឬក៏ថាសាវ័ក យ៉ូហាន ចង់មានន័យថា តាមរយៈការសុគតរបស់ទ្រង់ នោះព្រះយេស៊ូវមិនទទួលបានការអត់ទោសជំនួសយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងបានបំពេញនូវសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលប្រឆាំងទាស់នឹងយើងផងដែរមែនឬ? របៀបដែលលោកអ្នកឆ្លើយនឹងសំណួរមួយនេះនឹងនាំលោកអ្នកទៅកាន់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយនិងចំណេះដឹងនៃសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ ឬក៏អាចនឹងនាំលោកអ្នកឲ្យមានការយល់ដឹងខុសឆ្គងថាតើព្រះជានរណា ហើយថាព្រះអង្គតម្រូវឲ្យមានអ្វីសម្រាប់ជាការបង់ថ្លៃលោះអំពើបាបរបស់យើង។
មនុស្សមួយចំនួននឹងនិយាយថា ព្រះជាម្ចាស់មិនមែនជាព្រះដែលមានពេញដោយសេចក្ដីក្រោធនោះទេ។ ពួកគេនឹងនិយាយថា ព្រះអង្គមិនបានទាមទារឲ្យមានការបូជាយញ្ញឈាម ដើម្បីបំពេញសេចក្ដីក្រោធរបស់ព្រះអង្គទាស់នឹងអំពើបាប និងមនុស្សមានបាបនោះទេ។ ពួកគេអះអាងថា ព្រះជាម្ចាស់សប្បុរសដោយបរិសុទ្ធ—ជាព្រះអម្ចាស់នៃសេចក្ដីស្រឡាញ់ ហើយទ្រង់នឹងមិនមានសេចក្ដីក្រោធ ដែលតម្រូវឲ្យមានការបំពេញ ដើម្បីបង់ថ្លៃលោះសម្រាប់អំពើបាបនោះឡើយ។ មនុស្សទាំងនេះជំទាស់ដោយវែកញែកថា ពាក្យនេះមានន័យថា ព្រះគ្រីស្ទបានយាងមក បានសុគត ហើយបាននាំមកនូវការអត់ទោសបាប ប៉ុន្តែព្រះជាម្ចាស់ពុំចាំបាច់ត្រូវការឲ្យមានការបំពេញសេចក្ដីក្រោធឡើយ ពីព្រោះព្រះអង្គជាព្រះនៃសេចក្ដីស្រឡាញ់ នោះទ្រង់មិនចេះខ្ញាល់ឡើយ។
ដោយសារព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ នោះបញ្ហាជាមួយនឹងទស្សនៈបែបនេះគឺថា៖ ព្រះជាម្ចាស់មានសេចក្ដីក្រោធ មិនត្រឹមតែជាមួយនឹងអំពើបាបប៉ុណ្ណោះទេ តែទ្រង់ក៏ខ្ញាល់ចំពោះអ្នកប្រព្រឹត្តបាបផងដែរ។ នៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ២:១២ ស្ដេចនៃផែនដីទាំងអស់បានទទួលការបង្គាប់ឲ្យ «ថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង»។ ព្រះជាម្ចាស់នៃយើងគឺជាព្រះនៃសេចក្ដីក្រោធ ហើយព្រះអង្គខ្ញាល់ទាំងជាមួយនឹងអ្នកប្រព្រឹត្តបាប និងអំពើបាបផ្ទាល់ផងដែរ—ជាពិសេស អំពើបាបនៃការបដិសេធព្រះរាជបុត្រារបស់ព្រះអង្គ។ សេចក្ដីក្រោធនេះចំពោះអ្នកប្រព្រឹត្តបាបគឺជាសេចក្ដីក្រោធដែលយុត្តិធម៌ និងមានការព្រមានជាមុន។ នេះគឺជាសេចក្ដីក្រោធដ៏យុត្តិធម៌របស់ព្រះដ៏បរិសុទ្ធ ដែលព្រះអង្គចាក់សេចក្ដីក្រោធយ៉ាងត្រឹមត្រូវនោះទាស់នឹងអ្វីដែលពិតជាអាក្រក់ និងទុច្ចរិត។
ស្ដេច ដាវីឌ បានសរសេរនៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ៧:១១ ថា «ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ»។ តើអ្វីទៅដែលធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់មានភាពចាំបាច់? គឺដោយសារចំណុចពិតនេះ ព្រះអង្គជាចៅក្រមដ៏សុចរិត ហើយពិភពលោកនេះមានពេញទៅដោយមនុស្សអាក្រក់។ ព្រះជាម្ចាស់មិនមែនជាព្រះលេលា ដែលចេះតែខ្ញាល់ដោយគ្មានមូលហេតុនោះទេ។ ព្រះជាម្ចាស់របស់យើង ក្នុងនាមជាចៅក្រមដ៏សុចរិត ត្រូវតែចាក់សេចក្ដីក្រោធទាស់នឹងមនុស្សអាក្រក់ទាំងនោះ ដោយមិនធ្វើតាមក្រឹត្យវិន័យដ៏ល្អរបស់ទ្រង់។ ប្រសិនបើព្រះអង្គមិនមានសេចក្ដីក្រោធចំពោះអំពើទុច្ចរិតទេ នោះព្រះអង្គមុខជាមិនមែនសុចរិតឡើយ។ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតធ្វើឲ្យព្រះអង្គខ្ញាល់ជារៀងរាល់ថ្ងៃ ពីព្រោះទ្រង់សុចរិត ដូច្នេះហើយទើបទ្រង់មិនអាចទ្រាំទ្រនឹងអំពើបាបបាន។
ដោយសារតែយើងជាមនុស្សមានបាប នោះយើងស្ថិតនៅក្រោមសេចក្ដីក្រោធនៃព្រះដ៏សុចរិត និងយុត្តិធម៌ ប្រសិនបើយើងគ្មានព្រះគ្រីស្ទ ជាព្រះដ៏ជាជំនួយ និងជាដង្វាយធួននឹងបាបរបស់យើង។
នៅក្នុងគ្រប់សាសនាពីសម័យមុនទាំងអស់ ពេលណាដែលព្រះណាមួយខឹង នោះនឹងត្រូវតែមានយញ្ញបូជា និងការដាក់ទន្តកម្មដល់អ្នកប្រព្រឹត្តបាប។ អ្វីដែលខុសគ្នានៅក្នុងជំនឿគ្រីស្ទបរិស័ទនោះគឺថា សេចក្ដីក្រោធរបស់ព្រះមិនត្រូវមានការស្កប់ចិត្តដោយយញ្ញបូជារបស់យើង ឬក៏ដោយការឈឺចាប់របស់យើង ឬក៏តាមរយៈអ្វីមួយដែលយើងបានធ្វើនោះទេ។ ព្រះជាម្ចាស់ផ្ទាល់បានប្រទានដង្វាយធួននឹងបាបសម្រាប់យើង ដែលនឹងជាទីគាប់ព្រះទ័យដល់សេចក្ដីក្រោធដ៏យុត្តិធម៌របស់ព្រះអង្គដែលទាស់ប្រឆាំងនឹងយើង។
កណ្ឌគម្ពីរ ១យ៉ូហាន ៤:១០ មានចែងថា «គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង»។ ស្ថានភាពនៅត្រង់ចំណុចនេះ គឺមិនមែនដោយសារយើងស្រឡាញ់ព្រះជាម្ចាស់ ហើយជាលទ្ធផលនោះយើងក៏មិនបានរកឃើញវិធីណាមួយ ឲ្យយើងអាចបំពេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទាស់នឹងយើងនោះទេ។ ផ្ទុយពីនោះទាំងស្រុង! យើងជាមនុស្សមានបាប ដែលបានស្រឡាញ់អំពីបាប។ ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់យើង នោះទ្រង់ក៏បានបញ្ជូនព្រះបុត្រារបស់ព្រះអង្គមក ដើម្បីធ្វើជាដង្វាយធួននឹងបាបរបស់យើង។
ជាលទ្ធផល ព្រះគ្រីស្ទបានក្លាយជាយញ្ញបូជាដែលបំពេញសេចក្ដីក្រោធដ៏យុត្តិធម៌របស់ព្រះជាម្ចាស់ដែលទាស់ប្រឆាំងនឹងបាបរបស់យើង។ គ្រប់ទាំងសេចក្ដីខ្ញាល់ដ៏បរិសុទ្ធ និងយុត្តិធម៌របស់ព្រះជាម្ចាស់ចំពោះអំពើបាបរបស់យើង គឺទ្រង់បានចាក់លើព្រះគ្រីស្ទនៅលើឈើឆ្កាង។ សេចក្ដីខ្ញាល់របស់ទ្រង់ក៏ត្រូវបានពន្លត់ នេះមិនមែនមកពីយើងបានធ្វើអ្វីមួយដែលគាប់ព្រះទ័យដល់ទ្រង់នោះទេ ប៉ុន្តែគឺដោយសារតែព្រះគ្រីស្ទបានសុគតជំនួសយើង បានរងបណ្ដាសារបស់យើង ហើយបានទទួលយកសេចក្ដីក្រោធរបស់ព្រះជាម្ចាស់មកដាក់លើអង្គទ្រង់ផ្ទាល់នៅលើឈើឆ្កាង។
ហេតុដូច្នេះ ចំណុចរបស់សាវ័ក យ៉ូហាន នៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ២:២ គឺថា៖ នៅពេលដែលយើងប្រព្រឹត្តិអំពើបាប នោះយើងត្រូវរម្លឹកខ្លួនឯងថា អង្គដែលកំពុងតែឈរជាមួយយើងនៅខាងមុខព្រះវរបិតាគឺព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវបានបំពេញសេចក្ដីសុចរិតដ៏ល្អឥតខ្ចោះជំនួសយើង ហើយបានសុគតនៅលើឈើឆ្កាង ដោយទម្ងន់ទាំងអស់នៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់សម្រាប់យើង។ ការទុកចិត្ត ការពឹងអាង និងការពឹងផ្អែកទាំងស្រុងរបស់យើងមិនមែនជាចំណុចដែលថា យើងគ្មានបាបទាល់តែសោះនោះទេ (ព្រោះយើងមិនមែនគ្មានបាបនោះទេ)។ ការទុកចិត្ត ការពឹងអាង និងការពឹងផ្អែកទាំងស្រុងរបស់យើងគឺស្ថិតនៅលើសេចក្ដីពិតដែលថា តាមរយៈការលះបង់ និងសេចក្ដីសុចរិតដ៏ឥតខ្ចោះរបស់ព្រះយេស៊ូវ នោះទ្រង់បាននាំឲ្យព្រះជាម្ចាស់ទទួលយើង នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ។
ដូចដែលអ្នកសរសេរទំនុកតម្កើងបានសរសេរថា៖ «ចិត្ត-ខ្ញុំសង្ឃឹមពឹងនៅព្រះអង្គ និងព្រះលោហិត ដែលលាងហ្មត់ហ្មង! ខ្ញុំមិនហ៊ានទុកចិត្តនឹងខ្លួនខ្ញុំ គឺពឹងតែព្រះនាមដ៏ឧត្តម តាំងលើព្រះគ្រីស្ទ ខ្ញុំបានភ្ជាប់ខ្ជួន ទីពឹងណាទៀតមិនដែលមាំមួន!»។
តើអ្វីទៅដែលផ្ដល់ឲ្យយើងមានទំនុកចិត្តថា ព្រះយេស៊ូវគង់នៅជាមួយយើង ហើយទ្រង់ជាព្រះដ៏ជាជំនួយ និងជាដង្វាយធួននឹងបាបសម្រាប់យើង? ព្រះអង្គមិនត្រឹមតែជាដង្វាយធួននឹងបាបសម្រាប់អំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បាប «របស់លោកីយ៍ទាំងមូលដែរ»។ នោះមានន័យថា មានផ្លូវតែមួយគត់សម្រាប់បុគ្គលណាម្នាក់ឲ្យអាចនឹងទទួលបានការសង្គ្រោះ មិនថាគាត់មកពីណា ឬជានរណានោះទេ គឺមានតែតាមរយៈការបង់ថ្លៃរបស់ព្រះយេស៊ូវតែមួយប៉ុណ្ណោះ។ មិនមានបុគ្គលណាម្នាក់ មិនថាពីជំនាន់ណា ឬក៏ពីកន្លែងណាមួយក៏ដោយអាចនឹងនិយាយថា «យញ្ញបូជារបស់ព្រះយេស៊ូវមិនពាក់ព័ន្ធដល់ខ្ញុំទេ ដោយសារតែសញ្ជាតិ ឬឋានៈ ឬឪពុកម្តាយ ឬក៏កេរ្តិ៍ឈ្មោះរបស់ខ្ញុំឡើយ»។
សេចក្ដីពិតដែលថា ព្រះយេស៊ូវបានសុគតក្នុងនាមជាដង្វាយធួននឹងបាបរបស់ពិភពលោកទាំងមូលមានន័យថា ព្រះអង្គគឺជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សមានបាបទាំងអស់នៅលើពិភពលោកនេះ។ យើងមិនអាចនិយាយថា អ្នកជឿតាមសាសនាមូស្លីមអាចទៅកាន់ព្រះជាម្ចាស់បានតាមរយៈព្រះរបស់ពួកគេ អ្នកជឿតាមសាសនាហិណ្ឌូអាចទៅកាន់ព្រះជាម្ចាស់បានតាមរយៈព្រះរបស់ពួកគេ អ្នកជឿតាមព្រះពុទ្ធអាចទៅកាន់ព្រះជាម្ចាស់បានតាមរយៈព្រះរបស់ពួកគេ ឬអ្នកកាន់តាមសាសនាយូដាអាចទៅកាន់ព្រះជាម្ចាស់បានតាមរយៈការប្រតិបត្តិតាមគម្ពីរតូរ៉ារបស់ពួកគេនោះទេ។ ព្រះយេស៊ូវបានសុគត ដើម្បីបំពេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់សម្រាប់អំពើបាបនៃពិភពលោកទាំងមូល ហើយនេះមានន័យថា មានតែព្រះអង្គមួយគត់ដែលជាប្រភពនៃជីវិតអស់កល្បជានិច្ច សម្រាប់អស់គ្រប់ទាំងមនុស្សមានបាបនៅក្នុងលោក។
នេះគឺជាដំណឹងល្អ។ ដំណឹងល្អមិនមែន ដើម្បីឲ្យអ្នក «ក្លាយទៅជាមនុស្សល្អប្រសើរជាងមុន» ឬថា «ធ្វើជាពលរដ្ឋល្អ» ឬ «ធ្វើជាអ្នកជិតខាងដ៏គួរឲ្យស្រឡាញ់» នោះឡើយ។ ដំណឹងល្អគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីសុចរិតតែមួយគត់ ដែលបានបំពេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់សម្រាប់អំពើបាបទាំងអស់នៃលោកីយ៍នេះ ហើយថាអស់អ្នកដែលទុកចិត្តលើព្រះអង្គនឹងទទួលបានជីវិតអស់កល្បជានិច្ច ហើយក៏នឹងស្គាល់ព្រះជាម្ចាស់តាមរយៈជំនឿនៅក្នុងព្រះយេស៊ូវព្រះគ្រីស្ទផងដែរ។
មតិយោបល់
Loading…