ការបង្រៀនកូនៗរបស់អ្នកឲ្យចេះប្រើបច្ចេកវិទ្យាប្រកបដោយប្រាជ្ញា
ក្នុងនាមជាឪពុកម្ដាយ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបត់បែនទម្លាប់កូនៗរបស់យើង?
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយពួកគេឲ្យចេះសម្រេចចិត្តត្រឹមត្រូវអំពីពេលវេលាដែលគេចំណាយទៅលើគ្រឿងអេឡិចត្រូនិច?
តើយើងគួរហាមមិនឲ្យគេលេងហ្គេម ឬក៏មានគ្រឿងអេឡិចត្រូនិចតែម្ដង? តើយើងគួរដាក់កម្រិតគេ? តើអ្វីទៅជាវិធីសាស្ត្រដែលល្អ?
មានឪពុកម្ដាយជាច្រើនមានចម្ងល់លើសំណួរទាំងនេះ។ ខ្ញុំដឹងអំពីចម្ងល់ទាំងនេះ ព្រោះប្រពន្ធខ្ញុំនឹងខ្ញុំបានពិភាក្សាអំពីរឿងនេះជាមួយនឹងមិត្តភក្តយើងជាច្រើនដងណាស់។
គ្រួសារខ្ញុំបានអនុវត្តវិធីសាស្ត្រមួយដែលបានជួយយើងយ៉ាងច្រើន។ ដោយសារខ្ញុំដឹងថា វិធីសាស្ត្ររបស់ខ្ញុំមិនមែនជាវិធីសាស្ត្រតែមួយគត់ដែលល្អ ដូច្នេះខ្ញុំក៏បានទៅជួបជាមួយអ្នកដឹកនាំគ្រីស្ទបរិស័ទ ក៏ដូចជាអ្នកវិភាគមួយចំនួន ដើម្បីឲ្យពួកគេចែកចាយពីវិធីសាស្ត្ររបស់ខ្លួនទាក់ទងនឹងរឿងនេះ។ ខាងក្រោមនេះជាគោលការណ៍មួយចំនួន ដើម្បីឲ្យលោកអ្នកពិចារណា។
១. ចូរបង្ហាត់បង្រៀនកូនៗឲ្យចេះប្រើគ្រឿងអេឡិចត្រូនិចដោយមានរបៀបរៀបរយ ជាជាងផ្ដាច់ពួកគេចេញតែម្ដង
ស្ទើរគ្រប់គ្រួសារទាំងអស់ដែលខ្ញុំបានពិភាក្សាជាមួយបានឯកភាពថា ការលេងវីដេអូហ្គេម ការលេងកម្មវិធីលើទូរស័ព្ទ ឬក៏ការកំសាន្ត គឺជាអ្វីមួយដែលពួកគាត់ត្រូវការ។ ឧទាហរណ៍៖ ការមើលទូរទស្សន៍ ឬស្ដាប់វិទ្យុ អាចផ្ដល់ឲ្យយើងមានការកំសាន្ត ក៏ដូចជាការសម្រាកដែរ ប្រសិនបើយើងមិនប្រើវាហួសហេតុ។
លោកស្រី ទ្រីលៀ នូប៊ែល (Trillia Newbell) បានពន្យល់ទស្សនៈរបស់គ្រួសារគាត់ដូចតទៅ៖
«យើងគិតថាការលេងគ្រឿងអេឡិចត្រូនិចគឺជាការល្អ ប្រសិនបើឪពុកម្ដាយមើលខុសត្រូវ បង្ហាត់បង្រៀនណែនាំឲ្យច្បាស់លាស់ ហើយដាក់កម្រិតពួកគេក្នុងការលេង។»
ម្យ៉ាងទៀតអាចនិយាយបានថា វាជាការល្អណាស់ ប្រសិនបើលោកអ្នកឆក់យកឱកាសនេះ ដើម្បីបង្រៀនកូនៗរបស់ខ្លួនឲ្យចេះគ្រប់គ្រងលើពេលវេលារបស់ពួកគេ ជាជាងខ្ជះខ្ជាយពេលវេលាក្នុងការបង្ហាត់បង្រៀនពួកគេឲ្យដឹងខ្នាតដោយការគ្រប់គ្រងលើខ្លួនឯង។ ចូរកុំប្រើគ្រឿងអេឡិចត្រូនិចទុកជាការមើលកូនៗរបស់អ្នកឡើយ។
លោក អ៊ឺរ៉ុន អ៊ើលស៍ (Aaron Earls) ដែលជាអ្នកកែសម្រួល Facts and Trends លើគេហទំព័រ បានលើកឡើងអំពីអត្ថប្រយោជន៍នៃការលេងវីដេអូហ្គេមជាលក្ខណៈគ្រួសារ។ គ្រួសាររបស់គាត់តែងតែលេងហ្គេមមួយឈ្មោះ Wii នៅថ្ងៃសុក្រ។ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចឲ្យបានត្រឹមត្រូវ អាចជួយនាំគ្រួសារឲ្យជុំគ្នាបានយ៉ាងល្អ ជាជាងបង្កឲ្យពួកគាត់បែកគ្នាទៅបន្ទប់ផ្សេងៗពីគ្នាដោយមើលអេក្រង់រៀងៗខ្លួន។
២. ចូរកុំឲ្យកូនៗលេងគ្រឿងអេឡិចត្រូនិចដោយឯកឯងដោយគ្មានការមើលខុសត្រូវឡើយ
លោកគ្រូ ខេវិន ឌីយ៉ាំង (Kevin DeYoung) ដែលជាគ្រូគង្វាលនៅក្រុមជំនុំ University Reformed ហើយក៏ជាឪពុកនៃកូនប្រាំមួយនាក់។ គាត់បានសារភាពពីចំណុចពិបាកទាក់ទងនឹងចំណុចដែលថា តើកូនៗទាំងអស់របស់គាត់កំពុងធ្វើអ្វី។ តែទោះជាយ៉ាងណាក៏ដោយ ក៏គ្រួសាររបស់គាត់មិនចុះចូលក្នុងច្បាប់មួយនេះដែរ៖
«មិនអាចមើលទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ ឬក៏គ្រឿងអេឡិចត្រូនិចណាផ្សេងទៀតក្នុងបន្ទប់ទឹកបានឡើយ។ អាចលេងគ្រឿងអេឡិចត្រូនិចក្នុងកន្លែងសាធារណៈបាន ប៉ុន្តែមិនអាចលេងនៅកន្លែងស្ងាត់ៗតែម្នាក់ឯងបានទេ។»
នៅក្នុងផ្ទះខ្ញុំ យើងអនុញ្ញាតឲ្យកូនៗយើងលេងទូរស័ព្ទចាស់ៗរបស់យើង និងទូរស័ព្ទ iPhone ដែលយើងលែងប្រើ ប៉ុន្តែយើងបានដាក់កូដ (restrictions) លើទូរស័ព្ទទាំងនោះ។ ការធ្វើបែបនោះ វាជួយរារាំងមិនឲ្យកូនៗយើងដោះ (unlock) ទូរស័ព្ទ ទៅលេងអ៊ីនធឺណិ ឬក៏ទិញអ្វីមួយបានឡើយ។ ចូរប្រើអត្ថប្រយោជន៍នៃការដាក់កូដលើទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចផ្សេងៗ។
៣. កំណត់ម៉ោងក្នុងការលេង
ពេលកូនៗយើងលេងហ្គេម Wii យើងប្រាប់ពួកគេឲ្យទៅកំណត់ម៉ោងក្នុងការលេង។ ពេលដែលពួកគេលេងហ្គេមក្នុងទូរស័ព្ទចាស់ៗរបស់យើង យើងតែងតែប្រើការកំណត់ម៉ោង “Stop Play” ដើម្បីឲ្យហ្គេមនោះបិទ ហើយក៏ឲ្យទូរស័ព្ទយើងបិទផងដែរ ពេលដែលម៉ោងលេងចប់។ ច្បាប់របស់យើងគឺ៖ ពីថ្ងៃច័ន្ទដល់សុក្រ ពួកគេអាចលេងហ្គេម៣០នាទី ហើយសម្រាប់ថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ពួកគេអាចលេងហ្គេមមួយម៉ោង។
លោក ឌែន ដាលីង (Dan Darling) ដែលជាអ្នកនិពន្ធម្នាក់នៅ ERLC បានដាក់កម្រិតលើកូនៗរបស់គាត់ឲ្យប្រើគ្រឿងអេឡិចត្រូនិចមួយម៉ោងក្នុងមួយថ្ងៃ ហើយកម្រិតនោះអាចមានការប្រែប្រួលសម្រាប់ថ្ងៃឈប់សម្រាក ឬក៏ថ្ងៃបុណ្យ។ល។
ចំពោះគ្រួសារលោកស្រី ទ្រីលៀ នូប៊ែល (Trillia Newbell) គាត់បានសង្កេតឃើញថា ការដាក់ម៉ោងបានជួយពួកគាត់ច្រើនណាស់៖
«ការកំណត់ម៉ោងបានជួយកូនៗឲ្យដឹងពីការរំពឹងចង់បានរបស់យើង ហើយក៏ជួយពួកគេមិនឲ្យមានការច្រឡំដែរ។ វាជួយពួកគេឲ្យចេះរង់ចាំ នឹងចេះរំពឹងទុក។ ការកំណត់ម៉ោងបានជួយពួកគេឲ្យមានភាពសប្បាយរីករាយខ្លាំងជាងមុនពេលដែលយើងបានកំណត់ម៉ោងទៅទៀត។ ពួកគេបានខំប្រឹងប្រែងលេង ព្រោះពួកគេដឹងថានៅពេលដែលម៉ោងកំណត់ចប់ នោះពួកគេក៏ត្រូវឈប់លេងដែរ។»
៤. លើកទឹកចិត្តឲ្យពួកគេប្រើគ្រឿងអេឡិចត្រូនិចដើម្បីអានសៀវភៅ
ប៉ុន្មានឆ្នាំមុន ខ្ញុំបានសួរអ្នកនិពន្ធដែលខ្ញុំចូលចិត្តម្នាក់ឈ្មោះ អិន. ឌី. វិលសិន៍ (N.D. Wilson) ថា តើឪពុកម្ដាយអាចជួយបណ្ដុះគំនិតឲ្យកូនៗស្រឡាញ់ការអានសៀវភៅដោយរបៀបណា។ គាត់បានប្រាប់ខ្ញុំថា គាត់នឹងប្រពន្ធគាត់អនុញ្ញាតឲ្យកូនៗជ្រើសរើសចូលគេងពេលណាក៏បានដែរ ប្រសិនបើពួកគេប្រើពេលវេលាដែលគេមិនទាន់គេង ដើម្បីអានសៀវភៅ។ ខ្ញុំបានព្យាយាមប្រើវិធីនោះចំពោះកូនៗរបស់ខ្ញុំមួយរយៈដែរ ប៉ុន្តែយើងឃើញថា កូនៗយើងចូលចិត្តទៅគេង ទោះបើនៅក្បាលព្រលប់ក៏ដោយ។
អ្វីដែលបានជួយបណ្ដុះបណ្ដាលឲ្យពួកគេចេះស្រឡាញ់ការអាននោះ គឺយើងបានប្រាប់ឲ្យពួកគេអានប្រសិនបើគេចង់បានម៉ោងលេងគ្រឿងអេឡិចត្រូនិចបន្ថែម។ កូនៗរបស់យើងអាចទទួលបានពេលវេលាលើសពី៣០នាទីក្នុងមួយថ្ងៃ ដែលយើងបានកំណត់ឲ្យពួកគេលេងគ្រឿងអេឡិចត្រូនិច តាមរយៈការដែលពួកគេអាន។ ពេលវេលាដែលពួកគេអានសៀវភៅ នឹងត្រូវបូកបន្ថែមទៅលើនាទីដែលបានកំណត់សម្រាប់ការលេងគ្រឿងអេឡិចត្រូនិចរបស់ពួកគេ។ នេះមានន័យថា ប្រសិនបើពួកគេចង់លេងហ្គេម៣០នាទីថែមទៀត គឺពួកគេត្រូវអានសៀវភៅ៣០នាទីជាមុនសិន។
កូនៗរបស់យើងចូលចិត្តវិធីនេះណាស់! វិធីនេះបានជួយឲ្យពួកគេចូលចិត្តអានសៀវភៅ ហើយក៏ជួយឲ្យពួកគេយល់ថា ពេលវេលាដែលពួកគេចំណាយទៅលើការលេងហ្គេម គឺជាអ្វីដែលយើងផ្ដល់ឲ្យពួកគេ មិនមែនជាសិទ្ធិផ្ដាច់មុខដែលពួកគេត្រូវទទួលបាននោះទេ។
គ្រួសារលោក អ៊ឺរ៉ុន អ៊ើលស៍ (Aaron Earls) ក៏មានវិធីស្រដៀងខ្ញុំដែរ។ តាមរយៈការបន្ថែមនាទីទៅលើម៉ោងកំណត់ក្នុងការលេងហ្គេមរបស់ពួកគេដោយសារពួកគេអានសៀវភៅ ធ្វើឲ្យកូនៗរបស់គាត់អានសៀវភៅបានយ៉ាងច្រើន។
សេចក្ដីបញ្ចប់
ខ្ញុំចង់ឲ្យកូនៗរបស់ខ្ញុំមានភាពសប្បាយរីករាយចេញពីការលេងហ្គេម Nintendo ក៏ដូចជា Minecraft នៅក្នុង iPhone ដែលជាការបង្កើតពិភពថ្មីៗ។ ហើយខ្ញុំក៏ចង់ឲ្យពួកគេចូលចិត្តលេងនៅខាងក្រៅផ្ទះ ចូលចិត្តអានសៀវភៅ និងធំឡើងដោយមានចំណេះដឹងច្រើន។ កាលខ្ញុំកំពុងពេញវ័យនៅឡើយ ខ្ញុំពិតជាអរគុណដល់លោកឪពុក និងអ្នកម្ដាយរបស់ខ្ញុំខ្លាំងណាស់ ដែលពួកគាត់បានដាក់កម្រិតលើពេលវេលាលេងហ្គេមរបស់ខ្ញុំ ហេតុដូច្នេះហើយបានជាខ្ញុំមិនចង់ឲ្យកូនៗរបស់ខ្ញុំចេះតែលេងហ្គេមរាប់រយម៉ោង។
ចំណុចដែលសំខាន់សម្រាប់ឪពុកម្ដាយនោះគឺ គាត់ត្រូវតែអនុវត្តគោលការណ៍នេះឲ្យបានជាប់លាប់នៅក្នុងផ្ទះយើង។ សូមប្រាប់ឲ្យកូនៗរបស់លោកអ្នកដឹងច្បាស់ពីមូលហេតុដែលលោកអ្នកដាក់លក្ខខណ្ឌចំពោះពួកគេ។ សូមបង្រៀនពួកគេឲ្យយល់ច្បាស់ពីមូលហេតុដែលហ្គេម ឬរឿងមួយចំនួនមិនត្រឹមត្រូវ ឬមិនល្អ។ លោក ឌែន ដាលីង (Dan Darling) បានមានប្រសាសន៍ថា៖
«ចូរព្យាយាមបង្រៀនពួកគេឲ្យយល់ ហើយចេះវែកញែកពីខុស និងត្រូវ ព្រោះការនោះនឹងជួយពួកគេពេលដែលពួកគេធំឡើង ហើយចាកចេញពីផ្ទះ។»
ជាការពិតណាស់! ការវែកញែកអំពីខុសនិងត្រូវ និងការចេះគ្រប់គ្រងលើខ្លួនឯង គឺជាពេលវេលាមួយដែលលោកអ្នកអាចមានភាពសប្បាយរីករាយ ដោយមិនឲ្យភាពសប្បាយរីករាយយកពេលវេលារបស់លោកអ្នក។
មតិយោបល់
Loading…