in

លោកអ្នកមិនត្រូវការកាន់តែស្រឡាញ់ខ្លួនឯងនោះទេ

បន្ទាប់​ពី​ចំណាយ​ពេល​អស់​មួយ​ភាគ​បួន​នៃ​សតវត្សរ៍​នៅ​ព្រះ​វិហារ បេថ្លេហិម​បាទីស្ទ លោក​គ្រូ ចន ផាបភ័រ បាន​ក្រឡេក​មើល​ក្រោយ និង​បាន​ឆ្លុះ​បញ្ចាំង​លើ​ការ​ពេញ​និយម​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​មួយ​ដែល​គាត់​បាន​ដើរ​តាម​នៅ​ក្នុង​គ្រីស្ទ​បរិស័ទ។ ហើយ​ការ​ពេញ​និយម​នេះ​គឺ​ជា​ការ​លើក​ខ្លួន​ឯង និង​ការ​ស្រឡាញ់​ខ្លួន​ឯង ហើយ​វា​ជា​ការ​ដែល​បាន​កើត​ឡើង​ខ្លាំង​មែន​ទែន​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៧០ ដល់ ១៩៨០។ គេ​បាន​លើក​ឡើង​ថា ការ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​គឺ​ជា​គន្លឹះ​នៃ​សេចក្ដី​ស្រឡាញ់​របស់​គ្រីស្ទ​បរិស័ទ៖ ចូរ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ហើយ​បន្ទាប់​មក​ទើប​លោក​អ្នក​អាច​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ គំរូ​បែប​នេះ​គឺ​ជា​ការ​បង្ខូច​ទ្រង់​ទ្រាយ​ទៅ​វិញ​ទេ។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ព្រះ​គម្ពីរ​ទាមទារ​ឲ្យ​គ្រីស្ទ​បរិស័ទ​ធ្វើ​គឺ​លើស​ឆ្ងាយ​ជាង​ការ​លើក​ខ្លួន​ឯង​ទៅ​ទៀត។ វា​លើស​ខ្លាំង​ជាង​នេះ ពី​ព្រោះ​ព្រះ​គម្ពីរ​មិន​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ស្រឡាញ់​ខ្លួន​ឯង​ច្រើន​ថែម​ទៀត​នោះ​ទេ ប៉ុន្តែ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ដទៃ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ព្យាយាម​ខ្នះខ្នែង​ដូច​ដែល​យើង​បាន​ស្រឡាញ់​ខ្លួន​ឯង​ដែរ។ ការ​ត្រាស់​ហៅ​ឲ្យ​ស្រឡាញ់​ដែល​លើស​បែប​នេះ​គឺ​ជា​ការ​ត្រាស់​ហៅ​ដែល​មាន​ការ​ទាមទារ​ខ្ពស់​ណាស់។ លោក​គ្រូ ចន ផាបភ័រ ហៅ​ការ​បើក​សម្ដែង​បែប​នេះ​ថា​ជា «ការ​ហិន​វិនាស»—ហិន​វិនាស​ដោយ​សារ​វា​បាន​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​ក្លាយ​ជា «សាសនា​ដែល​មិន​អាច​ទៅ​រួច​បាន»។ នេះ​ជា​អ្វី​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​ពន្យល់​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់​មួយ​ក្នុង​ចំណោម​សេចក្ដី​អធិប្បាយ​ទាំង ២០០៥ ចំណងជើង​របស់​គាត់។

តើ​បំណុល​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​ជំពាក់​អ្នក​ដទៃ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ការ​ស្រឡាញ់​ខ្លួន​ឯង​ដោយ​របៀប​ណា? កណ្ឌ​គម្ពីរ រ៉ូម ១៣:៩ គឺ​ជា​ការ​ដក​ស្រង់​ចេញ​ពី​កណ្ឌ​គម្ពីរ លេវីវិន័យ ១៩:១៨។ ទាំង​ព្រះ​យេស៊ូវ លោក យ៉ាកុប និង​សាវ័ក ប៉ុល ក៏​បាន​លើក​សម្រង់​សម្ដី​នេះ​ឡើង​ដែរ។ នេះ​គឺ​ជា​បញ្ញត្តិ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​សំខាន់​បំផុត «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ សំណួរ​របស់​ខ្ញុំ​គឺ​ថា តើ​ឃ្លា​ដែល​ថា «ស្រឡាញ់​ដូច​ខ្លួន​ឯង» មាន​ន័យ​យ៉ាង​ដូច​ម្ដេច—«ដូច​ខ្លួន​ឯង»?

មក​ដល់​ពេល​នេះ ខ្ញុំ​បាន​បម្រើ​នៅ​ទី​នេះ​អស់​រយៈ​ពេល​២៥​ឆ្នាំ​ហើយ។ យើង​ទើប​តែ​បាន​ធ្វើ​ពិធី​គម្រប់​ខួប​កាល​ពី​យប់​ថ្ងៃ​ពុធ​នេះ។ ខ្ញុំ​អាច​ចាំ​បាន​កាល​ពី​៦ឆ្នាំ​មុន​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ក្រុម​ជំនុំ បេថ្លេហិម ដំបូង ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុង​ចំណោម​ការ​ខ្វល់​ខ្វាយ​ជា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ​ចាប់​ពី​ឆ្នាំ ១៩៧៤ ដល់ ១៩៨៩ គឺ​ជា​បញ្ហា​មួយ​នេះ​ហើយ។ តើ​ឃ្លា​ដែល​ថា «ដូច​ខ្លួន​ឯង» មាន​ន័យ​យ៉ាង​ដូចម្ដេច? ខ្ញុំ​ចង្អុល​បង្ហាញ​ពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​បន្តិច​បន្តួច​ដោយ​សារ​តែ​ខ្ញុំ​មិន​បាន​ទទួល​ស្គាល់​ពី​បញ្ហា ឬ​ក៏​មាន​ការ​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច។ ខ្ញុំ​មិន​បាន​ស្ដាប់​លឺ​ដូច​កាល​ពី​២០​ទៅ​៣០​ឆ្នាំ​មុន​នោះ​ទេ គម្រោង​ផែន​ការ​ទាក់​ទង​ទៅ​នឹង​ផ្លូវ​ចិត្ត​ដែល​បាន​សង់​នៅ​ក្នុង​ខ​គម្ពីរ​នេះ​មាន​ការ​ខុស​ខ្លាំង​មែន​ទែន។ ប៉ុន្តែ ខ្ញុំ​នឹង​ប្រាប់​លោក​អ្នក​អំពី​ចំណុច​នោះ​ក្រែង​លោ​ខ្ញុំ​នៅ​មិន​ទទួល​ស្គាល់​ពី​បញ្ហា និង​ក្រែង​លោ​លោក​អ្នក​ក៏​ទទួល​ស្គាល់​បែប​ដូច​នោះ​ដែរ។ ឥលូវ​នេះ ខ្ញុំ​នឹង​ព្យាយាម​រំដោះ​លោក​អ្នក​ចេញ​ពី​ការ​លង់​បែប​នេះ។

ដំណឹង​ល្អ​នៃ​ការ​លើក​ខ្លួន​ឯង

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ គ្រីស្ទ​បរិស័ទ​បាន​សរសេរ​អត្ថបទ និង​សៀវភៅ​ដែល​ពួក​គេ​បាន​លើក​ឡើង​ថា បញ្ញត្តិ​មួយ​នេះ​មាន​ន័យ​ថា មូល​ហេតុ​ដែល​មនុស្ស​មិន​អាច​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន​គឺ​ក៏​ព្រោះ​តែ​ពួក​គេ​មិន​បាន​រៀន​ពី​របៀប​ក្នុង​ការ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​បាន​គ្រប់​គ្រាន់​សិន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កិច្ចការ​ក្នុង​ការ​ផ្ដល់​ការ​សិក្សា និង​កិច្ចការ​អប់​រំ ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា និង​ការ​អធិប្បាយ គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ខ្លាំង​ជាង​មុន ដើម្បី​ឲ្យ​ពួក​គេ​មាន​ធន​ធាន​ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន។ ហើយ​នៅ​ក្នុង​គម្រោង​ផែន​ការ​ដ៏​តូច​មួយ​នោះ ការ​ស្រឡាញ់​ខ្លួន​ឯង​គឺ​តែង​តែ​មាន​ន័យ​ថា ការ​លើក​ខ្លួន​ឡើង​ឯង។

ដូច្នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​សកល​ដែល​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​កុមារ អាពាហ៍ពិពាហ៍ និង​ជម្លោះ​អាជីវកម្ម​គឺ​ជា​ការ​ខ្វះ​នូវ​ការ​លើក​​ខ្លួន​ឯង ហេតុ​ដូច្នេះ​ហើយ កិច្ចការ​របស់​អ្នក​ប្រឹក្សា​ទាំង​អស់ គ្រូ​អធិប្បាយ​ទាំង​អស់ ឪពុក​ម្ដាយ​ទាំង​អស់ អ្នក​អប់រំ​ទាំង​អស់ គឺ​ជា​ការ​នាំ​កូន​តូចៗ​ទាំង​នោះ​ឲ្យ​ចេះ​លើក​ខ្លួន​ឯង​ជីវិត​រស់​នៅ​របស់​ពួក​គាត់ ហើយ​ឲ្យ​បុគ្គលិក​ទាំង​អស់​ចេះ​លើក​ខ្លួន​ឯង​នៅ​ក្នុង​ជីវិត​ ហើយ​បន្ទាប់​មក ការ​ទាំង​អស់​នឹង​ចាប់​ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជាង​នេះ ពីព្រោះ​នៅ​ពេល​ដែល​ពួក​គេ​ស្រឡាញ់​ខ្លួន​ឯង នោះ​ពួក​គេ​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​នោះ​ហូរហៀរ​ទៅ​កាន់​អ្នក​ដទៃ​ទៀត​ដែរ។ នោះ​គឺ​ជា​គម្រោង​ផែន​ការ​បោក​ប្រាស់ ហើយ​វា​ក៏​បាន​បាត់​បង់​នូវ​ចំណុច​សំខាន់ៗ​ក្នុង​របៀប​ជា​ច្រើន​ដែរ។

ទី​មួយ សេចក្ដី​បង្គាប់​បញ្ជា​តាម​បទ​គម្ពីរ​មួយ​នេះ​សន្មត​ថា យើង​ទាំង​អស់​គ្នា​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ហើយ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​ឲ្យ​គេ​មក​បង្រៀន​ទាល់​តែ​សោះ​ក្នុង​ការ​ស្រឡាញ់​ខ្លួន​ឯង។ វា​ជា​ការ​សន្មត។ មនុស្ស​គ្រប់ៗ​គ្នា ដោយ​មិន​មាន​ករណី​លើក​លែង មាន​ទំនាក់​ទំនង​យ៉ាង​ងប់ងុល​ជា​មួយ​នឹង​ការ​ស្រឡាញ់​ខ្លួន​ឯង។ លោក​អ្នក​មិន​ត្រូវ​ការ​រៀន​ពី​ការ​នោះ​ទាល់​តែ​សោះ។

ហើយ​ចំណុច​ទី២ វា​គ្មាន​អ្វី​ទាក់​ទង​ជា​មួយ​នឹង​ការ​លើក​ខ្លួន​ឯង​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​ដែល​លោក​អ្នក​មាន​សម្រាប់​ខ្លួន​ឯង​មាន​ភាព​សាមញ្ញ​ណាស់ បំណង​ប្រាថ្នា​របស់​លោក​អ្នក​ក្នុង​ការ​មាន​ភាព​សប្បាយ​រីក​រាយ និង​ការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ជីវិត​របស់​លោក​អ្នក​ដើរ​នៅ​ក្នុង​ផ្លូវ​ដែល​លោក​អ្នក​ចង់​បាន។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា ដំបូង​លោក​អ្នក​ត្រូវ​រៀន​លើក​ខ្លួន​ឯង​ទេ ហើយ​បន្ទាប់​មក ចេញ​ពី​ការ​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ដល់​គុណ​សម្បត្តិ​របស់​លោក​អ្នក នោះ​ឥឡូវ​នេះ​លោក​អ្នក​មាន​សេរី​ភាព​ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ​ទៀត​បាន—បន្ទាប់​មក​ជួយ​ពួក​គេ​ឲ្យ​សន្មត​ថា ពួក​គេ​ចេះ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ថា​ពួក​គេ​អស្ចារ្យ​ប៉ុណ្ណា។

គ្រប់​គ្នា​ចង់​បាន​ភាព​សប្បាយ​រីក​រាយ

នោះ​មិន​មែន​ជា​របៀប​ដែល​សាវ័ក ប៉ុល កំពុង​តែ​គិត​នោះ​ទេ។ ព្រះ​បន្ទូល​មិន​បាន​បង្គាប់​ឲ្យ​យើង​ស្រឡាញ់​ខ្លួន​ឯង​នោះ​ទេ ទាំង​នោះ​គឺ​គ្រាន់​តែ​ជា​ការ​សន្មត​តែ​ប៉ុណ្ណោះ៖ ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​បាន​ស្រឡាញ់​ខ្លួន​ឯង—ប៉ុណ្ណឹង​វា​ច្បាស់​ល្មម​ដែល​មិន​គួរ​មាន​សំណួរ​អំពី​វា​ទៀត​នោះ​ទេ។

នេះ​គឺ​ជា​ឧទាហរណ៍​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ​ជំពូក ៥។ សាវ័ក ប៉ុល កំពុង​និយាយ​អំពី​ប្ដី​ប្រពន្ធ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​នៅ​ក្នុង​ជំពូក​ទី៥។ គាត់​កំពុង​តែ​ប្រើ​ប្រាស់​បញ្ញត្តិ​នៃ​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​មក​អនុវត្ត​ចំពោះ​ប្ដី​ប្រពន្ធ​ផង​ដែរ។ ដូច្នេះ ក្នុង​អត្ថន័យ​នេះ តើ​ឲ្យ​ប្ដី​អាច​ស្រឡាញ់​ប្រពន្ធ​បាន​ដោយ​របៀប​ណា? វា​មាន​ដំណើរ​ការ​ដូច​នេះ៖ «ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ»។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​បន្ថែម​ឃ្លា​ដ៏​សំខាន់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ខ​២៩​ទៀត​ថា «ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះអម្ចាស់​ដល់​ពួក​ជំនុំ​ដែរ» (អេភេសូរ ៥:២៨-២៩)។ គ្មាន​នរណា​ម្នាក់​ស្អប់​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​តែង​តែ​ចិញ្ចឹម និង​ថ្នាក់​ថ្នម​ខ្លួន​គាត់​វិញ។ គ្រប់​គ្នា​ទាំង​អស់​ដោយ​មិន​មាន​ការ​លើក​លែង សុទ្ធ​តែ​ស្រឡាញ់​ខ្លួន​ឯង—មិន​ថា​ការ​លើក​ខ្លួន​របស់​គាត់​មាន​លក្ខណៈ​ទាប ឬ​ខ្ពស់​នោះ​ទេ។

គ្រប់​គ្នា​ចង់​មាន​អាហារ​បរិភោគ ហើយ​និង​ធ្វើ​ស្ទើរ​តែ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​វា​មក​បរិភោគ ប្រសិន​បើ​យើង​ឃ្លាន​ខ្លាំង។
គ្រប់​គ្នា​ចង់​មាន​ទឹក​ផឹក ហើយ​មិន​ឲ្យ​ខ្លួន​ស្លាប់​ដោយ​សារ​ការ​ស្រេក​ឃ្លាន​នោះ​ទេ ហើយ​យើង​នឹង​ធ្វើ​ស្ទើរ​តែ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ខ្លួន​យើង​ទទួល​បាន​ទឹក​ផឹក ប្រសិន​បើ​យើង​ស្រេក​មែន។
គ្រប់​គ្នា​ចង់​គេច​ឲ្យ​ផុត​ពី​ការ​មាន​របួស និង​ការ​ស្លាប់ ហើយ​យើង​និង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​គេច​ចេញ​ពី​ការ​ដើរ​កាត់​មុខ​រទេះ​ភ្លើង ឬ​មុខ​ឡាន ឬ​ពី​ការ​ផឹក​ថ្នាំ​ពុល ឬ​ក៏​ការ​ដែល​នាំ​ឲ្យ​ខ្លួន​យើង​ស្លាប់​ក្នុង​របៀប​ផ្សេងៗ​ទៀត​ដែរ។

យើង​ស្រឡាញ់​ជីវិត និង​សុខភាព​របស់​យើង​ខ្លាំង​ណាស់។ ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​លើក​ឡើង​ដោយ​បដិសេធ​ថា «ចុះ​សម្រាប់​ពួក​អ្នក​ដែល​ទទួល​បាន​ការ​រីក​រាយ​ពី​ការ​ឈឺ​ចាប់ និង​ពួក​អ្នក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​វិញ? តើ​ពួក​គេ​ជា​ករណី​លើក​លែង ឬ​យ៉ាង​ណា? ខ្ញុំ​ចង់​មាន​ន័យ​ថា ពួក​គេ​មិន​បាន​មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ​ទេ មែន​អត់?»។ ចម្លើយ​គឺ​ថា ពួក​អ្នក​ដែល​ទទួល​បាន​ការ​រីក​រាយ​ពី​ការ​ឈឺ​ចាប់ និង​ពួក​អ្នក​ដែល​ធ្វើ​អត្តឃាត​ខ្លួន​ឯង​មិន​មែន​ជា​ករណី​លើក​លែង​នោះ​ទេ ក្នុង​ច្បាប់​នេះ។

អ្នក​ដែល​ទទួល​បាន​ការ​រីក​រាយ​ចេញ​ពី​ការ​ឈឺ​ចាប់​គឺ​ជា​ម្នាក់​ដែល​មាន​មូល​ហេតុ​ក្រៀម​ក្រំ និង​គួរ​ឲ្យ​ញញើត ហើយ​ស្វែង​រក​ការ​រីក​រាយ​បាន​ដោយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ការ​ឈឺ​ចាប់ ឬ​ការ​ទទួល​បាន​ភាព​អរ​សប្បាយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូ​ពេទ្យ។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​មួយ​អ្នក​ដែល​ធ្លាប់​បាន​អារ​ដៃ​ខ្លួន​ឯង។ ខ្ញុំ​បាន​សួរ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ «ហេតុ​អ្វី​បាន​ជា​អ្នក​អារ​ខ្លួន​ឯង​បែប​នេះ?» គាត់​មាន​ស្នាម​របួស​ដាច​យ៉ាង​ធំ​នៅ​លើ​ក្បាល​ពោះ​របស់​គាត់។ គាត់​បាន​ឆ្លើយ​ថា «ដោយ​សារ​នោះ​វា​ជា​ពេល​តែ​មួយ​គត់​ដែល​មាន​នរណា​ម្នាក់​បាន​ប៉ះ​ខ្ញុំ» គាត់​ចង់​ឲ្យ​មាន​នរណា​ម្នាក់​មក​ប៉ះ​គាត់។ គាត់​ស្រឡាញ់​ខ្លួន​គាត់​ខ្លាំង​ណាស់។ «សូម​ប៉ះ​ខ្ញុំ​មក! លោក​គ្រូ​ពេទ្យ! សូម​ប៉ះ​ខ្ញុំ​មក!»។

ជា​ការ​ពិត វា​ក៏​ដូច​គ្នា​ជា​មួយ​នឹង​ការ​ធ្វើ​អត្តឃាត​ដែរ។ មាន​ហេតុ​ផល​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មនុស្ស​សម្លាប់​ខ្លួន គឺ​ដោយ​សារ​ជីវិត​របស់​គេ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក ពួក​គេ​មិន​អាច​ប្រឈម​នឹង​វា​បាន​ទៀត​នោះ​ទេ ហើយ​ពួក​គេ​ចង់​គេច​ឲ្យ​ផុត​ពី​វា។ ពួក​គេ​គ្រាន់​តែ​ចង់​ចេញ​ឲ្យ​ផុត​ពី​ការ​ឈឺ​ចាប់ ដែល​នោះ​ក៏​ជា​ការ​ស្រឡាញ់​ខ្លួន​ឯង​ដែរ។ «ខ្ញុំ​មិន​ចង់​មាន​ការ​ឈឺ​ចាប់​ទៀត​ទេ»។

គ្រប់​គ្នា​ចូល​ចិត្ត​ឲ្យ​គេ​សរសើរ ហើយ​ដាច់​ចេញ​ពី​ព្រះ​គុណ នោះ​ពួក​យើង​ទាំង​អស់​គ្នា​ប្រសប់​ក្នុង​ការ​និយាយ និង​ធ្វើ​ការ​អ្វី​មួយ ដើម្បី​ឲ្យ​គេ​ចូល​ចិត្ត និង​លើក​មុខ​មាត់​យើង។ យើង​ត្រូវ​ការ​កិច្ចការ​ដ៏​ធំ​នៃ​ព្រះ​គុណ​ដ៏​ក្រៃលែង​ក្នុង​ការ​រំដោះ​លោក​អ្នក​ចេញ​ពី​រូប​ព្រះ​ទាំង​នោះ។ យើង​ស្រឡាញ់​ការ​សរសើរ​ពី​មនុស្ស។ មនុស្ស​គ្រប់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​សម្រាប់​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​មិន​បាន​បង្គាប់​វា​នោះ​ទេ ព្រះ​អង្គ​ជ្រាប​ពី​វា​ហើយ។

ចូរ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ
ឥឡូវ​នេះ មាន​មនុស្ស​ជា​ច្រើន​គិត​ថា វា​នឹង​លើស​ពេក​ហើយ ប្រសិន​បើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ដូច្នេះ ចូរ​ឈប់​ស្រឡាញ់​ខ្លួន​ឯង​ដូច​នោះ ហើយ​ចូរ​ចាប់​ផ្ដើម​បំពេញ​កាតព្វកិច្ច​នៃ​ក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​ដទៃ​ចុះ។ ចូរ​ឈប់​មាន​ចំណង់​ខ្លាំង​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​ខ្លួន​ឯង និង​ដល់​សុខុមាល​ភាព​ខ្លួន​ឯង​ចុះ។ ចូរ​បញ្ឈប់​ការ​នោះ សម្លាប់​ការ​នោះ ឆ្កាង​ការ​នោះ ស្លាប់​នៅ​ក្នុង​ការ​នោះ និង​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​មិន​ហូរ​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា ដើម្បី​ភាព​អរ​សប្បាយ​​របស់​លោក​អ្នក ហើយ​ចូរ​គ្រាន់​តែ​ធ្វើ​វា​ទៅ​តាម​កាតព្វកិច្ច ហើយ​ក្នុង​សេចក្ដី​ស្រឡាញ់​ផង»។ មាន​មនុស្ស​មួយ​ចំនួន​អាច​នឹង​និយាយ​ថា នោះ​វា​លើស​ច្រើន​ណាស់ ហើយ​ខ្ញុំ​គិត​ថា វា​ក៏​អាច​ដូច​នោះ​ដែរ។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​វា​មិន​ច្រើន​ដូច​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល និង​ដូច​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍ និង​លោក យ៉ាកុប បាន​លើក​ឡើង និង​កណ្ឌ​គម្ពីរ​លេវីវិន័យ​បាន​ចែង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​លើក​ឡើង​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ក្នុង​របៀប​ដូច​នោះ៖ ដូច​ដែល​លោក​អ្នក​ស្រឡាញ់​ខ្លួន​ឯង​យ៉ាង​សម្បើម​នោះ​ដែរ។ ចូរ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​អ្នក​បាន​កើត​ឡើង ចូរ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​អ្នក​ក្នុង​ការ​មាន​ភាព​អរ​សប្បាយ​ក្លាយ​ជា​រង្វាស់​នៃ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ក្លាយ​ជា​ភាព​អរ​សប្បាយ​ដល់​អ្នក​ដទៃ​ចុះ»។ លោក​អ្នក​និយាយ​ពី​ភាព​ច្រើន​លើស​លប់ លោក​អ្នក​និយាយ​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​ជីវិត អំពី​ការ​ដែល​បេះ​ដូង​លោត​ស្ទើរ​តែ​ផ្ទុះ និង​អំពី​សេចក្ដី​បង្គាប់​បញ្ជា​ដែល​មិន​អាច​ទៅ​រួច​បាន។ ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​ខ្លួន​ដូច​ដែល​លោក​អ្នក​ស្រឡាញ់​ខ្លួន​ឯង​ចុះ។

ប្រសិន​បើ​លោក​អ្នក​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង ចូរ​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន​ផង​ចុះ។
ប្រសិន​បើ​លោក​អ្នក​មាន​គំនិត​ឆ្នៃ​ប្រឌិត​ក្នុង​ការ​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង ចូរ​មាន​គំនិត​ឆ្នៃ​ប្រឌិត​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ដែរ។
ប្រសិន​បើ​លោក​អ្នក​មាន​ការ​តស៊ូ និង​ទ្រាំទ្រ​ក្នុង​ការ​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង ចូរ​មាន​ការ​តស៊ូ និង​ទ្រាំទ្រ​ក្នុង​ការ​ស្វែង​រក​សុភមង្គល​ដល់​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ដែរ។
សាវ័ក ប៉ុល មិន​បាន​លើក​ឡើង​ជា​ចម្បង​ថា​ឲ្យ​ស្វែង​រក​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ដូច​អ្វី​ដែល​លោក​អ្នក​ចង់​បាន​នោះ​ទេ៖ គាត់​កំពុង​លើក​ឡើង​ថា «ចូរ​ស្វែង​រក​ប្រយោជន៍​សម្រាប់​ពួក​គេ​នៅ​ក្នុង​របៀប​ដូច​គ្នា​ទៅ​នឹង​ការ​ដែល​លោក​អ្នក​ស្វែង​រក​សម្រាប់​ខ្លួន​ឯង​វិញ។ ចូរ​កំណត់​កម្រិត​សម្រាប់​ស្វែង​រក​ខ្លួន​របស់​លោក​អ្នក​ផ្ទាល់ ដែល​វា​ខ្ពស់ ជា​រង្វាស់​ក្នុង​ការ​ស្វែងរក​ប្រយោជន៍​សម្រាប់​​ពួក​គេ​ដែរ»។

ការ​ច្រើន​ហួស​ហេតុ សេចក្ដី​បង្គាប់​ដែល​មិន​អាច​ទៅ​រួច
នេះ​គឺ​ជា​ការ​ហិន​វិនាស​មួយ។ លោក​អ្នក​កំពុង​អង្គុយ​នៅ​ផ្ទះ។ លោក​អ្នក​មាន​ចិត្ត​រីក​រាយ​ជា​មួយ​អារម្មណ៍​ពេល​ល្ងាច។ វា​មាន​អារម្មណ៍​ល្អ—ការ​មើល​ទូរទស្សន៍ មើល​វីដេអូ បរិភោគ​អាហារ​ឆ្ងាញ់ៗ ហើយ​ជជែក​គ្នា​លេង។ ហើយ​ស្រាប់​តែ​លោក​អ្នក​ឮ​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូវ​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ដែល​លោក​អ្នក​ចង់​បាន​ពេល​វេលា​ល្ងាច​នេះ​ដែរ​ចុះ»។ នេះ​គឺ​ជា​ការ​ហិន​វិនាស​មួយ។ ចូរ​វាស់​ស្ទង់​ការ​ស្វែង​រក​សុភមង្គល​របស់​អ្នក​ដទៃ​ដោយ​ស្វែង​រក​សុភមង្គល​របស់​ខ្លួន​ឯង។

តើ​លោក​អ្នក​ស្វែង​រក​សុខុមាល​ភាព​ដោយ​របៀប​ណា? ចូរ​ស្វែង​រក​សុខុមាល​ភាព​របស់​ពួក​គេ​ក្នុង​របៀប​នោះ​ដែរ។
តើ​លោក​អ្នក​ឃ្លាន​ទេ? ចូរ​ស្វែង​រក​អ្នក​ជិត​ខាង​ណា​ដែល​ឃ្លាន​ហើយ​ផ្គត់​ផ្គង់​ដល់​គាត់​ផង។
តើ​លោក​អ្នក​ស្រេក​ទឹក​ដែរ​ឬ​ទេ? ចូរ​ចម្អែត​ភាព​ស្រេក​ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន​ឯង​ដែរ។
តើ​លោក​អ្នក​មាន​អារម្មណ៍​ឯកា​ដែរ​ឬ​ទេ? ចូរ​ស្វែង​រក​ម្នាក់​ដែល​កំពុង​ឯកា ហើយ​ធ្វើ​ជា​មិត្ត​នឹង​គេ​ចុះ។
តើ​លោក​អ្នក​កំពុង​ភ័យ​ខ្លាច​មែន​ទេ? ចូរ​ស្វែង​រក​នរណា​ម្នាក់ ដើម្បី​កម្សាន្ត​ចិត្ត​គាត់​ចុះ។
លោក​អ្នក​ចង់​ទទួល​បាន​ពិន្ទុ​ល្អ​សម្រាប់​ការ​ប្រឡង​ខាង​មុខ​នេះ។ អ្នក​ដទៃ​ក៏​ដូច​គ្នា​ដែរ ចូរ​ជួយ​ពួក​គេ។
នេះ​គឺ​ជា​ការ​ជ្រុល​ពេក។ វា​ជ្រុល​ហួស​ហេតុ​ជាង​ការ​និយាយ​ថា «ចូរ​ឈប់​ប្រាថ្នា ហើយ​ចាប់​ផ្ដើម​បំពេញ​កាតព្វកិច្ច​ចុះ»។ វា​ជា​រឿង​ជ្រុល​ជាង​នេះ​ទៅ​ទៀត ពីព្រោះ​វា​បាន​លើក​ឡើង​ថា «ឥឡូវ​នេះ ការ​ប៉ង​ប្រាថ្នា​ដ៏​សម្បើម​ទាំង​នេះ​ដែល​ខ្ញុំ​មាន​សម្រាប់​សុភមង្គល​មិន​បាន​យក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​នោះ​ទេ៖ ពួក​គេ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ប្រភេទ​ផ្សេង​នៃ​តន្ត្រី​វិញ។ កម្លាំង​ដូច​គ្នា​ទៅ​នឹង​ពី​មុន ការ​ចង់​បាន​ដូច​គ្នា សេចក្ដី​ប៉ង​ប្រាថ្នា​ដូច​គ្នា ឥឡូវ​នេះ ក្លាយ​ជា​បំណង​ប្រាថ្នា​សម្រាប់​លោក​អ្នក និង​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​លោក​អ្នក សម្រាប់​សុភមង្គល និង​ការ​ល្អ​សម្រាប់​លោក​អ្នក។ ក្រពះ​របស់​លោក​អ្នក​នឹង​បាន​ឆ្អែត គំនិត​របស់​លោក​អ្នក​នឹង​ទទួល​បាន​ការ​អប់​រំ ហើយ​ជីវិត​របស់​លោក​អ្នក​មាន​សារៈ​សំខាន់។ គ្រប់​របស់​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន ឥឡូវ​នេះ​ខ្ញុំ​ចង់​បាន​ដោយ​កម្លាំង​ដូច​គ្នា ហើយ​ចង់​បាន​សម្រាប់​លោក​អ្នក​ដែរ»។

ជំនឿ​គ្រីស្ទ​បរិស័ទ​គឺ​ជា​សាសនា​ដែល​មិន​អាច​ទៅ​រួច​បាន។ នេះ​គឺ​ជា​ស្តង់ដារ​ដែល​លើស​លប់ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រង​ចាំ​យ៉ាង​យូរ ដើម្បី​ឲ្យ​មាន​ការ​អស្ចារ្យ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ។

បញ្ញត្តិ​របស់​ព្រះយេស៊ូវ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​មិន​មែន​ជា​ការ​ត្រាស់​ហៅ​ឲ្យ​យើង​លើក​តម្លៃ​ខ្លួន​ឯង​ទេ​។ បញ្ញត្តិ​នោះ​គឺ​ជា​បញ្ជា​ឲ្យ​យើង​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ក្នុង​របៀប​ដូច​ដែល​យើង​ស្វែង​រក​សម្រាប់​ខ្លួន​ឯង​ដែរ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ​, លោក ខែម បូឡុង, លោក សួន ចាន់រួម, លោក ប៊ុន ធីម៉ូថេ,​ លោក ឯក សត្យា​លោក ឯក ធីម៉ូថេ និង លោក សឹម រក្សា 
ដកស្រង់ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សម្រង់​សម្ដី​ដ៏​ល្បី

១០ចំណុចគួរយល់អំពីការរងទុក្ខ