នៅដើមដំបូង មិនចាំបាច់ត្រូវប្រាប់អ្នកដទៃអំពីព្រះយេស៊ូវទេ។ លោក អ័ដាម និងនាង អេវ៉ា គឺជាមនុស្សដំបូងដែលព្រះបានបង្កើតមក។ ពួកគាត់មានសេចក្ដីសុខសាន្តជាមួយទ្រង់។ ប៉ុន្តែ ការកុហករបស់សាតាំងបានបញ្ឆោតមនុស្សដំបូងនោះ។ ព្រះបានបណ្ដេញពួកគាត់ចេញពីវត្តមានរបស់ទ្រង់ ហើយផ្ដន្ទាទោសពួកគាត់ឲ្យត្រូវស្លាប់។ នៅពេលលោក អ័ដាម និងនាង អេវ៉ា បានជ្រើសរើសជឿតាមការកុហករបស់សាតាំង ពួកគាត់ក៏បានបំពានច្បាប់របស់ព្រះ។ ពួកគាត់បានធ្វើឲ្យខ្លួនអាម៉ាស់ ហើយមានទោសនៅចំពោះព្រះជាម្ចាស់។ ព្រះទ្រង់មានសេចក្ដីក្រោធ។
ការប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ គឺជាផ្នែកមួយនៃចម្លើយចំពោះភាពអាម៉ាស់ និងទោសកំហុសរបស់មនុស្សលោកយើង។ តែនេះក៏ជាការប្រកាសដំណឹងល្អដែលថា ព្រះបានរៀបផ្លូវមួយសម្រាប់មនុស្សជាតិឲ្យរួចផុតពីសេចក្ដីក្រោធរបស់ទ្រង់ដែរ។
ព្រះជាម្ចាស់បានមានបន្ទូលជាមួយលោក អ័ប្រាហាំ។ ទ្រង់បានមានបន្ទូលប្រាប់លោក អ័ប្រាហាំ ថាទ្រង់នឹងធ្វើឲ្យគាត់ក្លាយជាទីបញ្ចេញពរដល់ប្រជាជាតិនានានៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក១២។ នៅក្នុងកណ្ឌគម្ពីរ លោកុប្បត្តិ ១៥:៦ លោក អ័ប្រាហាំ បានជឿលើព្រះអង្គ។ ព្រះគម្ពីរចែងថា ព្រះជាម្ចាស់បានរាប់លោក អ័ប្រាហាំ ថាជាមនុស្សសុចរិតដោយសារជំនឿរបស់គាត់។ ជំនឿគឺចាំបាច់ណាស់សម្រាប់ព័ន្ធកិច្ចរបស់ព្រះ។ កូនចៅរបស់លោក អ័ប្រាហាំ ក៏បានធ្វើជាទីបញ្ចេញពរមែន។ ម្នាក់ដែលជាទីបញ្ចេញពរដ៏ល្បីល្បាញបំផុតនោះគឺ ព្រះយេស៊ូវ។ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាកូនចៅរបស់លោក អ័ប្រាហាំ (ម៉ាថាយ ១:១–១៧) និងជាកូនចៅរបស់លោក អ័ដាម ដែរ (លូកា ៣:២៣–៣៨)។
គ្រីស្ទបរិស័ទដឹងអំពីរបៀបដែលព្រះយេស៊ូវជាទីបញ្ចេញពរនេះ។ ទ្រង់បានសុគតជំនួសយើង សម្រាប់អំពើបាបរបស់យើង។ ដូចជាលោក អ័ប្រាហាំ បានជឿលើព្រះ យើងក៏ត្រូវជឿលើព្រះយេស៊ូវយ៉ាងដូច្នេះដែរ។ លោក លូកា បានកត់ត្រាការចែកចាយរបស់សាវ័ក ប៉ុល អំពីសេចក្ដីពិតនេះនៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១៦:៣១ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង»។ នៅពេលដែលសាវ័ក ប៉ុល បាននិយាយដូច្នេះ គាត់កំពុងឈរនៅក្នុងគុកមួយក្នុងទីក្រុងភីលីព ដែលមានចម្ងាយប្រហែល ១៣០០ គីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ចម្ងាយនោះឆ្ងាយជាងពីភ្នំពេញទៅសិង្ហបុរីបន្តិច ឬច្រើនជាង៤ដងពីទីក្រុងភ្នំពេញមកខេត្តសៀមរាប។ តើហេតុអ្វីប៉ុលនៅឆ្ងាយពីផ្ទះម្ល៉េះ?
សាវ័ក ប៉ុល បានចេញពីទីក្រុងយេរូសាឡឹមទៅទីក្រុងភីលីព ដោយសារព្រះជាម្ចាស់បានមានបន្ទូលប្រាប់គាត់ឲ្យទៅ (កិច្ចការ ៩)។ តើយើងត្រូវធ្វើដូចសាវ័ក ប៉ុល ដែរមែនឬ? ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា ចម្លើយគឺ «មែន»។ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៨:១៩-២០ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា «ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត។ អាម៉ែន។» (គកស)។ ពួកជំនុំនៅសម័យដើមបានគោរពតាមបទបញ្ជានេះជាយូរមកហើយ មុនពេលដែលសាវ័ក ប៉ុល បានមកជឿលើព្រះយេស៊ូវទៅទៀត។ កិច្ចការ ៥:៤២ បានកត់ត្រាថា «ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។ ការផ្លាស់ប្រែរបស់សាវ័ក ប៉ុល មានន័យថា គាត់បានចូលរួមក្រុមជំនុំមួយ ដើម្បីប្រាប់អ្នកផ្សេងទៀតថា ព្រះយេស៊ូវជានរណា ហើយទ្រង់បានបង្រៀនអ្វីខ្លះ។
នៅពេលដែលព្រះយេស៊ូវបានបង្គាប់យើងឲ្យទៅបង្កើតសិស្សនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៨:១៩ ទ្រង់ក៏បានបញ្ជាក់ថាឲ្យយើងប្រាប់មនុស្សគ្រប់ជាតិសាសន៍ផងដែរ។ ទ្រង់មិនគ្រាន់តែបានមានបន្ទូលថា ឲ្យយើងគ្រាន់តែប្រាប់ដល់ជាតិសាសន៍យើងប៉ុណ្ណោះនោះទេ។ នេះហើយជាមូលហេតុដែលសាវ័ក ប៉ុល បានទៅទីក្រុងភីលីព។ នេះគឺដោយសារព្រះសព្វព្រះហឫទ័យឲ្យគាត់នៅទីនោះ។ នេះមិនមែនដោយសារគាត់ជាសាវ័ក ប៉ុល នោះទេប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺថា សាវ័ក ប៉ុល កំពុងតែស្មោះត្រង់នឹងសេចក្តីបង្គាប់របស់ព្រះយេស៊ូវសម្រាប់គ្រីស្ទបរិស័ទទាំងអស់។
ព្រះសព្វព្រះហឫទ័យនឹងមានការផ្សះផ្សាជាមួយគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សជាតិ។ នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១:៨ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា ពួកគាត់នឹងធ្វើជាស្មរបន្ទាល់នៅក្នុងភូមិសាស្ត្របួនគឺ៖ ក្រុងយេរូសាឡឹម ស្រុកយូដា ស្រុកសាម៉ារី និងដល់ចុងផែនដី។ ទីក្រុងយេរូសាឡឹមគឺជាទីក្រុងដែលពួកគាត់កំពុងនៅ។ ស្រុកយូដាគឺជាខេត្តដែលក្រុងយេរូសាឡឹមស្ថិតនៅ។ ស្រុកសាម៉ារីជាតំបន់នៅភាគខាងជើង។ អ្នករស់នៅក្នុងស្រុកយូដាមិនចូលចិត្តប្រជាជនដែលរស់នៅស្រុកសាម៉ារីឡើយ។ ព្រះយេស៊ូវប្រាប់ឲ្យពួកគាត់ទៅរកមនុស្សទាំងនោះ។ ចុងបញ្ចប់នៃផែនដីគឺសំដៅទៅលើកន្លែងដែលហួសពីតំបន់ទាំងនោះ។ នៅក្នុងកណ្ឌគម្ពីរ កិច្ចការ ១:៨ ព្រះយេស៊ូវបានលើកឡើងនូវផែនការមួយសម្រាប់ការឈានទៅដល់ «គ្រប់ទាំងសាសន៍» (ម៉ាថាយ ២៨:១៩)។ គ្រីស្ទបរិស័ទជាច្រើនសតវត្សរ៍បានព្យាយាមធ្វើតាមបញ្ជានេះ។ ប្រាប់អ្នកជិតខាងជាមុនសិន រួចធ្វើការជាមួយគ្នា ដើម្បីប្រាប់អ្នកដែលរស់នៅក្រៅទីក្រុងរបស់ខ្លួន។ នៅក្នុងកណ្ឌគម្ពីរកិច្ចការជំពូក១៣ក្រុមជំនុំនៅក្រុងអាន់ទីយ៉ូកបានបញ្ជូន សាវ័ក ប៉ុល និងលោក បាណាបាស ឲ្យចេញដើម្បីចែកចាយដំណឹងល្អតំណាងឲ្យក្រុមជំនុំនោះ ទៅកាន់តំបន់ឆ្ងាយៗពីពួកគាត់។
សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចំពោះអំពើបាបរបស់មនុស្សនឹងទទួលបានដំណោះស្រាយ តាមរយៈសេចក្ដីជំនឿនៅក្នុងកិច្ចការរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាងតែប៉ុណ្ណោះ។ ព្រះបានចាត់ព្រះរាជបុត្រារបស់ទ្រង់មកសង្គ្រោះមនុស្សលោក។ ផែនការរបស់ព្រះនឹងដំណើរការបាន។ កណ្ឌគម្ពីរ វិវរណៈ ៥:៩-១០ បានចែងថា មនុស្សមកពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍នឹងថ្វាយបង្គំព្រះអង្គនៅស្ថានសួគ៌នៅថ្ងៃមួយ។ ដូចដែលយើងបានឃើញហើយ ក្រុមជំនុំបានទទួលតួនាទីនេះ ក្នុងការធ្វើឲ្យរឿងនេះកើតឡើង។ តើលោកអ្នកកំពុងតែដើរតួនាទីផ្នែកអ្វីនៅក្នុងផែនការរបស់ព្រះ?
ការប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ គឺជាផ្នែកមួយនៃចម្លើយចំពោះភាពអាម៉ាស់ និងទោសកំហុសរបស់មនុស្សលោកយើង។ តែនេះក៏ជាការប្រកាសដំណឹងល្អដែលថា ព្រះបានរៀបផ្លូវមួយសម្រាប់មនុស្សជាតិឲ្យរួចផុតពីសេចក្ដីក្រោធរបស់ទ្រង់ដែរ។
មតិយោបល់
Loading…